២០១៨
ទំនាក់ទំនង​ដែល​បង្ហាញ​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់
ខែ ធ្នូ ឆ្នាំ ២០១៨


គោលការណ៍​នៃ​ការងារបម្រើ

ទំនាក់ទំនង​ដែល​បង្ហាញ​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់

មាន​វិធី​ជាច្រើន ដែល​យើង​អាច​បង្ហាញ​ថា យើង​យក​ចិត្ត​ទុក​ដាក់ ជាពិសេស​នៅក្នុង​គ្រា​នៃ​បុណ្យ​គ្រីស្ទម៉ាស់ ។ យើង​អាច​និយាយ​អំពី​វា, ផ្ញើសារ​អំពី​វា, សរសេរ​អំពី​វា, ឲ្យ​វា, ចែកចាយ​អំពី​វា, អធិស្ឋាន​អំពី​វា, ធ្វើ​នំ​អំពី​វា, ច្រៀង​អំពី​វា, ឱប​វា, លេង​ជាមួយ​វា, ដាំ​ដំណាំ​អំពី​វា ឬ​ធ្វើ​ការសម្អាត​ដើម្បី​បុណ្យ​គ្រីស្ទម៉ាស់ ។ គឺ​គ្រាន់តែ​សាក​ធ្វើ​វា​ប៉ុណ្ណោះ ។

communicating you care

ការបង្ហាញ​សេចក្តី​ស្រឡាញ់​ចំពោះ​អ្នកដទៃ​គឺ​ជា​ជា​ចំណុច​សំខាន់​នៃ​ការផ្តល់​ការងារ​បម្រើ ។ ជីន ប៊ី ប៊ីងហាំ ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ​បាន​ថ្លែង​ថា « ការងារ​បម្រើ​ពិត​គឺ​សម្រេច​បាន​ម្ដង​មួយៗ​ដោយ​សេចក្ដី​ស្រឡាញ់​ដែលជា​ការ​លើក​ទឹកចិត្ត ។ … ដោយ​មាន​សេចក្ដីស្រឡាញ់​ជា​ការ​លើក​ទឹកចិត្ត នោះ​អព្ភូតហេតុ​ជា​ច្រើន​នឹង​កើត​មាន​ឡើង ហើយ​យើង​នឹង​រកឃើញ​វិធី​ជាច្រើន​ដើម្បី​នាំ​បងប្អូន​ប្រុសស្រី ‹ ដែល​ពុំបាន​មក​ព្រះវិហារ › របស់​យើង​ឲ្យ​មក​រួម​ចំណែក​ក្នុង​ការ​ឱប​ក្រសោប​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​វិញ » ។

ការអនុញ្ញាត​ឲ្យ​អ្នកដទៃ​ដឹង​ថា យើង​យកចិត្ត​ទុកដាក់ គឺ​ជា​ធាតុ​សំខាន់​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ផ្ទាល់​ខ្លួន ។ ប៉ុន្តែ​មនុស្ស​ផ្សេងៗ​ទទួល​សារលិខិត​នេះ​តាម​របៀប​ផ្សេងៗ​គ្នា ។ ដូច្នេះ​តើ​យើង​អាច​បង្ហាញ​សេចក្តីស្រឡាញ់​របស់​យើង​ដោយ​សមរម្យ ចំពោះ​អ្នកដទៃ​ក្នុង​របៀប​មួយ​ដែល​ពួកគេ​នឹង​យល់ ហើយ​មាន​អំណរគុណ​ដោយ​របៀប​ណា ? នេះ​គឺជា​មធ្យោបាយ​មួយ​ចំនួន​ដើម្បី​ទាក់ទង​ដែល​បង្ហាញ​ថា យើង​យក​ចិត្ត​ទុកដាក់ ជាមួយ​នឹង​យោបល់​មួយ​ចំនួន​ដើម្បី​ចាប់ផ្តើម​គំនិត​របស់​អ្នក ។

និយាយ​វា

ជួនកាល វា​គ្មាន​អ្វី​ជំនួស​ឲ្យ​ការនិយាយ​អំពី​អារម្មណ៍​ដែល​អ្នក​មាន​អំពី​នរណា​ម្នាក់​ឡើយ ។ នេះ​អាច​មាន​ន័យ​ថា ជា​ការប្រាប់​នរណា​ម្នាក់​ថា អ្នក​ស្រឡាញ់​ពួកគេ វា​ក៏​រួមមាន​ទាំង​ការចែកចាយ​អ្វី​ដែល​អ្នក​កោត​សរសើរ​ពី​ពួកគេ ឬ​ថ្លែង​ការសរសើរ​ដោយ​ស្មោះសរ ។ ការបញ្ជាក់​បែប​នេះ​ជួយ​ពង្រឹង​ដល់​ទំនាក់ទំនង ។ ( សូមមើល អេភេសូរ ៤:២៩ ) ។

  • សូម​ស្វែងរក​ឱកាស​ដើម្បី​ឲ្យ​បុគ្គល​ម្នាក់ៗ​ដឹង​ថា អ្នក​កោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ភាព​រឹងប៉ឹង​របស់​ពួកគេ ។

  • ឆៀង​ចូល​លេង, ទូរសព្ទ​ទៅ ឬ​ផ្ញើ​អ៊ីម៉ែល ផ្ញើសា ឬ​ធ្វើ​ប័ណ្ណ​ប្រាប់​បុគ្គល​ម្នាក់ៗ​ថា អ្នក​គិត​អំពី​ពួកគេ ។

ទៅ​សួរ​សុខ​ទុក្ខ

ចំណាយ​ពេល​និយាយ​ជាមួយ និង​ស្តាប់​នរណា​ម្នាក់ គឺ​ជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ ដើម្បី​បង្ហាញ​ថា អ្នក​ផ្តល់​តម្លៃ​ដល់​គាត់​ជា​ខ្លាំង ។ ទោះបីជា​អ្នក​ទៅ​សួរសុខទុក្ខ​នៅ​ផ្ទះ ព្រះវិហារ ឬ​នៅ​កន្លែង​ផ្សេង​ៗ​ទៀត នោះ​មាន​មនុស្ស​ជាច្រើន​ដែល​ត្រូវការ​នរណា​ម្នាក់​ដែល​ពួកគេ​អាច​និយាយ​ជាមួយ ។ ( សូមមើល ម៉ូសាយ ៤:២៦; គ. និង ស. ២០:៤៧ ) ។

  • ស្របតាម​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ នោះ​សូម​ដាក់​កាលវិភាគ​មួយ​ដើម្បី​ទៅ​សួរ​សុខទុក្ខ ។ សូម​ចំណាយ​ពេល​ដើម្បី​ស្តាប់ និង​យល់​អំពី​កាលៈទេសៈ​របស់​គាត់ ។

  • នៅ​ទីណា​ដែល​ពិបាក​ទៅ​សួរសុខទុក្ខ​ដល់​ផ្ទះ​ដោយសារ​តែ​ចម្ងាយ​ផ្លូវ​ឆ្ងាយ ទំនៀមទម្លាប់​វប្បធម៌ ឬ​កាលៈទេសៈ​ផ្សេងៗ​ទៀត នោះ​សូម​គិត​ពី​ការ​ស្វែងរក​ពេល​ជួប​គ្នា​បន្ទាប់​ពី​ការប្រជុំ​នៅ​ព្រះវិហារ ។

បម្រើ​ដោយ​មាន​គោលបំណង

សូម​យក​ចិត្ត​ទុក​ដាក់​អំពី​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ ឬ​ក្រុមគ្រួសារ ។ ការផ្តល់​ការបម្រើ​ដែល​ប្រកប​ដោយ​អត្ថន័យ​ជា​ទំនាក់ទំនង​ដែល​បង្ហាញ​ថា​អ្នក​យក​ចិត្ត​ទុក​ដាក់ ។ វា​រួម​ផ្សំ​ជាមួយ​នឹង​អំណោយ​ដ៏​មាន​គុណ​តម្លៃ​នៃ​ពេលវេលា និង​កិច្ចខិតខំ​ដែល​មាន​ការចេះ​គិត​គូរ ។ ស៊ីស្ទើរ​ប៊ីងហាំង​បាន​ថ្លែង​ថា « ទង្វើ​សាមញ្ញៗ​នៃ​ការ​បម្រើ​អាច​មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ទៅលើ​អ្នក​ដទៃ » ។

  • ផ្តល់​ការបម្រើ​ដែល​ពង្រឹង​ដល់​បុគ្គល​ម្នាក់ៗ ឬ​គ្រួសារ​របស់​ពួកគេ ដូចជា​ការមើល​ថែ​ក្មេងៗ ដើម្បី​ឲ្យ​ឪពុក​ម្តាយ​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាដើម ។

  • សូម​ស្វែងរក​វិធី​នានា​ដើម្បី​បន្ធូរ​បន្ទុក​នៅពេល​មាន​ការស្មុគស្មាញ​ក្នុង​ជីវិត ដូចជា​ការសម្អាត​បង្អួច បណ្តើរ​ឆ្កែ ឬ​ជួយ​សម្អាត​នៅ​ទីធ្លា ។

ធ្វើ​កិច្ចការ​នានា​ជាមួយ​គ្នា

មាន​បុគ្គល​ជាច្រើន​ដែល​ពុំ​ព្រម​ទាក់ទង​តាមរយៈ​ការសន្ទនា​ដ៏​ស៊ីជម្រៅ​ឡើយ ។ សម្រាប់​មនុស្ស​មួយ​ចំនួន ទំនាក់ទំនង​កើត​មាន​តាមរយៈ​ការស្វែងរក​ចំណាប់​អារម្មណ៍​រួមគ្នា ឬ​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា​ធ្វើ​កិច្ចការ​ទាំងនោះ ។ ព្រះអម្ចាស់​ជំរុញ​យើង​ថា « នៅ​ជាមួយ និង​ចម្រើន​កម្លាំង » (គ. និង ស. ២០:៥៣ ) បង​ប្អូន​ប្រុស​ស្រី​របស់​យើង ។

  • ដើរ​លេង​កម្សាន្ត, លេង​ហ្គេម​កម្សាន្ត​នា​ពេល​យប់ ឬ​កំណត់​ម៉ោង​ជា​ទៀងទាត់​ដើម្បី​ហាត់​ប្រាណ​ជាមួយ​គ្នា ។

  • បម្រើ​ជាមួយ​គ្នា​ក្នុង​គម្រោង​សហគមន៍ ឬ​ព្រះវិហារ ។

ផ្ដល់​អំណាយ

ជួនកាល ពេលវេលា ឬ​ឱកាស​ដើម្បី​ទាក់ទង​គ្នា​មាន​កំណត់ ។ នៅក្នុង​វប្បធម៌​ជា​ច្រើន ការ​ផ្តល់​អំណោយ​គឺជា​ទីសម្គាល់​មួយ​នៃ​ការយកចិត្ត​ទុកដាក់ និង​ការយល់​ចិត្ត​ថ្លើម​គ្នា ។ យូរៗ​ម្តង អំណោយ​សាមញ្ញៗ​អាច​ទាក់ទង​ចំណាប់​អារម្មណ៍​របស់​អ្នក​ឲ្យ​កសាង​ទំនាក់ទំនង​កាន់តែ​ប្រសើរ​ឡើង ។ ( សូមមើល សុភាសិត ២១:១៤ ) ។

  • ជូន​អាហារ​ដែល​ពួកគេ​ចូលចិត្ត ។

  • ចែកចាយ​សម្តី​ដកស្រង់ ខគម្ពីរ ឬ​សារលិខិត​ផ្សេង​ទៀត​ដែល​អ្នក​ទទួល​អារម្មណ៍​ថា វា​អាច​មាន​ប្រយោជន៍​ដល់​ពួកគេ ។

ពលកម្ម​នៃ​សេចក្តីស្រឡាញ់

នៅពេល​អ្នក​ស្គាល់​បុគ្គល​ដែល​អ្នក​ត្រូវ​ផ្តល់​ការងារ​បម្រើ​បាន​ច្បាស់ និង​អ្នក​ដែល​អ្នក​ស្វែងរក​ការបំផុសគំនិត នោះ​អ្នក​នឹង​រៀន​កាន់តែ​ពិសេស អំពី​របៀប​ទាក់ទង​សេចក្តីស្រឡាញ់ និង​ការយក​ចិត្ត​ទុក​ដាក់​របស់​អ្នក​ដល់​ពួកគេ​ម្នាក់ៗ ។

គីមប៊ើលី សីប៊ូត មក​ពី​រដ្ឋ អូរិហ្គេន ស. រ. អា. ប្រាប់​រឿង​មួយ​អំពី​ការស្វែងរក​ការបំផុសគំនិត និង​ការផ្តល់​អំណោយ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់ ៖

« នៅពេល​ខ្ញុំ​ឃើញ​ថា ជីវិត​ខ្ញុំ​កំពុង​មាន​ភាពស្មុគស្មាញ នោះ​ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​ធ្វើ​នំបុ័ង ជាទូទៅ​ខ្ញុំ​ធ្វើ​ចំនួន​ប្រាំបី​ដុំ ។ គ្រឿង​ផ្សំ​ពិសេស​របស់​ខ្ញុំ​គឺ​ការអធិស្ឋាន​ដោយ​ស្ងាត់ៗ​ដែល​ខ្ញុំ​បាន​ថ្លែង នៅពេល​ខ្ញុំ​ដុត​នំបុ័ង​នោះ​ដើម្បី​ដឹង​ថា តើ​នរណា​ត្រូវការ​នំបុ័ង​នេះ ។ ខ្ញុំ​អាច​ស្គាល់​អ្នក​ជិតខាង​ដែល​នៅ​ជុំវិញ​ខ្ញុំ​ច្បាស់ នៅពេល​ខ្ញុំ​យក​នំបុ័ង​ក្តៅៗ​ទៅ​ផ្ទះ និង​ជីវិត​របស់​ពួកគេ ។

« នៅ​ថ្ងៃ​មួយ​នា​រដូវ​ក្តៅ ខ្ញុំ​បាន​បើក​ឡាន​កាត់​គ្រួសារ​មួយ​ដែល​លក់​ភេសជ្ជៈ​ប្លាកប៊ើរី​នៅ​លើ​ចិញ្ចើម​ផ្លូវ ។ ខ្ញុំ​មិន​ត្រូវការ​ប្លាកប៊ើរី​បន្ថែម​ទៀត​ទេ ប៉ុន្តែ​ក្មេង​ប្រុស​រាង​ស្គម​ដែល​កំពុង​ឈរ​នោះ មាន​ចិត្ត​រីករាយ​ដែល​ឃើញ​ខ្ញុំ ដោយ​គិតថា ខ្ញុំ​គឺជា​អតិថិជន​បន្ទាប់​ទៀត​របស់​គាត់ ។ ខ្ញុំ​បាន​ទិញ​ប្លាកប៊ើរី​មួយ​ចំនួន ហើយ​ខ្ញុំ​ក៏​មាន​អំណោយ​មួយ​ឲ្យ​គាត់​ផងដែរ ។ ខ្ញុំ​បាន​ឲ្យ​នំបុ័ង​ពីរ​ដុំ​ដល់​ក្មេង​ប្រុស​នោះ ។ គាត់​បាន​ងាក​ទៅ​មើល​ឪពុក​គាត់​ដើម្បី​សុំ​ការអនុញ្ញាត បន្ទាប់​មក​ក្មេង​ប្រុស​នោះ​និយាយ​ថា ‹ មើល​នែ៎​ប៉ា ឥឡូវ​យើង​មាន​អាហារ​បរិភោគ​ហើយ​ថ្ងៃ​នេះ › ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឱកាស​នេះ​ដើម្បី​បង្ហាញ​សេចក្តីស្រឡាញ់​នៅក្នុង​របៀប​ដ៏​សាមញ្ញា​មួយ » ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​អង្វរក​ថា « សូម​ឲ្យ​បុរស​ស្ត្រី​គ្រប់រូប—និង​យុវជន​យុវនារី​ពេញ​វ័យ​របស់​យើង—នឹង [ មាន ] … ការ​តាំងចិត្ត​កាន់តែ​ខ្លាំង​ចំពោះ​ការ​ថែទាំ​ដោយ​អស់​ពី​ចិត្ត​ចំពោះ​គ្នាទៅវិញ​ទៅមក ដែល​ជំរុញ​ទឹកចិត្ត​តែ​តាមរយៈ​សេចក្ដីស្រឡាញ់​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​ដើម្បី​ធ្វើ​ដូច្នោះ​ប៉ុណ្ណោះ » ។ … សូម​ឲ្យ​យើង​ធ្វើ​ការ​រួមគ្នា​ជាមួយ​ព្រះអម្ចាស់​នៃ​ចម្ការទំពាំង​បាយ​ជូរ ដើម្បី​ជួយ​ដល់​ព្រះវរបិតា​របស់​យើង​ឆ្លើយតប​នឹង​ការ​អធិស្ឋាន ផ្ដល់​ការ​លួងលោម​ចិត្ត ជូត​ទឹក​ភ្នែក និង​ពង្រឹង​ជង្គង់​ដែល​ញ័រ » ។

ព្រះយេស៊ូវគ្រីស្ទ​យក​ព្រះទ័យ​ទុកដាក់

ពីមុនព្រះយេស៊ូវគ្រីស្ទ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ « ព្រះយេស៊ូវគ្រីស្ទ​បាន​ព្រះ​កន្សែង ។

« ដូច្នេះ​ពួក​សាសន៍​យូដា​និយាយ​ថា មើល​លោក​ស្រឡាញ់​គាត់​ណាស់​ហ្ន៎ ! » ( យ៉ូហាន ១១:៣៥–៣៦ ) ។

ព្រះ​គ្រីស្ទ​មាន​បន្ទូល​ទៅ​កាន់​ពួក​សាសន៍​នីហ្វៃ​ថា « យើង​មាន​ចិត្ត​អាណិតអាសូរ​ដល់​ពួក​អ្នក​រាល់​គ្នា » ។ បន្ទាប់មក​ទ្រង់​បាន​ហៅ​អ្នក​ឈឺ និង​អ្នក​រងទុក្ខ អ្នក​ពិការ និង​អ្នក​ខ្វាក់​របស់​ពួកគេ ហើយ « ទ្រង់​បាន​ប្រោស​ឲ្យ​ជា​សះស្បើយ​គ្រប់ៗ​គ្នា » ( សូមមើល នីហ្វៃ​ទី ៣ ១៧:៧–៩ ) ។

ព្រះអង្គសង្គ្រោះ​បាន​ធ្វើ​គំរូ​ដល់​យើង នៅពេល​ទ្រង់​បាន​យក​ព្រះទ័យ​ទុកដាក់​លើ​អ្នកដទៃ ។ ទ្រង់ បាន​បង្រៀន​យើង​ថា ៖

« ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត​អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ។

នេះ​ជា​បញ្ញត្ត​យ៉ាង​សំខាន់​ទី​មួយ ។

ហើយ​បញ្ញត្ត​ទី​ពីរ​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង » ( ម៉ាថាយ ២២:៣៧–៣៩ ) ។

តើ​នរណា​ខ្លះ​ត្រូវការ​ការមើល​ថែ​ពី​អ្នក ? តើ​អ្នក​អាច​បង្ហាញ​ពួកគេ​ថា អ្នក​យក​ចិត្ត​ទុកដាក់​យ៉ាង​ដូចម្តេច ?

កំណត់​ចំណាំ

  1. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូចដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៦ ។

  2. ជីន ប៊ី ប៊ីងហាំ « ការងារ​បម្រើ​ដូច​ដែល​ព្រះអង្គសង្គ្រោះ​បាន​ធ្វើ » ទំព័រ ១០៤ ។

  3. ជែហ្វ្រី អ័រ ហូឡិន « នៅ​ជាមួយ និង​ចម្រើន​កម្លាំង​ពួកគេ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១០៣ ។