២០១៨
« តើ​អ្នក​ចង់​ឲ្យ​ពួកយើង​ធ្វើ​អ្វី ? »
ខែ ធ្នូ ឆ្នាំ ២០១៨


« តើ​អ្នក​ចង់​ឲ្យ​ពួកយើង​ធ្វើ​អ្វី ? »

ម៉ៃខល ម៉ាកហ្កលប៊ី

នាយក​បង្កើត​កម្មវិធី​សិក្សា

នៅពេល​ក្រុម​បង្កើត​កម្មវិធី​សិក្សា​នៃ​សាសនាចក្រ បាន​សួរ​សមាជិក​ដើម្បី​ល្បង​មើល​ពី​កម្មវិធី​សិក្សា​ថ្មី​ឆ្នាំ ២០១៩ ចូរ​មក​តាម​ខ្ញុំ យើង​បាន​ឮ​សំណួរ​នេះ​ម្តង​ហើយ​ម្តង​ទៀត ជាមួយ​នឹង​ការផ្តល់​មតិ​ដូចនេះ​ថា ៖ « នៅ​គ្រា​ដំបូង ខ្ញុំ​បាន​គិត​ថា ‹ កម្មវិធី​នេះ​យ៉ាប់​ណាស់ ! › ខ្ញុំ​មិន​ច្បាស់​ថា វា​នឹង​ដំណើរការ​ឬ​អត់​នោះទេ » ។ ប៉ុន្តែ​កង្វល់​ពេល​ដែល​បាន​ឮ​ដំបូង​ទាំង​នេះ​ត្រូវបាន​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ ដោយ​ការបញ្ជាក់​ថា « ការសិក្សា​ព្រះគម្ពីរ​របស់​យើង​បាន​ផ្លាស់ប្តូរ​ទាំង​ស្រុង » ឬ « វា​ពិតជា​ដំណើរ​ការ​មែន ! »

ហេតុអ្វី​បទពិសោធន៍​របស់​ពួកគេ​សំខាន់​ចំពោះ​អ្នក ? ដោយសារ​កម្មវិធី​សិក្សា​ថ្មី​នេះ​គឺ​សម្រាប់​អ្នក និង​គ្រួសារ​អ្នក​នៅក្នុង​ផ្ទះ​របស់​អ្នក ហើយ​ពុំ​មែន​គ្រាន់តែ​សម្រាប់​គ្រូបង្រៀន​របស់​អ្នក​នៅ​ព្រះវិហារ​តែប៉ុណ្ណោះ​ទេ ។

ការផ្តល់​យោបល់​មក​ពី​គណៈប្រធាន​ទី​មួយ នោះ​ច្បាប់​ចេញ​ផ្សាយ​នា​ខែ​នេះ ពិនិត្យ​មើល​គោលការណ៍​នានា​ដែល​បង្កប់​នៅក្នុង​កម្មវិធី​ដ៏​ថ្មី​ស្រឡាង​នេះ​នៃ ចូរ​មក​តាម​ខ្ញុំ—ដែល​កើត​ឡើង​ភ្លាម​បន្ទាប់​ពី​កំណែ​កម្មវិធី​សិក្សា​របស់​យុវវ័យ​ត្រូវបាន​ណែនាំ​នៅក្នុង​ឆ្នាំ ២០១៣ ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ឆ្នាំ ២០១៦ និង កម្មវិធី​សិក្សា​ថ្នាក់​បព្វជិតភាព​មិលគីស្សាដែក និង​ថ្នាក់​សមាគម​សង្រ្គោះ​បាន​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ ២០១៨ ។

ចាប់​ពី​ទំព័រ​ទី ២០ ទៅ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដែល​បាន​ផ្តល់​ការណែនាំ​ដល់​កិច្ចការ​នៃ​ការបង្កើត​កម្មវិធី​សិក្សា​នេះ ផ្តល់​ការយល់​ដឹង​ថា ប្រសិនបើ​បាន​អនុវត្ត​វា នោះ​វា​អាច​ផ្លាស់ប្តូរ​យើង​ក្នុង​របៀប​មួយ​ដ៏អស្ចារ្យ និង​អស់កល្ប ។ វា​ពុំ​មែន​គ្រាន់តែ​ជា​កម្មវិធី​សិក្សា​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​វិធីសាស្ត្រ​មួយ​ក្នុងការ​រៀនសូត្រ និង​ការរស់​នៅ​តាម​ដំណឹង​ល្អ​ប្រចាំ​ថ្ងៃ ។

នៅពេល​ខ្ញុំ​បាន​មើល​ពួកព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​ដឹកនាំ​ការបង្កើត​នៃ​កម្មវិធី​ថ្មី​នេះ​ដែល​ផ្តោត​យកចិត្ត​ទុកដាក់​លើគេហដ្ឋាន និង​ដែល​គាំទ្រ​ដោយ​សាសនាចក្រ នោះ​ខ្ញុំ​មាន​ការអស្ចារ្យ​ក្នុង​ចិត្ត​អំពី​របៀប​ដែល​កម្មវិធី​នេះ​ត្រូវ​នឹង​ចលនា​របស់​សាសនាចក្រ​ដែល​ឆ្ពោះ​ទៅរក​វិធី​សាស្ត្រ​គ្រប់គ្រង​តិចតួច​ដើម្បី​រស់នៅ​តាម​ដំណឹង​ល្អ អញ្ជើញ​យើង​ឲ្យ​ទទួល​ខុសត្រូវ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​ការរីកចម្រើន​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន​របស់​យើង ។ នៅពេល​យើង​ធ្វើ​ដូច្នេះ ដោយ​នាំ​ភាពសុខសាន្ត​មក​ក្នុង​ជីវិត​របស់​យើង និង​សេចក្តីល្អ​ដល់​ពិភពលោក នោះ​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​ទទួល​ពន្លឺ និង​សេចក្តីពិត​កាន់តែ​ច្រើន​ឡើង ហើយ​សមត្ថភាព​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះយេស៊ូវគ្រីស្ទ និង​បោះបង់​សេចក្តីអាក្រក់​នឹង​កើន​ឡើង ( សូមមើល គ. និង ស. ៩៣:២៩–៤០ ) ។