បុព្វហេតុមួយនៃការសាទរ
សម្រាប់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលជាយុវមជ្ឈិមវ័យនៅគ្រានោះ វិវរណៈឆ្នាំ ១៩៧៨ ស្តីពីបព្វជិតភាពគឺជាព្រឹត្តិការណ៍ដែលពួកគេនឹងចងចាំជាប់ជានិច្ច ។
I.
ព័ត៌មាននោះបានឮមកដល់ខ្ញុំតាមទូរសព្ទមួយដែលកម្ររោទិ៍ឡើង ។ កូនប្រុសខ្ញុំពីរនាក់ និងខ្ញុំកំពុងធ្វើការនៅឯទីធ្លានៅផ្ទះលើភ្នំរបស់យើង ដែលយើងបានសាងសង់ទុកជាកន្លែងមួយដើម្បីសម្រាកលំហែពីការទទួលខុសត្រូវដ៏ធ្ងន់របស់ខ្ញុំ ក្នុងនាមជាប្រធានសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ ។ អែលឌើរ ប៊យដ៍ ឃេ ផាកកឺ គឺជាអ្នកទូរសព្ទមក ។ លោកបានប្រាប់ខ្ញុំអំពីវិវរណៈស្តីពីបព្វជិតភាព ដែលទើបតែបានប្រកាសរួច ។ យើងបានសន្ទនាគ្នាដោយអំណរ ហើយខ្ញុំបានដើរត្រឡប់ទៅធ្វើការវិញ ។ ខ្ញុំអង្គុយលើពំនូកដីដែលយើងបានលើក ហើយបក់ដៃហៅកូនប្រុសខ្ញុំឲ្យមក ។ នៅពេលខ្ញុំបានប្រាប់ពួកគេថា ឥឡូវនេះ ពួកសមាជិកសាសនាចក្រដែលជាបុរសសក្តិសមទាំងអស់អាចត្រូវបានតែងតាំងឲ្យនូវបព្វជិតភាព នោះខ្ញុំបានយំដោយអំណរ ។
ហេតុអ្វីវិវរណៈស្តីពីបព្វជិតភាពគឺជាឱកាសនៃអំណរបែបនេះ ? កាលនៅជាយុវជនកំពុងសិក្សា និងធ្វើការនៅក្នុងវិជ្ជាជីវៈផ្នែកច្បាប់ ខ្ញុំបានរស់នៅក្នុងតំបន់ភាគខាងលិចកណ្តាល និងភាគខាងកើតនៃសហរដ្ឋអស់រយៈពេល ១៧ ឆ្នាំ ។ ខ្ញុំបានសង្កេតឃើញ និងចូលរួមឈឺចាប់ និងមានបទពិសោធន៍ដ៏លំបាកពីអស់អ្នកដែលរងទុក្ខដោយសារការរឹតត្បិតនេះ និងអស់អ្នកដែលបានសង្កេតមើលច្បាប់នេះ បានរិះគន់វា និងស្វែងរកហេតុផលជាច្រើន ។ បន្ទាប់មកខ្ញុំបានសិក្សាអំពីហេតុផលនានាដែលត្រូវបានផ្តល់ឲ្យ ហើយពុំអាចទទួលអារម្មណ៍បញ្ជាក់អំពីសេចក្តីពិតនៃច្បាប់នេះឡើយ ។ ជាផ្នែកមួយនៃការសិក្សាប្រកបដោយការអធិស្ឋានរបស់ខ្ញុំ នោះខ្ញុំបានដឹងថា ជាទូទៅព្រះអម្ចាស់កម្រនឹងប្រទានហេតុផលសម្រាប់បទបញ្ញត្តិ និងការណែនាំដែលទ្រង់បានប្រទានឲ្យអ្នកបម្រើទ្រង់ណាស់ ។ ខ្ញុំបានសម្រេចចិត្តបន្តស្មោះត្រង់ចំពោះអ្នកដឹកនាំដែលជាពួកព្យការីរបស់យើង ហើយអធិស្ឋាន—ដូចដែលបានសន្យាតាំងពីដើមដំបូងនៃការរឹតត្បិតទាំងនេះ—ថាថ្ងៃនោះមកដល់ នៅពេលដែលមនុស្សទាំងអស់នឹងមានអំណរជាមួយពរជ័យនៃបព្វជិតភាព និងព្រះវិហារបរិសុទ្ធ ។ ឥឡូវនេះ ថ្ងៃនោះបានមកដល់គឺនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ១៩៧៨ ហើយខ្ញុំបានយំដោយអំណរ ។
II.
នៅពេលយើងបានពិចារណាអំពីអ្វីដែលបានកើតឡើង និងអ្វីដែលកំពុងកើតឡើងនៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ និងនៅក្នុងជីវិតនៃសមាជិកសាសនាចក្រនេះ តាំងពីឆ្នាំ ១៩៧៨ មក នោះយើងទាំងអស់គ្នាមានបុព្វហេតុដើម្បីសាទរ ។
ទាក់ទងនឹងប្រតិបត្តិការនេះ សាសនាចក្រមានប្រតិកម្មយ៉ាងលឿនទៅនឹងវិវរណៈស្តីពីបព្វជិតភាពនេះ ។ ពិធីបរិសុទ្ធ និងប័ណ្ណចូលព្រះវិហារបរិសុទ្ធបានកើតឡើងភ្លាម ។ ហេតុផលនានាដែលត្រូវបានផ្តល់ឲ្យដើម្បីព្យាយាមពន្យល់អំពីការរឹតត្បិតពីមុនៗទៅលើសមាជិកពូជពង្សអាហ្វ្រិក—ទោះបីជាការរឹតត្បិតដែលបានបង្ហាញពីមុនដោយថ្នាក់ដឹកនាំសាសនាចក្រដែលគួរឲ្យគោរពក្តី—ត្រូវបានជំរុញ និងប្រកាសថាឈប់អនុវត្តជាសាធារណទៀតហើយ ។ ព្រះអម្ចាស់បានមានបន្ទូលមកកាន់ព្យាការីរបស់ទ្រង់ ហើយសមាជិកសាសនាចក្រទ្រង់បានធ្វើតាម ។
ផ្ទុយទៅវិញ ការផ្លាស់ប្តូរនានានៅក្នុងដួងចិត្ត និងការអនុវត្តនៃសមាជិកម្នាក់ៗពុំទាន់កើតមានភ្លាមៗ និងជាសាកលឡើយ ។ មនុស្សខ្លះបានទទួលយកឥទ្ធិពលនៃវិវរណៈនេះភ្លាមៗ និងដោយព្រះគុណ មនុស្សខ្លះទៀតបានទទួលវាដោយសន្សឹមៗ ហើយខ្លះទៀតនៅក្នុងជីវិតពួកគេផ្ទាល់ បានបន្តឥរិយាបថនៃការប្រកាន់ពូជសាសន៍ដែលជាការឈឺចាប់ជាខ្លាំង ដល់មនុស្សជាច្រើននៅទូទៅពិភពលោក រួមទាំងរយៈពេល ៤០ ឆ្នាំកន្លងទៅ ។ អ្នកខ្លះចង់ត្រឡប់ទៅមើល ដោយផ្តោតចិត្តទុកដាក់ទៅលើការត្រួតពិនិត្យមើលពីអតីតកាលឡើងវិញ រួមទាំងស្វែងរកហេតុផលសម្រាប់ការរឹតត្បិតដែលឥឡូវនេះផុតសម័យទៅហើយនោះ ។ ប៉ុន្តែសមាជិកភាគច្រើននៅក្នុងសាសនាចក្រ រួមទាំងថ្នាក់ដឹកនាំរៀមច្បងនៃសាសនាចក្រ បានផ្តោតចិត្តទុកដាក់លើឱកាសនានាអំពីអនាគត ជាជាងការខកចិត្តពីរឿងអតីតកាល ។ ពួកគាត់ភាគច្រើនបានទុកចិត្តលើប្រាជ្ញា និងពេលវេលារបស់ព្រះអម្ចាស់ ហើយបានទទួលការណែនាំពីព្យាការីរបស់ទ្រង់ ។ តាមរយៈការធ្វើដូច្នោះ យើងបានដឹងពីសារៈសំខាន់ដ៏អស់កល្បនៃការបង្រៀនរបស់ព្យាការីរបស់ទ្រង់ថា « នៅក្រោមព្រះនេត្រទ្រង់ មនុស្សណាក៏មានតម្លៃដូចជាមនុស្សណាដែរ » ( យ៉ាកុប ២:២១ ) ។ តាមរយៈការធ្វើដូច្នោះ យើងបានទទួលការជំរុញចិត្តថ្មីឲ្យបំពេញការត្រាស់បញ្ជាពីព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទថា យើងត្រូវបង្រៀនដំណឹងល្អដ៏អស់កល្បជានិច្ចដល់មនុស្សទាំងអស់—ទៅដល់ « គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន » ( គ. និង ស. ៤២:៥៨ ) ។
III.
ការធ្វើឲ្យខ្លួនយើងខ្វល់ខ្វាយនឹងអ្វីដែលពុំបានបើកសម្តែង ឬជាមួយការពន្យល់ពីអតីតកាល ដោយអស់អ្នកដែលបានដំណើរការជាមួយនឹងការយល់ដឹងដែលមានកម្រិត អាចកើតឡើងតាមរយៈតែការប៉ាន់ស្មាន និងភាពស្មុគស្មាញប៉ុណ្ណោះ ។ ចំពោះអស់អ្នកដែលមានការខ្វល់ខ្វាយបែបនេះ យើងសូមបង្ហាញសេចក្តីស្រឡាញ់របស់យើង និងការអញ្ជើញពិសេសនេះ ។ សូមឲ្យយើងទាំងអស់គ្នាទន្ទឹងចាំមើលដោយសាមគ្គីភាពនៃសេចក្តីជំនឿ និងការទុកចិត្តរបស់យើងលើការសន្យារបស់ព្រះអម្ចាស់ថា « ទ្រង់អញ្ជើញពួកគេទាំងអស់គ្នាឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ គឺទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី » ( នីហ្វៃទី ២ ២៦:៣៣ ) ។
នៅពេលយើងសម្លឹងទៅមើលអនាគតកាល ឥទ្ធិពលសំខាន់បំផុតមួយនៃវិវរណៈស្តីពីបព្វជិតភាពគឺជាការហៅមកពីព្រះ ដើម្បីបោះបង់ចោលឥរិយាបថនៃការលំអៀង ទាស់នឹងក្រុមណាមួយនៃបុត្រាបុត្រីរបស់ព្រះ ។ ការប្រកាន់ពូជសាសន៍គឺប្រហែលជាប្រភពនៃភាពលំអៀងដ៏ពេញនិយមនាពេលសព្វថ្ងៃនេះ ហើយយើងទាំងអស់គ្នាត្រូវបានហៅឲ្យប្រែចិត្តពីរឿងនោះ ។ ប៉ុន្តែនៅទូទាំងប្រវត្តិសាស្ត្រ បុត្រាបុត្រីជាច្រើនក្រុមរបស់ព្រះត្រូវបាន ឬបានទទួលរងការបៀតបៀន ឬត្រូវបានដាក់នៅក្នុងស្ថានភាពដែលពុំគួរឲ្យពេញចិត្តដោយការលំអៀង ដូចជាអស់អ្នកដែលផ្អែកទៅលើជាតិពន្ធ ឬវប្បធម៌ ឬសញ្ជាតិ ឬការអប់រំ ឬស្ថានភាពសេដ្ឋកិច្ច ។
ក្នុងនាមជាអ្នកបម្រើរបស់ព្រះ ដែលមានចំណេះដឹង និងការទទួលខុសត្រូវចំពោះផែនការនៃសេចក្តីសង្គ្រោះដ៏មហិមារបស់ទ្រង់ នោះយើងគួរតែពន្លឿនការរៀបចំឥរិយាបថ និងទង្វើរបស់យើង—ទាំងស្ថាប័ន និងផ្ទាល់ខ្លួន—ដើម្បីដាក់ការលំអៀងទាំងអស់របស់យើងទុកនៅមួយឡែក ។ ដូចប្រធាន រ័សុល អិម ណិលសុន បានមានប្រសាសន៍បន្ទាប់ពីការប្រជុំថ្មីនេះរបស់យើងជាមួយនឹងរដ្ឋមន្ត្រីជាតិនៃសមាគមន៍ជាតិសម្រាប់ការលើកកម្ពស់ពណ៌សម្បុរមនុស្ស ៖ « យើងទាំងអស់គ្នាសូមអញ្ជើញមនុស្ស អង្គការ និងរដ្ឋាភិបាល [ ទាំងអស់ ] ឲ្យធ្វើការជាមួយសង្គមស៊ីវិលដ៏ធំមហិមា ដោយលុបបំបាត់ចោលនូវការលំអៀងគ្រប់បែបយ៉ាងទាំងអស់ » ។១
ទោះបីជាយើងរួបរួមគ្នាដើម្បីលុបបំបាត់ចោលនូវឥរិយាបថ និងការអនុវត្តនៃការលំអៀងក្តី យើងគួរតែចាំថា វាពុំមែនជាការលំអៀងដែលសាសនាចក្រទទូចឲ្យមានច្បាប់ជាក់លាក់ក្នុងគោលបំណងនៃតម្រូវការស្តីពីភាពសក្តិសមសម្រាប់ព្រះអម្ចាស់ ដើម្បីចូលរួមព្រះវិហារបរិសុទ្ធនោះទេ ។ ព្រះអម្ចាស់បានប្រកាសថា ការគោរពតាមសេចក្តីសញ្ញា និងបទបញ្ញត្តិគឺជាតម្រូវការដ៏ចាំបាច់មួយដើម្បីរីករាយនឹងពរជ័យដ៏បរិសុទ្ធ ។ ការព្យាយាមដើម្បីលុបបំបាត់តម្រូវការមកពីព្រះសម្រាប់ជីវិតអស់កល្បជានិច្ច និងក្រុមគ្រួសារអស់កល្ប គឺដូចជាការព្យាយាមបង្កើតផែនការរបស់សាតាំងដែល « មនុស្សទាំងអស់នឹងត្រូវបានសង្គ្រោះ » ។ យើងដែលមានជីវិតរមែងស្លាប់នេះបានបដិសេធផែនការរបស់សាតាំងរួចទៅហើយនៅក្នុងជីវិតមុនឆាកជីវិតនេះ ។ យើងបានជ្រើសរើសយកផែនការរបស់ព្រះវរបិតាសួគ៌យើង ដែលប្រទានសេរីភាពដើម្បីជ្រើសរើស និងរក្សាសេចក្តីសញ្ញាអស់កល្បជានិច្ច និងបទញ្ញាត្តិដែលអនុវត្តស្មើគ្នាចំពោះមនុស្សទាំងអស់ ។ ភាពស្មើគ្នារបស់ព្រះអម្ចាស់គឺមិនមែនជាលទ្ធផលស្មើគ្នាសម្រាប់មនុស្សទាំងអស់នោះទេ ប៉ុន្តែជាឱកាសស្មើគ្នាចំពោះមនុស្សទាំងអស់ ។
IV.
ការប្តេជ្ញាចិត្តរបស់យើងនៅក្នុងកម្មវិធីរំឭកខួបនេះគឺ សាទរខួបលើកទី ៤០ ឆ្នាំនៃវិវរណៈស្តីពីបព្វជិតភាពដោយការទន្ទឹងរង់ចាំ ។ នៅពេលយើងធ្វើដូច្នេះ យើងបង្ហាញអំណរគុណជាពិសេសសម្រាប់សមាជិកពូជពង្សពួកអាហ្វ្រិកដ៏អស្ចារ្យរបស់យើង ជាពិសេសសមាជិកអាហ្វ្រិកអាមេរិកកាំងរបស់យើង ដែលបានតស៊ូដោយសេចក្តីជំនឿ និងស្មោះត្រង់ ហែលឆ្លងកាត់រយៈពេលផ្លាស់ប្តូរដ៏លំបាកនៃការសាបសូន្យនូវភាពលំអៀង ។ ឥឡូវនេះ យើងចូលរួមជាមួយគ្នានៅក្នុងការផ្តោតចិត្តទុកដាក់របស់យើងលើឥទ្ធិពលដ៏រុងរឿងបន្ទាប់ពីឆ្នាំ ១៩៧៨ នៃវិវរណៈនោះ នៅក្នុងការផ្តល់ពរដល់បុត្រាបុត្រីរបស់ព្រះទាំងអស់នៅលើពិភពលោក ។ ពួកព្យាការីដែលជាអ្នកដឹកនាំយើងបានប្រកាសនៅគ្រានោះថា ៖
« ឥឡូវនេះ ព្រះអម្ចាស់បានបើកសម្តែងព្រះទ័យទ្រង់សម្រាប់ជាពរជ័យដល់បុត្រាបុត្រីទ្រង់ទាំងអស់ទូទាំងពិភពលោក ដែលនឹងស្តាប់តាមសំឡេងនៃអ្នកបម្រើដែលមានសិទ្ធិអំណាច ហើយរៀបចំពួកគេដើម្បីទទួលគ្រប់ពរជ័យនៃដំណឹងល្អ » ។២
ឥឡូវនេះព្រះវិហារបរិសុទ្ធត្រូវបានសាងសង់នៅក្នុងប្រទេសជាច្រើន សម្រាប់ជាពរជ័យដល់បុត្រាបុត្រីរបស់ទ្រង់ទាំងសង្ខាងនៃវាំងនន ។ យើងរីករាយជាមួយគ្នានៅលើផែនដី និងនៅលើស្ថានសួគ៌ ។ នេះគឺជាផ្នែកនៃការរៀបចំរបស់យើងសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់ ដែលបានប្រកាសតាមរយៈព្យាការីក្នុងព្រះគម្ពីរមរមនថា « ទ្រង់មិនដែលបញ្ជាដល់អ្នកណាម្នាក់ថា គេនឹងមិនគួរទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់នោះឡើយ » ( នីហ្វៃទី ២ ២៦:២៤ ) ហើយដែលបានប្រកាសតាមរយៈព្យាការីសម័យទំនើបថា « បើសិនជាអ្នករាល់គ្នាមិនរួមគ្នាតែមួយទេ ឈ្មោះថាអ្នករាល់គ្នាពុំមែនជារបស់ផងយើងឡើយ » ( គ. និង ស. ៣៨:២៧ ) ។