២០១៨
ការធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ក្លាយ​ជា​ដំណើរ​ដ៏​បំផុសគំនិត​នៃ​ការរីកចម្រើន​ផ្ទាល់​ខ្លួន
ខែ ធ្នូ ឆ្នាំ ២០១៨


ការធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ក្លាយ​ជា​ដំណើរ​ដ៏​បំផុសគំនិត​នៃ​ការរីកចម្រើន​ផ្ទាល់​ខ្លួន

ការរៀនសូត្រ ការរស់នៅ​តាម និង​ការបង្រៀន​ដំណឹង​ល្អ​គឺជា​ផ្នែក​សំខាន់​នៃ​ការរីកចម្រើន​ឆ្ពោះ​ទៅកាន់​សក្តានុពល​នៃ​ភាព​ជាព្រះ​របស់​ពួកយើង ។

looking up at stars

រចនារូបភាព​មក​ពី Getty Images

ឱ​នេះ​គឺជា​គ្រា​ដ៏​គួរ​ឲ្យ​រំភើប​អ្វី​ម៉្លេះ ដើម្បី​ធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ! ពេល​ខ្ញុំ​គិត​អំពី​ការអភិវឌ្ឍ​ថ្មីៗ​នេះ​នៅក្នុង​នគរ​របស់​ព្រះអម្ចាស់ នោះ​វា​ហាក់ដូចជា​ឃើញ​ច្បាស់​ថា ព្រះ​កំពុង​នាំ​យើង​នៅលើ​ដំណើរ​ដ៏​បំផុសគំនិត​មួយ​ដែល​ពោរពេញ​ដោយ​ព្រឹត្តិការណ៍ និង​បទពិសោធន៍​អស្ចារ្យ ដែល​ធ្វើ​ឲ្យ​យើង​ពិបាក​នឹង​ស្រមៃ​ដល់ និង​មាន​អំណរគុណ​ទាំងស្រុង លុះត្រា​ណា​យើង​បាន​ទទួល​ការយល់ និង​មាន​ទស្សនវិស័យ​កាន់តែ​ប្រសើរ​ឡើង ។

កាល​ពីឆ្នាំ​មុន យើង​បាន​លា​ព្យាការី​ជាទីស្រឡាញ់​របស់​យើង និង​បាន​គាំទ្រ​ដោយ​ក្តីស្រឡាញ់​ដល់​ព្យាការី​ថ្មី​របស់​យើង ។ យើង​បាន​ផ្លាស់ប្តូរ​ការប្រជុំ​ថ្នាក់​សមាគម​សង្គ្រោះ និង​កូរ៉ុម​បព្វជិតភាព​ជាមួយ​នឹង​ការគូសបញ្ជាក់​កាន់តែ​ប្រសើរ​ឡើង អំពី​ការប្រឹក្សា​រួមគ្នា​ដើម្បី​សម្រេច​បាន​នូវ​កិច្ចការ​របស់​ព្រះអម្ចាស់ ។ នៅក្នុង​ស្មារតី​ដូចគ្នា​នេះ យើង​បាន​ឃើញ​ព្រះអម្ចាស់​ដាក់​បញ្ចូល​ក្រុម​សង្ឃ​ជាន់ខ្ពស់ និង​ពួកអែលឌើរ​ឲ្យ​នៅក្នុង​កូរ៉ុម​តែ​មួយ ហើយ​បាន​ឃើញ​ការផ្លាស់ប្តូរ​ដ៏​ធំ​នៅក្នុង​របៀប​ដែល​អ្នក​កាន់​បព្វជិតភាព និង​បងប្អូន​ស្រី​ផ្តល់​ការងារ​បម្រើ​ដល់​បុត្រា​បុត្រី​របស់​ព្រះ ។ ប្រសិនបើ​រឿង​នោះ​មិន​គ្រប់គ្រាន់​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​ភាពអស្ចារ្យ​ក្នុង​ចិត្ត​ទេ​នោះ សូម​ពិចារណា​អំពី​ការប្រកាស​ថ្មីៗ​នេះ​របស់​គណៈប្រធាន​ទីមួយ​អំពី​ធនធាន​ថ្មីៗ ដើម្បី​គាំទ្រ​ដល់​ការសិក្សា​ផ្ទាល់​ខ្លួន និង​ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ស្រប​ជាមួយ​នឹង​ការផ្លាស់ប្តូរ​នូវ​សម្ភារ​សម្រាប់​ថ្នាក់​អង្គការ​បឋម​សិក្សា និង​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យអ្វីៗ​ទាំង​នេះ​ពុំ​ទាន់​បាន​និយាយ​អំពី​ការលើកកម្ពស់​ដល់​ផ្នែក​នានា​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ការស្រាវជ្រាវ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ផង ។

ហើយ​ប្រាកដ​ណាស់​នឹង​មាន​អ្វីៗ​ជា​ច្រើន​ដែល​នឹង​កើតឡើង ។ ដូច​មាត្រា​នៃ​សេចក្តីជំនឿ​ទី​ប្រាំបួន​របស់​យើង​បាន​ប្រកាស​ថា « យើង​ខ្ញុំ​ជឿ​ចំពោះ​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក »ជារឿយៗ នោះ​គឺ​ជា​ផ្នែក​ដែល​ងាយ​ស្រួល ។ វា​តម្រូវ​ឲ្យ​មាន​ជំនឿ​ពិសេស​មួយ​ដើម្បី « ជឿ​ថា ទ្រង់​នឹង​នៅ​បន្ដ​បើក​សម្ដែង​នូវ​រឿង​ដ៏​ធំ និង​សំខាន់ៗ​ជាច្រើន ដែល​ទាក់ទង​ទៅ​នឹង​នគរ​នៃ​ព្រះ » ហើយ​បន្ទាប់​មក​ដើម្បី​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ទទួល​អ្វីៗ​ទាំង​នោះ មិន​ថា​វា​ជា​អ្វី​នោះ​ឡើយ ។ ប្រសិនបើ​យើង​មាន​ឆន្ទៈ នោះ​ព្រះ​នឹង​ដឹកនាំ​យើង​ទៅកាន់​កន្លែង​ដែល​យើង​ពុំ​ធ្លាប់​ស្រមៃ​ដល់​ថា យើង​អាច​ទៅ​ដល់ទោះជា​យ៉ាង​ណា​ក៏​ដោយ ការរំពឹង​ទុក​របស់​យើង​អំពី​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​វា​នៅ​ខ្ពស់​ណាស់ ។ គំនិត និង​ផ្លូវ​របស់​ទ្រង់​ប្រាកដ​ជា​ខ្ពស់​ជាង​យើង​ខ្លាំង​ណាស់ ( សូមមើល អេសាយ ៥៥:៨–៩ ) ។ នៅក្នុង​របៀប​មួយ ខ្ញុំ​គិតថា យើង​ដូចជា​អ្នក​នៅក្នុង​ទីក្រុង​ខឺតឡង់ ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ថ្លែង​ថា « អ្នកពុំ​បានដឹង​អ្វី​ទៀត​អំពី​ជោគវាសនា​នៃ​សាសនាចក្រ​នេះ និង​នគរ ច្រើនជាង​ទារក​ដែល​នៅលើ​ភ្លៅ​ម្ដាយ​នោះទេ » ។

ទ្រង់​មាន​ព្រះទ័យ​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង

ជាមួយ​នឹង​អ្វី​ដែល​បាន​ថ្លែង​នោះ ពេល​យើង​ក្រឡេកមើល​អ្វី​ដែល​យើង​ធ្លាប់​ធ្វើ ខ្ញុំ​សង្ឃឹម​ថា យើង​អាច​ឃើញ​លើស​ពី​ការគ្រាន់តែ​កែតម្រូវ​គោលនយោបាយ កម្មវិធី​ថ្មី និង​ការធ្វើ​កំណែ​សៀវភៅ​សិក្សា​ទៅ​ទៀត ។ កិច្ចការ​របស់​ព្រះអម្ចាស់​គឺ​ទាក់ទង​នឹង​មនុស្ស​ជានិច្ច ពុំមែន​ទាក់ទង​នឹង​កម្មវិធី​ទេ ។ ទោះបី​មាន​ការផ្លាស់ប្តូរ​អ្វី​ដែល​ទ្រង់​ដឹកនាំ​នៅក្នុង​អង្គការ ឬ​កាលវិភាគ ឬ​កម្មវិធី​សិក្សា​មួយ​ក្តី នោះ​អ្វី​ដែល​ទ្រង់​ពិតជា​រំពឹង​ចង់​បាន​នោះ​គឺ​ដើម្បី​ផ្លាស់ប្តូរ​អ្នក និង​ខ្ញុំ ។ ទ្រង់​មាន​ព្រះទ័យ​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង ហើយ​ពង្រីក​អនាគត​របស់​យើង ។

មែនហើយ យើង​ពុំ​ទាន់​មើល​ឃើញ​រឿង​ដ៏​អស្ចារ្យ និង​សំខាន់​នោះ ដែល​នឹង​ត្រូវ​បើក​សម្តែង​នៅ​ពេល​ខាង​មុខ​នោះ​នៅ​ឡើយ ។ ប៉ុន្តែ​យើង​មាន​យោបល់​មួយ​ចំនួន​អំពី​ទិស​ដៅ​ចុង​បំផុត​នោះ ៖

« មិន​ទាន់​សម្តែង​មក​នៅ​ឡើយ ប៉ុន្តែ​យើង​ដឹង​ថា កាល​ណា​ទ្រង់​លេច​មក នោះ​យើង​នឹង​បាន​ដូច​ជា​ទ្រង់ ដ្បិត​ដែល​ទ្រង់​យ៉ាង​ណា នោះ​យើង​នឹង​ឃើញ​ទ្រង់​យ៉ាង​នោះ​ឯង » ( យ៉ូហាន​ទី ១ ៣:២ ) ។

« តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស [ និង​ស្ត្រី ] បែប​ណា​ទៅ ? យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ត្រូវ​ឲ្យ​បាន​ដូច​ជា​យើង » ( នីហ្វៃ​ទី ៣ ២៧:២៧ ) ។

« អ្នក​នឹង​បាន​ទទួល​នូវ​ភាព​ពោរ​ពេញ​របស់​ទ្រង់ ហើយ​បាន​តម្កើង​ក្នុង​យើង ដូច​ជា​យើង​នៅ​ក្នុង​ព្រះ​វរបិតា​ដែរ ហេតុ​ដូច្នេះ​ហើយ យើង​ប្រាប់​អ្នក​ថា អ្នក​នឹង​បាន​ទទួល​ព្រះ​គុណ​ថែម​លើ​ព្រះ​គុណ » ( គ. និង ស. ៩៣:២០ ) ។

ខ្ញុំ​ពុំ​ដឹង​អំពី​អ្នក​ទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ រឿង​នោះ​វា​ហាក់​ដូចជា​ដំណើរ​មួយ​យ៉ាង​ឆ្ងាយប៉ុន្តែ​ជា​ដំណើរ​ដែល​សប្បាយ​រីករាយ​មួយ ! គោលដៅ​នៃ​ភាពជា​ព្រះ​បែប​នេះ ទោះបី​វា​ជា​គោលដៅ​ដ៏​ខ្ពស់​ក្តី វា​ពិតជា​អ្វី​ដែល​ធ្វើ​ឲ្យ​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើងវិញ​មាន​ភាព​ទាក់ទាញ និង​បំផុសគំនិត ។ នៅក្នុង​ជម្រៅ​នៃ​ព្រលឹង​របស់​យើង​គឺជា​អារម្មណ៍​មួយជា​អនុស្សាវរីយ៍​មួយដែល​ប្រាប់​យើង​ថា នេះ​គឺជា​មូលហេតុ​ដែល​យើង​មក​កាន់​ផែនដី​នេះ ។ យើង​បាន​ទទួល​យក​ផែនការ​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ឋាន​សួគ៌​ដ៏​សំខាន់​បំផុត ដោយសារ​យើង​ចង់​ក្លាយ​ដូចជា​ទ្រង់ ។ យើង​បាន​ដឹង​ថា វា​គឺជា​គោលដៅ​មួយ​ដ៏​សែន​ពិបាក ដែល​នឹង​ពុំ​ងាយ​ស្រួល​សម្រេច​បាន​ឡើយ ។ ប៉ុន្តែ​យើង​ពុំ​គ្រាន់តែ​អាច​ពេញចិត្ត​នឹង​អ្វី​ដែល​មាន​តិចតួច​ជាង​នេះ​ឡើយ ។ ព្រលឹង​របស់​យើង​ត្រូវបាន​បង្កើត​ឲ្យ​រីកចម្រើន ហើយ​យើង​ត្រូវបាន​បំផុសគំនិត តាំង​ពី​មុន​រហូត​ដល់​ពេល​នេះ ដើម្បី​ធ្វើ​ដំណើរ ។

ការរៀន​សូត្រ និង​ការប្រែក្លាយ

star-filled sky

ការបង្រៀន ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹង​ល្អ គឺជា​គោលការណ៍​សំខាន់​មួយ​នៃ​ការរីកចម្រើន​ឆ្ពោះ​ទៅកាន់​សក្តានុពល​នៃ​ភាព​ជា​ព្រះ​របស់​ពួកយើង និង​ការក្លាយ​ដូចជា​ព្រះ​មាតា​បិតាសួគ៌​របស់​យើង ។ ជួន​កាល យើង​ហៅ​ដំណើរការ​នេះ​ថា ការរីកចម្រើន​ដ៏​អស់កល្ប​ជានិច្ច ។ ជួនកាល​យើង​ហៅ​វា​ថា ការប្រែចិត្ត​ជឿ ។ ជួនកាល​យើង​ហៅ​វា​យ៉ាង​សាមញ្ញ​ថា ការប្រែចិត្ត ។ ប៉ុន្តែ​ទោះបី​យើង​ហៅ​វា​បែប​ណា​ក្តី វា​រួម​បញ្ចូល​នូវ​ការរៀនសូត្រ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ថ្លែង​ថា « អ្នក​ត្រូវតែ​រៀន​អំពី​របៀប​ក្លាយ​ជា​ព្រះ​ដោយ​ខ្លួន​ឯង ហើយ​ក្លាយ​ជា​ស្តេច និង​ពួកសង្ឃ​ចំពោះ​ព្រះ … ដោយ​ចាប់ផ្តើម​ពី​កម្រិត​តូច​មួយ​ទៅ​កាន់​កម្រិត​មួយ​ទៀត និង​ពី​សមត្ថភាព​តូច​មួយ​ទៅ​កាន់​សមត្ថភាព​កាន់តែ​អស្ចារ្យ​ឡើង ។ …

« នៅ​ពេល​អ្នក​ឡើង​ជណ្ដើរ អ្នក​ត្រូវតែ​ចាប់ផ្ដើម​ពី​កាំ​ក្រោម​គេ​មុន ហើយ​ឡើង​មួយ​កាំ​ម្ដងៗ រហូត​ដល់​អ្នក​មក​ដល់​កំពូល គឺ​ដូច​គ្នា​នឹង​គោលការណ៍​នានា​នៃ​ដំណឹងល្អអ្នក​ត្រូវ​ចាប់ផ្ដើម​ពី​ចំណុច​ដំបូង ហើយ​បន្ត​ទៅ​រហូត​ទាល់​តែ​អ្នករៀននូវ​គ្រប់​គោលការណ៍​នៃ​ការលើកតម្កើង » ។

ដូច្នេះ ចូរ​និយាយ​អំពី​ការរៀនសូត្រ ។ ក្នុង​នាម​ជា​គ្រូបង្រៀន​ដែល​ចូលចិត្ត​បង្រៀន ខ្ញុំ​ស្រឡាញ់​ពាក្យ និង​គំនិត ទោះបី​ខ្ញុំ​គិតថា យើង​គួរតែ​ផ្តល់​និយមន័យ​វា​ឲ្យ​បាន​ប្រសើរ​បន្តិច ជាង​ដែល​យើង​ធ្លាប់​ផ្តល់​ឲ្យ​វា​នោះ ។ សម្រាប់​គោលបំណង​នៃ​ដំណឹងល្អ ខ្ញុំ​ពុំ​គ្រាន់តែ​ចង់​និយាយ​អំពី​ការប្រមូល​ផ្តុំ​នៃ​ចំណេះ​ដឹង​នោះ​ទេ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ នោះ​គឺជា​ផ្នែក​មួយ​នៃ​ការរៀន​សូត្រ ។ ខ្ញុំ​ក៏​ពុំ​ចង់​តែ​និយាយ​ថា ត្រូវ​ស្តាប់​ដោយ​អកម្ម​ដល់​មេរៀន​មួយ ឬ​ទន្ទេញ​ចាំ​នូវ​រឿង​ពិត​នោះ​ឡើយ ។ ខ្ញុំ​ចង់​និយាយ​ថា ការរៀន​សូត្រ​នៅក្នុង​ស្មារតី​មួយ​នៃ​ការរីកចម្រើន និង​ផ្លាស់ប្តូរ អំពី​ការយល់​ដឹង​ដែល​ដឹកនាំ​ទៅរក​ការរីកចម្រើន អំពី​ការដឹង​នូវ​សេចក្តីពិត ដែល​ជា​លទ្ធផល​ដឹកនាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ​នៃ​សេចក្តីពិត​គ្រប់​យ៉ាង ។

ប្រធាន រ័សុល អិម ណិលសុន បាន​ផ្សារភ្ជាប់​ការរៀន​សូត្រ និង​ការផ្លាស់ប្តូរ​នៃ​ដួងចិត្ត​ដែល​ប្រែចិត្ត​ជឿ​នេះ នៅពេល​លោក​បាន​បង្រៀន​ថា នៅពេល « ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ការជឿ​ស៊ប់​ដល់​អ្នក​ដែល​ស្វះស្វែងរក​សេចក្តីពិត​ដ៏​ស្មោះត្រង់ » នោះ​វា​ចិញ្ចឹម​បីបាច់​ដល់​សេចក្តីជំនឿ ដែល « ជំរុញ​ឲ្យ​មាន​ការប្រែចិត្ត និង​គោរព​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ » ។ គ្រឿង​ផ្សំ​ចាំបាច់​នៃ​ការប្រែចិត្ត​ជឿ​ទាំង​នេះ​បង្វែរ​ពួកយើង​« ពី របៀប​នៃ​លោកិយ ទៅ​ជា … របៀប​នៃ​ព្រះអម្ចាស់ » ដែល « នាំឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ធំ​ដល់​ដួងចិត្ត » ។

នេះ​ពុំមែន​ជា​ការស្គាល់​ឈ្មោះ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ដប់​ពីរ ឬ​ដ្យាក្រាម​នៃ​ការប្រដូច​នៃ​ដើម​អូលីវ​នោះ​ឡើយ ទោះបី​ការធ្វើ​បែប​នោះ​វា​មាន​ប្រយោជន៍​ក្តី ។ ការរៀនសូត្រ​ប្រភេទ​នេះ​គឺ​អំពី​ការផ្លាស់ប្តូរ​ខ្លួន​យើង អំពី​ការផ្លាស់ប្តូរ ( ឲ្យ​បាន​ប្រសើរ​ឡើង ) ដោយសារ​យើង​ដឹង​កាន់​តែ​ច្រើន​អំពី​អ្វី​ដែល​ព្រះ​ទត​ដឹង ។

អ្នក​អាច​ឃើញ​ថា ការរៀនសូត្រ​បែប​នេះ គឺ​ខ្ញុំ​និយាយ​អំពី​ការរៀនសូត្រ​ដែល​លើស​ពី​ការរៀន​នៅក្នុង​ថ្នាក់​រៀន ឬ​ត្រូវ​សរុប​មក​តែ​ក្នុង​មេរៀន​រយៈពេល ៤៥ នាទី​ទៅ​ទៀត ។ ព្រះគម្ពីរ, ព្យាការី, ឪពុកម្តាយ, រដូវ​ប្រាំង, រដូវវស្សា, ការបំផុសគំនិត​ខាង​វិញ្ញាណ និង​កម្មវិធី​ប្រចាំ​ថ្ងៃ​នានា​នៃ​ជីវិត ដែល​ផ្តល់​ឱកាស​ដល់​យើង​ឲ្យ​រៀន​អំពី​ព្រះ និង​ផែនការ​របស់​ទ្រង់ ដ្បិត​ប្រាកដ​ណាស់ « គ្រប់​ការណ៍​ទាំង​អស់​ធ្វើ​ទី​បន្ទាល់ » អំពី​ទ្រង់ ( ម៉ូសេ ៦:៦៣ ) ។ ទីបំផុត​យើង​ទាំងអស់​គ្នា​ឃើញ​ថា ទ្រង់​មាន​ព្រះទ័យ​បង្រៀន​យើង ពុំ​គ្រាន់តែ​នៅ​ព្រះវិហារ​ប៉ុណ្ណោះ​ទេ ថែមទាំង​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេលវេលា​ទាំងអស់នៅក្នុង​គ្រា​ក្រៅ​ផ្លូវការ​ជាមួយ​កូនៗ និង​មិត្តភក្តិ​របស់​យើង អ្នក​ជិតខាង ឬ​អ្នក​ធ្វើការ​ជាមួយ​យើង បុរស ឬ​ស្ត្រី​ដែល​យើង​ជួប​នៅ​តាម​ឡាន​ក្រុង ឬ​បុគ្គលិក​ដែល​ជួយ​យើង​នៅ​ឯ​ផ្សារគឺ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​ដែល​យើង​មាន​ឆន្ទៈ​រៀន ។

ប៉ុន្តែ​គ្រប់​សេចក្តីពិតទាំង​នេះ​ដែល​ព្រះ​កំពុង​ព្យាយាម​បង្រៀន​យើង​រៀងរាល់​ថ្ងៃ គឺ​គ្រាន់តែ​ជា​គ្រាប់​ពូជ​ជាច្រើន​ដែល​បាន​ព្រោះ​នៅលើ​ថ្ម ឬ​នៅក្នុង​បន្លា​ដែល​ត្រូវ​ឆេះ ឬ​ងាប់ លុះត្រា​ណា​យើង​យក​ដំបូន្មាន​របស់​អាលម៉ា ដើម្បី​ចិញ្ចឹម​បីបាច់​វា​ដោយ​ការដក​ពិសោធន៍​នៅ​ព្រះបន្ទូល ឬ​ដូច​ជា​យ៉ាកុប​និយាយ​ថា ធ្វើ​ជា​អ្នក​ប្រព្រឹត្ត​តាម​ព្រះបន្ទូល ពុំ​គ្រាន់តែ​ជា​អ្នក​ស្ដាប់​ប៉ុណ្ណោះ​ឡើយ ( សូមមើល ម៉ាកុស ៤:១–២០; យ៉ាកុប ១:២២; អាលម៉ា ៣២:២៧–៤៣ ) ។ នៅពេល​យើង​រៀន​សេចក្តីពិត ហើយ​ជ្រើសរើស​អនុវត្ត​តាម​សេចក្តីពិត នោះ​ទីបន្ទាល់​របស់​យើង​រីកចម្រើន ( សូមមើល យ៉ូហាន ៧:១៧ ) ។ បន្ទាប់​មក នៅពេល​យើង​ធ្វើ​ឲ្យ​សេចក្តីពិត​នោះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​យើង តាមរយៈ​ការព្យាយាម​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​រស់នៅ​តាម​វា ទោះបី​ជួប​នូវ​ឧបសគ្គ​ក្តី វា​ផ្លាស់ប្តូរ​យើង ហើយ​យើង​ក្លាយ​កាន់តែ​ដូច​ជា​ព្រះវរបិតា​នៃ​សេចក្តីពិត ។

ការរៀនសូត្រ​ដំណឹងល្អ​គឺ​ត្រូវ​បាន​ផ្តោត​យក​ចិត្ត​ទុកដាក់​នៅក្នុង​គេហដ្ឋាន

នេះ​គឺជា​មូលហេតុ​ដែល​យើង​និយាយ​ថា ការបង្រៀន ការរៀនសូត្រ និង​ការរស់នៅតាម​ដំណឹងល្អ​ត្រូវតែ « ផ្តោត​ចិត្ត​ទុកដាក់​នៅក្នុង​គេហដ្ឋាន និង​ត្រូវបាន​គាំទ្រ​ដោយ​សាសនាចក្រ » ។ ទីមួយ គេហដ្ឋាន​គឺជា​កន្លែង​ដែល​យើង​ចំណាយ​ពេល​ស្ទើរតែ​ទាំងអស់​របស់​យើង ប្រាកដ​ណាស់ យើង​ចំណាយ​ពេល​នៅ​ផ្ទះ​ច្រើន​ជាង​នៅ​ព្រះវិហារ ( ទោះបីជា​ប៊ីស្សព​មាន​ការងារ​ច្រើន​យ៉ាង​ណា​ក៏​ដោយ ) ។ យើង​ពុំ​រំពឹង​ថា រូបកាយ​ខាង​សាច់​ឈាម​របស់​យើង​នឹង​រស់​នៅ​បាន​យូរ​ដោយ​ការបរិភោគ​អាហារ​ម្តង​ក្នុង​មួយ​សប្តាហ៍​ឡើយ ទោះបី​អាហារ​ម្តង​នោះ​ជា​អាហារ​ល្អ​ក្តី ។ ស្រដៀង​នេះ​ផងដែរ ប្រសិនបើ​ថ្នាក់​រៀន​នៅ​ព្រះវិហារ​តែមួយ​ម៉ោង ទោះបី​ថ្នាក់​នោះ​ល្អ​ឥតខ្ចោះ​យ៉ាង​ណា​ក្តី គឺជា​រឿង​សំខាន់​សម្រាប់ « ការទទួលទាន​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ » របស់​យើង ( នីហ្វៃទី ២ ៣១:២០ ) នោះ​យើង​កំពុង​ស្ថិត​នៅក្នុង​គ្រោះ​ថ្នាក់​នៃ​ការខ្វះ​របប​អាហារ​ខាង​វិញ្ញាណ​ហើយ ។

ទីពីរ គេហដ្ឋាន​គឺជា​ថ្នាក់​រៀន និង​កន្លែង​ពិសោធន៍ ជា​កន្លែង​ដែល​ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ គឺ​ត្រូវបាន​រួម​ចូល​គ្នា​យ៉ាង​ត្រឹមត្រូវ​ឥតខ្ចោះ ដែល​វា​ស្ទើរតែ​ពុំ​អាច​បំបែក​គ្នា​បាន ។ នេះ​គឺ​ជា​មន្ទីរពិសោធន៍​នៃ​បទពិសោធន៍​រស់នៅ​យ៉ាង​សាមញ្ញ ដែល​ពុំ​អាច​ត្រូវបាន​បង្កើត​ឡើង​នៅក្នុង​ថ្នាក់​រៀន​តែ​ឯង​បាន​ឡើយ ។

ប្រហែល​អ្វី​ដែល​សំខាន់​បំផុត គេហដ្ឋាន​គឺជា ឬ​អាច​ក្លាយ ដូចជា​ស្ថានសួគ៌ ជា​ការរំឭក​នៃ​គោលដៅ​អស់​កល្ប​ជានិច្ច ដែល​យើង​បាន​មក​លើ​ផែនដី​នេះ​ដើម្បី​ឈោង​ចាប់​យក​វា ។ ដូច​ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​ថ្លែង​ដូច្នេះ​ថា ៖ « ទោះជា​គ្រួសារ​លើ​ផែនដី​មិន​ល្អ​ឥតខ្ចោះ​ក្ដី ស្ថាប័ន​ទាំង​នោះ​ផ្ដល់​ឱកាស​ពិសេស​ឲ្យ​បុត្រាបុត្រី​ព្រះ ត្រូវបាន​ស្វាគមន៍​មក​កាន់​ពិភពលោក​ដោយ​មាន​ក្ដីស្រឡាញ់​តែ​មួយ​គត់​លើ​ផែនដី ដែល​កាន់តែ​ដូច​អារម្មណ៍​ដែល​យើង​បាន​មាន​នៅស្ថានសួគ៌ ជា​ក្ដីស្រឡាញ់​របស់​មាតាបិតា ។ គ្រួសារ​ក៏​ជា​មធ្យោបាយ​មួយ​ប្រសើរ​បំផុត​ដើម្បី​រក្សា ហើយ​បន្ត​គុណធម៌​ខាង​សីលធម៌ និង គោលការណ៍​ពិត​នានា ដែល​នឹង​ដឹកនាំ​យើង​ត្រឡប់​ទៅ​ឯ​វត្តមាន​ព្រះ​វិញ » ។

ឱ​ឪពុក​ម្តាយ​អើយ តើ​ខ្ញុំ​បំភ័យ​អ្នក​ឬ ? ខ្ញុំ​សង្ឃឹម​ថា​អត់​ទេ ។ ការគូស​បញ្ជាក់​ស្តីពី​ការបង្រៀន ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ​នៅ​គេហដ្ឋាន​នេះ​ពុំ​មែន​មាន​ន័យ​ថា ជា​ការបន្ថែម​បន្ទុក​មួយ​ដល់​បុគ្គល​ម្នាក់ៗ ឬ​គ្រួសារ​នោះ​ទេ ។ ផ្ទុយ​ទៅវិញ ប្រាកដ​ណាស់ យើង​សង្ឃឹម​ថា តាមរយៈ​ចំណេះដឹង និង​ការគាំទ្រ​នៃ​កិច្ចខិតខំ​របស់​អ្នក​នៅ​គេហដ្ឋាន នោះយើង​អាច​បន្ថយ​បន្ទុក​ដែល​អ្នក​កំពុង​មាន​តាម​របៀប​មួយ​ចំនួន ។ ឬ កាន់តែ​ប្រសើរ​នោះ ប្រហែល​ជា​យើង​អាច​ពង្រឹង​អ្នក​ដើម្បី « ទ្រ [បន្ទុក ] បាន​ដោយ​ងាយ » ( ម៉ូសាយ ២៤:១៥ ) ។

ការគាំទ្រ​ដល់​ការរៀន​សូត្រ​ដំណឹងល្អ​នៅ​ព្រះវិហារ

climbing and building a ladder

ការពង្រីក​ទស្សនវិស័យ​នៃ​ការក្រេប​ជញ្ជក់​យក​ដំណឹងល្អ​នៅ​ក្រៅ​ថ្នាក់​រៀន​នេះ ពុំមែន​មាន​ន័យ​ថា ថ្នាក់​រៀន​មិន​សំខាន់​នោះ​ទេ ។ ប្រាកដណាស់ យើង​សង្ឃឹម​ថា ការរៀនសូត្រ​កាន់តែ​មាន​អត្ថន័យ​នោះ​នៅតែ​កើត​មាន​នៅ​ព្រះវិហារ ។ ប្រាកដ​ណាស់ ការគាំទ្រ​ដល់​តួនាទី​នៃ​ថ្នាក់​រៀន​នៅ​ព្រះវិហារ​គឺ​សំខាន់​ចំពោះ​ការរៀនសូត្រ​ដែល​ផ្តោត​ទៅ​គេហដ្ឋាន ។ ប៉ុន្តែ​ដើម្បី​ជួយ​ផ្លាស់ប្តូរ​ជីវិត នោះ​ការបង្រៀន​នៅ​ព្រះវិហារ​ពុំ​អាច​ឯករាជ្យ​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​នៅក្នុង​ជីវិត​មនុស្ស​ទាំង​នោះ​ឡើយ ។ វា​ត្រូវតែ​ទាក់ទង និង​ចេញ​មក​ពី​បទពិសោធន៍​ទាំង​គ្រូបង្រៀន និង​សិស្ស ។

ប្រាកដណាស់ ការផ្តោត​ទៅលើ​សៀវភៅ​សិក្សា ឬ​ក្តារខៀន ឬ​ការរៀបចំ​កៅអី ឬ​សូម្បី​តែ​សំណួរ​ពិភាក្សា​ដ៏​ល្អ​ឥតខ្ចោះ​មួយ​ចំនួន​អាច​ពុំមែន​ជា​ការ​ផ្តោត​ចិត្ត​ទុកដាក់​ត្រឹមត្រូវ​ឡើយ ។ បុត្រ​គ្រប់​រូប​របស់​ព្រះ និង​ការរីកចម្រើន​អស់កល្ប​របស់​ពួកគេ​ត្រូវតែ​ជា​កម្មវត្ថុ​នៃ​កិច្ចខិតខំ និង​សេចក្តីស្រឡាញ់​របស់​យើង ។ យើង​កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មនុស្ស​រំជួលចិត្ត ហើយ​យើង​គ្រាន់តែ​ប្រើប្រាស់​កៅអី ឬ​ដី-ស ឬ​ឧបករណ៍​សោតទស្សន៍ ប្រសិនបើ​វា​ជួយ​យើង​ធ្វើ​ឲ្យ​មនុស្ស​រំជួល​ចិត្ត ។ ដើម្បី​បក​ស្រាយ​ឃ្លា​របស់​ព្រះអង្គ​សង្គ្រោះ​ហើយ​ធ្វើ​ឲ្យ​ងាយ​យល់ តើ​វា​មាន​ប្រយោជន៍​អ្វី​ដល់​គ្រូបង្រៀន ឬ​ថ្នាក់​មួយ ប្រសិនបើ​វា​គាំទ្រ​ដល់​បទបង្ហាញ​គោលលទ្ធិ​ដ៏​ធំ​បំផុត​នៃ​លោកិយ ហើយ​គ្មាន​គោលលទ្ធិ​ណា​មួយ​ក្លាយ​ជា​ភស្តុតាង​ជាក់​ស្ដែង​នៅក្នុង​ជីវិត និង​សេចក្តីស្រឡាញ់ គំនិត និង​អារម្មណ៍​របស់​សមាជិក​ម្នាក់ៗ ជា​បុគ្គល​ដែល​ព្រះ​ចង់​សង្គ្រោះ និង​លើក​តម្កើង​នោះ ?

ការវាស់វែង​ពិតប្រាកដ​នៃ​ភាពជោគជ័យ​នឹង​ពុំ​មែន​ជា​របៀប​ដែល​មេរៀន​ត្រូវបាន​បង្រៀន​យ៉ាង​រលូន ពុំមែន​ជា​របៀប​ដ៏​ល្អ​ដែល​យើង​បង្គ្រប់​ម៉ោង ពុំមែន​ជា​ការសរសើរ​ដ៏​ច្រើន​ដែល​គ្រូបង្រៀន​ទទួល​បាន​បន្ទាប់​ពី​បង្រៀន ឬ​ពុំមែន​មក​ពី​មាន​សមាជិក​ថ្នាក់​ចូលរួម​ច្រើន​នោះ​ទេ ។ ភាពជោគជ័យ​ផ្អែកទៅលើ​អ្វី​ដែល​កើត​ឡើង​នៅក្នុង​ជីវិត​របស់​សិស្ស ។ តើ​បងប្រុស​ហើរេរ៉ូ បាន​រកឃើញ​អ្វី​នៅក្នុង​ខគម្ពីរ​កាល​សប្តាហ៍​មុន ដែល​ជួយ​គាត់​ឲ្យ​យក​ឈ្នះ​លើ​ឧបសគ្គ​ដែល​គាត់​កំពុង​ជួប​ប្រទះ​នោះ ? លើស​ពី​នោះ​ទៅ​ទៀត តើ​មាន​អ្វី​កើត​ឡើង​នៅក្នុង​ថ្នាក់ ដែល​បាន​ពង្រីក​សមត្ថភាព​គាត់​ឲ្យ​រក​ឃើញ​ចម្លើយ​ដែល​គាត់​ត្រូវការ​នៅ​អំឡុង​សប្តាហ៍​នោះ ? នៅ​ក្នុង​សប្តាហ៍​នេះ កាល​គាត់​បាន​ចែកចាយ​បទ​ពិសោធន៍​នោះ តើ​បងស្រី​ស្មីត​រកឃើញ​សេចក្តីសង្ឃឹម និង​សេចក្តីជំនឿ​ដែល​គាត់​ត្រូវការ ដើម្បី​ជឿ​ថា ព្រះ​នឹង​ជួយ​គាត់​ដែរ​ឬ​ទេ ? ( សូមមើល « អ្នក​ពុំ​អាច​មាន​សុខភាព​ល្អ ដោយ​គ្រាន់តែ​មើល​អ្នកដទៃ​នោះ​ទេ » ) ។

អ្វីៗ​ទាំងអស់​នេះ​អាច​មាន​ន័យ​ថា ប្រសិនបើ​អ្នក​គឺជា​គ្រូបង្រៀន នោះ​អ្វី​ដែល​អ្នក​ឃើញ​នៅក្នុង​ធនធាន​បង្រៀន​ថ្មី​របស់​យើង នឹង​ក្លាយ​ជា​អ្វី​ដែល​ខុសប្លែក​ពី​អ្វី​ដែល​អ្នក​ធ្លាប់​ឃើញ​នៅក្នុង​សៀវភៅ​សិក្សា​ចាស់​របស់​យើង ។ អ្នក​អាច​រកឃើញ​សេចក្តីណែនាំ​ជាក់លាក់​តិចតួច​អំពី​អ្វី​ដែល​ត្រូវធ្វើ និង​របៀប​ដើម្បី​ធ្វើ​វា ។ នោះ​គឺជា​អ្វី​ដែល​វា​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជំរុញ​អ្នក​ឲ្យ​អធិស្ឋាន​ទូលសូម ស្វែង​រកមើល និង​ទាញ​យក​បទពិសោធន៍ និង​ការបំផុសគំនិត​ផ្ទាល់​របស់​អ្នក ព្រមទាំង​ពី​បុគ្គល​ដែល​អ្នក​បង្រៀន ។ ( សូមមើល « តើ​អ្នក​កំពុង​ច្រៀង​តែ​ម្នាក់​ឯង ឬ​ដឹកនាំ​ក្រុម​ចម្រៀង ? » )

ដូច្នេះ​ឧបមា​ថា វគ្គ​សិក្សា​គឺ​ស្តីពី​ព្រះគម្ពីរ​សញ្ញាថ្មី ហើយ​ខ្ញុំ​គឺជា​គ្រូបង្រៀន​សាលា​ថ្ងៃ​អាទិត្យ នោះ​ខ្ញុំ​ពុំ​ចាំបាច់​មក​ថ្នាក់​រៀន​ដោយ​នាំ​មក​រឿង​ជាច្រើន​អំពី​មេរៀន​នៃ ម៉ាថាយ ៥ ការដកស្រង់​ដ៏​បំផុសគំនិត​មក​ពី​មនុស្ស​ដ៏​ឈ្លាសវៃ​ទាក់ទង​នឹង​ទេសនាកថា​នៅ​លើ​ភ្នំ និង​សកម្មភាព​ដ៏​ច្នៃ​ប្រឌិត​នានា អំពី​របៀប​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សះផ្សារ អ្វីៗ ទាំងអស់​ត្រូវបាន​រៀបចំ និង​កំណត់​ពេល​បង្រៀន​យើង​រហូត​ដល់​ប្រាំ​នាទី​ដល់​ម៉ោង​ចប់​នោះ​ទេ ។ ផ្ទុយ​ទៅវិញ ខ្ញុំ​សិក្សា និង​រស់នៅ​តាម​គោលការណ៍​នានា​នៅក្នុង ម៉ាថាយ ៥ គឺ​ដូច​ជា​អ្វី​ដែល​ខ្ញុំ​រំពឹង​ថា សិស្ស​នឹង​ធ្វើដែរ ។ អ្វី​មួយ​ដែល​ខុសប្លែក​នោះ​គឺថា ខ្ញុំ​អាច​ធ្វើ​វា​ដោយ​ការគិតគូ និង​អធិស្ឋាន​កាន់តែ​ច្រើន​អំពី​សមាជិក​ម្នាក់ៗ​នៅក្នុង​ថ្នាក់​របស់​ខ្ញុំ និង​របៀប​ដែល​គោលការណ៍​ទាំង​នេះ​អាច​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។ បន្ទាប់​មក នៅក្នុង​ថ្នាក់ ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ នោះ​ខ្ញុំ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ស្អាង និង​គាំទ្រ​គ្នា​ទៅវិញទៅមក នៅក្នុង​ការព្យាយាម​របស់​ពួកគេ​ដើម្បី​សិក្សា និង​រស់នៅ​តាម ម៉ាថាយ ៥ ។ ខ្ញុំ​ជួយ​ពួកគេ​ឲ្យ​ឃើញ​អំពី​ទំនាក់ទំនង​រវាង​ជីវិត​របស់​ពួកគេ និង​គោលលទ្ធិ​ដ៏​មាន​តម្លៃ​នៅក្នុង​ព្រះគម្ពីរ ។ លើស​ពី​អ្វីៗ​ទាំងអស់ ខ្ញុំ​អធិស្ឋាន​ទូល​សូម​ការបំផុសគំនិត​នៅ​ក្នុង​គ្រា​នោះ ដើម្បី​បង្វែរ​រឿង​ពិត​នោះ​ឲ្យ​ទៅជា​សេចក្តីជំនឿ ដើម្បី​បង្វែរ​សំណួរ​ឲ្យ​ទៅ​ជា​ការស្រាវជ្រាវ​រក​ចម្លើយ ។

putting puzzle pieces together

ប្រាកដណាស់ ជា​ចម្បង​តួនាទី​របស់​ខ្ញុំ​អាច​មាន​ភាព​ខុសប្លែក​បន្តិច ។ ប៉ុន្តែ​គោលបំណង​របស់​ខ្ញុំ​គឺ​ពុំមែន​ទុក​ឲ្យ​ក្មេងៗ កម្សាន្ត​រយៈពេល ៤៥ នាទី ឬ​ទុក​ឲ្យ​វា​នៅ​ស្ងៀម ដើម្បី​ខ្ញុំ​អាច​និយាយ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ដោយ​គ្មាន​ការរំខាន​នោះ​ឡើយ ។ គោលបំណង​របស់​ខ្ញុំ​គឺ​ដើម្បី​ស្ថាបនា​ពួកគេ​ក្លាយ​ជា​អ្នករៀន​ឯករាជ្យ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ឃើញ​អំពី​របៀប​ដែល​ជីវិត​ពួកគេ ត្រូវបាន​ពង្រីក​តាមរយៈ​សេចក្តីពិត​នៃ​ដំណឹងល្អ និង​ដើម្បី​គាំទ្រ​ឪពុក​ម្តាយ​របស់​ពួកគេ ដែល​ជា​គ្រូបង្រៀន​ដំណឹងល្អ​ដ៏​សំខាន់​បំផុត​របស់​ពួកគេ ។

ឥឡូវ​នេះ ដោយ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​មាន​ការភ័យ នោះ​ប្រហែល​ជា​ខ្ញុំ​បាន​បំភ័យ​គ្រូបង្រៀន​ផងដែរ ។ បើអញ្ចឹង​មែន​នោះ ខ្ញុំ​សូម​បញ្ជាក់​អ្នក​ជាមួយ​នឹង​គំនិត​ពីរ ៖ ( ១ ) អ្នក​កំពុង​បង្រៀន​មនុស្ស មិនមែន​បង្រៀន​មេរៀន​ទេ ហើយ​អ្នក​ស្គាល់​មនុស្ស​ច្បាស់​ជាង​មេរៀន​ក្នុង​សៀវភៅ​សិក្សា​នោះ​ទៅ​ទៀត ។ ( ២ ) កិច្ចខិតខំ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​រៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​គឺជា​ការរៀបចំ​ដ៏​ល្អ​បំផុត ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ ។ សូមចាំ​ថា របៀប​ដ៏​ល្អ​បំផុត​ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​មក​ក្នុង​ជីវិត​យើង និង​ទៅក្នុង​ការបង្រៀន​របស់​យើង គឺ​ការរៀនសូត្រ និង​រស់នៅ​តាម​ដំណឹងល្អ​ដោយ​ខ្លួន​យើង​ផ្ទាល់ ។ ព្រះវិញ្ញាណ​គឺជា​គ្រូបង្រៀន​សំខាន់​បំផុត​នៅក្នុង​សាសនាចក្រ ហើយ​សំណាង​ល្អ​ណាស់ វា​គ្មាន​ដែន​កំណត់​សម្រាប់​ឥទ្ធិពល​នោះ​ទេ ។

ទ្រង់​បាន​គូស​ដាន​ផ្លូវ និង​ដឹកនាំ​ផ្លូវ

វា​គឺជា​បំណង​ប្រាថ្នា​ដ៏​ធំធេង​របស់​យើង ដែល​ព្រះអម្ចាស់​នឹង​លើក​ស្ទួយ​យើង​ឡើង ទៅកាន់​ការរីកចម្រើន​ខាង​វិញ្ញាណ​ដ៏​ខ្ពស់​ថ្មី​មួយ តាមរយៈ​របៀប​ថ្មី​នៃ​ការរៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ ។ ជាមួយ​នឹង​ជំនួយ​របស់​ទ្រង់ នោះ​យើង​នឹង​ចែកចាយ​ដំណឹងល្អ​ជាមួយ​មិត្តភក្តិ​របស់​យើង មិនមែន​ដោយសារ​យើង​មាន​អារម្មណ៍​ថា វា​ជា​កាតព្វកិច្ច​នោះ​ទេ ប៉ុន្តែ​ដោយសារ​ដំណឹងល្អ​គឺជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ហើយ​យើង​ពុំ​អាច​បើក​មាត់​យើង ដោយ​គ្មាន​ការចែកចាយ​សេចក្តីពិត​មួយ​ចំនួន​នៃ​ដំណឹងល្អ​ឡើយ ។ មែនហើយ មិត្តភក្តិ​របស់​យើង​ដែល​មាន​ជំនឿ​ផ្សេង​នឹង​ឃើញ​ពី​ពន្លឺ​ដែល​បាន​កើន​ឡើង​នៅក្នុង​ជីវិត​របស់​យើង ហើយ​នឹង​ស្វែងរក​អ្នក​ផ្សព្វផ្សាយ​សាសនា គឺ​ពីមុន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ស្វែងរក​ពួកគេ​ទៅទៀត ដើម្បី​ទទួល​បាន​នូវ​អ្វី​មួយ​ចំនួន​ដែល​ពួកគេ​បាន​ឃើញ​ឲ្យ​ទៅ​ក្រុមគ្រួសារ​ពួកគេ​ផ្ទាល់ ។ អាពាហ៌ពិពាហ៌​ក្នុង​ព្រះវិហារ​បរិសុទ្ធ កិច្ចការពង្សប្រវត្តិ អំណាច និង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព ភាព​ស្អាតស្អំ​ខាង​សីលធម៌ ការមើលថែ​ដល់​ជន​ក្រីក្រ អ្វីៗ​ទាំងអស់​ដែល​នឹង​ក្លាយ​ជា​លទ្ធផល​ដ៏​មាន​ពរ​នៃ​ការប្រែចិត្ត​ជឿ​យ៉ាង​ជ្រាលជ្រៅ​របស់​សិស្ស​នៃ​ព្រះគ្រីស្ទ ក្នុងការ​រៀនសូត្រ និង​ការរស់នៅ​តាម​ដំណឹងល្អ​រៀងរាល់​ថ្ងៃ ជាមួយ​នឹង​អំណរគុណ​ដ៏​ពោរពេញ ជាមួយ​នឹង​ការគាំទ្រ​ឥត​ឈប់​ឈរ​ពី​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ ។ នោះ​ជា​អ្វី​ដែល​ព្រះអម្ចាស់​កំពុង​ដឹក​នាំ​យើង​ ហើយ​វា​ពិតជា​ដំណើរ​ដ៏​បំផុសគំនិត​មួយ ។

យើង​ប្រើ​ឃ្លាថា « ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ » ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ពុំ​ក្លាយ​ជា​ឃ្លា​ដែល​បាត់បង់​អត្ថន័យ​ដើម​របស់​វា​ឡើយ ។ ប្រាកដ​ណាស់ យើង​ចង់​និយាយ​ថា វា​គឺជា​អ្វី​ដែល​យើង​ត្រូវការ​ដើម្បី​ក្លាយ​ដូចជា​ព្រះគ្រីស្ទ ជា​គ្រូបង្រៀន និង​ជា​សិស្ស ដើម្បី​ព្យាយាម​ចែកចាយ​ដំណឹងល្អ​តាម​របៀប​ដែល​ទ្រង់​បាន​ធ្វើ ។ នេះ​គឺជា​ឱកាស​ដើម្បី​ចូលរួម​នឹង​ពួកសិស្ស ដើម្បី​ទៅ​ក្នុង​ផ្លូវ​ធំ និង​ផ្លូវ​កាត់​នានា​ជាមួយ​ព្រះយេស៊ូវ រកមើល​នរណា​ម្នាក់​ដែល​អាច​បាត់បង់ ។ នេះ​គឺជា​ឱកាស​ដើម្បី​ឡើង​ភ្នំ​នៃ​ទេសនកថា​ជាមួយ​ហ្វូង​មនុស្ស ហើយ​អង្គុយ​នៅ​ក្បែរ​ឆ្នេរ​នៃ​ស្រុក​កាលីឡេ​ជាមួយ​នឹង​ហ្វូង​មនុស្ស ។ នេះ​គឺជា​ឱកាស​សម្រាប់​យើង​ទាំងអស់​គ្នា​ដើម្បី​ប៉ះ​ជាយ​ព្រះពហ្ត​របស់​លោក​ចៅហ្វាយ ហើយ​ត្រូវបាន​ព្យាបាល ។

ខ្ញុំ​ស្រឡាញ់​ពាក្យ​កំណាព្យ​ទាំង​នេះ​ជានិច្ច​ដែល​និពន្ធ​ដោយ អ៊ីលីស្សា អ័រ ស្នូ សម្រាប់​ទំនុកតម្កើង​មួយ​ដែល​រំជួល​ចិត្ត​បំផុត​នៅក្នុង​សាសនាចក្រ ៖

ទ្រង់​បាន​គូស​ដាន ហើយ​ដឹកនាំ​ផ្លូវ

ហើយ​ទ្រង់​បាន​បង្ហាញ​ឲ្យ

រក​ពន្លឺ​ជីវិត​ដ៏​អស់​កាល

ក្នុង​ទី​ចំពោះ​នៃទ្រង់ ។

opening a door to light

បងប្អូន​ប្រុសស្រី ខ្ញុំ​មាន​កិត្តិយស​ដើម្បី​ដើរ​ជាមួយ​បងប្អូន​ឆ្ពោះ​ទៅកាន់​អនាគត​ដ៏​រុងរឿង ដែល​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​រៀបចំ​សម្រាប់​យើង ។ ខ្ញុំ​ស្គាល់​ចិត្ត​របស់​បងប្អូន ។ ខ្ញុំ​ដឹង​ថា បងប្អូន​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ចង់​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​រៀន​ពី​ព្រះទ័យ​ទ្រង់ នៅពេល​យើង​ប្រមូល​ពន្លឺ និង​សេចក្តីពិត ហើយ​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ពន្លឺ​នោះ​នឹង​ភ្លឺ​ខ្លាំង​ឡើងៗ​នៅក្នុង​ខ្លួន​យើង « ​ភ្លឺ​កាន់តែខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន ល្អ​ឥត​ខ្ចោះ » ( គ. និង ស. ៥០:២៤ ការគូស​បញ្ជាក់​ត្រូវបាន​បន្ថែម ) នៅពេល​យើង​អាច​នៅ​ជាមួយ​ទ្រង់ ដោយសារ​យើង​នឹង​ក្លាយ​ដូចជា​ទ្រង់ ។

កំណត់​ចំណាំ

  1. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ១៣៧ ។

  2. ការបង្រៀន ៖ យ៉ូសែប ស៊្មីធ ទំព័រ ២២១, ២៦៨ ។

  3. រ័សុល អិម ណិលសុន « Jesus Christ the Master Healer » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ៨៦ ។

  4. សូម​មើល ដាល្លិន អេក អូក « The Challenge to Become » Liahona ខែ មករា ឆ្នាំ ២០០១ ទំព័រ ៤០–៤៣ សូមមើល​ផងដែរ ដេវីឌ អេ បែដណា « Converted unto the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ១០៦–១០៩ ។

  5. ក្បួន​ខ្នាត​ភាគ ២ ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ ២០១០ ) ចំណុច ១.៤ ។

  6. ហិនរី ប៊ី អាវរីង « Gathering the Family of God » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ២០ ។

  7. « ឱ​ប្រាជ្ញា និង​ក្ដី​ស្នេហ៍​ដ៏​អស្ចារ្យ » ទំនុកតម្កើង លេខ ១១៧ ។