ចនបានចែកចាយនូវអ្វីដែលគាត់បានរៀននៅពេលដែលគាត់បានអនុវត្តរូបមន្តដ៏ជោគជ័យក្នុងការស្វែងរកការងាររបស់គាត់ ។
ធ្វើសកម្មភាពដោយសេចក្តីជំនឿ+ការប្រឹងប្រែងធ្វើការ+ធ្វើការដោយឆ្លាតវៃ=ជោគជ័យ
« ខ្ញុំមានការងារដ៏ល្អមួយ ហើយខ្ញុំពូកែធ្វើការងារនោះណាស់ ។ ថៅកែខ្ញុំសប្បាយចិត្តជាមួយនិងការងារដែលខ្ញុំធ្វើណាស់ ហើយនោះបានធ្វើឲ្យមានភាពកាន់តែងាយស្រួលដើម្បីធ្វើការបានកាន់តែល្អសម្រាប់គាត់ ។ ភរិយាខ្ញុំ និងខ្ញុំមានកូនស្រីស្រស់ស្អាតពីរនាក់ និងទារកតូចមួយទៀតនៅក្នុងពោះ ។ សម្រាប់គ្រួសារវ័យក្មេងមួយ វាមានអារម្មណ៍ថា យើងមានអ្វីទាំងអស់ដែលយើងត្រូវការ ជាពិសេសអនាគតដ៏ល្អមួយ ។
« តែបន្ទាប់មក ភរិយារបស់ខ្ញុំបានធ្លាក់ខ្លួនឈឺ ។ យើងបានព្យាបាលគាត់យ៉ាងអស់ពីលទ្ធភាពរបស់យើងរហូតយើងបានដឹងថា គាត់ត្រូវការការមើលថែខាងវិជ្ជសាស្ត្រ នៅឆ្ងាយពីផ្ទះជាង ៨០៤ គីឡូម៉ែត ។ ប្រាកដណាស់ យើងបានរើទីលំនៅ ។ ខ្ញុំបានរៀបចំទុកដាក់នាងនិងកូនៗរួច ហើយបានត្រឡប់ទៅធ្វើការរបស់ខ្ញុំវិញទំរាំខ្ញុំអាចរកការងារមួយដែលនៅជិតផ្ទះជាង ។ ខ្ញុំមិនបានគិតថាវានិងចំណាយពេលយូរទេ ខ្ញុំមានគុណសម្បត្តិល្អ ហើយខ្ញុំមិនដែលមានការលំបាកក្នុងការស្វែងរកការងារធ្វើទេកាលពីមុនមក ។ ខ្ញុំមានទំនុកចិត្តថាខ្ញុំអាចរកការងារបានមិនអីទេ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីខ្ញុំរកការងារមិនបានសោះ ។
« ពេលវេលាបានអូសបន្លាយពីសប្តាហ៍ទៅខែ ។ ខ្ញុំកំពុងធ្វើការនៅក្នុងទីក្រុងមួយហើយក៏កំពុងខំរកមើលការងារមួយនៅក្នុងទីក្រុងមួយទៀត ហើយម្យ៉ាងក៏កំពុងតែព្រួយបារម្ភអំពីភរិយា និងគ្រួសារដែរ ។ វាគឺជាសង្គ្រាមដែលបរាជ័យមួយ ។ ខ្ញុំត្រូវការជំនួយ ។ ខ្ញុំពុំអាចធ្វើវាតែម្នាក់ឯងបានទេ ។ ខ្ញុំបានងាកទៅរកព្រះវបិតាសួគ៌របស់ខ្ញុំ ។ ខ្ញុំបានតមអាហារ និងអធិស្ឋាន ។ ការស្វែងរកការងាររបស់ខ្ញុំបានក្លាយទៅជាការអនុវត្តសេចក្តីជំនឿមួយ ។ ខ្ញុំបានប្រឹងប្រែងធ្វើការ និងសូមឲ្យព្រះអម្ចាស់ប្រទានពរដល់ការខិតខំរបស់ខ្ញុំ ។ ប៉ុន្តែក្រោយមកខ្ញុំបានដឹងថា ការប្រឹងប្រែងធ្វើគឺមិនទាន់គ្រប់គ្រាន់នោះទេ ។ ខ្ញុំត្រូវធ្វើការដោយឆ្លាតវៃជាង ។ មាននូវវិធីល្អប្រសើរជាងជាច្រើនក្នុង ជំនាញស្វែងរក—ការងារដែលខ្ញុំត្រូវការរៀននិងធ្វើឲ្យប្រសើរឡើង ។
« នៅពេលដែលខ្ញុំបានបញ្ចូលគ្នានូវសេចក្តីជំនឿ ការប្រឹងប្រែងធ្វើការ និងពង្រឹងនូវជំនាញទាំងឡាយ អ្វីៗបានប្រសើរឡើង ។ ខ្ញុំចាប់ផ្តើមទទួលបានការសម្ភាស ហើយបន្ទាប់មកទទួលបានការងារល្អមួយ ។ វាជារឿងលំបាកខ្លាំងណាស់ក្នុងការរស់នៅឆ្ងាយពីគ្រួសាររបស់ខ្ញុំ និងការឆ្លងកាត់នូវគ្រាដ៏លំបាកនេះ ។ ប៉ុន្តែវាបានឆ្លងផុត ហើយខ្ញុំបានរៀនច្រើនណាស់ពីគ្រានោះ ។ នេះគឺពិតជាអព្ភូតហេតុមួយសម្រាប់គ្រួសាររបស់ខ្ញុំ ។ ខ្ញុំពេញដោយអំណរដែលខ្ញុំបានទទួលនូវបទពិសោធន៍នេះ ហើយខ្ញុំពេញដោយសេចក្តីត្រេកអរចំពោះព្រះវបិតាសួគ៌ដែលប្រទានពរដល់ខ្ញុំជារៀងរហូតមក »។
សូមត្រឡប់ទៅ ទំព័រ ១៣ វិញ