« ជំពូកទី ៣ ៖ មេរៀនទី ៣—ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ប្រកាសដំណឹងល្អរបស់យើង ៖ មគ្គុទេសន៍ចែកចាយដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )
« ជំពូកទី ៣ ៖ មេរៀនទី ៣ » ប្រកាសដំណឹងល្អរបស់យើង
ជំពូកទី ៣ ៖ មេរៀនទី ៣
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ គឺជារបៀបដែលយើងមករកព្រះគ្រីស្ទ ។ វាមានភាពងាយស្រួលល្មមគ្រប់គ្រាន់ ដែលសូម្បីតែកូនក្មេងក៏អាចយល់បានដែរ ។ មេរៀននេះផ្ដោតលើដំណឹងល្អ និងគោលការណ៍នៃព្រះគ្រីស្ទ រួមមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យជ្រមុជទឹក អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ និងការកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ មេរៀននេះក៏ផ្ដោតលើរបៀបដែលដំណឹងល្អផ្ដល់ពរដល់បុត្រាបុត្រីទាំងអស់របស់ព្រះដែរ ។
ពាក្យថា ដំណឹងល្អ មានន័យពិតប្រាកដថា « សេចក្ដីល្អដែលត្រូវដឹង » ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺជាសេចក្ដីល្អដែលត្រូវដឹង ដោយសារវាផ្តល់នូវគោលលទ្ធិ—ជាសេចក្ដីពិតដ៏នៅអស់កល្បជានិច្ច—យើងត្រូវមករកទ្រង់ ហើយបានសង្គ្រោះ ( សូមមើល នីហ្វៃទី១ ១៥:១៤ ) ។ ដំណឹងល្អបង្រៀនយើងពីរបៀបរស់នៅល្អ និងជីវិតប្រកបដោយអត្ថន័យ ។ សេចក្ដីល្អដែលត្រូវដឹងនៃដំណឹងល្អផ្តល់នូវផ្លូវសម្រាប់យើងដើម្បីទទួលបានការអភ័យទោសពីអំពើបាប បានញែកចេញជាបរិសុទ្ធ ហើយត្រឡប់ទៅទីវត្តមានរបស់ព្រះវិញ ។
យោបល់សម្រាប់ការបង្រៀន
ផ្នែកនេះផ្តល់នូវគ្រោងគំរូ ដើម្បីជួយអ្នករៀបចំបង្រៀន ។ វាក៏រួមបញ្ចូលផងដែរនូវឧទាហរណ៍នៃសំណួរ និងការអញ្ជើញដែលអ្នកអាចប្រើ ។
នៅពេលអ្នករៀបចំបង្រៀន សូមពិចារណាអំពីស្ថានភាព និងតម្រូវការខាងវិញ្ញាណរបស់មនុស្សម្នាក់ៗដោយការអធិស្ឋាន ។ សូមសម្រេចចិត្តថាតើអ្វីដែលមានអត្ថប្រយោជន៍បំផុតដើម្បីបង្រៀន ។ សូមរៀបចំដើម្បីឲ្យនិយមន័យនៃពាក្យដែលអ្នករៀនប្រហែលជាមិនយល់ ។ សូមរៀបចំផែនការទៅតាមពេលវេលាដែលអ្នកមាន ដោយចងចាំថា ត្រូវបង្រៀនមេរៀនដោយសង្ខេបៗ ។
សូមជ្រើសរើសបទគម្ពីរដើម្បីប្រើពេលអ្នកបង្រៀន ។ « មូលដ្ឋានគ្រឹះនៃគោលលទ្ធិ » ផ្នែកនៃមេរៀននេះ រួមមានបទគម្ពីរដែលមានអត្ថប្រយោជន៍ជាច្រើន ។
សូមពិចារណាថាតើសំណួរណាដែលត្រូវសួរនៅពេលអ្នកបង្រៀន ។ សូមដាក់ផែនការដើម្បីផ្ដល់ការអញ្ជើញ ដែលនឹងលើកទឹកចិត្តមនុស្សម្នាក់ៗឲ្យធ្វើសកម្មភាព ។
សង្កត់ធ្ងន់លើពរជ័យដែលបានសន្យារបស់ព្រះ ហើយចែកចាយទីបន្ទាល់របស់អ្នកអំពីអ្វីដែលអ្នកបង្រៀន ។
អ្វីដែលអ្នកអាចបង្រៀនអ្នករៀនក្នុងរយៈពេល ១៥–២៥ នាទី
សូមជ្រើសរើសគោលការណ៍ដូចខាងក្រោមមួយ ឬច្រើនមកបង្រៀន ។ មូលដ្ឋានគ្រឹះនៃគោលលទ្ធិសម្រាប់គោលការណ៍នីមួយៗត្រូវបានផ្តល់ជូនបន្ទាប់ពីគម្រោងនេះ ។
បេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ
-
ព្រះបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ មកកាន់ផែនដីដើម្បីប្រោសលោះយើងពីអំពើបាប និងសេចក្តីស្លាប់ ។
-
ដោយសារតែការពលិកម្មធួនរបស់ព្រះយេស៊ូវនោះយើងអាចបានស្អាតពីអំពើបាប និងញែកចេញជាបរិសុទ្ធនៅពេលយើងប្រែចិត្ត ។
-
បន្ទាប់ពីព្រះយេស៊ូវបានត្រូវឆ្កាង ទ្រង់បានមានព្រះជន្មរស់ឡើងវិញ ។ ដោយសារការមានព្រះជន្មរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញបន្ទាប់ពីយើងស្លាប់ ។ ការណ៍នេះមានន័យថា វិញ្ញាណ និងរូបកាយរបស់មនុស្សម្នាក់ៗនឹងបានរួបរួមគ្នាឡើងវិញ ហើយយើងម្នាក់ៗនឹងរស់នៅជារៀងរហូត ដោយមានរូបកាយរស់ឡើងវិញដ៏ឥតខ្ចោះ ។
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
-
សេចក្តីជំនឿគឺជាគោលការណ៍ទីមួយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ រួមទាំងការមានទំនុកចិត្តថាទ្រង់ជាព្រះរាជបុត្រានៃព្រះ និងការទុកចិត្តលើទ្រង់ជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់យើង ។
-
សេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។
-
យើងពង្រឹងសេចក្តីជំនឿរបស់យើងដោយការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និងការគោរពតាមព្រះបញ្ញត្តិ ។
ការប្រែចិត្ត
-
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនាំទៅរកការប្រែចិត្ត ។ ការប្រែចិត្ត គឺជាដំណើរការនៃការងាកទៅរកព្រះ ហើយងាកចេញពីអំពើបាប ។ នៅពេលយើងប្រែចិត្ត សកម្មភាព បំណងប្រាថ្នា និងគំនិតរបស់យើងផ្លាស់ប្តូរស្របតាមព្រះឆន្ទៈរបស់ព្រះ ។
-
នៅពេលយើងប្រែចិត្តដោយស្មោះសរ នោះព្រះនឹងអភ័យទោសឲ្យយើង ។ ការអភ័យទោសអាចធ្វើទៅបានដោយសារតែព្រះយេស៊ូវគ្រីស្ទបានធួនសម្រាប់អំពើបាបរបស់យើង ។
-
នៅពេលយើងប្រែចិត្ត យើងមានអារម្មណ៍នៃសេចក្តីសុខសាន្ត នៅពេលកំហុស និងទុក្ខព្រួយរបស់យើងត្រូវបានព្យាបាល ។
-
ការប្រែចិត្តគឺជាដំណើរការពេញមួយជីវិត ។ ព្រះស្វាគមន៍យើងមកវិញរាល់ពេលដែលយើងប្រែចិត្ត ។ ទ្រង់នឹងពុំបោះបង់យើងចោលឡើយ ។
ពិធីបុណ្យជ្រមុជទឹក ៖ សេចក្តីសញ្ញាដំបូងរបស់យើងជាមួយព្រះ
-
ពិធីបុណ្យជ្រមុជទឹកគឺជារបៀបដែលយើងចូលទៅក្នុងទំនាក់ទំនងនៃសេចក្តីសញ្ញាជាមួយព្រះជាលើកដំបូង ។
-
ពិធីបុណ្យជ្រមុជទឹកមានពីរផ្នែក ៖ គឺពិធីបុណ្យជ្រមុជទឹកដោយទឹក និងពិធីបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណ ។ នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ហើយបានជ្រះស្អាតពីអំពើបាបរបស់យើង ដែលផ្ដល់ឲ្យយើងនូវការចាប់ផ្ដើមថ្មីក្នុងជីវិត ។
-
យើងទទួលបុណ្យជ្រមុជទឹកដោយការពន្លិចក្នុងទឹក ដោយធ្វើតាមគំរូរបស់ព្រះយេស៊ូវ ។
-
កុមារមិនត្រូវជ្រមុជទឹករហូតដល់ពួកគេអាយុប្រាំបីឆ្នាំ ។ កុមារដែលបានស្លាប់ពីមុនអាយុនោះគឺត្រូវបានប្រោសលោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។
-
យើងទទួលទានសាក្រាម៉ង់ជារៀងរាល់សប្តាហ៍នៅក្នុងការចងចាំពីការពលិកម្មរបស់ព្រះយេស៊ូវ និងរំឭកសេចក្តីសញ្ញារបស់យើងជាមួយព្រះឡើងវិញ ។
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
-
ព្រះវិញ្ញាណបរិសុទ្ធគឺជាសមាជិកទីបីនៃក្រុមព្រះ ។
-
បន្ទាប់ពីយើងទទួលបុណ្យជ្រមុជទឹកយើងទទួលបាននូវអំណោយទានជាព្រះវិញ្ញាណបរិសុទ្ធតាមរយៈពិធីបរិសុទ្ធនៃពិធីបញ្ជាក់ ។
-
នៅពេលយើងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចមានភាពជាគូកនរបស់ទ្រង់ពេញមួយជីវិតរបស់យើង ប្រសិនបើយើងស្មោះត្រង់ ។
-
ព្រះវិញ្ញាណបរិសុទ្ធញែកយើងចេញជាបរិសុទ្ធ ដឹកនាំយើង លួងលោមយើង និងជួយយើងឲ្យស្គាល់សេចក្តីពិត ។
កាន់ខ្ជាប់ដរាបដល់ចុងបំផុត
-
ការប្រកាន់ខ្ជាប់រួមទាំងការបន្តអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទជារៀងរាល់ថ្ងៃ ។ យើងបន្តរក្សាសេចក្ដីសញ្ញារបស់យើងជាមួយព្រះ ប្រែចិត្ត ស្វែងរកគូកននៃព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលទានសាក្រាម៉ង់ ។
-
នៅពេលយើងខិតខំធ្វើតាមព្រះយេស៊ូវគ្រីស្ទដោយស្មោះត្រង់ នោះព្រះសន្យាថាយើងនឹងទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្ដល់ពរដល់បុត្រាបុត្រីទាំងអស់របស់ព្រះ
-
ការរស់នៅតាមដំណឹងល្អធ្វើឲ្យអំណររបស់យើងកាន់តែស៊ីជម្រៅ បំផុសគំនិតរបស់យើង និងពង្រឹងទំនាក់ទំនងរបស់យើង ។
-
យើងទំនងជារីករាយបំផុត—ទាំងជាបុគ្គលម្នាក់ៗ និងជាក្រុមគ្រួសារ—នៅពេលយើងរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ។
-
តាមរយៈដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ក្រុមគ្រួសារត្រូវបានផ្ដល់ពរនៅក្នុងជីវិតនេះ ហើយអាចរួបរួមគ្នាដ៏នៅអស់កល្បជានិច្ច ហើយរស់នៅក្នុងទីវត្តមាននៃព្រះ ។
សំណួរដែលអ្នកអាចសួរទៅមនុស្ស
សំណួរដូចតទៅនេះគឺជាឧទាហរណ៍នានាពីអ្វីដែលអ្នកអាចសួរទៅកាន់មនុស្ស ។ សំណួរទាំងនេះអាចជួយអ្នកឲ្យមានការសន្ទនាប្រកបដោយអត្ថន័យ និងយល់ពីតម្រូវការ និងទស្សនៈរបស់បុគ្គលម្នាក់ ។
-
តើអ្នកដឹងអ្វីខ្លះអំពីព្រះយេស៊ូវគ្រីស្ទ ?
-
តើការមានសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទមានន័យយ៉ាងណាចំពោះអ្នក ?
-
តើការផ្លាស់ប្តូរអ្វីដែលអ្នកចង់ធ្វើនៅក្នុងជីវិតរបស់អ្នក ?
-
តើអ្នកយល់យ៉ាងណាអំពីការប្រែចិត្ត ?
-
តើអ្នកយល់យ៉ាងណាអំពីពិធីបុណ្យជ្រមុជទឹក ? តើអ្នកអាចធ្វើអ្វីឥឡូវនេះ ដើម្បីរៀបចំខ្លួនទទួលពិធីបុណ្យជ្រមុជទឹក ?
-
តើព្រះវិញ្ញាណបរិសុទ្ធអាចជួយអ្នកក្នុងការធ្វើដំណើររបស់អ្នកដើម្បីត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះដោយរបៀបណា ?
-
តើអ្វីទៅជាបញ្ហាប្រឈមដែលអ្នក ឬគ្រួសាររបស់អ្នកកំពុងប្រឈមមុខ ? តើយើងអាចចែកចាយរបៀបមួយចំនួនដែលដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអាចជួយបានដែរឬទេ ?
ការអញ្ជើញដែលអ្នកអាចធ្វើ
-
តើអ្នកនឹងទូលសួរព្រះក្នុងការអធិស្ឋានដើម្បីជួយអ្នកឲ្យដឹងថាអ្វីដែលពួកយើងបានបង្រៀនគឺជាការពិតដែរឬទេ ? ( សូមមើល « ការយល់ដឹងអំពីការបង្រៀន ៖ ការអធិស្ឋាន » នៅក្នុងផ្នែកចុងក្រោយនៃមេរៀនទី១ ) ។
-
តើអ្នកនឹងទៅព្រះវិហារនៅថ្ងៃអាទិត្យនេះដើម្បីរៀនបន្ថែមអំពីអ្វីដែលពួកខ្ញុំបានបង្រៀនដែរឬទេ ?
-
តើអ្នកនឹងអានព្រះគម្ពីរមរមន ហើយអធិស្ឋានដើម្បីដឹងថាវាជាព្រះបន្ទូលរបស់ព្រះដែរឬទេ ? ( អ្នកអាចណែនាំជំពូក ឬខគម្ពីរជាក់លាក់ ) ។
-
តើអ្នកនឹងធ្វើតាមគំរូរបស់ព្រះយេស៊ូវ ហើយទទួលបុណ្យជ្រមុជទឹកដែរឬទេ ? ( សូមមើល « ការអញ្ជើញឲ្យទទួលពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ » ដែលធ្វើឡើងភ្លាមៗមុនមេរៀនទី ១ នេះ ) ។
-
តើពួកខ្ញុំអាចកំណត់ពេលវេលាសម្រាប់ណាត់ជួបលើកក្រោយបានដែរឬទេ ?
មូលដ្ឋានគ្រឹះនៃគោលលទ្ធិ
ផ្នែកនេះផ្តល់នូវគោលលទ្ធិ និងបទគម្ពីរសម្រាប់អ្នកដើម្បីសិក្សា ដើម្បីពង្រឹងចំណេះដឹង និងទីបន្ទាល់របស់អ្នកអំពីដំណឹងល្អ និងដើម្បីជួយអ្នកបង្រៀន ។
បេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវគ្រីស្ទ
ព្រះវរបិតាសួគ៌បានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ មកផែនដី ដើម្បីធ្វើឲ្យយើងទាំងអស់គ្នាទទួលបាននូវអំណរនៅក្នុងពិភពលោកនេះ និងជីវិតដ៏នៅអស់កល្បជានិច្ចនៅក្នុងពិភពលោកខាងមុខ ។ « ហើយនេះគឺជាដំណឹងល្អ ជាដំណឹងដ៏រីករាយ…[ ព្រះយេស៊ូវគ្រីស្ទ ] …មកក្នុងពិភពលោក…ផ្ទុកអំពើបាបទាំងឡាយនៃពិភពលោក ហើយដើម្បីញែកពិភពលោកចេញជាបរិសុទ្ធ ហើយដើម្បីជម្រះពិភពលោកឲ្យស្អាតចេញពីអំពើដ៏ឥតសុចរិតទាំងអស់ ថាតាមរយៈព្រះអង្គ នោះមនុស្សទាំងអស់នឹងអាចបានសង្គ្រោះ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦:៤០–៤២ ) ។
ក្នុងនាមជាមនុស្សរមែងស្លាប់ យើងទាំងអស់គ្នាមានបាប ហើយយើងទាំងអស់គ្នានឹងស្លាប់ ។ អំពើបាប និងសេចក្តីស្លាប់នឹងរារាំងយើងពីការមានជីវិតដ៏នៅអស់កល្បជានិច្ចជាមួយព្រះ លុះត្រាតែយើងមានព្រះប្រោសលោះ ( សូមមើល នីហ្វៃទី២ ៩ ) ។ ពីមុនផែនដីត្រូវបានបង្កើតឡើង ព្រះវរបិតាសួគ៌បានជ្រើសរើសព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាប្រោសលោះរបស់យើង ។ ក្នុងការបង្ហាញសេចក្ដីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ ព្រះយេស៊ូវបានយាងមកផែនដី ហើយបំពេញបេសកកម្មដ៏ទេវភាពនេះ ។ ទ្រង់បានធ្វើឲ្យយើងអាចត្រូវបានប្រោសលោះពីអំពើបាប ហើយទ្រង់ធានាឲ្យបានថា យើងនឹងបានរស់ឡើងវិញ បន្ទាប់ពីយើងស្លាប់ ។
ព្រះយេស៊ូវគ្រីស្ទបានរស់នៅក្នុងព្រះជន្មមួយដែលគ្មានអំពើបាបសោះ ។ នៅចុងបញ្ចប់នៃព្រះជន្មរមែងស្លាប់របស់ទ្រង់ ទ្រង់បានលើកដាក់លើព្រះកាយទ្រង់នូវអំពើបាបរបស់យើង ដោយការរងទុក្ខរបស់ទ្រង់នៅសួនច្បារកែតសេម៉ានី និងអំឡុងពេលការឆ្កាងរបស់ទ្រង់ ( សូមមើល នីហ្វៃទី១ ១១:៣៣ ) ។ ការរងទុក្ខរបស់ព្រះយេស៊ូវគឺធំធេងខ្លាំងណាស់ ដែលបណ្តាលឲ្យទ្រង់ « ត្រូវញ័រដោយសារតែការឈឺចាប់ ហើយត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស » ( គោលលទ្ធិ និងសេចក្តី សញ្ញា ១៩:១៨ ) ។ បន្ទាប់ពីការឆ្កាងរបស់ទ្រង់ ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ដោយទទួលបានជ័យជំនះលើសេចក្ដីស្លាប់ ។ ព្រឹត្តិការណ៍ទាំងនេះចូលគ្នា ហៅថាដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
អំពើបាបរបស់យើងធ្វើឲ្យយើងមិនស្អាតស្អំខាងវិញ្ញាណ ហើយ « មិនស្អាតនៅចំពោះវេទិកាជំនុំជម្រះនៃព្រះទេ » ( នីហ្វៃទី១ ១០:២១ ) ។ បន្ថែមពីលើនោះ ក្រិត្យវិន័យនៃសេចក្តីយុត្តិធម៌ត្រូវឲ្យយើងទទួលផលពីអំពើបាបរបស់យើង ។
ការពលិកម្មធួនរបស់ព្រះយេស៊ូវ ផ្តល់ផ្លូវសម្រាប់យើង ដើម្បីបានស្អាតពីអំពើបាប ហើយបានញែកជាបរិសុទ្ធ នៅពេលយើងប្រែចិត្ត ។ វាក៏ផ្តល់នូវរបៀបដើម្បីបំពេញការទាមទារនៃសេចក្តីយុត្តិធម៌ផងដែរ ( សូមមើល អាលម៉ា ៤២:១៥, ២៣–២៤ ) ។ ព្រះអង្គសង្គ្រោះបង្រៀនថា ៖ « យើង…បានរងទុក្ខនូវការទាំងនេះជំនួសមនុស្សទាំងអស់ដើម្បីកុំឲ្យគេអាចរងទុក្ខ បើសិនជាពួកគេប្រែចិត្ត ប៉ុន្តែបើសិនជាពួកគេមិនព្រមប្រែចិត្តទេនោះពួកគេត្រូវរងទុក្ខដូចជាយើងដែរ » ( គោលលទ្ធិ និងសេចក្តីសញ្ញា ១៩:១៦–១៧ ) ។ ប្រសិនបើពុំមានព្រះយេស៊ូវគ្រីស្ទ អំពើបាបអាចបញ្ចប់រាល់សេចក្ដីសង្ឃឹមសម្រាប់ជីវិតដែលរួមរស់នឹងព្រះវរបិតាសួគ៌នាពេលអនាគត ។
ក្នុងការថ្វាយអង្គទ្រង់ជាការពលិកម្មសម្រាប់យើង នោះព្រះយេស៊ូវមិនបានលុបបំបាត់ការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើងទេ ។ យើងត្រូវមានសេចក្តីជំនឿលើទ្រង់ ប្រែចិត្ត ហើយព្យាយាមគោរពតាមបទបញ្ញត្តិទាំងឡាយ ។ នៅពេលយើងប្រែចិត្ត ព្រះយេស៊ូវនឹងទាមទារជំនួសយើងនូវសិទ្ធិនៃសេចក្តីមេត្តាករុណារបស់ព្រះវរបិតាទ្រង់ ( សូមមើល មរ៉ូណៃ ៧:២៧–២៨ ) ។ ដោយសារតែការអង្វររបស់ព្រះអង្គសង្គ្រោះ នោះព្រះវរបិតាសួគ៌បានអត់ទោសឲ្យយើង ដោយសម្រាលយើងពីបន្ទុក និងកំហុសនៃអំពើបាបរបស់យើង ( សូមមើល ម៉ូសាយ ១៥:៧–៩ ) ។ យើងត្រូវបានជ្រះស្អាតខាងវិញ្ញាណ ហើយនៅទីបំផុតអាចត្រូវបានស្វាគមន៍ក្នុងទីវត្តមានរបស់ព្រះ ។
បេសកកម្មដ៏ទេវភាពរបស់ព្រះយេស៊ូវក៏ដើម្បីសង្គ្រោះយើងពីសេចក្ដីស្លាប់ដែរ ។ ដោយសារទ្រង់បានមានព្រះជន្មរស់ឡើងវិញ នោះយើងទាំងអស់គ្នានឹងរស់ឡើងវិញបន្ទាប់ពីយើងស្លាប់ដែរ ។ ការណ៍នេះមានន័យថា វិញ្ញាណ និងរូបកាយរបស់មនុស្សម្នាក់ៗនឹងបានរួបរួមគ្នាឡើងវិញ ហើយយើងម្នាក់ៗនឹងរស់នៅជារៀងរហូត ដោយមានរូបកាយរស់ឡើងវិញដ៏ឥតខ្ចោះ ។ ប្រសិនបើមិនមែនសម្រាប់ព្រះយេស៊ូវគ្រីស្ទទេ នោះសេចក្តីស្លាប់នឹងបញ្ចប់ក្តីសង្ឃឹមសម្រាប់ការរស់នៅជាមួយព្រះវរបិតាសួគ៌នៅពេលអនាគត ។
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ
គោលការណ៍ទីមួយនៃដំណឹងល្អគឺសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីជំនឿគឺជាគ្រឹះសម្រាប់គោលការណ៍នៃដំណឹងល្អផ្សេងទៀតទាំងអស់ ។
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ រួមទាំងការមានទំនុកចិត្តថាទ្រង់ជាព្រះរាជបុត្រាបង្កើតតែមួយរបស់ព្រះ ។ វារួមទាំងការទុកចិត្តលើទ្រង់ថាជាព្រះអង្គសង្គ្រោះ និងជាព្រះប្រោសលោះរបស់យើង—ថាទ្រង់ជាផ្លូវតែមួយគត់របស់យើងដើម្បីត្រឡប់ទៅកាន់ទីវត្តមានរបស់ព្រះ ( សូមមើល កិច្ចការ ៤:១០–១២; ម៉ូសាយ ៣:១៧; ៤:៦–៨ ) ។ យើងត្រូវបានអញ្ជើញឲ្យអនុវត្ត « សេចក្ដីជំនឿដ៏រឹងប៉ឹងដល់ព្រះអង្គ ដោយពឹងផ្អែកទាំងស្រុង ទៅលើបុណ្យគុណរបស់ទ្រង់ ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ » ( នីហ្វៃទី២ ៣១:១៩ ) ។
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទ រួមទាំងការជឿថាទ្រង់បានរងទុក្ខសម្រាប់អំពើបាបរបស់យើងក្នុងការពលិកម្មធួនរបស់ទ្រង់ ។ ដោយសារតែការពលិកម្មរបស់ទ្រង់ នោះយើងអាចបានជ្រះស្អាតពីអំពើបាបរបស់យើង ពេលយើងប្រែចិត្ត ។ ជំនួយការលាងសម្អាតនេះជួយយើងឲ្យបានសេចក្តីសុខសាន្ត និងក្តីសង្ឃឹមនៅក្នុងជីវិតនេះ ។ វាក៏អនុញ្ញាតឲ្យយើងទទួលបានភាពពេញលេញនៃអំណរបន្ទាប់ពីយើងស្លាប់ ។
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទរួមទាំងការទុកចិត្តថា តាមរយៈទ្រង់ យើងទាំងអស់គ្នានឹងត្រូវបានរស់ឡើងវិញបន្ទាប់ពីស្លាប់ ។ សេចក្តីជំនឿនេះអាចគាំទ្រ និងលួងលោមយើងនៅគ្រាដែលមានការបាត់បង់ ។ ទុក្ខសោកនៃសេចក្ដីស្លាប់អាចត្រូវបានរំសាយចេញដោយការសន្យានៃការរស់ឡើងវិញ ។
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ រួមទាំងការជឿ និងការទុកចិត្តថាទ្រង់បានយកមកដាក់លើទ្រង់ផ្ទាល់នូវទុក្ខលំបាក និងភាពទន់ខ្សោយរបស់យើង ( សូមមើល អេសាយ ៥៣:៣–៥ ) ។ ទ្រង់ជ្រាបដឹងតាមរយៈបទពិសោធន៍របស់ទ្រង់អំពីរបៀបជួយយើងដោយសេចក្តីមេត្តាករុណាតាមរយៈការសាកល្បងនៅក្នុងជីវិត ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និងសេចក្តីសញ្ញា ១២២:៨ ) ។ នៅពេលយើងអនុវត្តសេចក្តីជំនឿ ទ្រង់ជួយយើងឆ្ពោះទៅមុខឆ្លងកាត់ការលំបាក ។
តាមរយៈសេចក្ដីជំនឿរបស់យើងលើទ្រង់ ព្រះយេស៊ូវអាចប្រោសយើងទាំងផ្លូវកាយ និងខាងវិញ្ញាណ ។ ទ្រង់ត្រៀមជាស្រេចដើម្បីជួយយើង ដូចដែលយើងនៅចងចាំដល់ការអង្វររបស់ទ្រង់ថា « ចូរមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៦:៣៦ ) ។
គោលការណ៍នៃសកម្មភាព និង អំណាច
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនាំទៅរកសកម្មភាព ។ យើងបង្ហាញសេចក្ដីជំនឿរបស់យើងដោយការគោរពតាមបទបញ្ញត្តិ ហើយធ្វើល្អជារៀងរាល់ថ្ងៃ ។ យើងប្រែចិត្តពីអំពើបាបរបស់យើង ។ យើងស្មោះត្រង់ចំពោះទ្រង់ ។ យើងព្យាយាមដើម្បីប្រែក្លាយដូចជាទ្រង់ ។
នៅពេលយើងអនុវត្តសេចក្ដីជំនឿ យើងអាចដកពិសោធន៍ពីព្រះចេស្តារបស់ព្រះយេស៊ូវនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ។ ទ្រង់នឹងលើកតម្កើងការខិតខំប្រឹងប្រែងរបស់យើងផ្ទាល់ ។ ទ្រង់នឹងជួយយើងឲ្យរីកចម្រើន និងតទល់នឹងការល្បួង ។
ពង្រឹងសេចក្ដីជំនឿរបស់យើង
ព្យាការី អាលម៉ា បានបង្រៀនថា ការកសាងសេចក្តីជំនឿអាចចាប់ផ្តើមដោយសាមញ្ញមួយ « ចង់ជឿ » ( អាលម៉ា ៣២:២៧ ) ។ បន្ទាប់មក ដើម្បីឲ្យសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទរីកចម្រើន យើងត្រូវបីបាច់វាដោយការរៀនព្រះបន្ទូលរបស់ទ្រង់ អនុវត្តតាមការបង្រៀនរបស់ទ្រង់ និងការគោរពតាមព្រះបញ្ញត្តិរបស់ទ្រង់ ។ អាលម៉ាបានបង្រៀនថា នៅពេលយើងអត់ធ្មត់ បីបាច់ដោយព្រះបន្ទូលនៃព្រះដោយឧស្សាហ៍ព្យាយាមនៅក្នុងចិត្តរបស់យើង នោះ « វានឹងចាក់ឫស [ ហើយក្លាយដូចជា ] ដើមមួយពន្លកឡើងជាជីវិតដ៏អស់កល្បជានិច្ច—ហេតុដូច្នោះហើយ ពង្រឹងសេចក្តីជំនឿរបស់យើង ( អាលម៉ា ៣២:៤១; សូមមើល ខទី ២៦–៤៣ ) ។
ការប្រែចិត្ត
តើការប្រែចិត្តគឺជាអ្វី ?
ការប្រែចិត្តគឺជាគោលការណ៍ទីពីរនៃដំណឹងល្អ ។ សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងសេចក្តីស្រឡាញ់របស់យើងសម្រាប់ទ្រង់ នាំយើងឲ្យប្រែចិត្ត ( សូមមើល ហេលេមិន ១៤:១៣ ) ។ ការប្រែចិត្ត គឺជាដំណើរការនៃការងាកទៅរកព្រះ ហើយងាកចេញពីអំពើបាប ។ នៅពេលយើងប្រែចិត្ត សកម្មភាព បំណងប្រាថ្នា និងគំនិតរបស់យើងផ្លាស់ប្តូរស្របតាមព្រះឆន្ទៈរបស់ព្រះ ។ ការភ័យទោសនៃអំពើបាបគឺអាចធ្វើទៅបានតាមរយៈព្រះយេស៊ូវគ្រីស្ទ និងពលិកម្មធួនរបស់ទ្រង់ ។
ការប្រែចិត្តគឺលើសពីការអនុវត្តនូវការឲ្យឃើញនូវអានុភាពក្នុងការផ្លាស់ប្តូរអាកប្បកិរិយា ឬយកឈ្នះលើភាពទន់ខ្សោយទៅទៀត ។ ការប្រែចិត្តគឺជាការងាកទៅរកព្រះគ្រីស្ទដោយស្មោះ ដែលផ្តល់ឲ្យយើងនូវអំណាចដើម្បីទទួលបទពិសោធន៍ « ការផ្លាស់ប្ដូរដ៏ធំ » នៅក្នុងដួងចិត្តរបស់យើង ( អាលម៉ា ៥:១២–១៤ ) ។ នៅពេលយើងដកពិសោធន៍ការផ្លាស់ប្តូរនៃដួងចិត្តនេះ នោះយើងបានកើតជាថ្មីខាងវិញ្ញាណ ( សូមមើល ម៉ូសាយ ២៧:២៤–២៦ ) ។
តាមរយៈការប្រែចិត្ត យើងអភិវឌ្ឍទស្សនៈថ្មីអំពីព្រះ ខ្លួនយើង និងពិភពលោក ។ យើងទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់ថ្មីរបស់ព្រះចំពោះយើងក្នុងនាមជាបុត្រាបុត្រីរបស់ទ្រង់—និងសេចក្តីស្រឡាញ់របស់ព្រះអង្គសង្គ្រោះចំពោះយើង ។ ឱកាសដើម្បីប្រែចិត្តគឺជាពរជ័យមួយដ៏មហិមាបំផុត ដែលព្រះបានប្រទានដល់យើងតាមរយៈព្រះរាជបុត្រារបស់ទ្រង់ ។
ដំណើរការនៃការប្រែចិត្ត
នៅពេលយើងប្រែចិត្ត យើងស្គាល់អំពើបាបរបស់យើង ហើយមានអារម្មណ៍ថាមានវិប្បដិសារីពិតប្រាកដ ។ យើងសារភាពអំពើបាបរបស់យើងចំពោះព្រះ ហើយទូលសុំការអភ័យទោសពីទ្រង់ ។ យើងក៏ត្រូវសារភាពអំពើបាបធ្ងន់ធ្ងររបស់យើង ទៅកាន់ថ្នាក់ដឹកនាំរបស់សាសនាចក្រដែលមានសិទ្ធិអំណាច ដែលជាអ្នកគាំទ្រយើង នៅពេលយើងប្រែចិត្ត ។ យើងធ្វើអ្វីៗអស់ពីលទ្ធភាពរបស់យើងដើម្បីស្តារឡើងវិញ ដែលមានន័យថា ការព្យាយាមកែតម្រូវបញ្ហាដែលសកម្មភាពរបស់យើងអាចបង្កឡើង ។ ការប្រែចិត្តពិតប្រាកដត្រូវបានបង្ហាញយ៉ាងល្អបំផុតដោយសកម្មភាពសុចរិតក្នុងរយៈពេលមួយ ។
ការប្រែចិត្តគឺជាដំណើរការប្រចាំថ្ងៃនៅពេញមួយជីវិតរបស់យើង ។ « គ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ » ( រ៉ូម ៣:២៣ ) ។ យើងគួរតែប្រែចិត្តជាបន្ត ដោយការចងចាំថា យើង « អាចនឹងធ្វើគ្រប់ទាំងអស់បានដោយសារព្រះគ្រីស្ទ ដែលទ្រង់ចម្រើនកម្លាំងដល់ » យើង ( ភីលីព ៤:១៣ ) ។ ព្រះអម្ចាស់បានធានាដល់យើងថា « ដរាបណារាស្ត្រយើងប្រែចិត្ត យើងនឹងអត់ទោសឲ្យគេចំពោះការរំលងច្បាប់ទាំងឡាយ » ( ម៉ូសាយ ២៦:៣០ ) ។
ពរជ័យទាំងឡាយនៃការប្រែចិត្ត
ការប្រែចិត្តគឺជាគោលការណ៍វិជ្ជមានដែលនាំមកនូវអំណរ និងសេចក្តីសុខសាន្ត ។ វានាំយើង « ទៅកាន់ព្រះចេស្ដានៃព្រះដ៏ប្រោសលោះ ឲ្យបានដល់សេចក្ដីសង្គ្រោះព្រលឹង [ របស់យើង ] » ( ហេលេមិន ៥:១១ ) ។
នៅពេលយើងប្រែចិត្ត កំហុស និងទុក្ខព្រួយរបស់យើងត្រូវបានព្យាបាលក្នុងដំណើរការនៃពេលវេលា ។ យើងទទួលអារម្មណ៍ពីព្រះចេស្ដានៃព្រះវិញ្ញាណយ៉ាងច្រើនសន្ធឹក ។ បំណងប្រាថ្នារបស់យើងដើម្បីធ្វើតាមព្រះ កាន់តែរីកចម្រើនឡើង ។
« មានមនុស្សច្រើនណាស់គិតថា ការប្រែចិត្តជាទណ្ឌកម្ម —ជាអ្វីមួយដែលត្រូវចៀសវាង ។… ប៉ុន្តែអារម្មណ៍នៃការដាក់ទណ្ឌកម្មនេះ គឺបណ្ដាលមកពីសាតាំង ។ វាព្យាយាមរារាំងយើងពីការមើលឆ្ពោះទៅព្រះយេស៊ូវគ្រីស្ទ ដែលគង់ចាំទាំងព្រះហស្តលាតលាដោយសង្ឃឹម ហើយមានព្រះឆន្ទៈដើម្បីព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យបរិសុទ្ធ និងញែកយើងជាបរិសុទ្ធ » ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។
ពិធីបុណ្យជ្រមុជទឹក ៖ សេចក្តីសញ្ញាដំបូងរបស់យើងជាមួយព្រះ
សេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្ត រៀបចំយើងដើម្បីទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ។ ពិធីបុណ្យជ្រមុជទឹកគឺជាពិធីបរិសុទ្ធសង្គ្រោះទីមួយនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងទទួលពិធីបរិសុទ្ធនៃក្តីសង្ឃឹមដ៏រីករាយនេះ យើងចុះសេចក្តីសញ្ញាដំបូងរបស់យើងជាមួយនឹងព្រះ ។
ពិធីបរិសុទ្ធគឺជាកិច្ចការដ៏ពិសិដ្ឋមួយ ឬពិធីការដែលត្រូវបានធ្វើឡើងដោយសិទ្ធិអំណាចនៃបព្វជិតភាព ។ ពិធីបរិសុទ្ធមួយចំនួន ដូចជាពិធីបុណ្យជ្រមុជទឹកគឺចាំបាច់សម្រាប់សេចក្តីសង្រ្គោះរបស់យើង ។
តាមរយៈពិធីបរិសុទ្ធទាំងឡាយ យើងចុះសេចក្តីសញ្ញាជាមួយព្រះ ។ សេចក្តីសញ្ញាទាំងនេះគឺជាការសន្យាដ៏ពិសិដ្ឋមួយរវាងយើង និងព្រះ ។ ទ្រង់សន្យាថាប្រទានពរយើងនៅពេលរក្សាសេចក្តីសន្យារបស់យើង ។ យើងគួរមានការតាំងចិត្តយ៉ាងខ្លាំងក្នុងការរក្សាការសន្យារបស់យើងជាមួយនឹងព្រះ ។
ព្រះបានប្រទានពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាទាំងឡាយ ដើម្បីជួយយើងមករកទ្រង់ ហើយមានជីវិតដ៏នៅអស់កល្បជានិច្ច ។ នៅពេលយើងទទួលពិធីបរិសុទ្ធបព្វជិតភាព ហើយរក្សាសេចក្ដីសញ្ញាដែលទាក់ទង នោះយើងអាចទទួលបទពិសោធន៍ « អំណាចនៃព្រះ » នៅក្នុងជីវិតរបស់យើង ( គោលលទ្ធិ និងសេចក្តីសញ្ញា ៨៤:២០ ) ។
សេចក្ដីសញ្ញានៃពិធីបុណ្យជ្រមុជទឹក
ព្រះអង្គសង្គ្រោះបានបង្រៀនថា ពិធីបុណ្យជ្រមុជទឹកគឺចាំបាច់សម្រាប់យើងដើម្បីចូលទៅក្នុងនគរស្ថានសួគ៌ ( សូមមើល យ៉ូហាន ៣:៥ ) ។ វាក៏ចាំបាច់សម្រាប់យើងដើម្បីក្លាយជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទផងដែរ ។ ព្រះអង្គសង្គ្រោះរបស់យើងបានធ្វើជាគំរូដោយការទទួលបុណ្យជ្រមុជទឹក ( សូមមើល ម៉ាថាយ ៣:១៣–១៧ ) ។
នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹក ហើយរក្សាសេចក្ដីសញ្ញារបស់យើង ព្រះសន្យាថានឹងអត់ទោសបាបរបស់យើង ( សូមមើល កិច្ចការ ២២:១៦; នីហ្វៃទី៣ ១២:១–២ ) ។ ពរជ័យដ៏អស្ចារ្យនេះគឺធ្វើឲ្យវាអាចធ្វើទៅបានតាមរយៈការពលិកម្មធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែល « ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប » ( វិវរណៈ ១:៥ ) ។ ព្រះក៏សន្យាដែរថាប្រទានពរដល់យើងឲ្យមានភាពជាគូកននៃព្រះវិញ្ញាណបរិសុទ្ធ ដើម្បីយើងអាចត្រូវបានញែកជាបរិសុទ្ធ ដឹកនាំ និងលួងលោមចិត្ត ។
នៅក្នុងផ្នែកនៃសេចក្តីសញ្ញាពិធីបុណ្យជ្រមុជទឹក យើងធ្វើជាសាក្សីថា យើងស្ម័គ្រចិត្តលើកដាក់មកលើខ្លួនយើងនូវព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ យើងក៏សន្យាថានឹងចងចាំទ្រង់ជានិច្ច ហើយរក្សាបទបញ្ញត្តិរបស់ទ្រង់ ។ យើងសន្យាថាត្រូវស្រឡាញ់ និងបម្រើអ្នកដទៃ « ទួញយំជាមួយនឹងអ្នកណាដែលទួញយំ… កម្សាន្ដទុក្ខដល់អស់អ្នកណាដែលកំពុងត្រូវការកម្សាន្ដទុក្ខ ហើយឈរជាសាក្សីដល់ព្រះនៅគ្រប់ពេល និងគ្រប់សេចក្ដី និងគ្រប់ទីកន្លែង » ( ម៉ូសាយ ១៨:៩; សូមមើល ខទី ៨–១០, ១៣ ) ។ យើងបង្ហាញការតាំងចិត្តដើម្បីបម្រើព្រះយេស៊ូវគ្រីស្ទដល់ទីបញ្ចប់នៃជីវិតរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧; ម៉ូសាយ ២:១៧ ) ។
ការតាំងចិត្តធ្វើតាមសេចក្តីសញ្ញារបស់យើងដែលទាក់ទងនឹងពិធីបុណ្យជ្រមុជទឹកគឺជាការទទួលខុសត្រូវដ៏មហិមា ។ វាក៏លើកទឹកចិត្ត និងរីករាយផងដែរ ។ វាបង្កើតទំនាក់ទំនងពិសេសមួយរវាងយើង និងព្រះវរបិតាសួគ៌ តាមរយៈដែលទ្រង់ប្រទានសេចក្តីស្រឡាញ់របស់ទ្រង់ជាបន្តបន្ទាប់ ។
បុណ្យជ្រមុជទឹកដោយការពន្លិច
ព្រះយេស៊ូវបានបង្រៀនថា យើងត្រូវទទួលពិធីបុណ្យជ្រមុជទឹកដោយការពន្លិចសម្រាប់ការផ្ដាច់បាបរបស់យើង ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៧២–៧៤ ) ។ ពិធីបុណ្យជ្រមុជទឹកដោយការពន្លិច គឺជានិមិត្តរូបនៃការសុគត ការបញ្ចុះ និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល រ៉ូម ៦:៣–៦ ) ។
ពិធីបុណ្យជ្រមុជទឹកដោយការពន្លិចក៏មាននិមិត្តរូបដ៏មានឥទ្ធិពលសម្រាប់យើងផ្ទាល់ផងដែរ ។ វាតំណាងឲ្យការស្លាប់នៃជីវិតចាស់របស់យើង ការបញ្ចុះនៃជីវិតនោះ និងការកើតជាថ្មីរបស់យើងខាងវិញ្ញាណដោយការងើបចេញពីទឹក ។ នៅពេលយើងទទួលបុណ្យជ្រមុជទឹក យើងចាប់ផ្ដើមដំណើរការនៃការកើតជាថ្មី ហើយក្លាយជាបុត្រាបុត្រីខាងវិញ្ញាណរបស់ព្រះគ្រីស្ទ ( សូមមើល ម៉ូសាយ ៥:៧–៨; រ៉ូម ៨:១៤–១៧ ) ។
កុមារ
កុមារមិនត្រូវទទួលបុណ្យជ្រមុជទឹកទេរហូតដល់ពួកគេឈានដល់អាយុនៃការចេះទទួលខុសត្រូវគឺអាយុប្រាំបីឆ្នាំ ( មើល គោលលទ្ធិ និងសេចក្តីសញ្ញា ៦៨:២៧ ) ។ កុមារដែលស្លាប់មុនអាយុនោះត្រូវបានប្រោសលោះតាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៨:៤–២៤; គោលលទ្ធិ និងសេចក្តីសញ្ញា ១៣៧:១០ ) ។ មុនពេលកុមារទទួលបុណ្យជ្រមុជទឹក ពួកគេគួរតែត្រូវបានបង្រៀនពីដំណឹងល្អ ដើម្បីឲ្យពួកគេនឹងបានរៀបចំខ្លួនសម្រាប់ជំហានដ៏សំខាន់នេះនៅក្នុងជីវិតរបស់ពួកគេដើម្បីធ្វើសេចក្តីសញ្ញាជាមួយព្រះ ។
ពិធីសាក្រាម៉ង់
ព្រះវរបិតាសួគ៌របស់យើងចង់ឲ្យយើងស្មោះត្រង់ចំពោះសេចក្ដីសញ្ញាដែលយើងចុះជាមួយទ្រង់ ។ ដើម្បីជួយយើងធ្វើកិច្ចការនេះ ទ្រង់បានបញ្ជាយើងឲ្យជួបញឹកញាប់ ដើម្បីទទួលទានសាក្រាម៉ង់ ។ សាក្រាម៉ង់ គឺជាពិធីបរិសុទ្ធបព្វជិតភាពដែលព្រះយេស៊ូវបានណែនាំដល់ពួកសាវករបស់ទ្រង់នៅមុនដង្វាយធួនរបស់ទ្រង់ ។
ការទទួលទានសាក្រាម៉ង់គឺជាគោលបំណងសំខាន់នៃការប្រជុំសាក្រាម៉ង់ជារៀងរាល់សប្ដាហ៍ ។ នំប៉័ង និង ទឹកត្រូវបានប្រសិទ្ធពរ ហើយចែកដល់ក្រុមជំនុំ ។ នំប៉័ងតំណាងឲ្យការពលិកម្មរបស់ព្រះអង្គសង្គ្រោះនៃព្រះកាយរបស់ទ្រង់សម្រាប់យើង ។ ទឹកតំណាងឲ្យព្រះលោហិតរបស់ទ្រង់ ដែលទ្រង់បានបង្ហូរសម្រាប់យើង ។
យើងទទួលទាននិមិត្តរូបទាំងនេះ ដើម្បីរំឭកដល់ការពលិកម្មរបស់ព្រះអង្គសង្គ្រោះ និងដើម្បីបន្តសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ ។ យើងទទួលសេចក្តីសន្យាថ្មីមួយដែលថា ព្រះវិញ្ញាណនឹងគង់នៅជាមួយយើង ។
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
ការទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ
ពិធីបុណ្យជ្រមុជទឹកមានពីរផ្នែក ។ ព្រះយេស៊ូវបានបង្រៀនថា យើងត្រូវ « កើតអំពីទឹក ហើយ ហើយ អំពីព្រះវិញ្ញាណ » ដើម្បីចូលទៅ ក្នុងនគររបស់ព្រះ ( យ៉ូហាន ៣:៥; បន្ថែមការគូសបញ្ជាក់ ) ។ យ៉ូសែប ស្មីធបានបង្រៀនថា ៖« ពិធីបុណ្យជ្រមុជទឹកដោយទឹកគឺជាពិធីបុណ្យជ្រមុជទឹកតែពាក់កណ្ដាល ហើយវាពុំល្អទេបើគ្មានពាក់កណ្ដាលទៀត—ដែលជាពិធីបុណ្យជ្រមុជនៃព្រះវិញ្ញាណបរិសុទ្ធ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥ ) ។
ពិធីបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណត្រូវតែមានបន្ទាប់ពីពិធីបុណ្យជ្រមុជទឹកដោយទឹក ដើម្បីឲ្យបានពេញលេញ ។ នៅពេលយើងទទួលពិធីបុណ្យជ្រមុជទឹកទាំងពីរ នោះយើងបានជ្រះស្អាតពីអំពើបាបរបស់យើង ហើយបានកើតជាថ្មីខាងវិញ្ញាណ ។ បន្ទាប់មក យើងចាប់ផ្ដើមជីវិតខាងវិញ្ញាណថ្មី ជាសិស្សរបស់ព្រះគ្រីស្ទ ។
យើងទទួលពិធីបុណ្យជ្រមុជទឹកនៃព្រះវិញ្ញាណតាមរយៈពិធីបរិសុទ្ធមួយដែលហៅថាពិធីបញ្ជាក់ ។ ពិធីបរិសុទ្ធនេះត្រូវបានអនុវត្តដោយអ្នកកាន់បព្វជិតភាពម្នាក់ ឬច្រើននាក់ ដែលដាក់ដៃលើក្បាលរបស់យើង ។ ដំបូងពួកគាត់បញ្ជាក់យើងថាជាសមាជិកសាសនាចក្រ ហើយបន្ទាប់មកពួកគាត់ប្រគល់អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធមកលើយើង ។ ការណ៍នេះគឺជាពិធីបរិសុទ្ធដូចគ្នាដែលបានយោងនៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងព្រះគម្ពីរមរមន ( សូមមើល កិច្ចការ ៨:១៤–១៧; នីហ្វៃទី៣ ១៨:៣៦–៣៧ ) ។
ព្រះវិញ្ញាណបរិសុទ្ធគឺជាសមាជិកទីបីនៃក្រុមព្រះ ។ ទ្រង់ធ្វើការដោយសាមគ្គីភាពជាមួយនឹងព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ។ នៅពេលយើងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចមានដៃគូរបស់ទ្រង់ពេញមួយជីវិតរបស់យើង នៅពេលដែលយើងស្មោះត្រង់ ។
របៀបដែលព្រះវិញ្ញាណបរិសុទ្ធប្រទានពរដល់យើង
អំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធគឺជាអំណោយទានមួយ ដែលមហិមាបំផុតរបស់ព្រះវរបិតាសួគ៌ ។ ព្រះវិញ្ញាណបរិសុទ្ធសម្អាត និងញែកយើងចេញជាបរិសុទ្ធ ធ្វើឲ្យយើងកាន់តែបរិសុទ្ធ កាន់តែពេញលេញ និងកាន់តែដូចជាព្រះ ( សូមមើល នីហ្វៃទី៣ ២៧:២០ ) ។ ទ្រង់ជួយយើងផ្លាស់ប្តូរ និងរីកចម្រើនខាងវិញ្ញាណ នៅពេលយើងខិតខំធ្វើតាមសិក្ខាបទរបស់ព្រះ ។
ព្រះវិញ្ញាណបរិសុទ្ធជួយយើងរៀន និងស្គាល់សេចក្តីពិត ( សូមមើល មរ៉ូណៃ ១០:៥ ) ។ ទ្រង់ក៏បញ្ជាក់ពីសេចក្ដីពិតដល់ដួងចិត្ត និងគំនិតរបស់យើងដែរ ។ លើសពីនេះ ព្រះវិញ្ញាណបរិសុទ្ធជួយយើងបង្រៀនសេចក្ដីពិត ( សូមមើល គោលលទ្ធិ និងសេចក្តីសញ្ញា ៤២:១៤ ) ។ នៅពេលយើងរៀន និងបង្រៀនសេចក្ដីពិតដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ទ្រង់យកសេចក្តីពិតមកក្នុងចិត្តយើង ( សូមមើល នីហ្វៃទី២ ៣៣:១ ) ។
នៅពេលយើងស្វែងរកការណែនាំពីព្រះវិញ្ញាណបរិសុទ្ធ ដោយរាបទាប ទ្រង់នឹងដឹកនាំយើង ( សូមមើល នីហ្វៃទី២ ៣២:៥ ) ។ ការណ៍នេះរួមទាំងការបំផុសគំនិតយើងតាមរបៀបដែលយើងអាចបម្រើអ្នកដទៃ ។
ព្រះវិញ្ញាណបរិសុទ្ធផ្ដល់កម្លាំងខាងវិញ្ញាណ ដើម្បីជួយយើងយកឈ្នះលើភាពទន់ខ្សោយ ។ ទ្រង់ជួយយើងទប់ទល់នឹងការល្បួង ។ ទ្រង់អាចព្រមានយើងអំពីគ្រោះថ្នាក់ខាងវិញ្ញាណ និងខាងរូបកាយ ។
ព្រះវិញ្ញាណបរិសុទ្ធនឹងជួយយើងឆ្លងកាត់ឧបសគ្គនៃជីវិត ។ ទ្រង់នឹងលួងលោមយើងក្នុងអំឡុងពេលនៃការសាកល្បង ឬទុក្ខព្រួយ ដោយបំពេញយើងដោយក្តីសង្ឃឹម ( សូមមើល មរ៉ូណៃ ៨:២៦ ) ។ តាមរយៈព្រះវិញ្ញាណបរិសុទ្ធ យើងអាចទទួលអារម្មណ៍ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះយើង ។
កាន់ខ្ជាប់ដរាបដល់ចុងបំផុត
នៅពេលយើងទទួលបុណ្យជ្រមុជទឹក និងទទួលពិធីបញ្ជាក់ យើងចុះសេចក្តីសញ្ញាមួយជាមួយព្រះ ។ ក្នុងចំណោមរបស់ផ្សេងទៀត យើងសន្យាថានឹងរក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយបម្រើទ្រង់អស់មួយជីវិតរបស់យើង ( សូមមើល ម៉ូសាយ ១៨:៨–១០, ១៣; គោលលទ្ធិ និងសេចក្តីសញ្ញា ២០:៣៧ ) ។
បន្ទាប់ពីយើងបានចូលទៅក្នុងផ្លូវនៃដំណឹងល្អតាមរយៈពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់នោះ យើងខិតខំគ្រប់យ៉ាងដើម្បីបន្តនៅលើផ្លូវនេះ ។ នៅពេលយើងចេញពីផ្លូវនេះសូម្បីតែបន្តិច យើងអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទដើម្បីប្រែចិត្ត ។ ពរជ័យនៃការប្រែចិត្តអនុញ្ញាតឲ្យយើងត្រឡប់ទៅកាន់ផ្លូវនៃដំណឹងល្អ ហើយរក្សាពរជ័យនៃសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ ។ នៅពេលយើងប្រែចិត្តដោយស្មោះសរ ព្រះតែងតែមានព្រះឆន្ទៈអភ័យទោស និងស្វាគមន៍យើងត្រឡប់មកវិញជានិច្ច ។
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតមានន័យថា ការរក្សាភាពស្មោះត្រង់ចំពោះព្រះរហូតដល់ទីបញ្ចប់នៃជីវិតរបស់យើង—តាមរយៈពេលវេលាល្អ និងគ្រាលំបាក តាមរយៈភាពចម្រុងចម្រើន និងទុក្ខលំបាក ។ យើងអនុញ្ញាតឲ្យព្រះគ្រីស្ទដុះខាត់យើងដោយចិត្តរាបសា ហើយធ្វើឲ្យយើងកាន់តែដូចទ្រង់ ។ យើងមើលទៅព្រះគ្រីស្ទដោយសេចក្តីជំនឿ ទំនុកចិត្ត និងក្តីសង្ឃឹម ហើយដោយមិនគិតពីអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើងឡើយ ។
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុត មិនមែនមានន័យថាកាន់រហូតដល់យើងស្លាប់នោះទេ ។ ផ្ទុយទៅវិញ វាមានន័យថាផ្ដោតជីវិត គំនិត និងសកម្មភាពរបស់យើងលើព្រះយេស៊ូវគ្រីស្ទ ។ វារួមទាំងការបន្តអនុវត្តសេចក្តីជំនឿលើព្រះគ្រីស្ទជារៀងរាល់ថ្ងៃ ។ យើងក៏បន្តប្រែចិត្ត រក្សាសេចក្ដីសញ្ញារបស់យើងជាមួយនឹងព្រះ ហើយស្វែងរកគូកននៃព្រះវិញ្ញាណបរិសុទ្ធ ។
ការកាន់ខ្ជាប់ដរាបដល់ចុងបំផុតគឺជា « [ ការ ] ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប » ។ ព្រះវរបិតាសួគ៌របស់យើងសន្យាថា នៅពេលយើងកាន់ខ្ជាប់ដរាបដល់ចុងបំផុត យើង « នឹងមានជីវិតដ៏នៅអស់កល្បជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្ដល់ពរដល់បុត្រាបុត្រីទាំងអស់របស់ព្រះ
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទគឺសម្រាប់បុត្រាបុត្រីទាំងអស់របស់ព្រះ ។ បទគម្ពីរបង្រៀនថា « ហើយមនុស្ស…ដូចគ្នានៅចំពោះព្រះដែរ » មិនថាពួកគេមានជីវប្រវត្តិ ឬស្ថានភាពយ៉ាងណានោះទេ ។ ទ្រង់អញ្ជើញ « យើងទាំងអស់គ្នាឲ្យមករកទ្រង់ ហើយទទួលទាននូវសេចក្ដីល្អសប្បុរសរបស់ទ្រង់ ហើយទ្រង់ពុំបដិសេធអ្នកណាម្នាក់ ដែលមករកទ្រង់ឡើយ » ( នីហ្វៃទី២ ២៦:៣៣ ) ។
ដំណឹងល្អផ្ដល់ពរដល់យើងពេញមួយជីវិតរមែងស្លាប់របស់យើង និងពេញមួយជីវិតដ៏នៅអស់កល្បជានិច្ច ។ យើងទំនងជារីករាយបំផុត—ទាំងជាបុគ្គលម្នាក់ៗ និងជាក្រុមគ្រួសារ—នៅពេលយើងរស់នៅតាមការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល ម៉ូសាយ ២:៤១; « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » នៅលើគេហទំព័រ ChurchofJesusChrist.org ) ។ ការរស់នៅតាមដំណឹងល្អធ្វើឲ្យអំណររបស់យើងកាន់តែស៊ីជម្រៅ បំផុសគំនិតរបស់យើង និងពង្រឹងទំនាក់ទំនងរបស់យើង ។
ការរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ក៏អាចការពារយើងពីការសម្រេចចិត្តដែលនឹងធ្វើបាបយើងខាងរូបកាយ ឬខាងវិញ្ញាណផងដែរ ។ វាជួយយើងរកឃើញកម្លាំង និងការលួងលោមនៅពេលមានការសាកល្បង និងទុក្ខព្រួយ ។ វាផ្តល់ផ្លូវទៅកាន់ជីវិតដ៏នៅអស់កល្បជានិច្ចដ៏រីករាយ ។
សារលិខិតដ៏អស្ចារ្យមួយនៃដំណឹងល្អដែលបានស្ដារឡើងវិញគឺថា យើងទាំងអស់គ្នាជាផ្នែកនៃគ្រួសាររបស់ព្រះ ។ យើងគឺជាបុត្រាបុត្រីស្ងួនភ្ញារបស់ទ្រង់ ។ មិនថាស្ថានភាពគ្រួសាររបស់យើងនៅលើផែនដីយ៉ាងណានោះទេ យើងម្នាក់ៗគឺជាសមាជិកនៃគ្រួសាររបស់ព្រះ ។
ផ្នែកដ៏អស្ចារ្យមួយទៀតនៃសារលិខិតរបស់យើងគឺថា គ្រួសារអាចរួបរួមគ្នាសម្រាប់ភាពអស់កល្បជានិច្ច ។ ក្រុមគ្រួសារគឺត្រូវបានតែងតាំងឡើងដោយព្រះ ។ ផែនការនៃសុភមង្គលរបស់ព្រះវរបិតាសួគ៌ផ្តល់លទ្ធភាពដល់ទំនាក់ទំនងក្រុមគ្រួសារឲ្យបន្តហួសពីសេចក្តីស្លាប់ ។ ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញាព្រះវិហារបរិសុទ្ធដ៏ពិសិដ្ឋធ្វើឲ្យគ្រួសារអាចនៅជាមួយគ្នាជារៀងរហូត ។
តាមរយៈពន្លឺនៃដំណឹងល្អ គ្រួសារអាចរកដំណោះស្រាយអំពីការភាន់ច្រឡំ ការឈ្លោះទាស់ទែង និងឧបសគ្គនានា ។ គ្រួសារដែលបែកបាក់ដោយសារការខ្វែងគំនិតគ្នាអាចនឹងផ្សះផ្សារបានតាមរយៈការប្រែចិត្ត ការអភ័យទោស និងសេចក្តីជំនឿនៅក្នុងអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទជួយយើងអភិវឌ្ឍទំនាក់ទំនងគ្រួសារកាន់តែរឹងមាំ ។ គេហដ្ឋានគឺជាកន្លែងដ៏ល្អបំផុតសម្រាប់ការបង្រៀន និងការរៀនដំណឹងល្អ ។ គេហដ្ឋានដែលបង្កើតឡើងនៅលើគោលការណ៍នៃដំណឹងល្អនឹងក្លាយជាកន្លែងជ្រកកោន និងសុវត្ថិភាព ។ វានឹងក្លាយជាកន្លែងដែលព្រះវិញ្ញាណនៃព្រះអម្ចាស់អាចគង់នៅ ។
គម្រោងមេរៀនខ្លីៗទៅមធ្យម
គម្រោងខាងក្រោមគឺជាគំរូនៃអ្វីដែលអ្នកអាចបង្រៀនមនុស្សម្នាក់ ប្រសិនបើអ្នកមានពេលខ្លីប៉ុណ្ណោះ ។ នៅពេលប្រើគម្រោងនេះ សូមជ្រើសរើសគោលការណ៍មួយ ឬច្រើនដើម្បីបង្រៀន ។ មូលដ្ឋានគ្រឹះនៃគោលលទ្ធិសម្រាប់គោលការណ៍នីមួយៗត្រូវបានផ្តល់ឲ្យនៅដើមមេរៀន ។
នៅពេលអ្នកបង្រៀន សូមសួរសំណួរ ហើយស្តាប់ ។ ធ្វើការអញ្ជើញដែលនឹងជួយមនុស្សទូទៅរៀនពីរបៀបខិតទៅកាន់តែជិតព្រះ ។ ការអញ្ជើញដ៏សំខាន់មួយគឺអញ្ជើញបុគ្គលនោះមកជួបអ្នកម្តងទៀត ។ រយៈពេលនៃមេរៀននឹងអាស្រ័យលើសំណួរដែលអ្នកសួរ និងការស្តាប់ដែលអ្នកមាន ។
អ្វីដែលអ្នកអាចបង្រៀនមនុស្សទូទៅក្នុងរយៈពេល ៣-១០ នាទី
-
ព្រះបានបញ្ជូនព្រះរាជបុត្រាស្ងួនភ្ញាទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ មកកាន់ផែនដីដើម្បីប្រោសលោះយើងពីអំពើបាប និងសេចក្តីស្លាប់ ។
-
សេចក្តីជំនឿទៅលើព្រះយេស៊ូវគ្រីស្ទគឺជាគោលការណ៍នៃសកម្មភាព និងអំណាច ។ ជំនឿជួយយើងឲ្យទទួលបទពិសោធន៍ពីព្រះចេស្តាពង្រឹងរបស់ព្រះអង្គសង្គ្រោះក្នុងជីវិតរបស់យើង ។
-
សេចក្ដីជំនឿលើព្រះយេស៊ូវគ្រីស្ទនាំទៅរកការប្រែចិត្ត ។ ការប្រែចិត្ត គឺជាដំណើរការនៃការងាកទៅរកព្រះ ហើយងាកចេញពីអំពើបាប ។ នៅពេលយើងប្រែចិត្ត សកម្មភាព បំណងប្រាថ្នា និងគំនិតរបស់យើងផ្លាស់ប្តូរស្របតាមព្រះឆន្ទៈរបស់ព្រះ ។
-
នៅពេលយើងប្រែចិត្ត ព្រះអភ័យទោសឲ្យយើង ។ ការអភ័យទោសអាចធ្វើទៅបានដោយសារតែព្រះយេស៊ូវគ្រីស្ទបានធួនសម្រាប់អំពើបាបរបស់យើង ។
-
ពិធីបុណ្យជ្រមុជទឹកមានពីរផ្នែក ៖ គឺពិធីបុណ្យជ្រមុជទឹកដោយទឹក និងពិធីបុណ្យជ្រមុជទឹកដោយព្រះវិញ្ញាណ ។ នៅពេលយើងបានទទួលបុណ្យជ្រមុជទឹក ហើយបានជ្រះស្អាតពីអំពើបាបរបស់យើង ដែលផ្ដល់ឲ្យយើងនូវការចាប់ផ្ដើមថ្មីក្នុងជីវិត ។
-
បន្ទាប់ពីយើងបានទទួលបុណ្យជ្រមុជដោយទឹក នោះ យើងទទួលអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធតាមរយៈពិធីបរិសុទ្ធនៃពិធីបញ្ជាក់ ។
-
នៅពេលយើងដើរតាមមាគ៌ានៃដំណឹងល្អយ៉ាងស្មោះត្រង់ដល់ទីបញ្ចប់នៃជីវិតរបស់យើង ព្រះសន្យាថាយើងនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ។