ការហៅ​ក្នុង​បេសកកម្ម
ជំពូក​ទី ៣ ៖ មេរៀនទី ៣—ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ


« ជំពូក​ទី ៣ ៖ មេរៀន​ទី ៣​—ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ចែកចាយ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជំពូក​ទី ៣ ៖ មេរៀន​ទី ៣ » ប្រកាស​ដំណឹងល្អ​របស់​យើង

ជំពូក​ទី ៣ ៖ មេរៀនទី ៣

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
ការយាង​មក​ជា​លើក​ទីពីរ ដោយ ហារី អាន់ឌើរសិន

មនុស្ស​អាច​ងឿងឆ្ងល់

  • តើ​ព្រះយេស៊ូវ​គ្រីស្ទ​ជា​នរណា ? តើ​ទ្រង់​អាចជួយ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​ដោយ​របៀបណា ?

  • តើ​ការមាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​យ៉ាង​ណា ? តើ​ការ​មាន​សេចក្តីជំនឿ​លើ​ទ្រង់​ប្រសិទ្ធពរជ័យ​ដល់​គ្រួសារ​ខ្ញុំ​ដោយ​របៀប​ណា ?

  • តើ​ការប្រែចិត្ត​មាន​ន័យ​យ៉ាង​ណា ?

  • តើ​ខ្ញុំ​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត និង​ការអភ័យទោស​របស់​ព្រះ​បាន​បន្ទាប់ពី​ខ្ញុំ​ធ្វើ​ការជ្រើសរើស​មិន​ល្អ​ដោយ​របៀប​ណា ?

  • តើ​អ្វី​ជា​គោលបំណង​នៃ​ពិធីបុណ្យជ្រមុជទឹក ?

  • តើ​អ្វី​ជា​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • តើ​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​មានន័យ​យ៉ាងណា ?

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ គឺជា​របៀប​ដែល​យើង​មករក​ព្រះគ្រីស្ទ ។ វា​មាន​ភាព​ងាយ​ស្រួល​ល្មម​គ្រប់គ្រាន់ ដែល​សូម្បីតែ​កូន​ក្មេង​ក៏​អាច​យល់​បាន​ដែរ ។ មេរៀន​នេះ​ផ្ដោតលើ​ដំណឹងល្អ និង​គោលការណ៍​នៃ​ព្រះគ្រីស្ទ រួមមាន​សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ ការប្រែចិត្ត ពិធីបុណ្យ​ជ្រមុជទឹក អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត ។ មេរៀន​នេះ​ក៏​ផ្ដោតលើ​របៀប​ដែល​ដំណឹងល្អ​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ​ដែរ ។

ពាក្យ​ថា ដំណឹងល្អ មាន​ន័យ​ពិតប្រាកដ​ថា « សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង » ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺជា​សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង ដោយសារ​វា​ផ្តល់​នូវ​គោលលទ្ធិ—ជា​សេចក្ដីពិត​ដ៏​នៅ​អស់កល្ប​ជានិច្ច—យើង​ត្រូវ​មក​រក​ទ្រង់ ហើយ​បាន​សង្គ្រោះ ( សូមមើល នីហ្វៃទី១ ១៥:១៤ ) ។ ដំណឹង​ល្អ​បង្រៀន​យើង​ពី​របៀប​រស់​នៅ​ល្អ និង​ជីវិត​ប្រកប​ដោយ​អត្ថន័យ ។ សេចក្ដី​ល្អ​ដែល​ត្រូវ​ដឹង​នៃ​ដំណឹងល្អ​ផ្តល់​នូវ​ផ្លូវ​សម្រាប់​យើង​ដើម្បី​ទទួល​បាន​ការអភ័យទោស​ពី​អំពើ​បាប បាន​ញែកចេញ​ជា​បរិសុទ្ធ ហើយ​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ ។

យោបល់​សម្រាប់​ការបង្រៀន

ផ្នែក​នេះ​ផ្តល់​នូវ​គ្រោង​គំរូ ដើម្បី​ជួយ​អ្នក​រៀបចំ​បង្រៀន ។ វា​ក៏​រួម​បញ្ចូល​ផងដែរ​នូវ​ឧទាហរណ៍​នៃ​សំណួរ និង​ការអញ្ជើញ​ដែល​អ្នក​អាច​ប្រើ ។

នៅពេល​អ្នក​រៀបចំ​បង្រៀន សូម​ពិចារណា​អំពី​ស្ថានភាព និង​តម្រូវការ​ខាង​វិញ្ញាណ​របស់​មនុស្ស​ម្នាក់ៗ​ដោយ​ការអធិស្ឋាន ។ សូម​សម្រេច​ចិត្ត​ថាតើ​អ្វី​ដែល​មាន​អត្ថប្រយោជន៍​បំផុត​ដើម្បី​បង្រៀន ។ សូម​រៀបចំ​ដើម្បី​ឲ្យ​និយមន័យ​នៃ​ពាក្យ​ដែលអ្នករៀន​ប្រហែលជា​មិន​យល់ ។ សូម​រៀបចំ​ផែនការ​ទៅ​តាម​ពេលវេលា​ដែល​អ្នក​មាន ដោយ​ចងចាំ​ថា ត្រូវ​បង្រៀន​មេរៀន​ដោយ​សង្ខេបៗ ។

សូម​ជ្រើសរើស​បទគម្ពីរ​ដើម្បី​ប្រើ​ពេល​អ្នក​បង្រៀន ។ « មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ » ផ្នែក​នៃ​មេរៀន​នេះ រួម​មាន​បទគម្ពីរ​ដែល​មាន​អត្ថប្រយោជន៍​ជាច្រើន ។

សូម​ពិចារណា​ថាតើ​សំណួរ​ណា​ដែល​ត្រូវ​សួរ​នៅពេល​អ្នក​បង្រៀន ។ សូម​ដាក់​ផែនការ​ដើម្បី​ផ្ដល់​ការអញ្ជើញ ដែល​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ម្នាក់ៗ​ឲ្យ​ធ្វើ​សកម្មភាព ។

សង្កត់ធ្ងន់​លើ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះ ហើយ​ចែកចាយ​ទីបន្ទាល់​របស់អ្នក​អំពី​អ្វី​ដែល​អ្នក​បង្រៀន ។

រូបភាព
អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​គ្រួសារ​មួយ

អ្វី​ដែល​អ្នក​អាច​បង្រៀន​អ្នក​រៀន​ក្នុង​រយៈពេល ១៥–២៥ នាទី

សូម​ជ្រើសរើស​គោលការណ៍​ដូច​ខាងក្រោម​មួយ ឬ​ច្រើន​មក​បង្រៀន ។ មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ​សម្រាប់​គោលការណ៍​នីមួយៗ​ត្រូវ​បាន​ផ្តល់​ជូន​បន្ទាប់ពី​គម្រោង​នេះ ។

បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ

  • ព្រះ​បាន​បញ្ជូន​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ មកកាន់​ផែនដី​ដើម្បី​ប្រោសលោះ​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់ ។

  • ដោយសារតែ​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​នោះ​យើង​អាច​បាន​ស្អាត​ពី​អំពើបាប និង​ញែក​ចេញ​ជា​បរិសុទ្ធ​នៅពេល​យើង​ប្រែចិត្ត ។

  • បន្ទាប់ពី​ព្រះ​យេស៊ូវ​បាន​ត្រូវឆ្កាង ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ ដោយ​សារ​ការមាន​ព្រះជន្ម​រស់ឡើង​វិញ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់​ឡើង​វិញ​បន្ទាប់​ពី​យើង​ស្លាប់ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​យើង​ម្នាក់ៗ​នឹង​រស់នៅ​ជា​រៀង​រហូត ដោយ​មាន​រូបកាយ​រស់ឡើងវិញ​ដ៏​ឥតខ្ចោះ ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

  • សេចក្តីជំនឿ​គឺ​ជា​គោលការណ៍​ទី​មួយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។

  • សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ រួម​ទាំង​ការមាន​ទំនុកចិត្ត​ថា​ទ្រង់​ជា​ព្រះរាជបុត្រា​នៃ​ព្រះ និង​ការទុកចិត្ត​លើ​ទ្រង់​ជា​ព្រះអង្គសង្គ្រោះ និង​ជា​ព្រះប្រោសលោះ​របស់​យើង ។

  • សេចក្តីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។

  • យើង​ពង្រឹង​សេចក្តីជំនឿ​របស់​យើង​ដោយ​ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការគោរព​តាម​ព្រះបញ្ញត្តិ ។

ការប្រែចិត្ត

  • សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ទៅ​រក​ការប្រែចិត្ត ។ ការប្រែចិត្ត គឺជា​ដំណើរការ​នៃ​ការងាក​ទៅ​រក​ព្រះ ហើយ​ងាក​ចេញ​ពី​អំពើ​បាប ។ នៅពេល​យើង​ប្រែចិត្ត សកម្មភាព បំណង​ប្រាថ្នា និង​គំនិត​របស់​យើង​ផ្លាស់ប្តូរ​ស្រប​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ ។

  • នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះសរ នោះ​ព្រះ​នឹង​អភ័យទោស​ឲ្យ​យើង ។ ការអភ័យទោស​អាច​ធ្វើ​ទៅបាន​ដោយសារ​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធួន​សម្រាប់​អំពើ​បាប​របស់​យើង ។

  • នៅពេល​យើង​ប្រែចិត្ត យើង​មាន​អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត នៅពេល​កំហុស និង​ទុក្ខព្រួយ​របស់​យើង​ត្រូវបាន​ព្យាបាល ។

  • ការប្រែចិត្ត​គឺជា​ដំណើរការ​ពេញ​មួយ​ជីវិត ។ ព្រះ​ស្វាគមន៍​យើង​មកវិញ​រាល់​ពេល​ដែល​យើង​ប្រែចិត្ត ។ ទ្រង់​នឹង​ពុំ​បោះបង់​យើង​ចោល​ឡើយ ។

ពិធី​បុណ្យ​ជ្រមុជទឹក ៖ សេចក្តី​សញ្ញា​ដំបូង​របស់​យើងជា​មួយ​ព្រះ

  • ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​របៀប​ដែល​យើង​ចូល​ទៅក្នុង​ទំនាក់ទំនង​នៃ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ​ជា​លើក​ដំបូង ។

  • ពិធីបុណ្យ​ជ្រមុជទឹក​មាន​ពីរផ្នែក ៖ គឺ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ទឹក និង​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ព្រះវិញ្ញាណ ។ នៅពេល​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ជ្រះស្អាត​ពី​អំពើបាប​របស់​យើង ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ការចាប់ផ្ដើម​ថ្មី​ក្នុង​ជីវិត ។

  • យើង​ទទួល​បុណ្យជ្រមុជ​ទឹក​ដោយ​ការពន្លិច​ក្នុង​ទឹក ដោយ​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូវ ។

  • កុមារ​មិន​ត្រូវ​ជ្រមុជទឹក​រហូត​ដល់​ពួកគេ​អាយុ​ប្រាំបី​ឆ្នាំ ។ កុមារ​ដែល​បាន​ស្លាប់​ពីមុន​អាយុ​នោះ​គឺ​ត្រូវបាន​ប្រោសលោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • យើង​ទទួលទាន​សាក្រាម៉ង់​ជា​រៀងរាល់​សប្តាហ៍​នៅក្នុង​ការចងចាំ​ពី​ការពលិកម្ម​របស់​ព្រះ​យេស៊ូវ និង​រំឭក​សេចក្តីសញ្ញា​របស់​យើង​ជាមួយ​ព្រះ​ឡើងវិញ ។

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

  • ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។

  • បន្ទាប់ពី​យើង​ទទួល​បុណ្យ​ជ្រមុជទឹក​យើង​ទទួល​បាន​នូវ​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ពិធីបញ្ជាក់ ។

  • នៅពេល​យើង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មាន​ភាពជា​គូកន​របស់​ទ្រង់​ពេញ​មួយ​ជីវិត​របស់​យើង ប្រសិនបើ​យើង​ស្មោះត្រង់ ។

  • ព្រះវិញ្ញាណ​បរិសុទ្ធ​ញែក​យើង​ចេញ​ជា​បរិសុទ្ធ ដឹកនាំ​យើង លួងលោម​យើង និង​ជួយ​យើង​ឲ្យ​ស្គាល់​សេចក្តីពិត ។

កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

  • ការប្រកាន់ខ្ជាប់​រួមទាំង​ការបន្ត​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ ។ យើង​បន្ត​រក្សា​សេចក្ដីសញ្ញា​របស់យើង​ជាមួយ​ព្រះ ប្រែចិត្ត ស្វែងរក​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួលទាន​សាក្រាម៉ង់ ។

  • នៅពេល​យើង​ខិតខំ​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ដោយ​ស្មោះត្រង់ នោះ​ព្រះ​សន្យា​ថា​យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ

  • ការរស់នៅ​តាម​ដំណឹងល្អ​ធ្វើ​ឲ្យ​អំណរ​របស់​យើង​កាន់តែ​ស៊ីជម្រៅ បំផុស​គំនិត​របស់​យើង និង​ពង្រឹង​ទំនាក់​ទំនង​របស់យើង ។

  • យើង​ទំនង​ជា​រីករាយ​បំផុត—ទាំង​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុម​គ្រួសារ—នៅពេល​យើង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តាមរយៈ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ក្រុមគ្រួសារ​ត្រូវបាន​ផ្ដល់​ពរ​នៅក្នុង​ជីវិត​នេះ ហើយ​អាច​រួបរួម​គ្នា​ដ៏​នៅ​អស់កល្ប​ជានិច្ច ហើយ​រស់នៅ​ក្នុង​ទីវត្តមាន​នៃ​ព្រះ ។

សំណួរ​ដែល​អ្នក​អាច​សួរ​ទៅ​មនុស្ស

សំណួរ​ដូច​តទៅ​នេះ​គឺជា​ឧទាហរណ៍​នានា​ពី​អ្វី​ដែល​អ្នក​អាច​សួរ​ទៅកាន់​មនុស្ស ។ សំណួរ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​ការសន្ទនា​ប្រកប​ដោយ​អត្ថន័យ និង​យល់​ពី​តម្រូវការ និង​ទស្សនៈ​របស់​បុគ្គល​ម្នាក់ ។

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​ការមាន​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

  • តើ​ការផ្លាស់ប្តូរ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​អ្នក​យល់​យ៉ាងណា​អំពី​ការប្រែចិត្ត ?

  • តើ​អ្នក​យល់​យ៉ាង​ណា​អំពី​ពិធីបុណ្យ​ជ្រមុជ​ទឹក ? តើ​អ្នក​អាច​ធ្វើ​អ្វី​ឥឡូវនេះ ដើម្បី​រៀបចំ​ខ្លួន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ?

  • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ក្នុង​ការធ្វើ​ដំណើរ​របស់​អ្នក​ដើម្បី​ត្រឡប់​ទៅ​កាន់​ទី​វត្តមាន​របស់​ព្រះ​ដោយ​របៀប​ណា ?

  • តើ​អ្វី​ទៅ​ជា​បញ្ហា​ប្រឈម​ដែល​អ្នក ឬ​គ្រួសារ​របស់​អ្នក​កំពុង​ប្រឈម​មុខ ? តើ​យើង​អាច​ចែកចាយ​របៀប​មួយ​ចំនួន​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​បាន​ដែរ​ឬ​ទេ ?

ការអញ្ជើញ​ដែល​អ្នក​អាច​ធ្វើ

  • តើ​អ្នក​នឹង​ទូល​សួរ​ព្រះ​ក្នុង​ការអធិស្ឋាន​ដើម្បី​ជួយ​អ្នក​ឲ្យ​ដឹង​ថា​អ្វី​ដែល​ពួកយើង​បាន​បង្រៀន​គឺជា​ការពិត​ដែរ​ឬ​ទេ ? ( សូមមើល « ការយល់ដឹង​អំពី​ការបង្រៀន ៖ ការអធិស្ឋាន » នៅក្នុង​ផ្នែក​ចុងក្រោយ​នៃ​មេរៀន​ទី១ ) ។

  • តើ​អ្នក​នឹង​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដើម្បី​រៀន​បន្ថែម​អំពី​អ្វី​ដែល​ពួក​ខ្ញុំ​បាន​បង្រៀន​ដែរ​ឬ​ទេ ?

  • តើ​អ្នក​នឹង​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន​ដើម្បី​ដឹង​ថា​វា​ជា​ព្រះបន្ទូល​របស់​ព្រះ​ដែរ​ឬ​ទេ ? ( អ្នក​អាច​ណែនាំ​ជំពូក ឬ​ខគម្ពីរ​ជាក់លាក់ ) ។

  • តើ​អ្នក​នឹង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ ហើយ​ទទួល​បុណ្យជ្រមុជទឹក​ដែរ​ឬ​ទេ ? ( សូមមើល « ការអញ្ជើញ​ឲ្យ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ » ដែល​ធ្វើ​ឡើង​ភ្លាមៗ​មុន​មេរៀន​ទី ១ នេះ ) ។

  • តើ​ពួកខ្ញុំ​អាច​កំណត់ពេល​វេលា​សម្រាប់​ណាត់ជួប​លើក​ក្រោយ​បាន​ដែរ​ឬ​ទេ ?

មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ

ផ្នែក​នេះ​ផ្តល់​នូវ​គោលលទ្ធិ និង​បទគម្ពីរ​សម្រាប់​អ្នក​ដើម្បី​សិក្សា ដើម្បី​ពង្រឹង​ចំណេះដឹង និង​ទីបន្ទាល់​របស់អ្នក​អំពី​ដំណឹងល្អ និង​ដើម្បី​ជួយ​អ្នក​បង្រៀន ។

រូបភាព
ពួក​ដប់ពីរ​នាក់​ដែល​ព្រះយេស៊ូវ​បាន​បញ្ជូន​ឲ្យ​ទៅ ដោយ វ៉ល​ធឺ រ៉េន

បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ព្រះរាជបុត្រា​ស្ងួនភ្ញា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ មក​ផែនដី ដើម្បី​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​ទទួល​បាន​នូវ​អំណរ​នៅក្នុង​ពិភពលោក​នេះ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នៅ​ក្នុង​ពិភពលោក​ខាង​មុខ ។ « ហើយ​នេះ​គឺជា​ដំណឹង​ល្អ ជា​ដំណឹង​ដ៏​រីករាយ​…​[ ព្រះយេស៊ូវ​គ្រីស្ទ ] …​មក​ក្នុង​ពិភពលោក​…​ផ្ទុក​អំពើ​បាប​ទាំង​ឡាយ​នៃ​ពិភពលោក ហើយ​ដើម្បី​ញែក​ពិភពលោក​ចេញ​ជា​បរិសុទ្ធ ហើយ​ដើម្បី​ជម្រះ​ពិភពលោក​ឲ្យ​ស្អាត​ចេញ​ពី​អំពើ​ដ៏​ឥត​សុចរិត​ទាំង​អស់ ថា​តាម​រយៈ​ព្រះ​អង្គ នោះ​មនុស្ស​ទាំង​អស់​នឹង​អាច​បាន​សង្គ្រោះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦:៤០–៤២ ) ។

ក្នុងនាម​ជាមនុស្ស​រមែង​ស្លាប់ យើង​ទាំងអស់​គ្នា​មាន​បាប ហើយ​យើង​ទាំងអស់​គ្នា​នឹង​ស្លាប់ ។ អំពើបាប និង​សេចក្តីស្លាប់​នឹង​រារាំង​យើង​ពី​ការមាន​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះ លុះត្រាតែ​យើង​មាន​ព្រះប្រោសលោះ ( សូមមើល នីហ្វៃទី២ ៩ ) ។ ពីមុន​ផែនដី​ត្រូវបាន​បង្កើត​ឡើង ព្រះវរបិតា​សួគ៌​បាន​ជ្រើសរើស​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើ​ជា​ប្រោសលោះ​របស់​យើង ។ ក្នុងការ​បង្ហាញ​សេចក្ដីស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់ ព្រះយេស៊ូវ​បាន​យាង​មក​ផែនដី ហើយ​បំពេញ​បេសកកម្ម​ដ៏​ទេវភាព​នេះ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​អាច​ត្រូវបាន​ប្រោសលោះ​ពី​អំពើបាប ហើយ​ទ្រង់​ធានា​ឲ្យ​បាន​ថា យើង​នឹង​បាន​រស់ឡើងវិញ បន្ទាប់​ពី​យើង​ស្លាប់ ។

ព្រះយេស៊ូវគ្រីស្ទ​បាន​រស់នៅ​ក្នុង​ព្រះជន្ម​មួយ​ដែល​គ្មាន​អំពើ​បាប​សោះ ។ នៅ​ចុង​បញ្ចប់​នៃ​ព្រះជន្ម​រមែង​ស្លាប់​របស់ទ្រង់ ទ្រង់​បាន​លើកដាក់​លើ​ព្រះកាយ​ទ្រង់​នូវ​អំពើបាប​របស់យើង ដោយ​ការរងទុក្ខ​របស់ទ្រង់​នៅ​សួនច្បារ​កែតសេម៉ានី និង​អំឡុង​ពេល​ការឆ្កាង​របស់​ទ្រង់ ( សូមមើល នីហ្វៃទី១ ១១:៣៣ ) ។ ការរង​ទុក្ខ​របស់​ព្រះ​យេស៊ូវ​គឺ​ធំ​ធេង​ខ្លាំង​ណាស់ ដែល​បណ្តាល​ឲ្យ​ទ្រង់ « ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស » ( គោលលទ្ធិ និង​សេចក្តី សញ្ញា ១៩:១៨ ) ។ បន្ទាប់​ពី​ការឆ្កាង​របស់​ទ្រង់ ព្រះ​យេស៊ូវ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ដោយ​ទទួល​បាន​ជ័យ​ជំនះ​លើ​សេចក្ដី​ស្លាប់ ។ ព្រឹត្តិការណ៍​ទាំងនេះ​ចូល​គ្នា ហៅ​ថា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អំពើបាប​របស់​យើង​ធ្វើ​ឲ្យ​យើង​មិន​ស្អាតស្អំ​ខាង​វិញ្ញាណ ហើយ « មិន​ស្អាត​នៅ​ចំពោះ​វេទិកា​ជំនុំ​ជម្រះ​នៃ​ព្រះ​ទេ » ( នីហ្វៃទី១ ១០:២១ ) ។ បន្ថែម​ពី​លើ​នោះ ក្រិត្យវិន័យ​នៃ​សេចក្តីយុត្តិធម៌​ត្រូវ​ឲ្យ​យើង​ទទួល​ផល​ពី​អំពើបាប​របស់​យើង ។

ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ ផ្តល់​ផ្លូវ​សម្រាប់​យើង ដើម្បី​បាន​ស្អាត​ពី​អំពើបាប ហើយ​បានញែក​ជា​បរិសុទ្ធ នៅពេល​យើង​ប្រែចិត្ត ។ វា​ក៏​ផ្តល់​នូវ​របៀប​ដើម្បី​បំពេញ​ការទាមទារ​នៃ​សេចក្តី​យុត្តិធម៌​ផង​ដែរ ( សូមមើល អាលម៉ា ៤២:១៥, ២៣–២៤ ) ។ ព្រះអង្គសង្គ្រោះ​បង្រៀន​ថា ៖ « យើង​…​បាន​រង​ទុក្ខ​នូវ​ការ​ទាំងនេះ​ជំនួស​មនុស្ស​ទាំងអស់​ដើម្បី​កុំ​ឲ្យ​គេ​អាច​រងទុក្ខ បើសិនជា​ពួក​គេ​ប្រែ​ចិត្ត ប៉ុន្តែ​បើ​សិនជា​ពួកគេ​មិន​ព្រម​ប្រែចិត្ត​ទេ​នោះ​ពួកគេ​ត្រូវ​រងទុក្ខ​ដូចជា​យើង​ដែរ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៩:១៦–១៧ ) ។ ប្រសិន​បើ​ពុំ​មាន​ព្រះយេស៊ូវ​គ្រីស្ទ អំពើ​បាប​អាច​បញ្ចប់​រាល់​សេចក្ដី​សង្ឃឹម​សម្រាប់​ជីវិត​ដែល​រួម​រស់​នឹង​ព្រះវរបិតាសួគ៌​នាពេល​អនាគត ។

ក្នុង​ការថ្វាយ​អង្គ​ទ្រង់​ជា​ការពលិកម្ម​សម្រាប់​យើង នោះ​ព្រះ​យេស៊ូវ​មិន​បាន​លុប​បំបាត់​ការទទួល​ខុសត្រូវ​ផ្ទាល់​ខ្លួន​របស់​យើង​ទេ ។ យើង​ត្រូវ​មាន​សេចក្តី​ជំនឿ​លើ​ទ្រង់ ប្រែចិត្ត ហើយ​ព្យាយាម​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ ។ នៅពេល​យើង​ប្រែចិត្ត ព្រះយេស៊ូវ​នឹង​ទាមទារ​ជំនួស​យើង​នូវ​សិទ្ធិ​នៃ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះវរបិតា​ទ្រង់ ( សូមមើល មរ៉ូណៃ ៧:២៧–២៨ ) ។ ដោយសារតែ​ការអង្វរ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ព្រះវរបិតា​សួគ៌​បាន​អត់​ទោស​ឲ្យ​យើង ដោយ​សម្រាល​យើង​ពី​បន្ទុក និង​កំហុស​នៃ​អំពើ​បាប​របស់​យើង ( សូមមើល ម៉ូសាយ ១៥:៧–៩ ) ។ យើង​ត្រូវ​បាន​ជ្រះស្អាត​ខាង​វិញ្ញាណ ហើយ​នៅ​ទីបំផុត​អាច​ត្រូវ​បាន​ស្វាគមន៍​ក្នុង​ទីវត្តមាន​របស់​ព្រះ ។

បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវ​ក៏​ដើម្បី​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដែរ ។ ដោយសារ​ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​យើង​ទាំងអស់​គ្នា​នឹង​រស់ឡើងវិញ​បន្ទាប់​ពី​យើង​ស្លាប់​ដែរ ។ ការណ៍​នេះ​មាន​ន័យ​ថា វិញ្ញាណ និង​រូបកាយ​របស់​មនុស្ស​ម្នាក់ៗ​នឹង​បាន​រួបរួម​គ្នា​ឡើងវិញ ហើយ​យើង​ម្នាក់ៗ​នឹង​រស់នៅ​ជា​រៀង​រហូត ដោយ​មាន​រូបកាយ​រស់ឡើងវិញ​ដ៏​ឥតខ្ចោះ ។ ប្រសិនបើ​មិនមែន​សម្រាប់​ព្រះយេស៊ូវ​គ្រីស្ទ​ទេ នោះ​សេចក្តីស្លាប់​នឹង​បញ្ចប់​ក្តីសង្ឃឹម​សម្រាប់​ការរស់នៅ​ជាមួយ​ព្រះវរបិតាសួគ៌​នៅ​ពេល​អនាគត ។

ការសិក្សា​ព្រះគម្ពីរ

ព្រះ​បាន​បញ្ជូន​ព្រះរាជបុត្រា​ទ្រង់

សេចក្តីសង្គ្រោះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ

គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ​គឺ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ។ សេចក្តីជំនឿ​គឺជា​គ្រឹះ​សម្រាប់​គោលការណ៍​នៃ​ដំណឹងល្អ​ផ្សេងទៀត​ទាំងអស់ ។

សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ រួម​ទាំង​ការមាន​ទំនុកចិត្ត​ថា​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់ព្រះ ។ វា​រួម​ទាំង​ការទុកចិត្ត​លើ​ទ្រង់​ថា​ជា​ព្រះអង្គ​សង្គ្រោះ និង​ជា​ព្រះ​ប្រោសលោះ​របស់​យើង—ថា​ទ្រង់​ជា​ផ្លូវ​តែ​មួយ​គត់​របស់​យើង​ដើម្បី​ត្រឡប់​ទៅ​កាន់​ទីវត្តមាន​របស់​ព្រះ ( សូមមើល កិច្ចការ ៤:១០–១២; ម៉ូសាយ ៣:១៧; ៤:៦–៨ ) ។ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​អនុវត្ត « សេចក្ដី​ជំនឿ​ដ៏​រឹងប៉ឹង​ដល់​ព្រះ​អង្គ ដោយ​ពឹងផ្អែក​ទាំង​ស្រុង ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិ​ឫទ្ធិ​ដើម្បី​សង្គ្រោះ » ( នីហ្វៃទី២ ៣១:១៩ ) ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ រួម​ទាំង​ការជឿ​ថា​ទ្រង់​បាន​រងទុក្ខ​សម្រាប់​អំពើបាប​របស់​យើង​ក្នុង​ការពលិកម្ម​ធួន​របស់​ទ្រង់ ។ ដោយសារតែ​ការពលិកម្ម​របស់​ទ្រង់ នោះ​យើង​អាច​បាន​ជ្រះស្អាត​ពី​អំពើបាប​របស់​យើង ពេល​យើង​ប្រែចិត្ត ។ ជំនួយ​ការលាង​សម្អាត​នេះ​ជួយ​យើង​ឲ្យ​បាន​សេចក្តីសុខសាន្ត និង​ក្តីសង្ឃឹម​នៅក្នុង​ជីវិត​នេះ ។ វា​ក៏​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​ភាពពេញលេញ​នៃ​អំណរ​បន្ទាប់​ពី​យើង​ស្លាប់ ។

សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​រួមទាំង​ការទុកចិត្ត​ថា តាមរយៈទ្រង់ យើង​ទាំងអស់​គ្នា​នឹង​ត្រូវ​បាន​រស់ឡើងវិញ​បន្ទាប់ពី​ស្លាប់ ។ សេចក្តីជំនឿ​នេះ​អាច​គាំទ្រ និង​លួងលោម​យើង​នៅ​គ្រា​ដែល​មាន​ការបាត់បង់ ។ ទុក្ខសោក​នៃ​សេចក្ដី​ស្លាប់​អាច​ត្រូវ​បាន​រំសាយ​ចេញ​ដោយ​ការសន្យា​នៃ​ការរស់ឡើង​វិញ ។

សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ រួម​ទាំង​ការជឿ និង​ការទុកចិត្ត​ថា​ទ្រង់​បាន​យក​មក​ដាក់​លើ​ទ្រង់​ផ្ទាល់​នូវ​ទុក្ខលំបាក និង​ភាពទន់ខ្សោយ​របស់​យើង ( សូមមើល អេសាយ ៥៣:៣–៥ ) ។ ទ្រង់​ជ្រាបដឹង​តាមរយៈ​បទពិសោធន៍​របស់​ទ្រង់​អំពី​របៀប​ជួយ​យើង​ដោយ​សេចក្តី​មេត្តាករុណា​តាមរយៈ​ការសាកល្បង​នៅក្នុង​ជីវិត ( សូមមើល អាលម៉ា ៧:១១–១២; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២២:៨ ) ។ នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ ទ្រង់​ជួយ​យើង​ឆ្ពោះទៅមុខ​ឆ្លងកាត់​ការលំបាក ។

តាមរយៈ​សេចក្ដី​ជំនឿ​របស់​យើង​លើ​ទ្រង់ ព្រះយេស៊ូវ​អាច​ប្រោស​យើង​ទាំង​ផ្លូវកាយ និង​ខាង​វិញ្ញាណ ។ ទ្រង់​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​យើង ដូច​ដែល​យើង​នៅ​ចងចាំ​ដល់​ការអង្វរ​របស់​ទ្រង់​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ ចូរ​កុំ​ខ្លាច​ឡើយ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦:៣៦ ) ។

គោលការណ៍​នៃ​សកម្មភាព និង អំណាច

សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​នាំ​ទៅ​រក​សកម្មភាព ។ យើង​បង្ហាញ​សេចក្ដីជំនឿ​របស់​យើង​ដោយ​ការគោរពតាម​បទបញ្ញត្តិ ហើយ​ធ្វើ​ល្អ​ជា​រៀង​រាល់​ថ្ងៃ ។ យើង​ប្រែចិត្ត​ពី​អំពើបាប​របស់​យើង ។ យើង​ស្មោះត្រង់​ចំពោះ​ទ្រង់ ។ យើង​ព្យាយាម​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់ ។

នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ យើង​អាច​ដក​ពិសោធន៍​ពី​ព្រះចេស្តា​របស់​ព្រះយេស៊ូវ​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​យើង ។ ទ្រង់​នឹង​លើក​តម្កើង​ការខិតខំ​ប្រឹងប្រែង​របស់​យើង​ផ្ទាល់ ។ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​រីកចម្រើន និង​តទល់​នឹង​ការល្បួង ។

ពង្រឹង​សេចក្ដីជំនឿ​របស់​យើង

ព្យាការី អាលម៉ា បាន​បង្រៀន​ថា ការកសាង​សេចក្តីជំនឿ​អាច​ចាប់ផ្តើម​ដោយ​សាមញ្ញ​មួយ « ចង់ជឿ » ( អាលម៉ា ៣២:២៧ ) ។ បន្ទាប់មក ដើម្បី​ឲ្យ​សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ​រីកចម្រើន យើង​ត្រូវ​បីបាច់​វា​ដោយ​ការរៀន​ព្រះបន្ទូល​របស់​ទ្រង់ អនុវត្ត​តាម​ការបង្រៀន​របស់​ទ្រង់ និង​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ អាលម៉ា​បាន​បង្រៀន​ថា នៅពេល​យើង​អត់ធ្មត់ បីបាច់​ដោយ​ព្រះបន្ទូល​នៃ​ព្រះ​ដោយ​ឧស្សាហ៍​ព្យាយាម​នៅក្នុង​ចិត្ត​របស់​យើង នោះ « វា​នឹង​ចាក់​ឫស [ ហើយ​ក្លាយ​ដូចជា ] ដើម​មួយ​ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច—ហេតុដូច្នោះ​ហើយ ពង្រឹង​សេចក្តីជំនឿ​របស់​យើង ( អាលម៉ា ៣២:៤១; សូមមើល ខទី ២៦–៤៣ ) ។

ការសិក្សា​ព្រះគម្ពីរ

សេចក្តីជំនឿ អំណាច និង​សេចក្តីសង្រ្គោះ

គោលលទ្ធិ​នៃ​សេចក្តីជំនឿ

គំរូ​នៃ​សេចក្តី​ជំនឿ

ការងារ និង​ការគោរព​ប្រតិបត្តិ

សេចក្តីជំនឿ​ចំពោះ​ការប្រែចិត្ត

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

ការប្រែចិត្ត

តើ​ការប្រែចិត្ត​គឺជា​អ្វី ?

ការប្រែចិត្ត​គឺជា​គោលការណ៍​ទី​ពីរ​នៃ​ដំណឹងល្អ ។ សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​សេចក្តីស្រឡាញ់​របស់​យើង​សម្រាប់​ទ្រង់ នាំ​យើង​ឲ្យ​ប្រែចិត្ត ( សូមមើល ហេលេមិន ១៤:១៣ ) ។ ការប្រែចិត្ត គឺជា​ដំណើរការ​នៃ​ការងាក​ទៅ​រក​ព្រះ ហើយ​ងាក​ចេញ​ពី​អំពើ​បាប ។ នៅពេល​យើង​ប្រែចិត្ត សកម្មភាព បំណង​ប្រាថ្នា និង​គំនិត​របស់​យើង​ផ្លាស់ប្តូរ​ស្រប​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ ។ ការភ័យទោស​នៃ​អំពើបាប​គឺ​អាច​ធ្វើ​ទៅបាន​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ និង​ពលិកម្ម​ធួន​របស់​ទ្រង់ ។

ការប្រែចិត្ត​គឺ​លើស​ពី​ការអនុវត្ត​នូវ​ការ​ឲ្យ​ឃើញ​នូវ​អានុភាព​ក្នុង​ការផ្លាស់ប្តូរ​អាកប្បកិរិយា ឬ​យក​ឈ្នះ​លើ​ភាព​ទន់ខ្សោយ​ទៅ​ទៀត ។ ការប្រែចិត្ត​គឺជា​ការងាក​ទៅរក​ព្រះគ្រីស្ទ​ដោយ​ស្មោះ ដែល​ផ្តល់​ឲ្យ​យើង​នូវ​អំណាច​ដើម្បី​ទទួល​បទពិសោធន៍ « ការផ្លាស់ប្ដូរ​ដ៏​ធំ » នៅក្នុង​ដួងចិត្ត​របស់​យើង ( អាលម៉ា ៥:១២–១៤ ) ។ នៅពេល​យើង​ដកពិសោធន៍​ការផ្លាស់ប្តូរ​នៃ​ដួងចិត្ត​នេះ នោះ​យើង​បាន​កើត​ជា​ថ្មី​ខាង​វិញ្ញាណ ( សូមមើល ម៉ូសាយ ២៧:២៤–២៦ ) ។

តាមរយៈ​ការប្រែចិត្ត យើង​អភិវឌ្ឍ​ទស្សនៈ​ថ្មី​អំពី​ព្រះ ខ្លួន​យើង និង​ពិភពលោក ។ យើង​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​ថ្មី​របស់​ព្រះ​ចំពោះ​យើង​ក្នុង​នាម​ជា​បុត្រាបុត្រី​របស់​ទ្រង់—និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​យើង ។ ឱកាស​ដើម្បី​ប្រែចិត្ត​គឺជា​ពរជ័យ​មួយ​ដ៏​មហិមា​បំផុត ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​តាមរយៈ​ព្រះរាជបុត្រា​របស់​ទ្រង់ ។

ដំណើរការ​នៃ​ការប្រែចិត្ត

នៅពេល​យើង​ប្រែចិត្ត យើង​ស្គាល់​អំពើ​បាប​របស់​យើង ហើយ​មាន​អារម្មណ៍​ថា​មាន​វិប្បដិសារី​ពិតប្រាកដ ។ យើង​សារភាព​អំពើបាប​របស់យើង​ចំពោះ​ព្រះ ហើយ​ទូល​សុំ​ការអភ័យទោស​ពី​ទ្រង់ ។ យើង​ក៏ត្រូវ​សារភាព​អំពើបាប​ធ្ងន់ធ្ងរ​របស់​យើង ទៅកាន់​ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​ដែល​មាន​សិទ្ធិ​អំណាច ដែល​ជា​អ្នក​គាំទ្រ​យើង នៅពេល​យើង​ប្រែចិត្ត ។ យើង​ធ្វើ​អ្វីៗ​អស់​ពី​លទ្ធភាព​របស់​យើង​ដើម្បី​ស្តារឡើងវិញ ដែល​មាន​ន័យ​ថា ការព្យាយាម​កែ​តម្រូវ​បញ្ហា​ដែល​សកម្មភាព​របស់​យើង​អាច​បង្ក​ឡើង ។ ការប្រែចិត្ត​ពិតប្រាកដ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ល្អ​បំផុត​ដោយ​សកម្មភាព​សុចរិត​ក្នុង​រយៈពេល​មួយ ។

ការប្រែចិត្ត​គឺជា​ដំណើរការ​ប្រចាំ​ថ្ងៃ​នៅ​ពេញ​មួយ​ជីវិត​របស់​យើង ។ « គ្រប់​គ្នា​បាន​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរីល្អនៃ​ព្រះ » ( រ៉ូម ៣:២៣ ) ។ យើង​គួរតែ​ប្រែចិត្ត​ជា​បន្ត ដោយ​ការចងចាំ​ថា យើង « អាច​នឹង​ធ្វើ​គ្រប់​ទាំងអស់​បាន​ដោយសារ​ព្រះគ្រីស្ទ ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់ » យើង ( ភីលីព ៤:១៣ ) ។ ព្រះអម្ចាស់​បាន​ធានា​ដល់​យើង​ថា « ដរាបណា​រាស្ត្រ​យើង​ប្រែចិត្ត យើង​នឹង​អត់​ទោស​ឲ្យ​គេ​ចំពោះ​ការរំលង​ច្បាប់​ទាំង​ឡាយ » ( ម៉ូសាយ ២៦:៣០ ) ។

ពរជ័យ​ទាំងឡាយនៃ​ការប្រែចិត្ត

ការប្រែចិត្ត​គឺជា​គោលការណ៍​វិជ្ជមាន​ដែល​នាំ​មក​នូវ​អំណរ និង​សេចក្តី​សុខសាន្ត ។ វា​នាំ​យើង « ទៅ​កាន់​ព្រះ​ចេស្ដា​នៃ​ព្រះ​ដ៏​ប្រោស​លោះ ឲ្យ​បាន​ដល់​សេចក្ដី​សង្គ្រោះ​ព្រលឹង [ របស់​យើង ] » ( ហេលេមិន ៥:១១ ) ។

នៅពេល​យើង​ប្រែចិត្ត កំហុស និង​ទុក្ខព្រួយ​របស់​យើង​ត្រូវបាន​ព្យាបាល​ក្នុង​ដំណើរការ​នៃ​ពេលវេលា ។ យើង​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​យ៉ាង​ច្រើន​សន្ធឹក ។ បំណងប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើ​តាម​ព្រះ កាន់តែ​រីកចម្រើន​ឡើង ។

រូបភាព
ប្រធាន រ័សុល អិម ណិលសុន

« មាន​មនុស្ស​ច្រើនណាស់​គិត​ថា ការប្រែចិត្ត​ជា​ទណ្ឌកម្ម —ជា​អ្វី​មួយ​ដែល​ត្រូវ​ចៀសវាង ។… ប៉ុន្តែ​អារម្មណ៍​នៃ​ការដាក់​ទណ្ឌកម្ម​នេះ គឺ​បណ្ដាល​មក​ពី​សាតាំង ។ វា​ព្យាយាម​រារាំង​យើង​ពី​ការមើល​ឆ្ពោះទៅ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​គង់ចាំ​ទាំង​ព្រះហស្ត​លាតលា​ដោយ​សង្ឃឹម ហើយ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើឲ្យ​បរិសុទ្ធ និង​ញែក​យើង​ជា​បរិសុទ្ធ » ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។

ការសិក្សា​ព្រះគម្ពីរ

ការប្រែចិត្ត

ការប្រោសលោះ និង​ការអភ័យទោស

សេចក្ដី​មេត្ដាករុណា​សម្រាប់​អ្នក​ដែល​ប្រែចិត្ត

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
យុវនារី​កំពុង​ទទួល​ពិធីបុណ្យជ្រមុជទឹក

ពិធី​បុណ្យ​ជ្រមុជទឹក ៖ សេចក្តី​សញ្ញា​ដំបូង​របស់​យើងជា​មួយ​ព្រះ

សេចក្តីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ការប្រែចិត្ត រៀបចំ​យើង​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់ ។ ពិធីបុណ្យ​ជ្រមុជ​ទឹក​គឺជា​ពិធីបរិសុទ្ធ​សង្គ្រោះ​ទី​មួយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​យើង​ទទួល​ពិធីបរិសុទ្ធ​នៃ​ក្តីសង្ឃឹម​ដ៏​រីករាយ​នេះ យើង​ចុះ​សេចក្តីសញ្ញា​ដំបូង​របស់​យើង​ជាមួយ​នឹង​ព្រះ ។

ពិធីបរិសុទ្ធ​គឺ​ជា​កិច្ចការ​ដ៏ពិសិដ្ឋ​មួយ ឬ​ពិធីការ​ដែល​ត្រូវ​បាន​ធ្វើឡើង​ដោយ​សិទ្ធិអំណាច​នៃ​បព្វជិតភាព ។ ពិធីបរិសុទ្ធ​មួយ​ចំនួន ដូចជា​ពិធីបុណ្យជ្រមុជទឹក​គឺ​ចាំបាច់​សម្រាប់​សេចក្តី​សង្រ្គោះ​របស់​យើង ។

តាមរយៈ​ពិធីបរិសុទ្ធ​ទាំងឡាយ យើង​ចុះ​សេចក្តីសញ្ញា​ជាមួយព្រះ ។ សេចក្តីសញ្ញា​ទាំងនេះ​គឺជា​ការសន្យា​ដ៏​ពិសិដ្ឋ​មួយ​រវាង​យើង និង​ព្រះ ។ ទ្រង់​សន្យា​ថា​ប្រទានពរ​យើង​នៅពេល​រក្សា​សេចក្តីសន្យា​របស់​យើង ។ យើង​គួរ​មាន​ការតាំងចិត្ត​យ៉ាង​ខ្លាំង​ក្នុងការ​រក្សា​ការសន្យា​របស់​យើង​ជាមួយ​នឹង​ព្រះ ។

ព្រះ​បាន​ប្រទាន​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​ទាំងឡាយ ដើម្បី​ជួយ​យើង​មក​រក​ទ្រង់ ហើយ​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅពេល​យើង​ទទួល​ពិធី​បរិសុទ្ធ​បព្វជិតភាព ហើយ​រក្សា​សេចក្ដីសញ្ញា​ដែល​ទាក់ទង នោះ​យើង​អាច​ទទួល​បទពិសោធន៍ « អំណាច​នៃ​ព្រះ » នៅក្នុង​ជីវិត​របស់​យើង ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៨៤:២០ ) ។

សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន​ថា ពិធីបុណ្យ​ជ្រមុជ​ទឹក​គឺ​ចាំបាច់​សម្រាប់​យើង​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌ ( សូមមើល យ៉ូហាន ៣:៥ ) ។ វា​ក៏​ចាំបាច់​សម្រាប់​យើង​ដើម្បី​ក្លាយជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ផងដែរ ។ ព្រះអង្គ​សង្គ្រោះ​របស់​យើង​បាន​ធ្វើ​ជា​គំរូ​ដោយ​ការ​ទទួល​បុណ្យ​ជ្រមុជ​ទឹក ( សូមមើល ម៉ាថាយ ៣:១៣–១៧ ) ។

នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក ហើយ​រក្សា​សេចក្ដី​សញ្ញា​របស់​យើង ព្រះ​សន្យា​ថា​នឹង​អត់​ទោស​បាប​របស់​យើង ( សូមមើល កិច្ចការ ២២:១៦; នីហ្វៃទី៣ ១២:១–២ ) ។ ពរជ័យ​ដ៏​អស្ចារ្យ​នេះ​គឺ​ធ្វើ​ឲ្យ​វា​អាច​ធ្វើ​ទៅ​បាន​តាមរយៈ​ការពលិកម្ម​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល « ស្រឡាញ់​យើង​រាល់​គ្នា ហើយ​បាន​លាង​យើង​ដោយ​ព្រះលោហិត​ទ្រង់ ឲ្យ​បាន​រួច​ពី​បាប » ( វិវរណៈ ១:៥ ) ។ ព្រះ​ក៏​សន្យា​ដែរ​ថា​ប្រទានពរ​ដល់​យើង​ឲ្យ​មាន​ភាព​ជាគូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​យើង​អាច​ត្រូវបាន​ញែក​ជា​បរិសុទ្ធ ដឹកនាំ និង​លួងលោម​ចិត្ត ។

នៅក្នុង​ផ្នែក​នៃ​សេចក្តីសញ្ញា​ពិធីបុណ្យ​ជ្រមុជទឹក យើង​ធ្វើ​ជា​សាក្សី​ថា យើង​ស្ម័គ្រចិត្ត​លើក​ដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ក៏​សន្យា​ថា​នឹង​ចងចាំ​ទ្រង់​ជានិច្ច ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ ។ យើង​សន្យា​ថា​ត្រូវ​ស្រឡាញ់ និង​បម្រើ​អ្នក​ដទៃ « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ​… កម្សាន្ដ​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវ​ការ​កម្សាន្ដ​ទុក្ខ ហើយ​ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល និង​គ្រប់​សេចក្ដី និង​គ្រប់​ទី​កន្លែង » ( ម៉ូសាយ ១៨:៩; សូមមើល ខទី ៨–១០, ១៣ ) ។ យើង​បង្ហាញ​ការតាំងចិត្ត​ដើម្បី​បម្រើ​ព្រះយេស៊ូវ​គ្រីស្ទ​ដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧; ម៉ូសាយ ២:១៧ ) ។

ការតាំងចិត្ត​ធ្វើតាម​សេចក្តីសញ្ញា​របស់​យើង​ដែល​ទាក់ទង​នឹង​ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ការទទួលខុសត្រូវ​ដ៏​មហិមា ។ វា​ក៏​លើក​ទឹកចិត្ត និង​រីករាយ​ផងដែរ ។ វា​បង្កើត​ទំនាក់ទំនង​ពិសេស​មួយ​រវាង​យើង និង​ព្រះវរបិតាសួគ៌ តាមរយៈ​ដែល​ទ្រង់​ប្រទាន​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​ជា​បន្តបន្ទាប់ ។

បុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច

ព្រះ​យេស៊ូវ​បាន​បង្រៀន​ថា យើង​ត្រូវ​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប​របស់​យើង ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧២–៧៤ ) ។ ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច គឺជា​និមិត្ត​រូប​នៃ​ការសុគត ការបញ្ចុះ និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល រ៉ូម ៦:៣–៦ ) ។

ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ការពន្លិច​ក៏​មាន​និមិត្តរូប​ដ៏​មាន​ឥទ្ធិពល​សម្រាប់​យើង​ផ្ទាល់​ផងដែរ ។ វា​តំណាង​ឲ្យ​ការស្លាប់​នៃ​ជីវិត​ចាស់​របស់​យើង ការបញ្ចុះ​នៃ​ជីវិត​នោះ និង​ការកើត​ជា​ថ្មី​របស់យើង​ខាងវិញ្ញាណ​ដោយ​ការងើប​ចេញ​ពី​ទឹក ។ នៅពេល​យើង​ទទួល​បុណ្យជ្រមុជទឹក យើង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការកើត​ជាថ្មី ហើយ​ក្លាយជា​បុត្រាបុត្រី​ខាង​វិញ្ញាណ​របស់​ព្រះ​គ្រីស្ទ ( សូមមើល ម៉ូសាយ ៥:៧–៨; រ៉ូម ៨:១៤–១៧ ) ។

កុមារ

កុមារ​មិន​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ទេ​រហូត​ដល់​ពួកគេ​ឈាន​ដល់​អាយុ​នៃ​ការចេះ​ទទួល​ខុសត្រូវ​គឺ​អាយុ​ប្រាំបី​ឆ្នាំ ( មើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៦៨:២៧ ) ។ កុមារ​ដែល​ស្លាប់​មុន​អាយុ​នោះ​ត្រូវ​បាន​ប្រោសលោះ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល មរ៉ូណៃ ៨:៤–២៤; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:១០ ) ។ មុនពេល​កុមារ​ទទួលបុណ្យ​ជ្រមុជទឹក ពួកគេ​គួរតែ​ត្រូវបាន​បង្រៀន​ពី​ដំណឹងល្អ ដើម្បី​ឲ្យ​ពួកគេ​នឹង​បានរៀបចំ​ខ្លួន​សម្រាប់​ជំហាន​ដ៏​សំខាន់​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ដើម្បី​ធ្វើ​សេចក្តីសញ្ញា​ជាមួយ​ព្រះ ។

ពិធី​សាក្រាម៉ង់

ព្រះវរបិតាសួគ៌​របស់​យើង​ចង់​ឲ្យ​យើង​ស្មោះត្រង់​ចំពោះ​សេចក្ដីសញ្ញា​ដែល​យើង​ចុះ​ជា​មួយ​ទ្រង់ ។ ដើម្បី​ជួយ​យើង​ធ្វើ​កិច្ចការ​នេះ ទ្រង់​បាន​បញ្ជា​យើង​ឲ្យ​ជួប​ញឹកញាប់ ដើម្បី​ទទួល​ទាន​សាក្រាម៉ង់ ។ សាក្រាម៉ង់ គឺជា​ពិធីបរិសុទ្ធ​បព្វជិតភាព​ដែល​ព្រះយេស៊ូវ​បាន​ណែនាំ​ដល់​ពួកសាវក​របស់​ទ្រង់​នៅ​មុន​ដង្វាយធួន​របស់​ទ្រង់ ។

ការទទួលទាន​សាក្រាម៉ង់​គឺជា​គោលបំណង​សំខាន់​នៃ​ការប្រជុំ​សាក្រាម៉ង់​ជា​រៀង​រាល់​សប្ដាហ៍ ។ នំប៉័ង និង ទឹក​ត្រូវបាន​ប្រសិទ្ធពរ ហើយ​ចែក​ដល់​ក្រុមជំនុំ ។ នំប៉័ង​តំណាង​ឲ្យ​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ព្រះកាយ​របស់​ទ្រង់​សម្រាប់​យើង ។ ទឹក​តំណាង​ឲ្យ​ព្រះលោហិត​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្ហូរ​សម្រាប់​យើង ។

យើង​ទទួលទាន​និមិត្តរូប​ទាំងនេះ ដើម្បី​រំឭក​ដល់​ការពលិកម្ម​របស់​ព្រះអង្គ​សង្គ្រោះ និង​ដើម្បី​បន្ត​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ ។ យើង​ទទួល​សេចក្តីសន្យា​ថ្មី​មួយ​ដែល​ថា ព្រះវិញ្ញាណ​នឹង​គង់​នៅ​ជាមួយ​យើង ។

ការសិក្សា​ព្រះគម្ពីរ

គំរូ​របស់​ព្រះគ្រីស្ទ

សេចក្ដីសញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក

គុណសម្បត្តិ​ដើម្បី​ទទួល​បុណ្យ​ជ្រមុជ​ទឹក

ពរជ័យ​នៃ​ពិធីបុណ្យជ្រមុជទឹក​ដែល​បាន​សន្យា​ទុក

ភាពចាំបាច់​ដើម្បី​ទទួល​សិទ្ធិ​អំណាច

ព្រះយេស៊ូវ​គ្រីស្ទ​តាំង​បុណ្យ​សាក្រាម៉ង់​ឡើង

ការអធិស្ឋាន​ធ្វើ​ពិធី​សាក្រាម៉ង់

ការទទួលទាន​សាក្រាម៉ង់

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
ព្រះគ្រីស្ទ​ដាក់​ដៃ​លើ​ស្ត្រី

អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ពិធីបុណ្យ​ជ្រមុជទឹក​មាន​ពីរ​ផ្នែក ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា យើង​ត្រូវ « កើត​អំពី​ទឹក ហើយ ហើយ អំពី​ព្រះវិញ្ញាណ » ដើម្បី​ចូល​ទៅ ក្នុង​នគរ​របស់​ព្រះ ( យ៉ូហាន ៣:៥; បន្ថែម​ការគូស​បញ្ជាក់ ) ។ យ៉ូសែប ស្មីធ​បាន​បង្រៀន​ថា ៖​« ពិធីបុណ្យ​ជ្រមុជ​ទឹក​ដោយ​ទឹក​គឺ​ជា​ពិធី​បុណ្យ​ជ្រមុជ​ទឹក​តែ​ពាក់​កណ្ដាល ហើយ​វា​ពុំ​ល្អ​ទេ​បើ​គ្មាន​ពាក់​កណ្ដាល​ទៀត—ដែល​ជា​ពិធី​បុណ្យជ្រមុជ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ៩៥ ) ។

ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ព្រះវិញ្ញាណ​ត្រូវតែ​មាន​បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ទឹក ដើម្បី​ឲ្យ​បាន​ពេញលេញ ។ នៅពេល​យើង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ទាំងពីរ នោះ​យើង​បានជ្រះស្អាត​ពី​អំពើបាប​របស់យើង ហើយ​បានកើត​ជា​ថ្មី​ខាង​វិញ្ញាណ ។ បន្ទាប់មក យើង​ចាប់ផ្ដើម​ជីវិត​ខាង​វិញ្ញាណ​ថ្មី ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ ។

យើង​ទទួល​ពិធីបុណ្យជ្រមុជទឹក​នៃ​ព្រះវិញ្ញាណ​តាមរយៈ​ពិធីបរិសុទ្ធ​មួយ​ដែល​ហៅ​ថា​ពិធីបញ្ជាក់ ។ ពិធី​បរិសុទ្ធ​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ឬ​ច្រើន​នាក់ ដែល​ដាក់​ដៃ​លើ​ក្បាល​របស់​យើង ។ ដំបូង​ពួកគាត់​បញ្ជាក់​យើង​ថា​ជា​សមាជិក​សាសនាចក្រ ហើយ​បន្ទាប់មក​ពួកគាត់​ប្រគល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​លើ​យើង ។ ការណ៍នេះ​គឺជា​ពិធីបរិសុទ្ធ​ដូចគ្នា​ដែល​បាន​យោង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី និង​ព្រះគម្ពីរ​មរមន ( សូមមើល កិច្ចការ ៨:១៤–១៧; នីហ្វៃទី៣ ១៨:៣៦–៣៧ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​សមាជិក​ទី​បី​នៃ​ក្រុម​ព្រះ ។ ទ្រង់​ធ្វើការ​ដោយ​សាមគ្គីភាព​ជាមួយនឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ នៅពេល​យើង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​មាន​ដៃគូ​របស់​ទ្រង់​ពេញ​មួយ​ជីវិត​របស់​យើង នៅពេល​ដែល​យើង​ស្មោះត្រង់ ។

របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទានពរ​ដល់​យើង

អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​អំណោយ​ទាន​មួយ ដែល​មហិមា​បំផុត​របស់​ព្រះវរបិតាសួគ៌ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​សម្អាត និង​ញែក​យើង​ចេញ​ជា​បរិសុទ្ធ ធ្វើឲ្យ​យើង​កាន់តែ​បរិសុទ្ធ កាន់តែ​ពេញលេញ និង​កាន់តែ​ដូចជា​ព្រះ ( សូមមើល នីហ្វៃទី៣ ២៧:២០ ) ។ ទ្រង់​ជួយ​យើង​ផ្លាស់ប្តូរ និង​រីកចម្រើន​ខាង​វិញ្ញាណ នៅពេល​យើង​ខិតខំ​ធ្វើតាម​សិក្ខាបទ​របស់​ព្រះ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​រៀន និង​ស្គាល់​សេចក្តីពិត ( សូមមើល មរ៉ូណៃ ១០:៥ ) ។ ទ្រង់​ក៏​បញ្ជាក់​ពី​សេចក្ដីពិត​ដល់​ដួងចិត្ត និង​គំនិត​របស់​យើង​ដែរ ។ លើស​ពី​នេះ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​បង្រៀន​សេចក្ដីពិត ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:១៤ ) ។ នៅពេល​យើង​រៀន និង​បង្រៀន​សេចក្ដីពិត​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ទ្រង់​យក​សេចក្តីពិត​មក​ក្នុង​ចិត្ត​យើង ( សូមមើល នីហ្វៃទី២ ៣៣:១ ) ។

នៅពេល​យើង​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដោយ​រាបទាប ទ្រង់​នឹង​ដឹកនាំ​យើង ( សូមមើល នីហ្វៃទី២ ៣២:៥ ) ។ ការណ៍​នេះ​រួម​ទាំង​ការបំផុស​គំនិត​យើង​តាម​របៀប​ដែល​យើង​អាច​បម្រើ​អ្នក​ដទៃ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ផ្ដល់​កម្លាំង​ខាង​វិញ្ញាណ ដើម្បី​ជួយ​យើង​យក​ឈ្នះ​លើ​ភាពទន់ខ្សោយ ។ ទ្រង់​ជួយ​យើង​ទប់ទល់​នឹង​ការល្បួង ។ ទ្រង់​អាច​ព្រមាន​យើង​អំពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​នៃ​ជីវិត ។ ទ្រង់​នឹង​លួងលោម​យើង​ក្នុង​អំឡុងពេល​នៃ​ការ​សាកល្បង ឬ​ទុក្ខព្រួយ ដោយ​បំពេញ​យើង​ដោយ​ក្តី​សង្ឃឹម ( សូមមើល មរ៉ូណៃ ៨:២៦ ) ។ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​យើង ។

ការសិក្សា​ព្រះគម្ពីរ

លក្ខណៈ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ពរជ័យ និង​ឥទ្ធិពល​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ

សារៈសំខាន់​នៃ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
ព្រះយេស៊ូវ​កាន់​កូន​ក្មេងៗ

កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

នៅពេល​យើង​ទទួល​បុណ្យ​ជ្រមុជទឹក និង​ទទួល​ពិធីបញ្ជាក់ យើង​ចុះ​សេចក្តី​សញ្ញា​មួយ​ជាមួយ​ព្រះ ។ ក្នុងចំណោម​របស់​ផ្សេងទៀត យើង​សន្យា​ថា​នឹង​រក្សា​បទបញ្ញត្តិ​របស់ទ្រង់ ហើយ​បម្រើ​ទ្រង់​អស់​មួយជីវិត​របស់យើង ( សូមមើល ម៉ូសាយ ១៨:៨–១០, ១៣; គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៣៧ ) ។

បន្ទាប់ពី​យើង​បាន​ចូល​ទៅ​ក្នុង​ផ្លូវ​នៃ​ដំណឹងល្អ​តាមរយៈ​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​ពិធីបញ្ជាក់​នោះ យើង​ខិតខំ​គ្រប់​យ៉ាង​ដើម្បី​បន្ត​នៅលើ​ផ្លូវ​នេះ ។ នៅពេល​យើង​ចេញពី​ផ្លូវ​នេះ​សូម្បីតែ​បន្តិច យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​ដើម្បី​ប្រែចិត្ត ។ ពរជ័យ​នៃ​ការប្រែចិត្ត​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅកាន់​ផ្លូវ​នៃ​ដំណឹងល្អ ហើយ​រក្សា​ពរជ័យ​នៃ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ ។ នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះសរ ព្រះ​តែងតែ​មាន​ព្រះ​ឆន្ទៈ​អភ័យទោស និង​ស្វាគមន៍​យើង​ត្រឡប់​មក​វិញ​ជានិច្ច ។

ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​មាន​ន័យ​ថា ការរក្សា​ភាពស្មោះត្រង់​ចំពោះ​ព្រះ​រហូត​ដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​យើង—តាមរយៈ​ពេលវេលា​ល្អ និង​គ្រា​លំបាក តាមរយៈ​ភាពចម្រុងចម្រើន និង​ទុក្ខលំបាក ។ យើង​អនុញ្ញាត​ឲ្យ​ព្រះ​គ្រីស្ទ​ដុះខាត់​យើង​ដោយ​ចិត្ត​រាបសា ហើយ​ធ្វើ​ឲ្យ​យើង​កាន់តែ​ដូច​ទ្រង់ ។ យើង​មើល​ទៅ​ព្រះគ្រីស្ទ​ដោយ​សេចក្តីជំនឿ ទំនុកចិត្ត និង​ក្តីសង្ឃឹម ហើយ​ដោយ​មិន​គិត​ពី​អ្វី​ដែល​កើតឡើង​នៅក្នុង​ជីវិត​របស់​យើង​ឡើយ ។

ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត មិនមែន​មាន​ន័យ​ថា​កាន់​រហូត​ដល់​យើង​ស្លាប់​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ វា​មាន​ន័យ​ថា​ផ្ដោត​ជីវិត គំនិត និង​សកម្មភាព​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​រួមទាំង​ការបន្ត​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះគ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ ។ យើង​ក៏​បន្ត​ប្រែចិត្ត រក្សា​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះ ហើយ​ស្វែងរក​គូកន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​គឺជា « [ ការ ] ឈាន​ទៅ​មុខ​ដោយ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ព្រះគ្រីស្ទ ដោយ​មាន​ការ​ភ្លឺ​ថ្លា​នៃ​សេចក្ដី​សង្ឃឹម​ដ៏​ឥត​ខ្ចោះ ហើយ​ដោយ​មានចិត្ត​ស្រឡាញ់​ព្រះ និង​មនុស្ស​គ្រប់រូប » ។ ព្រះវរបិតាសួគ៌​របស់​យើង​សន្យា​ថា នៅពេល​យើង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត យើង « នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ។

ការសិក្សា​ព្រះគម្ពីរ

កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត

ពរជ័យ​សម្រាប់​អស់​អ្នក​ដែល​ប្រកាន់ខ្ជាប់

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

រូបភាព
គ្រួសារ​កំពុង​ញញឹម

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផ្ដល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។ បទគម្ពីរ​បង្រៀន​ថា « ហើយ​មនុស្ស​…​ដូច​គ្នា​នៅ​ចំពោះ​ព្រះ​ដែរ » មិនថា​ពួកគេ​មាន​ជីវប្រវត្តិ ឬ​ស្ថានភាព​យ៉ាង​ណា​នោះ​ទេ ។ ទ្រង់​អញ្ជើញ « យើង​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ » ( នីហ្វៃទី២ ២៦:៣៣ ) ។

ដំណឹងល្អ​ផ្ដល់​ពរ​ដល់​យើង​ពេញ​មួយ​ជីវិត​រមែង​ស្លាប់​របស់យើង និង​ពេញ​មួយ​ជីវិត​ដ៏​នៅ​អស់​កល្បជានិច្ច ។ យើង​ទំនង​ជា​រីករាយ​បំផុត—ទាំង​ជា​បុគ្គល​ម្នាក់ៗ និង​ជា​ក្រុម​គ្រួសារ—នៅពេល​យើង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ( សូមមើល ម៉ូសាយ ២:៤១; « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ) ។ ការរស់នៅ​តាម​ដំណឹងល្អ​ធ្វើ​ឲ្យ​អំណរ​របស់​យើង​កាន់តែ​ស៊ីជម្រៅ បំផុស​គំនិត​របស់​យើង និង​ពង្រឹង​ទំនាក់​ទំនង​របស់យើង ។

ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ក៏​អាច​ការពារ​យើង​ពី​ការសម្រេចចិត្ត​ដែល​នឹង​ធ្វើបាប​យើង​ខាងរូបកាយ ឬ​ខាង​វិញ្ញាណ​ផងដែរ ។ វា​ជួយ​យើង​រកឃើញ​កម្លាំង និង​ការលួងលោម​នៅ​ពេល​មាន​ការសាកល្បង និង​ទុក្ខព្រួយ ។ វា​ផ្តល់​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដ៏​រីករាយ ។

សារលិខិត​ដ៏​អស្ចារ្យ​មួយ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​គឺថា យើង​ទាំងអស់​គ្នា​ជា​ផ្នែក​នៃ​គ្រួសារ​របស់​ព្រះ ។ យើង​គឺជា​បុត្រាបុត្រី​ស្ងួនភ្ញា​របស់​ទ្រង់ ។ មិនថា​ស្ថានភាព​គ្រួសារ​របស់​យើង​នៅលើ​ផែនដី​យ៉ាង​ណា​នោះទេ យើង​ម្នាក់ៗ​គឺជា​សមាជិក​នៃ​គ្រួសារ​របស់​ព្រះ ។

ផ្នែក​ដ៏​អស្ចារ្យ​មួយ​ទៀត​នៃ​សារលិខិត​របស់​យើង​គឺថា គ្រួសារ​អាច​រួបរួម​គ្នា​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ ក្រុមគ្រួសារ​គឺ​ត្រូវបាន​តែងតាំង​ឡើង​ដោយ​ព្រះ ។ ផែនការ​នៃ​សុភមង្គល​របស់​ព្រះវរបិតាសួគ៌​ផ្តល់​លទ្ធភាព​ដល់​ទំនាក់​ទំនង​ក្រុម​គ្រួសារ​ឲ្យ​បន្ត​ហួស​ពី​សេចក្តី​ស្លាប់ ។ ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ​ធ្វើ​ឲ្យ​គ្រួសារ​អាច​នៅ​ជាមួយ​គ្នា​ជា​រៀងរហូត ។

តាមរយៈ​ពន្លឺ​នៃ​ដំណឹង​ល្អ គ្រួសារ​អាច​រក​ដំណោះស្រាយ​អំពី​ការភាន់​ច្រឡំ ការឈ្លោះ​ទាស់ទែង និង​ឧបសគ្គ​នានា ។ គ្រួសារ​ដែល​បែកបាក់​ដោយសារ​ការខ្វែង​គំនិត​គ្នា​អាច​នឹង​ផ្សះផ្សារ​បាន​តាមរយៈ​ការប្រែចិត្ត ការអភ័យទោស និង​សេចក្តីជំនឿ​នៅក្នុង​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជួយ​យើង​អភិវឌ្ឍ​ទំនាក់ទំនង​គ្រួសារ​កាន់តែ​រឹងមាំ ។ គេហដ្ឋាន​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​ការបង្រៀន និង​ការរៀន​ដំណឹងល្អ ។ គេហដ្ឋាន​ដែល​បង្កើត​ឡើង​នៅ​លើ​គោលការណ៍​នៃ​ដំណឹងល្អ​នឹង​ក្លាយជា​កន្លែង​ជ្រកកោន និង​សុវត្ថិភាព ។ វា​នឹង​ក្លាយជា​កន្លែង​ដែល​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​អាច​គង់​នៅ ។

ការសិក្សា​ព្រះគម្ពីរ

រៀន​ថែមទៀត​អំពី​គោលការណ៍​នេះ

  • សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ៖ « ដំណឹងល្អ »

  • « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក »

  • ក្បួនខ្នាត​ទូទៅ, ជំពូក​ទី ២ និង​ទី ១៦

  • Gospel Topics ៖ « Gospel », « Family »

គម្រោង​មេរៀន​ខ្លីៗ​ទៅ​មធ្យម

គម្រោង​ខាងក្រោម​គឺជា​គំរូ​នៃ​អ្វីដែល​អ្នក​អាច​បង្រៀន​មនុស្ស​ម្នាក់ ប្រសិនបើ​អ្នកមាន​ពេលខ្លី​ប៉ុណ្ណោះ ។ នៅពេល​ប្រើ​គម្រោង​នេះ សូម​ជ្រើសរើស​គោលការណ៍​មួយ ឬច្រើន​ដើម្បី​បង្រៀន ។ មូលដ្ឋានគ្រឹះ​នៃ​គោលលទ្ធិ​សម្រាប់​គោលការណ៍​នីមួយៗ​ត្រូវ​បាន​ផ្តល់​ឲ្យ​នៅដើម​មេរៀន ។

នៅពេល​អ្នក​បង្រៀន សូម​សួរ​សំណួរ ហើយស្តាប់ ។ ធ្វើ​ការអញ្ជើញ​ដែល​នឹង​ជួយ​មនុស្សទូទៅ​រៀន​ពី​របៀប​ខិត​ទៅ​កាន់តែ​ជិត​ព្រះ ។ ការអញ្ជើញ​ដ៏​សំខាន់​មួយ​គឺ​អញ្ជើញ​បុគ្គលនោះ​មកជួប​អ្នកម្តង​ទៀត ។ រយៈពេល​នៃ​មេរៀន​នឹង​អាស្រ័យ​លើ​សំណួរ​ដែល​អ្នកសួរ និង​ការស្តាប់​ដែលអ្នក​មាន ។

រូបភាព
ពួក​អ្នកផ្សព្វផ្សាយ​សាសនា​កំពុង​បង្រៀន​ស្ត្រី​ម្នាក់

អ្វី​ដែល​អ្នក​អាច​បង្រៀន​មនុស្ស​ទូទៅ​ក្នុង​រយៈពេល ៣-១០ នាទី

  • ព្រះ​បាន​បញ្ជូន​ព្រះរាជ​បុត្រា​ស្ងួន​ភ្ញា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ មកកាន់​ផែនដី​ដើម្បី​ប្រោសលោះ​យើង​ពី​អំពើបាប និង​សេចក្តីស្លាប់ ។

  • សេចក្តីជំនឿ​ទៅលើ​ព្រះ​យេស៊ូវ​គ្រីស្ទ​គឺជា​គោលការណ៍​នៃ​សកម្មភាព និង​អំណាច ។ ជំនឿ​ជួយ​យើង​ឲ្យ​ទទួល​បទពិសោធន៍​ពី​ព្រះចេស្តា​ពង្រឹង​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ជីវិត​របស់​យើង ។

  • សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​នាំ​ទៅ​រក​ការប្រែចិត្ត ។ ការប្រែចិត្ត គឺជា​ដំណើរការ​នៃ​ការងាក​ទៅ​រក​ព្រះ ហើយ​ងាក​ចេញ​ពី​អំពើ​បាប ។ នៅពេល​យើង​ប្រែចិត្ត សកម្មភាព បំណង​ប្រាថ្នា និង​គំនិត​របស់​យើង​ផ្លាស់ប្តូរ​ស្រប​តាម​ព្រះ​ឆន្ទៈ​របស់​ព្រះ ។

  • នៅ​ពេល​យើង​ប្រែចិត្ត ព្រះ​អភ័យទោស​ឲ្យ​យើង ។ ការអភ័យទោស​អាច​ធ្វើ​ទៅបាន​ដោយសារ​តែ​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​ធួន​សម្រាប់​អំពើ​បាប​របស់​យើង ។

  • ពិធីបុណ្យ​ជ្រមុជទឹក​មាន​ពីរផ្នែក ៖ គឺ​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ទឹក និង​ពិធីបុណ្យ​ជ្រមុជទឹក​ដោយ​ព្រះវិញ្ញាណ ។ នៅពេល​យើង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​បាន​ជ្រះស្អាត​ពី​អំពើបាប​របស់​យើង ដែល​ផ្ដល់​ឲ្យ​យើង​នូវ​ការចាប់ផ្ដើម​ថ្មី​ក្នុង​ជីវិត ។

  • បន្ទាប់ពី​យើង​បាន​ទទួល​បុណ្យជ្រមុជ​ដោយ​ទឹក នោះ យើង​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ពិធីបញ្ជាក់ ។

  • នៅពេល​យើង​ដើរ​តាម​មាគ៌ា​នៃ​ដំណឹងល្អ​យ៉ាង​ស្មោះត្រង់​ដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​យើង ព្រះ​សន្យា​ថា​យើង​នឹង​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។

បោះពុម្ព