បានប្រែចិត្តជឿដល់ព្រះអម្ចាស់
ការដឹងថា ដំណឹងល្អជាការពិត វាសំខាន់ដើម្បីមានទីបន្ទាល់ ។ ការនៅពិតត្រង់ដ៏ខ្ជាប់ខ្ជួនចំពោះដំណឹងល្អ គឺជាការសំខាន់សម្រាប់ការផ្លាស់ប្រែចិត្តជឿ ។
សាររបស់ខ្ញុំផ្ដោតលើទំនាក់ទំនង រវាងការទទួលទីបន្ទាល់ថា ព្រះយេស៊ូវជាព្រះគ្រីស្ទ និងការប្រែចិត្តជឿដល់ទ្រង់ និងដំណឹងល្អទ្រង់ ។ ជាធម្មតា យើងនិយាយពីប្រធានបទនៃទីបន្ទាល់ និងការប្រែចិត្តជឿ ដោយឡែក និងដោយឯករាជ ។ ទោះយ៉ាងណា យើងទទួលបានទស្សនវិស័យដ៏មានតម្លៃ និងការជឿជាក់ខាងវិញ្ញាណដែលកាន់តែអស្ចារ្យ ពេលយើងពិចារណាពីប្រធានបទដ៏សំខាន់ទាំងពីរនេះជាមួយគ្នា ។
ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធ នឹងដឹកនាំ និង ស្អាងយើងម្នាក់ៗ ។
ឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ?
យើងអាចរៀនច្រើន ពីទីបន្ទាល់ និងការប្រែចិត្តជឿ មកពីការបម្រើរបស់សាវកពេត្រុស ។
ពេលព្រះយេស៊ូវបានយាងមកដល់ក្រវល់ក្រុងសេសារា-ភីលីពហើយ ទ្រង់បានសួរសំណួរល្បងនេះ ទៅសិស្សទ្រង់ថា ៖ « ឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា ? »
ពេត្រុសបានឆ្លើយដោយត្រង់ថា ៖
« ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។
« រួចព្រះយេស៊ូវមានបន្ទូលតបថា អ្នកស៊ីម៉ូន កូនយ៉ូណាសអើយ អ្នកមានពរ ត្បិតមិនមែនជាសាច់ឈាម ដែលបានសម្ដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ » ( ម៉ាថាយ 16:15–17 ) ។
គំរូនៃការឆ្លើយតបរបស់ពេត្រុស និងបន្ទូលរបស់ព្រះអង្គសង្គ្រោះ បង្ហាញថា ទីបន្ទាល់គឺជាការចេះដឹងដោយផ្ទាល់ ពីសេចក្ដីពិតខាងវិញ្ញាណ ដែលទទួលបានតាមវិវរណៈ ។ ទីបន្ទាល់ជាអំណោយមកពីព្រះ ហើយមានដល់គ្រប់កូនចៅទ្រង់ ។ អ្នកណាដែលស្វែងរកសេចក្ដីពិតដោយស្មោះត្រង់ អាចទទួលបានទីបន្ទាល់ ដោយអនុវត្តជាចាំបាច់នូវ « សេចក្ដីជំនឿមួយភាគតូច » លើព្រះយេស៊ូវគ្រីស្ទ ( អាលម៉ា 32:27 ) ហើយ « ពិសោធគុណធម៌នៃព្រះបន្ទូល » ( អាលម៉ា 31:5 ) បន្ទន់ « តាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ » ( ម៉ូសាយ 3:19 ) ហើយភ្ញាក់ឡើងចំពោះព្រះ ( សូមមើល អាលម៉ា 5:7 ) ។ ទីបន្ទាល់នាំឲ្យកើនឡើងនូវការធានាខុសត្រូវផ្ទាល់ខ្លួន ហើយជាប្រភពនៃគោលបំណង ការអះអាង និងក្ដីអំណរ ។
ការស្វែងរក និងការទទួលបានទីបន្ទាល់ អំពីសេចក្ដីពិតខាងវិញ្ញាណ តម្រូវឲ្យមានការសួរ ស្វែងរក និងគោះ ( សូមមើល ម៉ាថាយ 7:7; នីហ្វៃទី3 14:7 ) ដោយចិត្តស្មោះ បំណងពិត និងជំនឿលើព្រះអង្គសង្គ្រោះ ( សូមមើល មរ៉ូណៃ 10:4 ) ។ ធាតុសំខាន់នៃទីបន្ទាល់ គឺការដឹងថា ព្រះវរបិតាសួគ៌មានព្រះជន្មរស់ ហើយស្រឡាញ់យើង ថាព្រះយេស៊ូវគ្រីស្ទជាអង្គសង្គ្រោះ និងថាភាពពោរពេញនៃដំណឹងល្អ ត្រូវបានស្ដារឡើងវិញលើផែនដី ក្នុងថ្ងៃចុងក្រោយនេះ ។
កាលណាអ្នកបានប្រែចិត្តជឿ
ពេលព្រះអង្គសង្គ្រោះបង្រៀនសិស្សទ្រង់ នៅឯអាហារចុងក្រោយបង្អស់ ទ្រង់បានមានបន្ទូលទៅពេត្រុសថា
« ស៊ីម៉ូនៗអើយ មើល សាតាំងបានចង់ ... រែងអ្នករាល់គ្នា ដូចជារែងអង្ករ ៖
« ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចម្រើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង » ( លូកា 22:31–32 ) ។
គួរឲ្យចាប់អារម្មណ៍ សាវកដ៏អស្ចារ្យនេះ បាននិយាយ និងបានដើរជាមួយលោកគ្រូ បានឃើញអព្ភូតហេតុជាច្រើន ហើយមានទីបន្ទាល់ដ៏រឹងមាំពីទេវភាពរបស់ព្រះអង្គសង្គ្រោះ ។ តែ សូម្បីតែ ពេត្រុសក៏ត្រូវការការណែនាំបន្ថែមពីព្រះយេស៊ូវ អំពីអំណាចនៃការប្រែចិត្តជឿ និងការធ្វើឲ្យបរិសុទ្ធពីព្រះវិញ្ញាណបរិសុទ្ធ និងពីកាតព្វកិច្ចរបស់លោក ក្នុងការបម្រើដោយស្មោះត្រង់ ។
លក្ខណៈគ្រឹះនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ តម្រូវឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាន និងជាអចិន្ត្រៃ ក្នុងចរិតធម្មជាតិរបស់យើង ដែលការផ្លាស់ប្ដូរនេះអាចកើតឡើងតាមរយៈដង្វាយធួនរបស់ព្រះអង្គសង្គ្រោះ ។ ការប្រែចិត្តជឿពិតនាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងការជឿ ក្នុងដួងចិត្ត និងក្នុងជីវិតមនុស្សម្នាក់ ឲ្យទទួលយក និងគោរពតាមព្រះហឫទ័យព្រះ ( សូមមើល កិច្ចការ 3:19; នីហ្វៃទី 3 9:20 ) ហើយរួមទាំងមនសិការក្នុងការធ្វើជាសិស្សរបស់ព្រះគ្រីស្ទ ។
ការប្រែចិត្តជឿជាការបង្កើន ការពង្រឹង និងការពង្រីកគ្រឹះនៃទីបន្ទាល់ ។ វាជាលទ្ធផលនៃវិវរណៈមកពីព្រះ រួមនឹងការប្រែចិត្ត ការប្រតិបត្តិ និងការឧស្សាហ៍ព្យាយាមផ្ទាល់ខ្លួន ។ អ្នកស្វែងរកសេចក្ដីពិតដ៏ស្មោះ អាចបានប្រែចិត្តជឿ ដោយការទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដ៏ធំក្នុងដួងចិត្ត និង បានកើតខាងឯវិញ្ញាណពីព្រះ ( សូមមើល អាលម៉ា 5:12–14 ) ។ ពេលយើងគោរពដល់ពិធីបរិសុទ្ធ និង សេចក្ដីសញ្ញានៃសេចក្ដីសង្គ្រោះ និង ភាពលើកតម្កើង ( សូមមើល គ. និង ស. 20:25 ) « ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ » ( នីហ្វៃទី 2 31:20 ) និង ស៊ូទ្រាំក្នុងជំនឿដល់ទីបញ្ចប់ ( សូមមើល គ. និង ស. 14:7 ) នោះយើងបានកើតជាថ្មីក្នុងព្រះគ្រីស្ទ ( សូមមើល កូរិនថូស ទី 2 5:17 ) ។ ការប្រែចិត្តជឿជាការថ្វាយខ្លួន ជាក្ដីស្រឡាញ់ និង ជាភក្ដីភាព របស់យើងដល់ព្រះ ក្នុងការដឹងគុណចំពោះអំណោយទាននៃទីបន្ទាល់ ។
គំរូនៃការប្រែចិត្តជឿ ក្នុងព្រះគម្ពីរមរមន
ព្រះគម្ពីរមរមនមានពេញដោយដំណើររឿង ពីការប្រែចិត្តជឿដែលបំផុសគំនិតទាំងឡាយ ។ អាម៉ាលេកៃជាកូនចៅយ៉ាកុប បានប្រកាសថា ៖ « ខ្ញុំចង់ឲ្យអ្នកមករកព្រះគ្រីស្ទ ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ហើយទទួលទាននូវសេចក្ដីសង្គ្រោះរបស់ទ្រង់ និង ព្រះចេស្ដានៃសេចក្ដីប្រោសលោះរបស់ទ្រង់ចុះ ។ មែនហើយ ចូរមករកទ្រង់ ហើយថ្វាយព្រលឹងអ្នកទាំងមូល ជាដង្វាយថ្វាយដល់ទ្រង់ » ( អោមណៃ 1:26 ) ។
ការដឹងដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺសំខាន់ និង ចាំបាច់ ។ តែ ការមកឯព្រះគ្រីស្ទដោយស្មោះអស់ពីចិត្ត និង ការថ្វាយព្រលឹងយើងទាំងមូលជាដង្វាយ គឺតម្រូវច្រើនជាងការដែលគ្រាន់តែដឹង ។ ការប្រែចិត្តជឿតម្រូវអស់ពីចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ( សូមមើល គ. និង ស. 4:2 ) ។
ប្រជាជនរបស់ស្ដេចបេនយ៉ាមីន បានឆ្លើយតបចំពោះការបង្រៀនរបស់ទ្រង់ ដោយស្រែកថា « ព្រះពរ យើងខ្ញុំជឿតាមពាក្យទាំងអស់ ដែលស្ដេចមានបន្ទូលមកកាន់ពួកយើង ហើយយើងខ្ញុំក៏ដឹងពីការជាក់លាក់ និង ការពិតនៃពាក្យទាំងនោះដែរ ពីព្រោះតែព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ដែលបាននាំមកនូវការផ្លាស់ប្ដូរយ៉ាងធំដ៏ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តិអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តិអំពើល្អជានិច្ចវិញ » ( ម៉ូសាយ 5:2 ) ។ ការទទួលយកពាក្យដែលបានមានបន្ទូល ការទទួលបានទីបន្ទាល់នៃភាពពេញលេញ និង ការអនុវត្តជំនឿលើព្រះគ្រីស្ទ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងធំក្នុងចិត្ត និង ការប្ដេជ្ញាចិត្តដ៏មាំមួន ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង ។
ពួកលេមិនដែលបានប្រែចិត្តជឿ នៅក្នុងគម្ពីរហេលេមិន ត្រូវបានពណ៌នាថា « ដើរតាមគន្លងនៃករណីយកិច្ចរបស់គេ ហើយគេបានដើរដោយប្រយ័ត្នប្រយែងនៅចំពោះព្រះ ហើយពួកគេប្រតិបត្តិតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ និង ក្រិតក្រមទាំងឡាយរបស់ទ្រង់ និង សេចក្ដីយុត្តិធម៌ទាំងឡាយរបស់ទ្រង់ ... ។
« ហើយពួកគេខ្នះខ្នែងព្យាយាមពុំឈប់ឈរ ដើម្បីគេអាចនាំបងប្អូនរបស់គេ ដែលនៅសល់ទាំងប៉ុន្មាន ឲ្យស្គាល់សេចក្ដីពិត » ( ហេលេមិន 15:5–6 ) ។
ដូចជាគំរូទាំងនេះចង្អុលបង្ហាញដែរ ចរិតលក្ខណៈចម្បងដែលទាក់ទងនឹងការប្រែចិត្តជឿ គឺការទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដ៏ធំនៅក្នុងចិត្តយើង ការមានចិត្តចង់ធ្វើល្អជានិច្ច ការបំពេញករណីយកិច្ច ការដើរដោយប្រយ័ត្នចំពោះព្រះ ការរក្សាបទបញ្ញត្តិ និង ការបម្រើដោយភាពឧស្សាហ៍គ្មាននឿយហត់ ។ ច្បាស់ណាស់ថា ព្រលឹងដ៏ស្មោះត្រង់ទាំងនេះមានភក្ដីភាពយ៉ាងជ្រាលជ្រៅចំពោះព្រះអម្ចាស់ និង ការបង្រៀនរបស់ទ្រង់ ។
ការដែលបានប្រែចិត្តជឿ
សម្រាប់យើងភាគច្រើន ការប្រែចិត្តជឿ ជាដំណើរការដែលកំពុងបន្ត មិនមែនជាហេតុការណ៍តែម្ដង ដែលបានមកពីបទពិសោធន៍ដ៏អស្ចារ្យមួយនោះទេ ។ ឃ្លាមួយម្ដងៗ និង ច្បាប់មួយម្ដងៗ បន្ដិចម្ដងៗ និង ស្ទើរតែមិនដឹង ការជម្រុញ គំនិត ពាក្យសម្ដី និង ទង្វើរបស់យើង ក្លាយទៅជាស្របនឹងព្រះទ័យព្រះ ។ ការប្រែចិត្តជឿដល់ព្រះអម្ចាស់ តម្រូវឲ្យមានទាំងភាពខ្ជាប់ខ្ជួន និង ការអត់ធ្មត់ ។
សាំយូអែលសាសន៍លេមិន បានកំណត់ធាតុមូលដ្ឋានប្រាំ ក្នុងការប្រែចិត្តជឿដល់ព្រះអម្ចាស់ ៖ (1) ជឿលើការបង្រៀន និង ការព្យាករណ៍នៃពួកព្យាការីដ៏បរិសុទ្ធ ដូចដែលត្រូវបានកត់ត្រាទុកក្នុងព្រះគម្ពីរ (2) អនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ (3) ប្រែចិត្ត (4) ទទួលបទពិសោធន៍នៃការផ្លាស់ប្ដូរដ៏ធំក្នុងចិត្ត និង (5) « រឹងប៉ឹង និង ខ្ជាប់ខ្ជួននៅក្នុងសេចក្ដីជំនឿ » ( សូមមើល ហេលេមិន 15:7–8 ) ។ នេះជាគំរូដែលនាំទៅកាន់ការប្រែចិត្តជឿ ។
ទីបន្ទាល់ និង ការប្រែចិត្តជឿ
ទីបន្ទាល់ជាការចាប់ផ្ដើម និង ជាតម្រូវការ ដើម្បីមានការប្រែចិត្តជឿជានិច្ច ។ ទីបន្ទាល់ជាចំណុចចាប់ផ្ដើម វាមិនមែនជាទិសដៅផ្ដាច់ព្រ័ត្រទេ ។ ការប្រែចិត្តជឿគឺសង់លើគ្រឹះទីបន្ទាល់ដ៏រឹងមាំ ។
ទីបន្ទាល់តែម្យ៉ាង វាមិនគ្រប់គ្រាន់ ដើម្បីការពារយើង ក្នុងព្យុះនៃភាពងងឹត និង សេចក្ដីអាក្រក់នៅថ្ងៃចុងក្រោយ ដែលយើងរស់នៅបានទេ ។ ទីបន្ទាល់គឺសំខាន់ និង ចាំបាច់ តែមិនគ្រប់គ្រាន់ ដើម្បីផ្ដល់កម្លាំង និង ការការពារខាងវិញ្ញាណ ដែលយើងត្រូវការបាននោះទេ ។ សមាជិកសាសនាចក្រមួយចំនួន ដែលមានទីបន្ទាល់ បានចុះទន់ខ្សោយ និង ចាកចេញពីព្រះវិហារ ។ ការចេះដឹងខាងវិញ្ញាណ និង ការតាំងចិត្តរបស់គេ មិនសមល្មមទៅនឹងឧបសគ្គដែលពួកគេប្រឈមមុខទេ ។
មេរៀនសំខាន់មួយ អំពីទំនាក់ទំនងរវាងទីបន្ទាល់ និង ការប្រែចិត្តជឿ ត្រូវបានបង្ហាញក្នុងការបម្រើជាអ្នកផ្សាយសាសនារបស់ពួកបុត្រានៃម៉ូសាយ ។
« មនុស្សជាច្រើនដែលត្រូវបាននាំមកឲ្យស្គាល់សេចក្ដីពិត តាមរយៈការផ្សាយរបស់អាំម៉ូន និង បងប្អូនលោក ស្របតាមវិញ្ញាណនៃវិវរណៈ និង វិញ្ញាណនៃការព្យាករណ៍ និង ព្រះចេស្ដានៃព្រះ ដែលសម្ដែងអព្ភូតហេតុនៅក្នុងពួកគេ---មែនហើយ ... ដរាបណាព្រះអម្ចាស់ទ្រង់មានព្រះជន្មរស់នៅ គឺដរាបណាមានពួកលេមិនជាច្រើនបានជឿតាមការផ្សាយរបស់ពួកគេ ហើយបានប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះពួកគេពុំបោះបង់ចោលសាសនាឡើយ ។
« ព្រោះពួកគេបានក្លាយទៅជាប្រជាជនមួយដ៏សុចរិត ពួកគេបានដាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់ពួកគេចុះ ដែលកុំឲ្យពួកគេប្រយុទ្ធនឹងព្រះ ឬ តតាំងនឹងបងប្អូនរបស់គេទៀតឡើយ ... ។
« ឥឡូវនេះ ពួកអ្នកទាំងនេះហើយ ដែលបានប្រែចិត្តជឿដល់ព្រះអម្ចាស់ » ( អាលម៉ា 23:6–8 ) ។
ធាតុចម្បងពីរដែលបានពណ៌នាក្នុងខទាំងនេះគឺ ៖ (1) ការចេះដឹងអំពីសេចក្ដីពិត ដែលអាចត្រូវបានយល់ថាជា ទីបន្ទាល់មួយ និង (2) បានប្រែចិត្តជឿដល់ព្រះអម្ចាស់ ដែលខ្ញុំយល់ថា ជាការប្រែចិត្តជឿដល់ព្រះអង្គសង្គ្រោះ និង ដំណឹងល្អទ្រង់ ។ ហេតុនោះហើយ ការរួមផ្សំដ៏មានអំណាចនេះ គឺទាំងទីបន្ទាល់ និង ការប្រែចិត្តជឿដល់ព្រះអម្ចាស់ បានបង្កើតនូវភាពរឹងប៉ឹង និង ភាពខ្ជាប់ខ្ជួន ហើយផ្ដល់នូវការការពារខាងវិញ្ញាណ ។
ពួកគេមិនបានធ្លាក់ចេញឡើយ ហើយបានទម្លាក់ « គ្រឿងសស្ត្រាវុធនៃការបះបោររបស់គេ ពួកគេមិនបានប្រឆាំងនឹងព្រះទៀតទេ » ។ ការទុកចោលនូវ « គ្រឿងសស្ត្រាវុធនៃការបះបោរ » ជាទីស្រឡាញ់ ដូចជាភាពអាត្មានិយម ការឆ្មើងឆ្មៃ និង ការមិនគោរពប្រតិបត្តិ តម្រូវច្រើនជាងគ្រាន់តែការជឿ និង ការដឹង ។ ការជឿក៏ខ្លាំង ការបន្ទាបខ្លួន ការប្រែចិត្ត និង ការព្រមស្ដាប់តាម ត្រូវមកមុនការទម្លាក់គ្រឿងសស្ត្រាវុធនៃការបះបោររបស់យើងចោល ។ តើអ្នក និង រូបខ្ញុំនៅតែជាម្ចាស់នៃគ្រឿងសស្ត្រាវុធ ដែលរារាំងមិនឲ្យយើងបានប្រែចិត្តជឿដល់ព្រះអម្ចាស់ ដែលឬទេ ? បើដូច្នោះ នោះយើងត្រូវតែប្រែចិត្ត ឥឡូវនេះ ។
ចូរកត់សម្គាល់ថា សាសន៍លេមិនមិនបានប្រែចិត្តជឿដល់ពួកអ្នកផ្សាយសាសនា ដែលបានបង្រៀនគេ ឬ ដល់កម្មវិធីដ៏អស្ចារ្យរបស់សាសនាចក្រនោះទេ ។ ពួកគេមិនបានប្រែចិត្តជឿដល់បុគ្គលិកលក្ខណៈនៃអ្នកដឹកនាំរបស់គេ ឬ ដល់ការរក្សាកេរដំណែលវប្បធម៌ ឬ ដល់សណ្ដាប់នៃពួកអយ្យកោរបស់គេឡើយ ។ ពួកគេបានប្រែចិត្តជឿដល់ព្រះអម្ចាស់---ដល់ទ្រង់ជាព្រះអង្គសង្គ្រោះ និង ដល់ទេវភាព និង គោលលិទ្ធិទ្រង់---ហើយពួកគេមិនដែលធ្លាក់ចេញឡើយ ។
ទីបន្ទាល់ជាការចេះដឹងខាងវិញ្ញាណពីសេចក្ដីពិត ដែលទទួលបានតាមរយៈព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ។ ការប្រែចិត្តជឿបន្តជាប់ជានិច្ច ជាភក្ដីភាពដ៏ខ្ជាប់ខ្ជួនដល់សេចក្ដីពិតដែលបានបើកសម្ដែង ដែលយើងបានទទួល---ជាមួយនឹងដួងចិត្តដែលស្ម័គ្រ និង សម្រាប់ហេតុផលសុចរិត ។ ការដឹងថា ដំណឹងល្អជាការពិត វាសំខាន់ដើម្បីមានទីបន្ទាល់ ។ ការនៅពិតត្រង់ដ៏ខ្ជាប់ខ្ជួនចំពោះដំណឹងល្អ គឺជាការសំខាន់សម្រាប់ការផ្លាស់ប្រែចិត្តជឿ ។ យើងត្រូវដឹងថា ដំណឹងល្អគឺពិត ហើយពិតត្រង់ចំពោះដំណឹងល្អ ។
ទីបន្ទាល់ ការប្រែចិត្តជឿ និង រឿងប្រៀបធៀបនៃស្រីព្រហ្មចារីទាំងដប់នាក់
ឥឡូវ ខ្ញុំចង់ប្រើនូវការបកស្រាយមួយដែលអាចកើតបាន ពីរឿងប្រៀបធៀបនៃស្រីព្រហ្មចារីទាំងដប់នាក់ ដើម្បីបញ្ជាក់ពីទំនាក់ទំនង រវាងទីបន្ទាល់ និង ការប្រែចិត្តជឿ ។ ស្រីព្រហ្មចារីដប់នាក់ មានប្រាំនាក់ឆ្លាតវៃ និង ប្រាំនាក់ល្ងង់ បានយកចង្កៀងរបស់គេ ហើយបានទៅជួបកូនកំលោះ ។ សូមគិតពីចង្កៀង ដែលពួកស្រីព្រហ្មចារីប្រើ ថាជាចង្កៀងនៃទីបន្ទាល់ ។ ស្រីព្រហ្មចារីដែលល្ងង់ បានយកចង្កៀងនៃទីបន្ទាល់របស់គេ តែពុំបានយកប្រេងទៅជាមួយទេ ។ សូមគិតពីប្រេងថាជា ប្រេងនៃការប្រែចិត្តជឿ ។
« ឯពួកនាងមានគំនិតវិញ គេបានយកទាំងចង្កៀង ហើយនឹងប្រេង [ នៃទីបន្ទាល់ ] ដាក់ក្នុងដបទៅជាមួយផង ។
« តែដោយប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ ។
« លុះដល់ពាក់កណ្ដាលអធ្រាត្រ ស្រាប់តែឮសូរសម្រែកថា នែ ប្ដីមកហើយ ចូរចេញទៅទទួលចុះ ។
« ស្រីព្រហ្មចារីទាំងឡាយក៏ភ្ញាក់ឡើង រៀបចំចង្កៀង [ នៃទីបន្ទាល់ ] រៀងរាល់ខ្លួន ។
« ឯពួកនាងដែលល្ងង់ គេនិយាយទៅពួកនាងមានគំនិតថា សូមចែកប្រេង [ ជាប្រេងនៃការប្រែចិត្តជឿ ] មកឲ្យយើងផង ព្រោះចង្កៀង [ នៃទីបន្ទាល់យើងខ្សោយ និង ] ចង់រលត់ហើយ ។
« តែពួកនាងដែលមានគំនិតឆ្លើយថា ទេ ក្រែងគ្មានល្មមដល់យើង ហើយនិងនាងរាល់គ្នាផង ស៊ូទៅឯផ្ទះលក់ប្រេង ទិញសម្រាប់ខ្លួនវិញទៅ » ( ម៉ាថាយ 25:4–9 ) ។
តើស្រីក្រមុំឆ្លាតវៃទាំងប្រាំ អាត្មានិយម ហើយមិនចង់ចែកចាយ ឬ ពួកគេបង្ហាញយ៉ាងត្រឹមត្រូវថា ប្រេងនៃការប្រែចិត្តជឿ ពុំអាចខ្ចីបានឬ ? តើកម្លាំងខាងវិញ្ញាណ ដែលបានមកពីការគោរពប្រតិបត្តិដល់បទបញ្ញាត្តិយ៉ាងខ្ជាប់ខ្ជួន អាចប្រគល់ឲ្យទៅមនុស្សម្នាក់ផ្សេងទៀតបានទេ ? តើការចេះដឹងដែលបានមកពីការសិក្សាដ៏ឧស្សាហ៍ និង ការពិចារណាព្រះគម្ពីរ អាចប្រគល់ទៅមនុស្សដែលត្រូវការវាបានទេ ? តើភាពសុខសាន្ត ដែលដំណឹងល្អនាំមកដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយដែលស្មោះត្រង់ អាចត្រូវបានផ្ទេរឲ្យទៅបុគ្គលម្នាក់ដែលជួបការលំបាក ឬ ឧបគ្គសដ៏ធំឬទេ ? ចម្លើយដ៏ច្បាស់សម្រាប់សំណួរនីមួយៗនេះ គឺ មិនអាចទេ ។
ដូចស្រីព្រហ្មចារីឆ្លាតវៃបានសង្កត់បញ្ជាក់យ៉ាងត្រឹមត្រូវថា យើងម្នាក់ៗត្រូវតែ « ទិញសម្រាប់ខ្លួនយើង » ។ ស្ត្រីដ៏ប្រកបដោយការបំផុសគំនិតទាំងនេះ ពុំបានពណ៌នាពីការលក់ដូរនោះទេ តែពួកគេបានសង្កត់បញ្ជាក់ពីទំនួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង ក្នុងការរក្សាចង្កៀងនៃទីបន្ទាល់របស់យើងឲ្យនៅតែឆេះ និង ក្នុងការទទួលបាននូវការផ្គត់ផ្គង់ប្រេងនៃការប្រែចិត្តជឿ ឲ្យបានគ្រប់គ្រាន់ ។ ប្រេងដ៏មានតម្លៃនេះ បានមកមួយតំណក់ម្ដងៗ---« មួយបន្ទាត់ម្ដងៗ [ និង ] មួយសិក្ខាបទម្ដងៗ » ( នីហ្វៃទី 2 28:30 ) ដោយអត់ធ្មត់ និង ខ្ជាប់ខ្ជួន ។ គ្មានផ្លូវកាត់ទេ គ្មានការរៀបចំភ្លាមៗនោះទេ ។
« ហេតុដូច្នេះហើយ ចូរមានចិត្តស្មោះត្រង់ ដោយអធិស្ឋានជានិច្ច ដោយមានចង្កៀងបង្កាត់ ហើយឆេះ ហើយមានប្រេងនៅជាមួយផង ដើម្បីឲ្យអ្នកអាចបានប្រុងប្រៀបជាស្រេច ក្នុងកាលការយាងមកនៃប្ដីថ្មោងថ្មី » ( គ. និង ស. 33:17 ) ។
ទីបន្ទាល់
ខ្ញុំសន្យាថា ពេលយើងមានការចេះដឹងពីសេចក្ដីពិត និង បានប្រែចិត្តជឿដល់ព្រះអម្ចាស់ នោះយើងនឹងនៅរឹងប៉ឹង និង ខ្ជាប់ខ្ជួន និង មិនដែលធ្លាក់ឡើយ ។ យើងនឹងចង់ទុកចោលគ្រឿងសស្ត្រាវុធនៃការបះបោររបស់យើង ។ យើងនឹងទទួលពរជ័យ ដោយមាននូវពន្លឺដ៏ភ្លឺពីចង្កៀងនៃទីបន្ទាល់របស់យើង និង ការផ្គត់ផ្គត់យ៉ាងបរិបូណ៌នូវប្រេងនៃការប្រែចិត្តជឿ ។ ហើយពេលយើងម្នាក់ៗ កាន់តែប្រែចិត្តជឿពេញលេញហើយ នោះយើងនឹងពង្រឹងគ្រួសារយើង មិត្តយើង និង អ្នកដែលយើងស្គាល់ ។ខ្ញុំថ្លែងទីបន្ទាល់អំពីសេចក្ដីពិតទាំងនេះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ អាម៉ែន ។