ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងនៃយុវជន
សូមដាក់ទីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់នឹងដឹកនាំបងប្អូនលើផ្លូវត្រឹមត្រូវ ។ ទ្រង់គឺជាកម្លាំងរបស់បងប្អូន ។
ក្នុងការរៀបចំសម្រាប់សារលិខិតនេះនៅថ្ងៃនេះ ខ្ញុំមានអារម្មណ៍នៃការបំផុសគំនិតដ៏ខ្លាំង ដើម្បីថ្លែងទៅកាន់យុវនារី និងយុវជន ។
ខ្ញុំក៏កំពុងនិយាយទៅកាន់បងប្អូនដែលធ្លាប់ជាក្មេង ព្រមទាំងបងប្អូនដែលមិនអាចចងចាំពីកុមារភាពបានផងដែរ ។
ហើយខ្ញុំនិយាយទៅកាន់អស់អ្នកដែលស្រឡាញ់យុវវ័យរបស់យើង ហើយចង់ឲ្យពួកគេទទួលបានជោគជ័យក្នុងជីវិត ។
សម្រាប់ជំនាន់កំពុងពេញវ័យ ខ្ញុំមានសារលិខិតមួយជាពិសេសសម្រាប់អ្នក មកពីព្រះអង្គសង្គ្រោះរបស់អ្នកគឺព្រះយេស៊ូវគ្រីស្ទ ។
សារលិខិតរបស់ព្រះអង្គសង្គ្រោះសម្រាប់អ្នក
មិត្តសម្លាញ់របស់ខ្ញុំអើយ ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះឥឡូវនេះ តើទ្រង់នឹងមានបន្ទូលអ្វីខ្លះទៅកាន់អ្នក ?
ខ្ញុំជឿថា ទ្រង់នឹងចាប់ផ្តើមដោយការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ទ្រង់ចំពោះអ្នក ។ ទ្រង់ប្រហែលមានបន្ទូលជាពាក្យសម្ដី ប៉ុន្តែវាក៏មានកម្លាំងខ្លាំងក្លា—គឺដោយសារតែវត្តមានទ្រង់—ដែលមិនអាចបំភាន់បាន ប៉ះដល់ជម្រៅបេះដូងអ្នក បំពេញព្រលឹងអ្នកទាំងមូល !
ប៉ុន្តែដោយសារយើងទាំងអស់គ្នាទន់ខ្សោយ និងមិនល្អឥតខ្ចោះ នោះការព្រួយបារម្ភមួយចំនួនអាចនឹងជ្រៀតចូលមកក្នុងគំនិតរបស់អ្នក ។ អ្នកប្រហែលជាចងចាំពីកំហុសដែលអ្នកបានធ្វើ គ្រានានាដែលអ្នកបានធ្លាក់ទៅក្នុងការល្បួង កិច្ចការដែលអ្នកមិនចង់ធ្វើ—ឬបានប៉ងប្រាថ្នាថា អ្នកចង់ធ្វើវាឲ្យបានល្អប្រសើរឡើង ។
ព្រះអង្គសង្គ្រោះបានជ្រាបដឹងពីរឿងនោះ ហើយខ្ញុំជឿថា ទ្រង់បានបញ្ជាក់ដល់អ្នកជាមួយព្រះបន្ទូលដែលទ្រង់បានមានបន្ទូលនៅក្នុងព្រះគម្ពីរថា ៖
« ចូរកុំឲ្យភ័យខ្លាចឡើយ » ។១
« ចូរកុំសង្ស័យ » ។២
« ចូរសង្ឃឹមឡើង »៣
« កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ » ។៤
ខ្ញុំមិនគិតថា ទ្រង់នឹងបដិសេធចំពោះកំហុសរបស់អ្នកទេ ។ ទ្រង់នឹងមិនកាត់បន្ថយកំហុសទាំងនោះឡើយ ។ ទេ ទ្រង់នឹងសុំឲ្យអ្នកប្រែចិត្ត—ពោលគឺលះបង់ចោលអំពើបាបរបស់អ្នក ផ្លាស់ប្ដូរ ដើម្បីទ្រង់អាចអភ័យទោសដល់អ្នកបាន ។ ទ្រង់នឹងរំឭកអ្នកថា កាលពី ២០០០ ឆ្នាំមុនទ្រង់បានយកអំពើបាបទាំងនោះដាក់លើព្រះអង្គទ្រង់ ដើម្បីឲ្យអ្នក អាច ប្រែចិត្តបាន ។ នោះគឺជាផ្នែកមួយនៃផែនការនៃសុភមង្គល ដែលបានប្រទានដល់យើងពីព្រះវរបិតាសួគ៌ដ៏ពេញដោយក្តីស្រឡាញ់ ។
ព្រះយេស៊ូវអាចបង្ហាញថា សេចក្ដីសញ្ញារបស់អ្នកជាមួយទ្រង់—បានធ្វើឡើងនៅពេលអ្នកជ្រមុជទឹក ហើយរំឭកឡើងវិញរាល់ពេលដែលអ្នកបានទទួលទានសាក្រាម៉ង់—ផ្តល់ដល់អ្នកនូវទំនាក់ទំនងពិសេសជាមួយទ្រង់ ។ ទំនាក់ទំនងបែបនេះដែលព្រះគម្ពីរបានពិពណ៌នាថា ត្រូវទទួលនឹមរួមគ្នា ដើម្បីអ្នកអាចរែកបន្ទុកណាមួយក៏បាន ដោយមានជំនួយពីទ្រង់ ។៥
ខ្ញុំជឿថា ព្រះអង្គសង្រ្គោះព្រះយេស៊ូវគ្រីស្ទសព្វព្រះទ័យឲ្យអ្នកមើលឃើញ ទទួលអារម្មណ៍ និងដឹងថា ទ្រង់ជាកម្លាំងរបស់អ្នក ។ ដោយមានជំនួយរបស់ទ្រង់ នោះនឹងគ្មានដែនកំណត់ចំពោះអ្វីដែលអ្នកអាចសម្រេចបាននោះទេ ។ ដោយមានជំនួយរបស់ទ្រង់ សក្តានុពលរបស់អ្នកគឺគ្មានដែនកំណត់ឡើយ ។ ទ្រង់សព្វព្រះទ័យឲ្យអ្នកមើលឃើញខ្លួនឯងដូចដែលទ្រង់ទតឃើញអ្នក ។ ដែលវាខុសពីគ្នាយ៉ាងខ្លាំងពីរបៀបដែលពិភពលោកមើលឃើញអ្នក ។
ព្រះអង្គសង្គ្រោះបានប្រកាសយ៉ាងច្បាស់លាស់ថា អ្នកគឺជាបុត្រី ឬបុត្រារបស់ព្រះដ៏មានព្រះឥទ្ធិឫទ្ធិ ។ ព្រះវរបិតាសួគ៌របស់អ្នកគឺជាអង្គដ៏រុងរឿងបំផុតក្នុងសកលលោក ពេញដោយសេចក្តីស្រឡាញ់ អំណរ ស្មោះត្រង់ បរិសុទ្ធ ពន្លឺ ព្រះគុណ និងសេចក្តីពិត ។ ហើយថ្ងៃមួយ ទ្រង់សព្វព្រះទ័យឲ្យអ្នកគ្រងមរតកនូវអ្វីៗទាំងអស់ដែលទ្រង់មាន ។៦
នោះជាមូលហេតុដែលអ្នកមកនៅទីនេះលើផែនដីនេះ—ដើម្បីរៀន លូតលាស់ និងរីកចម្រើន ហើយក្លាយជាអ្វីៗគ្រប់យ៉ាងដែលព្រះវរបិតាសួគ៌របស់អ្នកដែលគង់នៅស្ថានសួគ៌បានបង្កើតអ្នកសម្រាប់គោលបំណងនោះ ។
ដើម្បីឲ្យរឿងនេះធ្វើទៅបាន ទ្រង់បានចាត់ព្រះយេស៊ូវគ្រីស្ទធ្វើជាព្រះអង្គសង្រ្គោះរបស់អ្នក ។ នោះគឺជាគោលបំណងដែលបង្កប់ក្នុងផែនការនៃសុភមង្គលដ៏មហិមារបស់ទ្រង់ សាសនាចក្ររបស់ទ្រង់ បព្វជិតភាពរបស់ទ្រង់ ព្រះគម្ពីរ—ពោលគឺទាំងអស់ ។
នោះ គឺជាជោគវាសនារបស់អ្នក ។ នោះ គឺជាអនាគតរបស់អ្នក ។ នោះគឺជាជម្រើសរបស់អ្នក !
សេចក្ដីពិត និងជម្រើស
ចំណុចសំខាន់នៃផែនការរបស់ព្រះសម្រាប់សុភមង្គលរបស់អ្នក គឺជាអំណាចរបស់អ្នកក្នុងការជ្រើសរើស ។៧ ប្រាកដណាស់ ព្រះវរបិតាសួគ៌របស់អ្នកសព្វព្រះទ័យឲ្យអ្នកជ្រើសរើសអំណរដ៏អស់កល្បជានិច្ចជាមួយនឹងទ្រង់ ហើយទ្រង់នឹងជួយអ្នកឲ្យសម្រេចបានអំណរនោះ ប៉ុន្តែទ្រង់នឹងមិនដែលបង្ខំអ្នកចំពោះរឿងនេះឡើយ ។
ដូច្នេះទ្រង់អនុញ្ញាតឲ្យអ្នកជ្រើសរើស ៖ ពន្លឺ ឬភាពងងឹត ? ល្អ ឬអាក្រក់ ? អំណរ ឬទុក្ខវេទនា ? ជីវិតអស់កល្ប ឬការស្លាប់ខាងវិញ្ញាណ ?៨
វាហាក់ដូចជាជម្រើសមួយដែលងាយស្រួល ពិតមែនទេ ? ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅលើផែនដីនេះ វាហាក់ដូចជាស្មុគស្មាញជាងភាពពិតដែលគួរតែមាន ។
បញ្ហានោះគឺថា យើងមើលមិនឃើញអ្វីៗបានច្បាស់ ដូចដែលយើងចង់បាននោះទេ ។ សាវកប៉ុលបានប្រៀបធៀបវាទៅនឹងការមើល « ឃើញបែបស្រអាប់ដូចជាដោយសារកញ្ចក់ » ។៩ មានភាពច្របូកច្របល់ជាច្រើននៅក្នុងពិភពលោកនេះអំពីអ្វីដែលត្រូវ និងអ្វីដែលខុស ។ សេចក្ដីពិតត្រូវបានបង្វែរ ដើម្បីធ្វើឲ្យអំពើអាក្រក់ហាក់ដូចជាល្អ ហើយអំពើល្អហាក់ដូចជាអាក្រក់វិញ ។១០
ប៉ុន្តែនៅពេលដែលអ្នកស្វែងរកសេចក្តីពិតដោយស្មោះត្រង់—គឺសេចក្តីពិតអស់កល្ប សេចក្តីពិតដែលមិនផ្លាស់ប្តូរ—នោះជម្រើសរបស់អ្នកមានកាន់តែច្បាស់លាស់ជាងមុន ។ ប្រាកដណាស់ អ្នកនៅតែមានការល្បួង និងការសាកល្បង ។ រឿងអាក្រក់នៅតែកើតមាន ។ រឿងគ្មានហេតុផលនៅតែកើតមាន ។ សោកនាដកម្មនៅតែកើតមាន ។ ប៉ុន្តែអ្នកអាចគ្រប់គ្រងវាបាន ពេលអ្នកដឹងថា ខ្លួនឯងជានរណា ហេតុអ្វីអ្នកនៅទីនេះ និងពេលអ្នកទុកចិត្តលើព្រះ ។
ដូច្នេះតើអ្នកស្វែងរកសេចក្ដីពិតនៅឯណា ?
សេចក្តីពិតនោះមាននៅក្នុងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ហើយភាពពោរពេញនៃដំណឹងល្អនោះ ត្រូវបានបង្រៀននៅក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។
ព្រះយេស៊ូវមានព្រះបន្ទូលថា « ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ » ។១១
នៅពេលអ្នកមានជម្រើសសំខាន់ៗដើម្បីជ្រើសរើស នោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់ គឺជាជម្រើសដ៏ល្អបំផុត ។ នៅពេលអ្នកមានសំណួរ នោះព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់គឺជាចម្លើយដ៏ល្អបំផុត ។ ពេលអ្នកមានអារម្មណ៍ទន់ខ្សោយ ព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។
ទ្រង់ចម្រើនកម្លាំងដល់អ្នកដែលល្វើយ និងដល់អ្នកដែលមានអារម្មណ៍ថាគ្មានកម្លាំង ទ្រង់បង្កើនកម្លាំង ។
ពួកអ្នកដែលរង់ចាំព្រះអម្ចាស់នឹងត្រូវបានបំពេញកម្លាំងឡើងវិញដោយកម្លាំងរបស់ទ្រង់ ។១២
ដើម្បីកម្លាំងនៃយុវជន
ដើម្បីជួយអ្នកស្វែងរកផ្លូវ និងដើម្បីជួយអ្នកធ្វើឲ្យគោលលទ្ធិរបស់ព្រះគ្រីស្ទ ក្លាយជាឥទ្ធិពលដឹកនាំក្នុងជីវិតរបស់អ្នក នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានរៀបចំធនធានថ្មីមួយដែលជាកំណែកែសម្រួលនៃសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។
អស់រយៈពេលជាង ៥០ ឆ្នាំមកហើយសៀវភៅ ដើម្បីកម្លាំងនៃយុវជន ក្លាយជាមគ្គុទ្ទេសក៍មួយសម្រាប់យុវវ័យពួកបរិសុទ្ធថ្ងៃចុងក្រោយជាច្រើនជំនាន់ ។ ខ្ញុំរក្សាទុកសៀវភៅនេះមួយក្បាលនៅក្នុងហោប៉ៅរបស់ខ្ញុំជានិច្ច ហើយខ្ញុំចែកចាយវាជាមួយមនុស្សដែលចង់ដឹងពីបទដ្ឋានរបស់យើង ។ វាត្រូវបានធ្វើបច្ចុប្បន្នភាព និងកែសម្រួលដើម្បីដោះស្រាយបញ្ហា និងការល្បួងនៅជំនាន់របស់យើងឲ្យបានប្រសើរជាងមុន ។ កំណែថ្មីនៃសៀវភៅ ដើម្បីកម្លាំងនៃយុវជន នេះមាន៥០ភាសារផ្សេងៗគ្នានៅលើអនឡាញហើយក៏មានបោះពុម្ភផងដែរ ។ វានឹងក្លាយជាជំនួយដ៏សំខាន់ក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅក្នុងជីវិតរបស់អ្នក ។ សូមយកសៀវភៅនេះទុកសម្រាប់ខ្លួនឯង ហើយចែកចាយវាជាមួយមិត្តភក្តិរបស់អ្នក ។
កំណែថ្មីនៃសៀវភៅ ដើម្បីកម្លាំងនៃយុវជន នេះត្រូវបានដាក់ចំណងជើងរងថា សេចក្តីណែនាំដើម្បីធ្វើការជ្រើសរើស ។
ដើម្បីឲ្យកាន់តែច្បាស់នោះគឺថា សេចក្តីណែនាំដ៏ល្អបំផុតដែលអ្នកអាចមានសម្រាប់ធ្វើការជ្រើសរើសគឺ ព្រះយេស៊ូវគ្រីស្ទ ។ ព្រះយេស៊ូវគ្រីស្ទ គឺជា កម្លាំងនៃយុវជន ។
ដូច្នេះគោលបំណងនៃសៀវភៅ ដើម្បីកម្លាំងនៃយុវជន គឺដើម្បីចង្អុលបង្ហាញអ្នកទៅកាន់ទ្រង់ ។ វាបង្រៀនអ្នកអំពីសេចក្ដីពិតដ៏អស់កល្បជានិច្ចនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ទ្រង់—សេចក្ដីពិតអំពីអ្នក អំពីទ្រង់ និងអ្វីដែលបងប្អូនអាចសម្រេចបានដោយមានកម្លាំងរបស់ទ្រង់ ។ វាបង្រៀនអ្នកអំពីរបៀបធ្វើការជ្រើសរើសដ៏សុចរិត ដោយផ្អែកលើសេចក្ដីពិតដ៏អស់កល្បទាំងនោះ ។១៣
វាក៏សំខាន់ផងដែរដើម្បីដឹងពីអ្វីដែលសៀវភៅ ដើម្បីកម្លាំងនៃយុវជនមិនបានធ្វើ ។ វាមិនធ្វើការសម្រេចចិត្តជំនួសអ្នកទេ ។ វាមិនផ្តល់ចម្លើយ « មែន » ឬ « ទេ » ដល់អ្នកចំពោះគ្រប់ជម្រើសដែលអ្នកអាចជួបប្រទះនោះទេ ។ សៀវភៅ ដើម្បីកម្លាំងនៃយុវជន ផ្តោតលើមូលដ្ឋានគ្រឹះសម្រាប់ជម្រើសរបស់អ្នក ។ វាផ្តោតទៅលើគុណតម្លៃ គោលការណ៍ និងគោលលទ្ធិ ជំនួសឲ្យគ្រប់ឥរិយាបថជាក់លាក់ ។
តាមរយៈពួកព្យាការីរបស់ទ្រង់ ព្រះអម្ចាស់តែងតែដឹកនាំយើងក្នុងទិសដៅនោះ ។ ទ្រង់កំពុងអង្វរយើងឲ្យ « បង្កើនលទ្ធភាពខាងវិញ្ញាណ [ របស់យើង ] ដើម្បីទទួលវិវរណៈ » ។១៤ ទ្រង់កំពុងអញ្ជើញយើងឲ្យ « ស្តាប់ទ្រង់ » ។១៥ ទ្រង់កំពុងហៅយើងឲ្យធ្វើតាមទ្រង់តាមរបៀបកាន់តែខ្ពង់ខ្ពស់ និងកាន់តែបរិសុទ្ធ ។១៦ ហើយយើងកំពុងរៀនសូត្រតាមរបៀបស្រដៀងគ្នានេះ ជារៀងរាល់សប្តាហ៍នៅក្នុងសៀវភៅ ចូរមកតាមខ្ញុំ ។
ខ្ញុំគិតថា សេចក្តីណែនាំនេះអាចផ្តល់ឲ្យអ្នកនូវបញ្ជីដ៏វែងអំពីសម្លៀកបំពាក់ដែលអ្នកមិនគួរពាក់ ពាក្យសម្តីដែលអ្នកមិនគួរនិយាយ និងភាពយន្តដែលអ្នកមិនគួរមើល ។ ប៉ុន្ដែតើចំណុចទាំងនោះពិតជាមានប្រយោជន៍ដល់សាសនាចក្រនៅទូទាំងពិភពលោកដែរឬទេ ? តើវិធីសាស្ត្របែបនេះពិតជានឹងរៀបចំអ្នកសម្រាប់ការរស់នៅក្នុងជីវិតដូចជាព្រះគ្រីស្ទដែរឬទេ ?
យ៉ូសែប ស្ម៊ីធ មានប្រសាសន៍ថា « ខ្ញុំបង្រៀនពួកគេនូវគោលការណ៍ត្រឹមត្រូវ ហើយពួកគេគ្រប់គ្រងខ្លួនគេ » ។១៧
ហើយស្ដេចបេនយ៉ាមីនបានប្រាប់រាស្ត្ររបស់ទ្រង់នៅក្នុងព្រះគម្ពីរមរមនថា « យើងពុំអាចប្រាប់អ្នករាល់គ្នាឲ្យអស់នូវការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាអាចប្រព្រឹត្តអំពើបាបនោះទេ ព្រោះមានផ្លូវ និងបែបផ្សេងៗគ្នា គឺមានជាច្រើនណាស់ ដែលយើងពុំអាចរៀបរាប់បានឡើយ »១៨
ស្តេចបេនយ៉ាមីនបានបន្តថ្លែងថា « ប៉ុន្តែយើងអាចនិយាយប្រាប់អ្នកតែប៉ុណ្ណោះ … ប្រយ័ត្ន ខ្លួនទាំងគំនិតរបស់ខ្លួន និងពាក្យសម្តីរបស់ខ្លួន និងកិច្ចការរបស់ខ្លួន ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ហើយបន្តទៅក្នុងសេចក្តីជំនឿនៃ … ព្រះអម្ចាស់របស់យើង រហូតដល់ថ្ងៃចុងក្រោយនៃជីវិតខ្លួន » ។១៩
តើវាខុសទេដែលមានច្បាប់នោះ ? ប្រាកដណាស់ វាមិនខុសទេ ។ យើងទាំងអស់គ្នាត្រូវការច្បាប់ទាំងនោះជារៀងរាល់ថ្ងៃ ។ ប៉ុន្តែវាជាការខុសឆ្គងដែលផ្តោតតែលើច្បាប់ ជំនួសឲ្យការផ្តោតទៅលើព្រះអង្គសង្គ្រោះ ។ អ្នកត្រូវដឹងពីមូលហេតុ និងរបៀបនានា ហើយបន្ទាប់មកពិចារណាពីផលវិបាកនៃជម្រើសរបស់ខ្លួន ។ អ្នកត្រូវតែទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ ។ ទ្រង់នឹងដឹកនាំអ្នកលើផ្លូវត្រឹមត្រូវ ។ ទ្រង់គឺជាកម្លាំងរបស់អ្នក ។២០
អំណាចនៃគោលលទ្ធិពិត
សៀវភៅ ដើម្បីកម្លាំងនៃយុវជន សំខាន់ក្នុងការប្រកាសពីគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាសំខាន់ក្នុងការអញ្ជើញអ្នកឲ្យធ្វើការជ្រើសរើសដោយផ្អែកលើគោលលទ្ធិរបស់ព្រះគ្រីស្ទ ។ ហើយសំខាន់ក្នុងការពិពណ៌នាអំពីពរជ័យ ដែលព្រះយេស៊ូវគ្រីស្ទសន្យាដល់អស់អ្នកដែលធ្វើតាមផ្លូវរបស់ទ្រង់ ។២១
ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖ « នៅពេលបំណងប្រាថ្នាដ៏ធំបំផុតរបស់បងប្អូនគឺទុកឲ្យព្រះឈ្នះ [ នៅក្នុងជីវិតរបស់អ្នក ] នោះការសម្រេចចិត្តជាច្រើននឹងកាន់តែងាយស្រួល ។ បញ្ហាជាច្រើននឹងក្លាយជាគ្មានបញ្ហា ! បងប្អូនដឹងថា ត្រូវតុបតែងខ្លួនបងប្អូនបែបណា ។ បងប្អូនដឹងថា អ្វីដែលត្រូវមើល និងអាន កន្លែងដែលបងប្អូនត្រូវចំណាយពេល និងនរណាដែលបងប្អូនត្រូវសេពគប់ ។ បងប្អូនដឹងអ្វីដែលបងប្អូនចង់សម្រេចបាន ។ បងប្អូនដឹងថា បងប្អូនគួរក្លាយជាមនុស្សបែបណា » ។២២
បទដ្ឋានកាន់តែខ្ពង់ខ្ពស់
ព្រះយេស៊ូវគ្រីស្ទមានបទដ្ឋានខ្ពស់ណាស់សម្រាប់អ្នកដើរតាមទ្រង់ ។ ហើយការអញ្ជើញឲ្យស្វែងរកព្រះឆន្ទៈរបស់ទ្រង់ដោយស្មោះត្រង់ និងការរស់នៅតាមសេចក្ដីពិតរបស់ទ្រង់ គឺជាបទដ្ឋានខ្ពស់បំផុតដែលអាចធ្វើបាន !
ជម្រើសដ៏សំខាន់ខាងសាច់ឈាម និងខាងវិញ្ញាណមិនគួរគ្រាន់តែផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬអ្វីដែលងាយស្រួល ឬពេញនិយមនោះទេ ។២៣ ព្រះអម្ចាស់ មិនមែន កំពុងមានព្រះបន្ទូលថា « ចូរធ្វើអ្វីដែលអ្នកចង់ធ្វើ » នោះទេ ។
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូរទុកឲ្យព្រះឈ្នះ » ។
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូរមកតាមខ្ញុំ » ។២៤
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូររស់នៅក្នុងរបៀបមួយឲ្យកាន់តែបរិសុទ្ធ កាន់តែខ្ពង់ខ្ពស់ កាន់តែមានភាពចាស់ទុំ » ។
ទ្រង់កំពុងមានព្រះបន្ទូលថា « ចូរកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងចុះ » ។
ព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះរបស់យើង ហើយយើងខិតខំដោយអស់ពីថាមពលនៃព្រលឹងរបស់យើង ដើម្បីធ្វើតាមទ្រង់ ។
មិត្តសម្លាញ់របស់ខ្ញុំអើយ ខ្ញុំសូមនិយាយឡើងវិញ ប្រសិនបើព្រះអង្គសង្គ្រោះគង់នៅទីនេះនៅថ្ងៃនេះ នោះទ្រង់នឹងសម្តែងសេចក្តីស្រឡាញ់ដ៏គ្មានទីបញ្ចប់របស់ទ្រង់ចំពោះអ្នកទ្រង់ទុកព្រះទ័យទាំងស្រុងលើអ្នក ។ ទ្រង់នឹងប្រាប់អ្នកថា អ្នកអាចធ្វើកិច្ចការនេះបាន ។ អ្នកអាចកសាងជីវិតមួយប្រកបដោយអំណរ រីករាយបាន ដោយសារព្រះយេស៊ូវគ្រីស្ទគឺជាកម្លាំងរបស់អ្នក ។ អ្នកអាចរកឃើញទំនុកចិត្ត ភាពសុខសាន្ត សុវត្ថិភាព សុភមង្គល និងភាពជាចំណែកនៅពេលនេះ និងអស់កល្បជានិច្ច ព្រោះអ្នកនឹងរកឃើញអ្វីៗទាំងអស់នេះនៅក្នុងព្រះយេស៊ូវគ្រីស្ទ នៅក្នុងដំណឹងល្អរបស់ទ្រង់ និងនៅក្នុងសាសនាចក្ររបស់ទ្រង់ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ដ៏ម៉ឺងម៉ាត់របស់ខ្ញុំ ក្នុងនាមជាសាវករបស់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអំពីការណ៍ទាំងនេះ ហើយបន្សល់ទុកពរជ័យដ៏ស្មោះត្រង់របស់ខ្ញុំ ដោយអំណរគុណ និងសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះអ្នក នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕