ព្រះនៃអព្ភូតហេតុ ពួកបរិសុទ្ធ ស្លូវ៉ាគី នៅទីក្រុង ស៊ែហ្វៀល
នៅពេលដែលអ្នកដឹកនាំបព្វជិតភាព ពួកអ្នកផ្សព្វផ្សាយសាសនា ក្រុមប្រឹក្សាវួដ និង សមាជិកទាំងឡាយនៅទីក្រុង ស៊ែហ្វៀល ក្នុងប្រទេស អង់គ្លេស បានសហការគ្នាក្នុងកិច្ចខិតខំដើម្បើពង្រីកដល់ការលូតលាស់ដ៏ពិត នោះពួកគេត្រូវបានប្រទានពរក្នុងរបៀបដ៏អស្ចារ្យ ។
នៅក្នុងទេសនកថាដ៏មានអំណាចមួយទៅដល់បណ្ដាជនដែលជឿ នោះព្យាការី មរមន បានសួរសំណួរសាមញ្ញមួយថា ៖ « តើឈប់មានអព្ភូតហេតុហើយឬនៅ ? » លោកបានឆ្លើយភ្លាមៗថា ៖ « មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ទេ » ( មរ៉ូណៃ 7:29 ) ។
ក្រោយមក មរមន បានពន្យល់ពីរបៀបដែលកិច្ចការដ៏មហិមានៃសេចក្ដីសង្គ្រោះនឹងត្រូវបាននាំឲ្យកើតមានឡើងនៅថ្ងៃចុងក្រោយបង្អស់ ដោយផ្ដោតទៅលើទំនាក់ទំនង និង សហប្រតិបត្តិការក្នុងចំណោម ព្រះវិញ្ញាណបរិសុទ្ធ មុខងារនៃពួកទេវតា ការអធិស្ឋាន និង សេចក្តីជំនឿរបស់យើង និង អព្ភូតហេតុទាំងឡាយនៃព្រះអម្ចាស់ ។ ( សូមមើល មរ៉ូណៃ 7:33–37, 48 ) ។
តាមរយៈបទគម្ពីរទាំងឡាយ ពួកព្យាការីរំឭកដល់យើងថា ព្រះនៅតែដដែល ទោះពីម្សិលមិញ ថ្ងៃនេះ និង រហូតតទៅ ( សូមមើល នីហ្វៃទី3 24:6; គ .និង ស. 20:12 ) ។ នៅពេលយើងស្វែងរកដើម្បីបំពេញក្រឹត្យវិន័យដើម្បី « ទៅ … ក្នុងលោកិយទាំងមូល … ដោយធ្វើបុណ្យជ្រមុជទឹក ដោយនូវព្រះនាមនៃព្រះវរបិតា និង ព្រះរាជបុត្រា ហើយនិង ព្រះវិញ្ញាណបរិសុទ្ធ » ( គ.និង ស. 68:8 ) នោះវាជាការសំខាន់ដើម្បីរៀន និង ចងចាំគោលការណ៍ទាំងឡាយដូចខាងក្រោម ៖
-
ព្រះពុំផ្លាស់ប្ដូរឡើយ ។
-
ព្រះគឺជាព្រះនៃអព្ភូតហេតុ ។
-
អព្ភូតហេតុដ៏មហិមាជាងគេរបស់ព្រះ គឺការនាំមកនូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ចដល់កូនចៅរបស់ទ្រង់ ។
-
ព្រះធ្វើអព្ភូតហេតុទាំងឡាយស្របតាមសេចក្ដីជំនឿដែលបង្ហាញឲ្យឃើញក្នុងការប្រព្រឹត្តរបស់យើង ។
-
ព្រះវិញ្ញាណបរិសុទ្ធដើរតួយ៉ាងសំខាន់នៅក្នុងការប្រែចិត្តជឿ ។
មានឆន្ទៈដើម្បីបូជា
នៅពេលកំពុងបម្រើនៅក្នុងតំបន់ អឺរ៉ុប ខ្ញុំបានមានឯកសិទ្ធិដើម្បីឃើញគោលលទ្ធិទាំងនេះបានស្តែងចេញជាអព្ភូតហេតុដែលបានលាតត្រដាងឲ្យឃើញនៅទីក្រុង ស៊ែហ្វៀល ប្រទេស អង់គ្លេស ។ នៅចុងឆ្នាំ 2008 ប៊ីស្សព ម៉ាក ដាន់ដុន នៃវូដ ស៊ែហ្វៀល ទីមួយ កំពុងពិចារណាទៅលើអ្វីដែលគាត់អាចធ្វើដើម្បីជួយដល់វួដរបស់គាត់ឲ្យរីកចម្រើន ។ នៅក្នុងវគ្គបំពាក់បំប៉នអ្នកដឹកនាំ ប្រធានស្តេករបស់គាត់បានសួរដល់ពួក ប៊ីស្សព ថា « តើប៊ីស្សពទាំងអស់គ្នានឹងមានឆន្ទៈបូជាអ្វីខ្លះដើម្បីទទួលបានជោគជ័យនៅក្នុងកិច្ចការផ្សព្វផ្សាយសាសនា ? » តាមរយៈការបង្រៀនរបស់ពួកអ្នកដឹកនាំ ប៊ីស្សព ដាន់ដុន បានដឹងថា អ្នកដឹកនាំបេសកកម្មប្រចាំវួដដ៏ល្អម្នាក់គឺសំខាន់បំផុត ក្រុមប្រឹក្សាវួដដែលធ្វើការគឺចំណុចចាំបាច់មួយ និង ឆន្ទៈចង់ស្ដាប់តាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធគឺរិតតែសំខាន់បំផុត ។
បន្ទាប់ពីបានពិចារណា និង អធិស្ឋានជាច្រើនដង ប៊ីស្សព ដាន់ដុន បានប្រើកូនសោនៃបព្វជិតភាពរបស់គាត់ និង បានធ្វើតាមការបំផុសគំនិតនៃព្រះវិញ្ញាណបរិសុទ្ធក្នុងការដោះលែងទីប្រឹក្សាទាំងពីររបស់គាត់គឺ បងប្រុស គ្រីហ្តូរី នែថលស្ស៊ីព និង បងប្រុស រ៉ូប៊ើត មិកអ៊ីវិន ។ បន្ទាប់មក ប៊ីស្សព ដាន់ដុន បានហៅ បងប្រុស នែថលស្ស៊ីព ឲ្យបំរើជាអ្នកដឹកនាំបេសកកម្មប្រចាំវួដថ្មី និង បងប្រុស មិកអ៊ីវិន ឲ្យបំរើជាជំនួយការអ្នកដឹកនាំបេសកកម្មប្រចាំវួដ ។ សមាជិកទាំងឡាយនៃគណៈប៊ីស្សពត្រូវបានដោះលែងទាំងអស់ ដូច្នេះការផ្លាស់ប្ដូរនេះមិនបានធ្វើឲ្យពួកគេមានភាពងាយស្រួលនោះឡើយ ។ ប៉ុន្តែនៅក្នុងឧទាហរណ៍ដ៏ជាក់លាក់នេះប៊ីស្សព ដាន់ដុន បានដឹងថាការសម្រេចចិត្តនេះត្រឹមត្រូវ ហើយទីប្រឹក្សាទាំងពីរក៏បានទទួលយកមុខងារថ្មីដោយបន្ទាបខ្លួន ។
ប៊ីស្សព ជាមួយនឹងពួកអ្នកដឹកនាំបេសកកម្មប្រចាំវួដ និង ក្រុមប្រឹក្សាវួដថ្មី បានអធិស្ឋានបង្កើតផែនការ និង ដាក់គោលដៅសំរាប់ការរីកលូតលាស់របស់វួដ ។ នៅពេល អនុវត្តផែនការរបស់ពួកគេ ពួកគេបានចាប់ផ្ដើមឃើញជោគជ័យដ៏ធំ ។ ពិធីបុណ្យជ្រមុជទឹកអ្នកប្រែចិត្តជឿបានកើនឡើងយ៉ាងសម្បើម និង មានមនុស្សជាច្រើនបានត្រឡប់មកជាសកម្មនៅក្នុងសាសនាចក្រវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកដឹកនាំវួដមិនបានដឹងនៅពេលនោះទេ ថាសេចក្ដីជំនឿ និង ការប្រព្រឹត្តរបស់ពួកគេត្រូវបានទទួលរង្វាន់នៅក្នុងរបៀបដែលពួកគេមិនដែលគិតស្មានដល់ថាអាចទៅរួច ។
ទទួលអារម្មណ៍រំភើបដោយសេចក្ដីស្រឡាញ់
នៅខែ មិនា ឆ្នាំ 2011 មានអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងម្នាក់ និង ដៃគូរបស់គាត់ដែលកំពុងតែដើរស្វែងរកអ្នករៀននៅតាមដងវិថីនានានៃ ទីក្រុង ស៊ែហ្វៀល ។ អែលឌើរ នីកូឡា ផាស បានឃើញបុរសម្នាក់ និង ប្រពន្ធរបស់គាត់ដើរកាត់ ហើយគាត់បានមានអារម្មណ៍យ៉ាងខ្លាំងថា គាត់គួរតែនិយាយជាមួយពួកគេ ។ អែលឌើរ ផាស និង ដៃគូ បានរត់ទៅដើម្បីបាននិយាយជាមួយប្ដីប្រពន្ធនោះ ។ កិច្ចសន្ទនាបានប្រព្រឹត្តទៅយ៉ាងលំបាក—ព្រោះប្ដីប្រពន្ធរូបនោះជាជនជាតិ ស្លូវ៉ាគី ហើយមិនចេះនិយាយភាសា អង់គ្លេស ទៀត—ប៉ុន្តែមានមិត្តរួមដំណើរម្នាក់បានជួយបកប្រែឲ្យពួកគាត់ ។ នៅក្នុងការពិភាក្សាលើដងផ្លូវនោះ ពួកអ្នកផ្សព្វផ្សាយសាសនាបានប្រើប្រាស់រូបភាពណែនាំពី ការនិមិត្តដំបូង និង សារលិខិតនៃការស្ដារឡើងវិញ ។ បន្ទាប់មក ប្ដីប្រពន្ធនោះបានទទួលយកការណាត់ជួប ដើម្បីឲ្យអ្នកផ្សព្វផ្សាយសាសនាចាប់ផ្ដើមបង្រៀនពួកគេ ។
លូដូវីត ខានដ្រាក ជាមេគ្រួសារ បានចាប់ផ្ដើមអានព្រះគម្ពីរមរមន ។ មិនយូរប៉ុន្មានគាត់បានឈប់ជក់បារី ។ នៅក្នុងការបង្រៀននេះ ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវតែប្រើអ្នកបកប្រែជាច្រើននាក់ ហើយក៏រៀន ភាសា ស្លូវ៉ាគី តិចៗដោយខ្លួនឯងផងដែរ ។ នៅថ្ងៃទី 14 ខែ ឧសភា ឆ្នាំ 2011 លូដូវីត កូនស្រីម្នាក់របស់គាត់ និង សាច់ញាតិគ្រួសារពីរនាក់ទៀតត្រូវបានទទួលបុណ្យជ្រមុជទឹក ។
បងប្រុស ខានដ្រាក បានថ្លែងទីបន្ទាល់នៅក្នុងពិធីបុណ្យជ្រមុជទឹករបស់គាត់ ។ តាមរយៈអ្នកបកប្រែ គាត់បាននិយាយទាក់ទងនឹងបទពិសោធន៍នៃការជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ គាត់បានមានអារម្មណ៍កក់ក្ដៅនៅក្នុងដួងចិត្តរបស់គាត់ នៅពេលដែលគាត់បានដើរកាត់ អែលឌើរ ផាស និង ដៃគូរបស់គាត់នៅក្នុងទីប្រជុំជននៃទីក្រុង ស៊ែហ្វៀល ។ គាត់មិនបានយកចិត្តទុកដាក់លើអារម្មណ៍នោះទេ ហើយក៏បន្តដំណើរទៀត ប៉ុន្តែគាត់បានដៀងភ្នែកមើលអ្នកផ្សព្វផ្សាយសាសនាម្ដងទៀត ក៏ស្រាប់តែគាត់បានទទួលអារម្មណ៍រំភើបដោយសេចក្ដីស្រឡាញ់ដែលពួកគេបានបង្ហាញតាមរយៈការនិយាយទៅកាន់មនុស្សទាំងពួង ។ ទោះបីជាគាត់ចង់ដើរទៅក្បែរពួកគេក៏ដោយ ក៏បងប្រុស ខានដ្រាក នៅតែបន្តដើរទៅទៀត ។ គាត់បានភ្ញាក់នៅពេលដែលពួកអ្នកផ្សព្វផ្សាយសាសនាបានដើរមកដល់គាត់ ។
ស្របពេលដែលក្រុមគ្រួសារ ស្លូវ៉ាគី ផ្សេងទៀតបានចូលរួមសាសនាចក្រមួយឆ្នាំមុន នោះពិធីបុណ្យជ្រមុជទឹកទាំងនេះបានកត់សម្គាល់ការចាប់ផ្ដើមនៃអព្ភូតហេតុនៃការប្រែចិត្តជឿក្នុងចំណោមប្រជាជន ស្លូវ៉ាគី នៅទីក្រុង ស៊ែហ្វៀល ប្រទេស អង់គ្លេស ។ សមាជិកថ្មីទាំងនេះបានមកកាន់ព្រះវិហាររៀងរាល់សប្ដាហ៍ដោយនាំសមាជិកគ្រួសារ និង មិត្តភក្តិឯទៀតមកជាមួយផង ។ ពួកគេបានស្វាគមន៍ពួកអ្នកផ្សព្វផ្សាយសាសនាឲ្យមកផ្ទះរបស់គេ និង បានអញ្ជើញអ្នកដទៃទៀតឲ្យចូលរួមស្ដាប់ដំណឹងល្អ ។
អែលឌើរ ផាស និង ដៃគូថ្មីរបស់គាត់ អែលឌើរ យ៉ូសែប មិកឃេ បានទៅសួរសុខទុក្ខគ្រួសារទាំងនេះជាញឹកញាប់ ។ ពួកគេបានបង្រៀន ជួយ បម្រើ និង ប្រសិទ្ធពរដល់ក្រុមគ្រួសារទាំងនោះ ។ វាគឺជាពេលដ៏អស្ចារ្យសម្រាប់ ការបង្រៀន ការរៀន និង ការទទួលអំណោយទាននៃព្រះវិញ្ញាណសម្រាប់សាសនាគន់ការី អ្នកប្រែចិត្តជឿ អ្នកផ្សព្វផ្សាយសាសនា អ្នកដឹកនាំ ស្តេក និង វួដ និង សមាជិកជាដើម ។
« នៅជាមួយ និង ចម្រើនកម្លាំងពួកគេ »
ពេញមួយរដូវក្ដៅ និង សរទររដូវ ក្នុងឆ្នាំ 2011 មានជនជាតិ ស្លូវ៉ាគី កាន់តែច្រើនបានចូលរួមសាសនាចក្រ ។ ការកើនឡើងនៃចំនួននេះបានធ្វើឲ្យមានការលំបាកដល់សមាជិកក្នុងតំបន់ដើម្បីបន្តដឹកពួកគេទៅ និង ដឹកពួកគេមកពីសាលាប្រជុំវិញ ។ មានសប្ដាហ៍ខ្លះ ពួកបរិសុទ្ធជនជាតិ ស្លូវ៉ាគី បានដើរចម្ងាយ 5 ម៉ាយ ( 8 គ.ម ) តាមផ្លូវរៀងៗខ្លួនដើម្បីទៅចូលរួមការប្រជុំថ្ងៃអាទិត្យជាភាសាដែលពួកគេមិនចេះ ។
គណៈប្រធាន ស្តេក ស៊ែហ្វៀល ត្រូវបានរៀបចំឡើងវិញនៅក្នុងខែ មិថុនា ឆ្នាំ 2011 ដោយ ប៊ីស្សព ដាន់ដុន ត្រូវបានហៅឲ្យបម្រើជាប្រធានស្តេកថ្មី ។ បន្ទាប់ពីបានមួយខែមក មានការប្រជុំពិសេសត្រូវបានធ្វើឡើងជាភាសា អង់គ្លេស ផង និង ភាសា ស្លូវ៉ាគី ផងដែលសុទ្ធតែមានវត្តមានរបស់អ្នកបកប្រែ ។
នៅពេលកំពុងតែអង្គុយនៅលើវេទិកា ប្រធាន ដាន់ដុន បានមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងថាក្រុម ស្លូវ៉ាគី ត្រូវតែបានបង្កើតឡើង ហើយត្រូវដាក់បញ្ចូលទៅជា វួដ ស៊ែហ្វៀល ទីមួយ ប៉ុន្តែនឹងប្រជុំគ្នានៅក្នុងអគារមួយដែលជិតពួក ស្លូវ៉ាគី នោះរស់នៅ ។ មិនយូរប៉ុន្មានគេបានរកសាលាប្រជុំមួយ ហើយបានជួលបន្ទប់ទាំងនោះ ។ ការប្រជុំដំបូង ត្រូវបានធ្វើឡើងនៅក្នុងអគារថ្មីនោះនៅ ថ្ងៃទី 11 ខែ ធ្នូ ឆ្នាំ 2011 ។ ពួកអ្នកដឹកនាំ វួដ ស៊ែហ្វៀល ទីមួយ បានសង្ឃឹមដោយមានជំនឿថានឹងមានមនុស្សចំនួន 50 នាក់ ចូលរួម ។ ផ្ទុយទៅវិញ មានមនុស្សចំនួន 84 នាក់ ក្នុងនោះរួមមាន ជនជាតិ ស្លូវ៉ាគី ចំនួន 63 នាក់ បានចូលរួមផងដែរ ។
បន្ទាប់ពីការរៀបចំ ស្តេក ស៊ែហ្វៀល ឡើងវិញហើយនោះ បងប្រុស រ៉ូប៊ើត មិកអ៊ីវិន ត្រូវបានហៅឲ្យបម្រើជា ប៊ីស្សព វួដ ស៊ែហ្វៀល ទីមួយ ។ បងប្រុស នែថលស្ស៊ីព បានបន្តបម្រើជា អ្នកដឹកនាំបេសកកម្មបន្តទៀត ។ នៅក្រោមការដឹកនាំរបស់ប៊ីស្សពទាំងពី នោះអ្នកដឹកនាំបេសកកម្មប្រចាំវួដ និង ក្រុមប្រឹក្សាវួដ បានធ្វើការគួរឲ្យកត់សម្គាល់ក្នុងការដឹកនាំវួដដើម្បី « នៅជាមួយ និង ចម្រើនកម្លាំង » ពូកបរិសុទ្ធ ស្លូវ៉ាគី ( គ .និង ស. 20:53 ) ។
ក្រុមប្រឹក្សាវួដបានលើកឡើងនូវបញ្ហាផ្សេងៗដូចជា របៀបផ្គត់ផ្គង់សម្រាប់សេចក្តីត្រូវ ការរបស់សមាជិកថ្មី របៀបជួយពួកគេឲ្យចូលរួមយ៉ាងពេញលេញក្នុងសកម្មភាពទាំងឡាយរបស់វួដ របៀបចិញ្ចឹមបីបាច់ពួកគេនៅក្នុងដំណឹងល្អ និង របៀបយកឈ្នះលើឧបសគ្គខាងភាសា ។ សមាជិកទាំងឡាយនៃក្រុមប្រឹក្សាបានតមអាហារ និង អធិស្ឋាន សម្រាប់ជំនួយដ៏ទេវភាព ហើយបន្ទាប់មកខិតខំប្រឹងប្រែងធ្វើការ ។ ពួកគេបានចុះសួរសុខទុក្ខដល់សមាជិកថ្មី និង បានចូលរួមក្នុងការណាត់ជួបបង្រៀនទាំងឡាយជាមួយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង ។ ពួកគេបានជួយដឹកសមាជិកថ្មី ។ ពួកគេបានបញ្ជាទិញឯកសារសាសនាចក្រជាភាសា ស្លូវ៉ាគី ។ ពួកគេបាននាំយកសមាជិកដែលបានទទួលបុណ្យជ្រមុជទឹកថ្មីៗឲ្យទៅធ្វើបុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ ។
ពួកអ្នកដឹកនាំវួដក៏បានរៀបចំគម្រោងធ្វើការបម្រើនៅពេលបុណ្យគ្រីស្ទម៉ាស់ ផងដែរ ។ សមាជិកវួដបានផ្ដល់ជាវិភាគទានជាប្រាក់ឧបត្ថម្ភ និង ប្រដាប់ក្មេងលេង សម្លៀកបំពាក់ និង អំណោយផ្សេងៗទៀតផងដែរ ។ អំណោយថ្ងៃបុណ្យគ្រីស្ទម៉ាស់ដ៏ធំដែលរួមមាន អាហារសម្រាប់ពេលល្ងាចនៃបុណ្យគ្រីស្ទម៉ាស់ត្រូវបានចែកចាយនៅយប់មុនថ្ងៃបុណ្យគ្រីស្ទម៉ាស់ទៅដល់ពួកបរិសុទ្ធ ស្លូវ៉ាគី និង ក្រុមគ្រួសារឯទៀតៗដែលនៅក្នុងតំបន់នៃវួដ ។
សមាជិកដែលយូរ និង សមាជិកដែលថ្មី បានយល់ពីគ្នាតិចតួចក្នុងការនិយាយភាសានិមួយៗ ប៉ុន្តែពួកគេគ្រប់គ្នាបានមានអារម្មណ៍កក់ក្តៅក្នុងភាសានៃសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដ ។ អារម្មណ៍នៃសេចក្ដីអំណរមិនអាចបំភ្លេចបាន សុភមង្គល និង ការរំជួលចិត្ត បានដក់ជាប់យ៉ាងស៊ីជម្រៅដល់ពួកសមាជិក និង ពួកសាសនាគន់ការី ។
ឆ្នាំក្រោយៗមក ក្រុមដ៏តូចនេះបានរីកចម្រើនទៅជាអង្គភាពនៃសាសនាចក្រដ៏រឹងមាំមួយ ជាមួយនឹងការធ្វើបុណ្យជ្រមុជទឹកទាំងគ្រួសារៗ ហើយរួមផ្ដុំគ្នាជាមួយសាសនាចក្រ ។ ឪពុកទាំងឡាយត្រូវបានតែងតាំងឲ្យមានបព្វជិតភាពអើរ៉ុន និង មិលគីស្សាដែក ពួកកូនប្រុសៗត្រូវបានតែងតាំងឲ្យមានបព្វជិតភាពអើរ៉ុន និង កុមារមានច្រើនជាង 20 នាក់ ត្រូវបានតាំងឡើង ហើយកម្មវិធីសម្រាប់យុវជន និង យុវនារី ត្រូវបានរៀបចំឡើងដោយមានយុវវ័យច្រើនជាង 25 នាក់ បានចូលរួមរៀងរាល់សប្ដាហ៍ ។ ព្រះអម្ចាស់បានបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងពី សាធារណៈរដ្ឋ ឆែក ដែលជាអ្នកចេះនិយាយភាសានេះ ហើយដែលគាំទ្របន្ថែមទៀតដល់ក្រុម ។ ក្នុងពេលជាមួយគ្នានេះផងដែរ ក្រុមគ្រួសារទាំងនេះបានឲ្យមនុស្សថ្មីៗដែលចង់រៀនទៅប្រទេសកំណើតរបស់ខ្លួន ។
ព្រះនៃអព្ភូតហេតុ
ហេតុអ្វីបានជារឿងនេះកើតមានឡើង ? ពីព្រោះ ព្រះមិនដែលឈប់ធ្វើជាព្រះនៃអព្ភូតហេតុឡើយ ។ ពីព្រោះ ពួកអ្នកផ្សព្វផ្សាយសាសនាដ៏ស្មោះត្រង់បានស្វែងរកអ្នកដែលបានរៀបចំឲ្យទទួលដំណឹងល្អយ៉ាងឧស្សាហ៍ព្យាយាម ។ ពីព្រោះ ប្រធានស្តេក និង ប៊ីស្សព បានធ្វើការដោយសេចក្ដីជំនឿ ហើយធ្វើតាមការណែនាំនៃព្រះវិញ្ញាណបរិសុទ្ធ ។ ពីព្រោះ ក្រុមប្រឹក្សាវួដមានការទទួលខុសត្រូវ ហើយបានធ្វើការដោយភាតរភាព ។ ពីព្រោះ សមាជិកទាំងឡាយបានរៀនភាសានៃសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក និង បានធ្វើតាមការអញ្ជើញរបស់ពួកអ្នកដឹកនាំរបស់គេ ដោយមានសេចក្ដីជំនឿ និង ការជឿជាក់ថា ព្រះចង់មានអ្វីដែលទ្រង់មានបន្ទូលថា « យើងជាព្រះនៃអព្ភូតហេតុទាំងឡាយ ហើយយើងនឹងបង្ហាញដល់មនុស្សលោកថា យើងនៅតែដដែល ទោះពីថ្ងៃម្សិល ថ្ងៃនេះ និង រហូតតទៅ » ( នីហ្វៃទី2 27:23 ) ។
ជោគជ័យនៅទីក្រុង ស៊ែហ្វៀល មិនមែនជាហេតុការណ៍តែមួយនោះទេ ។ វារំឭកយើងពីសេចក្ដីសន្យាទាំងឡាយដែលបានផ្ដល់ឲ្យតាមរយៈពួកព្យាការី ហើយពង្រឹងសេចក្ដីជំនឿ និង បំណងប្រាថ្នារបស់យើងដើម្បីប្រែក្លាយជាឧបករណ៍នៅក្នុងព្រះហស្តនៃព្រះ ដោយការអញ្ជើញមនុស្សនៅជុំវិញខ្លួនឲ្យមកឯព្រះគ្រីស្ទ ។ ប្រសិនបើយើងធ្វើដូច្នោះ នោះយើងនឹងដាក់ខ្លួនយើងនៅទីដែលព្រះអម្ចាស់អាចប្រទានពរដល់យើងជាមួយឱកាសទាំងឡាយដើម្បី រៀន ធ្វើឲ្យសកម្ម និង ចិញ្ចឹមបីបាច់ដល់អ្នកដទៃទៀត ។ ហើយយើងនឹងឃើញភស្ដុតាងដែលថា ទ្រង់បន្តធ្វើជាព្រះនៃអព្ភូតហេតុ ។