២០១៣
រស់នៅសម្រាប់ភាពអស់កល្បជានិច្ច
កក្កដា 2013


រស់នៅសម្រាប់ភាពអស់កល្បជានិច្ច

ដកស្រង់ចេញពីសន្ទុរកថាការប្រជុំធម្មនិដ្ឋានមួយ ដែលបានផ្ដល់នៅសាកលវិទ្យាល័យព្រីកហាំ យ៉ង់–អៃដាហូ នៅថ្ងៃទី 20 ខែ មិនា ឆ្នាំ 2007 ។ សម្រាប់អត្ថបទទាំងមូលជាភាសាអង់គ្លេស សូមចូលទៅកាន់គេហទំព័រ web.byui.edu/devotionalsandspeeches  ។

អែលឌើរ ខេស ឃេ. ហីលប៊ីហ្គ

ខ្ញុំសូមទទូចដល់អ្នកដែលជាមជ្ឈិមវ័យវ័យក្មេង ឲ្យនឹកគិតនៅក្នុងចិត្តរបស់អ្នកជាញឹកញាប់ ពីជីវិតរបស់អ្នកក្នុងនគរសេឡេស្ទាលនាពេលអនាគត ជាមួយក្រុមគ្រួសាររបស់អ្នកនៅក្នុងភាពអស់កល្បជានិច្ច ។

ឱ ! ពិភពនៃមជ្ឈិមវ័យវ័យក្មេង ( ទាំងរៀបការ និង នៅលីវ ) សព្វថ្ងៃនេះ ខុសគ្នា និង ពិបាកយ៉ាងណាទៅ កាលប្រៀបធៀបទៅនឹងពិភពនៃមជ្ឈិមវ័យវ័យក្មេងកាលពីពីរ ឬ បីជំនាន់មុននោះ ។ ឧបសគ្គជាច្រើនសព្វថ្ងៃនេះ មិនទាំងមាន ឬ មិនខ្លាំងក្លាដូចសព្វថ្ងៃនេះទេ នៅពេលខ្ញុំរៀននៅមហាវិទ្យាល័យនោះ ។

ប៉ុន្តែ អ្នកនៅទីនេះឥឡូវនេះ នៅក្នុងគ្រានេះ ។ អ្នកកំពុងឈានទៅមុខ ខណៈដែលពួកចាស់ទុំរបស់អ្នកបានឆ្លងទៅក្នុងភាពអស់កល្បជានិច្ចទៅហើយ ។ អ្នកនៅទីនេះ នៅក្នុងគ្រានេះ គឺពុំមែនដោយចៃដន្យនោះទេ ប៉ុន្តែជាផ្នែកមួយនៃផែនការដ៏នៅអស់កល្បជានិច្ច—ដែលត្រូវបានរៀបចំ យល់ព្រមព្រៀង និង ត្រូវបានអនុវត្តតាំងពីមុនផែនដីត្រូវបានបង្កើតមកម៉្លេះ ។

ឱ ! អ្នកមានជោគវាសនាល្អណាស់ដែលបានស្គាល់ពីការស្ដារឡើងវិញនៃដំណឹងល្អ ! អ្នកដឹងថា មានជីវិតមុនផែនដីនៅក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ។ អ្នកត្រូវបានបង្រៀន និង សាកល្បង ។ អ្នកបានរៀនពីច្បាប់ ដែលនឹងនាំឲ្យអ្នករីកចម្រើន និង លូតលាស់ ។ អ្នកបានធ្វើតាមច្បាប់ទាំងនោះ ហេតុដូច្នេះហើយ អ្នកត្រូវបានចាត់ឲ្យមកលើផែនដី ដោយដាក់អ្នកក្នុងបុព្វហេតុមួយ ដែលដឹកនាំទៅកាន់ភាពលើកតម្កើង អំណាច និង ភាពជាព្រះ ។

អ្នកយល់ពីគោលបំណងនៃជីវិតរមែងស្លាប់នៅលើផែនដី ហើយអ្នកត្រូវបានបង្រៀនពីឱកាសទាំងឡាយក្រោយពីជីវិតរមែងស្លាប់នេះ ។ និយាយឲ្យខ្លីទៅ អ្នកមានទស្សនៈវិស័យអំពីភាពអស់កល្បជានិច្ច—អ្នកអាចមើលត្រឡប់ក្រោយ ហើយអ្នកអាចសម្លឹងមើលទៅមុខ ។

មិត្តភក្ដិមជ្ឈិមវ័យវ័យក្មេងរបស់អ្នកភាគច្រើន ដែលមិនមែនជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហើយជាទូទៅខាងលោកិយ ដឹងតិចតួចណាស់ពីភាពពិតទាំងនេះ ។ ពួកគេរស់នៅ ដូចជានៅក្នុងប្រអប់មួយ ដែលកំណត់ដោយព្រឹត្តិការណ៍ពីរ ៖ ការចាប់កំណើត និង ការស្លាប់ ។ ពួកគេធ្វើការសម្រេចចិត្ត និង ភ្ជាប់ទៅនឹងឥរិយាបថដែលត្រូវបានកម្រិតដោយទស្សនៈវិស័យដែលមានដែនកំណត់ ។ ដោយចាំបាច់នោះ ពួកគេរស់នៅសម្រាប់តែគ្រានេះប៉ុណ្ណោះ—គឺជារយៈពេលរវាងការចាប់កំណើត និង ការស្លាប់របស់ពួកគេ ដែលគ្រាន់តែជារយៈពេលយ៉ាងខ្លីនៅក្នុងផែនការនៃភាពអស់កល្បជានិច្ច ។ ពួកគេទំនងជាមិនដឹងអ្វីសោះពីជីវិតមុនផែនដី និង ដឹងបន្ដិចបន្ដួចអំពីភាពអស់កល្បជានិច្ច ។

សក្ដានុពលភាពដ៏អស់កល្បជានិច្ចរបស់អ្នក

ទោះយ៉ាងណា អ្នកដឹងពីការសន្យាអំពីសក្ដានុពលភាពផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងភាពអស់កល្បជានិច្ច ។ ចំពោះគូស្វាមីភរិយាទាំងឡាយ ដែលបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់សន្យាថា ៖

« អ្នករាល់គ្នានឹងត្រូវបានក្រោកឡើងនៅក្នុងដំណើររស់ឡើងវិញលើកទីមួយ … ហើយនឹងបានគ្រងបល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និង អំណាចទាំងឡាយ អំណាចគ្រប់គ្រងទាំងឡាយ គ្រប់ទីកំពស់ និង ជម្រៅទាំងអស់ … ហើយបើសិនអ្នករាល់គ្នានៅជាប់ក្នុងសេចក្ដីសញ្ញារបស់យើង ហើយមិនប្រព្រឹត្តិឃាតកម្ម ដោយការកំចាយឈាម ដែលគ្មានទោសនោះ នោះនឹងបានសម្រេចដល់ពួកគេ ចំពោះគ្រប់ការណ៍ទាំងអស់ ដែលអ្នកបម្រើរបស់យើងបានភ្ជាប់ទៅលើពួកគេ ក្នុងកាលវេលា និង រហូតដល់អស់ទាំងភាពអស់កល្បជានិច្ចផង ហើយនឹងមានប្រសិទ្ធភាពពេញលេញ កាលពួកគេចាកចេញពីលោកិយទៅ ហើយពួកគេនឹងបង្ហួសទេវតាទាំងឡាយ និង ព្រះទាំងឡាយដែលបានចាត់ឲ្យនៅទីនោះ ដើម្បីទៅរកភាពតម្កើងឡើង និង សិរីល្អរបស់ពួកគេ ក្នុងអ្វីៗគ្រប់ទាំងអស់ ដូចដែលបានភ្ជាប់លើក្បាលពួកគេ គឺជាសិរីល្អដែលនឹងបានពូជដ៏បរិបូរ និង បន្តបន្ទាប់ជារៀងដរាបទៅ ។

« ខណៈនោះ ពួកគេនឹងទៅជាព្រះ ពីព្រោះពួកគេគ្មានទីអវសានឡើយ ហេតុដូច្នេះហើយ ពួកគេនឹងទៅពីភាពអស់កល្បអស់កាលជានិច្ច ទៅភាពអស់កល្បអស់កាលជានិច្ច ពីព្រោះពួកគេមានបន្តទៅ ខណៈនោះ ពួកគេនឹងទៅលើអ្វីៗទាំងអស់ ពីព្រោះគ្រប់ការណ៍ទាំងអស់សុទ្ធតែនៅក្រោមអំណាចខ្លួន ។ ខណៈនោះ ពួកគេនឹងទៅជាព្រះ ពីព្រោះពួកគេនឹងមានអំណាចគ្រប់យ៉ាង ហើយពួកទេវតាត្រូវនៅក្រោមអំណាចពួកគេ » (  គ. និង ស. 132:19–20  ) ។

ខ្ញុំសូមទទូចដល់អ្នក ឲ្យនឹកគិតនៅក្នុងចិត្តរបស់អ្នកជាញឹកញាប់ ពីជីវិតរបស់អ្នកក្នុងនគរសេឡេស្ទាលនាពេលអនាគត ជាមួយក្រុមគ្រួសាររបស់អ្នកនៅក្នុងភាពអស់កល្បជានិច្ច ជាស្ថានភាពនៃសិរីល្អដែលមិនអាចគិតដល់ និង គុណប្រយោជន៍ដែលយើងមិនទាន់អាចយល់ឲ្យបានពេញលេញនៅឡើយ ។ ទោះយ៉ាងណា អ្វីដែលយើងអាចប្រាកដជាក់ច្បាស់នោះគឺថា អ្នករាល់គ្នាបានរក្សានូវ « សណ្ឋានទីមួយ » របស់អ្នក (  អ័ប្រាហាំ 3:26  ) អ្នករាល់គ្នាបានឆ្លងកាត់នូវរាល់ការសាកល្បងទាំងអស់នៃជីវិតមុនផែនដី អ្នករាល់គ្នាបានអនុវត្តនូវសេចក្ដីជំនឿដ៏អស្ចារ្យ ហេតុដូច្នោះហើយ អ្នករាល់គ្នាបានទទួលនូវឯកសិទ្ធិនៃការទទួលបាននូវរូបកាយរមែងស្លាប់មួយ និង មកកាន់ពិភពរមែងស្លាប់នេះ ។

ហេតុដូច្នោះហើយ អ្នកកុំគ្រាន់តែរស់នៅសម្រាប់គ្រានេះឡើយ តែអ្នកត្រូវតែរស់នៅសម្រាប់ភាពអស់កល្បជានិច្ចវិញ ។ ចូរចងចាំជានិច្ចថា បើសិនជាអ្នក និង ស្វាមី ឬ ភរិយាអ្នក ឬ អនាគតស្វាមី ឬ ភរិយាអ្នក ប្រសិនបើមិនទាន់រៀបការ គោរពប្រតិបត្តិ នោះអ្នកនឹង « បានសិរីល្អបន្ថែមទៅលើក្បាល [ របស់អ្នក ] ជារៀងដរាបរហូតទៅ » (  អ័ប្រាហាំ 3:26  )—គឺជាការសន្យាផ្ទាល់ខ្លួនដ៏សំខាន់ពីព្រះ ទៅដល់អ្នករាល់គ្នាដែលជាបុត្ររបស់ទ្រង់ ។

បើអ្នកស្មោះត្រង់នៅក្នុងការរក្សាបទបញ្ញត្តិទាំងឡាយរបស់ព្រះ នោះការសន្យារបស់ទ្រង់នឹងត្រូវបានបំពេញទាំងស្រុង ។ បញ្ហានោះគឺ មាសត្រូវនៃព្រលឹងមនុស្សខ្នះខ្នែងព្យាយាមខ្លាំងណាស់ ដើម្បីធ្វើឲ្យគំនិតពួកគេវង្វេង ។ បើពួកគេអនុញ្ញាតឲ្យវា និយាយបែបម្យ៉ាង គឺថា ឲ្យសាតាំងបាចធូលីចូលក្នុងភ្នែកពួកគេ នោះពួកគេត្រូវបានធ្វើឲ្យខ្វាក់ដោយរបស់ទាំងឡាយខាងឯលោកិយហើយ ។

ពួកទេវវិទូ និង ពួកអ្នកប្រាជ្ញនៃពិភពគ្រីស្ទាន ពុំបានដឹងពីអ្វីដែលអ្នកដឹង អំពីការណ៍ទាំងឡាយនៃភាពអស់កល្បជានិច្ចនោះទេ ប៉ុន្តែសាតាំងដឹង ! វាដឹងពីការរៀបចំពីជីវិតមុនផែនដីរបស់អ្នក ពីគោលបំណងនៅលើផែនដីរបស់អ្នក និង ជាងនោះទៅទៀត គឺពីសក្ដានុពលភាពដ៏អស់កល្បជានិច្ចរបស់អ្នក ។

ការបកប្រែនៃភាសាហេព្រើរនៃពាក្យអារក្ស គឺ «  អ្នកបង្ខូច » ។1 អារក្សព្យាយាមបង្ខូចបំផ្លាញដំណើរទៅកាន់ភាពអស់កល្បជានិច្ចរបស់អ្នក ។ វាខំប្រឹងប្រែងបន្ទច់បង្អាក់សក្ដានុពលភាពរបស់អ្នកនៅទីនេះ និង បន្ទាប់ពីនេះទៅ ។ វាព្យាយាមធ្វើឲ្យអ្នកអនុវត្តសិទ្ធិសេរីភាពរបស់អ្នកដោយល្ងង់ខ្លៅ ។ មនុស្សវ័យក្មេងមួយចំនួន មានចិត្តចង់ជាខ្លាំងដើម្បីការពារនូវឯករាជ្យភាពរបស់ខ្លួន ដោយមានអារម្មណ៍ថា ឯករាជ្យភាពរបស់ពួកគេត្រូវបានបើកបង្ហាញល្អបំផុត ដោយការជ្រើសរើសធ្វើអ្វីដែលខុសឆ្គង ។ មនុស្សឆោតល្ងង់ណាក៏អាចធ្វើដូច្នោះបានដែរ មនុស្សណាក៏អាចធ្វើដូច្នោះបានដែរ ។

តាមពិតទៅ ឯករាជ្យភាព ដែលជាសេរីភាពដ៏ពិតប្រាកដ គឺត្រូវបានបង្ហាញល្អបំផុត ដោយការជ្រើសរើសអ្វីដែលត្រឹមត្រូវជានិច្ច ។ ព្រះមិនត្រឹមតែប្រទានដល់អ្នកនូវសិទ្ធិ ដើម្បីជ្រើសរើសរវាងល្អ និង អាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រទាននូវអំណាច ដើម្បីជ្រើសរើសអ្វីដែលល្អ ជាជាងអ្វីដែលអាក្រក់ផងដែរ ! ដោយហេតុនោះ ព្រះបានប្រទានដល់អ្នកនូវអំណាចដែលខ្លាំងក្លាជាងសាតាំង និង ពួកពលបរិវាររបស់វា ។ នៅទីបំផុត អ្នកជាអ្នកសម្រេចចិត្ត មិនមែនសាតាំងទេ ។

ព្រះវរបិតាសួគ៌បានរៀបចំបទពិសោធន៍រមែងស្លាប់នេះ សម្រាប់គោលបំណងដ៏សំខាន់មួយ ៖ ថាយើងអាចត្រូវបានសាកល្បង និង យកឈ្នះលើការណ៍អាក្រក់ ។ ទ្រង់កម្រនឹងរៀបចំយ៉ាងជាក់លាក់នូវការសាកល្បង និង ការល្បួងទាំងឡាយ ប៉ុន្តែទ្រង់ដឹងថា ជីវិតរមែងស្លាប់នឹងផ្ដល់នូវភាពបរិបូរដល់ពួកគេ ។ ទ្រង់មានព្រះបំណងប្រាថ្នាថា ខណៈដែលយើងនៅលើផែនដីនេះ យើងរៀនយកឈ្នះភាព « ខាងសាច់ឈាម » របស់យើង ( សូមមើល ម៉ូសាយ 3:19  ) ដោយបញ្ជៀសខ្លួនយើងពីភាពខាងឯលោកិយ និង បង្ហាញឲ្យឃើញថាខ្លួនយើងមានភាពសក្ដិសម ។ សាតាំងមានគំនិតផ្សេងទៀត ។ វានឹងធ្វើអ្វីគ្រប់យ៉ាងដែលវាអាចធ្វើបាន ដើម្បីបង្អាក់បង្ខូចការរីចម្រើនរបស់យើង ។

ការល្បួងរបស់លោកិយ

ដោយមានជំនួយដ៏ឆ្លាតវៃ និង អាក្រក់ និង ការជម្រុញរបស់សាតាំង ពិភពលោកនេះធ្វើឲ្យអ្នកទទួលយកនូវការល្បួង ឲ្យស្របទៅនឹងមនុស្ស ឲ្យរីករាយនឹងការរំភើបនៃគ្រានេះ—ប្រហែលនៅក្នុងទម្រង់ជាភាពយន្ត ឬ ល្បែងវីដេអូដែលមិនសមរម្យ ការមិនចេះទប់ខាងផ្នែកសីលធម៌ ( រួមទាំងរូបអាសគ្រាម ) ភាសាអាក្រក់ ការតុបតែងដែលមិនរមទម្យ ឬ ភាពមិនស្មោះត្រង់ ។ សាតាំងនឹងព្យាយាមបំភាន់ការយល់ដឹងរបស់អ្នកអំពីផែនការដែលត្រូវបានរៀបចំយ៉ាងទេវភាពសម្រាប់ក្រុមគ្រួសារ ៖ ថាអាពាហ៍ពិពាហ៍ត្រូវបានតែងតាំងមកពីព្រះ រវាងបុរស និង ស្ត្រី ហើយថាកូនៗមានសិទ្ធិដើម្បីទទួលបានការចិញ្ចឹមបីបាច់ដោយម្ដាយម្នាក់ និង ឪពុកម្នាក់ ។2

ក្នុងមួយរំពេច ប្រសិនបើអ្នកទទួលយកការអញ្ជើញរបស់លូស៊ីហ្វើរដោយមិនបានគិតឲ្យបានហ្មត់ចត់ នោះវាអាចប្លន់អ្នកពីពរជ័យទាំងឡាយនៃភាពអស់កល្បជានិច្ច ។ សាតាំងគ្មានសង្ឃឹមផ្ទាល់ខ្លួនដើម្បីទទួលបានភាពអស់កល្បជានិច្ចនោះទេ ។ ចូរចងចាំថា វាបានចាញ់សង្គ្រាមនៅស្ថានសួគ៌ ជាសង្គ្រាមមួយដែលត្រូវបានច្បាំងដោយទីបន្ទាល់ ( សូមមើល វិវរណៈ 12:11  ) ដែលពួកអ្នកដើរតាមដ៏ស្មោះត្រង់របស់ព្រះគ្រីស្ទបានយកឈ្នះលើវា និង ពួកអ្នកគាំទ្រវា ។ គ្រោះថ្នាក់គឺធំណាស់ ៖ អ្នកដើរតាមសាតាំងទាំងអស់—គឺមួយភាគបីនៃពួកពលបរិវារនៃស្ថានសួគ៌—ត្រូវបានបណ្ដេញចេញ ។ ពួកគេនឹងមិនដែលបានទទួលរូបកាយជាសាច់ឈាម ឬ មានឱកាសដើម្បីបានជីវិតដ៏នៅអស់កល្បជានិច្ចនោះទេ ។

លីហៃបាននិយាយទៅកូនប្រុសរបស់លោកគឺយ៉ាកុប ថា ៖

« ហើយឪពុក លីហៃ ស្របតាមរឿងដែលឪពុកបានអានមក សន្និដ្ឋានជាចាំបាច់ថា មានទេវតាមួយនៃព្រះ ស្របតាមដែលបានសរសេរទុក បានធ្លាក់មកពីលើមេឃ ហេតុដូច្នេះហើយ ទេវតានោះបានក្លាយទៅជាអារក្ស ដោយបានព្យាយាមស្វែងរកអ្វីមួយដែលអាក្រក់ចំពោះព្រះ ។

« ហើយព្រោះទេវតានោះបានធ្លាក់មកពីលើមេឃ ហើយក្លាយទៅជាមានទុក្ខវេទនានៅអស់កល្បជានិច្ច នោះវាក៏បានព្យាយាម ធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដែរ » (  នីហ្វៃទី 2 2:17–18  ) ។

លីហ្វៃក៏បានបង្រៀនផងដែរថា ៖ « ហេតុដូច្នេះហើយ មនុស្សលោកមានសេរីភាពស្របតាមសាច់ឈាម ។ … ហើយពួកគេមានសិទ្ធិនឹងរើសយកឥស្សរភាព និង ជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈព្រះជាអ្នកសង្រួបសង្រួមដ៏ធំរបស់មនុស្សលោកទាំងអស់ ឬក៏រើសយកការជាប់ឃុំឃាំង និង ការស្លាប់ ស្របតាមការជាប់ឃុំឃាំង និង អំណាចរបស់អារក្ស ត្បិតវាព្យាយាមធ្វើឲ្យមនុស្សលោកទាំងអស់មានទុក្ខវេទនាដូចវាដែរ » (  នីហ្វៃទី2 2:27  ) ។

នៅក្នុងជំនាន់របស់យើង ពួកអ្នកជួញគ្រឿងញៀន ពួកអ្នកចែកចាយរូបអាសគ្រាម ពួកអ្នកជម្រុញឲ្យមានការកំសាន្តអាក្រក់ៗ ពួកអ្នកគាំទ្រការកុហក ពួកអ្នកផ្សព្វផ្សាយគ្រឿងតុបតែងដែលមិនសមរម្យ ពួកអ្នកទាក់ចិត្តទៅនឹងភាពអសីលធម៌ និង ពួកអ្នករិះគន់ក្រុមគ្រួសារតាមបែបប្រពៃណី ពួកអ្នកទាំងអស់នោះជម្រុញឲ្យមានការជ្រើសរើសដែលនឹងបន្អន់បន្ថោកដល់ជីវិតខាងវិញ្ញាណនៃបុត្រាបុត្រីព្រះ រហូតដល់ថ្នាក់ស្លាប់ខាងវិញ្ញាណផង ។

ចូរចងចាំថា សាតាំងសើចចំអកឲ្យភាពអកុសលនៃពួកអ្នកដែលត្រូវបានបោកបញ្ឆោតដោយការកំសាន្តបែបនោះ ( សូមមើល ម៉ូសេ 7:26  ) ។ វិធីសាស្ត្ររបស់វាមានច្រើនផ្សេងៗគ្នា ប៉ុន្តែវិធីសាស្ត្រទាំងនោះមានគោលបំណងដូចគ្នាតែមួយ ៖ ការមិនគោរពប្រតិបត្តិ និង ការបាត់បង់ពរជ័យដែលទាក់ទងនឹងការមិនគោរពប្រតិបត្តិទាំងនោះ ។

ពរជ័យទាំងឡាយនៃការគោរពប្រតិបត្តិ

ការគោរពប្រិតបត្តិនាំមកនូវពរជ័យ និង សេចក្ដីសុខសាន្ត ។ ចូរគិតអំពីការសម្រេចចិត្តដ៏មានសតិសម្បជញ្ញៈដែលជាក់លាក់មួយ ដែលអ្នកបានធ្វើ ដើម្បីធ្វើអ្វីដែលត្រឹមត្រូវ សូម្បីតែមានការល្បួងយ៉ាងខ្លាំងឲ្យធ្វើខុសក្តី ។ ប្រហែលវាជាការសម្រេចចិត្តមួយ ដើម្បីលប់បំបាត់គំនិតដែលមិនសមរម្យទាំងឡាយ ឬ ដើម្បីប្រាប់ការពិត ពេលដែលវាងាយស្រួលជាងក្នុងការនិយាយកុហក ។ ប្រហែលវាជាការសម្រេចចិត្តមួយ ដើម្បីក្រោកឡើង ហើយដើរចេញពីភាពយន្តមួយ ( ឬ ពីកន្លែងដែលមិនបរិសុទ្ធណាមួយ ) ដែលបានផ្សព្វផ្សាយថាអាចទទួលយកបាន ប៉ុន្តែ តាមពិតបានបង្ហាញថាមិនសមរម្យទេ ។

ពេលដែលអ្នកមើលត្រឡប់ទៅការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់អ្នក អ្នកមានអារម្មណ៍យ៉ាងណា ? សប្បាយរីករាយ ? ការញាណដឹងពីការចេះគ្រប់គ្រងខ្លួនឯង ឬ ការរីកចម្រើនផ្ទាល់ខ្លួន ? ទំនុកចិត្តបានកើនឡើង ចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ? សមត្ថភាពបានពង្រីកដើម្បីទប់ទល់នឹងអារក្ស ? នោះគឺជាអំណាច នោះគឺជាសេរីភាព !

ប្រសិនបើអ្នកទប់ទល់នឹងការល្បួងដោយខ្ជាប់ខ្ជួន នោះវានឹងក្លាយជាការកាន់តែងាយស្រួល—មិនមែនថា លក្ខណៈនៃការទប់ទល់បានផ្លាស់ប្ដូរនោះទេ ប៉ុន្តែអំណាចរបស់អ្នកក្នុងការធ្វើដូច្នោះបានកើនឡើង ។3 អ្នកអាចយកឈ្នះការល្បួងណាក៏ដោយ ដែលនៅចំពោះមុខអ្នក ( សូមមើល កូរិនថូស ទី1 10:13  ) ។

អ្នកមានចំណេះដឹងអំពីដើមកំណើតដ៏ទេវភាពរបស់អ្នក ។ អ្នកមានការចេះដឹងដ៏ពេញលេញអំពីជោគវាសនាដ៏ទេវភាពរបស់អ្នក ។ ខ្ញុំសូមអញ្ជើញអ្នក « ឲ្យរះឡើងទៅកាន់ទេវភាពដែលនៅក្នុងខ្លួនអ្នក »4 ហើយមិនមែនគ្រាន់តែរស់នៅសម្រាប់គ្រានេះប៉ុណ្ណោះនោះទេ ប៉ុន្តែសម្រាប់ភាពអស់កល្បជានិច្ចវិញ ។

អ្នកដែលជាមជ្ឈិមវ័យវ័យក្មេងដ៏ប្រពៃអើយ អ្នកដែលជាអនាគតអ្នកដឹកនាំនៅក្នុងនគររបស់ព្រះ និង នៅក្នុងសង្គម ត្រូវតែមិនត្រូវក្លាយជាអ្នករងគ្រោះនៅក្នុងសង្គ្រាមដ៏មិនចប់នេះឡើយ ។ អ្នកបានរួចជីវិតពីសង្គ្រាមនៅក្នុងស្ថានសួគ៌ អ្នកអាចឈ្នះសង្គ្រាមនៅលើផែនដីនេះបាន ។ កុំរស់នៅសម្រាប់គ្រានេះឡើយ តែរស់នៅសម្រាប់ភាពអស់កល្បជានិច្ចវិញ ។

ចូរប្រាកដក្នុងចិត្តថា វាសមនឹងតម្លៃនៃការខិតខំប្រឹងប្រែងរបស់អ្នក ក្នុងការស្ដាប់តាមបទបញ្ញត្តិទាំងឡាយ ត្បិតរង្វាន់របស់អ្នកគឺដើម្បីបានត្រឡប់ទៅកាន់វត្តមានរបស់ព្រះ ក្នុងកម្រិតដ៏ខ្ពស់បំផុតនៃនគរសេឡេស្ទាល ។

កំណត់ចំណាំ

  1. Bible Dictionary, “Devil”  ។

  2. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2010 ទំព័រ 129 ។

  3. សូមមើល Teachings of Presidents of the Church: Heber J. Grant ( 2002 ) ទំព័រ 35 ។

  4. Gordon B. Hinckley, “Each a Better Person,” លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2002 ទំព័រ 99 ។