២០១៣
អំណាចនៅក្នុងសេចក្ដីសញ្ញា
កក្កដា 2013


អំណាចនៅក្នុងសេចក្ដីសញ្ញា

សេចក្ដីសញ្ញាគឺជាការសន្យាមួយ ហើយវាក៏មានន័យលើសពីនេះផងដែរ ។

ពេលអ្នកឮពាក្យសេចក្ដីសញ្ញា តើអ្នកគិតពីអ្វី ? បើអ្នកនិយាយថា « ការសន្យាទៅវិញទៅមកជាមួយព្រះ » នោះអ្នកគិតត្រូវហើយ ។

ប៉ុន្តែ សេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ក៏មានច្រើនជាងនេះផងដែរ ។ ក្នុងការសន្យាដ៏ពិសិដ្ឋនោះ វាមាននូវអំណាច កម្លាំង សុវត្ថិភាព និងសេចក្ដីសុខសាន្ត ។ ពេលអ្នកយកពេលគិតអំពីសេចក្ដីសញ្ញាដែលអ្នកបានធ្វើ ហើយនឹងធ្វើនៅក្នុងជីវិតអ្នក ហើយនៅពេលអ្នករក្សាផ្នែករបស់អ្នក នោះអ្នកចាប់ផ្ដើមទទួលអារម្មណ៍ និង រស់នៅខុសប្លែកពីមុន ។ សេចក្ដីសញ្ញាជះឥទ្ធិពលដល់របៀបដែលអ្នកប្រព្រឹត្តិ ហើយបំផុសអ្នកក្នុងការជ្រើសរើសរបស់អ្នក ។

នេះជារបៀបដែលសេចក្ដីសញ្ញាធ្វើឲ្យមានភាពខុសប្លែកក្នុងជីវិតនៃយុវវ័យមួយចំនួន ។

« សេចក្ដីសញ្ញាមួយរក្សាអ្នកឲ្យនៅលើផ្លូវដ៏ត្រង់ និងចង្អៀត ជួយអ្នកឲ្យរស់នៅក្នុងជីវិតបានប្រសើរឡើង ហើយផ្ដល់ឲ្យអ្នកនូវការយល់ដឹងប្រសើរជាងមុន » ។

ម៉ាកូស អេ. អាយុ 17 ឆ្នាំ រដ្ឋយូថាហ៍ ស.រ.អា.

« ការពិតដែលថា ខ្ញុំបានធ្វើសេចក្ដីសញ្ញាជាមួយព្រះវរបិតាសួគ៌ បានផ្ដល់ឱកាសឲ្យខ្ញុំលូតលាស់ខាងវិញ្ញាណ និង ឲ្យធ្វើជាសមាជិកម្នាក់ដែលកាន់តែស្មោះត្រង់ ។ គ្រប់ពេលដែលខ្ញុំនឹងធ្វើអ្វីមួយ ខ្ញុំគិតពីសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើជាមួយព្រះវរបិតាសួគ៌របស់យើង ហើយសួរខ្លួនខ្ញុំ ថាបើខ្ញុំកំពុងរក្សាសេចក្ដីសញ្ញាដែលខ្ញុំបានធ្វើជាមួយទ្រង់ កាលខ្ញុំទទួលបុណ្យជ្រមុជទឹក និង ពេលខ្ញុំទទួលបព្វជិតភាពឬទេ ។ សេចក្ដីសញ្ញាដែលខ្ញុំបានធ្វើជាមួយព្រះវរបិតាសួគ៌ ជួយខ្ញុំឲ្យនៅបន្តរឹងមាំក្នុងដំណឹងល្អ និង ត្រឡប់ទៅកាន់ទ្រង់វិញនៅថ្ងៃមួយ » ។

អេហ្វ្រែន វី. អាយុ 14 ឆ្នាំ ប្រទេស នូវហ្សើលែន 

« ខ្ញុំចងចាំពេលខ្ញុំទទួលបុណ្យជ្រមុជទឹក—វាជាពេលដែលរីករាយបំផុត ដែលខ្ញុំមិនធ្លាប់មាន ព្រោះនោះជាសេចក្ដីសញ្ញាទីមួយរបស់ខ្ញុំ ។ បន្ទាប់មកទៀតគឺពេលខ្ញុំទទួលបព្វជិតភាព ។ វាជាសេចក្ដីរីករាយដូចគ្នា ។ ខ្ញុំមានស្នាមញញឹមដ៏ធំ នៅលើផ្ទៃមុខរបស់ខ្ញុំ ពេលខ្ញុំបានដឹងថា ខ្ញុំបានធ្វើសេចក្ដីសញ្ញាជាមួយព្រះ ។ ពេលខ្ញុំឮក្មេងៗចំអកឲ្យសាសនាចក្រ ខ្ញុំចងចាំពីសេចក្ដីរីករាយ ហើយខ្ញុំចងចាំថា វាជាសេចក្ដីសញ្ញាមួយជាមួយព្រះ ហើយពុំមែនជាមួយមនុស្សនោះទេ » ។

ប្រេដហ្វ័ដ អេ. អាយុ 16 ឆ្នាំ រដ្ឋ អារីហ្សូណា ស.រ.អា.

« ការធ្វើសេចក្ដីសញ្ញា នាំមកនូវពរជ័យជាច្រើនដល់យើង និង ក្រុមគ្រួសាររបស់យើង ។ ឧទាហរណ៍ ការទទួលបុណ្យជ្រមុជទឹកជួយយើងឲ្យមានសមត្ថភាពដើម្បីផ្លាស់ប្ដូរ ដើម្បីបានប្រសើរជាងមុន ។ សេចក្ដីសញ្ញាដែលយើងធ្វើជាមួយព្រះវរបិតាសួគ៌របស់យើង ស្ថាបនាសេចក្ដីជំនឿ ដែលយើងត្រូវការដើម្បីបន្តនៅតែពិតត្រង់ចំពោះដំណឹងល្អ » ។

ណាអូមី អេ. អាយុ 15 ឆ្នាំ ទីក្រុង ហ្កាដាឡាហារ៉ា ប្រទេស ម៉ិកស៊ីកូ

« កាលពីរដូវក្ដៅមុននេះ ខ្ញុំបានទៅព្រះវិហារបរិសុទ្ធជាញឹកញាប់ ដើម្បីធ្វើបុណ្យជ្រមុជទឹកសម្រាប់អ្នកស្លាប់ ។ តាមរយៈការរក្សាសេចក្ដីសញ្ញារបស់ខ្ញុំ ដោយការទៅព្រះវិហារបរិសុទ្ធ និង ធ្វើអ្វីដែលត្រឹមត្រូវ នោះខ្ញុំបានទទួលពរជ័យ ។ ខ្ញុំពិតជាមានការថប់បារម្ភជាមួយនឹងការប្រឡងបញ្ចប់ ។ ខ្ញុំបានទៅព្រះវិហារបរិសុទ្ធ ហើយវាបានធ្វើឲ្យអ្វីៗគ្រប់យ៉ាងប្រសើរឡើង ។ ការរក្សាសេចក្ដីសញ្ញារបស់ខ្ញុំ ធ្វើឲ្យជីវិតកាន់តែងាយស្រួល និង កាន់តែរីករាយជាខ្លាំង » ។

ម៉ាក់ឃិនណា អិម. អាយុ 18 ឆ្នាំ រដ្ឋ កាលីហ្វូញ៉ា ស.រ.អា.

« ខ្ញុំភ័យជាខ្លាំង នៅថ្ងៃដំបូងដែលខ្ញុំចែកចាយសាក្រាម៉ង់ ក្នុងនាមជាឌីកុនម្នាក់ ។ បន្ទាប់មក ខ្ញុំចងចាំពីថ្ងៃដែលខ្ញុំទទួលបុណ្យជ្រមុជទឹក ហើយខ្ញុំបានមានអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ។ ខ្ញុំបានមានអារម្មណ៍ស្ងប់ជាងមុនដោយស្វ័យប្រវត្តិ ហើយអាចធ្វើវាបានយ៉ាងល្អ » ។

សិតហ៍ អេ. អាយុ 12 ឆ្នាំ ទីក្រុង ម៉ិកស៊ីកូ ប្រទេស ម៉ិកស៊ីកូ

« ខ្ញុំបានទទួលពរជ័យជាច្រើន ពីការរក្សាសេចក្ដីសញ្ញារបស់ខ្ញុំ ។ ដោយសារសេចក្ដីសញ្ញាបុណ្យជ្រមុជទឹករបស់ខ្ញុំ នោះព្រះវិញ្ញាណបរិសុទ្ធបានជួយខ្ញុំឲ្យធ្វើការសម្រេចចិត្តទាំងឡាយ ។ សេចក្ដីសញ្ញាពេលដែលអ្នកទទួលបព្វជិតភាព គឺជាការតាំងចិត្តមួយ ដើម្បីប្រើប្រាស់បព្វជិតភាពក្នុងការជួយ និង បម្រើអ្នកដទៃទៀត ។ វាជួយឲ្យទីបន្ទាល់អ្នកលូតលាស់ឡើង នៅពេលអ្នកបម្រើ » ។

អេរីក អិន. អាយុ 15 ឆ្នាំ ខេត្ត អាល់ប៊ើរតា ប្រទេស កាណាដា

« អ្នកមិនអាចធ្វើអ្វីក៏បានដែលអ្នកចង់ធ្វើ ហើយរំពឹងឲ្យព្រះរក្សាផ្នែកនៃការសន្យារបស់ទ្រង់នោះទេ ។ ទ្រង់រំពឹងច្រើនណាស់ពីអ្នក ព្រោះទ្រង់ស្គាល់ពីសក្ដានុពលភាពដែលអ្នកមាន ។ វាពិតជាជួយខ្ញុំទៅកាន់កម្រិតដែលកាន់តែខ្ពស់ » ។

ជូលី អេច. អាយុ 15 ឆ្នាំ រដ្ឋ ខូឡូរ៉ាដូ ស.រ.អា.