សារលិខិតគណៈប្រធានទីមួយ
ពិភពលោកត្រូវការពួកអ្នកត្រួសត្រាយផ្លូវនាសព្វថ្ងៃនេះ
ចំពោះមនុស្សជាច្រើន ដំណើរជាអ្នកត្រួសត្រាយផ្លូវនាឆ្នាំ 1847 ពុំបានចាប់ផ្ដើមឡើងនៅក្រុងណៅវ៉ូ ក្រុងខឺតឡង់ ក្រុងហ្វាយ៉ែត ឬ រដ្ឋនូវយ៉ោកនោះទេ ប៉ុន្តែវាចាប់ផ្ដើមឡើងនៅប្រទេសអង់គ្លេស ស្កតឡង់ ស្កានឌីណាវៀ ឬ អាល្លឺម៉ង់ ។ ក្មេងតូចៗមិនអាចយល់ទាំងស្រុងនូវសេចក្ដីជំនឿដ៏អស្ចារ្យ ដែលបានលើកទឹកចិត្តឲ្យឪពុកម្ដាយរបស់ខ្លួនចាកចោលគ្រួសារ មិត្តភក្ដិ ភាពសុខស្រួល និង សុវត្ថិភាពនោះឡើយ ។
ក្មេងតូចម្នាក់ អាចនឹងសួរថា « ម៉ាក់ ហេតុអ្វីយើងត្រូវចាកចេញពីផ្ទះ ? តើយើងទៅទីណាហ្នឹង ? »
« ឱ! កូនស្ងួនភ្ងាអើយ ចូរមកជាមួយគ្នាចុះ យើងនឹងទៅទីក្រុងស៊ីយ៉ូន ដែលជាទីក្រុងនៃព្រះរបស់យើង » ។
នៅចន្លោះនៃសុវត្ថិភាពនៃផ្ទះសម្បែង និង សេចក្ដីសន្យានៃទីក្រុងស៊ីយ៉ូន គឺមាននូវផ្ទៃទឹកកំណាច និងប្រកបដោយគ្រោះថ្នាក់យ៉ាងខ្លាំងនៃមហាសមុទ្រអាត្លង់ទិច ។ តើនរណាខ្លះដែលអាចនិទានឡើងវិញពីសេចក្ដីភ័យខ្លាច ដែលបានជះឥទ្ធិពលទៅលើដួងចិត្តមនុស្ស អំឡុងពេលនៃការឆ្លងកាត់ប្រកបដោយគ្រោះថ្នាក់ទាំងនោះ ? ដោយបានទទួលការបំផុសគំនិតពីការខ្សឹបប្រាប់នៃព្រះវិញ្ញាណ ដោយបានការគាំទ្រតាមរយៈការរស់នៅដោយសេចក្ដីជំនឿ ពួកអ្នកត្រួសត្រាយផ្លូវទាំងនោះបានទុកចិត្តលើព្រះ ហើយបានចេញដំណើររបស់ខ្លួន ។
នៅទីបំផុត លុះពួកគេបានទៅដល់ទីក្រុងណៅវ៉ូ ពួកគេក៏បានជួបប្រទះនឹងការលំបាកម្ដងទៀត ។ ក្បាលផ្នូរធ្វើពីរុក្ខជាតិនិងថ្ម បានគូសចំណាំផ្នូរ នៅតាមដងផ្លូវពីទីក្រុងណៅវ៉ូដល់ទីក្រុងសលត៍ លេក ។ ទាំងនេះគឺជាការលះបង់ដែល ពួកអ្នកត្រួសត្រាយផ្លូវមួយចំនួនបានធ្វើ ។ រូបកាយរបស់ពួកគេ ត្រូវបានបញ្ចុះដោយភាពសុខសាន្ត ប៉ុន្តែឈ្មោះរបស់ពួកគេរស់នៅជារៀងរហូត ។
សត្វគោដែលនឿយហត់បានដើរយឺតៗ រីឯកង់រទេះគោបានលាន់សូរងឺតៗ ហើយមនុស្សដ៏ក្លាហានទាំងនោះខំប្រឹងដើរទាំងលំបាក ស្នូរស្គរចម្បាំងបានបន្លឺឡើង ហើយហ្វូងសត្វឆ្កែព្រៃបានស្រែកលូឡើង ។ ប៉ុន្តែពួកអ្នកត្រួសត្រាយផ្លូវដែលពោរពេញដោយសេចក្ដីជំនឿ ហើយមានចិត្តមុតមាំ បានបន្តដំណើររបស់ខ្លួនឆ្ពោះទៅមុខទៀត ។ ជារឿយៗ ពួកគេច្រៀងថា ៖
មក មក ពួកបរិសុទ្ធ កុំខ្លាចឡើយណា
តែខិតខំដោយសារទរ ។
ថ្វីបើដំណើរនេះ លំបាករបៀបណា
ព្រះគុណនឹងជួយលើកទ្រ ។ …
ស្រួលទាំងអស់ ! ស្រួលទាំងអស់ !1
ពួកអ្នកត្រួសត្រាយផ្លូវទាំងនេះ បានចងចាំនូវព្រះបន្ទូលនៃព្រះអម្ចាស់ថា ៖ « រាស្ត្ររបស់យើង ត្រូវតែបានសាកល្បងនូវគ្រប់ការណ៍ទាំងអស់ ប្រយោជន៍ឲ្យពួកគេអាចបានរៀបចំ ដើម្បីទទួលនូវសិរីល្អដែលយើងមានសម្រាប់ពួកគេ គឺជាសិរីល្អនៃស៊ីយ៉ូន » ។2
ខណៈដែលពេលវេលាចេះតែកន្លងទៅ វាបានបិទបាំងនូវការចងចាំរបស់យើង ហើយនិងកាត់បន្ថយនូវការថ្លែងអំណរគុណរបស់យើងចំពោះជនទាំងឡាយណា ដែលបានដើរនៅលើផ្លូវនៃសេចក្ដីឈឺចាប់នោះ ដោយបន្សល់ទុកនូវពីក្រោយខ្លួននូវផ្លូវនៃស្នាមទឹកភ្នែកចំពោះផ្នូរដែលរាប់មិនអស់ ។ ចុះតើឧបសគ្គនាសព្វថ្ងៃនេះជាអ្វីទៅ ? តើគ្មានផ្លូវដែលមានថ្មភ្នំដើម្បីធ្វើដំណើរ គ្មានភ្នំដ៏ធំដើម្បីឡើង គ្មានជ្រោះដើម្បីឆ្លងកាត់ គ្មានផ្លូវដើម្បីត្រួសត្រាយ គ្មានទន្លេដើម្បឆ្លងកាត់មែនទេ ? ចុះតើមានសេចក្ដីត្រូវការមួយនាបច្ចុប្បន្ននេះ សម្រាប់វិញ្ញាណនៃអ្នកត្រួសត្រាយផ្លូវនោះ ដើម្បីដឹកនាំយើង ឲ្យឃ្លាតឆ្ងាយពីគ្រោះថ្នាក់នានា ដែលគម្រាមកំហែងនៅជុំវិញយើង ហើយនាំយើងទៅកាន់ក្រុងស៊ីយ៉ូនដោយសុវត្ថិភាពដែរឬទេ ?
ជាច្រើនទសវត្សរ៍ ចាប់តាំងពីសង្គ្រាមលោកលើកទី 2 បានបញ្ចប់ទៅ បទដ្ឋាននៃសីលធម៌ត្រូវបានធ្លាក់ចុះម្ដងហើយម្ដងទៀត ។ បទឧក្រិដ្ឋកម្មមានការកើនឡើងយ៉ាងឆាប់រហ័យ រីឯសុជីវធម៌បានធ្លាក់ចុះយ៉ាងខ្លាំង ។ មានមនុស្សជាច្រើន ស្ថិតនៅក្នុងការប្រែប្រួលដ៏ធំយ៉ាងឆាប់រហ័សនៃគ្រោះមហន្តរាយ ដោយស្វែងរកនូវការរំភើបចិត្តមួយគ្រា ខណៈដែលលះបង់ចោលនូវសេចក្ដីអំណរនៃភាពអស់កល្បជានិច្ច ។ ដូច្នេះមានន័យថា យើងលះបង់ចោលនូវសេចក្ដីសុខសាន្តហើយ ។
យើងភ្លេចពីរបៀបដែលប្រជាជនក្រិក និងរ៉ូម បានទទួលជ័យជំនះយ៉ាងធំធេងក្នុងពិភពឃោរឃៅ និងពីរបៀបដែលជោគជ័យនោះត្រូវបានបញ្ចប់—ជារបៀបដែលការខ្ជិលច្រអូស និងភាពទន់ជ្រាយ លេបត្របាក់ពួកគេ រហូតដល់ខ្ទេចខ្ទាំនៅទីបំផុត ។ នៅទីបញ្ចប់ ក្រៅពីសេរីភាពដែលពួកគេចង់បាន ពួកគេចង់បានសុវត្ថិភាព និងជីវិតមួយដែលសុខស្រួល ហើយពួកគេបានបាត់បង់ទាំងអស់—ទាំងភាពសុខស្រួល និងសុវត្ថិភាព និងសេរីភាព ។
សូមកុំងាកទៅរកការទាក់ទាញរបស់សាតាំង ប៉ុន្តែត្រូវឈរយ៉ាងមាំមួនចំពោះសេចក្ដីពិត ។ បំណងប្រាថ្នាដែលឥតស្កប់ចិត្តនៃដួងព្រលឹង នឹងមិនត្រូវបានបំពេញដោយការស្វែងរកសេចក្ដីអំណរមួយនៅក្នុងភាពត្រេកត្រអាល និងរឿងអបាយមុខដែលគ្មានទីបញ្ចប់នោះឡើយ ។ រឿងអបាយមុខ នឹងមិននាំរកគុណធម៌នោះទេ ។ សេចក្ដីស្អប់ នឹងមិនលើកកម្ពស់ដល់សេចក្ដីស្រឡាញ់ឡើយ ។ សេចក្ដីកំសាក នឹងមិនដែលផ្ដល់ឲ្យនូវសេចក្ដីក្លាហានឡើយ ។ សេចក្ដីមន្ទិលសង្ស័យ នឹងមិនដែលបំផុសដល់សេចក្ដីជំនឿទេ ។
មានមនុស្សមួយចំនួនពិបាកទ្រាំទ្រនឹងសេចក្ដីចំអក និងពាក្យសម្ដីដ៏អាក្រក់នៃជនដែលចំអកដល់ព្រហ្មចារីភាព សេចក្ដីស្មោះត្រង់ និងការគោរពប្រតិបត្តិដល់ព្រះបញ្ញត្តិនៃព្រះ ។ ប៉ុន្តែពិភពលោកនេះ តែងតែបន្ទាបបន្ថោកដល់ការឱបក្រសោបចំពោះគោលការណ៍ ។ នៅពេលណូអេត្រូវបានណែនាំឲ្យសាងទូកធំមួយ នោះមានពួកមនុស្សល្ងីល្ងើបាន សម្លឹងមើលទៅលើផ្ទៃមេឃដ៏ស្រឡះ រួចហើយបានសើចចំអកឡកឡឺយ—រហូតដល់ភ្លៀងបានធ្លាក់ចុះមក ។
តើយើងត្រូវតែរៀនពីមេរៀនដ៏មានតម្លៃទាំងនេះម្ដងហើយម្ដងទៀតមែនទេ ? ពេលវេលាផ្លាស់ប្ដូរ ប៉ុន្តែសេចក្ដីពិតនៅតែបន្ត ។ នៅពេលយើងបរាជ័យក្នុងការទទួលអត្ថប្រយោជន៍ពីបទពិសោធន៍នៃអតីតកាល នោះយើងធ្លាក់ខ្លួនចូលទៅក្នុងភាពបរាជ័យដោយធ្វើនូវរឿងទាំងនេះម្ដងទៀត រួមជាមួយនឹងរាល់សេចក្ដីឈឺចាប់ក្នុងចិត្ត សេចក្ដីរងទុក្ខ និងសេចក្ដីឈឺចាប់ខ្លោចផ្សាជាថ្មីម្ដងទៀត ។ តើយើងពុំមាននូវប្រាជ្ញាក្នុងការគោរពប្រតិបត្តិតាមទ្រង់ ដែលជាអង្គត្រាស់ដឹងពីទីចាប់ផ្ដើមរហូតដល់ចុងបញ្ចប់ជាព្រះអម្ចាស់យើង ជាអង្គដែលបានរៀបចំផែនការនៃសេចក្ដីសង្គ្រោះ ជាជាងសត្វពស់នោះ ដែលប្រមាថភាពស្រស់ស្អាតរបស់ខ្លួនទេឬ ?
វចនានុក្រមមួយ បានឲ្យនិយមន័យអ្នកត្រួសត្រាយផ្លូវម្នាក់ថាជា « មនុស្សដែលដើរទៅមុន ដើម្បីរៀបចំ ឬ បើកផ្លូវសម្រាប់មនុស្សដទៃទៀតឲ្យដើរតាម » ។3 តើយើងអាចប្រមូលនូវសេចក្ដីក្លាហាន និង ការតាំងចិត្តដ៏ខ្ពស់ដែលចង្អុលបង្ហាញចរិតលក្ខណៈពួកអ្នកត្រួសត្រាយផ្លូវនៅជំនាន់មុនបានដែរទេ ? តើអ្នក ហើយនិងខ្ញុំ ពិតជាអាចក្លាយជាពួកអ្នកត្រួសត្រាយផ្លូវបានដែរទេ ?
ខ្ញុំដឹងថា យើងអាចធ្វើបាន ។ ពិភពលោក ត្រូវការពួកអ្នកត្រួសត្រាយផ្លូវនាសព្វថ្ងៃនេះ ។