២០១៣
សេចក្ដីជំនឿ និង សេចក្ដីក្លាហាននៃអ្នកត្រួសត្រាយផ្លូវ—នាពេលនោះ និង ឥឡូវនេះ
កក្កដា 2013


សេចក្ដីជំនឿ និង សេចក្ដីក្លាហាននៃអ្នកត្រួសត្រាយផ្លូវ—នាពេលនោះ និង ឥឡូវនេះ

ដកស្រង់ចេញពីសុន្ទរកថាដែលបានធ្វើឡើងនៅ ទីក្រុងអកដិន រដ្ឋយូថាហ៍ នាថ្ងៃ 15 ខែ កក្កដា ឆ្នាំ 2012 ។

អែលឌើរ អិម. រ័សុល បាឡឺដ

យើងត្រូវដើររួមគ្នាក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនាបច្ចុប្បន្ននេះ ដោយរស់នៅក្នុងជីវិតដូចជាព្រះគ្រីស្ទ ដោយគាំទ្រនូវកិច្ចការល្អក្នុងសហគមន៍របស់យើង និង ដោយពង្រឹងក្រុមគ្រួសារ និង គេហដ្ឋានរបស់យើង ។

កាលពីប៉ុន្មានឆ្នាំដំបូងក្នុងប្រវត្តិសាស្ត្រនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺជាពេលនៃការសាកល្បងដ៏ធំ ។ បណ្ដាអ្នកដឹកនាំដែលបានឆ្លងផុតពីកាលវេលាទាំងនេះ ដូចជា ព្រិកហាំ យ៉ង់, ហ៊ីប៊ើរ ស៊ី ឃិមបឹល, យ៉ូហាន ថេលើរ, វិលហ្វូឌ វូឌដ្រុព្វ, ឡូរែនសូ ស្នូ និង យ៉ូសែប អេហ្វ ស៊្មីធ ប្រហែលជាមានលទ្ធភាព ដើម្បីឆ្លងផុតពីការសាកល្បង ដែលស្ទើរតែមិនអាចទ្រាំទ្របាននៃការដើរឆ្លងកាត់ទីវាល និង ការស្ថាបនាសាសនាចក្រក្នុងតំបន់រ៉កគីម៉ោនថិន ។

ខ្ញុំមានអារម្មណ៍ថា ពួកអ្នកត្រួសត្រាយផ្លូវពីជំនាន់ដើមនឹងមានចិត្តរីករាយ ក្នុងការមើលឃើញពីអ្វីដែលត្រូវបានសម្រេចឡើង ក្នុងចំណោមពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ យើងជំពាក់ពួកអ្នកត្រួសត្រាយផ្លូវទាំងនោះច្រើនណាស់ ហើយយើងពុំត្រូវភ្លេចទេថា ជោគជ័យនៅសព្វថ្ងៃនេះ គឺកើតមានឡើងដោយសារគ្រឹះ និង សេចក្ដីក្លាហានដែលបានស្ថាបនាដោយក្រុមមនុស្សដែលមានចិត្តរាបសាដ៏អស្ចារ្យពីជំនាន់ដើម ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ 1910–2008 ) បានមានប្រសាសន៍អំពីអ្នកត្រួសត្រាយដោយស្មោះរបស់យើងថា ៖ « វាជាការល្អដើម្បីមើលត្រឡប់ទៅរកអតីតកាលវិញ ដើម្បីមានអំណរគុណចំពោះបច្ចុប្បន្ន និង ទទួលបានគំនិតសម្រាប់អនាគត ។ វាជាការល្អដើម្បីមើលទៅគុណធម៌នៃជនដែលបានដើរឆ្លងកាត់ពីមុនយើង ដើម្បីទទួលបានកម្លាំងសម្រាប់អ្វីៗ ដែលនឹងកើតមាននៅពេលខាងមុខ ។ វាជាការល្អដើម្បីសញ្ជឹងគិតពីកិច្ចការនៃជនដែលខិតខំធ្វើការយ៉ាងខ្លាំង ហើយទទួលបានតិចតួចបំផុតក្នុងពិភពលោកនេះ ប៉ុន្តែជាជនដែលមានក្ដីស្រមៃ និងផែនការទុកជាមុន ជាជនដែលមានការបំពាក់បំប៉នយ៉ាងល្អ បានធ្វើឲ្យកើតមាននូវការច្រូតកាត់មួយដ៏ធំ ជាអ្វីដែលយើងទាំងអស់គ្នាក្លាយជាអ្នកទទួលផល ។ គំរូដ៏អស្ចារ្យរបស់ពួកគេ អាចក្លាយជាការលើកទឹកចិត្តមួយដ៏ខ្លាំងក្លាសម្រាប់យើងទាំងអស់គ្នា ពីព្រោះយើងម្នាក់ៗគឺជាអ្នកត្រួសត្រាយផ្លូវក្នុងជីវិតរបស់យើងផ្ទាល់ » ។1

សេចក្ដីជំនឿដើម្បីដើរតាម

ពុំមែនមានតែពួកអ្នកដឹកនាំ ដែលមានសេចក្ដីជំនឿគ្រប់គ្រាន់ ដើម្បីដើរតាមព្រិកហាំ យ៉ង់ ទៅកាន់វាលខ្សាច់ដែលស្ងួតសោះកក្រោះនោះទេ ។ មានសមាជិកសាសនាចក្រធម្មតា តែក្លាហានក៏បានមកផងដែរ ។ យើងរៀនពីឪពុកម្ដាយរបស់ អូលីវើរ ហាន់ធីងតុន នៅក្នុងប្រវត្តិសាស្ត្រសាសនាចក្រ ជាអ្នកដែលលះបង់ជីវភាពដ៏ស្ដុកស្ដមក្នុង ទីក្រុងវ៉តធើរថោន រដ្ឋនូវយ៉ោក ក្នុងឆ្នាំ 1836 រួមបញ្ចូលទាំងកសិដ្ឋានទំហំ 93 ហិចតា ជាមួយនឹងផ្ទះថ្មដ៏ប្រណិត និង ជម្រុកពីរកន្លែង ហើយបានធ្វើដំណើរជាមួយនឹងគ្រួសាររបស់ខ្លួន ដើម្បីទៅចូលរួមនឹងពួកបរិសុទ្ធក្នុង ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ ។

បន្ទាប់ពីពួកគាត់បានទុកអ្វីៗទាំងអស់ចោល អូលីវើរ បានសរសេរថា « វាជាការឈឺចាប់មួយចំពោះ [ ឪពុកម្ដាយរបស់ខ្ញុំ ] ទាំងពីរនាក់ ដោយមើលឃើញមនុស្សដទៃមានការខ្វះខាត មើលឃើញកូនរបស់ខ្លួនយំចង់ហូបនំប៉័ង តែគ្មានអ្វីសោះដើម្បីផ្ដល់ទៅឲ្យពួកគេ ឬ មិនដឹងថាតើត្រូវរកអាហារសម្រាប់ថ្ងៃបន្ទាប់មកពីទីណាឡើយ » ។ អូលីវើរ បានបញ្ជាក់ពីសេចក្ដីជំនឿរបស់គ្រួសារនេះដោយនិយាយថា គាត់ពុំធ្លាប់ឮឪពុកម្ដាយរបស់គាត់ត្អូញត្អែរ ឬ រអ៊ូររទាំទាស់នឹងពួកអ្នកសិទ្ធិអំណាចក្នុងសាសនាចក្រ ឬ បង្ហាញការសង្ស័យពីសេចក្ដីពិតដ៏ពេញលេញនៃកិច្ចការនេះម្ដងណាឡើយ ។2

អេមីលី ផាតទ្រីគ ជាកូនស្រីប៊ីស្សពទីមួយក្នុងសាសនាចក្រនាសម័យកាន់កាប់ត្រួតត្រានោះ បាននៅចាំពីការចាកចោលគេហដ្ឋានដ៏សុខស្រួលរបស់ខ្លួនក្នុង ទីក្រុងផេនស្វៀល រដ្ឋអូហៃអូ ទៅឃុំចេកសុន រដ្ឋមិសសួរី ក្នុងឆ្នាំ 1831 ពេលនាងមានអាយុត្រឹមប្រាំពីរឆ្នាំ ។3 មិនយូរប៉ុន្មាន គ្រួសាររបស់នាងត្រូវបានបណ្តេញចេញពីគេហដ្ឋានរបស់ខ្លួន ដោយក្រុមមនុស្សកំណាច ហើយត្រូវផ្លាស់ទៅរស់នៅក្នុងឃុំក្លេ ។ នាងបានពិពណ៌នាពីរបៀបដែលពួកគេបានរកឃើញ « ផ្ទះខ្ទមចាស់តូចមួយ ដែលគេធ្លាប់ប្រើធ្វើជាក្រោលសត្វ ។ … វាមានបន្ទប់ធំមួយ និងសំយ៉ាបមួយ ប៉ុន្តែវាទ្រុឌទ្រោមខ្លាំងហើយ ដោយសារក្ដារកម្រាលស្ទើរតែបាក់បែកអស់ហើយ ហើយមានសត្វកណ្ដុរ និងសត្វពស់ច្រើន ធ្វើឲ្យយើងមិនស្រណុកក្នុងចិត្ត ។ មានកន្លែងអាំងភ្លើងមួយដ៏ធំក្នុងបន្ទប់មួយដែលអាចរស់បានមួយ ហើយមានភួយមួយចំនួនត្រូវបានគេដាក់ព្យួរមិនឆ្ងាយពីកន្លែងភ្នក់ភ្លើង ហើយមានគ្រួសារពីរ ប្រមាណជាដប់ប្រាំ ឬ ដប់ប្រាំមួយនាក់ បានប្រមូលផ្ដុំគ្នាក្នុងភួយទាំងនោះ ដើម្បីកុំឲ្យរងារដោយអាកាសធាតុត្រជាក់ខ្លាំងណាស់រហូតដល់ទឹកខ្មៅក្នុងប៉ិចឡើងកក ខណៈដែលឪពុកខ្ញុំអង្គុយសរសេរនៅជិតភ្នក់ភ្លើង » ។4

ក្រោយមកគ្រួសារនេះ បានផ្លាស់ទៅរដ្ឋអិលលីណោយ ។ អេមីលី បានសង្ខេបពីបទពិសោធន៍របស់ពួកគេថា ៖ « គ្រានោះមានការលំបាកខ្លាំងណាស់ ហើយយើងមានភាពទីទ័លក្រយ៉ាងខ្លាំង ដោយជួបនឹងការឆក់ប្លន់ និង ការបណ្ដេញចេញពីគេហដ្ឋាន និងទ្រព្យសម្បត្តិរបស់យើងជាច្រើនលើកច្រើនគ្រា ហើយមានជំងឺជាច្រើន » ។5

ស្រដៀងគ្នានេះ ហ្វូប៊េ ខាតធើរ ត្រូវបានដើរចម្ងាយ 1,200 គ.ម. ពីក្រុងស្កាបូរ៉ូ រដ្ឋមេន ទៅកាន់ទីក្រុងខឺតឡង់ រដ្ឋអូហៃអូ នាឆ្នាំ 1835 ។ ហ្វូប៊េ មានអាយុ 28 ឆ្នាំ កាលដែលគាត់បានតាំងចិត្តដើម្បីចូលរួមនឹងសមាជិកសាសនាចក្រ ទោះបីជាគាត់ត្រូវធ្វើដំណើរតែម្នាក់ឯងក្ដី ។ ក្រោយមក គាត់បានធ្វើសេចក្ដីរាយការណ៍ថា ៖ « មិត្តរបស់ខ្ញុំជាច្រើន បានស្ញប់ស្ញែងពីដំណើររបស់ខ្ញុំ រីឯខ្ញុំក៏គិតដូចគ្នាដែរ ប៉ុន្តែមានអ្វីមួយនៅក្នុងខ្លួនខ្ញុំ បានជម្រុញដល់រូបខ្ញុំ » ។ ភាពសោកសៅរបស់ម្ដាយខ្ញុំ នៅពេលយើងចាកចេញពីផ្ទះសម្បែង គឺជាភាពសោកសៅមួយដែលខ្ញុំស្ទើរតែមិនអាចទ្រាំទ្របាន ប៉ុន្តែបើមិនដោយសារវិញ្ញាណនៅខាងក្នុងនោះទេ ខ្ញុំនឹងមានភាពរអាក់រអួលជាពុំខានឡើយ ។ ម្ដាយខ្ញុំបានប្រាប់ខ្ញុំថា គាត់សុខចិត្តមើលឃើញខ្ញុំត្រូវបញ្ចុះនៅក្នុងដី ជាងការធ្វើដំណើរចូលទៅក្នុងពិភពលោកដែលគ្មានក្ដីមេត្តានេះតែម្នាក់ឯង ។ … គាត់បាននិយាយទាំងក្ដីរំភើបថា ‹ ហ្វូប៊េ តើកូននឹងត្រឡប់មករកម្ដាយវិញទេ ប្រសិនបើកូនរកឃើញថា សាសនាមរមននេះគឺក្លែងក្លាយ ? › ខ្ញុំបានឆ្លើយបីដងថា ‹ ចា៎ស ម៉ែ កូននឹងត្រឡប់មកវិញ › ។ … នៅពេលការចាកចេញដំណើរបានមកដល់ ខ្ញុំមិនទុកចិត្តខ្លួនឯងថា អាចនឹងនិយាយពាក្យលាគ្នាបានឡើយ ដូច្នេះខ្ញុំបានសរសេរសំបុត្រលាគ្នាដល់មនុស្សគ្រប់គ្នា ហើយដាក់វាលើតុខ្ញុំ ហើយបានរត់ចុះទៅជាន់ខាងក្រោម ហើយឡើងជិះក្នុងរទេះចេញទៅ ។ ដូច្នេះហើយ ខ្ញុំបានចាកចោលផ្ទះសម្បែងជាទីស្រឡាញ់របស់ខ្ញុំ កាលពីកុមារភាព ហើយទៅផ្សារភ្ជាប់ជីវិតជាមួយនឹងពួកបរិសុទ្ធរបស់ព្រះ » ។6

នៅពេលនោះ ហ្វូប៊េ ពុំបានដឹងថា ជំហាននៃសេចក្ដីជំនឿរបស់គាត់ បានដឹកនាំគាត់នៅលើផ្លូវមួយ ដែលមានចម្ងាយច្រើនជាង 1,200 គ.ម. ឆ្ពោះទៅកាន់ ទីក្រុងខឺតឡង់ ឡើយ ។ គាត់បានរៀបការនឹង វិលហ្វូឌ វូឌដ្រុព្វ ហើយបានរួមដំណើរនឹងគាត់ ពីទីក្រុងមិសសួរីទៅណៅវូ ហើយបន្ទាប់មកឆ្លងកាត់ទីវាលរហោស្ថានទៅជ្រលង សលត៍ លេក ដែល មានចម្ងាយផ្លូវ 2,170 គ.ម. ។

ជីតាទួតរបស់ខ្ញុំ ហិនរី បាឡឺដ បានចូលរួមក្នុងសាសនាចក្រនាខែ កុម្ភៈ ឆ្នាំ 1894 ក្នុងរដ្ឋថាច់ឆាម ប្រទេសអង់គ្លេស ក្នុងវ័យ 17 ឆ្នាំ ។ ដើម្បីបង់ថ្លៃដំណើររបស់គាត់មកកាន់ប្រទេសអាមេរិក ហិនរី បានចុះកិច្ចសន្យាចំនួនពីរឆ្នាំធ្វើការឲ្យក្រុមហ៊ុនមួយមានលោក ឡូរែនសូ និង អេរ៉ាស្តាស់ ស្នូ ជាម្ចាស់ ។ គាត់ត្រូវបានជួលឲ្យឃ្វាលចៀមមួយហ្វូងពីទិសខាងលិចទៅជ្រលងភ្នំ សលត៍ លេក ។ ហិនរី បានរៀបរាប់ពីការធ្វើដំណើររបស់គាត់ចូលទៅក្នុងជ្រលងភ្នំនោះ ក្នុងពាក្យសម្ដីដូចតទៅនេះ ៖

« នាខែតុលា ពេលខ្ញុំឃ្វាលចៀមទាំងនោះចុះពីភ្នំតូចមួយ ហើយឆ្លងកាត់ច្រកភ្នំ អិម៉ាគ្រេសិន ឃែនញ៉ិន នោះខ្ញុំបានឃើញដំបូងគេគឺជ្រលងភ្នំ សលត៍ លេក ។ ខណៈដែលខ្ញុំកំពុងរីករាយទស្សនា ‹ ដែនដីសន្យា › នោះ ខ្ញុំក៏មានអារម្មណ៍ភ័យខ្លាចថា មានមនុស្សខ្លះមើលឃើញខ្ញុំផងដែរ ។ ខ្ញុំបានលាក់ខ្លួននៅក្រោយគុម្ពឈើពេញមួយថ្ងៃរហូតដល់មេឃងងឹង ពីព្រោះអាវកញ្ចាស់ដែលខ្ញុំពាក់រហែកអស់ហើយ ហើយខ្ញុំមានការខ្មាស់អៀនមិនចង់ឲ្យគេឃើញ ។ លុះមេឃងងឹត ខ្ញុំបានដើរឆ្លងកាត់ទីវាលសំដៅទៅផ្ទះដែលមានភ្លើងភ្លឺ … ហើយបានគោះទ្វារនោះទាំងទឹកមុខអៀនខ្មាស់ ។ សំណាងល្អ មានបុរសម្នាក់បានបើកទ្វារនោះ ហើយពន្លឺចង្កៀងមិនបានធ្វើឲ្យមនុស្សផ្សេងទៀតក្នុងគ្រួសារគាត់មើលខ្ញុំឃើញឡើយ ។ ខ្ញុំអង្វរសុំសម្លៀកបំពាក់ដើម្បីយកមកបិទបាំងរូបកាយអាក្រាតរបស់ខ្ញុំ ដើម្បីខ្ញុំបានបន្តដំណើររបស់ខ្ញុំទៅមុខទៀត ដើម្បីស្វែងរកឪពុកម្ដាយរបស់ខ្ញុំ ។ ខ្ញុំទទួលបានសម្លៀកបំពាក់មួយចំនួន ហើយលុះស្អែកឡើង ខ្ញុំបានបន្តដំណើររបស់ខ្ញុំ ហើយបានទៅដល់ទីក្រុងសលត៍ លេក នៅថ្ងៃទី 16 ខែ តុលា ឆ្នាំ 1852 ទាំងអារម្មណ៍អំណរគុណចំពោះព្រះ ដែលខ្ញុំបានមកដល់ផ្ទះអនាគតរបស់ខ្ញុំដោយសុវត្ថិភាព » ។7

ជាមួយនឹងពរជ័យដ៏ច្រើនលើសលុបរបស់យើងនាសព្វថ្ងៃនេះ ដួងចិត្តរបស់ខ្ញុំគឺពោរពេញដោយសេចក្ដីស្រឡាញ់ និង ការកោតសរសើរចំពោះដូនតាម្នាក់ ដែលមានសេចក្ដីថ្លៃថ្នូរ និង សេចក្ដីក្លាហានបែបនេះ ។

ជីដូនទួតរបស់ខ្ញុំ ជាសុភាពនារីជនជាតិស្កត់ឡែនម្នាក់ ដែលមានឈ្មោះហៅថា ម៉ាហ្គារ៉េត ម៉ាក់ណេល ជាអ្នកដែលមករដ្ឋយូថាហ៍ជាមួយនឹងឪពុកម្ដាយគាត់ក្នុងវ័យ 13 ឆ្នាំ ។ គាត់បានដើរកាត់ទីវាលនានា ហើយជិះសត្វគោ ដោយបីប្អូនប្រុសរបស់ខ្លួនឈ្មោះ ជេមស៍ ដាក់លើខ្នងរបស់គាត់ នៅតាមផ្លូវភាគច្រើន ។ គាត់ និងគ្រួសារគាត់ បានបោះជំរុំនៅព្រំប្រទល់នៃអកដិន ហើយក្រោយមកគាត់បានកត់ត្រារឿងនេះនៅក្នុងជីវប្រវត្តិរបស់គាត់ថា ៖

« ឆ្លងកាត់ទីវាលចេញពីកន្លែងដែលធ្លាប់រស់នៅក្នុងផ្ទះតូចមួយ ហើយទៅរស់នៅក្នុងទីធ្លាដែលមានបន្លែមួយពំនូកធំ ។ យើងមានសេចក្ដីស្រេកឃ្លានស្ទើរតែស្លាប់ ។ ម្ដាយខ្ញុំបានឲ្យខ្ញុំមកកន្លែងនេះដើម្បីសុំបន្លែ ពីព្រោះយើងគ្មានប្រាក់សូម្បីតែមួយសេន ហើយក្មេងមួយចំនួនមានរូបកាយទន់ខ្សោយដោយសារតែខ្វះម្ហូបអាហារ ។ ខ្ញុំបានទៅគោះទ្វារ ហើយមានស្ត្រីចំណាស់ម្នាក់បានមក ហើយនិយាយថា ‹ ចូលមកខាងក្នុងមក ខ្ញុំដឹងថាឯងមក ហើយមានគេប្រាប់ខ្ញុំថាឲ្យផ្ដល់អាហារទៅឲ្យឯង › ។ គាត់បានឲ្យនំប៉័ងដុតថ្មីមួយដុំធំ ហើយបានឲ្យខ្ញុំប្រាប់ម្ដាយរបស់ខ្ញុំថា បន្តិចទៀតគាត់នឹងទៅលេង ។ មិនយូរប៉ុន្មានគាត់ក៏មក ហើយបាននាំយកនូវអាហារពេលល្ងាច ដែលបានចំអិនជាស្រេចយ៉ាងឈ្ងុយឆ្ងាញ់សម្រាប់យើង ជាម្ហូបដែលយើងមិនបានបរិភោគជាយូរមកហើយ » ។8

ការជួយសង្គ្រោះខាងរូបកាយ និង ខាងវិញ្ញាណ

នៅក្នុងបទពិសោធន៍នៃពួកអ្នកត្រួសត្រាយផ្លូវ យើងបានរៀនថា តើការដើរឆ្លងកាត់ទីវាលទាំងនោះកាលពី 165 ឆ្នាំមុន វាត្រូវការនូវសេចក្ដីជំនឿ និង សេចក្ដីក្លាហានដ៏ពិតបែបណាទៅ ។ ទោះជាពួកអ្នកត្រួសត្រាយផ្លូវផ្នែករទេះរុញ តំណាងឲ្យពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលភៀសខ្លួនប្រមាណជា 10 ភាគរយ ពីឆ្នាំ 1847 ដល់ 1868 ក្ដី ពួកគេក៏បានក្លាយជានិមិត្តរូបមួយសំខាន់ក្នុងវប្បធម៌របស់ អិល.ឌី.អែស. ដោយតំណាងឲ្យភាពស្មោះត្រង់ និង ការលះបង់នៃជំនាន់ពួកអ្នកត្រួសត្រាយផ្លូវ ។

ដូចជាបានចាំហើយថា ក្រុមវិល្លី និង ម៉ាទីន បានដើរកាត់ព្រិលធ្លាក់នៅ វ៉ៃអូម៉ីង ហើយមានពួកបរិសុទ្ធជាច្រើន បានស្លាប់ដោយតែអាកាសធាតុត្រជាក់ ។ ខណៈដែលធ្វើដំណើរនៅលើផ្លូវកាលពីប៉ុន្មានឆ្នាំមុន ដើម្បីដើរតាមដានជើងរបស់ពួកគេ គ្រួសារខ្ញុំ ហើយនិងខ្ញុំបានឈរសម្លឹងមើលទៅទីកន្លែងឈ្មោះ ស្វ៊ីតវ័រធើរ៍ ដែលក្រុមវិល្លីបានជាប់នៅទីនោះ ហើយរងារ និងស្រេកឃ្លាន ។ យើងអាននៅក្នុងសៀវភៅកំណត់ហេតុរបស់ពួកគេ ពីការសាកល្បងធំៗរបស់ពូកគេ និង ពីសេចក្ដីអំណរនៃការសង្គ្រោះរបស់ពួកគេ ។ ចន គ្រីស្លេត បានសរសេរថា ៖

« ដូចជាព្រះអាទិត្យ បានលិចទៅយ៉ាងស្រស់ស្អាត នៅពីក្រោយកូនភ្នំជាច្រើនដែលនៅពីចម្ងាយ … មានរទេះមួយចំនួន … ហាក់ដូចជាសំដៅមករកយើង ។ ដំណឹងនេះបានឮខ្ទរខ្ទារពេញជំរុំ ដូចជាមានភ្លើងឆេះឆាបអញ្ចឹង ។ … សម្រែកនៃសេចក្ដីអំណរបានលាន់ខ្ទរខ្ទារពេញផ្ទៃអាកាស។ បុរសដែលមានភាពរឹងមាំ បានសម្រក់ទឹកភ្នែករបស់ខ្លួន ។ …

« … នៅល្ងាចនោះ ចម្រៀងនៃស៊ីយ៉ូនត្រូវបានបន្លឺឡើង នៅក្នុងជំរុំនោះជាលើកដំបូង ក្នុងពេលវេលាមួយដ៏ស្ងប់ស្ងាត់ ។ … រួមជាមួយនឹងភាពស្រេកឃ្លាន និង ដួងចិត្តពេញដោយការដឹងគុណចំពោះព្រះ និងបងប្អូនប្រុសដ៏ប្រពៃរបស់យើង នោះយើងទាំងអស់គ្នាបានរួមគ្នាអធិស្ឋាន រួចហើយបានចូលទៅសម្រាក » ។9

នៅពេលយើងឈរនៅលើកូនភ្នំនោះ ដែលឥឡូវនេះមានឈ្មោះថា « ភ្នំអិម្មីណិនស៍ » ខ្ញុំមានភាពស្ងើចសរសើរដើម្បីថ្លែងទីបន្ទាល់របស់ខ្ញុំទៅកាន់គ្រួសារខ្ញុំ និង មនុស្សដទៃទៀតដែលនៅជាមួយនឹងយើង ។ ខ្ញុំបាននិយាយថា « ដូចគ្នានឹងការដឹងគុណរបស់ពួកអ្នកត្រួសត្រាយផ្លូវដ៏ស្មោះត្រង់ទាំងនេះដែរ ពេលឃើញក្រុមជួយសង្គ្រោះនោះ តើការសង្គ្រោះតាមរយៈដង្វាយធួននៃព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទនោះ មានតម្លៃធំធេងប៉ុណ្ណាទៅ ! » ខ្ញុំបានរំឭកក្រុមរបស់យើងថា មិនថាយើងកាន់សាសនាអ្វីនោះទេ ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ—ព្រះអង្គសង្គ្រោះនៃពិភពលោក—គឺជាចំណុចកណ្ដាលនៃជំនឿរបស់ជន ដែលជឿលើព្រះគ្រីស្ទ ហើយទ្រង់បានសង្គ្រោះដល់មនុស្សលោកគ្រប់រូប ។ តាមរយៈដង្វាយធួនរបស់ទ្រង់ ទ្រង់ប្រទានដល់យើងទាំងអស់គ្នានូវសេចក្ដីសង្ឃឹមសម្រាប់ថ្ងៃនេះ ហើយនិងការរ៉ាប់រងដ៏នៅអស់កល្បជានិច្ច ។

ការតតាំងនឹងទីរហោស្ថាននាសព្វថ្ងៃនេះ

ការរងទុក្ខនៃពួកអ្នកត្រួសត្រាយផ្លូវ បានបង្កើតជាកម្លាំងក្នុងជីវិតរបស់ពួកគេ ដែលជាកម្លាំងមួយដែលបានបន្តមកដល់យើង ។ ការវេចខ្ចប់របស់របរមួយចំនួនដាក់ក្នុងរទេះគោ ឬ រទេះរុញ ហើយដើរលើចម្ងាយផ្លូវ 2,090 គ.ម. ពុំមែនជាវិធីដែលយើងរាល់គ្នាភាគច្រើន នឹងត្រូវបានសុំឲ្យបង្ហាញពីសេចក្ដីជំនឿ និង សេចក្ដីក្លាហានរបស់យើងនោះឡើយ ។ សព្វថ្ងៃនេះយើងប្រឈមមុខនឹងឧបសគ្គផ្សេងៗគ្នា ជាភ្នំខុសគ្នាដែលត្រូវឡើង ជាទន្លេខុសគ្នាដែលត្រូវឆ្លងកាត់ ជាជ្រលងភ្នំខុសគ្នាដែលត្រូវធ្វើឲ្យ « ផ្កាឡើងដូចជាកូលាប » (  អេសាយ 35:1  ) ។ ប៉ុន្តែទោះជាទីរហោស្ថានដែលយើងត្រូវតតាំង មានភាពខុសគ្នាពីផ្លូវថ្មដ៏រដិបរដុបទៅកាន់ រដ្ឋយូថាហ៍ និង ទីវាលដែលស្ងួតសោះកក្រោះដែលពួកអ្នកត្រួសត្រាយផ្លូវយើងពីមុនបានជួបប្រទះក្ដី វាពុំមែនមានន័យថាឧបសគ្គ និង ការព្យាយាមរបស់យើង មានតិចជាងពួកគេនោះឡើយ ។

ឧបសគ្គរបស់យើងគឺត្រូវអាចរកឃើញ នៅក្នុងការរស់នៅក្នុងពិភពលោកមួយ ដែលពោរពេញដោយអំពើបាប និង មិនអើពើពីរឿងខាងវិញ្ញាណ ជាទីកន្លែងដែលការផ្គាប់ចិត្តខ្លួនឯង សេចក្ដីទុច្ចរិត និងសេចក្ដីលោភលន់មាននៅគ្រប់ទីកន្លែង ។ ទីរហោស្ថានសព្វថ្ងៃនេះ គឺជាសារដែលភ័ន្តច្រឡំ និង មិនត្រូវគ្នាមួយ ។ ពួកអ្នកត្រួសត្រាយផ្លូវ ត្រូវតតាំងនឹងទីរហោស្ថាននៃជួរកំពូលភ្នំធំៗ និងផ្លូវដី ឬផ្លូវតាមភ្នំគ្របដណ្ដប់ដោយព្រិល រួមជាមួយនឹងសេចក្ដីជំនឿរបស់ខ្លួនផ្ដោតទៅលើស៊ីយ៉ូន និង ការស្ថាបនាសាសនាចក្រក្នុងជ្រលងភ្នំ សលត៍ លេក ។

យើងត្រូវតាំងចិត្តបម្រើដល់ព្រះអម្ចាស់ និង សហគមន៍របស់យើង ជាមួយនឹងភាពឧស្សាហ៍ព្យាយាម និង សេចក្ដីជំនឿដូចគ្នា ដែលពួកអ្នកត្រួសត្រាយផ្លូវទាំងនោះមាន ។ យើងត្រូវត្រៀមខ្លួនជានិច្ចថា យើងមិនត្រូវមានភាពព្រងើយកន្តើយក្នុងការរក្សាព្រះបញ្ញត្តិរបស់ព្រះ ក្នុងការរស់នៅតាមក្រិត្យវិន័យរបស់ទ្រង់ និង ក្នុងការមានភាពស្មោះត្រង់ និង ជាមនុស្សដែលអាចទុកចិត្តបានក្នុងគ្រប់កិច្ចការដែលយើងធ្វើឡើយ ។ យើងត្រូវតែចៀសវាងការដាក់រាយអន្ទាក់នៃអំពើអាក្រក់តាមអ៊ិនធើរណែត ដែលចូលប្រើយ៉ាងងាយស្រួលតាមរយៈកុំព្យូទ័រ tablet និង ទូរស័ព្ទដៃរបស់យើង ។ ប្រសិនបើយើងមានភាពព្រងើយកន្តើយក្នុងកិច្ចការទាំងនេះ លូស៊ីហ្វើរ នឹងស្វែងរកវិធីមួយដើម្បីធ្វើឲ្យការតាំងចិត្តរបស់យើងធ្លាក់ចុះ ហើយបំផ្លាញសេចក្ដីជំនឿ និង សេចក្ដីស្រឡាញ់របស់យើងចំពោះព្រះអម្ចាស់ និង រវាងគ្នានឹងគ្នា ហើយយើងនឹងទទួលបានភាពបរាជ័យនៅក្នុងទីរហោស្ថាននៃពិភពលោកនេះ ។

ការចៀសវាងពីការល្បួង និង អំពើអាក្រក់ក្នុងពិភពលោកនេះ តម្រូវឲ្យមានសេចក្ដីជំនឿ និង ចិត្តអត់ធ្មត់នៃអ្នកត្រួសត្រាយផ្លូវពិតនាសម័យទំនើបនេះ ។ យើងត្រូវដើររួមគ្នា ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវនាបច្ចុប្បន្ននេះ ដោយរស់នៅក្នុងជីវិតដូចជាព្រះគ្រីស្ទ ដោយគាំទ្រនូវកិច្ចការល្អក្នុងសហគមន៍របស់យើង និង ដោយពង្រឹងក្រុមគ្រួសារ និងគេហដ្ឋានយើង ។

នៅពេលយើងជឿដោយពិតប្រាកដ យើងមិនគួរសួរសំណួរថា « តើខ្ញុំត្រូវធ្វើអ្វីខ្លះ » នោះទេ ? » ប៉ុន្តែគួរតែសួរថា « តើខ្ញុំអាចធ្វើអ្វីខ្លះបន្ថែមទៀត ? » នៅពេលជំនឿរបស់យើង ត្រូវបានបញ្ជាក់លើព្រលឹងរបស់យើង តាមរយៈព្រះវិញ្ញាណនៃព្រះ នោះសេចក្ដីជំនឿក្លាយជាកម្លាំងដ៏រឹងមួយ ក្នុងជីវិតរបស់យើង ដោយដឹកនាំនូវរាល់គំនិត ពាក្យសម្ដី និង អំពើយើងឆ្ពោះទៅរកឋានសួគ៌ ។ យើងអធិស្ឋានទូលសុំកម្លាំង និង ការណែនាំដោយមានទំនុកចិត្ត—ដូចជាជីដូនជីតារបស់យើងបានធ្វើដែរ ។ នោះជាអត្ថន័យនៃការដើរដោយសេចក្ដីជំនឿក្នុងគ្រប់ជំហាន ។ នេះជាករណីសម្រាប់ពួកអ្នកត្រួសត្រាយផ្លូវយើងកាលពីមុន ហើយវាក៏ត្រូវជាករណីរបស់យើងនាបច្ចុប្បន្ននេះផងដែរ ។ យើងត្រូវបណ្ដុះនៅក្នុងវិញ្ញាណដូចគ្នាដល់កូន និង ចៅៗរបស់យើងដែលដឹកនាំជំហាននៃពួកអ្នកត្រួសត្រាយផ្លូវទាំងនោះ ។

សូមឲ្យយើងបានឈររួមគ្នាជាពួកអ្នកត្រួសត្រាយផ្លូវនាបច្ចុប្បន្ននេះ ដោយស្វែងរកជំនួយពីព្រះជានិច្ច ដើម្បីដឹកនាំក្រុមគ្រួសាររបស់យើង ។ សូមឲ្យយើងរៀនពីអតីតកាល នូវសារៈសំខាន់នៃការគោរពដល់ឪពុកម្ដាយ ជីដូនជីតា និង បុព្វបុរសរបស់យើង ហើយសូមឲ្យយើងរកឃើញនូវកម្លាំង និង សេចក្ដីក្លាហានដើម្បីប្រឈមមុខនឹងអនាគត ដូចដែលពួកគាត់បានធ្វើផងដែរ ។ សូមឲ្យឆាកជីវិត និង ការបម្រើនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទឆេះឡើងយ៉ាងភ្លឺ ក្នុងដួងចិត្ត និងគំនិតរបស់យើង ។ ហើយសូមឲ្យអណ្តាតភ្លើងនៃទីបន្ទាល់របស់យើង ឆេះក្នុងឆ្អឹងរបស់យើង ដូចដែលបានកើតឡើងក្នុងជីវិតនៃពួកអ្នកត្រួសត្រាយផ្លូវនៃពួកបរិសុទ្ធថ្ងៃចុងក្រោយផងដែរ ។

កំណត់ចំណាំ

  1. ហ្គរដុន ប៊ី ហ៊ិងគ្លី «The Faith of the Pioneers» Ensign ខែកក្កដា ឆ្នាំ 1984 ទំព័រ 3 ។

  2. សូមមើល អូលីវើរ ប៊ី ហាន់ធីងតុន Oliver B. Huntington Diary and Reminiscences ខែ មិថុនា ឆ្នាំ 1843–ខែ មករា ឆ្នាំ 1900 ទំព័រ 26–28 ។

  3. សូមមើល អេមីលី ឌី ភី យ៉ង់ «Autobiography» Woman’s Exponent ថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 1884 ទំព័រ 102 ។

  4. អេមីលី ឌី ភី យ៉ង់ «Autobiography» Woman’s Exponent ថ្ងៃទី 15 ខែ កុម្ភៈ ឆ្នាំ 1885 ទំព័រ 138 ។

  5. អេមីលី ឌី ភី យ៉ង់ «Autobiography» Woman’s Exponent ថ្ងៃទី 1 ខែ សីហា ឆ្នាំ 1885 ទំព័រ 37 ។

  6. ហ្វូប៊េ ខាតធើ វូឌដ្រុព្វ នៅក្នុង Augusta Joyce Crocheron, Representative Women of Deseret ( ឆ្នាំ 1884 ) ទំព័រ 35–36 ។

  7. ហិនរី បាឡឺដ នៅក្នុងការបោះពុម្ពរបស់ Douglas O. Crookston, Henry Ballard: The Story of a Courageous Pioneer 1832–1908 ( ឆ្នាំ 1994 ) ទំព័រ 14–15 ។

  8. ម៉ាហ្គារ៉េត ម៉ាក់ណេល បាឡឺដ ក្នុង Susan Arrington Madsen, I Walked to Zion: True Stories of Young Pioneers on the Mormon Trail ( ឆ្នាំ 1994 ) ទំព័រ 127 ។

  9. ចន គ្រីស្លេត ក្នុង LeRoy R. Hafen and Ann W. Hafen, Handcarts to Zion: The Story of a Unique Western Migration, 1856–1860 ( ឆ្នាំ 1960 ) ទំព័រ 106, 107 ។