អភ័យទោសដល់ម្នាក់ដែលនៅក្នុងកញ្ចក់
បើយើងបានប្រែចិត្ត ហើយទទួលអារម្មណ៍ថា ព្រះអម្ចាស់បានអភ័យទោសដល់យើង ចុះតើហេតុអ្វីពេលខ្លះវាពិបាកនឹងអភ័យទោសឲ្យខ្លួនឯងម្ល៉េះ ?
អភិវឌ្ឍមួយជំហានម្ដងៗ
សម្រាប់មនុស្សជាច្រើនដែលកំពុងរស់នៅក្នុងជំនាន់ដ៏ទំនើប វាពិបាកនឹងនឹកស្រមៃពីជីវិតដែលគ្មានភ្លើងអគ្គិសនីនោះណាស់ ។ បន្ទប់ងងឹតមួយអាចត្រូវបានបំពេញដោយពន្លឺភ្លាមៗ ដោយគ្រាន់តែកាច់កុងតាក់ប៉ុណ្ណោះ ។ ការងារដ៏ងាយៗ ដែលកន្លងមកមិនយូរប៉ុន្មាន ត្រូវរង់ចាំទាល់តែពេលព្រលឹម ឬ ត្រូវតែធ្វើឲ្យហើយមុនពន្លឺភ្លើងទៀនហៀបនឹងរលត់នោះ ឥឡូវនេះអាចធ្វើបានដោយងាយ ដោយជំនួយនៃការច្នៃប្រឌិតអំពូលភ្លើងដែលពិបាកបង្កើតឡើង ។
ថូម៉ាស អេឌីសុន បានធ្វើការអស់បីបួនឆ្នាំ ហើយបានសាកល្បងវត្ថុធាតុផ្សេងៗគ្នាជាង 1,000 មុនពេលដែលគាត់បានរកឃើញសរសៃដែលត្រឹមត្រូវ ( សរសៃលួសតូចឆ្មាដែលនៅចំកណ្ដាលអំពូលភ្លើង ) ដែលអាចអាចផ្ដល់នូវពន្លឺបានយូរគ្រប់គ្រាន់ ។ ដោយតែងតែជាអ្នកមានសុទិដ្ឋិនិយម នោះអេឌីសុនចាត់ទុកថា វត្ថុធាតុនីមួយៗដែលប្រើការមិនកើតទាំងនោះ គឺគ្រាន់តែជាដុំថ្មចម្លងទៅកាន់ការរកឃើញវត្ថុធាតុមួយដែលប្រើការបានប៉ុណ្ណោះ ។ ហើយនៅពេលដែលគាត់ធ្វើបានសម្រេច ពិភពលោកមិនដូចពីមុនទៀតទេ ។
មើលទៅខាងក្នុង
មានរឿងរ៉ាវដ៏បំផុសគំនិតរាប់មិនអស់ផ្សេងទៀត អំពីអ្នកអត្តពលកម្ម អ្នកគិត អ្នកសិល្បៈ និង ច្រើនទៀត ដែលបានដឹងពីរបៀបដើម្បីរៀនពីកំហុសរបស់ពួកគេ ហើយបន្តព្យាយាម ។ ចូរព្យាយាម ព្យាយាម ព្យាយាម ហើយបន្ទាប់មកទទួលបានជោគជ័យ—វាជាខ្សែរឿងមួយ ដែលយើងហាក់ដូចជាមិនដែលនឿយណាយនឹងស្ដាប់ឡើយ ។ ទោះយ៉ាងណា វាលើកលែងតែវីវរបុរសនៃរឿងជាក់លាក់នោះ គឺជារូបយើងផ្ទាល់ ។
បើនិយាយពីការរក្សាបទបញ្ញត្តិទាំងឡាយ ពួកយើងច្រើនណាស់ទាមទារពីខ្លួនយើងផ្ទាល់ នូវភាពឥតខ្ជោះដែលគ្មានការរអាក់រអួល ។ នេះគឺដូចជាការរំពឹងដើម្បីបង្កើតវត្ថុច្នៃប្រឌិតដែលមានតម្លៃមួយលានដុល្លារ ដោយគ្មានត្រូវការការកែសម្រួលគំនិតច្នៃប្រឌិតពីខាងដើម ឬ ការសង្ឃឹមថានឹងយកជ័យជំនះជើងឯកដ៏ធំមួយ ដោយគ្មានធ្លាប់ចាញ់មួយប្រកួតណាមួយដូច្នោះដែរ ។ ពេលយើងធ្វើបាប និង មិនទទួលបាននូវភាពឥតខ្ចោះ ជាញឹកញាប់ពេកណាស់ យើងបរាជ័យក្នុងការអភ័យទោសឲ្យខ្លួនឯង និង មិនបន្តព្យាយាមទៀតទេ ។
ប្រធាន ឌៀថើរ អេស្វ. អុជដូហ្វ ទីប្រឹក្សាទីពីរក្នុងគណៈប្រធានទីមួយ បានបង្រៀនថា ៖ « ពេលព្រះអម្ចាស់តម្រូវថា យើងត្រូវអភ័យទោសដល់មនុស្សគ្រប់គ្នា នោះគឺរួមបញ្ជូលទាំងអភ័យទោសដល់ខ្លួនឯងផងដែរ ។ ពេលខ្លះ ក្នុងចំណោមមនុស្សទាំងអស់នៅក្នុងពិភពលោក មនុស្សម្នាក់ដែលពិបាកបំផុតដើម្បីអភ័យទោសឲ្យ—ប្រហែលជាម្នាក់ដែលត្រូវការការអភ័យទោសរបស់យើងបំផុតផងដែរនោះ—គឺជាមនុស្សដែលកំពុងសម្លឹងពីក្នុងកញ្ចក់មកយើងវិញនោះឯង » ។1
ព្រលឹងដែលត្រូវបានផ្លាស់ប្ដូរ
តើយើងអាចធ្វើការណ៍នោះបានដោយរបៀបណា ? ការសិក្សាមួយពីជីវិតរបស់អាំម៉ូន ជាព្យាការីនៅក្នុងព្រះគម្ពីរមរមន អាចបន្ថែមទស្សនៈវិស័យ ។
បទពិសោធន៍ជាអ្នកផ្សព្វផ្សាយសាសនារបស់អាំម៉ូន នៅក្នុងចំណោមសាសន៍លេមិន គឺជាអព្ភូតហេតុដ៏អស្ចារ្យ ក៏ដូចជាការបំផុសគំនិតផងដែរ ។ រាប់តាំងពីការការពារចៀមរបស់ស្ដេច រហូតទៅដល់ការផ្សព្វផ្សាយទៅស្ដេចឡាម៉ូណៃ ទៅដល់ការជួយនាំដំណឹងល្អទៅដល់សាសន៍ទាំងមូល ជីវិត និង ការបម្រើរបស់អាំម៉ូននៅតែជារឿងមួយក្នុងចំណោមរឿងរ៉ាវដែលបំផុសគំនិតយ៉ាងអស្ចារ្យ នៅក្នុងរឿងរ៉ាវទាំងអស់ក្នុងព្រះគម្ពីរ ។
តែអាំម៉ូនមិនមែនជាបុរសដែលសុចរិត ដែលពេញដោយជំនឿ ដែលផ្សព្វផ្សាយដោយអានុភាពទៅកាន់សាសន៍លេមិនជានិច្ចនោះទេ ។ លោកបានធ្វើកំហុស—ជាកំហុសដ៏ធ្ងន់ធ្ងរ ។ ដោយជាបុត្រាមួយអង្គក្នុងចំណោមបុត្រាទាំងឡាយរបស់ម៉ូសាយ នោះមានម្ដង អាំម៉ូនស្ថិតនៅក្នុងចំណោមពួកអ្នកដែល « ស្វែងរកកំទេចសាសនាចក្រចោល ហើយដឹកនាំប្រជាជននៃព្រះអម្ចាស់ឲ្យវង្វេងចេញ ផ្ទុយពីព្រះបញ្ញត្តិទាំងឡាយនៃព្រះ » ( ម៉ូសាយ 27:10 ) ។
អាំម៉ូន ជាមួយនឹងបងប្អូនប្រុសរបស់លោក និង អាលម៉ាជាកូន បានបង្អាក់កិច្ចការរបស់ព្រះជាខ្លាំង រហូតដល់ទេវតានៃព្រះអម្ចាស់បានលេចមកចំពោះពួកគេ ដោយមានបន្ទូល « ហាក់បីដូចជាសូរផ្គរលាន់ ដែលធ្វើឲ្យផែនដីកក្រើក នៅត្រង់កន្លែងដែលពួកគេឈរ » ( ម៉ូសាយ 27:11 ) ដោយហៅពួកគេឲ្យប្រែចិត្ត ។
ច្បាស់ណាស់ អាំម៉ូនបានមានការរំលងដ៏ធ្ងន់ធ្ងរ ដែលលោកត្រូវប្រែចិត្ត ហើយលោកពិតជាបានប្រែចិត្ត ។ ប៉ុន្តែ ចុះបើលោកបរាជ័យក្នុងការអភ័យទោសឲ្យខ្លួនឯងវិញ ? ចុះបើលោកមិនដែលបានទៅបម្រើបេសកកម្មរបស់លោក ដោយជឿថា វាហួសពេលហើយសម្រាប់លោកនោះ ? បើលោកមិនបានទៅ នោះជាច្រើនឆ្នាំក្រោយមក លោកនឹងពុំអាចបានរីករាយត្រេកអរជាមួយនឹងបងប្អូនរបស់លោកចំពោះជោគជ័យរបស់ពួកគេក្នុងចំណោមសាសន៍លេមិនឡើយ ។ « ឥឡូវនេះ មើលចុះ យើងអាចសម្លឹងមើលទៅមុខ ហើយឃើញផលទាំងឡាយនៃការងាររបស់យើង ហើយតើវាតិចពេកឬ ? » អាំម៉ូនបានសួរបងប្អូនលោក ។ « ខ្ញុំសូមប្រាប់អ្នកថា ទេ វាច្រើនណាស់ មែនហើយ យើងអាចធ្វើជាសាក្សីអំពីចិត្តស្មោះស្ម័គ្ររបស់គេ មកពីសេចក្ដីស្រឡាញ់របស់គេ ដែលគេមានចំពោះបងប្អូនគេ និង ចំពោះយើង » ( អាលម៉ា 26:31 ) ។ មនុស្សរាប់ពាន់នាក់បានមកឯសេចក្ដីពិត ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយសាសនារបស់ពួកគេ ។
គ្រោះថ្នាក់នៃការបាក់ទឹកចិត្ត
ទោះបីជាមានដំបូន្មានយ៉ាងច្បាស់ៗពីអ្នកដឹកនាំសាសនាចក្រ និង គំរូទាំងឡាយចេញពីព្រះគម្ពីរក៏ដោយ ក៏ពួកយើងមួយចំនួននៅតែជឿថា ដង្វាយធួនមិនអាចអនុវត្តបានចំពោះយើងនោះទេ ថាយើងហួសពេលនឹងសង្គ្រោះហើយ ។ យើងមិនអាចទម្លាក់ចុះនូវបន្ទុកដ៏ធ្ងន់នៃកំហុសរបស់យើងផ្ទាល់នោះទេ ទោះបីបន្ទាប់ពីការប្រែចិត្តដ៏ស្មោះត្រង់ហើយក៏ដោយ ។ អ្នកខ្លះអាចទាំងឈប់ព្យាយាមផង ។
បន្ទាប់ពីអ្វីៗទាំងអស់ហើយ ហេតុអ្វីត្រូវខ្វល់នឹងលើកខ្លួនឯងពីដីមកវិញធ្វើអ្វី បើអ្នកនឹងដួលចុះទៅវិញតែដដែលប៉ុណ្ណោះនោះ ? យ៉ាងហោចណាស់ នោះជាអ្វីដែលមាសត្រូវចង់ឲ្យអ្នកគិត ។ របៀបនៃការគិតបែបនោះ មិនគ្រាន់តែជាការពិការខាងវិញ្ញាណ និង ខាងសតិអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាខុសទាំងស្រុងតែម្ដង ។
ព្រះគម្ពីរបង្រៀនយើងថា ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះគឺគ្មានដែនកំណត់ ហើយមានដល់មនុស្សគ្រប់គ្នាទាំងអស់ ។ « ព្រះយេហូវ៉ា ទ្រង់មានបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯង ដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅដ៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ » ( អេសាយ 1:18 ) ។ យើងអាចបានជោគជ័យ ។ យើងអាចព្យាយាមម្ដងទៀត ។ ហើយយើងមានជំនួយរបស់ព្រះអម្ចាស់ នៅគ្រប់ជំហានលើផ្លូវ ។
វាមិនដែលហួសពេលទេ
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានផ្ដល់នូវដំបូន្មានដ៏ច្បាស់ៗ ដែលប្រឆាំងនឹងការបោះបង់ចោល ចំពោះខ្លួនឯង ។ « ទោះជាច្រើនឱកាសយ៉ាងណាក៏ដោយ ដែលអ្នកគិតថា អ្នកបានខកខាន ទោះជាអ្នកមានអារម្មណ៍ថាអ្នកមានកំហុសច្រើនយ៉ាងណាក៏ដោយ ឬ ទេពកោសល្យដែលអ្នកគិតថាអ្នកពុំមាន ឬ ទោះជាអ្នកមានអារម្មណ៍ថាអ្នកបានធ្វើដំណើរឆ្ងាយយ៉ាងណាក៏ដោយ ពីផ្ទះ និង ពីក្រុមគ្រួសារ និង ពីព្រះ ក៏ខ្ញុំសូមធ្វើទីបន្ទាល់ថា អ្នកពុំបានធ្វើដំណើរហួសពីសេចក្ដីស្រឡាញ់ដ៏ទេវភាពនោះទេ ។ វាមិនអាចទៅរួចទេ ដែលអ្នកលិចលង់ចុះទៅក្រោមជ្រៅជាង ដែលពន្លឺដ៏ឥតព្រំដែននៃដង្វាយធួនរបស់ព្រះគ្រីស្ទជះពន្លឺទៅដល់នោះ » ។2
អែលឌើរ ហូឡិន បង្រៀនយើងបន្ថែមទៀត ឲ្យសម្លឹងឆ្ពោះទៅសេចក្ដីល្អរបស់ព្រះជានិច្ច ៖ « រូបមន្តនៃសេចក្ដីជំនឿ គឺត្រូវតោងឲ្យជាប់ ត្រូវខំធ្វើវា ត្រូវមើលវា ហើយត្រូវឲ្យទុក្ខភ័យដែលមានពីមុនមក—ទោះពិត ឬ ស្រមើស្រមៃក្ដី—ឲ្យវាចេញឆ្ងាយទៅ ហើយគិតពីភាពបរិបូរនៃរង្វាន់ចុងក្រោយបំផុតវិញ » ។3
បំពេញដោយក្ដីសង្ឃឹម
ខណៈដែលអំពើបាបមិនអាចត្រូវបានយកចេញដោយងាយ នោះការប្រែចិត្តគឺមានពិតប្រាកដ ។ ការអភ័យទោសគឺមានពិតប្រាកដ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះផ្ដល់ដល់យើងនូវឱកាសមួយ ដើម្បីចាប់ផ្ដើមឡើងវិញជាមួយនឹងស្ថានភាពស្អាតស្អំមួយ ។ ដូចជាអាំម៉ូនបានរកឃើញការអភ័យទោស អ្នកក៏អាចដែរ ។
យើងពិតជាអាចមានសង្ឃឹមចំពោះថ្ងៃដ៏ចែងចាំងជាងនេះ ។ សាវកប៉ុល បានបង្រៀនថា « ឥឡូវនេះ សូមព្រះនៃសេចក្ដីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្ដីអំណរ និង សេចក្ដីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យបានជាបរិបូរ ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ » ( រ៉ូម 15:13 ) ។
ដោយសារអំណោយទាននៃការប្រែចិត្ត នោះយើងទាំងអស់គ្នាអាចជឿជាក់ចំពោះខ្លួនយើងម្ដងទៀត ។