២០១៣
ការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ
កក្កដា 2013


ការអ្វីដែលព្រះទ្រង់ធ្វើពុំបាននោះគ្មានសោះឡើយ

អ្នកនិពន្ធរស់នៅប្រទេសនូវែលសេឡង់ ។

ប្រហែលជា 12 ឆ្នាំមុន ខ្ញុំបានទៅរស់នៅប្រទេសក្រៅជាមួយនឹងភរិយា ព្រមទាំងកូនប្រុសទាំងបួននាក់របស់ខ្ញុំ ដោយចាកចេញពីសាធារណរដ្ឋកូរ៉េទៅកាន់ប្រទេសនូវែលសេឡង់ ។ ខណៈដែលធ្វើការជានាយករងម្នាក់ នៅឯសាលារៀនកូរ៉េមួយក្នុងប្រទេសនូវែលសេឡង់ ខ្ញុំបានជួយជនជាតិកូរ៉េជាច្រើននាក់ ដែលមានការលំបាកសម្របខ្លួនទៅនឹងវប្បធម៌ថ្មី និងចំពោះគោលនយោបាយ និងនិតិវិធីថ្មីៗជាច្រើន ។ ខ្ញុំចង់ជួយពួកគេ ហើយក៏ចង់រួមចំណែកជួយដល់ប្រទេសនូវែលសេឡង់ដែរ ដូច្នេះខ្ញុំបានគិតថាការក្លាយជាមេធាវីម្នាក់នឹងក្លាយជាផ្លូវមួយ ដើម្បីចងភ្ជាប់ប្រជាជាតិ និងប្រទេសទាំងពីរនេះ ។ ដូច្នេះ បន្ទាប់ពីការអធិស្ឋានបញ្ជាក់ចំពោះការសម្រេចរបស់ខ្ញុំមក ខ្ញុំបានសម្រេចចិត្តក្នុងអាយុ 53 ឆ្នាំ ដើម្បីចូលរៀននៅសាលាច្បាប់ ។

ខ្ញុំបានដឹងថា វានឹងមានការលំបាកយ៉ាងខ្លាំង ។ ប៉ុន្តែពេលខ្ញុំបានទទួលសៀវភៅមេរៀន ខ្ញុំបានដឹងថា វាពិបាកជាងអ្វីដែលខ្ញុំបានរំពឹងទុកទៅទៀត ។ សៀវភៅមេរៀននីមួយៗមានកម្រាស់ក្រាស់ ហើយមាតិការបស់វា គឺហួសពីការយល់ដឹងរបស់ខ្ញុំទៅទៀត ។ ទោះជាខ្ញុំធ្លាប់ជួយបកប្រែពីភាសាអង់គ្លេសទៅភាសាកូរ៉េសម្រាប់សន្និសីទទូទៅ អស់រយៈពេលជាង 10 ឆ្នាំ ហើយបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកភាសាសាស្ត្រក្នុងប្រទេសនូវែលសេឡង់ក្ដី ក៏ពាក្យច្បាប់ទាំងឡាយ ហាក់ដូចជាភាសាអង់គ្លេសមួយផ្សេងទៀតដែលដាច់ដោយឡែកពីគ្នា ។

នៅពេលត្រឡប់មកពីសាលារៀនវិញនៅថ្ងៃទីមួយ ខ្ញុំបានធ្វើការគិតពិចារណាយ៉ាងច្រើនថា តើខ្ញុំគួរតែបន្តទៀត ឬ ត្រូវបញ្ចប់ពីមុនខ្ញុំចាប់ផ្ដើម ។ នៅក្នុងគ្រាដ៏ច្របូកច្របល់នោះ គំនិតមួយបានផុសឡើងថា ៖ ខ្ញុំអាចទទួលបានជោគជ័យ ប្រសិនបើខ្ញុំពឹងផ្អែកទាំងស្រុងលើព្រះអម្ចាស់ ។

ដោយសារខ្ញុំដឹងថា ព្រះទ្រង់មានព្រះជន្មរស់ ហើយឆ្លើយតបនឹងការអធិស្ឋានរបស់យើង ខ្ញុំបានទូលសុំជំនួយពីទ្រង់ ។ ខ្ញុំបានចាំបទគម្ពីរមួយនៅក្នុងព្រះគម្ពីរបរិសុទ្ធ ដែលបានផ្ដល់ឲ្យខ្ញុំនូវការកម្សាន្តចិត្តដ៏ធំធេង ៖ « ត្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ » (  លូកា 1:37  ) ។ បទគម្ពីរនោះបានផ្ដល់កម្លាំងឲ្យខ្ញុំដើម្បីបន្តបោះជំហានទៅមុខទៀត ។

នៅពេលណាខ្ញុំជួយការលំបាកក្នុងការសិក្សារបស់ខ្ញុំ ព្រះតែងតែរៀបចំផ្លូវមួយ ឬ បញ្ជូនពួកទេវតា—មនុស្សមកជួយ—ដើម្បីដឹកនាំខ្ញុំ ។

មានថ្ងៃមួយ ខ្ញុំមានការលំបាកក្នុងការបញ្ចប់កិច្ចការសាលាមួយ ។ ខ្ញុំបានធ្វើអស់ពីលទ្ធភាពរបស់ខ្ញុំហើយ ប៉ុន្តែខ្ញុំមើលមិនដឹងថា តើគ្រូចង់ឲ្យពួកយើងធ្វើអ្វីនោះទេ ។ លុះថ្ងៃអាទិត្យបានមកដល់ ខ្ញុំបានទុករាល់ការសិក្សារបស់ខ្ញុំទៅម្ខាង ហើយផ្ដោតសំខាន់លើកិច្ចការរបស់ខ្ញុំក្នុងសាសនាចក្រ ។ ក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់ម្នាក់ប្រចាំស្តេក ខ្ញុំបានទៅវួដដែលខ្ញុំត្រូវបានចាត់តាំងឲ្យនិយាយក្នុងការប្រជុំសាក្រាម៉ង់ ។ បន្ទាប់ពីការប្រជុំនោះ មានបងប្អូនប្រុសម្នាក់បានដើរសំដៅមករកខ្ញុំ ហើយនិយាយថាគាត់ធ្លាប់ឃើញខ្ញុំនៅថ្នាក់រៀន ។ ខ្ញុំមិនបានដឹងថា គាត់ជានិសិត្សច្បាប់ដែរនោះទេ ។ នៅពេលគាត់សួរខ្ញុំថា តើកិច្ចការសាលាយ៉ាងម៉េចហើយ ខ្ញុំបានប្រាប់គាត់ដោយស្មោះថា ខ្ញុំកំពុងតែជួបបញ្ហាពិបាក ។ បន្ទាប់មក គាត់ក៏បានសុំមកផ្ទះរបស់ខ្ញុំដើម្បីជួយខ្ញុំ ។ ប្រសិនបើខ្ញុំមិនបានទៅវួដនោះ ហើយជួបគាត់ទេ នោះខ្ញុំមិនអាចដាក់កិច្ចការសាលាទាន់ពេលកំណត់នោះឡើយ ។ គាត់ជាទេវតាមួយដែលព្រះបានបញ្ជូនមក ដើម្បីឆ្លើយតបនឹងការអធិស្ឋានរបស់ខ្ញុំ ។

ក្នុងថ្នាក់មួយដ៏លំបាករបស់ខ្ញុំ សាស្ត្រាចារ្យបានបង្រៀនអស់រយៈពេលពីរម៉ោងដោយគ្មានការសម្រាកឡើយ ។ វាពិបាកក្នុងការយល់ទាំងមាតិកានៃមុខវិជ្ជានោះ និងការលើកដាក់សំឡេងរបស់គ្រូបង្រៀនទៀត ដូច្នេះដោយបានទទួលការអនុញ្ញាត ខ្ញុំបានថតសំឡេងរបស់គាត់ទុកស្ដាប់ឡើងវិញ ។មានថ្ងៃមួយខ្ញុំបានទទួលអ៊ីម៉ែលមួយពីស្ត្រីម្នាក់ដែលខ្ញុំមិនស្គាល់ ។ នាងបានណែនាំខ្លួនឯងថា ជាមិត្តរួមថ្នាក់ម្នាក់ ហើយបានសួរថា តើខ្ញុំអាចចែកសំឡេងដែលខ្ញុំថតបានទេ ពីព្រោះពេលខ្លះម៉ោងការងាររបស់នាងធ្វើឲ្យមិនបានចូលរួមក្នុងថ្នាក់ ។

ប្រាកដណាស់ ខ្ញុំរីករាយនឹងផ្ដល់ឲ្យនាងនូវការថតសំឡេងនោះ ។ ខ្ញុំបានគិតថាចង់ជួយដល់នាង ប៉ុន្តែរំពេចនោះខ្ញុំបានដឹងថា នាងជាទេវតាម្នាក់ទៀតដែលព្រះបានរៀបចំដើម្បីជួយដល់ខ្ញុំ ។ដើម្បីប្រឡងឲ្យជាប់មុខវិជ្ជានោះ យើងត្រូវធ្វើកិច្ចការសាលាចំនួនពីរ ហើយប្រឡងចំនួនបីម៉ោង ។ នាងបានជួយខ្ញុំបញ្ចប់កិច្ចការសាលាទាំងនោះ និង រៀបចំសម្រាប់ការប្រឡង ។ ប្រសិនបើគ្មានជំនួយពីនាងទេ ខ្ញុំគិតថាមិនអាចប្រឡងជាប់ឡើយ ។

ជាមួយនឹងការលំបាកក្នុងការជានិសិត្សម្នាក់ដែលមានវ័យចំណាស់ ហើយពុំមែនជនជាតិដើមនិយាយភាសាអង់គ្លេស ខ្ញុំមានទំនួលខុសត្រូវមួយផ្សេងទៀត ដែលធ្វើឲ្យការលំបាកក្នុងការបញ្ចប់ការសិក្សាផ្នែកនេះ ។ ការងារខ្ញុំ កាតព្វកិច្ចខ្ញុំក្នុងសហគមន៍ និងការហៅបម្រើរបស់ខ្ញុំ ក្នុងសាសនាចក្រ បានដកយកពេលវេលាយ៉ាងច្រើនពីខ្ញុំ ហើយក៏បានព្យាយាម ដើម្បីធ្វើនូវទំនួលខុសត្រូវដ៏សំខាន់បំផុតរបស់ខ្ញុំជា ស្វាមី ឪពុក និង លោកតា ដោយផ្ដល់នូវការមើលថែដែលពួកគេត្រូវការ ។ ពេលមិត្តរួមការងារម្នាក់របស់ខ្ញុំ បានដឹងពីកិច្ចការទាំងអស់ ដែលខ្ញុំត្រូវធ្វើក្រៅពីការសិក្សារបស់ខ្ញុំ គាត់បាននិយាយខ្ញុំនេះ ពិតឆ្កួតហើយដែលរៀនផ្នែកច្បាប់ ទាំងខ្ញុំមានកាតព្វកិច្ចជាច្រើនដែលត្រូវធ្វើនោះ ។ ទោះជាយ៉ាងណា ខ្ញុំជឿជាក់ថា « ការដែលមនុស្សធ្វើមិនកើត នោះព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់ » (  លូកា 18:27  ) ។

ក្នុងវ័យ 55 ឆ្នាំ ខ្ញុំត្រូវបានអនុញ្ញាតឲ្យចូលក្នុងតុលាការជំនាន់ខ្ពស់ នៅប្រទេសនូវែលសេឡង់ក្នុងនាមជាមេធាវីម្នាក់ ។ ខ្ញុំមានអំណរគុណថា ទោះជាមានការលំបាកខាងភាសាក្ដី ខ្ញុំមិនត្រឹមតែក្លាយជាមេធាវីម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានទទួលទីបន្ទាល់មួយយ៉ាងរឹងមាំថា ព្រះមានព្រះជន្មរស់ ហើយឆ្លើយតបនឹងការអធិស្ឋានដ៏សុចរិតរបស់យើង ។ ខ្ញុំដឹងថា ដោយមាននូវជំនួយពីទ្រង់ នោះគ្មានអ្វីដែលមិនអាចសម្រេចបានឡើយ ។