២០១៣
សៀវភៅកំណត់ចំណាំសន្និសីទខែ មេសា
កក្កដា 2013


រឿងទាំងឡាយចេញពីសន្និសីទ

រៀនឲ្យចេះគោរពប្រតិបត្តិ

ចេញពី « ការគោរពប្រតិបត្តិនាំមកនូវពរជ័យ » Liahona និង Ensign ខែ ឧសភា ឆ្នាំ 2013 ទំព័រ 89–90 ។

នៅពេលខ្ញុំធំដឹងក្ដីឡើង នារដូវក្ដៅម្ដងៗចាប់ពីដើមខែ កក្កដា រហូតដល់ដើមខែ កញ្ញា គ្រួសាររបស់ខ្ញុំបានស្នាក់នៅក្នុងផ្ទះតូចរបស់យើងនៅ វីវីអាន ផាក ក្នុង ទីក្រុង ប្រូវ៉ូ ខានញៀន រដ្ឋ យូថាហ៍ ។

អំឡុងពេលនៃវ័យដែលឥតខ្វាយខ្វល់អ្វីសោះនៅគ្រានោះ នៅ ខានញៀន មិត្តជិតស្និទ្ធខ្ញុំម្នាក់ ឈ្មោះ ដានី ឡាសែន ដែលគ្រួសារគាត់ក៏មានផ្ទះតូចនៅ វីវីអាន ផាក ផងដែរ ។ រាល់ថ្ងៃគាត់ និង ខ្ញុំដើរលេងយ៉ាងសប្បាយ ទៅស្ទូចត្រីនៅតាមអូរ និង ទន្លេ ដើររើសថ្ម និង របស់ផ្សេងៗទៀត ដើរកាត់ព្រៃ ឡើងភ្នំ ហើយសប្បាយគ្រប់នាទីជារៀងរាល់ថ្ងៃ ។

នាព្រឹកមួយ ដានី និង ខ្ញុំបានសម្រេចចិត្តថា យើងចង់បោះជំរំអាំងភ្លើង នាល្ងាចនោះជាមួយនឹងមិត្តភក្តិនៅ ខានញៀន របស់យើងទាំងអស់ ។ យើងគ្រាន់តែត្រូវការសម្អាតកន្លែងមួយនៅទីវាលជិតខាងនោះជាការស្រេចដើម្បីជួបជុំគ្នា ។ ស្មៅដែលនៅលើទីវាលនោះស្ងួត ហើយស្កៀបណាស់នា ខែ មិថុនា ដែលធ្វើឲ្យទីវាលនោះមិនសមប្រកបតាមបំណងរបស់យើងឡើយ ។ យើងបានចាប់ផ្ដើមដកស្មៅខ្ពស់ៗចេញ ហើយរៀបចំដើម្បីជម្រះស្មៅធ្វើវាឲ្យទៅជាតំបន់រង្វង់មូលធំមួយ ។ យើងបានទាញកន្ត្រាក់អស់ពីកម្លាំងរបស់ពួកយើង ប៉ុន្តែអ្វីដែលយើងដកបានគឺបានតែស្មៅមួយដៃតូចប៉ុណ្ណោះ ។ យើងបានដឹងថា កិច្ចការនេះនឹងចំណាយពេលពេញមួយថ្ងៃ តែយើងអស់កម្លាំងរួចទៅហើយ ។

ហើយអ្វីដែលខ្ញុំបានគិតគឺជាដំណោះស្រាយយ៉ាងល្អ ដែលវាបានផុសឡើងក្នុងគំនិតរបស់ក្មេងអាយុប្រាំបីឆ្នាំដូចរូបខ្ញុំនេះ ។ ខ្ញុំបាននិយាយទៅ ដានី ថា « អ្វីដែលយើងត្រូវធ្វើគឺដុតស្មៅនេះចោល ។ យើងគ្រាន់តែដុតស្មៅនោះជារង្វង់ប៉ុណ្ណោះ ! » ។ គាត់យល់ស្របភ្លាម ហើយខ្ញុំបានរត់ទៅផ្ទះតូចរបស់យើង ដើម្បីយកឈើគូសពីរបីដើម ។

បើអ្នកគិតថា យើងត្រូវបានអនុញ្ញាតឲ្យប្រើឈើគូសនៅអាយុប្រាំបីឆ្នាំនោះ គឺខុសហើយ ខ្ញុំចង់ប្រាប់ឲ្យច្បាស់ថាទាំង ដានី និង ខ្ញុំ យើងត្រូវបានហាមមិនឲ្យប្រើឈើគូសដោយគ្មានមនុស្សធំនៅជិតឡើយ ។ យើងទាំងពីរនាក់ត្រូវបានព្រមានដដែលៗអំពីគ្រោះថ្នាក់ភ្លើងឆេះ ។ ទោះជាយ៉ាងណា ខ្ញុំដឹងថាគ្រួសារខ្ញុំទុកឈើគូសនៅកន្លែងណា ហើយយើងត្រូវការដើម្បីជម្រះស្មៅនៅទីវាលនោះ ។ ដោយមិនគិតច្រើន ខ្ញុំបានរត់ទៅផ្ទះតូចរបស់យើង ហើយយកឈើគូសពីរបីដើមមក ព្រមទាំងមើលឆ្វេងស្ដាំឲ្យច្បាស់ថាគ្មាននរណាមើលឃើញខ្ញុំ ។ ខ្ញុំបានលាក់ឈើគូសភ្លាមនៅក្នុងហោប៉ៅរបស់ខ្ញុំ ។

ខ្ញុំបានរត់មករក ដានី វិញ ដោយអរថា នៅក្នុងហោប៉ៅរបស់ខ្ញុំ មានដំណោះស្រាយចំពោះបញ្ហារបស់យើង ។ ខ្ញុំបាននឹកគិតថា ភ្លើងនឹងឆេះត្រឹមតែចម្ងាយដែលយើងចង់បាន ហើយបន្ទាប់មកនឹងឈប់ដោយខ្លួនឯង ។

ខ្ញុំបានគូសឈើគូសនឹងដុំថ្ម ហើយបានដុតស្មៅស្ងួតនាខែ មិថុនា ឲ្យឆេះឡើង ។ វាបានឆាបឆេះដូចជាជ្រលក់នឹងសាំងអញ្ចឹង ។ ដំបូងឡើយ ដានី និង ខ្ញុំសប្បាយចិត្តពេលយើងមើលឃើញស្មៅឆេះអស់ ប៉ុន្តែភ្លាមនោះយើងឃើញថា ភ្លើងពុំរលត់ដោយខ្លួនវាទេ ។ យើងភ័យតក់ស្លុត នៅពេលយើងដឹងថាយើងពុំអាចពន្លត់វាបាននោះ ។ អណ្ដាតភ្លើងសន្ធោសន្ធៅបានចាប់ផ្ដើមឆេះរាលឡើងទៅដល់ជើងភ្នំ ដុតបំផ្លាញដើមស្រល់ និង អ្វីៗ ផ្សេងទៀតដែលនៅតាមផ្លូវនោះ ។

ទីបំផុត យើងគ្មានជម្រើសក្រៅពីរត់ទៅហៅគេឲ្យជួយនោះទេ ។ មិនយូរប៉ុន្មាន បុរស និង ស្ត្រីដែលនៅ វីវីអាន ផាក ទាំងអស់បានរត់ទៅមកយកបាវទទឹក វាយពន្លត់អណ្ដាតភ្លើង ។ បន្ទាប់ពីរយៈពេលបីបួនម៉ោងក្រោយមក រងើកភ្លើងចុងក្រោយត្រូវបានរលត់ ។ ដើមស្រល់ចាស់ៗជាច្រើនក៏ដូចជាផ្ទះជាច្រើនខ្នងត្រូវបានសង្គ្រោះពីអណ្ដាតភ្លើង ដែលទៅជិតដល់ផងដែរ ។

ដានី និង ខ្ញុំបានរៀននូវមេរៀនពិបាកៗជាច្រើន ប៉ុន្តែជាមេរៀនសំខាន់នាគ្រានោះ—ផ្នែកដែលសំខាន់គឺសារៈសំខាន់នៃការគោរពប្រតិបត្តិ ។

មានច្បាប់ និង ក្រឹត្យក្រមដើម្បីជួយយើងឲ្យប្រាកដថា មានសុវត្ថិភាពខាងរូបកាយ ។ ក៏ដូចជាព្រះអម្ចាស់ បានប្រទានការណែនាំ និង បទបញ្ញត្តិដើម្បីជួយយើងឲ្យប្រាកដថា មានសុវត្ថិភាពខាងវិញ្ញាណ ដើម្បីយើងអាចបត់ចង្កូតដោយជោគជ័យនៅក្នុងជីវិតរមែងស្លាប់ដែលប្រកបដោយគ្រោះថ្នាក់នេះ ហើយត្រឡប់ទៅជួបព្រះវរបិតាសួគ៌យើងវិញនៅទីបំផុត ។