ក្រុមគ្រួសារដ៏អស់កល្បជានិច្ចមួយ
ឃេលលី អេចហ៍. ម៉ាដ្រូវ រដ្ឋ យូថាហ៍ ស.រ.អា.
កាលពីខ្ញុំអាយុ 19 ឆ្នាំ ខ្ញុំបានទៅសួរសុខទុក្ខលោកតាលោកយាយខ្ញុំជាលើកចុងក្រោយ មុនពេលខ្ញុំធ្វើដំណើរទៅបម្រើខាងផ្នែកមនុស្សធម៌នៅប្រទេស អេក្វាទ័រ ។ លោកតារបស់ខ្ញុំបានប្ដូរទៅនៅក្នុងមជ្ឈមណ្ឌលជនចាស់ជរា ព្រោះសុខភាពរបស់គាត់ចុះទន់ខ្សោយ ។ គាត់បានរកទុក្ខដោយជំងឺវិកលចរិត ព្រមទាំងមានភាពទន់ខ្សោយខាងរាងកាយដោយសារភាពចាស់ជរា ។
ពេលក្រុមគ្រួសារខ្ញុំ និង ខ្ញុំបានចូលទៅក្នុងមជ្ឈមណ្ឌលជនចាស់ជរា ខ្ញុំមិនសប្បាយចិត្តទេ ដោយដឹងថា ការសួរសុខទុក្ខលោកតាខ្ញុំលើកនេះ ទំនងជាការសួរសុខទុក្ខលើកចុងក្រោយហើយ ។ ខ្ញុំបានដឹងថា គាត់នឹងទទួលអនិច្ចកម្មពេលខ្ញុំនៅឆ្ងាយ ហើយខ្ញុំមានអារម្មណ៍ថាខុសដែលចាកចេញពីគាត់ ។
មុនពេលយើងចូលក្នុងបន្ទប់គាត់ បុគ្គលិកម្នាក់បានផ្លាស់លោកតាខ្ញុំឲ្យអង្គុយក្នុងរទេះរុញ ។ យើងបានរុញគាត់ទៅក្នុងកន្លែងសាធារណៈរបស់មជ្ឈមណ្ឌល ។ ម្ដាយខ្ញុំកំពុងតែនិយាយទៅកាន់បុគ្គលិកម្នាក់ ពេលប្អូនស្រីខ្ញុំដែលមានអាយុ 16 ឆ្នាំ និង ខ្ញុំនិយាយទៅកាន់លោកតាយើង ។
គាត់ពុំមែនជាខ្លួនគាត់ទេ ។ ភាពទន់ខ្សោយនៃស្ថានភាពខាងសតិរបស់គាត់ស្ដែងជាក់ច្បាស់ ហើយគាត់ហាក់ដូចជាវង្វេង ។ ពេលយើងសួរគាត់ថា គាត់មានចៅប៉ុន្មាននាក់ គាត់ឆ្លើយមិនត្រូវនោះទេ ។ បន្ទាប់មក យើងចំអន់គាត់ដោយក្ដីស្រឡាញ់ ពេលយើងជម្រាបគាត់ដោយហ្មត់ចត់ថា គាត់មានចៅប៉ុន្មាននាក់ពិតប្រាកដនោះ ។
ដួងចិត្តខ្ញុំខ្លោចផ្សាណាស់សម្រាប់គាត់ ។ តែបន្ទាប់មក ដោយទទួលស្គាល់ពីការវង្វេងរបស់គាត់ និង នៅកណ្ដាលនៃការឆ្លើយសំណួររបស់យើងដោយមិនត្រឹមត្រូវ នោះលោកតាខ្ញុំបាននិយាយឡើងមួយរំពេចថា « ក្រុមគ្រួសារដ៏អស់កល្បជានិច្ចមួយ » ។
ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បុគ្គលិកម្នាក់ដែលនៅជិតនោះ មិនបានយល់ពីអ្វីដែលគាត់បាននិយាយទេ តែប្អូនស្រីខ្ញុំ និង ខ្ញុំ បានមើលមុខគ្នាទៅវិញទៅមក ។ យើងទាំងពីរនាក់បានឮគាត់និយាយយ៉ាងច្បាស់ ។ បន្ទាប់មកគាត់បាននិយាយម្ដងទៀតជាលើកទីពីរ « ក្រុមគ្រួសារដ៏អស់កល្បជានិច្ចមួយ » ។ លើកនេះម្ដាយយើងក៏បានឮគាត់ដែរ ។
ខ្ញុំមិនបាននឹកឃើញពីអ្វីផ្សេងទៀត អំពីការសួរសុខទុក្ខរបស់យើងនៅថ្ងៃនោះទេ ។ អ្វីទាំងអស់ដែលខ្ញុំដឹងគឺថា ពេលយើងបានដើរចេញមកខាងក្រៅមជ្ឈមណ្ឌលថែទាំ ខ្ញុំបានយំខ្សឹកខ្សួលដោយទុក្ខព្រួយផង និង ដោយសេចក្ដីអំណរផង—ព្រួយចំពោះបុរសដែលយើងកំពុងទុកចោល និង ជាបុរសដែលខ្ញុំនឹងពុំបានជួបម្ដងទៀតក្នុងជីវិតនេះ និង សេចក្ដីអំណរចំពោះសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់នៃពាក្យដ៏សាមញ្ញទាំងនោះ និង សេចក្ដីសុខសាន្តដែលពាក្យទាំងនោះផ្ដិតជាប់ក្នុងដួងចិត្តខ្ញុំ ។
ខ្ញុំដឹងថា ថ្វីបើស្ថានភាពខាងសតិរបស់លោកតាខ្ញុំចុះខ្សោយក៏ដោយ ក៏គាត់អាចចែកចាយនូវការជឿជាក់ដ៏រឹងមាំ និង ការចេះដឹងរបស់គាត់ជាលើកចុងក្រោយថា ក្រុមគ្រួសារគឺអស់កល្បជានិច្ច ។
មិនយូរប៉ុន្មានខ្ញុំបានធ្វើដំណើរទៅបម្រើខាងផ្នែកមនុស្សធម៌របស់ខ្ញុំ ។ ពេលបានដឹងដំណឹងពីអនិច្ចកម្មរបស់លោកតាខ្ញុំ មួយសប្ដាហ៍មុនពេលខ្ញុំត្រឡប់មកវិញ នោះខ្ញុំមានអារម្មណ៍សុខសាន្ត ។ ខ្ញុំបានដឹង ហើយខ្ញុំនៅតែដឹងថា ថ្ងៃណាមួយខ្ញុំនឹងបានជួបគាត់ម្ដងទៀត ។ សូមអរគុណចំពោះពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលធ្វើឲ្យក្រុមគ្រួសារនៅអស់កល្បជានិច្ច ។