ធ្វើតាមព្យាការី
សូមជួយនាងផង !
រាល់រដូវក្តៅគ្រួសារ ម៉នសុន បានចំណាយពេលពីរខែស្នាក់នៅក្នុងផ្ទះលំហែរកាយ គ្រួសារនៅលើច្រាំងទន្លេ ប្រូវ៉ូ ។ ថូមី ម៉នសុន បានរៀនហែលទឹកនៅក្នុងទន្លេដែលមានចរន្តទឹកហូរលឿន ។ នៅថ្ងៃត្រង់មួយ កាលថូមី មានអាយុប្រហែល 13 ឆ្នាំ គាត់បានចាប់យកពោងធំមួយ ហើយជិះលើវាបណ្តែតលេងក្នុងទន្លេនោះ ។
នៅថ្ងៃនោះមានហ្វូងមនុស្សមួយក្រុមធំ បានប្រមូលផ្តុំគ្នានៅតំបន់កម្សាន្តក្បែរទន្លេនោះ ដើម្បីញុំាអាហារ និង លេងល្បែងកម្សាន្ត ។ ថូមី ហៀបនឹង បណ្តែតពោងទៅរកកន្លែងដែលទឹកហូរលឿនបំផុត ពេលនោះគាត់បានឮសំឡេងដ៏ភ័យញ័របានយំឡើងថា « សូមជួយនាងផង ! សូមជួយនាងផង ! » ក្មេងស្រីម្នាក់បានធ្លាក់ចូលទៅក្នុងកន្លែងទឹកគួរដ៏គ្រោះថ្នាក់ ។ គ្មាននរណាម្នាក់នៅលើច្រាំងអាចហែលទឹកទៅជួយនាងបានទេ ។
នៅពេលនោះ ថូមី បានទៅដល់ជិតកន្លែងកើតហេតុ ហើយបានឃើញក្បាលរបស់ក្មេងស្រីនោះលេចចូលទៅក្នុងទឹក ។ ថូមី បានលូកដៃរបស់គាត់ ហើយចាប់សក់របស់ក្មេងស្រីនោះ ហើយបន្ទាប់មកគាត់បានលើកនាងដាក់លើពោងម្ខាងទៀត ។ បន្ទាប់មក ថូមី បានអុំពោងមកច្រាំងទន្លេវិញ ។ ដំបូង គ្រួសារនាងបានដាក់ដៃឱបក្មេងស្រីនោះ ដោយថើបនាង និង យំផងដែរ ។ បន្ទាប់មកពួកគេបានចាប់ផ្តើមឱប និង ថើប ថូមី ។ គាត់មានអារម្មណ៍ខ្មាស់អៀន ដោយមនុស្សទាំងអស់មើលគាត់ ហើយគាត់បានត្រឡប់ទៅពោងរបស់គាត់វិញយ៉ាងលឿន ។
នៅពេល ថូមី បន្តបណ្តែតពោងរបស់គាត់តាមដងទន្លេ នោះគាត់បានពេញដោយអារម្មណ៍កក់ក្តៅ ។ គាត់បានដឹងថា គាត់បានសង្គ្រោះជីវិតមនុស្សម្នាក់ ។ ព្រះវរបិតាសួគ៌បានឮសម្រែកយំថា « សូមជួយនាងផង ! សូមជួយនាងផង ! » ទ្រង់បានធ្វើការណ៍នេះ ដោយឲ្យ ថូមី អាចបណ្តែតពោងទៅក្បែរនោះ នៅចំពេលដែលគេត្រូវការគាត់ ។ នៅថ្ងៃនោះ ថូមី បានរៀនថា អារម្មណ៍ដ៏ផ្អែមល្ហែមបំផុត គឺដឹងថាព្រះ ជាព្រះវរបិតាសួគ៌របស់យើង ស្គាល់យើងម្នាក់ៗ ហើយធ្វើឲ្យយើងអាចជួយទ្រង់សង្គ្រោះមនុស្សដទៃទៀត ។