២០១៣
ហ្វឺតដែលមានទឹកថ្នាំដិតជាប់
កក្កដា 2013


ហ្វឺតដែលមានទឹកថ្នាំដិតជាប់

អ្នកនិពន្ធរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា.

ស្នាមដាននៃកំហុសរបស់យើង ពុំត្រូវតែជាស្នាមដានដែលដិតជាប់នោះទេ ។ ការមានដៃស្អាតគឺសមនឹងតម្លៃ ទោះជាវាឈឺចាប់ក៏ដោយ ។

មួយសប្ដាហ៍បន្ទាប់ពីបញ្ចប់វិទ្យាល័យ ខ្ញុំបានផ្លាស់ទៅផ្នែកម្ខាងទៀតនៃប្រទេស ដើម្បីទៅរស់នៅជាមួយក្រុមគ្រួសារបងស្រីខ្ញុំ ក្នុងរដូវក្ដៅ មុនពេលខ្ញុំចាប់ផ្ដើមចូលរៀននៅមហាវិទ្យាល័យនៅក្នុងរដូវស្លឹកឈើជ្រុះ ។

ខ្ញុំបានបង្កើតមិត្តមួយចំនួន ភាគច្រើនពួកគេមានអាយុច្រើនជាងខ្ញុំ ហើយរៀននៅមហាវិទ្យាល័យ ។ នៅរាត្រីថ្ងៃសៅមួយ មិត្តថ្មីរបស់ខ្ញុំពីរនាក់បានមកយកខ្ញុំ ទៅស្ដាប់ក្រុមតន្ត្រីដ៏ល្អមួយ ដែលកំពុងប្រគំនៅក្លឹបមួយក្នុងតំបន់ ។

ពេលយើងបានចតរថយន្ត ខ្ញុំបានចាប់ផ្ដើមមានអារម្មណ៍ភ័យព្រួយបន្តិចបន្តួច ប៉ុន្តែខ្ញុំមិនចង់ជំទាស់ ឬ ធ្វើឲ្យខូចពេលល្ងាចនោះទេ ។ យើងបានចូលក្នុងក្លឹប ហើយបុរសនៅកន្លែងតុទទួលភ្ញៀវបានមើលប័ណ្ឌបើកបររបស់ខ្ញុំ ។ ដោយមិនបានប្រាប់ជាមុន គាត់បានគូសហ្វឺតដែលមានទឹកថ្នាំដិតជាប់ពណ៌ខ្មៅជុំវិញគន្លាក់ម្រាមដៃទាំងសងខាងរបស់ខ្ញុំ ។

ខ្ញុំបានមើលដោយភ្ញាក់ផ្អើល ។ ខ្ញុំបានដឹងថា គាត់បានគូសចំណាំដៃខ្ញុំ ដើម្បីបង្ហាញថា ខ្ញុំនៅក្មេងពេកក្នុងការទិញគ្រឿងស្រវឹងនៅបារ ។

ខ្ញុំមានអារម្មណ៍មិនស្រួលមួយរំពេច ។ មនុស្សម្នាផឹក ហើយជក់ ។

ខ្ញុំសោកស្ដាយនឹងនិយាយថា ខ្ញុំពុំបានមានភាពក្លាហានក្នុងការចាកចេញភ្លាមនោះទេ ។ ប្រហែល 30 នាទី ក្រោយមក មិត្តម្នាក់របស់ខ្ញុំបានសួរ បើខ្ញុំមានអារម្មណ៍ធម្មតា ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំឈឺក្បាលព្រោះតែសំឡេងតន្ត្រី និង ក្លិនផ្សែង ។ គាត់បានស្នើសុំជូនខ្ញុំទៅផ្ទះ ហើយខ្ញុំទទួលសំណើរនោះដោយអំណរគុណ ។

ខ្ញុំបានប្រញាប់ទៅកាន់បន្ទប់ទឹកនៅផ្ទះបងស្រីខ្ញុំ ហើយដដុសគំនូសខ្មៅទាំងនោះចេញ ទាល់តែរលាត់ឈឺ ។ ខ្ញុំនឹងត្រូវទទួលទានសាក្រម៉ង់ជាមួយនឹងដៃទាំងនេះនៅថ្ងៃស្អែក ហើយខ្ញុំចង់យ៉ាងខ្លាំងដើម្បីឲ្យដៃខ្ញុំបានស្អាត ។ ទោះយ៉ាងណា គំនូសព្រាងៗពីរនៅមើលឃើញនៅលើស្បែករបស់ខ្ញុំដែលមានពណ៌ក្រហមរងាល ។

មុនពេលខ្ញុំចូលដេក ខ្ញុំបានអធិស្ឋានសុំការអភ័យទោស ដែលពុំបានមានភាពក្លាហានដើម្បីចាកចេញ—ហើយសមរម្យជាងនោះទៅទៀត ដែលពុំមានភាពក្លាហាន ដើម្បីមិនចូលទៅខាងក្នុងតាំងពីដំបូង ។ ខ្ញុំបានសន្យាជាមួយព្រះវរបិតាសួគ៌ថា ខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្លួនខ្ញុំ ចូលទៅក្នុងស្ថានភាពរបៀបនោះម្ដងទៀតឡើយ ។

នៅព្រឹកបន្ទាប់នោះ ខ្ញុំអាចលុបចេញគំនូសភាគច្រើនដែលនៅសល់ ហើយដៃខ្ញុំស្ទើរតែស្អាតទាំងស្រុង ពេលខ្ញុំទទួលសាក្រាម៉ង់ ។ ខ្ញុំបានគិតពីរបៀបដែលអំពើបាប គឺដូចជាគំនូសពណ៌ខ្មៅទាំងនោះ ។ វាត្រូវការការខិតខំប្រឹងប្រែង ហើយអាចឈឺចាប់ ប៉ុន្តែយើងអាចប្រែចិត្តបាន ហើយយកចេញនូវអំពើបាបរបស់យើង តាមរយៈអំណាចនៃដង្វាយធួន និង បានស្អាតពីគំនូសពណ៌ខ្មៅដែលនៅក្នុងជីវិតយើង ។