២០១៣
អ្នកមិនអាចមកទីនេះទេ
កក្កដា 2013


អ្នកមិនអាចមកទីនេះទេ

បូននី ម៉ាសល រដ្ឋ យូថាហ៍ ស.រ.អា.

បង ចន ស្វាមីរបស់ខ្ញុំ ជាបុរសមាឌធំម្នាក់ ។ គាត់មានកំពស់ 1.90 ម៉ែត្រ និង មានទម្ងន់ជាង 90 គីឡូក្រាម ។ សម្រាប់គាត់ ការធ្វើដំណើរតាមផ្លូវអាកាសអង្គុយក្នុងកៅអីថ្នាក់ធម្មតា ភាពមិនស្រួលគឺល្អបំផុត ហើយអាក្រក់បំផុតគឺឈឺចាប់ ។

ក្នុងខែ សីហា ឆ្នាំ 2006 យើងត្រូវបានហៅឲ្យបម្រើបេសកកម្ម ក្នុងផ្នែកសេវាអប់រំសាសនាចក្រ នៅសាកលវិទ្យាល័យព្រីកហាំ យ៉ង់–ហាវ៉ៃ ។ កាលដល់ពេលត្រឡប់មកផ្ទះវិញ យើងបានមានការភ័យខ្លាចចំពោះអ្វីដែលគាត់នឹងត្រូវតែស៊ូទ្រាំនៅលើយន្តហោះត្រឡប់មកកាន់ដែនដីអាមេរិកវិញ ។ ពេលនៅកន្លែងពិនិត្យសំបុត្រចូល យើងសប្បាយចិត្តដែលដឹងថា មានកៅអីថ្នាក់ពិសេសមួយនៅទំនេរ ដូច្នេះយើងបានប្ដូរសំបុត្រគាត់ទៅកៅអីថ្នាក់ពិសេសនោះ ។ គាត់នឹងអាចអង្គុយក្នុងកៅអីដែលស្រួល ដោយមានកន្លែងទូលាយសម្រាប់ជើងដ៏វែងរបស់គាត់ ។

ប្រហែលពាក់កណ្ដាលផ្លូវពេលកំពុងហោះហើរ ខ្ញុំបានសម្រេចចិត្តទៅមើលថា គាត់យ៉ាងណាដែរ ។ ពេលខ្ញុំបានដើរឆ្ពោះទៅកាន់ផ្នែកកៅអីថ្នាក់ពិសេស អ្នកបម្រើលើយន្តហោះម្នាក់បានឈរនៅមាត់ទ្វារដើម្បីបញ្ឈប់ខ្ញុំ ។

« តើមានអ្វីឲ្យខ្ញុំអាចជួយបានដែរ លោកស្រី ? » នាងបានសួរ ។

ខ្ញុំបានឆ្លើយតបថា « ចាស៎បាន ខ្ញុំចង់ជួបស្វាមីខ្ញុំមួយភ្លែត » ។

នាងបាននិយាយដោយរីករាយ តែហ្មត់ចត់ថា « ខ្ញុំសោកស្ដាយផង លោកស្រីមិនអាចមកទីនេះបានទេ » ។

« តែគាត់ជាស្វាមីខ្ញុំ ខ្ញុំគ្រាន់តែចង់ជួបគាត់តែមួយភ្លែតប៉ុណ្ណោះ » ។

នាងបាននិយាយម្ដងទៀត ទាំងនៅរាំងទ្វារ ថា « ខ្ញុំសោកស្ដាយផង ប៉ុន្តែលោកស្រីមិនត្រូវបានអនុញ្ញាតឲ្យមកទីនេះទេ ។ ខ្ញុំអាចនាំពាក្យផ្ដាំផ្ញើទៅស្វាមីលោកស្រីបាន ហើយគាត់អាចមកជួបលោកស្រីបាន ប្រសិនបើគាត់ចង់ ។ ប៉ុន្តែ គោលការណ៍គឺថា មានតែអ្នកដំណើរថ្នាក់ពិសេសប៉ុណ្ណោះ ដែលអាចនៅក្នុងផ្នែកនេះបាន » ។

ខ្ញុំស្រឡាំងកាំងមួយស្របក់ តែដោយឃើញការមានះរបស់នាង ខ្ញុំបានត្រឡប់មកកៅអីរបស់ខ្ញុំនៅថ្នាក់ធម្មតាវិញ ដោយស្ងប់ស្ងាត់ ។

ខ្ញុំបានចាប់ផ្ដើមគិតអំពីកម្រិតនៃភាពរុងរឿងទាំងបី ដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ និង ដោយព្យាការីទាំងឡាយ ។ យើងអានថា ព្រះគ្រីស្ទនឹងយាងមកជួបពួកអ្នកដែលនៅក្នុងនគរទេរេសស្ទាល ( សូមមើល គ. និង ស. 76:77  ) ហើយពួកទេវតាដែលចាត់ឲ្យបម្រើ នឹងមកជួបពួកអ្នកដែលនៅក្នុងនគរទេឡេស្ទាល ( សូមមើល គ. និង ស. 76:88  ) តែពួកអ្នកដែលនៅក្នុងនគរដែលមានសិរីរុងរឿងតិចជាង មិនអាចឡើងទៅនគរសេឡេស្ទាលបានឡើយ ( សូមមើល គ. និង ស. 76:112; សូមមើលផងដែរ គ. និង ស. 88:22–24  ) ។ ដោយគិតអំពីបទពិសោធន៍របស់ខ្ញុំ ខ្ញុំបានមានអារម្មណ៍ថា ខ្ញុំអាចមើលឃើញមួយភ្លែតពីស្ថានភាពសម្រាប់ពួកអ្នកដែលនៅក្នុងនគរដែលមានសិរីរុងរឿងតិចជាងនោះយ៉ាងណា ។ តើពួកគេនឹងមានអារម្មណ៍យ៉ាងណា ពេលឮពាក្យថា « ខ្ញុំសោកស្ដាយផង អ្នកមិនអាចមកទីនេះបានទេ » ។

ប្រហែលប្រាំខែក្រោយមក ស្វាមីរបស់ខ្ញុំបានទទួលអនិច្ចកម្មដោយសារជំងឺមហារីក ។ បទពិសោធន៍របស់ខ្ញុំនៅលើយន្តហោះ ផ្ដល់ការដាស់តឿនដល់ខ្ញុំបន្ថែមទៀត ដើម្បីឲ្យខ្ញុំរស់នៅយ៉ាងណា ដើម្បីខ្ញុំមិនបាច់ឮពាក្យទាំងនោះម្ដងទៀត—យ៉ាងហោចណាស់ មិនមែននៅវាំងននម្ខាងទៀតនោះទេ ។