២០១៣
វិស្សមកាលរដូវក្តៅរបស់ខ្ញុំនៅក្បែរព្រះវិហារបរិសុទ្ធ
កក្កដា 2013


វិស្សមកាលរដូវក្តៅរបស់ខ្ញុំនៅក្បែរព្រះវិហារបរិសុទ្ធ

អ្នកនិពន្ធម្នាក់ដែលរស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ។

ពរជ័យដ៏មហិមាជាច្រើនបានមក នៅពេលដែលគ្រួសាររបស់ខ្ញុំ បានយកពេលវិស្សមកាលរបស់ពួកយើង ដើម្បីចូលរួមព្រះវិហារបរិសុទ្ធនៅរាល់រដូវក្តៅ ។

រូបថតនៃព្រះវិហារបរិសុទ្ធ ស្តុកខូម ស៊ុយអែត ដោយ ស្ទេហ្វាន ហលប៊ើគ ហាមថតចម្លង ផ្ទៃខាងក្រោយ និង ស៊ុម ©  Thinkstock/iStockphoto

ខ្ញុំបានធំដឹងក្តីឡើងនៅប្រទេស ណរវ៉េ ។ ព្រះវិហារបរិសុទ្ធដែលនៅជិតបំផុតនោះគឺ នៅក្នុងទីក្រុង ស្តុកខូម ប្រទេស ស៊ុយអែត ដោយចំណាយពេលបើកឡានពី 8 ទៅ 10 ម៉ោង ។ មិនចាំបាច់និយាយនោះទេ គ្រប់ការធ្វើដំណើរទៅព្រះវិហារបរិសុទ្ធទាំងអស់ត្រូវការការដាក់ផែនការ និង ការគិតពិចារណាយ៉ាងម៉ត់ចត់ ។ ស្តេករបស់យើងបានដាក់ផែនការពីរដងសម្រាប់យុវវ័យឲ្យទៅព្រះវិហារបរិសុទ្ធជារៀងរាល់ឆ្នាំ មានវួដបីបួនបានជួលឡានក្រុង ហើយទៅព្រះវិហារបរិសុទ្ធនៅចុងសប្តាហ៍ ។ វាសប្បាយណាស់ដើម្បីទៅជាមួយយុវវ័យផ្សេងទៀត ប៉ុន្តែគ្រួសាររបស់ខ្ញុំ និង ខ្ញុំចង់ទៅព្រះវិហារបរិសុទ្ធជាមួយគ្នានៅពេលណាមួយ ។

ដូច្នេះ មានឆ្នាំមួយនោះ យើងបានសម្រេចចិត្តដើម្បីទៅទីក្រុង ស្តុកខូម អំឡុងពេលវិស្សមកាលរដូវក្តៅរបស់យើង ។ វាពិតជាបទពិសោធន៍មួយដ៏អស្ចារ្យ ហើយមិនយូរប៉ុន្មានវាបានក្លាយទៅជាទម្លាប់សម្រាប់វិស្សមកាលរដូវក្តៅរបស់យើង ។ យើងបានបោះជំរំនៅបរិវេណក្បែរព្រះវិហារបរិសុទ្ធនោះ ។ នៅរាល់ព្រឹកយើងបានក្រោកពីព្រលឹម សម្រាប់វគ្គមួយនៃបុណ្យជ្រមុជទឹកជាមួយក្រុមគ្រួសារផ្សេងទៀតដែលមកពីប្រទេស ណរវ៉េ ដែលបានមកព្រះវិហារបរិសុទ្ធនោះដែរ ។ បន្ទាប់មកយើងបានទៅលេងបាល់ទាត់ និង ហែលទឹកនៅបរិវេណបោះជំរុំ ។

ឥឡូវនេះ វិស្សមកាលរដូវក្តៅទាំងនេះ គឺជាអនុស្សាវរីយ៍ដ៏ពិសិដ្ឋសម្រាប់ខ្ញុំ ។ ទោះបីជាពួកយើងមិនរស់នៅជិតព្រះវិហារបរិសុទ្ធ ដើម្បីទៅទីនោះរាល់ខែក៏ដោយ វាតែងតែជាឱកាសដ៏វិសេសមួយ នៅពេលយើងអាចទៅទីនោះ ។ ហើយទោះបីជាការជិះឡានយូរ និង នឿយហត់ក៏ដោយ ក៏ព្រះអម្ចាស់ប្រទានពរដល់យើងសម្រាប់ការលះបង់របស់យើង ។ បទពិសោធន៍ខាងវិញ្ញាណទាំងឡាយដែលខ្ញុំបានមាននៅព្រះវិហារបរិសុទ្ធនោះ បានជួយខ្ញុំឲ្យបង្កើនសេចក្តីស្រឡាញ់ចំពោះព្រះវិហារបរិសុទ្ធ និង ពិធីបរិសុទ្ធទំាងឡាយរបស់ព្រះវិហារបរិសុទ្ធ ។ បទពិសោធន៍ទាំងនោះបាននាំឲ្យពួកយើងកាន់តែជិតស្និទ្ធជាមួយគ្នាជាគ្រួសារ ។

បទពិសោធន៍ពិសេសមួយដែលខ្ញុំចាំបាននោះគឺ នៅពេលដែលខ្ញុំមិនបានគោរពតាមមួយរយៈខ្លី ។ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានឃើញពីចំណុយខ្សោយជាច្រើនរបស់ឪពុកម្តាយខ្ញុំ ហើយខ្ញុំមានអារម្មណ៍ថា ពួកគាត់គ្មានសិទ្ធិដើម្បីមកទូន្មានខ្ញុំពីរបៀបដែលខ្ញុំត្រូវរស់នៅឡើយ ។ ទោះជាខ្ញុំបានរស់នៅដោយសក្តិសមដើម្បីទៅព្រះវិហារបរិសុទ្ធក៏ដោយ ក៏ខ្ញុំបានមានសំណួរពីតួនាទីរបស់ឪពុកខ្ញុំ ក្នុងនាមគាត់ជាមេគ្រួសាររបស់យើងដែរ ។ ប៉ុន្តែនៅពេលយើងបានទៅព្រះវិហារសុទ្ធជាមួយគ្នា ដើម្បីធ្វើបុណ្យជ្រមុជទឹក និង ពិធីបញ្ជាក់ នោះខ្ញុំបានមានអារម្មណ៍ពីវត្តមាននៃវិញ្ញាណដ៏ផ្អែមល្ហែមមួយ ។ នៅពេលឪពុកខ្ញុំបានដាក់ដៃរបស់គាត់លើក្បាលរបស់ខ្ញុំដើម្បីបញ្ជាក់ខ្ញុំ ជំនួសឲ្យបុគ្គលដែលបានស្លាប់ទៅ នោះខ្ញុំមានអារម្មណ៍ពីព្រះវិញ្ញាណដែលបញ្ជាក់ខ្ញុំថា គាត់បានធ្វើការណ៍នោះដោយសិទ្ធិអំណាចដ៏ពិតនៃបព្វជិតភាព ។ នេះបានធ្វើឲ្យខ្ញុំដឹងថា ទោះបីជាឪពុករបស់ខ្ញុំមិនល្អឥតខ្ចោះក៏ដោយ ក៏គាត់នៅតែជាឪពុកដ៏ល្អម្នាក់ ហើយខ្ញុំមានពរដែលបានធ្វើជាកូនប្រុសរបស់គាត់ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែប្រែចិត្តពីការមិនគោរពតាមរបស់ខ្ញុំ ហើយព្យាយាមមើលពីប្រាជ្ញា និង សេចក្តីស្រឡាញ់នៃការដាស់តឿនរបស់គាត់ ។

ជាច្រើនឆ្នាំក្រោយមកនេះ វិស្សមកាលរដូវក្តៅនៅជិតព្រះវិហារបរិសុទ្ធទាំងនោះ នៅតែរះចែងចាំងក្នុងការចងចាំរបស់ខ្ញុំ ។ ព្រះវិហារបរិសុទ្ធបានក្លាយជាកន្លែងមួយដែលពិតជាស្រស់ស្អាតលើលោកនេះ គឺដូចជានៅទីទឹកមរមនដែលជាកន្លែងសម្រាប់ឲ្យប្រជាជនរបស់អាលម៉ា ៖ « ម្តេចក៏ល្អដល់ម្លេះហ្ន៎ ចំពោះភ្នែកនៃពួកអ្នកដែលបានស្គាល់ព្រះដ៏ប្រោសលោះរបស់ខ្លួន » (ម៉ូសាយ 18:30) ។