អ្វីដែលយើងជឿ
ជនដែលព្រះអម្ចាស់ហៅ ទ្រង់នឹងប្រទានលទ្ធភាពឲ្យ
សមាជិកសាសនាចក្រភាគច្រើន នឹងមានឱកាសយ៉ាងច្រើនដើម្បីទទួលបាន « ការហៅបម្រើ » មួយ—ជាការចាត់តាំងឲ្យបម្រើ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ 1899–1994 ) បានមានប្រសាសន៍ថា « ព្រះអម្ចាស់រំពឹងទុកថា យើងម្នាក់ៗមាននូវការហៅបម្រើមួយក្នុងសាសនាចក្ររបស់ទ្រង់ ដើម្បីឲ្យមនុស្សដទៃទៀតអាចទទួលបានពរជ័យតាមរយៈទេពកោសល្យ និង អានុភាពរបស់យើង » ។1
បណ្ដាអ្នកដឹកនាំសាសនាចក្រដែលបានទទួលការហៅបម្រើ ពឹងផ្អែកទៅលើសមាជិកផ្សេងទៀត ដើម្បីទទួលយក និងបំពេញការហៅទាំងឡាយដែលពួកគេត្រូវបានផ្ដល់ឲ្យ ។ ការហៅបម្រើថ្មីនិមួយៗ គឺជាឱកាសមួយដើម្បីបម្រើ និងរីកចម្រើន ហើយវាគប្បីត្រូវបានចាប់ផ្ដើមឡើងដោយភាពរាបទាប និង ប្រកបដោយការអធិស្ឋាន ។ ការហៅឲ្យបម្រើក្នុងសាសនាចក្រ ត្រូវបានផ្ដល់ឲ្យដោយពួកអ្នកដឹកនាំបព្វជិតភាព បន្ទាប់ពីពួកគាត់បានស្វែងរកការបំផុសគំនិតពីព្រះអម្ចាស់ ។ ប្រធាន ហិនរី ប៊ី. អាវរិង ជាទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយបានពន្យល់ថា « អ្នកត្រូវបានហៅដោយព្រះ » ។ « ព្រះអម្ចាស់ស្គាល់អ្នក ។ ទ្រង់ស្គាល់អ្នកដែលទ្រង់ចង់ឲ្យបម្រើ នៅក្នុងគ្រប់តួនាទីក្នុងសាសនាចក្ររបស់ទ្រង់ ។ ទ្រង់បានរើសអ្នក » ។2
នៅក្នុងការហៅរបស់យើង យើងជាអ្នកតំណាងដល់ព្រះអម្ចាស់ ហើយកិច្ចការដែលយើងធ្វើមិនថា វាហាក់ដូចតូចយ៉ាងណានោះទេ វាមានតម្លៃដ៏នៅអស់កល្បជានិច្ច ។ ឧទាហរណ៍ ឥទ្ធិពលនៃគ្រូបង្រៀនថ្នាក់កុមារម្នាក់ ដែលមានការលះបង់ខ្ពស់ អាចបំផុសគំនិតកុមារម្នាក់ឲ្យបម្រើបេសកកម្មនៅថ្ងៃណាមួយពុំខានឡើយ ។ ឬ ការរាក់ទាក់ដ៏ស្និទ្ធស្នាលរបស់អ្នកនាំភ្ញៀវម្នាក់ អាចជួយសមាជិកម្នាក់ដែលជួបភាពស្មុគស្មាញឲ្យទទួលបាននូវអារម្មណ៍នៃការស្វាគមន៍នៅឯព្រះវិហារ ។
ព្រះអម្ចាស់នឹងជួយយើងក្នុងការហៅបម្រើរបស់យើង ជាពិសេសពេលយើងទទួលអារម្មណ៍ថា ត្រូវបានហ៊ុមព័ទ្ធដោយទំនួលខុសត្រូវទាំងឡាយនោះ ។ នៅពេលយើងអធិស្ឋានដល់ព្រះវរបិតាសួគ៌សម្រាប់ការដឹកនាំ ទ្រង់នឹងដឹកនាំយើងតាមរយៈការបំផុសគំនិត ហើយនិងប្រទានពរយើងឲ្យធ្វើការបម្រើបានយ៉ាងល្អ ។ ព្រះអម្ចាស់ជួយដល់ជនទាំងឡាយដែលបម្រើទ្រង់ ហើយទ្រង់នឹងបន្ថែមព្រះចេស្តារបស់ទ្រង់ដល់កិច្ចខិតខំរបស់ពួកគេ ( សូមមើល គ. និង ស. 84:88 ) ។ ដូចដែលប្រធាន ថូម៉ាស អេស. ម៉នសុន បានសន្យាថា « ពេលយើងស្ថិតនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ យើងនឹងទទួលបានជំនួយពីព្រះអម្ចាស់ ។ សូមចងចាំថា ជនដែលព្រះអម្ចាស់ហៅ ទ្រង់នឹងប្រទានលទ្ធភាពឲ្យ » ។3
នៅពេលយើងធ្វើតាមគំរូនៃការបម្រើរបស់ព្រះអម្ចាស់ ហើយបំពេញការហៅបម្រើរបស់យើងដោយគោរពតាម នោះជីវិតរបស់យើងនឹងបានទទួលពរជ័យ ហើយយើងអាចប្រែក្លាយកាន់តែដូចជាព្រះ ( សូមមើលមរ៉ូណៃ 7:48, គ. និង ស. 106:3 ) ។
-
យើងអាចយកក្បួនខ្នាត សៀវភៅណែនាំ ការប្រឹក្សារបស់អ្នកដឹកនាំសាសនាចក្រ និង ធនធានផ្សេងទៀតដើម្បីទៅបង្រៀនខ្លួនយើងអំពីទំនួលខុសត្រូវរបស់យើង និងដើម្បីជួយឆ្លើយសំណួរនានា ។
-
យើងពុំមែនស្វែងរកការហៅ ឬក៏បដិសេធដល់ការហៅដែលមកតាមរយៈសិទ្ធិអំណាចបព្វជិតភាពដ៏ត្រឹមត្រូវនោះឡើយ ។ (សូមមើល ម៉ូសេ 6:31—32) ។
-
នៅពេលយើងកំពុងជួយដល់កិច្ចការរបស់ព្រះអម្ចាស់ យើងអាចអធិស្ឋានសុំ និង ទទួលជំនួយរបស់ទ្រង់ ( សូមមើល គ. និង ស. 84:88 ) ។
-
ការបំពេញនូវការហៅបម្រើរបស់យើង នាំមកនូវពរជ័យ និងសេចក្ដីអំណរ ( សូមមើល ម៉ាថាយ 25:23 ) ។
-
រាល់ការហៅទាំងឡាយ គឺមានសារៈសំខាន់ស្មើគ្នា ។ សាសនាចក្រនេះ ត្រូវការពួកអ្នកដឹកនាំសម្រាប់ថ្នាក់កុមារដូចគ្នានឹងការត្រូវការប្រធានសមាគមសង្គមសង្គ្រោះផងដែរ ( សូមមើល កូរិនថូសទី 1 12:14–18 ) ។ របៀប ដែលយើងបម្រើ គឺមានសារៈសំខាន់លើសពីទីកន្លែង ដែលយើងបម្រើ ។