ដឹកនាំដោយសេចក្ដីជំនឿ
អ្នកនិពន្ធរស់នៅខារ៉ូឡាញណាខាងជើង ស.រ.អា. ។
ខ្ញុំនឹងមិនភ្លេចឡើយចំពោះការដើរនៅវិនធើរខ្វតធើរ ណេប្រាស្កា សហរដ្ឋអាមេរិក ជាទីកន្លែងដែលពួកអ្នកត្រួសត្រាយផ្លូវបានធ្លាប់រស់នៅកាលពីច្រើនឆ្នាំកន្លងទៅ ។ បរិវេណនោះធ្វើឲ្យមានអារម្មណ៍ថា វាពិសិដ្ឋ ហាក់ដូចជាខ្ញុំកំពុងតែទៅលេងនៅបរិវេណខាងក្រៅនៃព្រះវិហារបរិសុទ្ធដែរ ។
ភ្នែកទាំងពីររបស់ខ្ញុំពេញដោយទឹកភ្នែក ដោយធ្វើឲ្យខ្ញុំស្រពេចស្រពិល ។ ខ្ញុំបានឃើញរូបសំណាកមួយ ប៉ុន្តែខ្ញុំមិនអាចមើលឃើញថាវាជារូបអ្វីនោះទេ ។ លុះខ្ញុំជូតទឹកភ្នែកចេញ ខ្ញុំបានឃើញបុរសម្នាក់ និងស្ត្រីម្នាក់មានទឹកមុខពោរពេញដោយទុក្ខព្រួយ ។ លុះខ្ញុំសម្លឹងមើលកាន់តែជិត ខ្ញុំបានឃើញរូបទារកមួយ ដាក់នៅក្នុងផ្នូរមួយក្បែរជើងបុរសនិងស្ត្រីនោះ ។
ទិដ្ឋភាពនេះបានធ្វើឲ្យអារម្មណ៍របស់ខ្ញុំពោរពេញដោយ ៖ សេចក្ដីសោកសៅ កំហឹង អំណរគុណ និងសេចក្ដីអំណរ ។ ខ្ញុំចង់ដកយកចេញការឈឺចាប់ដែលពួកបរិសុទ្ធទាំងនោះបានទទួល ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ខ្ញុំក៏មានសេចក្ដីអំណរចំពោះអ្វីដែលពួកគាត់បានលះបង់សម្រាប់ដំណឹងល្អ ។
បទពិសោធន៍របស់ខ្ញុំនៅវិនធើរ ខ្វតធើរបានជួយខ្ញុំឲ្យយល់ថា ព្រះវរបិតាសួគ៌ប្រទានដំណឹងល្អដល់កូនចៅរបស់ទ្រង់ ហើយអនុញ្ញាតឲ្យពួកគេមានសិទ្ធិជ្រើសរើសធ្វើស្របតាមបំណងពួកគេ ។ ឪពុកម្ដាយទារកនោះ អាចជ្រើសរើសយកផ្លូវមួយដែលងាយស្រួល ។ ការធ្វើតាមព្យាការី និងការរស់នៅតាមដំណឹងល្អ តម្រូវឲ្យពួកអ្នកត្រួសត្រាយផ្លូវទាំងនេះបន្ដដើរទៅមុខ សូម្បីតែពេលត្រូវបញ្ចុះកូនខ្លួនក្ដី ។ ប៉ុន្តែពួកគេបានជ្រើសរើសយកដំណឹងល្អដាក់ក្នុងជីវិតរបស់ពួកគេ ហើយទទួលយកឧបសគ្គរបស់ពួកគេ ។ ខ្ញុំបានរៀនថា ការលះបង់របស់ពួកបរិសុទ្ធចំពោះដំណឹងល្អ និងការតាំងចិត្តរបស់ពួកគេ បន្តដើរឆ្ពោះទៅមុខត្រូវបានដឹកនាំដោយសេចក្ដីជំនឿ និងសេចក្ដីសង្ឃឹម—ជាសេចក្ដីសង្ឃឹមសម្រាប់អនាគតមួយដ៏ភ្លឺស្វាង និងសេចក្ដីជំនឿថា ព្រះអម្ចាស់បានស្គាល់ពួកគេ ហើយអាចសម្រាលការឈឺចាប់របស់ពួកគេបាន ។