ដើម្បីកម្លាំងនៃយុវជន
ភាពស្មោះត្រង់ និង សច្ចធម៌
ក្នុងនាមជាសិស្សនៃព្រះគ្រីស្ទ លក្ខណៈសម្បត្តិផ្ទាល់ខ្លួនទាំងនេះ គឺជាការបង្ហាញពីអ្នកជានរណាយ៉ាងពិតប្រាកដ ។
នៅឯសន្និសីទការប្រកួតជើងឯកបាល់ឱបអាមេរិក យ៉ូសែប ប៊ី. វ៉ឺតលីន បានមានអ្វីមួយដែលលោកបានហៅថា « បទពិសោធន៍មួយដ៏មានអត្ថន័យ » អំឡុងពេលនៃការប្រកួតដ៏សំខាន់បំផុតមួយ ។
លោកបានមានប្រសាសន៍ថា « ការប្រកួតនោះតម្រូវឲ្យខ្ញុំរត់ឱបបាល់ទៅកណ្ដាលទីលានប្រកួត ដើម្បីប៉ះដី ដើម្បីបានពិន្ទុលើសគូប្រកួត » ។ « ខ្ញុំត្រូវបានគេហុចបាល់ឲ្យ ហើយបានរត់ទៅកាន់ខ្សែបន្ទាត់គោលដៅ ។ ខ្ញុំបានដឹងថា ខ្ញុំនៅជិតទៅនឹងបន្ទាត់គោលដៅ ប៉ុន្តែខ្ញុំពុំបានដឹងថាជិតប៉ុណ្ណានោះទេ ។ ថ្វីបើខ្ញុំត្រូវបានសង្គ្រុបហ៊ុមព័ទ្ធដោយហ្វូងកីឡាករក៏ដោយ ក៏ខ្ញុំបានឈោងម្រាមដៃខ្ញុំទៅមុខបានប្រាំសង់ទីម៉ែត្រ ហើយខ្ញុំអាចមានអារម្មណ៍ប៉ះវា ។ បន្ទាត់គោលដៅគឺនៅប្រាំសង់ទីម៉ែត្រពីនោះ ។
« នៅពេលនោះ ខ្ញុំត្រូវបានល្បួងឲ្យរុញបាល់ទៅមុខ ។ ខ្ញុំអាចធ្វើដូច្នោះបាន ។ … តែខ្ញុំបានចងចាំពាក្យរបស់ម្ដាយខ្ញុំ ។ គាត់បានមានប្រសាន៍មកខ្ញុំជារឿយៗថា ‹ យ៉ូសែប ចូរធ្វើអ្វីដែលត្រឹមត្រូវ មិនថាលទ្ធផលជាយ៉ាងណានោះទេ ។ ចូរធ្វើអ្វីដែលត្រឹមត្រូវ ហើយអ្វីៗនឹងមិនថ្វីទេ › ។
« ខ្ញុំចង់បានពិន្ទុប៉ះដីគោលដៅនោះយ៉ាងខ្លាំង ។ ប៉ុន្តែ ជាជាងធ្វើជាវីរបុរសនៅក្នុងក្រសែភ្នែកមិត្តភក្ដិខ្ញុំ នោះខ្ញុំចង់ធ្វើជាវីរបុរសក្នុងក្រសែភ្នែកម្ដាយខ្ញុំជាង ។ ដូច្នេះ ខ្ញុំបានដាក់បាល់នៅកន្លែងដែលវាត្រូវនៅ—គឺប្រាំសង់ទីម៉ែត្រពីខ្សែបន្ទាត់គោលដៅ » ។1 អែលឌើរ វ៉ឺតលីន ( ឆ្នាំ 1917–2008 ) ក្រោយមកបានបម្រើជាសមាជិកមួយរូបនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។
ធ្វើអ្វីដែលត្រូវ
ការសម្រេចចិត្តរបស់ អែលឌើរ វ៉ឺតលីន គឺជាគំរូដ៏អស្ចារ្យមួយ អំពីមនុស្សម្នាក់ដែលនឹងមិនបន្ទាបបន្ថោកសច្ចភាពរបស់លោក ។ ភាពស្មោះត្រង់ និង សច្ចភាព សាកល្បងចរិតលក្ខណៈរបស់យើង ។ វាតម្រូវឲ្យមនុស្សម្នាក់តែងតែធ្វើ ឬ និយាយអ្វីដែលត្រឹមត្រូវ មិនថាលទ្ធផលចេញមកជាយ៉ាងណា ឬ អ្នកដទៃគិតយ៉ាងណានោះទេ ។
បទដ្ឋានមួយក្នុងចំណោមបទដ្ឋានទាំងឡាយក្នុងដើម្បីកម្លាំងនៃយុវជន គឺ ភាពស្មោះត្រង់ និង សច្ចធម៌ ។ ក្នុងនាមជាពួកបរិសុទ្ធថ្ងៃចុងក្រោយ និង ជាអ្នកដើរតាមព្រះគ្រីស្ទ អ្នកត្រូវបានរំពឹងឲ្យ « ស្មោះត្រង់ជាមួយខ្លួនអ្នកផ្ទាល់ ជាមួយអ្នកដទៃ និង ជាមួយព្រះ នៅគ្រប់ពេលទាំងអស់ ។ ការមានភាពស្មោះត្រង់មានន័យថា ការជ្រើសរើសពុំកុហក លួចបន្លំ បោកប្រាស ឬ បញ្ឆោត តាមរូបភាពណាក៏ដោយ ។ …
« ទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយនឹងភាពស្មោះត្រង់ គឺ សច្ចធម៌ ។ សច្ចធម៌គឺមានន័យថា ការគិត និង ការប្រព្រឹត្ត នូវអ្វីដែលត្រឹមត្រូវ គ្រប់ពេលទាំងអស់ មិនថាមានលទ្ធផលយ៉ាងណានោះទេ ។ នៅពេលដែលអ្នកមានសច្ចធម៌ នោះអ្នកមានឆន្ទៈ ដើម្បីរស់នៅតាមបទដ្ឋាន និង ជំនឿរបស់អ្នក សូម្បីតែនៅពេលដែលគ្មាននរណាម្នាក់កំពុងមើលអ្នកក៏ដោយ » ។2
ក្លាយជាសិស្សម្នាក់
គោលបំណងរបស់យើង អំឡុងពេលស្ថានភាពសាកល្បងនៃជីវិតរមែងស្លាប់នេះ គឺដើម្បីក្លាយជា « អ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ » ( ម៉ូសាយ 3:19 ) ។ ដើម្បីក្លាយជាអ្នកបរិសុទ្ធម្នាក់ គឺពុំមានអ្វីដែលច្រើនជាង ឬ តិចជាង ការក្លាយទៅជាសិស្សដ៏ពិតម្នាក់របស់ព្រះគ្រីស្ទនោះទេ ។ ការណ៍នេះមិនពិបាកដូចជាអ្នកអាចនឹងធ្វើការសន្មត់នោះទេ អ្នកប្រហែលជាដឹងរួចទៅហើយពីរបៀបដើម្បីធ្វើវា ។ ទោះជាយ៉ាងណា វាពិតជាត្រូវការការខិតខំប្រឹងប្រែង ហើយពេលខ្លះការខិតខំប្រឹងប្រែងនេះ តម្រូវអ្វីៗជាច្រើនពីយើង ។ ប៉ុន្តែវាអាចធ្វើទៅបាន ។
ព្រះគម្ពីរមរមនបង្រៀនថា « ត្បិតមើលចុះ ព្រះវិញ្ញាណនៃព្រះគ្រីស្ទ ត្រូវបានប្រទានដល់មនុស្សគ្រប់រូប ដើម្បីឲ្យគេអាចដឹងខុស និង ត្រូវ ហេតុដូច្នោះហើយ ខ្ញុំបង្ហាញដល់អ្នកនូវវិធីវិនិច្ឆ័យ ត្បិតគ្រប់ទាំងអ្វីៗដែលអញ្ជើញឲ្យធ្វើល្អ ហើយដែលបញ្ចុះបញ្ចូលឲ្យជឿដល់ព្រះគ្រីស្ទ នោះគឺបានចាត់មកពីព្រះចេស្ដា និង អំណោយទាននៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ អ្នករាល់គ្នាអាចដឹងដោយដំរិះដ៏ឥតខ្ចោះថា មកពីព្រះ » ( មរ៉ូណៃ 7:16 ) ។
ដោយជាសិស្សម្នាក់របស់ព្រះគ្រីស្ទ អ្នកអាចរកឃើញពីរបៀបដើម្បីនិយាយ និង ប្រព្រឹត្តិ ដោយសួរខ្លួនឯងថា « តើព្រះយេស៊ូវនឹងធ្វើបែបណាដែរ ? » ការបំផុសនឹងមកតាមក្រោយ ហើយពេលដែលអ្នកប្រព្រឹត្តិតាមការបំផុសទាំងនេះ នោះអ្នកនឹងទទួលនូវទីបន្ទាល់មួយសម្រាប់ខ្លួនអ្នកផ្ទាល់ ថាអ្នកបានប្រព្រឹត្តិត្រឹមត្រូវហើយ ។ ទោះជាយ៉ាងណា វាក៏ពិតផងដែរថា ពេលខ្លះអ្នកអាចត្រូវរង់ចាំមួយរយៈ ដើម្បីឃើញពីលទ្ធផលពិត និង ពរជ័យពីសកម្មភាពស្មោះត្រង់របស់អ្នក ។
ស្មោះត្រង់ទាំងស្រុង
ដើម្បីកម្លាំងនៃយុវជន រំឭកយើងថា ៖ « ភាពមិនស្មោះត្រង់មានគ្រោះថ្នាក់ដល់អ្នក និងគ្រោះថ្នាក់ដល់អ្នកដៃផងដែរ ។ ប្រសិនបើអ្នកកុហក លួច ឬ បន្លំ អ្នកបំផ្លាញវិញ្ញាណរបស់អ្នក និង ទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកដទៃ ។ ការមានភាពស្មោះត្រង់នឹងពង្រីកឱកាសនាពេលអនាគតរបស់អ្នក និង សមត្ថភាពរបស់អ្នក ឲ្យត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ » ។3
វង្វាស់ដ៏ពិតប្រាកដនៃសច្ចធម៌ដ៏ឥតក្លែងក្លាយ និង ភាពស្មោះត្រង់ទាំងស្រុង គឺជាអ្វីដែលអ្នកធ្វើ នៅពេលគ្មាននរណាម្នាក់នៅជុំវិញ ដើម្បីដឹងពីអ្វីដែលអ្នកគិត និយាយ ឬ ធ្វើ ។ ក្នុងនាមជាសិស្សដ៏ពិតនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទ នោះយើងមិនអាចជា ឬ ធ្វើតិចជាងដែលព្រះអង្គសង្គ្រោះបានបង្ហាញយើងនោះទេ ។ យើងមាននូវអំណោយទានដ៏ឥតប្រៀបផ្ទឹមបាននៃព្រះវិញ្ញាណបរិសុទ្ធ ។ ព្រះអង្គសង្គ្រោះបានបង្រៀនថា « តែព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នាពីគ្រប់សេចក្តីទំាងអស់ ក៏នឹងរំឭកពីគ្រប់សេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ » ( យ៉ូហាន 14:26 ) ។
ព្រះអង្គសង្គ្រោះរបស់យើងបានប្រទានដល់យើង នូវអំណាចដ៏អស្ចារ្យផងដែរ ដែលបានមកពីការអធិស្ឋាន ការសិក្សាព្រះគម្ពីរ និង ការអានពាក្យសម្ដីរបស់ព្យាការី និង សាវកដែលនៅរស់ ។ ការអនុវត្តជាវិជ្ជមានប្រចាំថ្ងៃទាំងនេះ ស្ថាបនាភាពស្មោះត្រង់ និង សច្ចធម៌ នៅក្នុងខ្លួនយើង ។ ចូរចងចាំ ក្នុងនាមជាសិស្សមួយរូបរបស់ព្រះគ្រីស្ទ និង ជាសមាជិកមួយរូបនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ នោះភាពស្មោះត្រង់របស់អ្នក គឺជាការបង្ហាញពីសច្ចធម៌របស់អ្នក និង ថាអ្នកជានរណាយ៉ាងពិតប្រាកដ ។