ព័ត៌មានក្នុងស្រុក
ចែកចាយសារលិខិតអំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះ ការអញ្ជើញក្នុងឆ្នាំ ២០២០ របស់ខ្ញុំទៅកាន់បងប្អូន
នៅពេលខ្ញុំបានថ្លែងនៅក្នុងសន្និសីទទូទៅខែតុលាមុន ខ្ញុំបានកំណត់ឆ្នាំ ២០២០ ជាខួបទីពីររយឆ្នាំក្នុងការរំឭកខួប ២០០ ឆ្នាំចាប់តាំងពីព្រះជាព្រះវរបិតា និងព្រះរាជបុត្រាសំណព្វរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ បានលេចមកឯយ៉ូសែប ស្ម៊ីធនៅក្នុងការនិមិត្តមួយ ។ ព្រឹត្តការណ៍តែមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សនេះ បានចាប់ផ្ដើមការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះអម្ចាស់— ជាការបើកសម្ដែងអំពីការស្ដារឡើងវិញនោះបន្ដរហូតមកដល់សព្វថ្ងៃនេះ ។ ឱ យើងមានពរជ័យណាស់ដែលយើងរស់នៅក្នុងពន្លឺនៃការនិមិត្តនោះ ។ ព្រមជាមួយនឹងការនិមិត្តនោះ ក៏កើតមាននូវការយល់ដឹងថ្មីអំពីលក្ខណៈនៃព្រះជាព្រះវរបិតា និងព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ ។
ព្រះស្រឡាញ់បុត្រាបុត្រីទាំងឡាយរបស់ទ្រង់ ហើយមានការនិមិត្តមួយសម្រាប់យើងម្នាក់ៗ ។ ក៏ដូចជាទ្រង់បានព្រះសណ្ដាប់ការអធិស្ឋានរបស់យ៉ូសែបនៅឆ្នាំ ១៨២០ នោះទ្រង់ក៏ព្រះសណ្ដាប់ដល់បងប្អូន ហើយមានព្រះទ័យចង់ថ្លែងមកកាន់បងប្អូនតាមរយៈព្រះវិញ្ញាណផងដែរ ។ ព្រះវរបិតាសួគ៌សព្វព្រះទ័យបងប្អូន ។ ពួកយើងស្រឡាញ់បងប្អូន ។ នេះនឹងជាឆ្នាំដ៏សំខាន់មួយ ។ ពួកយើងសូមអញ្ជើញបងប្អូនឲ្យធ្វើជាផ្នែកដ៏សំខាន់មួយនៅក្នុងការចែកចាយសារលិខិតនៃការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាបន្ដបន្ទាប់ ។ ពួកយើងនឹងចែកចាយបន្ថែមទៀតអំពីរឿងនេះក្នុងពេលឆាប់ៗខាងមុខ ប៉ុន្តែបងប្អូនអាចចាប់ផ្ដើមនៅថ្ងៃនេះដោយការធ្វើតាមការអញ្ជើញដែលខ្ញុំបានអញ្ជើញបងប្អូនកាលពីសន្និសីទទូទៅមុនឲ្យជ្រមុជខ្លួនបងប្អូនចូលទៅក្នុងពន្លឺដ៏រុងរឿងនៃការស្ដារឡើងវិញ ។
ពួកយើងសូមអញ្ជើញបងប្អូនឲ្យធ្វើជាផ្នែកដ៏សំខាន់មួយនៅក្នុងការចែកចាយអំពីការស្ដារឡើងវិញនៃដំណឹងល្អរបស់ព្រះអង្គសង្គ្រោះជាបន្ដបន្ទាប់ ។ តើវាមានរូបរាងយ៉ាងណា ? អ្នកអាចនឹងចង់ចាប់ផ្ដើមករៀបចំខ្លួនដោយការអានដំណើររឿងនៃការនិមិត្តដំបូង ដូចបានកត់ត្រានៅក្នុងគម្ពីរមុក្ដាដ៏មានតម្លៃមហិមា ។ ឬពិចារណាអំពីសំណួរដ៏សំខាន់ៗដូចជា « តើជីវិតរបស់ខ្ញុំនឹងខុសប្លែកគ្នាជាយ៉ាងណា បើចំណេះដឹងរបស់ខ្ញុំដែលបានទទួលមកពីព្រះគម្ពីរមរមនត្រូវបានដកចេញភ្លាមៗនោះ ? » ឬ « តើព្រឹត្តការណ៍ដែលមកតាមក្រោយការនិមិត្តដំបូងបានធ្វើឲ្យមានភាពខុសប្លែកគ្នាចំពោះខ្ញុំ និងមនុស្សដែលខ្ញុំស្រឡាញ់ដោយរបៀបណា ?
សូមជ្រើសរើសសំណួរផ្ទាល់ខ្លួនបងប្អូន ។ សូមរៀបចំផែនការផ្ទាល់ខ្លួនបងប្អូន ។ សូមធ្វើតាមការអញ្ជើញណាមួយនៃការអញ្ជើញទាំងនេះដើម្បីរៀបចំខ្លួនបងប្អូនផ្ទាល់ក្នុងការចែកចាយសារលិខិតសំខាន់នៃការស្ដារឡើងវិញជាបន្តបន្ទាប់នេះ ។ នៅពេលបងប្អូនស្វែងរកព្រះយេស៊ូវគ្រីស្ទនៅក្នុងកិច្ចខិតខំទាំងនេះ ព្រះនឹងរៀបចំបងប្អូនឲ្យទទួលពន្លឺបន្ថែមទៀត ។ វាគឺជាការរៀបចំផ្ទាល់ខ្លួនរបស់បងប្អូន ដែលនឹងជួយធ្វើឲ្យសន្និសីទទូទៅខែមេសាខាងមុខនេះ នឹងក្លាយជាការចងចាំដែលពុំអាចបំភ្លេចបានចំពោះបងប្អូន ។ ពេលវេលាដើម្បីអនុវត្តគឺជាពេលឥឡូវនេះ ។ នេះគឺជាចំណុចសំខាន់មួយក្នុងប្រវត្តិសាស្ត្រនៃសាសនាចក្រ ហើយចំណែករបស់បងប្អូនគឺសំខាន់ណាស់ ។
ខ្ញុំថ្លែងទីបន្ទាល់ថាព្រះយេស៊ូវមានព្រះជន្មរស់ ។ ទ្រង់ដឹកនាំសាសនាចក្ររបស់ទ្រង់សព្វថ្ងៃនេះ ។ ព្រះកំពុងទុកព្រះទ័យលើយើង យើងទាំងអស់គ្នា ឲ្យដើរតួយ៉ាងសំខាន់នៅក្នុងការស្ដារឡើងវិញនៃដំណឹងល្អរបស់ទ្រង់ ។