បុព្វកថា
តើក្រុមនេះអាចជួយខ្ញុំឲ្យរកបានការងារមួយបានដែរឬទេ ?
វាពុំងាយស្រួលដើម្បីរកការងារមួយនោះទេ ប៉ុន្តែក្រុមភាពខ្លួនទីពឹងខ្លួននេះនឹងជួយអ្នករៀនរបៀបដ៏ល្អបំផុត ដើម្បីរកការងារមួយ ហើយបានទទួលជោគជ័យក្នុងការងារនោះ ។ នៅក្នុងការប្រជុំក្រុម អ្នកនឹងតាំងចិត្តដើម្បីធ្វើនូវសកម្មភាពជាក់លាក់ ហើយក្រុមនឹងផ្ដល់ដល់អ្នកនូវយោបល់ និង ការលើកទឹកចិត្ត ។ គោលដៅនៃក្រុម នេះ គឺពុំគ្រាន់តែជួយអ្នកឲ្យទទួលបានការងារមួយប៉ុណ្ណោះទេ តែវាក៏ជួយអ្នកឲ្យធ្វើការគោរព ប្រតិបត្តិ និងមានជំនឿកាន់តែខ្លាំងទៅលើព្រះអម្ចាស់ ហើយទទួលពរជ័យដែលទ្រង់បានសន្យា ទាំងភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាម និងខាងវិញ្ញាណ ។
តើក្រុមភាពខ្លួនទីពឹងខ្លួននេះគឺជាអ្វី ?
ក្រុមភាពខ្លួនទីពឹងខ្លួនមួយ គឺវាខុសពីថ្នាក់រៀន មេរៀន ឬវគ្គបណ្ដុះបណ្ដាលក្នុងសាសនាចក្រភាគច្រើន ។ គ្មានគ្រូបង្រៀន អ្នកដឹកនាំ ឬអ្នកបង្ហាត់បង្រៀនទេ ។ សមាជិកក្នុងក្រុមរៀនជាមួយគ្នា ហើយគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក ។ យើងទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមកសម្រាប់ការប្តេជ្ញាចិត្តរបស់យើង ហើយយើងប្រឹក្សាជាមួយគ្នាដើម្បីដោះស្រាយបញ្ហា ។
តើសមាជិកក្រុមធ្វើអ្វីខ្លះ ?
នៅក្នុងការប្រជុំ សមាជិកក្រុមប្ដេជ្ញាចិត្តដើម្បីធ្វើសកម្មភាព ។ យើងពុំគ្រាន់តែ រៀនទេ តែក៏ ធ្វើ អ្វីៗដែលធ្វើឲ្យយើងមានភាពខ្លួនទីពឹងខ្លួនផងដែរ ។ យើងធ្វើការតាំងចិត្ត ជួយគ្នាទៅវិញទៅមករក្សាការតាំងចិត្តទាំងនោះ ហើយរាយការណ៍ពីការរីកចម្រើនរបស់យើង ។ ដោយសារក្រុមធ្វើការជាក្រុមប្រឹក្សាមួយ នោះវាសំខាន់ដើម្បីចូលរួមការប្រជុំជាទៀងទាត់ និងទាន់ពេលវេលា ។ សូមយកសៀវភៅនេះមកជាមួយជានិច្ច កូនសៀវភៅ មាគ៌ារបស់ខ្ញុំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួន និងកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ ៖ គោលការណ៍ ជំនាំញ ទម្លាប់ ។ ការប្រជុំក្រុមនីមួយៗគួរតែចំណាយពេលប្រហែលជាពីរម៉ោង ។ ការអនុវត្តការតាំងចិត្តរបស់យើង នឹងចំណាយពេលមួយ ឬពីរម៉ោងក្នុងមួយថ្ងៃ ។
តើអ្នកសម្របសម្រួលធ្វើអ្វីខ្លះ ?
អ្នកសម្របសម្រួល ពុំមែនជាអ្នកជំនាញនៅក្នុងការងារ ឬ ការបង្រៀនទេ ។ ពួកគាត់ពុំដឹកនាំ ឬបង្រៀនក្រុមឡើយ ។ ពួកគាត់គ្រាន់តែជួយក្រុមឲ្យធ្វើតាមប្រការដែលបានសរសេរនៅក្នុងសៀវភៅឲ្យបានត្រឹមត្រូវជាក់លាក់ប៉ុណ្ណោះ ។ អ្នកជំនាញខាងភាពខ្លួនទីពឹងខ្លួន ជួយសម្រួលការប្រជុំក្រុម តែទោះជាយ៉ាងណា សមាជិកក្រុមអាចត្រូវបានចាត់ឲ្យសម្របសម្រួលបន្ទាប់ពីរយៈពេលបីបួនសប្ដាហ៍ទៅបើចាំបាច់ ។ ដើម្បីរៀនបន្ថែម សូមមើល មគ្គុទេសន៍អ្នកដឹកនាំ និង វីដេអូដែលភ្ជាប់មកជាមួយនៅគេហទំព័រ srs.lds.org។
វិញ្ញាបនបត្របញ្ចប់វគ្គសិក្សា
សមាជិកក្រុមដែលចូលរួមការប្រជុំ ហើយរក្សាការតាំងចិត្តរបស់ពួកគេ នឹងមានលក្ខណៈសម្បត្តិទទួលបានវិញ្ញាបនបត្រភាពខ្លួនទីពឹងខ្លួនមកពីមហាវិទ្យាល័យពាណិជ្ជកម្មអិល.ឌី.អែស ។ សូមមើល ទំព័រ ២៩ នៅក្នុងកូនសៀវភៅ មូលដ្ឋានគ្រឹះរបស់ខ្ញុំ សម្រាប់តម្រូវការនានា ។