រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
១. ការក្លាយជាអ្នកចាត់ចែងដ៏ឆ្លាតវៃ និងស្មោះត្រង់ម្នាក់
-
ពិចារណា ៖សូមចំណាយពេលមួយនាទីពិចារណានូវសំណួរខាងក្រោមនេះ ហើយកត់ត្រាទុកអំពីគំនិតរបស់អ្នក ។
-
តើខ្ញុំមានទំនុកចិត្តយ៉ាងណាដែរចំពោះហិរញ្ញវត្ថុរបស់ខ្ញុំនាពេលអនាគត ?
-
-
អាន ៖នៅក្នុងរឿងប្រដូចអំពីប្រាក់ ព្រះគ្រីស្ទបង្រៀនយើងថា យើងត្រូវមើលថែអ្វីៗដែលយើងត្រូវបានប្រទានឲ្យ ។ ព្រះអម្ចាស់អនុញ្ញាតឲ្យយើងធ្វើជាអ្នកមើលថែ—ឬអ្នកចាត់ចែង—លើអំណោយទានរបស់ទ្រង់ចំពោះយើង ។ ចំពោះអស់អ្នកណាដែលស្មោះត្រង់ចំពោះអំណោយទានរបស់ទ្រង់ នោះព្រះគ្រីស្ទសន្យាថា « ប្រពៃហើយ បាវល្អស្មោះត្រង់អើយ ៖ ឯងមានចិត្តស្មោះនឹងត្រួតរបស់បន្តិចនេះ ដូច្នេះ យើងនឹងតាំងឲ្យឯងត្រួតលើរបស់ជាច្រើនទៅទៀត ៖ ចូរឲ្យឯងប្រកបដោយសេចក្តីអំណររបស់ចៅហ្វាយឯងចុះ » ( ម៉ាថាយ ២៥:២១ ) ។
-
ពិភាក្សា ៖តើវាមានន័យយ៉ាងណាចំពោះអ្នកដែលថារបស់សព្វសារពើគឺជារបស់ផងទ្រង់ ?
-
អាន ៖ជាផ្នែកមួយនៃការចាត់ចែងរបស់យើង យើងត្រូវបានលើកទឹកចិត្តឲ្យមានភាពឈ្លាសវៃជាមួយនឹងហិរញ្ញវត្ថុរបស់យើង ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានបង្រៀន ៖
« ខ្ញុំសូមជំរុញចិត្តបងប្អូន … ឲ្យមើលទៅស្ថានភាពហិរញ្ញវត្ថុរបស់អ្នក ។ យើងសូមជំរុញចិត្តបងប្អូនឲ្យចំណាយដោយសមរម្យ លត់ដំខ្លួនឯងក្នុងការទិញ ដើម្បីចៀសវាងពីបំណុល ។ សូមបង់សងបំណុលឲ្យបានឆាប់តាមដែលបងប្អូនអាចធ្វើបាន ហើយដោះលែងខ្លួនឯងឲ្យរួចពីចំណងនេះ ។
« នេះគឺជាផ្នែកមួយនៃដំណឹងល្អខាងសាច់ឈាមដែលយើងជឿ ។ សូមឲ្យព្រះអម្ចាស់ប្រទានពរបងប្អូនដើម្បីឲ្យគេហដ្ឋានរបស់បងប្អូនមានសណ្ដាប់ធ្នាប់ ។ ប្រសិនបើបងប្អូនបានបង់សងបំណុលរបស់បងប្អូន ប្រសិនបើបងប្អូនមានការបម្រុងទុកមួយ សូម្បីតែវាតិចតួចក្ដី ពេលព្យុះភ្លៀងបានបោកបក់មកលើបងប្អូន នោះបងប្អូននឹងមានទីជម្រកសម្រាប់[ ក្រុមគ្រួសារ ]របស់បងប្អូន ហើយមានសេចក្ដីសុខសាន្តនៅក្នុងដួងចិត្ត » ( « To the Boys and to the Men » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៤ ) ។
នៅពេលអ្នកខិតខំប្រើប្រាស់ប្រាក់របស់បងប្អូនដោយឈ្លាសវៃ នោះសេចក្ដីជំនឿរបស់បងប្អូនលើព្រះគ្រីស្ទអាចកើនឡើង ដោយត្រួសត្រាយផ្លូវសម្រាប់ពរជ័យនាពេលអនាគត ។
-
ពិភាក្សា ៖តើការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកធ្វើឲ្យអ្នកក្លាយជាអ្នកចាត់ចែងដ៏ប្រពៃម្នាក់តាមរបៀបណា ?
យើងអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងដោយឈ្លាសវៃ
-
អាន ៖រូបភាពនៅទំព័រ ៨—ផែនទីស្ដីពីភាពជោគជ័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ—បង្ហាញអំពីគោលការណ៍សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុដោយឈ្លាសវៃ ហើយស្មោះត្រង់ ។ អ្នកនឹងសិក្សា ហើយអនុវត្តគោលការណ៍ទាំងនេះនៅ១២សប្ដាហ៍ក្រោយ ។ នៅក្នុងវគ្គសិក្សានេះទាំងមូល អ្នកនឹងខិតខំបង្កើនសេចក្ដីជំនឿរបស់អ្នកលើព្រះយេស៊ូវគ្រីស្ទ បង្កើនសាមគ្គីភាពជាមួយនឹងស្វាមី ឬភរិយារបស់អ្នក ហើយពង្រឹងការតាំងចិត្តរបស់អ្នកទៅរកភាពខ្លួនទីពឹងខ្លួន ។ មេរៀននីមួយៗនឹងផ្ដោតទៅលើផ្នែកជាក់លាក់មួយនៃផែនទីស្ដីពីភាពជោគជ័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ ។
-
ពិភាក្សា ៖សូមប្ដូរវេនគ្នាអានចំណុចនៅលើផែនទីស្ដីពីភាពជោគជ័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ ( ទំព័រ ៨ ) ។ តើចំណុចនីមួយៗទាំងនេះអាចជួយអ្នកនៅលើមាគ៌ារបស់អ្នកឆ្ពោះទៅរកការចាត់ចែងហិរញ្ញវត្ថុដ៏ជោគជ័យតាមរបៀបណា ?
២. ប្រឹក្សាជាមួយព្រះអម្ចាស់អំពីហិរញ្ញវត្ថុរបស់អ្នក
-
អាន ៖បញ្ហាប្រឈមនឹងកើតមានយ៉ាងពិតប្រាកដនៅពេលអ្នកអនុវត្តគោលការណ៍ទាំងនេះនៃការចាត់ចែងហិរញ្ញវត្ថុដ៏មានជោគជ័យ ។ នៅពេលអ្នកស្វែងរកជំនួយមកពីសមាជិកក្រុម ហើយស្វែងរកជំនួនរបស់ព្រះអម្ចាស់ជាបន្តបន្ទាប់ នោះអ្នកនឹងមានកម្លាំងដើម្បីយកឈ្នះការលំបាកទាំងនោះ ។ សូមចងចាំថា ព្រះអម្ចាស់តែងតែប្រទានវិធីមួយដើម្បីសម្រេចបទបញ្ញត្តិរបស់ទ្រង់ជានិច្ច ( សូមមើលនីហ្វៃទី ១ ៣:៧ ) ។
អាមូលេកបានបង្រៀនពួកជនក្រីក្រីនៅក្នុងចំណោមពួកសាសន៍សូរាំ « អំពាវនាវដល់[ ព្រះអម្ចាស់ ] សម្រាប់ដំណាំនៅក្នុងចម្ការរបស់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចបានចម្រើនឡើងដោយសារនោះ ។ ចូរអំពាវនាវសម្រាប់ហ្វូងចៀមនៅឯវាលស្រែរបស់អ្នក ដើម្បីឲ្យវាអាចកើនឡើង » ( អាលម៉ា ៣៤:២៤–២៥ ) ។ នៅពេលអ្នកប្រឹក្សាជាមួយនឹងព្រះអម្ចាស់អំពីសេចក្ដីត្រូវការខាងសាច់ឈាម និងបញ្ហាប្រឈមរបស់អ្នក ហើយខិតខំឆ្ពោះទៅរកភាពខ្លួនទីពឹងខ្លួនខាងហិរញ្ញវត្ថុ នោះទ្រង់នឹងប្រទានពរ និងកម្លាំងដល់អ្នក ។
ការប្រឹក្សាជាមួយនឹងព្រះអម្ចាស់អំពីហិរញ្ញវត្ថុរបស់អ្នក វាមាន័យថាគឺជាការអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ និងការទូលសូមការដឹកនាំអំពីបញ្ហាហិរញ្ញវត្ថុនានា ។ ការតាំងចិត្តរបស់អ្នកនៅសប្ដាហ៍នេះគឺជាការប្រឹក្សាជាមួយនឹងព្រះអម្ចាស់អំពីហិរញ្ញវត្ថុរបស់អ្នក ។
៣. តាមដានប្រាក់ចំណូល និងការចំណាយរបស់អ្នក
-
អាន ៖ជំហានទីមួយទៅកាន់ការចាត់ចែងហិរញ្ញវត្ថុដ៏ជោគជ័យគឺការយល់ដឹងអំពីស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នក ។ នៅពេលអ្នកទទួលបានការយល់ដឹងដ៏ប្រសើរមួយអំពីចំណុចដែលអ្នកបានចំណាយប្រាក់ទៅលើ នោះអ្នកអាចដាក់ផែនការដ៏ប្រសើរចំពោះចំណុចដែលអ្នកចង់ចំណាយប្រាក់ទៅលើ ។ អ្នកនឹងចាប់ផ្ដើមដោយតាមដានប្រាក់ចំណូល និងការចំណាយរបស់អ្នកសម្រាប់បួនសប្ដាហ៍ដំបូងនៃវគ្គសិក្សានេះ ។
-
ពិចារណា ៖សូមចំណាយពេលពីបីនាទីគិតដោយស្ងៀមស្ងាត់អំពីសំណួរខាងក្រោមនេះ ៖
-
តើខ្ញុំដឹងអំពីចំណុចដែលខ្ញុំបានចំណាយប្រាក់របស់ខ្ញុំរាល់ខែដែរឬទេ ?
-
តើខ្ញុំមានអារម្មណ៍ថាគ្រប់គ្រងប្រាក់បានត្រឹមត្រូវដែរឬទេ ?
-
-
ពិភាក្សា ៖តើអ្នកអាចនឹងមានបញ្ហាប្រឈមអ្វីខ្លះនៅក្នុងការតាមដានការចំណាយរបស់អ្នក ?
-
ពិចារណា ៖សូមសរសេរវិធីមួយចំនួនដែលអ្នកនឹងយកឈ្នះលើបញ្ហាប្រឈមទាំងនេះ ។