ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
resources icon
ធនធាន​នានា

ប្រព័ន្ធ​ស្រោម​សំបុត្រ

ប្រព័ន្ធ​ស្រោម​សំបុត្រ​ដាក់​សាច់​ប្រាក់​គឺ​សាមញ្ញ ៖ បន្ទាប់​ពី​ទទួល​បាន​ការ​បង់​ប្រាក់​ភ្លាម អ្នក​ដាក់​ចំនួន​ប្រាក់​ដែល​អ្នក​បាន​កំណត់​ដើម្បី​ចំណាយ​នៅ​ក្នុង​ផ្នែក​នីមួយៗ​នៃ​ថវិកា​ចូល​ទៅ​ក្នុង​ស្រោម​សំបុត្រ​របស់​វា ។

ឧទាហរណ៍ ចូរ​គិត​ថា អ្នក​បាន​ដាក់​ថវិកា​ចំនួន ៤០០ លើ​ផ្នែក « គ្រឿង​ទេស »​ នៅ​ខែ​នេះ ។ នៅ​ពេល​អ្នក​ទទួល​បាន​ប្រាក់​ខែ​របស់​អ្នក​សម្រាប់​ខែ​នេះ ឬ​សម្រាប់​ពីរ​បី​សប្ដាហ៍​ក្រោយ សូម​ដាក់​ចំនួន​នោះ​( ជា​សាច់​ប្រាក់ )​ ចូល​ទៅ​ក្នុង​ស្រោម​សំបុត្រ​មួយ​ដែល​សរសេរ​ថា « គ្រឿង​ទេស » ។ គ្មាន​ប្រាក់—ហើយ​នេះ​មាន​ន័យ​ថា​គ្មាន​ប្រាក់—ចេញ​មក​ពី​ស្រោម​សំបុត្រ​នោះ លើក​លែង​តែ​សម្រាប់​បង់​ថ្លៃ​ម្ហូប​អាហារ​ប៉ុណ្ណោះ ។ ប្រសិន​បើ​អ្នក​ទៅ​ផ្សារ ហើយ​ដឹង​ថា​អ្នក​បាន​ភ្លេច​ស្រោម​សំបុត្រ​នោះ​នៅ​ផ្ទះ សូម​ត្រឡប់​ទៅ​ផ្ទះ ហើយ​យក​ស្រោម​សំបុត្រ​នោះ ! សូម​រក្សា​កំណត់​ត្រា​ជា​លាយ​លក្ខណ៍​អក្សរ​ ( នៅ​ក្នុង​សៀវ​ភៅ​កំណត់​ចំណាំ​ដ៏​សាមញ្ញ​មួយ ) នូវ​រាល់​ការ​ចំណាយ​ទាំង​អស់ ដើម្បី​អ្នក​អាច​ពិនិត្យ​មើល​វា​ឡើង​វិញ​នៅ​ពេល​ក្រោយ​អំឡុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក ដើម្បី​រំឭក​អ្នក​ថា ប្រាក់​របស់​អ្នក​បាន​ចំណាយ​ទៅ​លើ​អ្វីខ្លះ ។

នៅ​ក្នុង​ស្រោម​សំបុត្រ​មួយ​ទៀត សូម​ដាក់​ចំនួន​ថវិកា​សម្រាប់​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​របស់​អ្នក ។ អ្នក​នឹង​ដក​ប្រាក់​ចេញ​ពី​ស្រោម​សំបុត្រ​ទី​ពីរ​នេះ នៅ​ពេល​ត្រូវការ​ចំណែក​សមរម្យ​សម្រាប់​ថ្លៃ​ទាំង​នោះ ហើយ​តាម​ដាន​ការ​ចំណាយ​នីមួយៗ​នៅ​ក្នុង​សៀវភៅ​កំណត់​ចំណាំ​របស់​អ្នក ។

សូម​បែង​ចែក​ផ្នែក​នីមួយៗ​នៃ​ថវិកា​របស់​អ្នក​តាម​របៀប​ដូចគ្នានេះ ៖ ការ​បង់​ថ្លៃ​ជួល ឬ​ទិញ​ផ្ទះ​ក្នុង​ស្រោម​សំបុត្រ​មួយ ថ្លៃ​ទឹក​ភ្លើង​ក្នុង​ស្រោម​សំបុត្រ​មួយ​ទៀត ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ដង្វាយ​ផ្សេងៗ​នៅ​ក្នុង​ស្រោម​សំបុត្រ​មួយ​ទៀត ថ្លៃ​វេជ្ជសាស្ត្រ ការ​ធានា​រ៉ាប់រង​ជាដើម—ដោយ​ដាក់​វា​នៅ​ក្នុង​ស្រោម​សំបុត្រ​របស់​វា​ផ្ទាល់ ។

រាល់​ពេល​ដែល​អ្នក​ទទួល​បាន​ប្រាក់​កម្រៃ សូម​ដាក់​ចំនួន​ថវិកា​ប្រចាំ​ខែ​ដ៏​សមរម្យ​របស់​អ្នក​ទៅ​ក្នុង​ស្រោម​សំបុត្រ​នីមួយៗ ដើម្បី​ឲ្យ​ចំនួន​សរុប​នៅ​ក្នុង​ស្រោម​សំបុត្រ​នីមួយៗ​សម្រាប់​ខែ​នីមួយៗ​គឺជា​ចំនួន​ដែល​បាន​កំណត់​ទុក​ជា​មុន​នៅ​ក្នុង​គម្រោង​ថវិកា​ជា​លាយ​លក្ខណ៍​របស់​អ្នក ។

សូម​កុំ​ចំណាយ​ច្រើន​ជាង​អ្វី​ដែល​អ្នក​បាន​រៀបចំ​ថវិកា ។ នៅ​ពេល​ស្រោម​សំបុត្រ​នោះ​នៅ​ទទេរ​ស្អាត នោះ​អ្នក​មិន​អាច​ចំណាយ​បាន​ទៀត​ទេ ! ប្រសិន​បើ​អ្នក​ចាំ​បាច់​ត្រូវ​ចំណាយ​បន្ថែម​ទៀត​នៅ​ក្នុង​ផ្នែក​នោះ អ្នក​នឹង​ត្រូវ​ដក​វា​ចេញ​ពី​ស្រោម​សំបុត្រ​មួយ​ទៀត ។ សម្រាប់ពី​បីខែ​ដំបូង ការ​ធ្វើ​បែប​នេះ​នឹង​តម្រូវ​ឲ្យ​មាន​ការ​កែ​សម្រួល ។ នៅ​ក្នុង​គ្រា​នោះ​អ្នក​គួរ​ទទួល​បាន​រូបភាព​កាន់​តែ​ច្បាស់​ថា​ចំនួន​ថវិកា​ដំបូង​របស់​អ្នក​គ្រប់គ្រាន់​ឬ​យ៉ាង​ណា—អ្នក​នឹង​ដឹង​ពី​ចំនួន​ជា​មធ្យម​ពិត​ប្រាកដ​ក្នុង​រយៈពេល​បី​បួន​ខែ ។

មនុស្ស​ខ្លះ​ប្រើ​ប្រព័ន្ធ​ស្រោម​សំបុត្រ​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង ។ ខ្លះ​ប្រើ​ប្រព័ន្ធ​សាច់​ប្រាក់​តែ​ម្យ៉ាង​សម្រាប់​តែ​ផ្នែក​ទាំងឡាយ​ណា​ដែល​ទំនង​ជា​ល្បួង​ពួកគេ​ឲ្យ​ចំណាយ​លើស ឬ​សម្រាប់​អ្វី​ដែល​ងាយ​បាត់បង់​ការ​តាម​ដាន ឬ​មិន​អាច​គ្រប់​គ្រង​បាន ដូចជា​ម្ហូប​អាហារ ភោជនីយដ្ឋាន ការកម្សាន្ត សាំង និង​សម្លៀក​បំពាក់ ។ រាល់​ចំនួន​ដែល​នៅ​សល់​គួរ​ដាក់​ទៅ​ក្នុង​អាទិភាព​ខាង​ហិរញ្ញវត្ថុ​របស់​អ្នក ។

សូម​ត្រឡប់​ទៅ ទំព័រ ៧៧

ប្រព័ន្ធ​ឌីជីថល

ប្រសិន​បើ​ការ​មើល​ឃើញ​សាច់​ប្រាក់​ច្រើន​ល្បួង​អ្នក​ឲ្យ​ចំណាយ​ច្រើន នោះ​ការ​ប្រើ​ប័ណ្ណ​ឥ​ណ្ណ​ពន្ធ​មួយ​ប្រហែល​ជា​ជម្រើស​ល្អ​បំផុត​របស់​អ្នក ។ ដូច​គ្នា​នឹង​វិធី​សាស្ត្រ​ស្រោម​សំបុត្រ​ដែរ ប័ណ្ណ​ឥណពន្ធ​មួយ​ដក​យក​ប្រាក់​ដែល​អ្នក​មាន​ចេញ​ពី​គណនី​ធនាគា​របស់​អ្នក ។

នៅ​ពេល​ប្រើ​ប័ណ្ណ​ឥណពន្ធ​មួយ វា​គឺ​ជា​រឿង​ដ៏​សំខាន់​ដើម្បី​តាម​ដាន​ការ​ចំណាយ​របស់​អ្នក ដោយសារ​ប័ណ្ណ​ឥ​ណ្ណ​ពន្ធ​ពុំ​ផ្ដល់​ព្រំ​ប្រទល់​ដ៏​រឹង​មាំ​រវាង​ផ្នែក​ទាំងឡាយ​នៃ​ថវិកា ដូចជា​ប្រព័ន្ធ​ស្រោម​សំបុត្រ​សាច់​ប្រាក់​នោះ​ទេ ។ អ្នក​អាច​កត់ត្រា​ការ​ចំណាយ​របស់​អ្នក​ដោយ​ប្រើ​ប៊ិក និង​ក្រដាស ឬ​ប្រើ​ទូរសព្ទ​ចល័ត ឬ​កម្មវិធី​កុំព្យូទ័រ ។

មាន​កម្មវិធី​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ជា​ច្រើន​សម្រាប់​ទូរសព្ទ​ដៃ ឬ​ឧបករណ៍​ចល័ត​ផ្សេង​ទៀត ។ កម្មវិធី​ទាំង​នេះ​អាច​ផ្ទុក និង​រៀបចំ​ព័ត៌មាន​សម្រាប់​អ្នក ហើយ​បន្ទាប់​មក​អ្នក​អាច​ចូល​ទៅ​មើល​ព័ត៌មាន​នោះ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​នៅ​ផ្ទះ ឬ​ឧបករណ៍​ផ្សេង​ទៀត​ផង​ដែរ ។

សូម​ចំណាយ​ពេល​ខ្លះ​នៅ​សប្ដាហ៍​នេះ​ដើម្បី​ស្រាវ​ជ្រាវ​រក​កម្មវិធី​ដ៏​ល្អ​បំផុត​ដែល​មាន​ជា​ភាសា និង​ក្នុង​ភូមិភាគ​របស់​អ្នក ដោយ​ស្រាវ​ជ្រាវ​រក​ឃ្លា « money management ( ការ​គ្រប់​គ្រង​ប្រាក់ ) » « personal finance tools ( ឧបករណ៍​ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ) » ឬ​ « budgeting apps ( កម្មវិធី​គ្រោង​ថវិកា ) » ។ មាន​កម្មវិធី​ល្អៗ​ជា​ច្រើន​ដែល​ឥត​គិត​ថ្លៃ ឬ​មាន​តម្លៃ​ថោក ។

សូម​ចងចាំ ថា ព័ត៌មាន​របស់​អ្នកត្រូវ​រក្សា​ឲ្យ​មាន​សុវត្ថិភាព សូម​ចូល​ទៅ​មើល​ព័ត៌មាន​ហិរញ្ញវត្ថុ​របស់​អ្នក​តែ​នៅ​លើ​ឧបករណ៍​ផ្ទាល់​របស់​អ្នក​ប៉ុណ្ណោះ ពុំមែន​នៅ​លើ​កុំព្យូទ័រ​សាធារណៈ​ទេ ។

សូម​ត្រឡប់​ទៅ​ទំព័រ ៧៨ ។

កំណត់​ចំណាំ

កំណត់​ចំណាំ

បោះពុម្ព