ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

១. ការ​ក្លាយ​ជា​អ្នក​ចាត់​ចែង​ដ៏​ឆ្លាតវៃ និង​ស្មោះត្រង់​ម្នាក់

ពិចារណា ៖សូម​ចំណាយ​ពេល​មួយ​នាទី​ពិចារណា​នូវ​សំណួរ​ខាង​ក្រោម​នេះ ហើយ​កត់ត្រា​ទុក​អំពី​គំនិត​របស់​អ្នក ។

  • តើ​ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ដែរ​ចំពោះ​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​នាពេល​អនាគត ?

អាន ៖នៅ​ក្នុង​រឿង​ប្រដូច​អំពី​ប្រាក់ ព្រះគ្រីស្ទ​បង្រៀន​យើង​ថា យើង​ត្រូវ​មើល​ថែ​អ្វីៗ​ដែល​យើង​ត្រូវ​បាន​ប្រទាន​ឲ្យ ។ ព្រះអម្ចាស់​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ជា​អ្នក​មើល​ថែ—ឬ​អ្នក​ចាត់​ចែង—លើ​អំណោយទាន​របស់​ទ្រង់​ចំពោះ​យើង ។ ចំពោះ​អស់​អ្នក​ណា​ដែល​ស្មោះត្រង់​ចំពោះ​អំណោយទាន​របស់​ទ្រង់ នោះ​ព្រះគ្រីស្ទ​សន្យា​ថា « ប្រពៃ​ហើយ បាវ​ល្អ​ស្មោះត្រង់​អើយ ៖ ឯង​មាន​ចិត្ត​ស្មោះ​នឹង​ត្រួត​របស់​បន្តិច​នេះ ដូច្នេះ យើង​នឹង​តាំង​ឲ្យ​ឯង​ត្រួត​លើ​របស់​ជា​ច្រើន​ទៅ​ទៀត ៖ ចូរ​ឲ្យ​ឯង​ប្រកប​ដោយ​សេចក្តី​អំណរ​របស់​ចៅហ្វាយ​ឯង​ចុះ » ( ម៉ាថាយ ២៥:២១ ) ។

ពិភាក្សា ៖តើ​វា​មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​ថា​របស់​សព្វ​សារពើ​គឺជា​របស់​ផង​ទ្រង់ ?

អាន ៖ជា​ផ្នែក​មួយ​នៃ​ការ​ចាត់​ចែង​របស់​យើង យើង​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ភាព​ឈ្លាស​វៃ​ជាមួយ​នឹង​ហិរញ្ញវត្ថុ​របស់​យើង ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន ៖

« ខ្ញុំ​សូម​ជំរុញ​ចិត្ត​បងប្អូន … ឲ្យ​មើល​ទៅ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក ។ យើង​សូម​ជំរុញ​ចិត្ត​បងប្អូន​ឲ្យ​ចំណាយ​ដោយ​សមរម្យ លត់​ដំ​ខ្លួន​ឯង​ក្នុង​ការទិញ ដើម្បី​ចៀសវាង​ពី​បំណុល ។ សូម​បង់​សង​បំណុល​ឲ្យ​បាន​ឆាប់​តាម​ដែល​បងប្អូន​អាច​ធ្វើ​បាន ហើយ​ដោះ​លែង​ខ្លួនឯង​ឲ្យ​រួច​ពី​ចំណង​នេះ ។

« នេះ​គឺជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​ខាង​សាច់​ឈាម​ដែល​យើង​ជឿ ។ សូម​ឲ្យ​ព្រះអម្ចាស់​ប្រទាន​ពរ​បងប្អូន​ដើម្បី​ឲ្យ​គេហដ្ឋាន​របស់​បងប្អូន​មាន​សណ្ដាប់​ធ្នាប់ ។ ប្រសិន​បើ​បងប្អូន​បាន​បង់​សង​បំណុល​របស់​បងប្អូន ប្រសិន​បើ​បងប្អូន​មាន​ការ​បម្រុង​ទុក​មួយ សូម្បី​តែ​វា​តិច​តួច​ក្ដី ពេល​ព្យុះ​ភ្លៀង​បាន​បោក​បក់​មក​លើ​បងប្អូន នោះ​បងប្អូន​នឹង​មាន​ទីជម្រក​សម្រាប់​[ ក្រុម​គ្រួសារ ]​របស់​បងប្អូន ហើយ​មាន​សេចក្ដី​សុខ​សាន្ត​នៅ​ក្នុង​ដួង​ចិត្ត » ( « To the Boys and to the Men » Ensign ខែ​ វិច្ឆិកា ឆ្នាំ​ ១៩៩៨ ទំព័រ ៥៤ ) ។

នៅ​ពេល​អ្នក​ខិតខំ​ប្រើ​ប្រាស់​ប្រាក់​របស់​បងប្អូន​ដោយ​ឈ្លាស​វៃ នោះ​សេចក្ដី​ជំនឿ​របស់​បងប្អូន​លើ​ព្រះគ្រីស្ទ​អាច​កើន​ឡើង ដោយ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ពរជ័យ​នា​ពេល​អនាគត ។

ពិភាក្សា ៖តើ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​ចាត់​ចែង​ដ៏​ប្រពៃ​ម្នាក់​តាម​របៀប​ណា ?

យើង​អាច​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​យើង​ដោយ​ឈ្លាស​វៃ

អាន ៖រូបភាព​នៅ​ទំព័រ ៨—ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ—បង្ហាញ​អំពី​គោលការណ៍​សម្រាប់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ដោយ​ឈ្លាស​វៃ ហើយ​ស្មោះត្រង់ ។ អ្នក​នឹង​សិក្សា ហើយ​អនុវត្ត​គោលការណ៍​ទាំង​នេះ​នៅ​១២​សប្ដាហ៍​ក្រោយ ។ នៅ​ក្នុង​វគ្គ​សិក្សា​នេះ​ទាំង​មូល អ្នក​នឹង​ខិតខំ​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវ​គ្រីស្ទ បង្កើន​សាមគ្គីភាព​ជាមួយ​នឹង​ស្វាមី ឬ​ភរិយា​របស់​អ្នក ហើយ​ពង្រឹង​ការ​តាំង​ចិត្ត​របស់​អ្នក​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ មេរៀន​នីមួយៗ​នឹង​ផ្ដោត​ទៅលើ​ផ្នែក​ជាក់​លាក់​មួយ​នៃ​ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ។

ពិភាក្សា ៖សូម​ប្ដូរ​វេន​គ្នា​អាន​ចំណុច​នៅ​លើ​ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ ​( ទំព័រ ៨ ) ។ តើ​ចំណុច​នីមួយៗ​ទាំង​នេះ​អាច​ជួយ​អ្នក​នៅ​លើ​មាគ៌ា​របស់​អ្នក​ឆ្ពោះ​ទៅ​រក​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ដ៏​ជោគ​ជ័យ​តាម​របៀប​ណា ?

២. ប្រឹក្សា​ជាមួយ​ព្រះអម្ចាស់​អំពី​ហិរញ្ញវត្ថុ​របស់​អ្នក

អាន ៖បញ្ហា​ប្រឈម​នឹង​កើត​មាន​យ៉ាង​ពិត​ប្រាកដ​នៅ​ពេល​អ្នក​អនុវត្ត​គោលការណ៍​ទាំង​នេះ​នៃ​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ដ៏​មាន​ជោគ​ជ័យ ។ នៅ​ពេល​អ្នក​ស្វែង​រក​ជំនួយ​មក​ពី​សមាជិក​ក្រុម ហើយ​ស្វែង​រក​ជំនួន​របស់​ព្រះអម្ចាស់​ជា​បន្ត​បន្ទាប់ នោះ​អ្នក​នឹង​មាន​កម្លាំង​ដើម្បី​យក​ឈ្នះ​ការ​លំបាក​ទាំង​នោះ ។ សូម​ចងចាំ​ថា ព្រះអម្ចាស់​តែង​តែ​ប្រទាន​វិធី​មួយ​ដើម្បី​សម្រេច​បទបញ្ញត្តិ​របស់​ទ្រង់​ជានិច្ច​ ( សូម​មើល​នីហ្វៃទី ១ ៣:៧ ) ។

អាមូលេក​បានបង្រៀន​ពួក​ជន​ក្រី​ក្រី​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​សូរាំ ​« ​អំពាវនាវ​ដល់​[ ព្រះអម្ចាស់ ] សម្រាប់​ដំណាំ​នៅ​ក្នុង​ចម្ការ​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​បាន​ចម្រើន​ឡើង​ដោយ​សារ​នោះ ។ ចូរ​អំពាវនាវ​សម្រាប់​ហ្វូងចៀម​នៅ​ឯ​វាល​ស្រែ​របស់​អ្នក ដើម្បី​ឲ្យ​វា​អាច​កើន​ឡើង » ​( អាលម៉ា ៣៤:២៤–២៥ ) ។ នៅ​ពេល​អ្នក​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​អំពី​សេចក្ដី​ត្រូវការ​ខាង​សាច់​ឈាម និង​បញ្ហា​ប្រឈម​របស់​អ្នក ហើយ​ខិតខំ​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​ហិរញ្ញវត្ថុ នោះ​ទ្រង់​នឹង​ប្រទាន​ពរ និង​កម្លាំង​ដល់​អ្នក ។

ការ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​អំពី​ហិរញ្ញវត្ថុ​របស់​អ្នក វា​មាន័យ​ថា​គឺជា​ការ​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សួគ៌ និង​ការ​ទូល​សូម​ការ​ដឹកនាំ​អំពី​បញ្ហា​ហិរញ្ញ​វត្ថុ​នានា ។ ការ​តាំង​ចិត្ត​របស់​អ្នក​នៅ​សប្ដាហ៍​នេះ​គឺជា​ការ​ប្រឹក្សា​ជាមួយ​នឹង​ព្រះអម្ចាស់​អំពី​ហិរញ្ញវត្ថុ​របស់​អ្នក ។

ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ

រូបភាព
graphic of financial success map

៣. តាម​ដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​អ្នក

អាន ៖ជំហាន​ទី​មួយ​ទៅ​កាន់​ការ​ចាត់​ចែង​ហិរញ្ញវត្ថុ​ដ៏​ជោគ​ជ័យ​គឺ​ការ​យល់​ដឹង​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​បច្ចុប្បន្ន​របស់​អ្នក ។ នៅ​ពេល​អ្នក​ទទួល​បាន​ការ​យល់​ដឹង​ដ៏​ប្រសើរ​មួយ​អំពី​ចំណុច​ដែល​អ្នក​បាន​ចំណាយ​ប្រាក់​ទៅ​លើ នោះ​អ្នក​អាច​ដាក់​ផែនការ​ដ៏​ប្រសើរ​ចំពោះ​ចំណុច​ដែល​អ្នក​ចង់​ចំណាយ​ប្រាក់​ទៅ​លើ ។ អ្នក​នឹង​ចាប់ផ្ដើម​ដោយ​តាម​ដាន​ប្រាក់​ចំណូល និង​ការ​ចំណាយ​របស់​អ្នក​សម្រាប់​បួន​សប្ដាហ៍​ដំបូង​នៃ​វគ្គ​សិក្សា​នេះ ។

ពិចារណា ៖សូម​ចំណាយ​ពេល​ពី​បី​នាទី​គិត​ដោយ​ស្ងៀម​ស្ងាត់​អំពី​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​ខ្ញុំ​ដឹង​អំពី​ចំណុច​ដែល​ខ្ញុំ​បាន​ចំណាយ​ប្រាក់​របស់​ខ្ញុំ​រាល់​ខែ​ដែរ​ឬ​ទេ ?

  • តើ​ខ្ញុំ​មាន​អារម្មណ៍​ថា​គ្រប់​គ្រង​ប្រាក់​បាន​ត្រឹមត្រូវ​ដែរ​ឬ​ទេ ?

ពិភាក្សា ៖តើ​អ្នក​អាច​នឹង​មាន​បញ្ហា​ប្រឈម​អ្វី​ខ្លះ​នៅ​ក្នុង​ការ​តាម​ដាន​ការ​ចំណាយ​របស់​អ្នក ?

ពិចារណា ៖សូម​សរសេរ​វិធី​មួយ​ចំនួន​ដែល​អ្នក​នឹង​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​ទាំង​នេះ ។

បោះពុម្ព