ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

ការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

៣ លុប​បំបាត់​បំណុល

រូបភាព
គំនូរ​រូប​ផ្ទះ

ផែន​ទី​ស្ដីពី​ភាព​ជោគជ័យ​នៃ​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ

១. ការ​យល់​ដឹង​ពី​បំណុល

អាន ៖បំណុល​គឺជា​ការ​ខ្ចី​ប្រាក់​ដែល​ពុំ​មែន​ជា​ប្រាក់​របស់​អ្នក ។ ជា​ទូទៅ វា​កើត​មាន​ជាមួយ​នឹង​ការ​គិត​ថ្លៃ ដែល​ហៅ​ថា​ការ​ប្រាក់ ។ ការ​ប្រាក់​គឺជា​ភាគរយ​នៃ​ចំនួន​ប្រាក់​ដែល​បាន​ខ្ចី ។ នៅ​ទីបំផុត អ្នក​ត្រូវ​បង់​សង​ច្រើន​សម្រាប់​អ្វី​ដែល​អ្នក​បាន​ខ្ចី ពេល​ខ្លះ​កាន់​តែ​ច្រើន​ថែម​ទៀត ។ បំណុល​កើត​ឡើង​ជាមួយ​នឹង​ការ​ទូទាត់​ប្រាក់​ដែល​បាន​រំពឹង​ទុក និង​ការ​រំពឹង​ទុក​ជា​ទូទៅ​មួយ​ដើម្បី​បង់​សង​ប្រាក់​ទាំងអស់​ដែល​អ្នក​បាន​ខ្ចី រួម​បញ្ចូល​ទាំង​ការ​ប្រាក់​ផង​ដែរ ។

ពិភាក្សា ៖ហេតុអ្វី​មនុស្ស​ខ្ចី​ប្រាក់ ?

អាន ៖ពួក​ព្យាការី​តែងតែ​ផ្ដល់​ដំបូន្មាន​ឲ្យ​យើង​ចៀស​វាង​ពី​បំណុល ។ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បាន​បង្រៀន​ថា « ប្រសិន​បើ​មាន​រឿង​ណា​មួយ​ដែល​នឹង​នាំ​យក​នូវ​សេចក្ដី​សុខសាន្ត និង​ភាព​រីករាយ​ចូល​មក​ក្នុង​ដួង​ចិត្ត​មនុស្ស និង​មក​ក្នុង​គ្រួសារ គឺ​ការ​រស់​នៅ​ស្រប​តាម​ប្រាក់​ចំណូល​របស់​យើង ។ ហើយ​ប្រសិន​បើ​មាន​រឿង​ណា​មួយ​ដែល​កំពុងគាប​សង្កត់ ហើយ​បំបាក់​ទឹក​ចិត្ត ព្រមទាំង​ខក​ចិត្ត វា​គឺ​ជា​ការ​មាន​បំណុល និង​កាតព្វកិច្ច​ដែល​មនុស្ស​ម្នាក់​មិន​អាច​បំពេញ​បាន » ( Gospel Standards: Sermons and Writings of Heber J. Grant រៀបរៀង​ដោយ G. Homer Durham [ ឆ្នាំ​១៩៤១ ] ទំព័រ ១១១ ) ។

នៅ​ក្នុង​ជំពូក​ពីរ​បន្ទាប់​ទៀត អ្នក​នឹង​រៀន​ធ្វើ​តាម​ការ​ប្រឹក្សា​របស់​ពួក​ព្យាការី​ដើម្បី​រួច​ផុត​ពី​បំណុល ។

ពិចារណា ៖សូម​ចំណាយ​ពេល​ពីរ​នាទី​ដើម្បី​ពិចារណា​លើ​ការ​សម្រេច​ចិត្ត​ខាង​ហិរញ្ញវត្ថុ​ដែល​អ្នក​បាន​ធ្វើ​មិន​បាន​ល្អ ។ តើ​មាន​ផល​វិបាក​អ្វីខ្លះ ? តើ​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ឥទ្ធិពល​នោះ​យូរ​ប៉ុណ្ណា ? តើ​វា​បាន​ជះឥទ្ធិពល​ដល់​អ្នក អាពាហ៍ពិពាហ៍ ឬ​គ្រួសារ​របស់​អ្នក និង​លទ្ធភាព​របស់​អ្នក​ដើម្បី​បម្រើ​មនុស្ស​ដទៃ យ៉ាង​ដូចម្ដេច ?

ចៀស​វាង​ពី​បំណុល

អាន ៖ពួក​ព្យាការី​បាន​ប្រឹក្សា​ថា មាន​ហេតុផល​ត្រឹមត្រូវ​តិច​តួច​បំផុត​ដែល​អាច​ចូល​ទៅ​ក្នុង​បំណុល ហើយ​ថា​នៅ​ពេល​អ្នក​ជាប់​បំណុល​អ្នក​គួរ​បង់​សង​វា​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​បង្រៀន​ថា « បំណុល​ដ៏​សមហេតុ​ផល​សម្រាប់​ការ​ទិញ​ផ្ទះ​មួយ​មាន​តម្លៃ​សមរម្យ ហើយ​ប្រហែល​ជា​សម្រាប់​វត្ថុ​ចាំបាច់​មួយ​ចំនួន​ផ្សេង​ទៀត​អាច​ទទួល​យក​បាន ។ ប៉ុន្តែ​យោង​តាម​បទពិសោធន៍​របស់​ខ្ញុំ ខ្ញុំ​មើល​ឃើញ​ពី​សោកនាដកម្ម​ដ៏​គួរ​ឲ្យ​ខ្លាច​របស់​មនុស្ស​ជាច្រើន​ដែល​បាន​ខ្ចី​ប្រាក់​ដោយ​មិន​ប្រុង​ប្រយ័ត្ន​ដើម្បី​ទិញ​វត្ថុ​ដែល​ពួកគេ​មិន​ត្រូវការ » ( « I Believe » Ensign ខែ​សីហា ឆ្នាំ​១៩៩២ ទំព័រ ៦ ) ។

ដោយ​ផ្អែក​ទៅ​លើ​កាលៈទេសៈ​ទាំង​នោះ បំណុល​ប្រហែល​ជា​អាច​ទទួល​យក​បាន​សម្រាប់​ការ​ចំណាយ​ដូច​តទៅ​នេះ ៖

  • ផ្ទះ​តូច​ល្មម ហើយ​មាន​តម្លៃ​សមរម្យ

  • ការ​ចំណាយ​សម​ហេតុផល​លើ​ការ​អប់រំ​ដែល​នឹង​ដឹកនាំ​ទៅ​រក​ការងារ​ដ៏​ប្រសើរ ។

  • មធ្យោបាយ​ធ្វើ​ដំណើរ​សម​ល្មម​ ( នៅ​ពេល​ត្រូវ​ការ​ចាំបាច់​ប៉ុណ្ណោះ )

អ្នក​គួរ​ចៀស​វាង​ពី​ការ​ធ្លាក់​ចូល​ក្នុង​បំណុល​សម្រាប់​សម្ភារ​នានា​ក្រៅ​ពី​សម្ភារ​ទាំង​នេះ ។ ផ្ទុយ​ទៅ​វិញ សូម​សន្សំ​ប្រាក់​ទុក​សម្រាប់​ការ​ចំណាយ​ទាំងឡាយ ។

ពិចារណា ៖សូម​ចំណាយ​ពេល​ពីរ​នាទី​គិត​អំពី​សំណួរ​ដូច​តទៅ​នេះ ហើយ​សរសេរ​គំនិត​របស់​អ្នក ៖ តើ​ការ​រួច​ផុត​ពី​បំណុល​វា​មាន​អារម្មណ៍​បែប​ណា ?

រួច​ផុត​ពី​បំណុល

អាន ៖អ្នក​អាច​រួច​ផុត​ពី​បំណុល​បាន ! ការ​បង់​សង​បំណុល​នឹង​តម្រូវ​ឲ្យ​មាន​ពលិកម្ម​ដ៏​ធំ ប៉ុន្តែ​អ្នក​អាច​ធ្វើ​វា​បាន ។ ខាង​ក្រោម​នេះ​គឺជា​គោលការណ៍​សំខាន់​ទាំង​ប្រាំ​យ៉ាង​សម្រាប់​ការ​រួច​ផុត​ពី​បំណុល ។ យើង​នឹង​ពិភាក្សា​គោលការណ៍​បី​ដំបូង​នៅ​ក្នុង​ជំពូក​នេះ ។

  1. យល់​ភាព​ពិត​នៃ​បំណុល​របស់​អ្នក

  2. មាន​បំណង​ប្រាថ្នា​ចង់​រួច​ផុត​ពី​បំណុល

  3. យក​ឈ្នះ​និន្នការ​មនុស្ស​ខាង​សាច់​ឈាម​ដែល​ដឹកនាំ​ទៅ​រក​បំណុល

  4. បញ្ឈប់​ការ​ជាប់​បំណុល

  5. បង់​សង​បំណុល​របស់​អ្នក

ពិភាក្សា ៖តើ​អ្នក​មាន​គំនិត ឬ​ចំណាប់​អារម្មណ៍​អ្វី​ខ្លះ​ចេញ​មក​ពី​ការ​អាន​គោលការណ៍​ទាំង​ប្រាំ​នេះ ?

២. យល់​ភាព​ពិត​នៃ​បំណុល​របស់​អ្នក

អាន ៖តើ​អ្នក​ជាប់​បំណុល​ប៉ុន្មាន ? តើ​អត្រា​ការ​ប្រាក់​ប៉ុន្មាន ? តើ​ការ​ទូទាត់​បង់​សង​ប៉ុន្មាន ? តើ​វា​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​បង់​សង​បំណុល​របស់​អ្នក ហើយ​តើ​អ្នក​ត្រូវ​បង់​ការ​ប្រាក់​ប៉ុន្មាន ? វា​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​ដឹង​ចំណុច​ទាំង​នេះ នៅ​ពេល​អ្នក​ខិតខំ​ឲ្យ​រួច​ផុត​ពី​បំណុល ។ ដើម្បី​ធ្វើ​ដូច្នោះ​បាន អ្នក​នឹង​បង្កើត​បញ្ជី​សារពើភ័ណ្ឌ​បំណុល​មួយ ។ ខាង​ក្រោម​នេះ​គឺជា​គំរូ​មួយ​ស្ដីពី​តារាង​បញ្ជី​សារពើភ័ណ្ឌ​បំណុល ។

ការពិពណ៌នា

តុល្យភាព

អត្រា​ការ​ប្រាក់

ការ​បង់​សង​ប្រចាំ​ខែ

ប័ណ្ណ​ឥណទាន #១

៤,០០០

១៧%

៩៧

ប័ណ្ណ​ឥណទាន #២

៦,៥០០

១៩%

១៦៨

រថយន្ត

៥,០០០

៣.០០%

១៤៥

ឥណទាន​និស្សិត

១៨,០០០

៥.៥០%

៣០០

ឥណទាន​គេហដ្ឋាន

១៧០,០០០

៤.៥០%

១,០៥០

នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក​នា​សប្ដាហ៍​នេះ អ្នក​នឹង​បង្កើត​តារាង​ស្រដៀង​គ្នា​មួយ ។ ចូរ​បំពេញ​រាល់​ព័ត៌មាន​សម្រាប់​បំណុល​នីមួយៗ ។

៣. មាន​បំណង​ប្រាថ្នា​ចង់​រួច​ផុត​ពី​បំណុល

អាន ៖​ដើម្បី​ធ្វើ​រឿង​អ្វី​មួយ​ដែល​ពិបាក រួមបញ្ចូល​ទាំង​ការ​រួច​ផុត​ពី​បំណុល​ផង​ដែរ បំណង​ប្រាថ្នា​របស់​អ្នក​ត្រូវ​តែ​ខ្លាំង​ជាង​ឧបសគ្គ​ទាំងឡាយ​នោះ ។ អែលឌើរ ដាល្លិន អេក អូក បាន​បង្រៀន​ថា « នៅ​ពេល​យើង​មាន​ទស្សនវិស័យ​មួយ​អំពី​អ្វី​ដែល​យើង​អាច​ប្រែ​ក្លាយ នោះ​បំណង​ប្រាថ្នា​របស់​យើង និង​អនុភាព​របស់​យើង​ដើម្បី​ធ្វើ​សកម្មភាពនឹង​កើន​ឡើង​យ៉ាង​ខ្លាំង » ( « Desire » EnsignLiahona ខែ​ ឧសភា ឆ្នាំ​២០១១ ទំព័រ ៤៤ ) ។ ដើម្បី​ស្វែង​រក​ភាព​ជោគជ័យ សូម​ផ្ដោត​លើ​គោលដៅ​របស់​អ្នក​ដើម្បី​រួច​ផុត​ពី​បំណុល ហើយ​នឹក​គិត​នៅ​ក្នុង​ចិត្ត​ថាតើ​ជីវិត​មាន​សភាព​បែប​ណា នៅ​ពេល​អ្នក​រួច​ផុត​ពី​បន្ទុក​បំណុល ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បាន​បង្រៀន​ថា « អ្វី​ដែល​យើង​ទទូច​ចង់​បាន​គឺជា​អ្វី​ដែល​នឹង​ប្រែ​ក្លាយ​នៅ​ទី​បំផុត » ( « According to the Desire of [Our] Hearts » Ensign ខែ​ វិច្ឆិកា ឆ្នាំ​១៩៩៦ ទំព័រ​ ២១ ) ។

ពិភាក្សា ៖ហេតុអ្វី​អ្នក​មាន​បំណង​ប្រាថ្នា​ចង់​រួច​ផុត​ពី​បំណុល ? តើ​អ្នក​នឹង​មាន​លទ្ធភាព​ធ្វើ​អ្វីខ្លះ​ដែល​អ្នក​មិន​អាច​ធ្វើ​បាន​នៅ​ពេល​នេះ ?

៤. យក​ឈ្នះ​លើ​ « មនុស្ស​ខាង​សាច់​ឈាម »

អាន ៖នៅ​ក្នុង​ព្រះគម្ពីរ​មរមន ស្ដេច​បេនយ៉ាមីន បាន​បង្រៀន​ថា « ព្រោះ​មនុស្ស​ខាង​សាច់ឈាម​ជា​សត្រូវ​ដល់​ព្រះ ហើយ​មាន​មក​តាំង​ពី​ការ​ធ្លាក់​នៃ​លោក​អ័ដាម​ម្ល៉េះ ហើយ​នឹង​នៅ​យ៉ាងនេះជា​រៀង​ដរាប​ត​ទៅ លើក​លែង​តែ​គេ​ព្រម​ធ្វើ​តាម​សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​សម្រាត​ភាពខាង​សាច់​ឈាម​ចេញ ហើយ​ក្លាយ​ទៅ​ជា​អ្នក​បរិសុទ្ធ​វិញ តាម​រយៈ​ដង្វាយធួន​នៃ​ព្រះ​គ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ ហើយ​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង​ងាយ​ប្រដៅ ស្លូត​បូត ទាបរាបសា អត់ឱន ពោរពេញ​ទៅដោយ​សេចក្ដី​ស្រឡាញ់ » ( ម៉ូសាយ ៣:១៩ ) ។ ដើម្បី​សម្រាត​ភាព​ខាង​សាច់​ឈាម​ចេញ យើង​ត្រូវ​តែ​ចងចាំ​អំពី​គោលការណ៍​ដែល​យើង​បាន​រៀន​មក​ពី​ជំពូក ៤​ ស្ដីពី​ការ​ថែក​រក្សា​ទស្សនវិស័យ​រយៈពេល​យូរ​អង្វែង​មួយ ។ ដូចជា​កុមារ​នៅ​ក្នុង​ការ​ដក​ពិសោធន៍​នំ​ម៉ាសមេលឡូ នោះ​យើង​ចាំបាច់​ត្រូវ​រៀន​ពន្យារ​ពេល​ភាព​រីករាយ​រយៈពេល​ខ្លី​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​រយៈពេល​វែង ។

និន្នការ​ « មនុស្ស​ខាង​សាច់​ឈាម »​ រួម​មាន ៖

  • ការ​ចំណាយ​ដែល​មិន​គិត និង​តាមអារម្មណ៍​ចង់​បាន ។

  • ភាព​ព្រងើយ​កន្តើយ ឬ​ការ​ធ្វេស​ប្រហែស​អំពី​ការពិត​ខាង​ហិរញ្ញវត្ថុ​របស់​យើង ។

  • ភាព​លោភលន់ និង​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ ។

ការ​ទោរ​ទៅ​រក​មនុស្ស​ខាង​សាច់​ឈាម​នឹង​ទំនង​ជា​ដឹកនាំ​យើង​ទៅ​រក​បំណុល និង​ភាព ស្មុគ​ស្មាញ​ខាង​ហិរញ្ញវត្ថុ ។ ម្យ៉ាង​វិញ​ទៀត នៅ​ពេល​យើង​ខិតខំ​ធ្វើ​តាម​ « សេចក្ដី​ទូន្មាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » នោះ​យើង​នឹង​មាន​លទ្ធភាព​តាមរយៈ​ព្រះចេស្ដា​នៃ​ដង្វាយធួន​ដើម្បី​មាន​ភាព​រឹង​មាំ​នៅ​ក្នុង​ការ​ប្រឈម​នឹង​មារ​សត្រូវ ។

ពិភាក្សា ៖តើ​ការ​សម្រាត​ភាព​ខាង​សាច់​ឈាម​ចេញ​មាន​ន័យ​ដូច​ម្ដេច ?

អាន ៖ចូរ​យើង​ក្រឡេក​មើល​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​និន្នាការ​ទាំង​នេះ​មួយ​ចំនួន​នៃ​មនុស្ស​ខាង​សាច់​ឈាម​នៅ​ក្នុង​បរិបទ​នៃ​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

ការ​ចំណាយ​ដែល​មិន​គិត និង​តាម​អារម្មណ៍​ចង់​បាន

ពិចារណា ៖សូម​ចំណាយ​ពេល​មួយ​នាទី​ដើម្បី​គិត​អំពី​សំណួរ​ដូច​តទៅ​នេះ ហើយ​សរសេរ​ចម្លើយ​របស់​អ្នក​នៅ​ខាង​ក្រោម ៖ តើ​ពេល​ចុង​ក្រោយ​បង្អស់​​ដែល​អ្នក​បាន​ធ្វើ​ការ​ទិញ​ទំនិញ​មួយ​ដែល​ថ្លៃ ហើយ​មិន​បាន​គិត​នៅ​ពេល​ណា ? តើ​វត្ថុ​នោះ​គឺ​ជា​អ្វី ? តើ​អ្នក​អាច​បាន​ប្រើ​ប្រាក់​នោះ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​សម្រាប់​វត្ថុ​មួយ​ផ្សេង​តាម​របៀប​ណា ?

អាន ៖យើង​ទាំងអស់​គ្នា​ទំនង​ជា​បាន​ធ្វើ​ការ​ទិញ​ដែល​មិន​គិត ឬ​តាមអារម្មណ៍​ចង់​បាន ។ ពេលខ្លះ យើង​បាន​ចំណាយ​ប្រាក់​នៅ​ពេល​យើង​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ត ឬ​មាន​កំហឹង ។ ពេលខ្លះ យើង​បាន​ចំណាយ​ប្រាក់​ដោយសារ​យើង​មាន​អារម្មណ៍​ថា យើង​មាន​សិទ្ធិ​ផ្ដល់​រង្វាន់​ដល់​ខ្លួន​ឯង ។ ពេលខ្លះ ការ​លក់ ឬ​ការ​បញ្ចុះ​តម្លៃ ល្បួង​យើង​ឲ្យ​ជឿ​ថា យើង​ត្រូវការ​អ្វី​មួយ កាល​ដែល​យើង​មិន​ត្រូវការ​សោះ​នោះ ។ មាន​ហេតុផល​ជាច្រើន​ដែល​យើង​បាន​ចំណាយ​ប្រាក់​ទៅ​លើ​វត្ថុ​ដែល​យើង​មិន​ត្រូវការ​ដោយ​លះបង់​ការ​បង់​ចំណាយ​សម្រាប់​រឿង​ដែល​សំខាន់​បំផុត ។ សកម្មភាព​ខាង​ក្រោម​នេះ​នឹង​ជួយ​យើង​ឲ្យ​យល់ដឹង​អំពី​ហេតុផល​ដែល​យើង​ធ្វើ​ការ​ទិញ​តាម​អារម្មណ៍​ចង់​បាន ។

ពិភាក្សា ៖តើ​យើង​អាច​យក​ឈ្នះ​លើ​និន្នាការ​ក្នុង​ការ​ទិញ​ដែល​មិន​បាន​គិត​ដោយ​របៀប​ណា ? តើ​អ្នក​បាន​ធ្វើ​អ្វីខ្លះ​កាល​ពី​មុន​ដើម្បី​យក​ឈ្នះ​លើ​ចំណង់​​បែប​នេះ ?

ភាព​ព្រងើយ​កន្តើយ ឬ​ការ​ធ្វេស​ប្រហែស​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​យើង

អាន ៖នៅ​ក្នុង​ព្រះគម្ពីរ​មរមន នីហ្វៃ​ស្ដី​បន្ទោស​ដល់​លេមិន និង​លេមយួល​ចំពោះ​ការ​មាន​ « ចិត្ត​វក់ » ហើយ​គ្មាន​អារម្មណ៍​ថា​ព្រះវិញ្ញាណ​ធ្វើ​ការ​នៅ​ក្នុង​ខ្លួន​ពួកគេ ( សូម​មើល នីហ្វៃទី ១ ១៧:៤៥ ) ។ ជារឿយៗ ការ​ជ្រើស​រើស​របស់​យើង​អាច​ធ្វើ​ឲ្យ​ចិត្ត​យើង​រឹង​រូស ដោយ​ធ្វើ​ឲ្យ​វា​ពិបាក​ទទួល​បាន​អារម្មណ៍​នូវ​ការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ នៅ​ពេល​ដែល​យើង​ត្រូវ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ ។ ពេល​ខ្លះ ការ​មាន​ « ចិត្ត​វក់ »​អាច​នឹង​ធ្វើ​ឲ្យ​យើង​ជ្រើស​យក​ភាព​ព្រងើយ​កន្តើយ​ចំពោះ​ភាព​ពិត​នៃ​ស្ថានភាព​របស់​យើង ។ យើង​អាច​នឹង​ចង់​ឈប់​ធ្វើ​ការ​តាម​ដាន​ការ​ចំណាយ​ទាំងឡាយ ឬ​មើល​គណនី​ធនាគារ​របស់​យើង ។ ប្រសិន​បើ​យើង​ប្រើ​ប័ណ្ណ​ឥណទាន ឬ​ឥណទាន​អតិថិជន​ផ្សេង​ទៀត ការ​ធ្វេស​ប្រហែស​នេះ​អាច​ដឹកនាំ​យើង​ធ្លាក់​ទៅ​ក្នុង​បំណុល​ភ្លាម ។

ពេលខ្លះ ដៃ​គូ​ម្នាក់ ឬ​ទាំង​ពីរ​នាក់​ដែល​រៀបការ​ហើយ​នឹង​ធ្វើ​ការចាយ​វាយ​យ៉ាង​ខ្ជះខ្ជាយ ដោយ​សន្មត​ថា ដៃ​គូ​ម្នាក់​ទៀត​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ ។ សូម​ចងចាំ​ថា ទាំង​ស្វាមី​និង​ភរិយា​គឺ​មាន​ការ​ទទួល​ខុស​ត្រូវ​ស្មើ​ភាព​គ្នា​ចំពោះ​ហិរញ្ញវត្ថុ​គ្រួសារ​របស់​ខ្លួន ហើយ​ការ​មិន​ព្រងើយ​កន្តើយ ឬ​ការ​ផ្ទេរ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​នឹង​រុញ​ច្រាន​បន្ថែម​ទៀត​ឲ្យ​ធ្លាក់​ទៅ​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ។

ពិភាក្សា ៖ហេតុអ្វី​មនុស្ស​មួយ​ចំនួន​ព្រងើយ​កន្តើយ​ចំពោះ​ភាព​ពិត​នៃ​ស្ថានភាព​របស់​ពួកគេ ? តើ​អ្នក​អាច​យក​ឈ្នះ​ការ​មាន​ « ចិត្ត​វក់ »​ អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​អ្នក​ដោយ​របៀប​ណា ប្រសិន​បើ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ដូច្នោះ ?

ភាព​លោភលន់ និង​ការ​ប្រៀប​ធៀប​ខ្លួន​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ

អាន ៖វា​គឺជា​រឿង​ធម្មតា​ចំពោះ​មនុស្ស​ទូទៅ​ដើម្បី​ប្រៀប​ធៀប​ខ្លួន​ឯង​ជាមួយ​នឹង​មនុស្ស​ដទៃ ហើយ​យើង​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​សារ និង​ការ​ផ្សព្វផ្សាយ​ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទិញ​វត្ថុ​ដែល​យើង​មិន​ត្រូវការ ។ ពេលខ្លះ យើង​មាន​អារម្មណ៍​ថា យើង​មាន​សិទ្ធិ​ដើម្បី​មាន​វត្ថុ​ដែល​យើង​គ្មាន​លទ្ធភាព​ទិញ​បាន ឬ​មិន​ត្រូវការ​ចាំបាច់ ។ ការ​ទោរទន់​ទៅ​តាម​ភាព​លោភលន់​អាច​ដឹកនាំ​យើង​ឲ្យ​ធ្វើ​ការ​ទិញ​ដោយ​មិន​វៃ​ឆ្លាត​ភ្លាមៗ ។

ពិភាក្សា ៖តើ​យើង​អាច​យក​ឈ្នះ​និន្នាការ​ក្នុង​ការ​ប្រៀបធៀប​ខ្លួន​យើង​ជាមួយ​នឹង​មនុស្ស​ដទៃ​តាម​របៀប​ណា ?

ពិភាក្សា​អំពី​អាទិភាព​ហិរញ្ញវត្ថុ​នានា​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក

អាន ៖នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក​នា​សប្ដាហ៍​នេះ អ្នក​នឹង​ពិភាក្សា​អំពី​វិធី​ដែល​អ្នក​អាច​យក​ឈ្នះ ហើយ​ការពារ​ខ្លួន​ឯង​ពី​និន្នាការ​ « មនុស្ស​ខាង​សាច់​ឈាម » ។ សូម​ពិភាក្សា​រួម​គ្នា​អំពី​បំណុល​បច្ចុប្បន្ន​របស់​អ្នក ហើយ​បង្កើត​ « បញ្ជី​សារពើភ័ណ្ឌ​បំណុល »​ មួយ​ ( សូម​មើល តារាង​សារពើភ័ណ្ឌ​បំណុល​ទទេរ​នៅ​លើទំព័រ ១២៣ ) ។ អ្នក​អាច​នឹង​ពិចារណា​ប្រើ​គម្រោង​ « គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ »​ ខាង​ក្រោម​ដើម្បី​ដឹកនាំ​ក្រុម​ប្រឹក្សា​របស់​អ្នក ។ នៅ​ពេល​អ្នក​ធ្វើ​ការ​កត់​សម្គាល់​រួម​គ្នា​អំពី​បំណុល​របស់​អ្នក​ហើយ ហើយ​នៅ​ពេល​អ្នក​បង្កើត​វិធី​ដើម្បី​យក​ឈ្នះ​លើ​និន្នាការ​ « មនុស្ស​ខាង​សាច់​ឈាម » នោះ​អ្នក​នឹង​ទទួល​បាន​ជំនួយ​របស់​ព្រះអម្ចាស់​ដើម្បី​លុប​បំបាត់​បំណុល​របស់​អ្នក ។

គំរូ​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ

សូម​ធ្វើ​ឲ្យ​ប្រាកដ​ថា ត្រូវ​ចាប់ផ្ដើម ហើយ​បញ្ចប់​ដោយ​ការ​អធិស្ឋាន​ដើម្បី​យាង​អញ្ជើញ​ព្រះវិញ្ញាណ ។

ផ្នែក​ទី ១ ៖ ​រំឭក​ឡើង​វិញ

  • តើ​វិធី​មួយ​ចំនួន​ដែល​អ្នក​សម្តែង​អំពី​និន្នាការ​មនុស្ស​ខាង​សាច់​ឈាម​មាន​អ្វីខ្លះ ?

  • តើ​អ្នក​បាន​ធ្វើ​ការ​ទិញ​ដ៏​ធំ​ដោយ​មិន​បាន​គិត​នៅ​ពេល​ណា ? តើ​អ្នក​អាច​នឹង​ប្រើ​ប្រាក់​នោះ​ធ្វើ​អ្វី​ជំនួស​វិញ ?

  • នៅ​ពេល​អ្នក​រួច​ផុត​ពី​បំណុល តើ​អ្នក​នឹង​មាន​លទ្ធភាព​ធ្វើ​អ្វីខ្លះ​ដែល​អ្នក​មិន​អាច​ធ្វើ​នៅ​ពេល​នេះ​បាន ?

ផ្នែក​ទី ២ ៖​ ដាក់​ផែនការ

  • ធ្វើ​បញ្ជី​សារពើភ័ណ្ឌ​បំណុល​មួយ​រួម​គ្នា ដោយ​ប្រើ​តារាង​នៅ​ទំព័រ ១២៣ ។

  • ចូរសួរខ្លួនឯង ៖

    • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ផ្សេង​ទៀត ដើម្បី​លុប​បំបាត់​បំណុល​របស់​អ្នក ?

    • តើ​អ្នក​អាច​អនុវត្ត​អ្វី​ខ្លះ​ដើម្បី​យក​ឈ្នះ ហើយ​បង្ការ​នូវ​និន្នាការ​មនុស្ស​ខាង​សាច់​ឈាម ?

    • តើ​អ្នក​អាច​ឲ្យ​ព្រះអម្ចាស់​ជួយ​អ្នក​សម្រាត​ភាព​ខាង​សាច់​ឈាម​ចេញ​តាម​របៀប​ណា ?

បោះពុម្ព