ភាពខ្លួនទីពឹងខ្លួន
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ស្វែងរក​ការ​រៀន​សូត្រ


រូបភាព
My Foundation icon
មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ ៖ ស្វែងរក​ការ​រៀន​សូត្រ—ម៉ោង​ជា​អតិបរមា ៖ ២០ នាទី

ពិចារណា៖តើ​ការ​រៀន​សូត្រ​បង្កើត​ឱកាស​តាម​របៀប​ណា ?

សូម​មើល ៖« ការ​អប់រំ​សម្រាប់​ជីវិត​ដ៏​ល្អ​ប្រសើរ » មាន​នៅ​លើ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៦៥ ) ។

ការអប់រំ​សម្រាប់​ជីវិត​ល្អ​ប្រសើរ

ប្រសិន​បើ​អ្នក​មិន​អាច​មើល​វីដេអូ​ទេ សូម​អាន​រឿង​នេះ​វិញ ។

រូបភាព
ដក​ស្រង់​មក​ពី​ការ​អប់រំ​សម្រាប់​ជីវិត​ដ៏​ល្អ​ប្រសើរ

អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី កាល​អាយុ ១៣ ឆ្នាំ ខ្ញុំ​បាន​រស់​នៅ​ក្នុង​តំបន់​ដ៏ក្រីក្រ​បំផុត​មួយ​នៃ​ប្រទេស​កេនយ៉ា ។ ប្រជាជន​នៅ​ទី​នោះ​ក្រីក្រ​ណាស់ ។ ប៉ុន្តែ​អស់​អ្នក​ដែល​មាន​លទ្ធភាព​ទទួល​បាន​អ្វីៗ​ដែល​មនុស្ស​ដទៃ​បាន​កោត​សរសើរ​ទំនង​ជា​មនុស្ស​ដែល​មាន​ការ​អប់រំ​ល្អ ។ ខ្ញុំ​បាន​មើល​ឃើញ​ថា ការ​អប់រំ​គឺជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​ជីវិត​ដ៏​ល្អ​ប្រសើរ​មួយ ។

គំនិត​នេះ​បាន​បន្ត​កើត​ឡើង​ដែល​នាំ​ឲ្យ​ខ្ញុំ​ទៅ​និយាយ​នឹង​នាយក​សាលា​មួយ​ដែល​ខ្ញុំ​ពិត​ជា​ប្រាថ្នា​ចង់​ទៅ​រៀន​នៅ​ទី​នោះ ។ ខ្ញុំ​ត្រូវការ​កង់​របស់​ឪពុក​ខ្ញុំ​ដើម្បី​ធ្វើ​ដំណើរ​ទៅ ហើយ​វា​ចំណាយ​ពេល​ពាក់​កណ្ដាល​ថ្ងៃ ។ ខ្ញុំ​ពុំ​ធ្លាប់​ចេញ​ពី​ភូមិ​របស់​ខ្ញុំ​ឡើយ ។ ខ្ញុំ​ពុំ​ចេះ​ភាសា​អង់គ្លេស​ច្រើន​ទេ ហើយ​នាយក​សាលា​រូប​នេះ​គឺជា​ជន​ជាតិ​បរទេស ។ ខ្ញុំ​ពុំ​ធ្លាប់​ជួប ឬ​និយាយ​ផ្ទាល់​នឹង​ជន​បរទេស​ពីមុន​មក​ឡើយ ដូច្នេះ​នេះ​គឺជា​គំនិត​គួរ​ឲ្យ​ភ័យ​ខ្លាច ។

ពេល​ខ្លះ ចិត្ត​ខ្ញុំ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​បន្ត​ទៀត​ទៅ​មុខ ហើយ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​ធ្វើ​កិច្ចការ​នេះ ដូច្នេះ​ខ្ញុំ​បាន​ចេញ​ទៅ​ជួប​នឹង​នាយក​សាលា​រូប​នោះ ។ នៅ​ពេល​ខ្ញុំ​មើល​មុខ​គាត់ ខ្ញុំ​អាច​ឃើញ​ថា គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​ឃើញ​ក្មេង​ប្រុស​ម្នាក់​នេះ​ឈរ​ទ្រឹង​នៅ​ពី​មុខ​គាត់​ដូច​ជា​ទាហាន​ម្នាក់​អញ្ចឹង ។ គាត់​មាន​កែវ​ភ្នែក​ស្រទន់ ដូច្នេះ​វា​បាន​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​ក្លាហាន ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ពិត​ជា​ចង់​ចូល​រៀន​នៅ​សាលា​របស់​គាត់ ហើយ​ខ្ញុំ​នឹង​រីករាយ​យ៉ាង​ខ្លាំង ប្រសិន​បើ​គាត់​អាច​ទទួល​យក​ខ្ញុំ ។ បន្ទាប់​មក​គាត់​បាន​ពោល​ថា « យើង​ចាំ​មើល​ពេល​ដែល​លទ្ធផល​ប្រឡង​ចេញ​សិន » ។ ខ្ញុំ​បាន​តប​ថា « អរគុណ លោក » ។ មិន​ដល់​បួន​នាទី​ផង ខ្ញុំ​ក៏​បាន​ចេញ​ពី​ការិយាល័យ​របស់​គាត់ ។

បួន​នាទី​ដែល​ខ្ញុំ​បាន​នៅ​ក្នុង​ការិយាល័យ​នោះ​ពិត​ជា​គ្រា​ដ៏​អស្ចារ្យ​ក្នុង​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​គឺជា​សិស្ស​តែ​ម្នាក់​គត់​មក​ពី​ថ្នាក់​បឋម​សិក្សា​របស់​ខ្ញុំ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ទៅ​រៀន​នៅ​សាលា​មួយ​ដ៏​ល្អ​បំផុត​នៅ​ក្នុង​តំបន់​របស់​យើង ។ ខ្ញុំ​មាន​អំណរ​គុណ​ជា​ខ្លាំង​ដែល​បុរស​ម្នាក់​នេះ​បាន​ផ្ដល់​ឱកាស​នេះ​ដល់​ខ្ញុំ ហើយ​វា​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ខិតខំ​ធ្វើ​ជា​សិស្ស​ដ៏​ល្អ​បំផុត​នៅ​ក្នុង​ថ្នាក់ ។

ការណ៍​នោះ​បាន​បើក​ឱកាស​ឲ្យ​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​ល្អ​មួយ​ទៀត រួចហើយ​រៀបចំ​ខ្លួន​ចូល​រៀន​សាកលវិទ្យាល័យ ។ ការ​អប់រំ​របស់​ខ្ញុំ​ផ្ដល់​លទ្ធភាព​ឲ្យ​ខ្ញុំ​ជួប​នឹង​ភរិយា​នៅ​ឯ​សាកលវិទ្យាល័យ ។ វា​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ខ្ញុំ​ដើម្បី​រក​ការងារ​មួយ​នៅ​ទីក្រុង ។ កាល​កំពុង​រស់​នៅ​ទីក្រុង​ណៃរ៉ូប៊ី យើង​បាន​ជួប​នឹង​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​ប្ដី​ប្រពន្ធ​មួយ​គូ ដែល​បាន​អញ្ជើញ​យើង​ទៅ​ផ្ទះ​របស់​ពួកគាត់ ជា​កន្លែង​ដែល​ពួកគាត់​មាន​ការ​ប្រជុំ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ ។ ប្រសិន​បើ​ខ្ញុំ​ពុំ​បាន​នៅ​ទីក្រុង​ណៃរ៉ូប៊ី​នៅ​គ្រា​នោះ​ទេ ខ្ញុំ​នឹង​ពុំ​ស្គាល់​ដំណឹងល្អ​ឡើយ ។ ដោយ​សារ​ខ្ញុំ​មាន​ការងារ​ដ៏​ល្អ​មួយ វា​ផ្ដល់​លទ្ធភាព​ឲ្យ​ខ្ញុំ​បម្រើ​នៅ​ក្នុង​សាសនាចក្រ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការ​អប់រំ​គឺជា​គន្លឹះ​មួយ​ឆ្ពោះ​ទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ វា​នឹង​បើក​ផ្លូវ​ជា​ច្រើន​សម្រាប់​អ្នក​ដើម្បី​មាន​លទ្ធភាព​ផ្គត់​ផ្គង់​ដល់​ខ្លួន​ឯង​ខាង​សាច់​ឈាម ហើយ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​ខាង​វិញ្ញាណ​ផង​ដែរ ។

សូម​ត្រឡប់​ទៅ​ទំព័រ ១៦២ ។

ពិភាក្សា ៖តើ​អែលឌើរ យ៉ូសែប ដបុលយូ ស៊ីតាទី​ចង់​បាន​អ្វីខ្លះ នៅ​ពេល​លោក​មាន​អាយុ​១៣ ឆ្នាំ ? តើ​លោក​បាន​ធ្វើ​អ្វីខ្លះ ?

អាន ៖គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:១១៨–១៩ និង​ពាក្យ​ដក​ស្រង់​មក​ពី​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( នៅ​ខាង​ស្ដាំ )

ពិចារណា ៖តើ​គំនិត និង​ចំណាប់​អារម្មណ៍​អ្វីខ្លះ​ដែល​បាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​អំពី​ការ​កែលម្អ​ជីវិត​របស់​អ្នក ?

តាំង​ចិត្ត ៖សូម​តាំង​ចិត្ត​ធ្វើ​តាម​សកម្មភាព​ដូច​ខាង​ក្រោម​អំឡុង​សប្ដាហ៍​នេះ ។ សូម​គូស​សញ្ញា​កែង​ក្នុង​ប្រអប់ នៅ​ពេល​អ្នក​បញ្ចប់​ការ​តាំង​ចិត្ត​នីមួយៗ ។

  • សូម​បំពេញ​គោលដៅ និង​សកម្មភាព​ណែនាំ​ដូច​ខាង​ក្រោម ។

  • សូម​បញ្ចប់​ការ​សរសេរ​អំពី​ផែនការ​ « បេសកកម្ម​របស់​ជីវិត »​ អ្នក ហើយ​ពិភាក្សា​វា​ជាមួយ​នឹង​គ្រួសារ​របស់​អ្នក ។

  • សុំ​ឲ្យ​មនុស្ស​ម្នាក់​ធ្វើ​ជា​អ្នក​ណែនាំ​របស់​អ្នក ហើយ​ណាត់​ពេល​មួយ​ជួប​គ្នា ។

បោះពុម្ព