ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

diagram of houseការ​ពិភាក្សា​សម្រាប់​ថ្ងៃ​នេះ ៖

៣ លុប​បំបាត់​បំណុល

អាន ៖កាល​ពី​សប្ដាហ៍​មុន យើង​បាន​ពិភាក្សា​អំពី​គោលការណ៍​បី​យ៉ាង​ដែល​យើង​បាន​ស្គាល់​សម្រាប់​ការ​រួច​ផុត​ពី​បំណុល ៖

  1. យល់ដឹង​អំពី​ភាព​ពិត​នៃ​បំណុល​របស់​អ្នក ។

  2. មាន​បំណង​ប្រាថ្នា​ចង់​រួច​ផុត​ពី​បំណុល ។

  3. យក​ឈ្នះ​និន្នាការ​ « មនុស្ស​ខាង​សាច់​ឈាម »​ ដែល​ដឹកនាំ​អ្នក​ចូល​ទៅ​ក្នុង​បំណុល ។

នៅ​ថ្ងៃ​នេះ​យើង​នឹង​ពិភាក្សា​គោលការណ៍​ពីរ​បន្ថែម​ទៀត ៖

  1. បញ្ឈប់​ការ​ជាប់​បំណុល ។

  2. បង់​សង​បំណុល​របស់​អ្នក ។

ពិភាក្សា ៖តើ​អ្វី​ទៅ​ជា​រឿង​ដ៏​មាន​ន័យ​បំផុត​មួយ​ចំនួន​ដែល​អ្នក​បាន​រៀន​កាល​ពី​សប្ដាហ៍​មុន ?

១. បញ្ឈប់​ការ​ជាប់​បំណុល

អាន ៖អ្នក​មិន​អាច​រំពឹង​ថា​រួច​ផុត​ពី​បំណុល​បាន​ឡើយ រហូត​ដល់​អ្នក​បញ្ឈប់​ការ​ជាប់​បំណុល​បន្ថែម​ទៀត ។ មាន​ជំហាន​សាមញ្ញ​ពីរ​យ៉ាង​ដើម្បី​បញ្ឈប់​ការ​ជាប់​បំណុល ៖

  1. ស្ថាបនា​មូលនិធិ​មួយ​សម្រាប់​ភាព​អាសន្ន ។

  2. ឈប់​ប្រើ​ប័ណ្ណ​ឥណទាន និង​ប្រាក់​កម្ចី​អតិថិជន ។

ទីមួយ បន្ត​បង្កើត​មូលនិធិ​មួយ​សម្រាប់​ភាព​អាសន្ន​រហូត​ដល់​អ្នក​មាន​ចំនួន​ទឹក​ប្រាក់​ដែល​បាន​សន្សំ​ទុក​ចំណាយ​សម្រាប់​រយៈពេល​បី​ខែ​ទៅ​ប្រាំ​មួយ​ខែ ។ សូម​ប្រើ​ប្រាក់​នេះ នៅ​ពេល​ចាំបាច់​ជា​ជាង​ប្រើ​ឥណទាន ។ ប៉ុន្តែ​ចូរ​ចងចាំ​ថា សូម​ប្រើ​ប្រាស់​វា​សម្រាប់​តែ​ភាព​អាសន្ន​ពិត​ប្រាកដ​ប៉ុណ្ណោះ ហើយ​ធ្វើ​គម្រោង​ថវិកា​សម្រាប់​អ្វីៗ​ផ្សេង​ទៀត ។

ទីពីរ ឈប់​ពឹង​ផ្អែក​លើ​បំណុល​អតិថិជន និង​ប័ណ្ណ​ឥណទាន ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​ណែនាំ​អំពី​ « ការ​វះកាត់​កែសម្ឆស្ស » ​ខាង​ហិរញ្ញវត្ថុ ។ លោក​បាន​មាន​ប្រសាសន៍​ថា « នេះ​គឺជា​ប្រតិបត្តិការ​មួយ​ដែល​គ្មាន​ការ​ឈឺចាប់ ៖ គ្រាន់​តែ​កាត់ប័ណ្ណ​ឥណទាន​របស់​អ្នក​ជា​បំបែក​តូចៗ ។ … គ្មាន​ភាព​ងាយ​ស្រួល​ណា​មួយ​ដែល​មនុស្ស​សម័យ​ទំនើប​បាន​ស្គាល់ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ក្រុម​គ្រួសារ​ដូចជា​ប័ណ្ណ​ឥណទាន​ឡើយ ជា​ពិសេស​ចំពោះ​ក្រុម​គ្រួសារ​វ័យ​ក្មេង​ដែល​កំពុង​ជួប​ការ​លំបាក »​ ( ជែហ្វ្រី អ័រ និង​ផាទ្រីស្យ៉ា ធី ហូឡិន « Things We Have Learned—Together » Ensign ខែ​ មិថុនា ឆ្នាំ​១៩៨៦ ទំព័រ ៣០ ) ការ​កាត់​ប័ណ្ណ​ឥណទាន​របស់​អ្នក​ជា​បំណែក​តូចៗ​នឹង​ជួយ​អ្នក​ឲ្យ​ឈប់​ធ្លាក់​ខ្លួន​ទៅ​ក្នុង​បំណុល​បន្ថែម​ទៀត ។

ពិភាក្សា ៖តើ​យើង​នឹង​យល់​ព្រម​ធ្វើ​អ្វីខ្លះ​ដើម្បី​បញ្ឈប់​ការ​ជាប់​បំណុល ?

២. បង់​សង​បំណុល​របស់​អ្នក

អាន ៖យើង​ត្រូវ​បាន​ទូន្មាន​ឲ្យ​បង់​សង​បំណុល​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​យើង​អាច​ធ្វើ​បាន ៖ « ប្រសិន​បើ​អ្នក​ជាប់​បំណុល … សូម​ខិតខំ​បង់​សង​វា​ឲ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​បាន ហើយ​ដោះ​ខ្លួន​អ្នក​ឲ្យ​រួច​ផុត​ពី​សេវកភាព » ( ពិត​ចំពោះ​សេចក្ដី​ជំនឿ [ ឆ្នាំ​ ២០០៤ ] ទំព័រ ៤៩ ) ។

នេះ​គឺជា​ជំហាន​ទាំង​បួន​យ៉ាង​ដែល​នឹង​ជួយ​អ្នក​បង្កើត ហើយ​ធ្វើ​តាម​ផែនការ​មួយ​ដើម្បី​រួច​ផុត​ពី​បំណុល ។

  1. សម្រេច​ចិត្ត​បង់​បន្ថែម​ចំពោះ​បំណុល​របស់​អ្នក ។

  2. សម្រេច​ចិត្ត​អំពី​ចំណុច​ដែល​ត្រូវ​បង់​បន្ថែម ។

  3. ប្រើ​វិធី​សាស្ត្រ​វិល​ជុំ ។

  4. ធ្វើ​ជំហាន​បន្ថែម​ទៀត ប្រសិន​បើ​ចាំបាច់ ។

សម្រេច​ចិត្ត​បង់​បន្ថែម​ចំពោះ​បំណុល​របស់​អ្នក

អាន ៖វិធី​ដ៏​សំខាន់​បំផុត​មួយ​ដើម្បី​រួច​ផុត​ពី​បំណុល​គឺ​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា ។ ជារឿយៗ ការ​ទូទាត់​សង​ប្រាក់​អប្បបរមា​គឺជា​ភាគរយ​នៃ​សមតុល្យ ។ នៅ​ពេល​សមតុល្យ​ថយ​ចុះ នោះ​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា​ក៏​ថយ​ចុះ​ដែរ ។ ការណ៍​នេះ​ពន្យារ​ពេល​ដើម្បី​បង់​សង​សមតុល្យ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ចំណាយ​កាន់​តែ​ច្រើន​នៅ​លើ​ការ​ប្រាក់ ។ ដើម្បី​រួច​ផុត​ពី​បំណុល​ឲ្យ​បាន​លឿន​បំផុត អ្នក​ត្រូវ​បង់​សង​លើស​ពី​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា ។

ការ​ពិពណ៌នា

សមតុល្យ

អត្រា​ការ​ប្រាក់

ការ​បង់​សង​ប្រចាំ​ខែ

ប័ណ្ណ​ឥណទាន #១

៤,០០០

១៧%

៩៧

ប័ណ្ណ​ឥណទាន #២

៦,៥០០

១៩%

១៦៨

រថយន្ត

៥,០០០

៣.០០%

១៤៥

ឥណទាន​និស្សិត

១៨,០០០

៥.៥០%

៣០០

ឥណទាន​គេហដ្ឋាន

១៧០,០០០

៤.៥០%

១,០៥០

ឧទាហរណ៍ ប្រសិន​បើ​យើង​បាន​ប្រើ​សារពើ​ភ័ណ្ឌ​បំណុល​របស់​យើង​ ( ខាង​លើ )​ មក​ពី​ជំពូក​មុន ហើយ​គ្រាន់​តែ​ធ្វើ​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា​សម្រាប់​ប័ណ្ណ​ឥណទាន #១ តើ​អ្នក​គិត​ថា យើង​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ដើម្បី​រួច​ផុត​ពី​បំណុល ? តើ​អ្នក​គិត​ថា ការ​ប្រាក់​នឹង​មាន​តម្លៃ​ប៉ុន្មាន ? តាមរយៈ​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា​តែ​ប៉ុណ្ណោះ ៖

  • វា​នឹង​ចំណាយ​ពេល ២០​ឆ្នាំ ៩ខែ ទើប​បង់​សង​អស់ !

  • ការ​ប្រាក់​នឹង​មាន​តម្លៃ ៥,១០៧.៦២ ។

ចុះ​បើ​អ្នក​បង់​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា​បច្ចុប្បន្ន​ចំនួន ៩៧ ហើយ​បង់​បន្ថែម ១០០ ទៀត​ក្នុង​មួយ​ខែ​វិញ ?

  • អ្នក​នឹង​បង់​សង​អស់​ក្នុង​រយៈពេល ២​ឆ្នាំ កន្លះ—នោះ​មាន​ន័យ​ថា​លឿន​ជាង ១៨​ឆ្នាំ !

  • អ្នក​នឹង​សន្សំ​ការ​ប្រាក់​បាន ៤,៣៥៧,៤៩ !

ពិភាក្សា ៖ហេតុអ្វី​ពួក​អ្នក​ផ្ដល់​ឥណទាន​ចង់​ឲ្យ​អ្នក​បង់​តែ​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា ?

អាន ៖ការ​បង់​លើស​ពី​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា​នឹង​កាត់​បន្ថយ​ពេល​វេលា​ដើម្បី​រួច​ផុត​ពី​បំណុល ហើយ​វា​នឹង​ជួយ​សន្សំ​ប្រាក់​យ៉ាង​ច្រើន​សម្រាប់​ការ​ប្រាក់ ។ អ្នក​កំពុង​តាម​ដាន​ចំណាយ​របស់​អ្នក ហើយ​បាន​បង្កើត​ថវិកា​មួយ ។ តើ​អ្នក​អាច​ដក​ប្រាក់​ខ្លះ​ចេញ​ពី​ការ​ចំណាយ​របស់​អ្នក​ដើម្បី​ធ្វើ​ការ​បង់​សង​បន្ថែម​ទៅ​លើ​បំណុល​របស់​អ្នក​តាម​របៀប​ណា ? ការ​តាំង​ចិត្ត​មួយ​របស់​អ្នក​នៅ​សប្ដាហ៍​នេះគឺ​ការ​កំណត់​ថាតើ​ទឹក​ប្រាក់​បន្ថែម​ចំនួន​ប៉ុន្មាន​ដែល​អ្នក​អាច​ដក​ទុក​ដើម្បី​សម្រេច​បាន​ការ​បង់​សង​បំណុល​របស់​អ្នក ។ នៅ​ពេល​ពិចារណា​អំពី​ការ​បង់​សង​បំណុល​ដំបូង​របស់​អ្នក សូម​ជ្រើស​យក​ចំនួន​ថេរ​មួយ​ដែល​មាន​បញ្ចូល​នូវ​ប្រាក់​បន្ថែម​លើស​ពី​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា ហើយ​យ៉ាង​ហោច​ណាស់​បង់​សង​នូវ​ចំនួន​នោះ​រហូត​ដល់​បំណុល​ត្រូវ​បាន​បង់​សង​អស់ ។

សូម​សម្រេច​ចិត្ត​អំពី​ចំណុច​ដែល​ត្រូវ​បង់​បន្ថែម

អាន ៖នេះ​គឺជា​ជម្រើស​មួយ​ចំនួន​សម្រាប់​ការ​សម្រេច​ចិត្ត​ថា​តើ​បំណុល​ណា​មួយ​គួរ​បង់​សង​មុន ។ អ្នក​អាច ៖

  • បង់​សង​បន្ថែម​ទៅ​លើ​បំណុល​ដែល​មាន​ការ​ប្រាក់​ខ្ពស់​បំផុត​ជាង​គេ​បំផុតមុន ។

  • បង់​សង​បន្ថែម​ទៅ​លើ​បំណុល​ដែល​មាន​សមតុល្យ​តិច​ជាង​គេ​បំផុតមុន ។

ជម្រើស​ទាំង​ពីរ​នេះ​មាន​នូវ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ ប៉ុន្តែ​វា​នឹង​ដឹកនាំ​អ្នក​ឲ្យ​រួច​ផុត​ពី​បំណុល ។ ការ​តាំង​ចិត្ត​មួយ​របស់​អ្នក​នៅ​សប្ដាហ៍​នេះ​គឺ​ការ​កំណត់​ថាតើ​បំណុល​ណា​មួយ​ដែល​អ្នក​នឹង​បង់​សង​មុន ។

វិធីសាស្ត្រ

គុណ​សម្បត្តិ

គុណ​វិបត្តិ

ការ​ប្រាក់​ខ្ពស់​ជាង​គេ​បំផុត​មុន

  • លុប​បំបាត់​បំណុល​ធំៗ​ឲ្យ​បាន​មុន

  • អាច​ចំណាយ​ពេល​យូរ​ដើម្បី​កាត់​បន្ថយ​ចំនួន​ពួក​អ្នក​ផ្ដល់​ឥណទាន

  • អាច​ចំណាយ​ពេល​យូរ​ដើម្បី​ឃើញ​ពី​លទ្ធផល

សមតុល្យ​តិច​ជាង​គេ​បំផុត​មុន

  • កាត់​បន្ថយ​ចំនួន​ពួក​អ្នក​ផ្ដល់​ឥណទាន​បាន​ឆាប់​រហ័ស

  • កាត់​បន្ថយ​ចំនួន​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា​បាន​ឆាប់​រហ័ស

  • ឃើញ​លទ្ធផល​លឿន

  • អាច​មាន​តម្លៃ​ថ្លៃ​ជាង​ដោយ​សារ​អ្នក​មិន​បាន​បង់​សង​បំណុល​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ជាង​គេ​បំផុត​មុន

ប្រើ​វិធី​សាស្ត្រ​វិល​ជុំ

អាន ៖វិធីសាស្ត្រ​វិល​ជុំ​គឺជា​វិធី​ដ៏​ប្រពៃ​មួយ​ដើម្បី​បង់​សង​បំណុល​របស់​អ្នក ។ ឧទាហរណ៍​ថា​ឥឡូវ​នេះ​អ្នក​អាច​បង់​ប្រាក់​បន្ថែម ១០០ ក្នុង​មួយ​ខែ​សម្រាប់​បំណុល​របស់​អ្នក ។ នៅ​ពេល​អ្នក​បង់​សង​បំណុល​មួយ​រួច តើ​អ្នក​គួរ​ធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​ប្រាក់​ដែល​ទុក​បង់​សង​ឥណទាន​នោះ ? បង្វិល​វា​យក​ទៅ​បង់​សង​ឥណទាន​ផ្សេង​ទៀត ! នេះ​គឺជា​ចំណុច​ចាប់ផ្ដើម​ពិត​របស់​អ្នក​ដើម្បី​រួច​ផុត​ពី​បំណុល​ឲ្យ​បាន​ឆាប់​រហ័ស ។

ឧទាហរណ៍ ជាមួយ​នឹង​ឧទាហរណ៍​អំពី​សារពើ​ភ័ណ្ឌ​បំណុល ប្រសិន​បើ​អ្នក​បង់​សង ១០០ ក្នុង​មួយ​ខែ​ដល់​ប័ណ្ណ​ឥណទាន​#១ នោះ​ការ​ទូទាត់​សង​ប្រចាំ​ខែ​របស់​អ្នក​គឺ ១៩៧ ។ បន្ទាប់​ពី​វា​ត្រូវ​បាន​បង់​សង​អស់ អ្នក​នឹង​មាន​ប្រាក់​បន្ថែម​ចំនួន ១៩៧ ដែល​អ្នក​អាចប្រើ​ដើម្បី​បង់​សង​បំណុល​មួយ​ទៀត ។ ប្រសិន​បើ​អ្នក​ប្រើ​ប្រាក់​បន្ថែម ១៩៧ នោះ ហើយ​ប្រើ​វា​ដើម្បី​បង់​សង​សមតុល្យ ៦,៥០០​សម្រាប់​ប័ណ្ណ​ឥណទាន​#២ នោះ​អ្នក​នឹង ៖

  • បង់​សង​ប័ណ្ណ​ឥណទាន​នោះ​រួច​លឿន​ជាង​លើស​ពី ២៣ ឆ្នាំ​ប្រសិន​បើ​អ្នក​បាន​បង់​សង​ការ​ទូទាត់​សង​ប្រាក់​អប្បបរមា !

  • សន្សំ​ការ​ប្រាក់​បាន​ជាង ៨,៥០០ !

នៅ​ពេល​អ្នក​បង់​សង​ប័ណ្ណ​ឥណទាន​នោះ​រួច អ្នក​នឹង​មាន​ប្រាក់​បន្ថែម ៣៦៥ ប្រើ​ដើម្បី​បង់​សង​បំណុល​ផ្សេង​ទៀត​ជា​ដើម ។ វិធីសាស្ត្រ​វិល​ជុំ​ដំណើរ​ការ​ល្អ​ដើម្បី​លុប​បំបាត់​បំណុល​ឲ្យ​បាន​ឆាប់​រហ័ស ។

ពិភាក្សា ៖តើ​វិធី​សាស្ត្រ​វិល​ជុំ​នឹង​ជួយ​អ្នក​ឲ្យ​រួច​ផុត​បំណុល​បាន​យ៉ាង​លឿន​តាម​របៀប​ណា ?

ធ្វើ​ជំហាន​បន្ថែម​ទៀត

អាន ៖ប្រសិន​បើ​អ្នក​កំពុង​ជួប​គ្រា​ដ៏​លំបាក​មួយ​ដើម្បី​ធ្វើ​ការ​ទូទាត់​សង​បំណុល​អប្បបរមា នោះ​អ្នក​ចាំបាច់​ត្រូវ​ធ្វើ​ការ​វាស់​វែង​បន្ថែម​ទៀត​ ( សូម​មើល​ខាង​ក្រោម ) ។

ពិភាក្សា​ពី​ការ​លុប​បំបាត់​បំណុល​នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក

អាន ៖នៅ​ក្នុង​ក្រុម​ប្រឹក្សា​គ្រួសារ​របស់​អ្នក​នា​សប្ដាហ៍​នេះ សូម​ពិភាក្សា​ថាតើ​ប្រាក់​ចំនួន​ប៉ុន្មាន​ដែល​អ្នក​អាច​ដក​ទុក​រាល់​ខែ​ដើម្បី​ធ្វើ​ការ​ទូទាត់​សង​បន្ថែម​ទៅ​លើ​បំណុល​របស់​អ្នក ។ លើស​ពី​នេះ​ទៀត សូម​ពិភាក្សា​ថាតើ​ប្រាក់​កម្ចី​មួយ​ណា​ដែល​អ្នក​ចង់​ចាប់ផ្ដើម​បង់​សង​មុន​ ( ការ​ប្រាក់​ខ្ពស់​ជាង​គេ​បំផុត ឬ​សមតុល្យ​តិច​ជាង​គេ​បំផុត ) ។ អ្នក​គួរ​ប្រើ​គម្រោង​មេរៀន​ខាង​ក្រោម « គំរូ​ស្ដីពី​ការ​ពិភាក្សា​ក្រុម​ប្រឹក្សា​គ្រួសារ » ។