រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
១. ធ្វើការ ហើយទទួលខុសត្រូវ
-
អាន ៖នៅពេលអ័ដាម និងអេវ៉ាត្រូវបានសុំឲ្យចេញពីសួនច្បារអេដែន ព្រះបានមានបន្ទូលថា « ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ » ( លោកុប្បត្តិ ៣:១៩ ) ។ កាលព្រះអម្ចាស់មានព្រះរាជបំណងប្រទានដល់យើងនូវអ្វីៗគ្រប់យ៉ាងដែលយើងត្រូវការខាងសាច់ឈាម នោះទ្រង់រំពឹងទុកឲ្យយើងធ្វើការ ហើយទទួលខុសត្រូវចំពោះសេចក្ដី ត្រូវការរបស់យើងផ្ទាល់ ។ សូមកត់ចំណាំថា ជញ្ជាំងគ្រាំទ្រមួយនៅលើផែនទីស្ដីពីភាពជោគជ័យនៃការគ្រប់គ្រងហិរញ្ញវត្ថុ ( សូមមើលទំព័រ ៨ ) គឺ « ការងារ » ។ ការមានភាពខ្លួនទីពឹងខ្លួនខាងសាច់ឈាមតម្រូវឲ្យមានកិច្ចខិតខំធ្វើការ និងភាពឧស្សាហ៍ព្យាយាមជាបន្តបន្ទាប់ ។
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ បានបង្រៀនថា « ព្រះអម្ចាស់ពុំរំពឹងទុកឲ្យយើងខិតខំធ្វើការងារលើសអ្វីដែលយើងអាចធ្វើបាននោះទេ ។ ទ្រង់ពុំ ( យើងក៏មិនគួរ ) ប្រៀបធៀបការខិតខំរបស់យើងទៅនឹងការខិតខំរបស់មនុស្សដទៃទេ ។ ព្រះវរបិតាសួគ៌គ្រាន់តែសុំឲ្យយើងធ្វើឲ្យអស់ពីលទ្ធភាពរបស់យើងប៉ុណ្ណោះ ។ … ការងារគឺជាថ្នាំបន្សាបសម្រាប់ការថប់បារម្ភ ជាឱសថសម្រាប់ភាពសោកសៅ និងជាទ្វារទៅ កាន់ឱកាស ។ … នៅពេលរទេះរបស់យើងជាប់ផុងនៅក្នុងភក់ នោះព្រះទំនងជានឹងជួយមនុស្សដែលចេញមករុញរទេះជាជាងមនុស្សដែលគ្រាន់តែបន្លឺសំឡេងខ្លួននៅក្នុងការអធិស្ឋាន—មិនថាគាត់ប៉ិនប្រសប់ក្នុងការនិយាយប៉ុនណានោះទេ » ( « Two Principles for Any Economy » Ensign ឬ Liahona ខែ វិច្ឆិកា ឆ្នាំ២០០៩ ទំព័រ ៥៦–៥៧ ) ។
-
ពិភាក្សា ៖សូមគិតពីគំរូនៃពួកអ្នកខិតខំធ្វើការនៅក្នុងជីវិតរបស់អ្នក ។ តើមនុស្សទាំងនេះមានឥរិយាបថអ្វីខ្លះដូចគ្នា ?
យើងត្រូវតែលុបបំបាត់ការពឹងផ្អែកខាងសាច់ឈាមរបស់យើងលើមនុស្សដទៃ
-
អាន ៖ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា « ការទទួលខុសត្រូវសម្រាប់បុគ្គលម្នាក់ក្នុងសង្គម ក្នុងផ្នែកស្មារតី ខាងវិញ្ញាណ ខាងសាច់ឈាម ឬសុខុមាលភាពសេដ្ឋកិច្ច ទីមួយគឺស្ថិតនៅលើខ្លួនបុគ្គលនោះផ្ទាល់ ទីពីរគឺស្ថិតលើគ្រួសារគាត់ និងទីបីស្ថិតនៅលើសាសនាចក្រ ប្រសិនបើគាត់ជាសមាជិកស្មោះត្រង់ជាមួយសាសនាចក្រ » ។ គ្មានពួកបរិសុទ្ធដ៏ពិតណាម្នាក់ នឹងស្ម័គ្រចិត្តផ្ទេរបន្ទុកនៃសុខុមាលភាពរបស់ខ្លួនគាត់ ឬរបស់គ្រួសារគាត់ទៅឲ្យនរណាម្នាក់ទៀតឡើយ ប្រសិនបើគាត់អាចធ្វើដោយខ្លួនឯងខាងរូបកាយ ឬខាងសតិអារម្មណ៍បាននោះ ។ ដរាបណាគាត់អាចធ្វើបាន នៅក្រោមការបំផុសគំនិតពីព្រះអម្ចាស់ និងដោយបញ្ចេញកម្លាំងការងារផ្ទាល់ខ្លួនរបស់គាត់ នោះគាត់នឹងអាចផ្គត់ផ្គង់ដល់ខ្លួនគាត់ និងគ្រួសាររបស់គាត់ នូវសេចក្ដីត្រូវការខាងវិញ្ញាណ និងខាងរូបកាយបាន » ( Teachings of President Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១១៦ ) ។
អែលឌើរ ឌែល ជី រ៉ង់ឡាន់ ដោយដកស្រង់ពីអែលឌើរ វិលហ្វូឌ ដបុលយូ អាន់ឌើរសិន បានបង្រៀនថា « កាលណាគម្លាតរវាងអ្នកផ្ដល់ឲ្យ និងអ្នកទទួលកាន់តែធំ នោះអ្នកទទួលកាន់តែអភិវឌ្ឍអារម្មណ៍នៃការមានសិទ្ធិទទួល » ( « That I Might Draw All Men unto Me » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៩ ) ។ ការមានសិទ្ធិទទួលគឺជាអារម្មណ៍ថាអ្នកសមនឹងទទួលបានអ្វីមួយដោយមិនធ្វើសកម្មភាពត្រឹមត្រូវពេញលេញដែលចាំបាច់ដើម្បីទទួលបានវាឡើយ ។ វាផ្ទុយពីការទទួលខុសត្រូវ ។ នៅពេលអ្នកមានអារម្មណ៍នៃការមានសិទ្ធិទទួលពរជ័យខាងសាច់ឈាម នោះព្រះវិញ្ញាណដកថយចេញពីជីវិតរបស់អ្នក ។ នៅពេលអ្នកខិតទៅ ជិតនឹងព្រះគ្រីស្ទ នោះអារម្មណ៍នៃការទទួលខុសត្រូវសម្រាប់សុខុមាលភាពរបស់អ្នកផ្ទាល់នឹងបំពេញដួងចិត្តរបស់អ្នក ហើយអារម្មណ៍នៃការមានសិទ្ធិទទួលនឹងរសាយបាត់ ។
-
- ពិភាក្សា ៖
-
តើការពឹងផ្អែកលើមនុស្សដទៃអាចកំណត់ការរីកចម្រើនផ្ទាល់ខ្លួនរបស់យើងតាមរបៀបណា ?
-
ហេតុអ្វីវាមានសារៈសំខាន់ដើម្បីចៀសវាងការពឹងផ្អែកលើកម្មវិធីរដ្ឋាភិបាល ឬសង្គម ?
-
តើហានិភ័យអ្វីផ្សេងទៀតដែលទាក់ទងនឹងការពឹងផ្អែកលើមនុស្សដទៃ រួមបញ្ចូលទាំងគ្រួសារផងដែរ ចំពោះសេចក្ដីត្រូវការផ្ទាល់ខ្លួនរបស់យើង ?
-
២. ធ្វើការរួមគ្នាដើម្បីគ្រប់គ្រងប្រាក់
-
ពិចារណា ៖តើហិរញ្ញវត្ថុរបស់អ្នកបានជះឥទ្ធិពលដល់អ្នកខាងវិញ្ញាណ និងខាងផ្លូវចិត្តតាមរបៀបណា ?
-
អាន ៖ឧបករណ៍មួយដ៏មានប្រជាប្រិយភាព និងមានអនុភាពបំផុតរបស់សាតាំងសម្រាប់បំផ្លាញក្រុមគ្រួសារគឺជាភាពខ្វះខាតខាងហិរញ្ញវត្ថុ និងភាពតានតឹងជាមួយនឹងវា ។ ដោយសារក្រុមគ្រួសារគឺជាកត្តាដ៏សំខាន់នៅក្នុងផែនការរបស់ព្រះវរបិតាសួគ៌ ( សូមមើល ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក ) វាគឺជារឿងដ៏សំខាន់ដែលយើងត្រូវចៀសវាងការស្ដីបន្ទោស ការមិនទុកចិត្ត និងកំហឹងនៅក្នុងផ្ទះរបស់យើង ។ មិនថាអ្នករៀបការ ឬនៅលីវនោះទេ ការចាត់ចែកហិរញ្ញវត្ថុដ៏ឈ្លាសវៃអាចនាំឲ្យគ្រួសារមានភាពស្និទ្ធស្នាលនឹងគ្នា ហើយខិតមកជិតព្រះ ហើយអាចក្លាយជាការការពារមួយពីអំពើអាក្រក់ ។ វិធីសាស្ត្ររួមគ្នាមួយឆ្ពោះទៅកាន់ការចាត់ចែងហិរញ្ញវត្ថុអាចនាំមកនូវអំណរគុណ ភាពសុខដុម និងសេចក្ដីសុខសាន្តនៅទីបំផុត ។
-
ពិភាក្សា ៖ហេតុអ្វីវាគឺជារឿងដ៏សំខាន់ថាស្វាមី និងភរិយាត្រូវរួបរួមគ្នានៅក្នុងបញ្ហាហិរញ្ញវត្ថុ ?
-
អាន ៖ជារឿយៗ ស្វាមី និងភរិយាមានវប្បធម៌ សេដ្ឋកិច្ច និងសាសនាខុសៗគ្នា ។ ពួកគេប្រហែលជាមានទំនៀមទម្លាប់ វិធីចិញ្ចឹមកូន និងទម្លាប់ចំណាយប្រាក់ផ្សេងៗគ្នា ។ ស្វាមី ឬភរិយាម្នាក់ប្រហែលជាមានចំណាប់អារម្មណ៍ពីធម្មជាតិក្នុងការតាមដានការចំណាយ និងការធ្វើតាមគម្រោងថវិកា ហើយម្នាក់ទៀតអាចគិតថាវាជារឿងដ៏គួរឲ្យធុញទ្រាន់ និងមានបន្ទុកធ្ងន់ ។ រឿងនេះអាចបង្កឲ្យមានការខ្វែងគំនិតគ្នា ។ ប៉ុន្តែការទទួលយកភាពខុសគ្នា និងការត្រងត្រាប់ស្ដាប់ដោយសេចក្ដីស្រឡាញ់ និងដោយរាបសានឹងជំរុញឲ្យមានសាមគ្គីភាព ។ ប្រសិនបើអ្នកនៅលីវ វាគឺជារឿងដ៏សំខាន់ដើម្បីមានភាពស្មោះត្រង់នឹងខ្លួនឯង ហើយសូមឲ្យព្រះអម្ចាស់ចូលរួមនៅក្នុងការសម្រេចចិត្តចាត់ចែងហិរញ្ញវត្ថុរបស់អ្នក ។
ស្វាមីភរិយាជាច្រើនជឿថាដំណោះស្រាយចំពោះបញ្ហាហិរញ្ញវត្ថុរបស់ពួកគេគឺការបង្កើនប្រាក់ចំណូលរបស់ពួកគេ ។ ប៉ុន្តែវិធីសាស្ត្របែងចែកមួយចំពោះការគ្រប់គ្រងប្រាក់អាចបំផ្លាញដល់ទំនាក់ទំនង ច្រើនជាងការមានប្រាក់ចំណូលទាប ឬខ្វះខាតធនធានហិរញ្ញវត្ថុទៅទៀត ។
-
ពិភាក្សា ៖តើការមិនចុះសម្រុងផ្នែកហិរញ្ញវត្ថុអាចបំផ្លិចបំផ្លាញច្រើនជាងប្រាក់ចំណូលទាប ឬការខ្វះខាតធនធានតាមរបៀបណា ?
-
អាន ៖អែលឌើរ ម៉ាវីន ជេ អាស្តុន បានបង្រៀនថា « ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារគួរមានភាពចុះសម្រុងគ្នារវាងស្វាមី និងភរិយានៅក្នុងឥរិយាបថបើកទូលាយ និងទុកចិត្ត ។ ការកាន់កាប់ប្រាក់ដោយស្វាមី ឬភរិយាតែ ម្នាក់ឯង ក្នុងនាមជាប្រភពនៃអនុភាព និងសិទ្ធិអំណាចបង្កឲ្យមានការមិនស្មើភាពគ្នានៅក្នុងអាពាហ៍ពិពាហ៍ ហើយវាពុំសមរម្យនោះទេ ។ ផ្ទុយទៅវិញ ប្រសិនបើដៃគូអាពាហ៍ពិពាហ៍ម្នាក់ដកខ្លួនចេញពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារដោយស្ម័គ្រចិត្ត នោះគឺជាការបដិសេធការទទួលខុសត្រូវដ៏ចាំបាច់ » ( One for the Money: Guide to Family Finance [ កូនសៀវភៅ ] ឆ្នាំ ២០០៦ ទំព័រ ៣ ) ។
-
ពិភាក្សា ៖តើការរួបរួមនឹងស្វាមី ឬភរិយានឹងផ្លាស់ប្ដូរជីវិតរបស់អ្នកយ៉ាងដូចម្ដេច ?
ការចាត់ចែងហិរញ្ញវត្ថុដោយឈ្លាសវៃរៀបចំយើងសម្រាប់អាពាហ៍ពិពាហ៍
-
អាន ៖មិនថាអ្នកកំពុងរៀបចំរៀបការ ឬនៅលីវ បានលែងលះគ្នា ឬជាស្ត្រីមេម៉ាយនោះទេ ការចាត់ចែងហិរញ្ញវត្ថុដោយឈ្លាសវៃអាចជួយអ្នកត្រៀមខ្លួនជាស្រេចសម្រាប់ការមានទំនាក់ទំនងនាពេលអនាគត ។ ស្វាមីភរិយាថ្មោងថ្មីជាច្រើនមានបន្ទុកដោយសារបំណុល និងទម្លាប់ចំណាយប្រាក់មិនត្រឹមត្រូវ ដែលវាអាចបង្កឲ្យមានការចាប់ផ្ដើមមួយដ៏ពិបាកសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេ ។ ការព្យាយាមអភិវឌ្ឍទម្លាប់ចំណាយប្រាក់ដ៏ត្រឹមត្រូវ បង្កើនការសន្សំប្រាក់ និងកាត់បន្ថយ ឬលុបបំបាត់បំណុលនឹងយាងព្រះវិញ្ញាណឲ្យចូលមកក្នុងទំនាក់ទំនងរបស់អ្នក ហើយបង្កើតជាគ្រឹះដ៏រឹងមាំមួយសម្រាប់អាពាហ៍ពិពាហ៍ដ៏ជោគជ័យ ។
-
ពិភាក្សា ៖តើការចាត់ចែងហិរញ្ញវត្ថុដោយឈ្លាសវៃនៅពេលនេះអាចជួយអ្នកត្រៀមខ្លួនធ្វើជាស្វាមី ឬភរិយាម្នាក់ដ៏ប្រពៃនាពេលអនាគតតាមរបៀបណា ?
៣. ធ្វើក្រុមប្រឹក្សាគ្រួសារជាទៀងទាត់
-
អាន ៖កាលពីសប្ដាហ៍មុនយើងបានពិភាក្សាអំពីសារៈសំខាន់នៃការប្រឹក្សាជាមួយនឹងព្រះអម្ចាស់ ។ ទ្រង់សព្វព្រះទ័យចង់ជួយអ្នកឲ្យទទួលបានភាពជោគជ័យ ។ បន្ថែមពីលើការប្រឹក្សាជាមួយនឹងព្រះអម្ចាស់ ពួកព្យាការីបានបង្រៀនអំពីសារៈសំខាន់នៃការមានក្រុមប្រឹក្សាគ្រួសារជាទៀងទាត់ ។
-
សូមមើល ៖« ក្រុមប្រឹក្សាគ្រួសារ » មាននៅលើ srs.lds.org/videos ។ ( គ្មានវីដេអូឬ ? សូមអាន ទំព័រ ៣១ ) ។
-
ពិភាក្សា ៖តើការធ្វើក្រុមប្រឹក្សាគ្រួសារផ្ដល់អត្ថប្រយោជន៍ដល់អ្នក និងគ្រួសារអ្នកតាមរបៀបណា ?
ពិភាក្សាអំពីការចាត់ចែងហិរញ្ញវត្ថុនៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់អ្នក
-
អាន ៖ក្រុមប្រឹក្សាគ្រួសារជាទៀងទាត់មួយរវាងស្វាមី និងភរិយាគឺជាមជ្ឈដ្ឋានដ៏ល្អបំផុតដើម្បីពិភាក្សាអំពីការចាត់ចែងហិរញ្ញវត្ថុ ។ ប្រសិនបើអ្នកនៅលីវ សូមជ្រើសរើសម្ដាយ ឬឪពុក ឬសមាជិកគ្រួសារផ្សេងទៀត មិត្តរួមបន្ទប់ អ្នកណែនាំ ឬមិត្តភក្ដិ ហើយធ្វើការប្រជុំក្រុមប្រឹក្សាមួយជាទៀងទាត់ ហើយស្មោះត្រង់ជាមួយនឹងបុគ្គលនោះអំពីហិរញ្ញវត្ថុរបស់អ្នក ។ ប្រសិនបើអ្នករៀបការហើយ អ្នកប្រហែលជាចាំបាច់ត្រូវមានការពិភាក្សាសំខាន់ៗជាមួយនឹងស្វាមី ឬភរិយារបស់អ្នកនៅក្នុងវគ្គសិក្សានេះទាំងមូល ។ បន្ទាប់ពីវគ្គសិក្សានេះ ការធ្វើក្រុមប្រឹក្សាគ្រួសារជាទៀងទាត់នឹងជួយអ្នកបន្តមានសាមគ្គីភាព និងភាពខ្លួនទីពឹងខ្លួនកាន់តែច្រើន ។
ការតាំងមួយរបស់អ្នកនៅសប្ដាហ៍នេះគឺការកំណត់ពេលវេលាមួយដើម្បីធ្វើក្រុមប្រឹក្សាគ្រួសារមួយជាទៀងទាត់ ។ ជាផ្នែកមួយនៃក្រុមប្រឹក្សាគ្រួសារ អ្នកគួរពិភាក្សាអំពីហិរញ្ញវត្ថុ ។ អ្នកគួរប្រើគម្រោងមេរៀន « គំរូការពិភាក្សាក្រុមប្រឹក្សាគ្រួសារ » នៅទំព័របន្ទាប់ដើម្បីដឹកនាំផ្នែកនេះនៃក្រុមប្រឹក្សាគ្រួសាររបស់អ្នក ។