រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
១. ការយល់ដឹងពីបំណុល
-
អាន ៖បំណុលគឺជាការខ្ចីប្រាក់ដែលពុំមែនជាប្រាក់របស់អ្នក ។ ជាទូទៅ វាកើតមានជាមួយនឹងការគិតថ្លៃ ដែលហៅថាការប្រាក់ ។ ការប្រាក់គឺជាភាគរយនៃចំនួនប្រាក់ដែលបានខ្ចី ។ នៅទីបំផុត អ្នកត្រូវបង់សងច្រើនសម្រាប់អ្វីដែលអ្នកបានខ្ចី ពេលខ្លះកាន់តែច្រើនថែមទៀត ។ បំណុលកើតឡើងជាមួយនឹងការទូទាត់ប្រាក់ដែលបានរំពឹងទុក និងការរំពឹងទុកជាទូទៅមួយដើម្បីបង់សងប្រាក់ទាំងអស់ដែលអ្នកបានខ្ចី រួមបញ្ចូលទាំងការប្រាក់ផងដែរ ។
-
ពិភាក្សា ៖ហេតុអ្វីមនុស្សខ្ចីប្រាក់ ?
-
អាន ៖ពួកព្យាការីតែងតែផ្ដល់ដំបូន្មានឲ្យយើងចៀសវាងពីបំណុល ។ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត បានបង្រៀនថា « ប្រសិនបើមានរឿងណាមួយដែលនឹងនាំយកនូវសេចក្ដីសុខសាន្ត និងភាពរីករាយចូលមកក្នុងដួងចិត្តមនុស្ស និងមកក្នុងគ្រួសារ គឺការរស់នៅស្របតាមប្រាក់ចំណូលរបស់យើង ។ ហើយប្រសិនបើមានរឿងណាមួយដែលកំពុងគាបសង្កត់ ហើយបំបាក់ទឹកចិត្ត ព្រមទាំងខកចិត្ត វាគឺជាការមានបំណុល និងកាតព្វកិច្ចដែលមនុស្សម្នាក់មិនអាចបំពេញបាន » ( Gospel Standards: Sermons and Writings of Heber J. Grant រៀបរៀងដោយ G. Homer Durham [ ឆ្នាំ១៩៤១ ] ទំព័រ ១១១ ) ។
នៅក្នុងជំពូកពីរបន្ទាប់ទៀត អ្នកនឹងរៀនធ្វើតាមការប្រឹក្សារបស់ពួកព្យាការីដើម្បីរួចផុតពីបំណុល ។
-
ពិចារណា ៖សូមចំណាយពេលពីរនាទីដើម្បីពិចារណាលើការសម្រេចចិត្តខាងហិរញ្ញវត្ថុដែលអ្នកបានធ្វើមិនបានល្អ ។ តើមានផលវិបាកអ្វីខ្លះ ? តើអ្នកបានទទួលអារម្មណ៍ពីឥទ្ធិពលនោះយូរប៉ុណ្ណា ? តើវាបានជះឥទ្ធិពលដល់អ្នក អាពាហ៍ពិពាហ៍ ឬគ្រួសាររបស់អ្នក និងលទ្ធភាពរបស់អ្នកដើម្បីបម្រើមនុស្សដទៃ យ៉ាងដូចម្ដេច ?
ចៀសវាងពីបំណុល
-
អាន ៖ពួកព្យាការីបានប្រឹក្សាថា មានហេតុផលត្រឹមត្រូវតិចតួចបំផុតដែលអាចចូលទៅក្នុងបំណុល ហើយថានៅពេលអ្នកជាប់បំណុលអ្នកគួរបង់សងវាឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន ។ ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បានបង្រៀនថា « បំណុលដ៏សមហេតុផលសម្រាប់ការទិញផ្ទះមួយមានតម្លៃសមរម្យ ហើយប្រហែលជាសម្រាប់វត្ថុចាំបាច់មួយចំនួនផ្សេងទៀតអាចទទួលយកបាន ។ ប៉ុន្តែយោងតាមបទពិសោធន៍របស់ខ្ញុំ ខ្ញុំមើលឃើញពីសោកនាដកម្មដ៏គួរឲ្យខ្លាចរបស់មនុស្សជាច្រើនដែលបានខ្ចីប្រាក់ដោយមិនប្រុងប្រយ័ត្នដើម្បីទិញវត្ថុដែលពួកគេមិនត្រូវការ » ( « I Believe » Ensign ខែសីហា ឆ្នាំ១៩៩២ ទំព័រ ៦ ) ។
ដោយផ្អែកទៅលើកាលៈទេសៈទាំងនោះ បំណុលប្រហែលជាអាចទទួលយកបានសម្រាប់ការចំណាយដូចតទៅនេះ ៖
-
ផ្ទះតូចល្មម ហើយមានតម្លៃសមរម្យ
-
ការចំណាយសមហេតុផលលើការអប់រំដែលនឹងដឹកនាំទៅរកការងារដ៏ប្រសើរ ។
-
មធ្យោបាយធ្វើដំណើរសមល្មម ( នៅពេលត្រូវការចាំបាច់ប៉ុណ្ណោះ )
អ្នកគួរចៀសវាងពីការធ្លាក់ចូលក្នុងបំណុលសម្រាប់សម្ភារនានាក្រៅពីសម្ភារទាំងនេះ ។ ផ្ទុយទៅវិញ សូមសន្សំប្រាក់ទុកសម្រាប់ការចំណាយទាំងឡាយ ។
-
-
ពិចារណា ៖សូមចំណាយពេលពីរនាទីគិតអំពីសំណួរដូចតទៅនេះ ហើយសរសេរគំនិតរបស់អ្នក ៖ តើការរួចផុតពីបំណុលវាមានអារម្មណ៍បែបណា ?
រួចផុតពីបំណុល
-
អាន ៖អ្នកអាចរួចផុតពីបំណុលបាន ! ការបង់សងបំណុលនឹងតម្រូវឲ្យមានពលិកម្មដ៏ធំ ប៉ុន្តែអ្នកអាចធ្វើវាបាន ។ ខាងក្រោមនេះគឺជាគោលការណ៍សំខាន់ទាំងប្រាំយ៉ាងសម្រាប់ការរួចផុតពីបំណុល ។ យើងនឹងពិភាក្សាគោលការណ៍បីដំបូងនៅក្នុងជំពូកនេះ ។
-
យល់ភាពពិតនៃបំណុលរបស់អ្នក
-
មានបំណងប្រាថ្នាចង់រួចផុតពីបំណុល
-
យកឈ្នះនិន្នការមនុស្សខាងសាច់ឈាមដែលដឹកនាំទៅរកបំណុល
-
បញ្ឈប់ការជាប់បំណុល
-
បង់សងបំណុលរបស់អ្នក
-
-
ពិភាក្សា ៖តើអ្នកមានគំនិត ឬចំណាប់អារម្មណ៍អ្វីខ្លះចេញមកពីការអានគោលការណ៍ទាំងប្រាំនេះ ?
២. យល់ភាពពិតនៃបំណុលរបស់អ្នក
-
អាន ៖តើអ្នកជាប់បំណុលប៉ុន្មាន ? តើអត្រាការប្រាក់ប៉ុន្មាន ? តើការទូទាត់បង់សងប៉ុន្មាន ? តើវាចំណាយពេលប៉ុន្មានដើម្បីបង់សងបំណុលរបស់អ្នក ហើយតើអ្នកត្រូវបង់ការប្រាក់ប៉ុន្មាន ? វាគឺជារឿងដ៏សំខាន់ដើម្បីដឹងចំណុចទាំងនេះ នៅពេលអ្នកខិតខំឲ្យរួចផុតពីបំណុល ។ ដើម្បីធ្វើដូច្នោះបាន អ្នកនឹងបង្កើតបញ្ជីសារពើភ័ណ្ឌបំណុលមួយ ។ ខាងក្រោមនេះគឺជាគំរូមួយស្ដីពីតារាងបញ្ជីសារពើភ័ណ្ឌបំណុល ។
ការពិពណ៌នា
តុល្យភាព
អត្រាការប្រាក់
ការបង់សងប្រចាំខែ
ប័ណ្ណឥណទាន #១
៤,០០០
១៧%
៩៧
ប័ណ្ណឥណទាន #២
៦,៥០០
១៩%
១៦៨
រថយន្ត
៥,០០០
៣.០០%
១៤៥
ឥណទាននិស្សិត
១៨,០០០
៥.៥០%
៣០០
ឥណទានគេហដ្ឋាន
១៧០,០០០
៤.៥០%
១,០៥០
នៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់អ្នកនាសប្ដាហ៍នេះ អ្នកនឹងបង្កើតតារាងស្រដៀងគ្នាមួយ ។ ចូរបំពេញរាល់ព័ត៌មានសម្រាប់បំណុលនីមួយៗ ។
៣. មានបំណងប្រាថ្នាចង់រួចផុតពីបំណុល
-
អាន ៖ដើម្បីធ្វើរឿងអ្វីមួយដែលពិបាក រួមបញ្ចូលទាំងការរួចផុតពីបំណុលផងដែរ បំណងប្រាថ្នារបស់អ្នកត្រូវតែខ្លាំងជាងឧបសគ្គទាំងឡាយនោះ ។ អែលឌើរ ដាល្លិន អេក អូក បានបង្រៀនថា « នៅពេលយើងមានទស្សនវិស័យមួយអំពីអ្វីដែលយើងអាចប្រែក្លាយ នោះបំណងប្រាថ្នារបស់យើង និងអនុភាពរបស់យើងដើម្បីធ្វើសកម្មភាពនឹងកើនឡើងយ៉ាងខ្លាំង » ( « Desire » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ២០១១ ទំព័រ ៤៤ ) ។ ដើម្បីស្វែងរកភាពជោគជ័យ សូមផ្ដោតលើគោលដៅរបស់អ្នកដើម្បីរួចផុតពីបំណុល ហើយនឹកគិតនៅក្នុងចិត្តថាតើជីវិតមានសភាពបែបណា នៅពេលអ្នករួចផុតពីបន្ទុកបំណុល ។ អែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀនថា « អ្វីដែលយើងទទូចចង់បានគឺជាអ្វីដែលនឹងប្រែក្លាយនៅទីបំផុត » ( « According to the Desire of [Our] Hearts » Ensign ខែ វិច្ឆិកា ឆ្នាំ១៩៩៦ ទំព័រ ២១ ) ។
-
ពិភាក្សា ៖ហេតុអ្វីអ្នកមានបំណងប្រាថ្នាចង់រួចផុតពីបំណុល ? តើអ្នកនឹងមានលទ្ធភាពធ្វើអ្វីខ្លះដែលអ្នកមិនអាចធ្វើបាននៅពេលនេះ ?
៤. យកឈ្នះលើ « មនុស្សខាងសាច់ឈាម »
-
អាន ៖នៅក្នុងព្រះគម្ពីរមរមន ស្ដេចបេនយ៉ាមីន បានបង្រៀនថា « ព្រោះមនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ ហើយមានមកតាំងពីការធ្លាក់នៃលោកអ័ដាមម្ល៉េះ ហើយនឹងនៅយ៉ាងនេះជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយក្លាយទៅដូចជាកូនក្មេងងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ » ( ម៉ូសាយ ៣:១៩ ) ។ ដើម្បីសម្រាតភាពខាងសាច់ឈាមចេញ យើងត្រូវតែចងចាំអំពីគោលការណ៍ដែលយើងបានរៀនមកពីជំពូក ៤ ស្ដីពីការថែករក្សាទស្សនវិស័យរយៈពេលយូរអង្វែងមួយ ។ ដូចជាកុមារនៅក្នុងការដកពិសោធន៍នំម៉ាសមេលឡូ នោះយើងចាំបាច់ត្រូវរៀនពន្យារពេលភាពរីករាយរយៈពេលខ្លីដើម្បីឈានទៅដល់គោលដៅរយៈពេលវែង ។
និន្នការ « មនុស្សខាងសាច់ឈាម » រួមមាន ៖
-
ការចំណាយដែលមិនគិត និងតាមអារម្មណ៍ចង់បាន ។
-
ភាពព្រងើយកន្តើយ ឬការធ្វេសប្រហែសអំពីការពិតខាងហិរញ្ញវត្ថុរបស់យើង ។
-
ភាពលោភលន់ និងការប្រៀបធៀបខ្លួនយើងជាមួយនឹងមនុស្សដទៃ ។
ការទោរទៅរកមនុស្សខាងសាច់ឈាមនឹងទំនងជាដឹកនាំយើងទៅរកបំណុល និងភាព ស្មុគស្មាញខាងហិរញ្ញវត្ថុ ។ ម្យ៉ាងវិញទៀត នៅពេលយើងខិតខំធ្វើតាម « សេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ » នោះយើងនឹងមានលទ្ធភាពតាមរយៈព្រះចេស្ដានៃដង្វាយធួនដើម្បីមានភាពរឹងមាំនៅក្នុងការប្រឈមនឹងមារសត្រូវ ។
-
-
ពិភាក្សា ៖តើការសម្រាតភាពខាងសាច់ឈាមចេញមានន័យដូចម្ដេច ?
-
អាន ៖ចូរយើងក្រឡេកមើលដោយប្រុងប្រយ័ត្នអំពីនិន្នាការទាំងនេះមួយចំនួននៃមនុស្សខាងសាច់ឈាមនៅក្នុងបរិបទនៃភាពខ្លួនទីពឹងខ្លួន ។
ការចំណាយដែលមិនគិត និងតាមអារម្មណ៍ចង់បាន
-
ពិចារណា ៖សូមចំណាយពេលមួយនាទីដើម្បីគិតអំពីសំណួរដូចតទៅនេះ ហើយសរសេរចម្លើយរបស់អ្នកនៅខាងក្រោម ៖ តើពេលចុងក្រោយបង្អស់ដែលអ្នកបានធ្វើការទិញទំនិញមួយដែលថ្លៃ ហើយមិនបានគិតនៅពេលណា ? តើវត្ថុនោះគឺជាអ្វី ? តើអ្នកអាចបានប្រើប្រាក់នោះឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់វត្ថុមួយផ្សេងតាមរបៀបណា ?
-
អាន ៖យើងទាំងអស់គ្នាទំនងជាបានធ្វើការទិញដែលមិនគិត ឬតាមអារម្មណ៍ចង់បាន ។ ពេលខ្លះ យើងបានចំណាយប្រាក់នៅពេលយើងមានអារម្មណ៍បាក់ទឹកចិត្ត ឬមានកំហឹង ។ ពេលខ្លះ យើងបានចំណាយប្រាក់ដោយសារយើងមានអារម្មណ៍ថា យើងមានសិទ្ធិផ្ដល់រង្វាន់ដល់ខ្លួនឯង ។ ពេលខ្លះ ការលក់ ឬការបញ្ចុះតម្លៃ ល្បួងយើងឲ្យជឿថា យើងត្រូវការអ្វីមួយ កាលដែលយើងមិនត្រូវការសោះនោះ ។ មានហេតុផលជាច្រើនដែលយើងបានចំណាយប្រាក់ទៅលើវត្ថុដែលយើងមិនត្រូវការដោយលះបង់ការបង់ចំណាយសម្រាប់រឿងដែលសំខាន់បំផុត ។ សកម្មភាពខាងក្រោមនេះនឹងជួយយើងឲ្យយល់ដឹងអំពីហេតុផលដែលយើងធ្វើការទិញតាមអារម្មណ៍ចង់បាន ។
-
ពិភាក្សា ៖តើយើងអាចយកឈ្នះលើនិន្នាការក្នុងការទិញដែលមិនបានគិតដោយរបៀបណា ? តើអ្នកបានធ្វើអ្វីខ្លះកាលពីមុនដើម្បីយកឈ្នះលើចំណង់បែបនេះ ?
ភាពព្រងើយកន្តើយ ឬការធ្វេសប្រហែសអំពីស្ថានភាពហិរញ្ញវត្ថុរបស់យើង
-
អាន ៖នៅក្នុងព្រះគម្ពីរមរមន នីហ្វៃស្ដីបន្ទោសដល់លេមិន និងលេមយួលចំពោះការមាន « ចិត្តវក់ » ហើយគ្មានអារម្មណ៍ថាព្រះវិញ្ញាណធ្វើការនៅក្នុងខ្លួនពួកគេ ( សូមមើល នីហ្វៃទី ១ ១៧:៤៥ ) ។ ជារឿយៗ ការជ្រើសរើសរបស់យើងអាចធ្វើឲ្យចិត្តយើងរឹងរូស ដោយធ្វើឲ្យវាពិបាកទទួលបានអារម្មណ៍នូវការបំផុសគំនិតពីព្រះវិញ្ញាណ នៅពេលដែលយើងត្រូវតែធ្វើការផ្លាស់ប្ដូរ ។ ពេលខ្លះ ការមាន « ចិត្តវក់ »អាចនឹងធ្វើឲ្យយើងជ្រើសយកភាពព្រងើយកន្តើយចំពោះភាពពិតនៃស្ថានភាពរបស់យើង ។ យើងអាចនឹងចង់ឈប់ធ្វើការតាមដានការចំណាយទាំងឡាយ ឬមើលគណនីធនាគាររបស់យើង ។ ប្រសិនបើយើងប្រើប័ណ្ណឥណទាន ឬឥណទានអតិថិជនផ្សេងទៀត ការធ្វេសប្រហែសនេះអាចដឹកនាំយើងធ្លាក់ទៅក្នុងបំណុលភ្លាម ។
ពេលខ្លះ ដៃគូម្នាក់ ឬទាំងពីរនាក់ដែលរៀបការហើយនឹងធ្វើការចាយវាយយ៉ាងខ្ជះខ្ជាយ ដោយសន្មតថា ដៃគូម្នាក់ទៀតជាអ្នកទទួលខុសត្រូវចំពោះស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារ ។ សូមចងចាំថា ទាំងស្វាមីនិងភរិយាគឺមានការទទួលខុសត្រូវស្មើភាពគ្នាចំពោះហិរញ្ញវត្ថុគ្រួសាររបស់ខ្លួន ហើយការមិនព្រងើយកន្តើយ ឬការផ្ទេរការទទួលខុសត្រូវរបស់យើងនឹងរុញច្រានបន្ថែមទៀតឲ្យធ្លាក់ទៅក្នុងបញ្ហាហិរញ្ញវត្ថុ ។
-
ពិភាក្សា ៖ហេតុអ្វីមនុស្សមួយចំនួនព្រងើយកន្តើយចំពោះភាពពិតនៃស្ថានភាពរបស់ពួកគេ ? តើអ្នកអាចយកឈ្នះការមាន « ចិត្តវក់ » អំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នកដោយរបៀបណា ប្រសិនបើអ្នកចាំបាច់ត្រូវធ្វើដូច្នោះ ?
ភាពលោភលន់ និងការប្រៀបធៀបខ្លួនយើងជាមួយនឹងមនុស្សដទៃ
-
អាន ៖វាគឺជារឿងធម្មតាចំពោះមនុស្សទូទៅដើម្បីប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សដទៃ ហើយយើងត្រូវបានវាយប្រហារដោយសារ និងការផ្សព្វផ្សាយដែលលើកទឹកចិត្តយើងឲ្យទិញវត្ថុដែលយើងមិនត្រូវការ ។ ពេលខ្លះ យើងមានអារម្មណ៍ថា យើងមានសិទ្ធិដើម្បីមានវត្ថុដែលយើងគ្មានលទ្ធភាពទិញបាន ឬមិនត្រូវការចាំបាច់ ។ ការទោរទន់ទៅតាមភាពលោភលន់អាចដឹកនាំយើងឲ្យធ្វើការទិញដោយមិនវៃឆ្លាតភ្លាមៗ ។
-
ពិភាក្សា ៖តើយើងអាចយកឈ្នះនិន្នាការក្នុងការប្រៀបធៀបខ្លួនយើងជាមួយនឹងមនុស្សដទៃតាមរបៀបណា ?
ពិភាក្សាអំពីអាទិភាពហិរញ្ញវត្ថុនានានៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់អ្នក
-
អាន ៖នៅក្នុងក្រុមប្រឹក្សាគ្រួសាររបស់អ្នកនាសប្ដាហ៍នេះ អ្នកនឹងពិភាក្សាអំពីវិធីដែលអ្នកអាចយកឈ្នះ ហើយការពារខ្លួនឯងពីនិន្នាការ « មនុស្សខាងសាច់ឈាម » ។ សូមពិភាក្សារួមគ្នាអំពីបំណុលបច្ចុប្បន្នរបស់អ្នក ហើយបង្កើត « បញ្ជីសារពើភ័ណ្ឌបំណុល » មួយ ( សូមមើល តារាងសារពើភ័ណ្ឌបំណុលទទេរនៅលើទំព័រ ១២៣ ) ។ អ្នកអាចនឹងពិចារណាប្រើគម្រោង « គំរូការពិភាក្សាក្រុមប្រឹក្សាគ្រួសារ » ខាងក្រោមដើម្បីដឹកនាំក្រុមប្រឹក្សារបស់អ្នក ។ នៅពេលអ្នកធ្វើការកត់សម្គាល់រួមគ្នាអំពីបំណុលរបស់អ្នកហើយ ហើយនៅពេលអ្នកបង្កើតវិធីដើម្បីយកឈ្នះលើនិន្នាការ « មនុស្សខាងសាច់ឈាម » នោះអ្នកនឹងទទួលបានជំនួយរបស់ព្រះអម្ចាស់ដើម្បីលុបបំបាត់បំណុលរបស់អ្នក ។