រៀន—ម៉ោងជាអតិបរមា ៖ ៤៥ នាទី
ចំណុចត្រួតពិនិត្យថវិកា និងការចំណាយ
-
អាន ៖ពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពថវិការបស់អ្នក ។ តើអ្វីខ្លះដែលកំពុងដំណើរការល្អ ? តើផ្នែកអ្វីខ្លះដែលអ្នកចាំបាច់ត្រូវកែតម្រូវ ប្រសិនបើមាន ? តើអ្នកអាចចំណាយតិចជាងនៅក្នុងផ្នែកមួយចំនួនដើម្បីពន្លឿនការសន្សំមូលនិធិសម្រាប់ភាពអាសន្នរបស់អ្នកឲ្យបានច្រើនក្នុងរយៈពេលខ្លី រួចផុតពីបំណុល ឬសន្សំទុកសម្រាប់ពេលអនាគតដែរឬទេ ? ការតាំងចិត្តមួយរបស់អ្នកនៅសប្ដាហ៍នេះគឺការពិភាក្សានូវសំណួរដូចមានខាងក្រោមនេះអំឡុងការប្រជុំក្រុមប្រឹក្សាគ្រួសារ ។
-
ពិចារណា ៖តើអ្នកនឹងធ្វើអ្វីខ្លះ ប្រសិនបើអ្នកជួបនឹងវិបត្តិហិរញ្ញវត្ថុមួយ ? តើអ្នកធ្លាប់ជួបវិបត្តិហិរញ្ញវត្ថុអ្វីខ្លះកាលពីមុន ?
-
អាន ៖នៅក្នុងព្រះគម្ពីរសញ្ញាចាស់ យ៉ូសែប បានព្រមានផារ៉ោនទុកជាមុនអំពីភាពសម្បូររយៈពេលប្រាំពីរឆ្នាំ បន្ទាប់មកនឹងមានអំណត់អត់រយៈពេលប្រាំពីរឆ្នាំ ។ រំពេចនោះ ផារ៉ោន បានចាត់ពួកមន្ត្រីឲ្យសន្សំទុកផលលើសដែលបានមកពីឆ្នាំដ៏ល្អទាំងនេះ ដើម្បីត្រៀមខ្លួនសម្រាប់ឆ្នាំដ៏អាក្រក់ទាំងនោះ( សូមមើលលោកុប្បត្តិ ៤១:១–៣៧ ) ។ កាលយើងប្រហែលជាគ្មានការព្យាករដ៏ច្បាស់មួយជានិច្ចក្ដីអំពីពេលវេលាល្អ និងពេលវេលាអាក្រក់នឹងកើតឡើងនៅពេលណាក៏ដោយ ប៉ុន្តែពួកព្យាការីនៅសព្វថ្ងៃនេះបានលើកទឹកចិត្តយើងឲ្យត្រៀមខ្លួនសម្រាប់វិបត្តិនានា ជាពិសេសនៅពេលរឿងទាំងឡាយកំពុងមានដំណើរការល្អ ។
នៅក្នុងជំពូកនេះ យើងនឹងរៀនអំពីអ្វីដែលត្រូវធ្វើ នៅពេលយើងជួបប្រទះវិបត្តិហិរញ្ញវត្ថុមួយ និងរបៀបត្រៀមខ្លួនសម្រាប់វិបត្តិនានាពីមុនវាកើតឡើង ។
-
ពិភាក្សា ៖តើវិបត្តិហិរញ្ញវត្ថុប្រភេទណាខ្លះដែលអ្នកអាចនឹងជួបប្រទះ ? សូមសរសេរគំនិតរបស់ក្រុមនៅខាងក្រោមនេះ ។
១. រៀនគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុនានា
-
អាន ៖ដូចជាផែនការសម្រាប់ភាពអាសន្ន ឬការរត់គេចពីភ្លើងឆេះមួយដែរ នៅក្នុងព្រឹត្តិការណ៍នៃវិបត្តិហិរញ្ញវត្ថុមួយអ្នកគួរមានសកម្មភាពមួយដែលសាមញ្ញដើម្បីធ្វើតាម ។ ចំពោះការគ្រប់គ្រងការសាកល្បងនានា ម៉ាវីន ជេ អាស្តុន បានចោទសួរថា « តើអ្នកអាចអង្គុយចុះដោយស្ងៀមស្ងាត់ ពិនិត្យឡើងវិញនូវការពិតទាំងឡាយ ហើយសរសេររាល់សកម្មភាពដែលអាចធ្វើបានដែរឬទេ ? តើអ្នកអាចកំណត់អត្តសញ្ញាណនៃបុព្វហេតុ ហើយកំណត់ដំណោះស្រាយបានដែរឬទេ ? ការសញ្ជឹងគិតដោយស្ងប់ស្ងាត់អាចដោះស្រាយបញ្ហានានាបានលឿនជាងការភ័យរន្ធត់ » ( « Give with Wisdom That They May Receive with Dignity » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨១ ទំព័រ ៨៨ ) ។ ការកំណត់អំពីរបៀបគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុទុកជាមុននឹងអនុញ្ញាតឲ្យអ្នកត្រៀមខ្លួនខាងផ្លូវចិត្ត និងខាងហិរញ្ញវត្ថុ នៅពេលការលំបាកកើតឡើង ហើយវាអាចជួយអ្នកការពារវិបត្តិមួយចំនួននាពេលអនាគត ។ ការគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុមួយតម្រូវឲ្យមានជំហានពីរ ៖ វាយតម្លៃស្ថានភាព ហើយធ្វើសកម្មភាពដ៏សមស្រប ។
-
ពិភាក្សា ៖ហេតុអ្វីវាគឺជារឿងដ៏សំខាន់ដើម្បីសម្រេចចិត្តនៅពេលនេះអំពីរបៀបគ្រប់គ្រងវិបត្តិហិរញ្ញវត្ថុមួយ ? តើព្រះវិញ្ញាណធ្លាប់ជួយអ្នកគ្រប់គ្រងវិបត្តិនានាកាលពីមុនតាមរបៀបណា ?
វាយតម្លៃស្ថានភាព
-
អាន ៖ដើម្បីវាយតម្លៃវិបត្តិហិរញ្ញវត្ថុដ៏មានសក្ដានុពលមួយ អ្នកគួរសួរសំណួរដូចខាងក្រោមនេះ ៖
-
តើអ្នកស្មោះត្រង់នៅក្នុងការបង់ដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗរបស់អ្នកដែរឬទេ ? តើអ្នកកំពុងរស់នៅក្នុងជីវិតតាមវិធីមួយដែលអ្នកមានភាពស័ក្ដិសមនឹងពរជ័យរបស់ព្រះដែរឬទេ ?
-
តើមានការប្រុងប្រយ័ត្នជាបន្ទាន់អ្វីខ្លះដែលអ្នកបានត្រៀមខ្លួនរួចហើយ ដែលវានឹងជួយអ្នកឲ្យប្រឈមនឹងឧបសគ្គនាបច្ចប្បន្ននេះ ? តើអ្នកមានការស្តុកទុកស្បៀងអាហារ និងទឹកដែរឬទេ ? មានមូលនិធិសម្រាប់ភាពអាសន្នដែរឬទេ ?មានការធានារ៉ាប់រ៉ងត្រឹមត្រូវដែរឬទេ ?
-
តើការត្រៀមខ្លួនរបស់អ្នកសម្រាប់ភាពអាសន្នមានការខ្វះខាតត្រង់ណាខ្លះ ?
-
តើអ្នកមានគោលនយោបាយធានារ៉ាប់រងអ្វីខ្លះដែលអាចនឹងជួយបង់ថ្លៃខ្លះ ឬទាំងអស់ដល់ឧបសគ្គនេះ ?
-
តើមូលនិធិសម្រាប់ភាពអាសន្នរបស់អ្នកអាចប្រើបានយូរប៉ុណ្ណាដែរ ?
-
តើនៅក្នុងផែនការថវិកា និងការលុបបំបាត់បំណុលរបស់អ្នកមានកន្លែងសម្រាប់ការកែតម្រូវបណ្ដោះអាសន្នដែរឬទេ ប្រសិនបើចាំបាច់ ?
-
-
ពិភាក្សា ៖ហេតុអ្វីវាគឺជារឿងសំខាន់ដើម្បីធ្វើការវាយតម្លៃទាំងស្រុងលើស្ថានភាពមួយពីមុនអ្នកធ្វើសកម្មភាព ?
ធ្វើសកម្មភាព
-
អាន ៖ដោយផ្អែកទៅលើប្រភេទ និងភាពធ្ងន់ធ្ងរនៃវិបត្តិហិរញ្ញវត្ថុរបស់អ្នក វាមាននូវសកម្មភាពខុសៗគ្នាដែលអ្នកអាចធ្វើ ដើម្បីជួយអ្នកយកឈ្នះឧបសគ្គហិរញ្ញវត្ថុនោះ ។ កាលសកម្មភាពទាំងនេះអាចនឹងមិនត្រឹមត្រូវសម្រាប់គ្រប់ស្ថានភាពក្ដី ក៏ជំហានខាងក្រោមនេះគួរផ្ដល់គំនិតមួយដល់អ្នកអំពីអ្វីដែលអាចធ្វើនៅក្នុងព្រឹត្តិការណ៍នៃវិបត្តិហិរញ្ញវត្ថុមួយ ។
ទូរសព្ទទៅក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក
-
អាន ៖វិបត្តិហិរញ្ញវត្ថុមួយចំនួនអាចទាក់ទងនឹងភាពអាសន្នខាងសុខភាព គ្រោះថ្នាក់រថយន្ត ជួសជុលផ្ទះ ឬបាត់បង់ការងារ ។ ចំពោះស្ថានភាពទាំងនេះ ពីមុនអ្នកតក់ស្លុត ឬធ្វើសកម្មភាពផ្សេងៗ សូមទូរសព្ទទៅក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ដើម្បីត្រួតពិនិត្យមើលការធានារ៉ាប់រង ។ ការសួរពួកគេអំពីការធានារ៉ាប់រងពុំមែនមានន័យថាអ្នកដាក់ពាក្យទាមទារសំណងនោះទេ ។ ប៉ុន្តែប្រសិនបើស្ថានភាពរបស់អ្នកត្រូវបានធានារ៉ាប់រងចំនួនប៉ុន្មាន នោះអ្នកអាចដឹងថាតើការចំណាយផ្ទាល់ខ្លួនប៉ុន្មានដែលអ្នកនឹងត្រូវបន្ថែម ។
-
ពិភាក្សា ៖តើវិបត្តិហិរញ្ញវត្ថុអ្វីខ្លះដែលត្រូវទូរសព្ទទៅក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក ?
ប្រើប្រាស់មូលនិធិសម្រាប់ភាពអាសន្នរបស់អ្នក
-
អាន ៖គោលបំណងនៃមូលនិធិរបស់អ្នកសម្រាប់ភាពអាសន្នគឺដើម្បីជួយអ្នកឲ្យរួចផុតពីវិបត្តិហិរញ្ញវត្ថុនានា ។ សូមកុំមានអារម្មណ៍ថាខុសឆ្គងចំពោះការប្រើប្រាស់វាសម្រាប់ស្ថានភាពទាំងនេះ ។ អ្នកអាចប្រើប្រាស់មូលនិធិសម្រាប់ភាពអាសន្នចំពោះអ្វីក៏ដោយដែលអ្នកត្រូវការចាំបាច់—រាប់តាំងពីការចំណាយលើជីវភាពរស់នៅរហូតដល់ការដកមកបង្រ្គប់ថ្លៃធានារ៉ាប់រង ។ ចូរឈ្លាសវៃចំពោះការប្រើប្រាស់វាសម្រាប់រឿងត្រឹមត្រូវនៅក្នុងពេលត្រឹមត្រូវ ។ បំពេញមូលនិធិសម្រាប់ភាពអាសន្នរបស់អ្នកឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ប្រសិនបើអ្នកត្រូវប្រើប្រាក់ចេញពីខ្ទង់មូលនិធិនេះ ។
បង់ថ្លៃការចំណាយ និងវិក្ក័យបត្រដ៏សំខាន់បំផុតរបស់អ្នកជាមុនសិន
-
អាន ៖សូមត្រួតពិនិត្យដោយប្រុងប្រយ័ត្នរាល់ការចំណាយ និងវិក្ក័យបត្ររបស់អ្នក ហើយកំណត់ថាតើការចំណាយ ឬវិក្ក័យបត្រណាមួយដែលត្រូវការបង់ភ្លាមៗ ហើយមួយណាដែលអាចពន្យារពេលមួយរយៈដោយគ្មានការពិន័យដ៏ច្រើននោះ ។ វាប្រហែលជារឿងដ៏ចាំបាច់ដើម្បីទូរសព្ទទៅកាន់ពួកអ្នកផ្ញើវិក្ក័យបត្រឲ្យអ្នក ប្រសិនបើពួកគេមានរយៈពេលអនុគ្រោះជាបណ្ដោះអាសន្ន ជម្រើសផែនការទូទាត់គ្មានការប្រាក់ ឬការពន្យារពេលកំណត់ ។ ចូរឈ្លាសវៃចំពោះការចំណាយណាមួយដែលអ្នកត្រូវបង់មុន ហើយស្រាវជ្រាវរកផលប៉ះពាល់អវិជ្ជមាននៃការពន្យារពេលបង់ថ្លៃវិក្ក័យបត្រផ្សេងទៀតពីមុនធ្វើដូច្នេះ ។ អ្នកអាចចាំបាច់ត្រូវកាត់ចំណាយដែលមិនចាំបាច់មួយគ្រាសិន ប្រសិនបើអាចធ្វើទៅបាន ។ ផ្ដោតលើស្បៀងអាហារ ទីជម្រក ទឹកភ្លើង និងមធ្យោបាយធ្វើដំណើរចាំបាច់ពីមុនបង់ថ្លែការចំណាយផ្សេងទៀត ។
-
ពិភាក្សា ៖ហេតុអ្វីវាគឺជារឿងដ៏សំខាន់បំផុតដើម្បីបង់ថ្លៃការចំណាយដែលទើបតែបានរៀបរាប់មុនគេ ?
ទូរសព្ទទៅពួកអ្នកផ្ដល់ឥណទានដល់អ្នក
-
អាន ៖នៅក្នុងកាលៈទេសៈដ៏ពិបាកបំផុត វាអាចជារឿងដ៏ឈ្លាសវៃ ដើម្បីទូរសព្ទទៅពួកអ្នកផ្ដល់ឥណទានដល់អ្នក ហើយពន្យល់អំពីស្ថានភាពបច្ចុប្បន្នរបស់អ្នក ។ ដោយផ្អែកលើវិបត្តិនោះ អ្នកគួរសុំពួកគេឲ្យ ៖
-
ពន្យារពេលបណ្ដោះអាសន្ន ឬកាត់បន្ថយការបង់សងប្រាក់ ។
-
ពន្យារពេល ឬកែប្រែលក្ខខណ្ឌប្រាក់កម្ចីជាអចិន្ត្រៃយ៍ ។
កាលដែលរឿងនេះអាចជាជម្រើសដែលអាចធ្វើបានតែមួយគត់នៅក្នុងករណីដ៏លំបាកៗ សូមប្រុងប្រយ័ត្នថា ការពន្យារពេលការបង់សងប្រាក់ ឬការកែតម្រូវលក្ខខណ្ឌប្រាក់កម្ចីរបស់អ្នកអាចបង្កឲ្យកើនថ្លៃឈ្នួលបន្ថែម ហើយធ្វើឲ្យប្រាក់កម្ចីរបស់អ្នកកាន់តែមានតម្លៃថ្លៃក្នុងរយៈពេលវែង ។
-
កំណត់អត្តសញ្ញាណអំពីធនធានផ្សេងទៀតដែលអាចជួយ
-
អាន ៖ការទទួលខុសត្រូវរបស់យើងគឺដើម្បីផ្គត់ផ្គង់ខ្លួនឯង និងក្រុមគ្រួសាររបស់យើង ។ ប៉ុន្តែ មានពេលខ្លះដែលយើងត្រូវតែពឹងផ្អែកជាបណ្ដោះអាសន្នទៅលើមនុស្សដទៃ ។ នៅពេលអ្នកស្វែងរកធនធានផ្សេងទៀត ចូរប្រុងប្រយ័ត្នចំពោះការពឹងផ្អែកលើជំនួយរយៈពេលវែង—ការពឹងផ្អែកបែបនេះនឹងធ្វើឲ្យការរីកចម្រើនខាងវិញ្ញាណ និងខាងសាច់ឈាមរបស់អ្នកមានភាពតានតឹង ។ នៅពេលយើងអាននៅក្នុងជំពូក ២ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ជំនួយខាងសាច់ឈាមដែលយើងអាចងាកទៅរកមានបួនថ្នាក់ ៖
-
ខ្លួនឯង ៖ ដំបូង អ្នកគួរធ្វើឲ្យអស់ពីលទ្ធភាពរបស់អ្នកដើម្បផ្គត់ផ្គង់គ្រួសាររបស់អ្នក ហើយកាត់បន្ថយការគម្រាមកំហែងភ្លាម ។
-
គ្រួសារ ៖ ប្រសិនបើអ្នកមិនអាចបំពេញតាមសេចក្ដីត្រូវការមូលដ្ឋានផ្នែកហិរញ្ញវត្ថុដោយខ្លួនឯងបានទេ បន្ទាប់ពីធ្វើអស់ពីលទ្ធភាពហើយ នោះអ្នកគួរសាកសួរគ្រួសារ ឬសាច់ញាតិសម្រាប់ជំនួយផ្នែកហិរញ្ញវត្ថុជាបណ្ដោះអាសន្ន ប្រសិនបើចាំបាច់ មិនថាជាថ្លៃផ្ទះ ស្បៀងអាហារ ឬសេចក្ដីត្រូវការផ្សេងៗនោះទេ ។
-
សាសនាចក្រ ៖ ក្រោយពីធ្វើអស់លទ្ធភាពរបស់អ្នក និងការស្វែងរកជំនួយពីគ្រួសារហើយ នោះអ្នកប្រហែលជាចាំបាច់ត្រូវជួបនឹងថ្នាក់ដឹកនាំរបស់អ្នកក្នុងសាសនាចក្រ ( ប៊ីស្សព ប្រធានសាខា ឬប្រធានសមាគមន៍សង្គ្រោះ ) ដើម្បីរុករកជម្រើសបន្ថែមទៀត ។ សូមចងចាំថា ថ្នាក់ដឹកនាំរបស់អ្នកនៅក្នុងសាសនាចក្រត្រូវបានណែនាំយ៉ាងឈ្លាសវៃឲ្យជួយមនុស្សដើម្បីទ្រទ្រង់ជីវិតក្នុងពេលចាំបាច់ ពុំមែនជួយរបៀបរស់នៅកាន់តែហឺហានោះទេ ។
-
សហគមន៍ ៖ កម្មវិធីគាំទ្រផ្សេងៗរបស់សហគមន៍ ឬរដ្ឋាភិបាលអាចមានសម្រាប់អ្នក ដែលវាអាចផ្តល់ជំនួយក្នុងទម្រង់ជាការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ ឬការងារ ជំនួយផ្នែកលំនៅដ្ឋាន ការគាំទ្រអាហាររូបត្ថម្ភសម្រាប់សុខភាពទារក និងមាតាជាដើម ។ សូមចងចាំថា កម្មវិធីទាំងនេះត្រូវបានរៀបចំឡើងដើម្បីផ្ដល់ជំនួយរយៈពេលខ្លី ។ សូមកុំពឹងផ្អែកលើវាសម្រាប់រយៈពេលវែង ។
-
-
ពិភាក្សា ៖ហេតុអ្វីយើងគួរស្វែងរកជំនួយមកពីគ្រួសាររបស់យើងពីមុនស្វែងរកជំនួយមកពីសាសនាចក្រ និងសហគមន៍ ? តើធនធានអ្វីខ្លះដែលក្រុមរបស់អ្នកបានស្គាល់ ដែលវាមាននៅក្នុងតំបន់របស់អ្នក ដើម្បីជួយដោះស្រាយវិបត្តិនានា ?
២. បង្កើនការត្រៀមខ្លួនរបស់អ្នកសម្រាប់ភាពអាសន្ន
-
អាន ៖អ្នកគួរមាន ឬគួរខិតខំស្ថាបនាមូលនិធិសម្រាប់ភាពអាសន្នរយៈពេលមួយខែ ។ ការត្រៀមខ្លួនរបស់អ្នកមិនគួរបញ្ចប់ត្រឹមហ្នឹងទេ ! សូមខិតខំដើម្បីឲ្យរួចផុតពីបំណុលអតិថិជន ហើយបន្ទាប់មកស្ថាបនាមូលនិធិសម្រាប់ភាពអាសន្នរយៈពេលពីបីទៅប្រាំមួយខែ ហើយទិញធានារ៉ាប់រងដើម្បីការពារប្រាក់ចំណូលរបស់អ្នក ។
ស្ថាបនាមូលនិធិសម្រាប់ភាពអាសន្នរយៈពេលពីបីខែទៅប្រាំមួយខែ
-
អាន ៖ក្រោយពីអ្នកបានបង់បំណុលអតិថិជនអស់ហើយ ជំហានបន្ទាប់គឺត្រូវបង្កើនមូលនិធិសម្រាប់ភាពអាសន្នរបស់អ្នកពីរយៈពេលមួយខែទៅជាមូលនិធិសម្រាប់ភាពអាសន្នរយៈពេលបីខែទៅប្រាំមួយខែ ។ សូមចងចាំថា ត្រូវទុកប្រាក់មូលនិធិសម្រាប់ភាពអាសន្នរបស់អ្នកនៅក្នុងកន្លែងសុវត្ថិភាពមួយដែលអ្នកអាចដកបានដោយគ្មានការពិន័យ ។ សូមបង្កើនមូលនិធិនេះឲ្យបានឆាប់រហ័សតាមដែលអ្នកអាចធ្វើបាន ដើម្បីអ្នកអាចត្រៀមខ្លួនកាន់តែប្រសើរសម្រាប់វិបត្តិហិរញ្ញវត្ថុនានា ។ ការតាំងចិត្តមួយរបស់អ្នកនៅសប្ដាហ៍នេះគឺជាការវាយតម្លៃលើមូលនិធិសម្រាប់ភាពអាសន្ន ហើយបន្តបង់សងបំណុលអតិថិជនរបស់អ្នក ។
ទិញការធានារ៉ាប់រងប្រាក់ចំណូលដ៏សមរម្យ
កំណត់ចំណាំ ៖ ព័ត៌មាននេះប្រហែលជាមិនអនុវត្តក្នុងភូមិភាគ ឬតំបន់របស់អ្នកទេ ។
-
អាន ៖ទ្រព្យសកម្មដ៏សំខាន់បំផុតមួយគឺជាប្រាក់ចំណូលរបស់អ្នក ។ សូមស្រាវជ្រាវរកគោលនយោបាយការធានារ៉ាប់រងពិការភាព និងអាយុជីវិតនៅក្នុងតំបន់របស់អ្នក ហើយទទួលបានការធានារ៉ាប់រងឲ្យបានគ្រប់គ្រាន់ឆាប់រហ័សតាមដែលអាចធ្វើទៅបាន ។
ពិភាក្សាអំពីការត្រៀមខ្លួនសម្រាប់វិបត្តិហិរញ្ញវត្ថុនានានៅក្នុងការប្រជុំក្រុមប្រឹក្សាគ្រួសាររបស់អ្នក
-
អាន ៖ការតាំងចិត្តមួយនៅសប្ដាហ៍នេះគឺការពិភាក្សាចម្លើយរបស់អ្នកចំពោះ « ចំណុចត្រួតពិនិត្យថវិកា និងការចំណាយ » ( សូមមើលទំព័រ ១៤៧ ) និងការត្រៀមខ្លួនរបស់អ្នកសម្រាប់វិបត្តិហិរញ្ញវត្ថុនានា ។ សូមពិភាក្សាអំពីភាពអាសន្ននានាដែលអាចនឹងកើតមាននៅក្នុងគ្រួសាររបស់អ្នក តើអ្នកអាចត្រៀមខ្លួនសម្រាប់វាតាមរបៀបណា តើការធានារ៉ាប់រងអ្វីដែលអ្នកអាចនឹងត្រូវការដើម្បីការពារខ្លួនឯង ហើយរៀបផែនការដើម្បីទូរសព្ទទៅពួកអ្នកចេញវិក្ក័យបត្រ និងពួកអ្នកផ្ដល់ឥណទាន បើសេចក្ដីត្រូវការនោះកើតឡើង ។ អ្នកអាចចង់ប្រើគម្រោង « គំរូការពិភាក្សាក្រុមប្រឹក្សាគ្រួសារ » ដូចខាងក្រោម ។ សួមចងចាំថា ប្រសិនបើអ្នកមិនទាន់រៀបការទេ ក្រុមប្រឹក្សាគ្រួសាររបស់អ្នកអាចរួមបញ្ចូលនូវមិត្តរួមបន្ទប់ មិត្តភក្ដិ សមាជិកគ្រួសារ ឬអាណាព្យាបាល ។