កណ្ឌទី ២៩
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្នុងវត្តមានពួកអែលឌើរប្រាំមួយនាក់ នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ខែកញ្ញា ឆ្នាំ១៨៣០ (History of the Church, ១:១១១–១១៥)។ វិវរណៈនេះត្រូវបានប្រទានឲ្យមកបួនដប់ថ្ងៃមុនសន្និសីទ ដែលចាប់ផ្ដើមធ្វើនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ១៨៣០។
១–៨, ព្រះគ្រីស្ទប្រមូលពួកដែលទ្រង់បានរើសតាំង; ៩–១១, ការយាងរបស់ទ្រង់បណ្ដាលឲ្យចាប់ផ្ដើមសហស្សវត្ស; ១២–១៣, ពួក១២ នាក់ នឹងជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំងអស់; ១៤–២១, ទីសំគាល់ រោគា និងសេចក្ដីហិនវិនាសនឹងមានឡើងមុនការយាងមកលើកទីពីរ; ២២–២៨, ដំណើររស់ឡើងវិញ និងសេចក្ដីជំនុំជំរះចុងក្រោយបង្អស់ បន្ទាប់ពីសហស្សវត្ស; ២៩–៣៥, អ្វីៗគ្រប់យ៉ាង គឺសុទ្ធតែខាងវិញ្ញាណចំពោះព្រះអម្ចាស់; ៣៦–៣៩, អារក្ស និងពួកពលបរិវារវាត្រូវបានបណ្ដេញចេញពីស្ថានសួគ៌ ដើម្បីឲ្យមកល្បួងមនុស្ស; ៤០–៤៥, ការធ្លាក់ និងដង្វាយធួននាំមកនូវសេចក្ដីសង្គ្រោះ; ៤៦–៥០, កូនក្មេងតូចត្រូវបានប្រោសលោះ តាមរយៈដង្វាយធួន។
១ចូរស្ដាប់តាមសំឡេងនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់អ្នក ជាព្រះដ៏ជាព្រះដែលមហិមា ដែលបានធ្វើឲ្យធួននឹងបាបទាំងឡាយរបស់អ្នក ដោយពាហុនៃសេចក្ដីមេត្តាករុណារបស់ទ្រង់
២ជាអ្នកដែលនឹងប្រមូលរាស្ត្ររបស់ទ្រង់ ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប សូម្បីតែអស់អ្នកណាដែលនឹងស្ដាប់តាមសំឡេងរបស់យើង ហើយបន្ទាបខ្លួននៅចំពោះយើង ហើយអំពាវនាវដល់យើងក្នុងការអធិស្ឋានដ៏ខ្លាំងក្លា។
៣មើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា នៅពេលនេះ បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហេតុដូច្នេះហើយ បានជាអ្នករាល់គ្នាទទួលរបស់ទាំងនេះ ប៉ុន្តែចូរចាំទុក ដើម្បីកុំធ្វើបាបទៀតឡើយ ក្រែងអំពើអាក្រក់នឹងមានមកលើអ្នក។
៤យើងប្រាប់អ្នកជាប្រាកដថា អ្នករាល់គ្នាត្រូវបានរើសចេញពីពិភពលោក ដើម្បីឲ្យទៅប្រកាសប្រាប់ពីដំណឹងល្អរបស់យើង ដោយសំឡេងរីករាយ ដូចជាសំឡេងត្រែ។
៥ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ ត្បិតយើងនៅកណ្ដាលពួកអ្នក ហើយយើងជាព្រះដ៏គាំទ្រអ្នកនៅចំពោះព្រះវរបិតា ហើយទ្រង់សព្វព្រះហឫទ័យនឹងប្រទាននគរមកអ្នករាល់គ្នា។
៦ហើយដូចជាបានចែងទុកមកថា — អ្វីក៏ដោយ ដែលអ្នកសូមដោយនូវសេចក្ដីជំនឿ ដោយរួមប្រជុំគ្នាអធិស្ឋាន ស្របតាមបញ្ញត្តិរបស់យើង នោះអ្នករាល់គ្នានឹងបានទទួល។
៧ហើយអ្នករាល់គ្នាត្រូវបានហៅមក ដើម្បីបណ្ដាលឲ្យមានការប្រមូលនៃពួកដែលយើងបានរើសតាំង ត្បិតពួកដែលយើងបានរើសតាំង ឮសំឡេងរបស់យើង ហើយមិនពង្រឹងចិត្តរបស់ពួកគេឡើយ
៨ហេតុដូច្នោះហើយ បញ្ញត្តិត្រូវបានចេញពីព្រះវរបិតាថា ពួកគេនឹងត្រូវបានប្រមូលទៅកន្លែងមួយនៅលើផ្ទៃដែនដីនេះ ដើម្បីឲ្យប្រុងប្រៀបចិត្តរបស់ពួកគេ ហើយប្រុងប្រៀបជាស្រេចនូវអ្វីៗគ្រប់យ៉ាងរង់ចាំថ្ងៃនោះ ក្នុងកាលសេចក្ដីវេទនា និងសេចក្ដីហិនវិនាស ត្រូវបានចាត់ឲ្យមានមកលើពួកទុច្ចរិត។
៩ត្បិតម៉ោងជិតដល់ហើយ ហើយថ្ងៃនៅជិតដៃបង្កើយ ក្នុងកាលផែនដីទុំសុស ហើយអស់ពួកឆ្មើងឆ្មៃ និងអស់ពួកអ្នកដែលប្រព្រឹត្តដោយអំពើទុច្ចរិត គេនឹងដូចជាជញ្ជ្រាំង ហើយយើងនឹងបញ្ឆេះពួកគេឡើង ព្រះអម្ចាស់ដ៏ជាព្រះ នៃពួកពលវរិវារមានព្រះបន្ទូលថាដូច្នោះ ដើម្បីកុំឲ្យមានអំពើទុច្ចរិតនៅលើផែនដីឡើយ
១០ត្បិតម៉ោងជិតដល់ហើយ ហើយដើម្បីឲ្យអ្វីៗដែលបានពោលឡើង ដោយពួកសាវករបស់យើង នោះត្រូវបានសម្រេច ត្បិតដូចជាពួកគេបានពោលមក នោះនឹងបានកើតឡើងមែន
១១ត្បិតយើងនឹងសម្ដែងខ្លួនឲ្យឃើញពីស្ថានសួគ៌ដោយព្រះចេស្ដា និងសិរីល្អដ៏ធំ ដោយអស់ទាំងពួកពលបរិវារពីស្ថានសួគ៌ ហើយនឹងស្ថិតនៅក្នុងសេចក្ដីសុចរិត ជាមួយមនុស្សលោក នៅលើផែនដីអស់មួយពាន់ឆ្នាំ ហើយពួកទុច្ចរិតនឹងពុំឈរមាំមួនឡើយ។
១២ហើយជាថ្មីទៀត ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដ ហើយវាបានចេញទៅជាបញ្ញត្តិដ៏តឹងរឹងដោយព្រះហឫទ័យនៃព្រះវរបិតាថាពួកសាវករបស់យើង គឺពួក១២នាក់ដែលនៅជាមួយនឹងយើង នៅឯការងារបម្រើរបស់យើង នៅក្រុងយេរូសាឡិម ពួកគេនឹងឈរខាងស្ដាំដៃយើង នៅថ្ងៃនៃការយាងមករបស់យើង ក្នុងបង្គោលភ្លើង ដោយពាក់អាវវែងនៃសេចក្ដីសុចរិត ព្រមទាំងមានមកុដនៅលើក្បាលរបស់ពួកគេផង នៅក្នុងសិរីល្អដូចជាយើង ដើម្បីជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំងអស់ គឺដូចជាអស់អ្នកណាដែលបានស្រឡាញ់យើង ហើយកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ហើយគ្មាននរណាទៀតឡើយ។
១៣ត្បិតត្រែនឹងបន្លឺសូរកាន់តែរន្ថើនខ្លាំងឡើង ដូចជានៅលើភ្នំស៊ីណាយ ហើយអស់ទាំងផែនដីនឹងកក្រើក ហើយពួកគេនឹងចេញមក — មែនហើយ គឺពួកមនុស្សស្លាប់ណាដែលស្លាប់ក្នុងយើង ដើម្បីមកទទួលមកុដនៃសេចក្ដីសុចរិត ហើយដើម្បីបានបំពាក់ដូចជាយើង ដើម្បីនៅជាមួយនឹងយើង ប្រយោជន៍ឲ្យយើងទាំងឡាយអាចបានរួមតែមួយ។
១៤ប៉ុន្តែមើលចុះ យើងប្រាប់អ្នករាល់គ្នាថា មុនថ្ងៃដ៏ធំនោះនឹងមកដល់ ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងទៅជាឈាម ហើយផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ ហើយនឹងមានទីសំគាល់ដ៏ធំជាងនៅលើមេឃ និងនៅលើផែនដីខាងក្រោម
១៥ហើយនឹងមានការយំសោកសង្រេង នៅក្នុងចំណោមហ្វូងមនុស្ស
១៦ហើយនឹងមានព្យុះព្រិលដ៏ធំ ចាត់ឲ្យមកបំផ្លាញដំណាំនៃផែនដី។
១៧ហើយហេតុការណ៍នឹងកើតឡើង ពីព្រោះតែអំពើទុច្ចរិតនៃពិភពលោក ដែលយើងនឹងដាក់ការសងសឹកមកលើពួកទុច្ចរិត ព្រោះពួកគេមិនព្រមប្រែចិត្តសោះ ព្រោះពែងនៃសេចក្ដីក្ដៅក្រហាយរបស់យើងពេញហើយ ត្បិតមើលចុះ លោហិតយើងនឹងមិនសំអាតពួកគេ ឡើយ បើសិនជាពួកគេមិនស្ដាប់តាមយើង។
១៨ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់ដ៏ជាព្រះ នឹងចាត់រុយទាំងឡាយឲ្យមកលើផ្ទៃផែនដី ដែលនឹងរុំបណ្ដាជននៅទីនោះ ហើយនឹងស៊ីសាច់ពួកគេ ហើយនឹងបណ្ដាលឲ្យកើតដង្កូវមកលើសាច់ពួកគេ
១៩ហើយអណ្ដាតពួកគេនឹងនៅស្ងៀម ដើម្បីកុំឲ្យពួកគេពោលពាក្យទាស់នឹងយើង ហើយសាច់ពួកគេនឹងរលួយជ្រុះពីឆ្អឹងពួកគេ ហើយភ្នែកពួកគេជ្រុះពីរន្ធភ្នែកពួកគេ
២០ហើយហេតុការណ៍នឹងកើតឡើងថា សត្វសាហាវនៅក្នុងព្រៃ និងសត្វហើរលើអាកាស នឹងមកស៊ីសាច់ពួកគេអស់រលីង។
២១ហើយសាសនាចក្រដ៏ធំហើយគួរខ្ពើមឆ្អើម ដែលជាពេស្យានៃអស់ទាំងផែនដី នឹងត្រូវរលំចុះដោយភ្លើងឆេះឆាប ស្របតាមអ្វីដែលបានពោលដោយមាត់នៃលោកអេសេគាល ជាព្យាការី ជាអ្នកដែលបានពោលអំពីការណ៍ទាំងនេះ ដែលមិនទាន់បានកើតឡើងនៅឡើយទេ ប៉ុន្តែច្បាស់ជានឹងកើតឡើង ដរាបណាដែលយើងមានព្រះជន្មរស់នៅ ត្បិតអំពើដ៏គួរខ្ពើមឆ្អើមនឹងមិនសោយរាជ្យឡើយ។
២២ហើយជាថ្មីទៀត ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ក្នុងកាលរយៈមួយពាន់ឆ្នាំបានចប់ទៅ ហើយមនុស្សលោកចាប់ផ្ដើមបដិសេធព្រះរបស់ពួកគេម្ដងទៀត ខណៈនោះ យើងនឹងប្រណីដល់ផែនដីតែមួយរដូវតូចប៉ុណ្ណោះ
២៣ហើយចុងបំផុតនឹងមកដល់ ហើយផ្ទៃមេឃ និងផែនដី នឹងត្រូវបានរលាយ ហើយកន្លងផុតទៅ ហើយនឹងមានផ្ទៃមេឃថ្មី និងផែនដីថ្មី។
២៤ព្រោះរបស់ចាស់គ្រប់យ៉ាង នឹងកន្លងផុតទៅ ហើយរបស់ទាំងអស់ នឹងក្លាយទៅជាថ្មី សូម្បីតែផ្ទៃមេឃ និងផែនដី និងអស់ទាំងរបស់របរពាសពេញទីនោះផង ព្រមទាំងមនុស្សលោក និងសត្វជើងបួន ទាំងសត្វហើរលើអាកាស និងត្រីសមុទ្រផង
២៥ហើយគ្មានសក់មួយសរសៃ ឬកម្ទេចណាឡើយ នឹងត្រូវវិនាសបាត់ទៅ ត្បិតរបស់ទាំងនោះជាផលនៃព្រះហស្តរបស់យើង។
២៦ប៉ុន្តែមើលចុះ យើងប្រាប់អ្នកជាប្រាកដថា មុនផែនដីនឹងកន្លងផុតទៅ មីកែល ជាមហាទេវតារបស់យើងនឹងបន្លឺត្រែរបស់លោក ហើយនៅខណៈនោះ ពួកអ្នកស្លាប់ទាំងអស់នឹងភ្ញាក់ឡើងវិញ ព្រោះផ្នូររបស់ពួកគេនឹងរបើកឡើង ហើយពួកគេនឹងចេញមក — មែនហើយ គឺមនុស្សទាំងអស់។
២៧ហើយពួកសុចរិតនឹងត្រូវបានប្រមូលមកខាងស្ដាំយើងចំពោះជីវិតដ៏អស់កល្បជានិច្ច ហើយពួកទុច្ចរិតនៅខាងឆ្វេងយើង នោះយើងនឹងមានចិត្តខ្មាសចំពោះព្រះវរបិតា ដែលយើងមានពួកគេ
២៨ហេតុដូច្នោះហើយ យើងនឹងមានបន្ទូលដល់ពួកគេថា — អ្នករាល់គ្នាដែលត្រូវបណ្ដាសាអើយ ចូរចេញពីយើងទៅក្នុងភ្លើងដ៏នៅអស់កល្បជានិច្ច ដែលបានរៀបចំឡើងសម្រាប់អារក្ស និងពួកទេវតារបស់វាចុះ។
២៩ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នករាល់គ្នាថា គ្មានពេលណាមួយសោះ ដែលយើងបានប្រកាសប្រាប់ពីមាត់យើងផ្ទាល់ថា ពួកគេគប្បីវិលមកវិញ ត្បិតកន្លែងដែលយើងនៅ នោះពួកគេពុំអាចមកបានឡើយ ព្រោះពួកគេពុំមានអំណាចសោះ។
៣០ប៉ុន្តែចូរចាំចុះថា គ្រប់អស់ទាំងសេចក្ដីជំនុំជំរះរបស់យើង នោះពុំបានប្រទានដល់មនុស្សលោកទេ ហើយដូចជាពាក្យទាំងឡាយ បានចេញពីមាត់យើងទៅយ៉ាងណា នោះពាក្យទាំងនោះនឹងបានសម្រេចយ៉ាងនោះដែរ ដើម្បីឲ្យពួកអ្នកមុនទៅជាក្រោយ ហើយដើម្បីឲ្យពួកអ្នកក្រោយទៅជាមុន ក្នុងគ្រប់អ្វីៗទាំងអស់ដែលយើងបានបង្កើតមក ដោយសារព្រះបន្ទូលនៃព្រះចេស្ដារបស់យើង ដែលជាព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង។
៣១ត្បិតដោយសារព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង នោះយើងបានបង្កើតរបស់ទាំងនោះ មែនហើយ គឺគ្រប់ទាំងអស់ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាមផង —
៣២ទីមួយ ខាងវិញ្ញាណ រួចទីពីរ ខាងសាច់ឈាម ដែលត្រូវជាដើមដំបូងនៃកិច្ចការរបស់យើង ហើយជាថ្មីទៀត ទីមួយ ខាងសាច់ឈាម ហើយទីពីរ ខាងវិញ្ញាណ ដែលត្រូវជាចុងក្រោយបំផុត នៃកិច្ចការរបស់យើង —
៣៣ដោយប្រាប់ដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចយល់តាមធម្មតា ប៉ុន្តែចំពោះរូបយើងវិញ កិច្ចការរបស់យើងពុំមានចុងបំផុត ឬដើមដំបូងឡើយ ប៉ុន្តែការណ៍នេះត្រូវបានប្រទានដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានយល់ ពីព្រោះអ្នករាល់គ្នាបានសូមពីយើង ហើយបានយល់ព្រមព្រៀងគ្នា។
៣៤ហេតុដូច្នោះហើយ យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់ទាំងរបស់របរគ្រប់យ៉ាង គឺជាវិញ្ញាណចំពោះយើង ហើយគ្មានពេលណាមួយ ដែលយើងបានប្រទានដល់អ្នកនូវក្រឹត្យវិន័យណាមួយ ដែលត្រូវជារបស់ខាងសាច់ឈាមនោះឡើយ ពុំមែនមនុស្សណាមួយ ឬកូនចៅមនុស្សណាដែរ ពុំមែនលោកអ័ដាម ជាឪពុករបស់អ្នក ដែលយើងបានបង្កើតមកនោះទេ។
៣៥មើលចុះ យើងបានប្រទានដល់លោកថា លោកត្រូវធ្វើជាភ្នាក់ងារចំពោះខ្លួនលោកផ្ទាល់ ហើយយើងបានប្រទានបញ្ញត្តិដល់លោក ប៉ុន្តែយើងពុំបានប្រទានបញ្ញត្តិខាងសាច់ឈាមណាមួយដល់លោកឡើយ ត្បិតបញ្ញត្តិរបស់យើងទាំងឡាយជារបស់ខាងវិញ្ញាណ បញ្ញត្តិទាំងនោះ ពុំមែនជារបស់ខាងធម្មជាតិ ឬខាងសាច់ឈាមទេ ពុំមែនជាខាងរូបកាយ ឬខាងកាមរាគដែរ។
៣៦ហើយហេតុការណ៍បានកើតឡើងថា លោកអ័ដាម ដោយត្រូវបានល្បួងដោយអារក្ស — ត្បិតមើលចុះ មានអារក្សមុនមានអ័ដាម ត្បិតវាបានបះបោរទាស់នឹងយើង ដោយទូលថា ៖ សូមប្រទានដល់ទូលបង្គំនូវភាពរុងរឿងរបស់ព្រះអង្គ ដែលជាព្រះចេស្ដារបស់យើង ហើយវាបានបំបែរមួយភាគបីនៃពួកពលបរិវារស្ថានសួគ៌ចេញពីយើងផង ពីព្រោះតែសិទ្ធិជ្រើសរើសរបស់ពួកគេ
៣៧ហើយពួកគេត្រូវបានទម្លាក់ចុះ ហើយក៏មានអារក្ស និងពួកទេវតារបស់វាយ៉ាងដូច្នោះហើយ
៣៨ហើយមើលចុះ មានកន្លែងមួយដែលបានរៀបចំទុកសម្រាប់ពួកគេ ចាប់តាំងពីដើមដំបូងមកម្ល៉េះ ជាកន្លែងហៅថាស្ថាននរក។
៣៩ហើយជាការចាំបាច់ណាស់ថា អារក្សគួរល្បួងកូនចៅមនុស្ស បើពុំនោះសោតទេ ពួកគេពុំអាចធ្វើជាភ្នាក់ងារចំពោះខ្លួនបានឡើយ ត្បិតបើសិនជាពួកគេពុំដែលមានការល្វីងជូរចត់សោះ នោះពួកគេក៏ពុំអាចស្គាល់ការផ្អែមល្ហែមដែរ —
៤០ដូច្នោះហើយ ហេតុការណ៍បានកើតឡើងថា អារក្សបានល្បួងលោកអ័ដាម ហើយលោកក៏បានទទួលទានផ្លែហាមឃាត់ ហើយបានរំលងលើព្រះបញ្ញត្តិ ដោយសារការណ៍នោះហើយ បានជាលោកបានក្លាយទៅជានៅក្រោមបំណងនៃអារក្ស ពីព្រោះលោកបានបណ្ដោយទៅតាមសេចក្ដីល្បួង។
៤១ដូច្នោះហើយ យើងជាព្រះអម្ចាស់ដ៏ជាព្រះ បានបណ្ដាលឲ្យលោកត្រូវដេញចេញពីសួនច្បារអេដែន គឺចេញពីវត្តមានរបស់យើង ពីព្រោះតែការរំលងរបស់លោក ដោយសារការណ៍នោះហើយ បានជាលោកបានក្លាយទៅជាស្លាប់ខាងវិញ្ញាណ ដែលជាសេចក្ដីស្លាប់ទី១ គឺជាសេចក្ដីស្លាប់ដដែល ដែលជាសេចក្ដីស្លាប់ចុងក្រោយបំផុត ដែលជាសេចក្ដីស្លាប់ខាងវិញ្ញាណដែលនឹងត្រូវកាត់ទោសមកលើពួកទុច្ចរិត ក្នុងកាលយើងមានបន្ទូលថា ៖ អ្នករាល់គ្នាដែលត្រូវបណ្ដាសាអើយ ចូរចេញទៅ។
៤២ប៉ុន្តែមើលចុះ យើងប្រាប់អ្នកថា យើងជាព្រះអម្ចាស់ដ៏ជាព្រះ បានប្រទានដល់លោកអ័ដាម និងដល់ពូជលោកថា ពួកគេមិនត្រូវស្លាប់ ដូចជាសេចក្ដីស្លាប់ខាងសាច់ឈាមទេ រហូតដល់យើង ជាព្រះអម្ចាស់ដ៏ជាព្រះ នឹងចាត់ពួកទេវតាឲ្យមកប្រកាសប្រាប់ដល់ពួកគេ អំពីការប្រែចិត្ត និងសេចក្ដីប្រោសលោះ តាមរយៈសេចក្ដីជំនឿជឿដល់ព្រះនាម នៃបុត្រាបង្កើតតែមួយរបស់យើងសិន។
៤៣ហើយយើង ជាព្រះអម្ចាស់ដ៏ជាព្រះ បានកំណត់ដល់មនុស្សនូវពេលវេលានៃការសាកល្បងរបស់គេយ៉ាងដូច្នោះហើយ — ប្រយោជន៍ឲ្យគេអាចបានប្រោសពីអមតភាពទៅរកជីវិតដ៏នៅអស់កល្បជានិច្ច ដោយសារសេចក្ដីស្លាប់ខាងធម្មជាតិរបស់គេ គឺចំពោះអស់អ្នកណាដែលនឹងជឿ
៤៤ហើយពួកអ្នកណាដែលពុំជឿ ទៅរកសេចក្ដីជាប់ទោសដ៏នៅអស់កល្បជានិច្ច ត្បិតពួកគេពុំអាចបានប្រោសលោះឲ្យរួចផុតពីការធ្លាក់ខាងវិញ្ញាណរបស់ពួកគេបានឡើយ ពីព្រោះពួកគេពុំបានប្រែចិត្ត
៤៥ត្បិតពួកគេស្រឡាញ់សេចក្ដីងងឹត ជាជាងពន្លឺ ពីព្រោះអំពើរបស់ពួកគេសុទ្ធតែអាក្រក់ ហើយពួកគេបានទទួលឈ្នួលពីអ្នកណា ដែលពួកគេចុះធ្វើតាម។
៤៦ប៉ុន្តែមើលចុះ យើងប្រាប់អ្នករាល់គ្នាថា កូនក្មេងតូចត្រូវបានប្រោសលោះ ចាប់តាំងពីកំណើតលោកិយមកម្ល៉េះ តាមរយៈព្រះរាជបុត្រាបង្កើតតែមួយរបស់យើង
៤៧ដូច្នោះហើយ ពួកគេពុំអាចធ្វើបាបបានទេ ត្បិតអំណាចពុំបានប្រទានឲ្យអារក្សសាតាំង ដើម្បីទៅល្បួងកូនក្មេងតូចទេ លុះត្រាពួកគេចាប់ផ្ដើមទទួលការខុសត្រូវនៅចំពោះយើងសិន
៤៨ត្បិតត្រូវបានប្រទានដល់ពួកគេ ដូចដែលយើងសព្វព្រះហឫទ័យ គឺតាមបំណងចិត្តរបស់យើងផ្ទាល់ ដើម្បីឲ្យរបស់ដ៏ធំៗ អាចតម្រូវពីដៃនៃឪពុករបស់ពួកគេ។
៤៩ហើយជាថ្មីទៀត យើងប្រាប់អ្នករាល់គ្នាថា អស់អ្នកណាដែលមានចំណេះវិជ្ជា តើយើងពុំបានបញ្ជាឲ្យប្រែចិត្តទេឬអី?
៥០ហើយអ្នកណាដែលគ្មានយោបល់ នោះនៅក្នុងយើង ដើម្បីធ្វើតាមអ្វីដែលបានចែងទុក។ ហើយឥឡូវ យើងមិនប្រកាសប្រាប់អ្នកទៀតទេនៅពេលនេះ។ អាម៉ែន៕