កិច្ចការផ្សព្វផ្សាយសាសនា ៖ ការចែកចាយអំពីអ្វីដែលមាននៅក្នុងដួងចិត្តបងប្អូន
នៅកន្លែងណាក្នុងផែនដីនេះទេ មានឱកាសច្រើនរាប់មិនអស់ដើម្បីចែកចាយដំណឹងល្អអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
កាលពីខែមុន ពួកដប់ពីរនាក់ត្រូវបានអញ្ជើញដោយព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន ឲ្យធ្វើដំណើរជាមួយនឹងលោកទៅចូលរួមការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធរ៉ូម ប្រទេសអ៊ីតាលី ។ ពេលកំពុងធ្វើដំណើរទៅ ខ្ញុំបានគិតអំពីសាវកប៉ុល និងការធ្វើដំណើររបស់គាត់ ។ នៅជំនាន់គាត់ ដើម្បីចេញពីទីក្រុងយេរូសាឡិមទៅកាន់ទីក្រុងរ៉ូម ត្រូវចំណាយពេលប្រហែល ៤០ ថ្ងៃ ។ សព្វថ្ងៃ ដោយជិះនៅលើយន្ដហោះសំណប់ចិត្តខ្ញុំមួយ វាចំណាយពេលតិចជាង ៣ ម៉ោង ។
អ្នកប្រាជ្ញខាងគម្ពីរប៊ីបជឿថា ប៉ុលស្ថិតនៅក្នុងទីក្រុងរ៉ូម នៅពេលគាត់សរសេរសំបុត្រជាច្រើន ដែលជាគន្លឹះដើម្បីពង្រឹងដល់សមាជិកសាសនាចក្រនាជំនាន់នោះ និងជំនាន់បច្ចុប្បន្នផងដែរ ។
ប៉ុល និងសមាជិកដទៃទៀតក្នុងសាសនាចក្រពីបុរាណ ជា ពួកបរិសុទ្ធជំនាន់ដើមបានស្គាល់ច្បាស់ពីការពលិកម្ម ។ មានមនុស្សជាច្រើនត្រូវគេបៀតបៀនយ៉ាងដំណំ រហូតដល់ស្លាប់ ។
កាលពី ២០០ ឆ្នាំមុន សមាជិកនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ពួកបរិសុទ្ធថ្ងៃចុងក្រោយក៏ ជួបបទពិសោធន៍នៃការបៀតបៀនតាមទម្រង់ផ្សេងៗផងដែរ ។ ប៉ុន្តែទោះជាមានការបៀតបៀនក្ដី ( ហើយពេលខ្លះដោយសារតែវា ) នោះសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយបានបន្ដរីកចម្រើន ហើយឥឡូវមាននៅទូទាំងសាកលលោក ។
មានកិច្ចការជាច្រើនដែលត្រូវធ្វើ
ទោះជាយ៉ាងណា ពីមុនយើងដុតនំ បាចផ្កាអបអរសាទរខ្លួនយើងចំពោះជោគជ័យដ៏អស្ចារ្យនេះ យើងត្រូវយល់ពីការរីកចម្រើនរបស់សាសនាចក្រ និងសារៈសំខាន់របស់វាផងដែរ ។
មានមនុស្សប្រហែលជាជាងប្រាំពីរកោដនាក់នៅក្នុងពិភពលោក បើប្រៀបទៅនឹងសមាជិក ១៦ លាននាក់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ — ជាហ្វូងមួយដ៏តូចណាស់ ។
នៅពេលនេះ ចំនួនគ្រឹស្ដសាសនិកនៅក្នុងផ្នែកខ្លះនៃពិភពលោកមានការថយចុះ ។
ទោះជានៅក្នុងសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់ — ខណៈដែលសមាជិកភាពទូទៅបន្ដរីកចម្រើន— ក៏មានមនុស្សជាច្រើនពុំបានទាមទារយកពរជ័យនៃការចូលរួមជាទៀងទាត់ក្នុងសាសនាចក្រដែរ ។
ម្យ៉ាងវិញទៀត មិនថាបងប្អូននៅកន្លែងណាក្នុងផែនដីនេះទេ មានឱកាសច្រើនរាប់មិនអស់ដើម្បីចែកចាយដំណឹងល្អ នៃព្រះយេស៊ូវគ្រីស្ទជាមួយមនុស្សដែលបងប្អូនជួប សិក្សាជាមួយ រស់នៅ ឬ ធ្វើការប្រាស្រ័យទាក់ទងជាមួយ ។
អំឡុងឆ្នាំមុននេះ ខ្ញុំមានឱកាសដ៏រំភើបដើម្បីចូលប្រឡូកនឹងសកម្មភាពផ្សព្វផ្សាយសាសនារបស់សាសនាចក្រទូទាំងពិភពលោក ។ ជាញឹកញាប់ ខ្ញុំពិចារណា និងអធិស្ឋានអំពីការបង្គាប់ដ៏អស្ចារ្យរបស់ព្រះអង្គសង្គ្រោះដល់ពួកសិស្សរបស់ទ្រង់— ពួកយើង ជាកូនចៅរបស់ទ្រង់—ថា « ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធចុះ » ។
ខ្ញុំអធិស្ឋានអំពីសំណួរថា « ក្នុងនាមជាសមាជិក និងជាសិស្សរបស់ព្រះគ្រីស្ទ តើយើងអាចបំពេញតាមការបង្គាប់ដ៏អស្ចារ្យនោះនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានល្អប៉ុណ្ណា ? »
ថ្ងៃនេះ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាសំណួរដូចគ្នានេះនៅក្នុងចិត្ត និងគំនិតបងប្អូន ។
អំណោយទានសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា
ថ្នាក់ដឹកនាំទាំងឡាយរបស់សាសនាចក្របានគូសបញ្ជាក់យ៉ាងច្បាស់ថា « សមាជិកគ្រប់រូបគឺ ជាអ្នកផ្សព្វផ្សាយសាសនា !» អស់ជាច្រើនទសវត្សរ៍មកហើយ ។
សមាជិកទាំងឡាយនៃសាសនាចក្រ— ទាំងជំនាន់មុនក៏ដូចជាជំនាន់យើងដែរ— បានចែកចាយដំណឹងល្អជាមួយមិត្តភក្ដិ និងអ្នកស្គាល់ដោយក្លៀវក្លា និងពេញដោយអំណរ ។ ដួងចិត្តរបស់ពួកគេត្រូវបានឆេះរោលដោយទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយចង់ឲ្យអ្នកដទៃដកពិសោធន៍នូវអំណរដូចដែលពួកគេមាននៅក្នុងដំណឹងល្អរបស់ព្រះអង្គសង្គ្រោះដោយស្មោះ ។
សមាជិកមួយចំនួនក្នុងសាសនាចក្រហាក់ដូចជាមានអំណោយទានសម្រាប់កិច្ចការនេះ ។ ពួកគេចូលចិត្តធ្វើជាសារទូតដំណឹងល្អ ។ ពួកគេបម្រើដោយមោះមុត និងរីករាយ ហើយដឹកនាំកិច្ចការនោះក្នុងនាមជាសមាជិកផ្សព្វផ្សាយសាសនា ។
ទោះជាយ៉ាងណា មានអ្នកដទៃទៀតមានការស្ទាក់ស្ទើរខ្លាំង ។ នៅពេលកិច្ចការផ្សព្វផ្សាយសាសនាត្រូវបានពិភាក្សានៅក្នុងការប្រជុំសាសនាចក្រ មានមនុស្សជាច្រើនឈ្ងោកមុខចុះរហូតដល់បាំងនៅពីក្រោយខ្នងគេ កែវភ្នែករបស់ពួកគេសម្លឹងទៅលើគម្ពីរ ឬបិទភ្នែកសញ្ជឹងគិតដើម្បីមិនមើលទៅសមាជិកដទៃទៀត ។
ហេតុអ្វី? ប្រហែលជាយើងមានអារម្មណ៍សោកស្ដាយដោយពុំបាន ចែកចាយដំណឹងល្អឲ្យបានច្រើន ។ ប្រហែលជាយើងមិនដឹងពីរបៀបធ្វើកិច្ចការនេះ ។ ឬយើងអាចមានអារម្មណ៍ខ្លាចមិនចង់ចេញពីក្រៅតំបន់ស្រណុកសុខស្រួលរបស់យើង ។
ខ្ញុំយល់ការណ៍នេះ ។
ប៉ុន្ដែសូមចងចាំថា ព្រះអម្ចាស់ពុំដែលតម្រូវឲ្យមានកិច្ចការផ្សព្វផ្សាយសាសនាដ៏ល្អឥតខ្ចោះឡើយ ។ ប៉ុន្តែ « ព្រះអម្ចាស់តម្រូវចិត្ត និង គំនិតដែលស្ម័គ្រតាម » ។
បើបងប្អូនសប្បាយចិត្តធ្វើកិច្ចការផ្សព្វផ្សាយសាសនា សូមបន្ដឈរជាគំរូដល់អ្នកដទៃ ។ ព្រះអម្ចាស់នឹងប្រទានពរដល់បងប្អូន ។
ទោះជាយ៉ាងណា បើបងប្អូនមានអារម្មណ៍ថាបងប្អូនពិបាកនៅពេលត្រូវចែកចាយសារលិខិតដំណឹងល្អ ខ្ញុំសូមផ្ដល់យោបល់ពីរឿងប្រាំយ៉ាង ដែលមិនធ្វើឲ្យបងប្អូនសោកសៅ ដែលមនុស្សគ្រប់រូបអាចធ្វើ ដើម្បីរួមចំណែកនៅក្នុងការបង្គាប់ដ៏មហិមារបស់ព្រះអង្គសង្គ្រោះដើម្បីជួយប្រមូលវង្សអ៊ីស្រាអែលបានទេ ?
យោបល់សាមញ្ញប្រាំយ៉ាង
ទីមួយ ខិតទៅជិតព្រះ ។ បទបញ្ញតិ្តធំទីមួយ គឺស្រឡាញ់ព្រះ ។ វាគឺជាមូលហេតុចម្បងមួយថាហេតុអ្វីបានជាយើងនៅលើផែនដីនេះ ។ ចូរសួរខ្លួនបងប្អូនថា « តើខ្ញុំពិតជាជឿទៅលើព្រះវរបិតាសួគ៌ដែរឬទេ ? »
« តើខ្ញុំស្រឡាញ់ និងទុកចិត្ត ទ្រង់ដែរឬទេ ? »
កាលណាបងប្អូនខិតទៅកាន់តែជិតនឹងព្រះវរបិតាសួគ៌យើង នោះពន្លឺ និងអំណររបស់ទ្រង់ នឹងចែងចាំងពីក្នុងខ្លួនបងប្អូន ។ អ្នកដទៃនឹងកត់សម្គាល់ថា មានអ្វីមួយពិសេស និងប្លែកអំពីបងប្អូន ។ ហើយពួកគេនឹងសួរអំពីរឿងនោះ ។
ទីពីរ បំពេញដួងចិត្តបងប្អូនដោយក្ដីស្រឡាញ់ដល់អ្នកដទៃ ។ នេះគឺជាព្រះបញ្ញត្តិធំជាងគេបំផុតទីពីរ ។ ព្យាយាមដើម្បីមើលទៅមនុស្សគ្រប់គ្នានៅជុំវិញបងប្អូនជាកូនរបស់ព្រះពិត ។ ផ្ដល់ការងារបម្រើដល់ពួកគេ — មិនថាពួកគេមានឈ្មោះនៅលើបញ្ជីផ្ដល់ការងារបម្រើរបស់បងប្អូនថាជាបងប្អូនប្រុសស្រីដែលផ្ដល់ការងារបម្រើឬអត់នោះទេ ។
សើចជាមួយពួកគេ ។ រីករាយជាមួយពួកគេ ។ យំជាមួយពួកគេ ។ គោរពពួកគេ ។ ព្យាបាល លើកស្ទួយ និងពង្រឹងពួកគេ ។
ព្យាយាមធ្វើតាមគំរូអំពីក្ដីស្រឡាញ់នៃព្រះគ្រីស្ទ ហើយមានក្ដីមេត្តាចំពោះពួកគេ— ទោះជាពួកគេពុំមានចិត្តល្អនឹងបងប្អូន ចំអកដាក់បងប្អូន ឬចង់ធ្វើទុក្ខបងប្អូនក្ដី ។ ស្រឡាញ់ពួកគេ ហើយប្រព្រឹត្តនឹងពួកគេក្នុងនាមជាកូនចៅរបស់ព្រះវរបិតាសួគ៌ ។
ទីបី ព្យាយាមដើរនៅលើផ្លូវនៃភាពជាសិស្ស ។ នៅពេលក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះ និងកូនចៅរបស់ទ្រង់មានកាន់តែខ្លាំង នោះការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះយេស៊ូវគ្រីស្ទនឹងខ្លាំងផងដែរ ។
បងប្អូនរៀនអំពីផ្លូវរបស់ទ្រង់ ដោយការទទួលទានព្រះបន្ទូលទ្រង់ ព្រមទាំងផ្ទៀងស្ដាប់ ហើយអនុវត្តការបង្រៀនរបស់ពួកព្យាការី និងពួកសាវកបច្ចុប្បន្ន ។ បងប្អូនកាន់តែមានទំនុកចិត្ត និងភាពក្លាហានដើម្បីធ្វើតាមផ្លូវរបស់ទ្រង់ នៅពេលបងប្អូនទូលនឹងព្រះវរបិតាសួគ៌ដោយដួងចិត្តងាយប្រដៅ ។
ដើរនៅលើផ្លូវនៃភាពជាសិស្សត្រូវមានការហាត់រៀន— ជារៀងរាល់ថ្ងៃ បន្ដិចម្ដងៗ « មួយព្រះគុណម្ដងៗ » « មួយបន្ទាត់ម្តងៗ » ។ ពេលខ្លះដើរពីរជំហានទៅមុខ និងមួយជំហានថយក្រោយ ។
រឿងដ៏សំខាន់គឺថាបងប្អូនមិនចុះចាញ់ បងប្អូនបន្ដព្យាយាមដើម្បីធ្វើវាឲ្យត្រឹមត្រូវ ។ ទីបំផុត បងប្អូននឹងបានល្អប្រសើរ កាន់តែសប្បាយ ហើយ ដោយស្មោះ ។ នោះការនិយាយនឹងអ្នកដទៃអំពីជំនឿរបស់បងប្អូន នឹងក្លាយជារឿងធម្មតា និងសាមញ្ញ ។ តាមពិត ដំណឹងល្អនឹងជាផ្នែកមួយដែលមានតម្លៃដ៏សំខាន់ក្នុងជីវិតបងប្អូន រហូតដល់បងប្អូននឹងមានអារម្មណ៍មិនស្រណុក បើ មិននិយាយអំពីវាជាមួយនឹងអ្នកដទៃ ។ រឿងនោះអាចនឹងមិនកើតមានភ្លាមៗនោះទេ— វាគឺជាការខិតខំពេញមួយជីវិត ។ ប៉ុន្តែវានឹងកើតមានឡើង ។
ទីបួន ចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ។ ខ្ញុំមិនបានសុំឲ្យបងប្អូនទៅឈរនៅតាមដងផ្លូវ ហើយមានមេក្រូប្រកាសអំពីខទាំងឡាយក្នុងគម្ពីរមរមនទេ ។ អ្វីដែលខ្ញុំសុំពីបងប្អូនគឺថា បងប្អូនតែងស្វែងរកឱកាសដើម្បីបង្ហាញពីជំនឿរបស់បងប្អូនតាមធម្មតា ហើយទាក់ទងដោយសាមញ្ញជាមួយមនុស្សទូទៅ —ទាំងដោយផ្ទាល់ និងតាមអ៊ិនធើរណិត ។ ខ្ញុំសុំឲ្យបងប្អូន « ឈរជាសាក្សី » នៃព្រះចេស្ដានៃដំណឹងល្អនៅគ្រប់ពេល— និងនៅពេលចាំបាច់ សូមប្រើជាវាចា ។
ដោយសារ « ដំណឹងល្អនៃព្រះគ្រីស្ទ គឺជាព្រះចេស្ដានៃព្រះសម្រាប់នឹងជួយសង្គ្រោះ… » បងប្អូនអាចមានទំនុកចិត្ត ភាពក្លាហាន និងរាបសារ នៅពេលបងប្អូនចែកចាយវា ។ ទំនុកចិត្ត ភាពក្លាហាន និងភាពរាបសារ មើលទៅហាក់ដូចជាជាឥរិយាបទដែលពុំអាចមានក្នុងខ្លួនមនុស្ស តាមពិតវាពុំដូច្នោះទេ ។ វាឆ្លុះបញ្ចាំងអំពីការអញ្ជើញរបស់ព្រះអង្គសង្គ្រោះកុំឲ្យលាក់តម្លៃនៃដំណឹងល្អ និងគោលការណ៍ទាំងឡាយនៅក្រោមថាំង ប៉ុន្តែចូរឲ្យពន្លឺបងប្អូនបានចែងចាំងឡើង ដើម្បីឲ្យកិច្ចការល្អរបស់បងប្អូន អាចថ្វាយសិរីល្អដល់ព្រះវរបិតាសួគ៌របស់បងប្អូន ។
មានរបៀបធម្មតា និងសាមញ្ញជាច្រើនដើម្បីធ្វើរឿងនេះ ចាប់តាំងពីទង្វើល្អៗប្រចាំថ្ងៃដើម្បីធ្វើទីបន្ទាល់ផ្ទាល់ខ្លួននៅលើ YouTube, Facebook, Instagram ឬ Twitter ដើម្បីជាការសន្ទនាសាមញ្ញៗជាមួយមនុស្សដែលបងប្អូនជួប ។ ឆ្នាំនេះយើងរៀននៅក្នុងគម្ពីរសញ្ញាថ្មីនៅក្នុងផ្ទះរបស់យើង និងនៅសាលាថ្ងៃអាទិត្យ ។ ឱនោះជាឱកាសដ៏អស្ចារ្យដើម្បីអញ្ជើញមិត្តភក្ដិ និងអ្នកជិតខាងឲ្យមកព្រះវិហារ និងមកផ្ទះរបស់បងប្អូនដើម្បីរៀនអំពីព្រះអង្គសង្គ្រោះជាមួយនឹងបងប្អូន ។ ចែកចាយជាមួយពួកគេនូវកម្មវិធីបណ្ណាល័យដំណឹងល្អ ដែលពួកគេអាចរកបានសៀវភៅ ចូរមកតាមខ្ញុំ ។ បើបងប្អូនស្គាល់មនុស្សវ័យក្មេង និងគ្រួសាររបស់ពួកគេ សូមឲ្យសៀវភៅ ដើម្បីកម្លាំងនៃយុវជន ទៅពួកគេ ហើយអញ្ជើញពួកគេឲ្យមក ហើយមើលពីរបៀបដែលយុវជនរបស់យើងព្យាយាមរស់នៅតាមគោលការណ៍ទាំងនេះយ៉ាងដូចម្ដេច ។
បើមនុស្សម្នាក់សួរអំពីចុងសប្ដាហ៍របស់បងប្អូនបានធ្វើអ្វី ចូរកុំស្ទាក់ស្ទើរក្នុងការនិយាយអំពីអ្វីដែលបងប្អូនមានបទពិសោធន៍នៅព្រះវិហារ ។ សូមប្រាប់អំពីកុមារតូចៗដែលឈរនៅខាងលើវេទិកាពីមុខក្រុមជំនុំ ហើយច្រៀងចម្រៀងដោយក្លៀវក្លាអំពីរបៀបដែលពួកគេព្យាយាមប្រែក្លាយដូចជាព្រះយេស៊ូវ ។ និយាយអំពីក្រុមយុវវ័យដែលចំណាយពេលជួយដល់មនុស្សជរាដែលនៅផ្ទះដើម្បីប្រមូលព័ត៌មានប្រវត្តិផ្ទាល់ខ្លួន ។ និយាយអំពីការផ្លាស់ប្ដូរថ្មីៗនៅក្នុងកាលវិភាគការប្រជុំថ្ងៃអាទិត្យរបស់យើង និងរបៀបដែលវាប្រទានពរដល់គ្រួសាររបស់បងប្អូន ។ ឬពន្យល់អំពីមូលហេតុដែលយើងគូសបញ្ជាក់ថា នេះគឺជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ហើយថាយើងគឺជាពួកបរិសុទ្ធថ្ងៃចុងក្រោយ ក៏ដូចជាសមាជិកសាសនាចក្រពីបុរាណដែលត្រូវបានហៅថា ពួកបរិសុទ្ធផងដែរ ។
តាមវិធីណាក៏ដោយដែលវាងាយស្រួលសម្រាប់បងប្អូន សូមចែកចាយជាមួយនឹងមនុស្សអំពីមូលហេតុដែលព្រះយេស៊ូវគ្រីស្ទ និងសាសនាចក្ររបស់ទ្រង់សំខាន់ចំពោះបងប្អូន ។ សូមអញ្ជើញពួកគេឲ្យ « មក ហើយមើល » ។ បន្ទាប់មកលើកទឹកចិត្តពួកគេឲ្យ មក ហើយជួយ ។ មានឱកាសជាច្រើនសម្រាប់មនុស្សដើម្បីជួយនៅក្នុងសាសនាចក្ររបស់យើង ។
មិនអធិស្ឋានសម្រាប់តែពួកអ្នកផ្សព្វផ្សាយសាសនាដើម្បីស្វែងរកមនុស្សជម្រើសប៉ុណ្ណោះនោះទេ ។ សូមអធិស្ឋានជាប្រចាំថ្ងៃដោយអស់ពីដួងចិត្តបងប្អូន ដើម្បីបងប្អូននឹងរកឃើញអ្នកទាំងឡាយដែលនឹង មក ហើយមើល មក ហើយជួយ និង មកហើយនៅ ។ ហៅពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងឲ្យចូលរួមជាមួយបងប្អូន ។ ពួកគេដូចជាពួក ទេវតា ចាំត្រៀមជួយ !
នៅពេលបងប្អូនចែកចាយដំណឹងល្អ ជាដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ សូមធ្វើដោយក្ដីស្រឡាញ់ និងអត់ធ្មត់ ។ បើយើងទំនាក់ទំនងនឹងមនុស្សដោយរំពឹងថាពួកគេនឹងមកភ្លាម រួចពាក់អាវជ្រមុជទឹក ហើយសួររកទិសដៅទៅកាន់អាងជ្រមុជទឹកដែលនៅជិតបំផុត នោះយើងកំពុងតែធ្វើខុសហើយ ។
មនុស្សមួយចំនួនដែលមកមើល នឹង ប្រហែលជាមិនចូលរួមក្នុងសាសនាចក្រទេ មនុស្សមួយចំនួននឹងចូលរួមនៅពេលក្រោយ ។ នោះគឺជាជម្រើសរបស់ពួកគេ ។ ប៉ុន្តែនោះពុំផ្លាស់ប្ដូរសេចក្ដីស្រឡាញ់របស់យើងចំពោះពួកគេឡើយ ។ ហើយវាមិនផ្លាស់ប្ដូរការខិតខំដ៏ក្លៀវក្លារបស់យើងដើម្បីបន្ដអញ្ជើញបុគ្គលម្នាក់ៗ និងក្រុមគ្រួសារឲ្យ មក ហើយមើល មកហើយជួយនិង មកហើយ នៅនោះទេ។
ទីប្រាំ ទុកចិត្តទៅលើព្រះដើម្បីធ្វើការអព្ភូតហេតុរបស់ទ្រង់ ។ យល់ថាវាពុំមែនជាកិច្ចការរបស់យើងដើម្បីផ្លាស់ប្រែមនុស្សនោះទេ ។ នោះគឺជាតួនាទីរបស់វិញ្ញាណបរិសុទ្ធ ។ តួនាទីរបស់បងប្អូនគឺចែកចាយនូវអ្វីដែលមានក្នុងចិត្តបងប្អូន ហើយរស់នៅតាមដោយខ្ជាប់ខ្ជួននឹងជំនឿរបស់បងប្អូន ។
ដូច្នេះសូមកុំបាក់ទឹកចិត្តឡើយ បើមនុស្សម្នាក់ពុំទទួលយកសារលិខិតដំណឹងល្អភ្លាមៗនោះ ។ វាពុំមែនជាការបរាជ័យផ្ទាល់ខ្លួនទេ ។
នោះគឺរវាងបុគ្គលម្នាក់នោះ និងព្រះវរបិតាសួគ៌ ។
តួនាទីបងប្អូនគឺស្រឡាញ់ព្រះ និងស្រឡាញ់អ្នកជិតខាង ជាកូនចៅរបស់ទ្រង់ ។
ជឿ ស្រឡាញ់ និង ធ្វើ ។
ធ្វើតាមផ្លូវនេះ ព្រះនឹងធ្វើការអព្ភូតហេតុតាមរយៈបងប្អូនដើម្បីប្រទានពរដល់កូនចៅដ៏មានតម្លៃរបស់ទ្រង់ ។
យោបល់ទាំងប្រាំនេះនឹងជួយបងប្អូនឲ្យធ្វើអ្វីដែលពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទបានធ្វើតាំងពីបុរាណកាល ។ ដំណឹងល្អ និងសាសនាចក្ររបស់ទ្រង់គឺមានចំណែកសំខាន់មួយក្នុងជីវិតរបស់បងប្អូន និងបងប្អូនជានរណា និងអ្វីដែលបងប្អូនធ្វើ ។ ហេតុដូច្នោះហើយ សូមអញ្ជើញអ្នកដទៃឲ្យ មក ហើយមើលនិង មក ហើយជួយនោះព្រះនឹងធ្វើកិច្ចការសង្គ្រោះរបស់ទ្រង់ ហើយពួកគេនឹងមក ហើយនៅ ។
ប៉ុន្តែចុះបើវាលំបាកវិញ ?
« ប៉ុន្តែ » បងប្អូនអាចសួរ « ចុះតើខ្ញុំធ្វើអ្វីៗទាំងអស់នេះ ហើយមនុស្សនៅតែមិនសូវឆ្លើយតបទៀតវិញ ? ចុះបើពួកគេរិះគន់សាសនាចក្រវិញនោះ ? ចុះបើពួកគេមិនរាប់អានខ្ញុំនោះ ?
បាទ រឿងនោះអាចកើតមានឡើង ។ តាំងពីបុរាណកាលមក ពួកសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ជាញឹកញាប់ត្រូវគេបៀតបៀន ។ សាវកពេត្រុសបានថ្លែងថា « ត្រូវអរសប្បាយ … ដោយព្រោះអ្នកមានចំណែកក្នុងការរងទុក្ខរបស់ព្រះគ្រីស្ទ » ។ ពួកបរិសុទ្ធជំនាន់មុន អរសប្បាយ « ពីព្រោះព្រះបានរាប់ជាអ្នកគួរនឹងទ្រាំសេចក្តីដំនៀល ដោយព្រោះព្រះនាមទ្រង់ » ។
សូមចងចាំថា ព្រះអម្ចាស់ធ្វើកិច្ចការតាមរបៀបដ៏អាថ៌កំបាំង ។ វាអាចថាតាមរយៈការឆ្លើយតបក្នុងលក្ខណៈដូចជាព្រះគ្រីស្ទចំពោះការបដិសេធ នោះដួងចិត្តរឹងរូសអាចត្រូវបានបន្ទន់ ។
ក្នុងនាមជាសាវកម្នាក់របស់ព្រះអម្ចាស់ យេស៊ូវគ្រីស្ទ ខ្ញុំសូមប្រទានពរដល់បងប្អូនឲ្យមាន ទំនុកចិត្ត ធ្វើជាទីបន្ទាល់រស់អំពីតម្លៃនៃដំណឹងល្អ ដោយ ភាពក្លាហាន ដើម្បីតែងតែទទួលស្គាល់ក្នុងនាមជាសមាជិកនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយ រាបសារ ដើម្បីជួយនៅក្នុងកិច្ចការរបស់ទ្រង់ជាការបង្ហាញសេចក្ដីស្រឡាញ់របស់បងប្អូនចំពោះព្រះវរបិតាសួគ៌ និងកូនចៅរបស់ទ្រង់ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ បងប្អូននឹងរីករាយនៅក្នុងការដឹងថា បងប្អូនមានចំណែកសំខាន់មួយនៅក្នុងការប្រមូលវង្សអ៊ីស្រាអែលដែលបានទាយទុកមកជាយូរ រៀបចំសម្រាប់ការយាងមករបស់ព្រះគ្រីស្ទ « បំពាក់ដោយព្រះចេស្តា និង សិរីល្អជាខ្លាំង ជាមួយនឹងពួកទេវតាបរិសុទ្ធទាំងអស់ » ។
ព្រះវរបិតាសួគ៌ស្គាល់បងប្អូន ។ ព្រះអម្ចាស់ស្រឡាញ់បងប្អូន ។ សូមព្រះប្រទានពរដល់បងប្អូន ។ កិច្ចការនេះត្រូវបានតែងតាំងពីទ្រង់ ។ បងប្អូនអាចធ្វើវាបាន ។ យើងទាំងអស់គ្នាអាចធ្វើកិច្ចការនេះរួមគ្នាបាន ។
ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។