ឆ្នាំ ២០១០-២០១៩
យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង

សូម​ផ្ដោត​ការយកចិត្តទុកដាក់​របស់​បងប្អូនទៅលើ​ការប្រែចិត្ត ប្រចាំថ្ងៃជាគ្រឹះ​ក្នុង​ជីវិត​របស់​បងប្អូន ដែល​បងប្អូន​អាច​អនុវត្ត​បព្វជិតភាព​ដោយ​អំណាច​កាន់តែ​ខ្លាំង​ជាង​មុន ។

បងប្អូនប្រុស​ជា​ទីស្រឡាញ់ វា​គឺ​ជា​ការ​បំផុសគំនិត​ដើម្បី​មើល​ទៅ​កាន់​ក្រុម​ជំនុំ​​នៃ​កងទ័ព​​នៃ​អ្នកកាន់បព្វជិតភាព​ដ៏​ធំ​របស់​ព្រះអម្ចាស់​នេះ ។​ បងប្អូន​ជា​កម្លាំង​នៃ​សេចក្ដីល្អ​ដ៏​មហិមា ! យើង​ស្រឡាញ់​បងប្អូន ។ យើងអធិស្ឋានសម្រាប់បងប្អូន ។ ហើយ​យើង​មាន​អំណរគុណ​ខ្លាំង​បំផុត​ចំពោះ​បងប្អូន ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ឃើញ​ថា ខ្លួន​ខ្ញុំបាន​ផ្ដោត​​​ចិត្តទៅលើ​ការ​បង្រៀន​របស់ព្រះអម្ចាស់​ដែល​បាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស្ម៊ីធ ថា ៖ « កុំ​ថា​អ្វី​ដល់​ដំណរ​នេះ​ឡើយ លើក​លែង​តែ​ការ​ប្រែចិត្ត » ។ ការ​ប្រកាស​នេះ​ ជាញឹកញាប់​ត្រូវ​បាន​ថ្លែង​ដដែលៗ​នៅ​ពេញ​បទគម្ពីរ ។ វា​បំផុសសំណួរ​ជាក់​ស្ដែង​មួយ​ថា « តើ មនុស្ស​គ្រប់រូប ត្រូវការ​ប្រែចិត្ត​ឬ ? » ចម្លើយ​គឺ​មែនហើយ​ត្រូវការ​ប្រែចិត្ត ។

មាន​មនុស្ស​ច្រើនណាស់​គិត​ថា ការប្រែចិត្ត​ជា​ទណ្ឌកម្ម —ជា​អ្វី​មួយ​ដែល​ត្រូវ​ចៀសវាង លើក​លែង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ ។ ប៉ុន្តែ​អារម្មណ៍​​នៃ​ការដាក់​ទណ្ឌកម្ម​នេះ គឺ​បណ្ដាល​មក​ពី​សាតាំង ។ វា​ព្យាយាម​រារាំង​យើង​ពី​ការ​មើល​ឆ្ពោះ​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​គង់ចាំ​ទាំង​ព្រះហស្ត​លាតលា ដោយសង្ឃឹម ហើយ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើ​ឲ្យ​បរិសុទ្ធ និង​ញែក​យើង​ជា​បរិសុទ្ធ ។

ពាក្យសម្រាប់ ការប្រែចិត្ត នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​ជាភាសា​ក្រិច​គឺ metanoeo ។ បុព្វបទ​នៃ​ពាក្យ​ថា meta មាន​ន័យ​ថា « ផ្លាស់ប្ដូរ » ។ បច្ច័យបទ noeo គឺទាក់ទង​ទៅនឹង​ពាក្យ​ក្រិចដែល​មានន័យ​ថា « គំនិត » « ចំណេះដឹង » « វិញ្ញាណ » និង « ខ្យល់​ដង្ហើម » ។

ដូច្នេះ នៅពេល​ព្រះយេស៊ូវ​សុំបងប្អូន និង​ខ្ញុំ​ឲ្យ​ « ប្រែចិត្ត »  ទ្រង់​កំពុង​អញ្ជើញ​យើង​ឲ្យផ្លាស់ប្ដូរ​គំនិត ចំណេះដឹង វិញ្ញាណ— ព្រមទាំង​របៀប​ដែល​យើង​ដកខ្យល់ដង្ហើម ។ ទ្រង់​កំពុង​សុំ​ឲ្យយើង​ផ្លាស់របៀប​ដែល​យើង​ស្រឡាញ់ គិត បម្រើ ចំណាយពេល ការប្រព្រឹត្ត​ចំពោះ​ភរិយា បង្រៀន​កូនៗ​យើង ព្រមទាំង​ការ​ថែទាំ​រាងកាយ​របស់​យើង​ផង ។

គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះការ​រីកចម្រើន​របស់​យើង​ម្នាក់ៗ​​ជាង​ការ​ផ្ដោត​ទៅលើ​ការ​ប្រែចិត្ត​ជាទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះទេ ។ កា​រប្រែ​ចិត្ត​មិន​មែន​ជាព្រឹត្តិការណ៍ដែល​កើតមាន​តែ​ម្ដង​​នោះ​ទេ វា​គឺ​ជា​ដំណើរការមួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​ក្នុង​គំនិត ។ នៅពេល​ផ្គួប​គ្នា​ជាមួយ​នឹង​សេចក្ដីជំនឿ នោះ​ការ​ប្រែចិត្ត​បើកច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ទោះជា​បងប្អូន​កំពុង​ដើរ​ដោយ​ឧស្សាហ៍ព្យាយាម​នៅលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ ឬបាន​ភ្លាត់ ឬ​រអិល​ចេញ​ពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា ឬ​មិន​អាច​មើល​ឃើញ​ផ្លូវ​ពី​ត្រង់កន្លែង​ដែលបងប្អូន​នៅ​ឥឡូវ​នេះ​ក្ដី ខ្ញុំ​សូម​អង្វរ​ឲ្យ​បងប្អូ​ន​ប្រែចិត្ត ។ សូម​ទទួល​បទពិសោធន៍​នៃ​ការ​ពង្រឹង​អំណាច​នៃ​ការ​ប្រែចិត្ត​ប្រចាំ​ថ្ងៃ— ក្នុង​ការ​ធ្វើ ឬ​ធ្វើជា​មនុស្ស​​ប្រសើរ​ជាង​បន្ដិច​ម្ដងៗ​ជា​រៀងរាល់ថ្ងៃ ។

នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ផ្លាស់ប្ដូរ ! យើង​អនុញ្ញា​ត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​​នៃ​ខ្លួន​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ— ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ !

បងប្អូន​ប្រុស យើង​ចាំបាច់​ត្រូវ​ ធ្វើ ឲ្យ​កាន់តែ​ល្អ​ប្រសើរ ហើយធ្វើជា​មនុស្ស ល្អ​ប្រសើរ​ ដោយសារ​យើង​ស្ថិត​នៅ​ក្នុង​ចម្បាំង ។ ចម្បាំង​នឹង​អំពើបាប​គឺ​មានពិត ។ មារសត្រូវ​កំពុង​បង្កើន​ការ​ខិតខំ​របស់​វា​ដើម្បី​រំខាន​ដល់ទីបន្ទាល់ ហើយ​រារាំង​កិច្ចការ​របស់​ព្រះអម្ចាស់ ។ វា​កំពុងឲ្យ​អាវុធដ៏​មាន​អានុភាព​ដល់​ពួក​អ្នក​បម្រើ​វា ដើម្បី​រារាំង​​យើង​ពី​ការទទួល​ទាន​នៃ​អំណរ និង​សេចក្ដីស្រឡាញ់​របស់​ព្រះអម្ចាស់ ។​​

ការប្រែចិត្ត​គឺ​ជា​គន្លឹះ​ដើម្បី​ចៀសវាង​ពី​សេចក្ដីអាក្រក់​ដែល​បណ្ដាល​មក​ពី​អន្ទាក់​នៃ​មារសត្រូវ ។ ព្រះអម្ចាស់​ពុំ​រំពឹង​ភាព​ល្អឥតខ្ចោះ​ពី​យើង ​អំឡុង​ពេល​នៃ​ការ​រីកចម្រើន​អស់កល្បជានិច្ច​របស់​យើង​នេះ​ឡើយ ។ ប៉ុន្តែ​ទ្រង់​រំពឹង​ឲ្យ​យើង​កាន់តែ​បាន​បរិសុទ្ធ ។ ការប្រែចិត្ត​ប្រចាំ​ថ្ងៃ គឺជាច្រកទ្វារ​ទៅ​កាន់​បរិសុទ្ធភាព ហើយ​បរិសុទ្ធភាព​នាំ​មក​នូវ​កម្លាំង ។ ​បរិសុទ្ធភាព​ផ្ទាល់ខ្លួន​អាច​ធ្វើ​ឲ្យ​យើងក្លាយ​ជា​ឧបករណ៍​ដ៏​មាន​អានុភាព​នៅក្នុង​ព្រះហស្ត​របស់ព្រះ ។ ការប្រែចិត្ត​របស់យើង—បរិសុទ្ធភាព​របស់យើង— នឹង​ផ្ដល់​ព្រះចេស្ដា​ដល់​យើង​ដើម្បី​ជួយ​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​អ៊ីស្រាអែល ។

ព្រះអម្ចាស់​បាន​បង្រៀនព្យាការី​​យ៉ូសែប ស្ម៊ីធ​ ថា « ​សិទ្ធិ​ទាំង​ឡាយ​នៃ​បព្វជិតភាព គឺ​ជាប់​ជាមួយ​នឹង​អំណាច​ទាំង​ឡាយ​នៃ​ស្ថាន​សួគ៌ ដែល​មិន​អាច​បំបែក​បាន​ឡើយ ហើយ​ថា​អំណាច​នៃ​ស្ថាន​សួគ៌​ពុំ​អាច​ត្រួតត្រា ឬ​កាន់​កាប់​បាន​ឡើយ លើក​លែងតែ​ដោយ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​ប៉ុណ្ណោះ » ។

យើង​ដឹង​អ្វី​ដែល​នឹង​ផ្ដល់​លទ្ធភាព​កាន់តែ​ខ្លាំង​ដើម្បី​ទទួលបានអំណាច​នៃ​ស្ថានសួគ៌ ។ យើង​ក៏​ដឹង​នូវ​អ្វី​ដែល​នឹង​បង្អាក់​ការ​រីកចម្រើន​របស់​យើង​ផងដែរ — ជា​អ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ឈប់​ធ្វើដើម្បី​ចម្រើនការ​ទទួល​បាន​អំណាច​នៃ​ស្ថានសួគ៌ ។ បងប្អូន​ប្រុស សូម​​ព្យាយាម​យល់​អំពី​អ្វី​ដែល​រារាំង​ផ្លូវ​នៃ​ការ​ប្រែចិត្ត​ប្រកប​ដោយ​ការ​អធិស្ឋាន ។ សូមស្គាល់អំពី​អ្វីដែល បញ្ឈប់ បងប្អូន​មិន​ឲ្យ​ប្រែចិត្ត ។ បន្ទាប់​​មក សូមផ្លាស់ប្ដូរ ! ប្រែ​ចិត្ត ! យើង​ទាំងអស់​គ្នា​អាច​ធ្វើ​បានល្អ​ប្រសើរ ហើយ​ជា​មនុស្ស​ល្អ​ប្រសើរ​ជាង​ពី​មុន ។

មាន​វិធី​ជាក់លាក់​ដែល​យើង​ទំនងជា​អាច​កែលម្អ ។ វិធីមួយ​គឺ​ជា​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​រូបរាងកាយ​យើង ។ ខ្ញុំ​ស្ងើចសរសើរណាស់​ចំពោះ​អព្ភូតហេតុ​នៃ​រូបរាងកាយ​មនុស្ស ។ វា​គឺជា​ការ​បង្ក​បង្កើត​ដ៏​អស្ចារ្យ​មួយ សំខាន់​ចំពោះការ​រីកចម្រើន​បន្ដិចម្ដងៗ​របស់​យើង​ឆ្ពោះ​ទៅរក​សក្ដានុពល​ដ៏​ទេវភាព​នៅ​ទីបញ្ចប់​របស់​យើង ។ យើង​ពុំ​អាច​រីកចម្រើន​ដោយ​គ្មាន​វា​បាន​ទេ ។ ព្រះបាន​អនុញ្ញាត​ឲ្យ​យើង​បោះជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ការ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ដោយ​ការ​ប្រទាន​អំណោយទាន​ជា​រូបរាង​កាយ​ដល់​យើង ។

សាតាំង​យល់​អំពី​រឿង​នេះ ។ វា​ខឹង​សម្បារ​ ដោយសារតែដែល​ការក្បត់របស់​វា​ពី​មុន​ជីវិត​រមែងស្លាប់​របស់​វា​ ធ្វើ​ឲ្យ​វា​ពុំ​អាច​មាន​ឯកសិទ្ធិ​នេះជា​រៀងរហូត ហើយ​វា​ស្ថិត​នៅក្នុង​ស្ថានភាព​នៃ​ការច្រណែន និង​ការ​អន់ចិត្ត​នេះជានិច្ច ។ ដូច្នេះ​មាន​ការល្បួង​ជាច្រើន បើ​មិន​ទាំងអស់ទេនោះ វា​បាន​ដាក់ការល្បួង​លើ​ផ្លូវ​របស់​យើង​ដែល​បណ្ដាល​ឲ្យយើង​បំពាន​លើ​រូបរាង​កាយ​របស់យើង និង​រូបរាងកាយ​របស់​អ្នកដទៃ ។ ដោយសារ​សាតាំង​រងទុក្ខ​នឹងការ គ្មាន រូបរាងកាយ នោះ​វា​ចង់​ឲ្យ​យើង​រងទុក្ខ ដោយសារ​រូបរាងកាយ​របស់​យើង​ដូចជា​វា​ដែរ ។

រូបកាយ​របស់​បងប្អូនគឺ​ជា​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់​ខ្លួន​របស់​បងប្អូន ដែលបាន​បង្កើត​ឡើង​ជា​ដំណាក់​ខាង​វិញ្ញាណ​ដ៏​អស់កល្បជានិច្ច​របស់​បងប្អូន ។ ការ​មើលថែ​ព្រះវិហារបរិសុទ្ធ​របស់​បងប្អូន​នោះ គឺ​សំខាន់ ។ ឥឡូវ​នេះ បងប្អូន​ប្រុស​អើយ ខ្ញុំ​សូម​សួរ​បងប្អូន​​ថា ៖ តើ​បងប្អូន​ចាប់​អារម្មណ៍​ចំពោះ​ការស្លៀកពាក់ និងការ​តុបតែងខ្លួន​ខាង​រូបកាយ​តាម​របៀប​លោកិយ ច្រើនជាង​​ធ្វើ​ឲ្យ​ព្រះសព្វព្រះទ័យ​ដែរឬទេ ? ចម្លើយ​របស់​បងប្អូន​ចំពោះ​សំណួរ​នេះ​ផ្ញើសារ​ទៅ​ទ្រង់​ផ្ទាល់​អំពី​អារម្មណ៍​របស់​បងប្អូន ទាក់ទង​ទៅនឹង​អំណោយដ៏​អស្ចារ្យ​របស់​ទ្រង់​ដល់​បងប្អូន ។ នៅ​ក្នុងការគោរពដល់​រូបរាងកាយ​របស់យើង បងប្អូន​ប្រុសអើយ ខ្ញុំ​គិត​ថា យើងអាច​ធ្វើបាន​ល្អប្រសើរ ហើយ​ធ្វើជា​មនុស្ស​ល្អប្រសើរជាង ។

វិធីមួយ​ទៀត ដែល​យើង​អាច​ធ្វើ​បាន​ល្អ​ប្រសើរ និង​ធ្វើជា​មនុស្ស​ល្អប្រសើរផងដែរ​នោះ​គឺ របៀប​ដែល​យើង​គោរព​ដល់​ស្ត្រី​នៅ​ក្នុង​ជីវិត​របស់​យើង ចាប់​ផ្ដើម​ជាមួយ​នឹង​ភរិយា​របស់​យើង កូនស្រី​របស់​យើង ម្ដាយរបស់យើង និង​បងប្អូន​ស្រី​របស់​យើង ។

ជាច្រើន​ខែ​កន្លង​ទៅ ខ្ញុំ​ទទួល​បាន​សំបុត្រដ៏​ឈឺចិត្ត​មួយ​មកពី​ប្អូន​ស្រីជា​ទីស្រឡាញ់​ម្នាក់ ។ នាង​សរសេរ​ថា ៖ « [ កូនស្រីខ្ញុំ និង​ខ្ញុំ ] មានអារម្មណ៍​ថា ​យើង​ស្ថិត​នៅ​ក្នុង​​ឧបសគ្គ​ដ៏​តានតឹង​មួយ ដែល​ប្ដី និង​កូន​ប្រុស​របស់​យើងគិតតែ​ផ្ដោតទៅ​លើ​ព័ត៌មាន​កីឡាមួយសប្ដាហ៍​ម្ភៃ​បួនម៉ោង វីដេអូហ្គេម ព័ត៌មាន​ទីផ្សារភាគហ៊ុន [ និង ] ការវិភាគ និង​ការ​មើល​កីឡា​គ្រប់​ប្រភេទ​ពុំ​ចេះចប់ពុំចេះហើយ ។ យើង​មានអារម្មណ៍​ថា ដូចជា​យើង​ពុំសំខាន់​សម្រាប់​ប្ដី និង​កូន​ប្រុស​របស់​យើងទេ​ ដោយសារ​តែ [ កីឡា និង​ល្បែងកម្សាន្ត ] គឺជា​របស់​សំខាន់​របស់​ពួកគេ​ទៅហើយ ។​

បងប្អូនប្រុស កាតព្វកិច្ចទីមួយដ៏​សំខាន់​របស់​បងប្អូន​ ​ក្នុងនាមជា​អ្នកកាន់បព្វជិតភាព​គឺ​ស្រឡាញ់ និង​មើលថែ​ភរិយា​របស់បងប្អូន ។ ក្លាយជា​មនុស្ស​តែ​មួយ​នឹង​នាង ។ ធ្វើ​ជាដៃគូ​របស់​នាង ។ សូម​ធ្វើ​ឲ្យ​នាង​​​ចង់​ធ្វើ​ជា​ដៃ​គូ​របស់​បងប្អូន​ដោយ​ងាយ ។ ពុំ​គួរ​មាន​អ្វី​ផ្សេង​ក្នុងជីវិត​មក​ជំនួស​អាទិភាព​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង​ដ៏អស់កល្បជានិច្ច​ជាមួយ​នឹង​នាង​ឡើយ ។ គ្មានអ្វីមួយនៅលើកញ្ចក់ ទូរទស្សន៍ ទូរសព្ទ ឬ​កុំព្យូទ័រ​សំខាន់ជាង​សុខុមាលភាព​របស់​នាង​ឡើយ ។ សូម​ពិនិត្យ​មើល​របៀប​ដែលបងប្អូនចំណាយ​ពេល​ ហើយ​ថា តើ​បងប្អូន​បានលះបង់​ថាមពល​ទៅ​កន្លែង​ណា​ខ្លះ ។ ការណ៍​នោះ​នឹង​ប្រាប់បងប្អូន​ថា ដួង​ចិត្ត​របស់​បងប្អូន​កំពុង​ផ្ដោត​លើ​អ្វីហើយ ។ សូមអធិស្ឋាន​ឲ្យ​ដួងចិត្ត​របស់​បងប្អូន​វេញជា​ធ្លុងតែ​មួយនឹង​ដួងចិត្ត​នៃ​ភរិយា​របស់​​បងប្អូន ។ សូមព្យាយាម​នាំអំណរ​ឲ្យ​នាង​ ។ សុំការ​ប្រឹក្សា​ពីនាង ហើយស្ដាប់ ។ គំនិត​របស់​នាង​នឹង​កែលម្អ​លទ្ធផល​របស់បងប្អូន ។

បើ​បងប្អូន​ចាំបាច់​ត្រូវ​ប្រែចិត្ត​ដោយសារ​តែ​របៀប​ដែល​បងប្អូន​ប្រព្រឹត្ត​ចំពោះ​ស្ត្រី​ដែល​នៅជិត​នឹង​រូប​បងប្អូន​បំផុត​នោះ សូម​ចាប់​ផ្ដើម​ឥឡូវ​នេះចុះ ។ ហើយ​សូម​ចងចាំ​ថា វា​គឺ​ជា​ការ​ទទួលខុសត្រូវ​របស់​ បងប្អូន ដើម្បី​ជួយ​ស្ត្រី​នៅ​ក្នុង​ជីវិត​បងប្អូន​ទទួល​បាន​ពរជ័យ​ដែល​កើត​មាន​មក​ពី​ការ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ព្រហ្មចារីភាព​របស់​ព្រះអម្ចាស់ ។ សូមបងប្អូន​​កុំ​ធ្វើ​ជា​ហេតុ​ដែល​ស្ត្រី​ម្នាក់​ពុំ​អាច​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារបរិសុទ្ធ​របស់​នាង​នោះ​ឡើយ ។

បងប្អូនប្រុស យើង​ទាំងអស់​គ្នា​ចាំបាច់​ត្រូវ​ប្រែចិត្ត ។ យើង​ចាំបាច់​ត្រូវ​ក្រោក​ចេញ​ពី​កៅអ៊ីសាឡុង ដាក់ទុក​តេឡេទូរទស្សន៍ ហើយ​ភ្ញាក់​ពីការ​ងោគងុយ​ខាង​វិញ្ញាណ​របស់​យើង​ទៅ ។ វា​ដល់​ពេល​ត្រូវ​ពាក់​គ្រឿង​សឹក​ពេញ​លេញ​របស់​ព្រះ​ ដើម្បី​យើងអាច​ចូលរួម​នៅ​ក្នុង​កិច្ចការ​សំខាន់បំផុត​នៅលើ​ផែនដី ។ វា​ដល់​ពេលត្រូវ « លូកកណ្ដៀវ​របស់​អ្នក ហើយ​ច្រូត​ដោយ​អស់ពី​ពលំ អស់​ពី​គំនិត និង​អស់​ពី​កម្លាំង​របស់​អ្នក​ចុះ » ។ កម្លាំង​របស់​អារក្ស​ពុំ​ដែលធ្លាប់​មាន​ខ្លាំង​ដូចជា​នៅ​សព្វថ្ងៃនេះទេ ។ ក្នុងនាមជា​អ្នក​បម្រើ​របស់​ព្រះអម្ចាស់ យើង​មិន​អាច​ងោគងុយ​នៅក្នុង​ចម្បាំង​ដែល​មិន​ចេះ​ចប់​នេះ​ឡើយ ។

គ្រួសារ​របស់​បងប្អូន​ត្រូវការ​ការ​ដឹកនាំ និង​ក្ដី​ស្រឡាញ់​របស់​បងប្អូន ។ កូរ៉ុម និង​អ្នកទាំងឡាយ​នៅ​ក្នុង​វួដ​ ឬ​សាខា​របស់​បងប្អូន​ត្រូវការ​កម្លាំង​របស់​បងប្អូន ។ ហើយ​អស់​អ្នក​ដែល​ជួប​នឹង​បងប្អូន​ចាំបាច់​ត្រូវ​ដឹង​ថា​ ការ​ធ្វើ​ជា​សិស្ស​ពិត​របស់​ព្រះអម្ចាស់មាន​លក្ខណៈយ៉ាងណា ហើយ​​ធ្វើ​ទង្វើយ៉ាងណា ។

បងប្អូន​ប្រុស​ជា​ទីស្រឡាញ់ ព្រះវរបិតារបស់​យើងបាន​ជ្រើសរើសបងប្អូន​​មក​កាន់​ផែនដី​ក្នុង​គ្រា​ដ៏​សំខាន់​នេះ ដោយសារ​តែ​សកម្មភាព​ខាង​វិញ្ញាណ​​នៅ​ជីវិត​មុន​ជីវិត​រមែងស្លាប់​របស់​បងប្អូន ។ បងប្អូន​ស្ថិត​នៅ​ក្នុង​ចំណោម​បុរស​ដ៏​ល្អ​បំផុត និង​ក្លាហាន​បំផុត ដែល​មក​កាន់​ផែនដី ។ សាតាំង​ស្គាល់​បងប្អូន​ថា បងប្អូន​​ជា​នរណា ហើយ​​ស្គាល់​បងប្អូន​តាំង​ពីជីវិត​មុន​ជីវិត​រមែង​ស្លាប់ ហើយ​វាយល់​អំពី​កិច្ចការ​ដែល​ត្រូវ​តែ​ធ្វើឲ្យ​ហើយ ពី​មុន​ព្រះអង្គសង្គ្រោះ​យាង​ត្រឡប់មកវិញ ។ ហើយ​បន្ទាប់​ពី​ការ​អនុវត្តល្បិចភូតភរ​របស់​វាអស់​ជាច្រើន​សហសវត្សរ៍មក មារសត្រូវ​ពោរពេញដោយពិសោធន៍ និង​ពុំ​អាច​ប្រដៅ​បាន​ឡើយ ។

សំណាងល្អណាស់ ដែល​បព្វជិតភាព​យើង​កាន់​នេះ​មាន​ភាព​រឹងមាំ​ជាង​ឧបាយកល​របស់​មារ​សត្រូវ ។ ខ្ញុំ​សូម​អង្វរ​ឲ្យ​បងប្អូន​ធ្វើជា​បុរស និង​ជាយុវជន​ដែល​ព្រះអម្ចាស់​ត្រូវការ​ឲ្យ​បងប្អូន​ប្រែ​ក្លាយ ។ សូម​ផ្ដោត​ការយកចិត្តទុកដាក់​របស់​បងប្អូនទៅលើ​ការប្រែចិត្ត ប្រចាំថ្ងៃ ជាគ្រឹះ​ក្នុង​ជីវិត​របស់​បងប្អូន ដែល​បងប្អូន​អាច​អនុវត្ត​បព្វជិតភាព​ដោយ​អំណាច​កាន់តែ​ខ្លាំង​ជាង​មុន ។ នេះ​គឺ​ជា​របៀប​តែ​មួយ​គត់​ដែល​បងប្អូន​នឹង​រក្សា​ខ្លួន និង​គ្រួសារ​របស់​បងប្អូន​ឲ្យមាន​​សុវត្ថិភាព​ខាង​វិញ្ញាណ​នៅ​ក្នុង​សម័យ​ដ៏មាន​ឧបសគ្គ​ខាង​មុខ​នេះ ។

ព្រះអម្ចាស់​ត្រូវការ​បុរស​ដែល​ពុំ​អាត្មានិយម ដែល​ដាក់​សុខុមាលភាព​របស់​អ្នកដទៃ​ពី​មុន​ខ្លួន​ពួកគេ ។ ទ្រង់​ត្រូវការ​បុរស​ដែល​ធ្វើ​ការ​ដោយ​បំណងចិត្ត​ចង់​ស្ដាប់​សំឡេង​នៃ​ព្រះវិញ្ញាណ​យ៉ាងច្បាស់ ។ ទ្រង់​ត្រូវការ​បុរស​នៃ​សេចក្ដីសញ្ញា​ដែល​រក្សា​សេចក្ដីសញ្ញា​របស់​ពួកគេ​ដោយ​សុចរិតភាព ។ ទ្រង់​ត្រូវការ​បុរស​ដែល​ប្ដេជ្ញា​ចិត្ត​រក្សា​ខ្លួន​ពួកគេ​ឲ្យ​មាន​បរិសុទ្ធភាព​ខាង​ផ្លូវភេទ— ជា​បុរស​ស័ក្ដិសម​ដែលអាច​ហៅបាន​ភ្លាម​ដើម្បី​ផ្ដល់​ការ​ប្រសិទ្ធពរ​ដោយ​ដួងចិត្ត​បរិសុទ្ធ គំនិត​ស្អាតស្អំ និង​ដោយ​ដៃស្ម័គ្រចិត្ត ។ ព្រះអម្ចាស់​ត្រូវការ​បុរស​ដែល​ចង់​ប្រែចិត្ត—បុរស​ដែល​មានចិត្ត​ព្យាយាម​បម្រើ ហើយ​ចូលរួម​ក្នុង​កងទ័ពអ្នក​កាន់បព្វជិតភាព​ស័ក្ដិសម​​​របស់ព្រះអម្ចាស់​ ។

ខ្ញុំ​សូម​ផ្តល់ពរ​ដល់​បងប្អូន​ឲ្យ​ក្លាយ​ជា​បុរស​ទាំងនោះ ។ ខ្ញុំ​សូមផ្តល់ពរ​ដល់​បងប្អូន​ឲ្យ​មានភាព​ក្លាហានដើម្បី​ប្រែចិត្ត​ប្រចាំ​ថ្ងៃ ហើយ​រៀន​​អនុវត្ត​អំណាច​បព្វជិតភាព​ពេញលេញ ។ ខ្ញុំ​សូម​ផ្តល់ពរ​ដល់​បងប្អូន​ឲ្យ​ប្រាស្រ័យ​ទាក់​ទង​នឹង​ភរិយា និងកូនៗ ព្រម​ទាំងមនុស្ស​ទាំងអស់​ដែល​បងប្អូន​ស្គាល់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​សូម​ផ្តល់​ពរ​ដល់​បងប្អូន​ឲ្យ ធ្វើ ល្អ​ជាង និង ធ្វើជា​ មនុស្ស​ប្រសើរ​ជាង ។ ហើយ​ខ្ញុំ​សូម​ប្រទានពរ​ដល់​បងប្អូនថា នៅពេល​បងប្អូន​ធ្វើ​ការ​ខិតខំ​ទាំងនេះ បងប្អូន​នឹង​ដកពិសោធន៍នូវ​អព្ភូតហេតុ​នៅក្នុង​ជីវិត​បងប្អូន ។

យើង​ប្រឡូក​ចូល​ក្នុង​កិច្ចការ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ។ ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ ។ ពួក​យើង​គឺ​ជា​អ្នក​បម្រើ​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដូច្នោះ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។