« ចូរមកតាមខ្ញុំ »
ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យដើរលើផ្លូវនៃសេចក្ដីសញ្ញាត្រឡប់ទៅកាន់ផ្ទះយើងវិញ ទៅរកព្រះបិតាមាតាសួគ៌របស់យើង ហើយនឹងមនុស្សជាទីស្រឡាញ់របស់យើង ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ភរិយារបស់ខ្ញុំវិនឌី និងខ្ញុំរីករាយនៅជាមួយបងប្អូននាព្រឹកថ្ងៃឈប់សម្រាកនេះ ។ មានរឿងជាច្រើនបានកើតឡើង ចាប់តាំងពីសន្និសីទទូទៅមុន ។ ព្រះវិហារបរិសុទ្ធថ្មីត្រូវបានឧទ្ទិសឆ្លងនៅ ខនស៊ិបសូន ឈីលី, បារ៉ាន់ជីឡា កូឡុំប៊ី និង រ៉ូម អ៊ីតាលី ។ យើងមានបទពិសោធន៍នៃការចាក់ស្រោចព្រះវិញ្ញាណដ៏បរិបូរណ៍នៅក្នុងព្រឹត្តិការណ៍ដ៏ពិសិដ្ឋនេះ ។
ខ្ញុំអបអរសាទរដល់ស្ត្រី ( និងបុរស ) ជាច្រើនដែលថ្មីៗបានអានព្រះគម្ពីរមរមន ហើយរកបានអំណរ និងរតនសម្បត្តិដែលលាក់កំបាំង ។ ខ្ញុំទទួលបានការបំផុសគំនិតតាមរបាយការណ៍អំពីអព្ភូតហេតុដែលបានទទួល ។
ខ្ញុំស្ងើចចំពោះយុវជនអាយុ ១១ ឆ្នាំ ដែលឥឡូវជាឌីកុន មានភាពស័ក្ដិសមចែកសាក្រាម៉ង់ជារៀងរាល់ថ្ងៃអាទិត្យ ។ ពួកគេទៅព្រះវិហារបរិសុទ្ធជាមួយនឹងយុវនារីអាយុ ១១ ឆ្នាំ ដែលឥឡូវកំពុងរៀន និងជាប៊ីហៃបម្រើយ៉ាងសកម្ម ។ ទាំងយុវជន និងយុនារីកំពុងផ្សាយសេចក្ដីពិតដំណឹងល្អដោយច្បាស់លាស់ និងការជឿជាក់ ។
ខ្ញុំរីករាយចំពោះកុមារ និងយុវវ័យដែលកំពុងជួយបង្រៀនដំណឹងល្អនៅក្នុងគេហដ្ឋានរបស់ពួកគេ នៅពេលពួកគេធ្វើការជាមួយនឹងឪពុកម្ដាយដើម្បីធ្វើតាមកម្មវិធីផ្ដោតទៅលើគ្រួសារ ដែលសាសនាចក្រផ្ដល់ការគាំទ្រ ។
យើងទទួលបានរូបថតរបស់ ប្លាក អាយុ ៤ ឆ្នាំ ដែលបានទាញយកសៀវភៅសាសនាចក្រមួយចេញមកនៅពេលព្រឹកព្រលឹមថ្ងៃសៅរ៍ ហើយថ្លែងឡើងថា « ខ្ញុំចាំបាច់ត្រូវឲ្យចំណីខាងវិញ្ញាណរបស់ខ្ញុំ ! »
ប្លាក យើងរីករាយដែលចៅ និងក្មេងៗដទៃទៀតកំពុងជ្រើសរើសផ្ដល់ចំណីខាងវិញ្ញាណ ដោយការទទួលទានសេចក្ដីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ ។ ហើយយើងរីករាយពេលដឹងថា មានមនុស្សជាច្រើនកំពុងទទួលយកព្រះចេស្ដារបស់ព្រះនៅក្នុងជីវិតពួកគេ នៅពេលពួកគេថ្វាយបង្គំ ហើយបម្រើនៅក្នុងព្រះវិហារបរិសុទ្ធ ។
ដូចបងប្អូនជាច្រើនបានដឹងហើយ គ្រួសាររបស់យើងបានទទួលការឈឺចាប់កាលបីខែកន្លងទៅ នៅពេលកូនស្រី វិនឌីរបស់យើងបានចែកឋានពីជីវិតរមែងស្លាប់នេះទៅ ។ នៅថ្ងៃចុងក្រោយនៃការច្បាំងនឹងជំងឺមហារីករបស់នាង់ ខ្ញុំមានពរដោយមានឱកាសសន្ទនាលាគ្នារវាងឪពុក និងកូនស្រី ។
ខ្ញុំបានឱបគាត់ក្នុងដៃ ហើយប្រាប់គាត់ថាខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ ហើយមានអំណរគុណដែលខ្ញុំបានធ្វើជាឪពុករបស់គាត់ ។ ខ្ញុំបាននិយាយថា ៖ « កូនបានរៀបការក្នុងព្រះវិហារបរិសុទ្ធ ហើយបានគោរពតាមសេចក្ដីសញ្ញារបស់កូនដោយស្មោះត្រង់ ។ កូន និងប្ដីរបស់កូនមានកូនប្រាំពីរនាក់នៅក្នុងផ្ទះ ហើយបានចិញ្ចឹមពួកគេធ្វើជាពួកសិស្សដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទ ជាសមាជិកសាសនាចក្រដ៏ក្លាហាន និងជាពលរដ្ឋដែលជួយសង្គម ។ ហើយពួកគេបានជ្រើសរើសដៃគូជីវិតដែលមានគុណសម្បត្តិដូចគ្នា ។ ឪពុកមានមោទនភាពខ្លាំងណាស់ចំពោះកូន ។ កូនបាននាំក្ដីអំណរយ៉ាងច្រើនដល់ឪពុក ! »
នាងបានឆ្លើយតបដោយស្ងាត់ស្ងៀម « អរគុណ ប៉ា » ។
វាពិតជាគ្រាមួយដ៏ទន់ភ្លន់ និងទឹកភ្នែកចំពោះពួកយើង ។ អំឡុងវ័យ ៦៧ ឆ្នាំរបស់គាត់ យើងបានធ្វើការជាមួយគ្នា ច្រៀងជាមួយគ្នា ហើយជាញឹកញាប់បានជិះស្គីជាមួយគ្នា ។ ប៉ុន្តែនៅល្ងាចនោះ យើងបាននិយាយនូវរឿងដែលសំខាន់បំផុតដូចជា សេចក្ដីសញ្ញា ពិធីបរិសុទ្ធ ការគោរពប្រតិបត្តិ ជំនឿ គ្រួសារ ភក្ដីភាព សេចក្ដីស្រឡាញ់ និងជីវិតអស់កល្បជានិច្ច ។
យើងនឹកកូនស្រីរបស់យើងខ្លាំងណាស់ ។ ទោះជាយ៉ាងណា ដោយសារតែដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ យើងមិនបារម្ភអំពីគាត់ទេ ។ នៅពេលយើងបន្ដគោរពសេចក្ដីសញ្ញារបស់យើងជាមួយព្រះ នោះយើងរស់នៅជួបជុំគ្នានឹងគាត់ម្ដងទៀត ។ ទន្ទឹមនឹងនោះ យើងកំពុងបម្រើព្រះអម្ចាស់នៅទីនេះ ហើយគាត់កំពុងបម្រើទ្រង់នៅទីនោះ— ក្នុងស្ថានបរមសុខ ។
តាមពិត ភរិយាខ្ញុំ និងខ្ញុំបានទៅក្រុងផារ៉ាដាយពីដើមឆ្នាំនេះ—នោះគឺ ក្រុងផារ៉ាដាយ រដ្ឋកាលីហ្វូញ៉ា ។ នៅពេលវាបានកើតឡើង កាលវិភាគរបស់យើងទៅទីនោះមានតិចជាង ៤០ ម៉ោងបន្ទាប់ពីកូនស្រីយើងបានលាចាកលោកនេះ ។ យើង ព្រមទាំងអែលឌើរ ខេវីន ដបុលយូ ភៀរសិន និងភរិយាលោកឈ្មោះ ជូន ត្រូវបានពួកបរិសុទ្ធនៅស្ដេកឈីកូ កាលីហ្វូញ៉ា ជួយគាំពារ ។ យើងបានរៀនពីសេចក្ដីជំនឿដ៏ខ្លាំង ការផ្ដល់ការងារបម្រើរបស់ពួកគេ និងអព្ភូតហេតុជាច្រើនដែលបានកើតឡើងនៅកណ្ដាលការបាត់បង់ដ៏អស់សង្ឃឹមរបស់ពួកគេ ដោយសារការបំផ្លាញជាដំណំមកពីភ្លើងឆេះព្រៃនៅក្នុងប្រវត្តិសាស្ត្ររដ្ឋកាលីហ្វូញ៉ា ។
ខណៈពេលនៅទីនោះ យើងបាននិយាយជាយូរជាមួយនឹងមន្ត្រីប៉ូលីសវ័យក្មេងម្នាក់ឈ្មោះ ចន ដែលជាអ្នកឆ្លើយតបដំបូងគេដ៏ក្លាហានម្នាក់ ។ គាត់បានប្រាប់អំពីភាពងងឹតដ៏ក្រាស់ដែលធ្លាក់មកលើក្រុងផារ៉ាដាយនៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ជាអណ្ដាតភ្លើង និងរងើកភ្លើងប្រដេញតាមទីក្រុង លេបត្របាក់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិជាច្រើនដូចជាទារុណកម្មមួយ ហើយគ្មានបន្សល់ទុកអ្វីសោះ ក្រៅពីគំនរផេះផង់ និងគំនរឡភ្លើងឡើយ ។
ក្នុងរយៈពេល ១៥ ម៉ោង ចន បានបើកឡានកាត់ភាពងងឹត ដែលមានលំពែងរងើកភ្លើងគំរាមគំហែងយ៉ាងលឿន នៅពេលគាត់ជួយមនុស្សម្នាក់ហើយម្នាក់ទៀត គ្រួសារមួយហើយគ្រួសារមួយទៀតឲ្យភាសចេញដោយសុវត្ថិភាព—មនុស្សទាំងដែលហៀបនឹងគ្រោះថ្នាក់ដល់ជីវិត ។ ប៉ុន្តែអំឡុងពេលការរងទុក្ខដ៏ខ្លាំង អ្វីដែល ចន រន្ធត់ខ្លាំងបំផុតនោះ គឺជាសំណួរសំខាន់នេះថា ៖ « តើគ្រួសារខ្ញុំនៅឯណា ? » បន្ទាប់ពីអស់រយៈពេលជាច្រើនម៉ោងនៃការបារម្ភភ័យខ្លាច ទីបំផុតគាត់បានដឹងពីការជម្លៀសខ្លួនសុវត្ថិភាពរបស់ពួកគេ ។
ដំណើររឿងនៃការបារម្ភរបស់ ចន ចំពោះគ្រួសារគាត់ត្រូវបានបំផុសគំនិតខ្ញុំឲ្យថ្លែងនៅថ្ងៃនេះដល់បងប្អូនដែលអាចនឹងសួរនៅពេលជិតចូលដល់ចុងបញ្ចប់នៃជីវិតរមែងស្លាប់ខ្លួនថា « តើគ្រួសារខ្ញុំនៅឯណា ? » នៅក្នុងថ្ងៃខាងមុខនោះ នៅពេលអ្នកនឹងបញ្ចប់ការសាកល្បងនៃជីវិតរមែងស្លាប់របស់បងប្អូន ហើយចូលទៅពិភពវិញ្ញាណ បងប្អូននឹងនាំឲ្យប្រឈមមុខនឹងសំណួរឈឺចាប់ក្នុងដួងចិត្តថា ៖ « តើគ្រួសារខ្ញុំនៅឯណា ? »
ព្រះគ្រីស្ទបង្រៀនពីរបៀបត្រឡប់ទៅកាន់គេហដ្ឋានដ៏អស់កល្បជានិច្ចយើងវិញ ។ ទ្រង់យល់អំពីការរីកចម្រើននៃផែនការដ៏អស់កល្បជានិច្ចរបស់ព្រះវរបិតាសួគ៌យើងប្រសើរជាងយើងទាំងអស់គ្នា ។ លើសពីនោះ ទ្រង់គឺជាថ្មគន្លឹះនៃអ្វីៗគ្រប់យ៉ាង ។ ទ្រង់ជាព្រះប្រោសលោះ ជាអង្គព្យាបាល និងជាព្រះអង្គសង្គ្រោះរបស់យើង ។
ចាប់តាំងពីអ័ដាម និងអេវ៉ាត្រូវបានបណ្ដេញចេញពីសួនច្បារអេដែនមក ព្រះយេស៊ូវគ្រីស្ទបានបើកព្រះហស្តដ៏ធំដើម្បីជួយអស់អ្នកដែលជ្រើសរើសធ្វើតាមទ្រង់ ។ ព្រះគម្ពីរបានកត់ត្រាដដែលៗថា មិនថាមនុស្សគ្រប់ប្រភេទមានអំពើបាបប្រភេទណាទេ ព្រះហស្តទ្រង់បានលាតលាចាំជានិច្ច ។
តាមធម្មជាតិ វិញ្ញាណយើងម្នាក់ៗឈោងទៅរកសេចក្ដីស្រឡាញ់ជាគ្រួសារដល់អស់កល្បជានិច្ច ។ ចម្រៀងនៃក្ដីស្រឡាញ់រក្សាក្ដីសង្ឃឹមក្លែងក្លាយថា សេចក្ដីស្រឡាញ់គឺជាអ្វីដែលអ្នកត្រូវការ បើអ្នកចង់នៅជាមួយគ្នាជារៀងរហូត ។ ហើយអ្នកខ្លះជឿដោយខុសឆ្គងថា ការរស់ឡើងវិញនៃព្រះយេស៊ូវគ្រីស្ទផ្ដល់ការសន្យាថា មនុស្សគ្រប់គ្នានឹងនៅជាមួយនឹងមនុស្សជាទីស្រឡាញ់របស់ខ្លួនបន្ទាប់ពីសេចក្ដីស្លាប់ ។
តាមពិត ព្រះអង្គសង្គ្រោះផ្ទាល់បានប្រាប់យ៉ាងច្បាស់ថា ខណៈដែលការរស់ឡើងវិញរបស់ទ្រង់អះអាងថាមនុស្សគ្រប់រូបដែលធ្លាប់រស់នៅនឹងបានរស់ឡើងវិញ ហើយរស់នៅជារៀងរហូតពិតមែន បើយើងចង់មានឯកសិទ្ធិខ្ពស់នៃភាពតម្កើងឡើង នោះយើងតម្រូវឲ្យមានអ្វីៗជាច្រើនទៀត ។ សេចក្ដីសង្គ្រោះគឺជាបញ្ហាបុគ្គលម្នាក់ៗ ប៉ុន្តែភាពលើកតម្កើងឡើងគឺជាបញ្ហាជាគ្រួសារមួយ ។
សូមស្ដាប់ព្រះបន្ទូលទាំងនេះដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានថ្លែងទៅព្យាការីទ្រង់ ៖ « គ្រប់ទាំងសេចក្ដីសញ្ញា កិច្ចសន្យា សំបុត្រធានា កាតព្វកិច្ច សម្បថ ការសច្ចា ការប្រព្រឹត្តិ ការរួបរួម ការចូលរួម ឬការសង្ឃឹម ដែលពុំបានធ្វើ ហើយចូល ហើយភ្ជាប់ ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យា … នោះសុទ្ធតែគ្មានប្រសិទ្ធិភាព អំណាច ឬអានុភាព នៅក្នុង និងក្រោយពីដំណើររស់ពីស្លាប់ឡើងវិញឡើយ ត្បិតគ្រប់ទាំងកិច្ចសន្យាណាដែលពុំបានធ្វើចំពោះគោលបំណងនេះ នោះក៏ឈប់ដែរ នៅពេលមនុស្សស្លាប់ទៅ » ។
ដូច្នេះ តើមានកិច្ចតម្រូវអ្វីខ្លះដើម្បីគ្រួសារមួយត្រូវបានតម្កើងឡើងជារៀងរហូត ? យើងស័ក្ដិសមនឹងឯកសិទ្ធិនោះ តាមរយៈការធ្វើសេចក្ដីសញ្ញាជាមួយនឹងព្រះ រក្សាសេចក្ដីសញ្ញាទាំងនោះ ហើយទទួលពីធីបរិសុទ្ធសំខាន់ៗ ។
រឿងនេះជាការពិតចាប់តាំងពីដើមដំបូងនៃការបង្កបង្កើត ។ អ័ដាម និង នាងអេវ៉ា ណូអេ និងភរិយា លោក អ័ប្រាហាំ និងសារ៉ា លីហៃ និងសារ៉ាយ និងគ្រប់ពួកសិស្សស្មោះត្រង់ដទៃទៀតទាំងអស់របស់ព្រះយេស៊ូវគ្រីស្ទ—ចាប់តាំងពីលោកិយបង្កបង្កើត—បានធ្វើសេចក្ដីសញ្ញាដូចគ្នាជាមួយនឹងព្រះ ។ ពួកគេបានទទួលពិធីបរិសុទ្ធដូចគ្នានឹងយើងដែលជាសមាជិកនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ព្រះអម្ចាស់បានទទួលនៅថ្ងៃនេះដែរ ៖ សេចក្ដីសញ្ញាទាំងឡាយដែលយើងទទួលបាននៅពិធីបុណ្យជ្រមុជទឹក និងនៅក្នុងព្រះវិហារបរិសុទ្ធ ។
ព្រះអង្គសង្គ្រោះអញ្ជើញមនុស្សទាំងអស់ឲ្យទៅតាមទ្រង់ចុះក្នុងទឹកនៃពិធីបុណ្យជ្រមុជទឹក ហើយធ្វើសេចក្ដីសញ្ញាបន្ថែមជាមួយព្រះនៅក្នុងព្រះវិហារបរិសុទ្ធ និងទទួល ហើយស្មោះត្រង់ចំពោះពិធីបរិសុទ្ធសំខាន់បន្ថែមទៀតទាំងនោះ ។ អ្វីៗទាំងនេះតម្រូវពីយើង បើយើងចង់បានភាពតម្កើងឡើងជាមួយគ្រួសារយើង និងជាមួយព្រះជារៀងរហូត ។
ការបារម្ភនៃដួងចិត្តខ្ញុំគឺថា មនុស្សជាច្រើនដែលខ្ញុំស្រឡាញ់ កោតសរសើរ និងគោរពមិនទទួលយកការអញ្ជើញរបស់ទ្រង់ ។ ពួកគេពុំខ្វល់នឹងការទូលអង្វររបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលទ្រង់បោយព្រះហស្តហៅ « ចូរមកតាមខ្ញុំ » ។
ខ្ញុំដឹងពីមូលហេតុដែលព្រះទ្រង់ព្រះកន្សែង ។ ខ្ញុំក៏យំផងដែរចំពោះមិត្តភក្ដិ និងសាច់ញាតិទាំងនោះ ។ ពួកគេគឺជាបុរស និងស្ត្រីដែលអស្ចារ្យ លះបង់ចំពោះគ្រួសារ និងទទួលខុសត្រូវចំពោះសហគមន៍ ។ ពួកគេផ្ដល់ពេលវេលា ថាមពល និងធនធានដោយសប្បុរស ។ ហើយពិភពលោកបានល្អប្រសើរដោយសារការខិតខំរបស់ពួកគេ ។ ប៉ុន្តែពួកគេបានជ្រើសរើសមិនចុះសេចក្ដីសញ្ញាជាមួយព្រះ ។ ពួកគេមិនទទួលយកពិធីបរិសុទ្ធដែលតម្កើងពួកគេនឹងក្រុមគ្រួសារ ហើយចងភ្ជាប់ពួកគេនៅជាមួយគ្នាជារៀងរហូត ។
ឱ ខ្ញុំបន់ថាខ្ញុំអាចទៅជួបនឹងពួកគេ ហើយអញ្ជើញពួកគេឲ្យពិចារណាឲ្យហ្មត់ចត់ចំពោះក្រឹត្យវិន័យសុពលរបស់ព្រះអម្ចាស់ ។ ខ្ញុំងឿងឆ្ងល់ចំពោះអ្វីដែលខ្ញុំអាចនិយាយដើម្បីឲ្យពួកគេមានអារម្មណ៍ពីទំហំនៃក្ដីស្រឡាញ់ដែលព្រះអង្គសង្គ្រោះមានដល់ពួកគេ ដឹងថាខ្ញុំស្រឡាញ់ពួកគេប៉ុណ្ណា ហើយទទួលស្គាល់ថា បុរសស្ត្រីដែលបានចុះសេចក្ដីសញ្ញាអាចទទួលបាន « ភាពពេញលេញនៃសេចក្ដីអំណរ » ប៉ុណ្ណា ។
ពួកគេចាំបាច់ត្រូវយល់ថា ខណៈពេលដែលមានកន្លែងមួយសម្រាប់ពួកគេបន្ទាប់ពីជីវិតនេះ— ជាមួយនឹងបុរសស្ត្រីដ៏ល្អដែលមិនជ្រើសរើសចុះសេចក្ដីសញ្ញាជាមួយព្រះផងដែរ— នោះគឺពុំមែនជាកន្លែងដែលក្រុមគ្រួសារនឹងសាមគ្គីគ្នា ហើយត្រូវបានផ្ដល់នូវឯកសិទ្ធិដើម្បីរស់នៅ និងរីកចម្រើនជានិរន្ដរ៍នោះទេ ។ នោះគឺពុំមែន ជានគរដែលពួកគេនឹងមានបទពិសោធន៍ពេញលេញនៃអំណរ— នៃការរីកចម្រើន និងសុភមង្គលដែលពុំចេះចប់នោះទេ ។ ពរជ័យនៅទីបំផុតទាំងនោះ អាចកើតមានតែតាមរយៈការរស់នៅក្នុងនគរសេឡេស្ទាលដ៏តម្កើងឡើងជាមួយនឹងព្រះ ជាព្រះវរបិតាសួគ៌របស់យើង ព្រះរាជបុត្រាទ្រង់ ព្រះយេស៊ូវគ្រីស្ទ និងសមាជិកក្រុមគ្រួសារដ៏ល្អ មានភាពស័ក្ដិសម និងមានគុណសម្បត្តិដើម្បីទៅទីនោះប៉ុណ្ណោះ ។
ខ្ញុំទទួលអារម្មណ៍បំផុសគំនិតដើម្បីថ្លែងរឿងនេះទៅមិត្តដែលស្ទាក់ស្ទើររបស់ខ្ញុំ ៖
« នៅក្នុងជីវិតនេះ បងប្អូនពុំបានរីករាយនឹងអ្វីដែលជាជម្រើសទីពីរនោះទេ ។ ប៉ុន្តែនៅពេលបងប្អូនទទូចឱបក្រសោបយ៉ាងពេញលេញនូវដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ នោះបងប្អូនកំពុងជ្រើសរើសរីករាយនឹងអ្វីដែលជម្រើសទីពីរនោះ ។
ព្រះអង្គសង្គ្រោះបានបន្ទូលថា ‹ នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំមានទីលំនៅជាច្រើន › ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលបងប្អូនជ្រើសរើសមិនចុះសេចក្ដីសញ្ញាជាមួយនឹងព្រះ នោះបងប្អូនកំពុងតែទទួលយកដំបូលតូចទាបបំផុតមួយជ្រកកោននៅពេញទាំងគ្រប់ភាពអស់កល្បជានិច្ច » ។
ខ្ញុំនឹងសុំបន្ថែមទៀតទៅដល់មិត្តស្ទាក់ស្ទើររបស់ខ្ញុំដោយនិយាយថា ៖
« ចូរចាក់ស្រោចដួងចិត្តរបស់បងប្អូនទៅរកព្រះ ។ ទូលសួរទៅទ្រង់បើរឿងទាំងនេះគឺជាការពិត ។ រកពេលសិក្សាព្រះបន្ទូលទ្រង់ ។ ពិតជាសិក្សា ! បើបងប្អូនពិតជាស្រឡាញ់គ្រួសារ ហើយបើបងប្អូនចង់បានតម្កើងឡើងជាមួយនឹងពួកគេនៅអស់ទាំងភាពអស់កល្បជានិច្ច សូមធ្វើរាល់អ្វីដែលចាំបាច់ដើម្បីទទួលបានវាពីពេលឥឡូវនេះទៅ—តាមរយៈការសិក្សាដោយហ្មត់ចត់ និងការអធិស្ឋានដោយអង់អាច— ដើម្បីស្គាល់សេចក្ដីពិតដ៏អស់កល្បជានិច្ចទាំងនេះ បន្ទាប់មកគោរពតាមវា ។
បើបងប្អូនមិនប្រាកដថាបងប្អូនអាចជឿទៅលើព្រះ សូមចាប់ផ្ដើមពីត្រង់នេះទៅ ។ សូមយល់ថា កាលណាអវត្តមានពីបទពិសោធន៍ទាំងឡាយជាមួយព្រះ នោះមនុស្សអាចនឹងសង្ស័យអំពីវត្តមានរបស់ព្រះ ។ ដូច្នេះ សូមដាក់ខ្លួនអ្នកទៅក្នុងកន្លែងមួយដើម្បីចាប់ផ្ដើមមានបទពិសោធន៍ទាំងឡាយជាមួយទ្រង់ ។ បន្ទាបខ្លួន ។ អធិស្ឋានដោយកែវភ្នែកចង់មើលឃើញព្រះហស្តរបស់ព្រះនៅក្នុងជីវិតរបស់បងប្អូន ហើយនឹងពិភពលោកជុំវិញបងប្អូន ។ ទូលសូមទ្រង់ឲ្យប្រាប់បងប្អូន បើទ្រង់ពិតជាគង់នៅ—បើទ្រង់ពិតជាស្គាល់បងប្អូន ។ ទូលសួរទ្រង់ថាទ្រង់មានព្រះទ័យយ៉ាងណាចំពោះបងប្អូន ។ បន្ទាប់មក ស្តាប់ » ។
មិត្តសំឡាញ់ម្នាក់នេះរបស់ខ្ញុំ មានបទពិសោធន៍មានកំណត់ជាមួយនឹងព្រះ ។ ប៉ុន្តែគាត់ចង់នៅជាមួយនឹងភរិយាដែលស្លាប់ទៅរបស់គាត់ ។ ដូច្នេះ គាត់សុំខ្ញុំឲ្យជួយគាត់ ។ ខ្ញុំលើកទឹកចិត្តដល់គាត់ឲ្យជួបនឹងអ្នកផ្សព្វផ្សាយសាសនារបស់យើងដើម្បីយល់ពីគោលលទ្ធិរបស់ព្រះគ្រីស្ទ ហើយរៀនអំពីសេចក្ដីសញ្ញា ពិធីបរិសុទ្ធ និងការប្រសិទ្ធពរទាំងឡាយនៃដំណឹងល្អ ។
ហើយគាត់បានធ្វើតាម ។ ប៉ុន្តែគាត់មានអារម្មណ៍ថាផ្លូវដែលពួកគេបានផ្ដល់ដំបូន្មាន នឹងតម្រូវឲ្យគាត់ធ្វើការផ្លាស់ប្ដូរច្រើនពេកក្នុងជីវិតរបស់គាត់ ។ គាត់បាននិយាយថា « បទបញ្ញត្តិ និងសេចក្ដីសញ្ញាទាំងនោះលំបាកខ្លាំងណាស់ចំពោះខ្ញុំ ។ ហើយខ្ញុំក៏ពុំអាចថ្វាយដង្វាយមួយភាគក្នុងដប់ ហើយខ្ញុំពុំមានពេលបម្រើនៅក្នុងសាសនាចក្របានដែរ » ។ បន្ទាប់មក គាត់បានសួរខ្ញុំថា « នៅពេលខ្ញុំស្លាប់ទៅ សូមធ្វើកិច្ចការព្រះវិហារបរិសុទ្ធដែលចាំបាច់ឲ្យខ្ញុំ និងភរិយាខ្ញុំ ដើម្បីឲ្យពួកយើងអាចនៅជាមួយគ្នាម្ដងទៀត » ។
សំណាងហើយដែលខ្ញុំពុំមែនជាចៅក្រមរបស់បុរសម្នាក់នេះ ។ ប៉ុន្តែខ្ញុំមិនប្រាកដថា វាមានប្រសិទ្ធភាពឬទេ កាលធ្វើកិច្ចការព្រះវិហារបរិសុទ្ធជំនួសឲ្យបុរសម្នាក់ ដែលមានឱកាសទទួលបុណ្យជ្រមុជទឹកក្នុងជីវិតនេះ—ដើម្បីតែងតាំងបព្វជិតភាព ហើយទទួលពរជ័យព្រះវិហារបរិសុទ្ធពេលនៅក្នុងជីវិតរមែងស្លាប់នេះ—ប៉ុន្តែបែរជាសម្រេចចិត្តដោយមនសិការបដិសេធមិនដើរលើផ្លូវនោះទៅវិញ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់ ព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យដើរលើផ្លូវនៃសេចក្ដីសញ្ញាត្រឡប់ទៅកាន់ផ្ទះយើងវិញ ទៅរកព្រះបិតាមាតាសួគ៌របស់យើង និងមនុស្សជាទីស្រឡាញ់របស់យើង ។ ទ្រង់អញ្ជើញយើងថា « ចូរមកតាមខ្ញុំ »។
ឥឡូវ ក្នុងនាមជាប្រធានសាសនាចក្ររបស់ទ្រង់ ខ្ញុំសូមអង្វរដល់បងប្អូនដែលបានឃ្លាតឆ្ងាយពីសាសនាចក្រ ព្រមទាំងបងប្អូនដែលពុំទាន់បានស្វែងយល់ដឹងថា សាសនាចក្ររបស់ព្រះអង្គសង្គ្រោះត្រូវបានស្ដារឡើងវិញ ។ សូមធ្វើនូវកិច្ចការខាងវិញ្ញាណស្វែងយល់ដោយខ្លួនឯង ហើយសូមធ្វើវាឥឡូវនេះ ។ ជិតអស់ម៉ោងហើយ ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះមានព្រះជន្មរស់ ! ព្រះយេស៊ូវជាព្រះគ្រីស្ទ ។ សាសនាចក្ររបស់ទ្រង់ និងភាពពេញលេញនៃដំណឹងល្អរបស់ទ្រង់ត្រូវបានស្ដារឡើងវិញដើម្បីប្រទានពរដល់ជីវិតយើងដោយអំណរ នៅទីនេះ និងបរលោកនាយ ។ ខ្ញុំថ្លែងទីបន្ទាល់ដូច្នោះ ក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។