ឆ្នាំ ២០១០-២០១៩
រៀបចំ​ដើម្បី​បាន​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០១៩


រៀបចំ​ដើម្បី​បាន​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ

ពរជ័យ​​នឹង​កើត​មាន​ឡើង ពេល​យើង​ព្យាយាម​បំពេញ​ការទទួល​ខុសត្រូវ​របស់​យើង​ម្នាក់ៗ ដើម្បី​រៀន និង​ស្រឡាញ់​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។

កម្មវិធី និងសកម្មភាព​នានា​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​ផ្តោត​លើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ​កាន់តែ​ច្រើន​ឡើង ដែល​បាន​បង្ហាញ​តាមរយៈ​ការប្រកាស​កែសម្រួល​ជាបន្តបន្ទាប់​នៅក្នុង​សន្និសីទ​ទូទៅ​ថ្មីៗ​នេះ ។ ប្រធាន រ័សុល អិម ណិលសុន បាន​ទូន្មាន​យើង​ថា ៖ « មាន​ការផ្លាស់ប្តូរ​ជា​ច្រើន​ទៀត​ដែល​នឹង​កើត​មាន ។… សូម​លេប​ថ្នាំ​គ្រាប់​វីតាមីន​របស់​អ្នក ។ ហើយ​សម្រាក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។ វា​នឹង​មាន​រឿង​រំភើប​ចិត្ត​កើត​ឡើង » ។​

ខ្ញុំ​អធិស្ឋាន​ទូលសូម និង​យាង​អញ្ជើញ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​យើង​ពិចារណា​ទាំងអស់​គ្នា អំពី​ការអនុវត្ត​ជាមូលដ្ឋាន​មួយ​ចំនួន​នៃ​ការកែសម្រួល​ជាបន្តបន្ទាប់​ទាំង​នេះ​នៅក្នុង​សាសនាចក្រ​របស់ព្រះអម្ចាស់​ដែល​បានស្តារ​ឡើង​វិញ​នេះ ។

ការរៀនសូត្រ​ដំណឹងល្អ​ដែល​ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ

ថ្មីៗ​នេះ អែលឌើរ ក្រេហ្គ ស៊ី គ្រីស្ទីនសិន និង​ខ្ញុំ​គឺ​ជា​ដៃគូ​គ្នា​ក្នុងសន្និសីទ​ថ្នាក់ដឹកនាំ​បព្វជិតភាព ហើយ​លោក​បាន​ប្រើ​សំណួរ​សាមញ្ញពីរ ដើម្បី​គូសបញ្ជាក់​ពី​គោលការណ៍​នៃ​ការ​ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ ។ លោក​បាន​ផ្តល់​យោបល់​ថា ជំនួស​ឲ្យ​ការត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​ការប្រជុំ​ព្រះវិហារ​​នៅ​ថ្ងៃ​អាទិត្យ ដោយ​សួរ​គ្នា​ថា « តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​នៅ​ព្រះវិហារ​​ថ្ងៃ​នេះ ? » យើង​គួរតែ​សួរ​គ្នា​នៅក្នុង​ការប្រជុំ​ព្រះវិហារ​យើង​ថា « តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​នៅ​ផ្ទះ​របស់​អ្នក​ក្នុង​សប្តាហ៍​នេះ ? » ការរក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​ត្រឹមត្រូវ កម្មវិធី​សិក្សា​ថ្មី និង​កាលវិភាគ​ប្រជុំ​ដែល​បាន​កែសម្រួល​ទាំងអស់​នេះ ជួយ​យើង​ឲ្យ​រៀន​ដំណឹងល្អ​ទាំង​នៅគេហដ្ឋាន​របស់​យើង និង​នៅ​ព្រះវិហារ ។

សមាជិក​គ្រប់រូប​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ មាន​ការទទួល​ខុសត្រូវ​រៀងៗ​ខ្លួន ដើម្បី​រៀន និង​រស់នៅ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​ការសង្គ្រោះ និង​ភាពតម្កើង​ឡើង ដោយ​សិទ្ធិ​អំណាច​ត្រឹមត្រូវ ។ យើង​ពុំ​គួរ​រំពឹង​ថា សាសនាចក្រ​គឺជា​អង្គការ​មួយ​ដែល​បង្រៀន ឬ​ប្រាប់​យើង​នូវ​អ្វី​គ្រប់​យ៉ាង ដែល​យើង​ត្រូវ​ដឹង និង​ធ្វើ ដើម្បី​ក្លាយ​ជា​សិស្ស​ស្មោះត្រង់ ហើយ​ស៊ូទ្រាំ​ដោយ​ក្លាហាន​ដល់​ទីបញ្ចប់​នោះទេ ។ ផ្ទុយ​ទៅវិញ ការទទួលខុសត្រូវ​ផ្ទាល់​របស់​យើង​គឺ​ត្រូវ​រៀន​អ្វី​ដែល​យើង​គួរ​រៀន រស់នៅ​តាម​អ្វី​ដែល​យើង​ដឹង​ថា យើង​គួរ​រស់នៅ​តាម ហើយ​ក្លាយ​ជា​បុគ្គល​ម្នាក់​ដែល​លោកចៅហ្វាយ​ចង់​ឲ្យ​យើង​ប្រែក្លាយ ។ ហើយ​គេហដ្ឋាន​របស់​យើង​គឺជា​មជ្ឈដ្ឋាន​សំខាន់​បំផុត​សម្រាប់​ការរៀនសូត្រ ការរស់នៅ​តាម និង​ការប្រែក្លាយ​នោះ ។

កាល​នៅ​តូច យ៉ូសែប ស៊្មីធ បាន​រៀន​អំពី​ព្រះ​ពី​គ្រួសារ​របស់​លោក ។ ការប្រឹងប្រែង​របស់​លោក​ដើម្បី​ដឹង​ពី​ព្រះទ័យ​ព្រះ​សម្រាប់​លោក បាន​បណ្តាល​ឲ្យ​យ៉ូសែប​ស្រាវជ្រាវ​រក​ក្តីពិត​ក្នុង​ចំណោម​និកាយ​គ្រិស្តសាសនា​ផ្សេងៗ​ជាច្រើន ពិចារណា​បទគម្ពីរ​​ដោយ​ឧស្សាហ៍​ព្យាយាម ហើយ​អធិស្ឋាន​ដោយ​ស្មោះសរ​ទៅ​កាន់​ព្រះ ។ ពេល​យុវជន យ៉ូសែប ស៊្មីធ បាន​ត្រឡប់​ទៅ​ផ្ទះ​លោក​វិញ​ភ្លាម​ពី​ព្រៃ​ពិសិដ្ឋ បន្ទាប់​ពី​ព្រះវរបិតា និង​ព្រះបុត្រា​បាន​បង្ហាញ​ព្រះកាយ​មក នោះ​លោក​បាន​និយាយ​ជាមួយ​នឹង​ម្តាយ​របស់​លោក​មុន​គេ ។ កាល​លោក « ផ្អែក​ខ្លួន​ទៅ​នឹង​ជើង​ក្រាន​កម្ដៅ​ផ្ទះ នោះ​ម្ដាយ [ លោក ] បាន​សួរ​ថា តើ​កូនកើត​អីហ្នឹង ។ [ យ៉ូសែប ] បាន​ឆ្លើយ​ថា ៖ ‹ មិនអីទេ​ម៉ែ កូន​ស្រួល​ខ្លួន​ទេតើ—កូន​ស្រួល​ខ្លួនទេ › ។ រួច [ លោក ] បាននិយាយ​ប្រាប់​ម្ដាយ [ លោក ] ថា ៖ ‹ កូន​បាន​រៀន​ដឹង​ដោយ​ផ្ទាល់​ខ្លួន​កូន › » ។ បទពិសោធន៍​របស់​យ៉ូសែប​ផ្តល់​លំនាំ​ដ៏​មាន​ឥទ្ធិពល​ស្តីពី​ការរៀនសូត្រ ដែល​ពួកយើង​ម្នាក់ៗ​គួរតែ​យក​គំរូ​តាម ។ យើង​ក៏​ត្រូវ​រៀន​ឲ្យ​ដឹង​ដោយ​ខ្លួន​យើង​ផងដែរ ។

ព្រះ​រាជ​បំណង​ដែល​អាច​យល់​បាន​របស់​ផែនការ​ព្រះវរបិតាសួគ៌​គឺ​ដើម្បី​ឲ្យ​​បុត្រាបុត្រី​របស់​ទ្រង់​ប្រែកាន់តែ​ដូច​ទ្រង់ ។ ដោយ​ហេតុ​នេះ ទ្រង់​ប្រទាន​ឱកាស​ចាំបាច់​នានា​ដល់​យើង ដើម្បី​លូតលាស់ និងរីកចម្រើន ។ ការតាំងចិត្ត​របស់​យើង​ដើម្បី​រៀន និង​រស់​នៅ​តាម​សេចក្តីពិត គឺកាន់តែ​សំខាន់​​ឡើង​នៅក្នុង​ពិភពលោក​មួយ​ដែល « នៅ​ក្នុង​ស្ថានភាព​ចលាចល » និង​កាន់តែ​ច្របូកច្របល់ និង​ទុច្ចរិត​នេះ ។ យើង​ពុំ​អាច​រំពឹង​យ៉ាង​សាមញ្ញ​ថា គ្រាន់តែ​ចូលរួម​ការប្រជុំ និង​​​កម្មវិធី​នានា​ក្នុង​ព្រះវិហារ នោះ​នឹង​ទទួល​បាន​នូវ​ការស្អាង​ឡើង និង​ការការពារ​ខាង​វិញ្ញាណ​ទាំងអស់ ដែល​អាច​នឹង​ឲ្យ​យើង « ទប់​ទល់​ក្នុង​ថ្ងៃ​អាក្រក់ » បាន​នោះ​ទេ ។

« ឪពុក​ម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ខ្លួន​ដោយ​ក្ដីស្រឡាញ់ និង​សេចក្ដីសុចរិត » ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ គ្រូបង្រៀន និង​សកម្មភាព​ដ៏​បំផុស​គំនិត​នានា ជួយ​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ ។ ហើយ​ទោះបី​យើង​ទាំងអស់​គ្នា​ត្រូវការ​ជំនួយ​ដើម្បី​បោះជំហាន​ទៅមុខ​លើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ក្តី ក៏​ការទទួលខុសត្រូវ​ចម្បង​សម្រាប់​ការអភិវឌ្ឍ​កម្លាំង​ខាង​វិញ្ញាណ និង​ការស៊ូទ្រាំ​​គឺធ្លាក់​មកលើ​ពួកយើង​ម្នាក់ៗ ។

សូម​រំឭក​ពីរបៀប​ដែល​នីហ្វៃ​កូនប្រុស​របស់​ព្យាការី​លីហៃ មាន​បំណង​ប្រាថ្នា​ចង់​ឃើញ ស្តាប់ និង​ដឹង​ដោយ​ខ្លួន​លោក តាមរយៈ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នូវ​រឿង​នានា​ដែល​ឪពុក​លោក​បាន​ដឹង នៅក្នុង​ការនិមិត្ត​អំពី​ដើម​ជីវិត ។ នីហ្វៃ​បាន​ត្រូវការ និង​បាន​ទទួល​ពរ​យ៉ាង​ពិត​ប្រាកដ​នៅក្នុង​យុវវ័យ​របស់​លោក តាមរយៈ​គំរូ និង​ការបង្រៀន​ពី « ឪពុក​ម្ដាយ​ល្អ » របស់​លោក ។ មែនហើយ ដូចជា យ៉ូសែប ស៊្មីធ ដែរ លោក​បាន​ចង់​រៀន និង​ដឹង​ដោយ​ខ្លួន​លោក​ផ្ទាល់ ។

ប្រសិនបើ​បងប្អូន​ទាំងអស់​គ្នា ឬ​ខ្ញុំ​ដឹង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ គឺ​ជាអ្វី​ដែល​មនុស្ស​ដទៃ​បង្រៀន ឬ​ប្រាប់​ពួក​យើង នោះ​គ្រឹះ​នៃ​ទីបន្ទាល់​របស់​យើង​អំពី​ទ្រង់ និង​កិច្ចការ​ដ៏​រុងរឿង​នៅ​ថ្ងៃ​ចុងក្រោយ​របស់​ទ្រង់​គឺ​ត្រូវបាន​សង់​នៅលើ​ដី​ខ្សាច់​ហើយ ។ យើង​ពុំ​អាច​ពឹង​ផ្អែក​ទាំងស្រុង ឬ​ខ្ចី​ពន្លឺ និង​ចំណេះ​ដឹង​នៃ​ដំណឹងល្អ​ពី​មនុស្ស​ដទៃ—សូម្បី​តែ​ពី​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​ទុកចិត្ត​​បាន​ទេ ។

ប្រាកដ​ណាស់ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គ្រប់​រូប​ត្រូវតែ​យល់​ដោយ​ខ្លួន​ពួកគេ​ផ្ទាល់​នូវ « គម្រោងការ និង​​ព្រះរាជបំណង​របស់​ព្រះ​ស្តីពី​ការ​មក​កាន់​ផែនដី​នេះ​របស់​ពួកគេ » ។

« តើ​យើង​អាច​អាន ហើយ​យល់​អ្វីៗ​ទាំងអស់​ដែល​បាន​កត់ត្រា​មក​តាំង​ពី​ជំនាន់​របស់​អ័ដាម ស្តីពី​ទំនាក់ទំនង​របស់​មនុស្ស​ជាមួយ​ព្រះ និង​ពួក​ទេវតា​នៅក្នុង​ស្ថានភាព​​នាពេលអនាគត​ដែរ​ឬទេ ? យើង​ដឹង​បាន​តិចតួច​ណាស់​អំពី​រឿង​នេះ ។ ការអាន​ពី​បទពិសោធន៍​របស់​មនុស្ស​ដទៃ ឬ​ទំនាក់ទំនង​ដែល​បាន​ប្រទាន​ដល់ ពួកគេ នោះ​មិន​អាច​ផ្តល់​ដល់​ ពួកយើង នូវ​ការយល់​ដឹងពី​​ស្ថានភាព​ និង​ទំនាក់ទំនង​ពិតប្រាកដ​របស់​យើង​​ជាមួយ​ព្រះ​បាន​ឡើយ ។ ចំណេះ​ដឹង​អំពី​រឿង​ទាំងនេះ​អាច​ទទួល​បាន​តែ​តាមរយៈ​បទពិសោធន៍​​ឆ្លង​កាត់​ពិធីបរិសុទ្ធ​នៃ​ព្រះ ដែល​បាន​តាក់តែង​ឡើង​សម្រាប់​គោលបំណង​នោះ​ប៉ុណ្ណោះ » ។

ការជួយ​ឲ្យ​សម្រេច​បាន​នូវ​កម្មវត្ថុ​ខាង​វិញ្ញាណ​ដ៏​ធំ​សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុមគ្រួសារ​នេះ គឺ​ជា​ហេតុផល​គ្រឹះ​មួយ​ដែល​កម្មវិធី និងសកម្មភាព​នានា​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ កំពុង​តែ​ផ្តោត​លើ​គេហដ្ឋាន និង​គាំទ្រ​ដោយ​សាសនាចក្រ​កាន់តែ​ច្រើន​ឡើង ក្នុង​រដូវកាល​ជាក់លាក់​នៃ​សម័យ​កាន់​កាប់​ត្រួតត្រា​នៃ​ពេល​ពេញ​កំណត់​នេះ ។

ការអនុវត្ត​នៃ​ការរៀនសូត្រ​ដែល​ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ

ខ្ញុំ​សូម​សង្ខេប​ការអនុវត្ត​គ្រឹះ​មួយ​ចំនួន​នៃ​ការរៀនសូត្រ​ដំណឹងល្អ ដែល​កំពុង​តែ​ផ្តោត​លើ​គេហដ្ឋាន និង​គាំទ្រពី​សាសនាចក្រ​កាន់តែ​ច្រើន​ឡើង​នេះ ។

មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​ចម្បង​គឺ​នៅក្នុង​គេហដ្ឋាន​​ផ្ទាល់​របស់​យើង មជ្ឈមណ្ឌល​បំពាក់​បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​បន្ទាប់​គឺ​នៅ​ទីក្រុង​ប្រូវ៉ូ, ម៉ានីល, ម៉ិកស៊ីកូ និង​នៅក្នុង​ទីតាំង​ផ្សេង​ទៀត ។ ភាគ​ច្រើន ថ្នាក់​សាលា​ថ្ងៃ​អាទិត្យដែលជា​ថ្នាក់​បង្ហាត់​បង្រៀន​យើង គួរតែ​រៀនដោយ​ផ្ទាល់​ខ្លួន និង​ជា​ក្រុម​គ្រួសារ​យើងនៅ​កន្លែង​ដែល​យើង​រស់នៅ​តែម្តង ហើយ​ថ្នាក់សាលា​ថ្ងៃ​អាទិត្យ​ដ៏​មាន​ប្រយោជន៍ តែ​បន្ទាប់បន្សំ​នោះ​គឺ​រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​យើង ។

ឥឡូវ​នេះ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ​គឺ​នៅក្នុង​ផ្ទះ​របស់​យើង ។ ការគាំទ្រ​បន្ថែម​ទៀត​សម្រាប់​ការស្រាវជ្រាវ​កិច្ចការ​ពង្សប្រវត្តិ​របស់​យើង​ក៏​មាន​នៅក្នុង​សាលា​ប្រជុំ​របស់​យើង​ផងដែរ ។

ថ្នាក់​រៀបចំ​ចាំបាច់​សម្រាប់​ព្រះវិហារ​បរិសុទ្ធ​កើត​ឡើង​នៅក្នុង​គេហដ្ឋាន​យើង ថ្នាក់​សំខាន់​នេះ​ក៏​អាច​ធ្វើ​ឡើង​យូរៗ​ម្តង​នៅក្នុង​សាលា​ប្រជុំ​របស់​យើង​ផងដែរ ។

ការធ្វើ​ឲ្យ​គេហដ្ឋាន​យើង​​ជាកន្លែង​មាន​សុវត្ថិភាព និង​បរិសុទ្ធ ជា​កន្លែង​ដែល​យើង​អាច « ឈរ​នៅ​ទី​បរិសុទ្ធ​នានា » គឺ​ជា​រឿង​ចាំបាច់​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ។ ហើយ​ការរៀនសូត្រ​ដែល​ផ្តោត​ទៅ​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ​សំខាន់​សម្រាប់​កម្លាំង និង​ការការពារ​ខាង​វិញ្ញាណ​របស់​យើង​‏​នាពេល​បច្ចុប្បន្ន​នេះ វា​ក៏​​នឹង​កាន់តែ​ចាំបាច់​​សម្រាប់​ពេល​អនាគត​ដែរ ។

ការរៀនសូត្រ និង​ការរៀបចំ​ខ្លួន​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ដែល​ផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ

សូម​ពិចារណា​ពី​របៀប​ដែល​គោលការ​ណ៍​នៃ « ការផ្តោត​លើ​គេហដ្ឋាន និង​ការគាំទ្រ​ពី​សាសនាចក្រ » អនុវត្ត​ចំពោះ​ការរៀបចំ​ខ្លួន និង​ភាពស័ក្តិសម​របស់​យើង​ម្នាក់ៗ ដើម្បី​ទទួល​ពិធី​បរិសុទ្ធ​ និង​សេចក្តីសញ្ញា​ពិសិដ្ឋ​នៅក្នុង​ដំណាក់​ព្រះអម្ចាស់ ។

ប្រាកដ​ណាស់ ការ​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ​​មាន​ប្រសិទ្ធភាព​ខ្លាំង​បំផុត​នៅក្នុង​ផ្ទះ​របស់​យើង ។ ប៉ុន្តែ​សមាជិក​សាសនាចក្រ​ជា​ច្រើន​ពុំ​ប្រាកដ​ចិត្ត​អំពី​អ្វី​ត្រឹមត្រូវ​ដែល​អាច និង​មិន​អាច​និយាយ ទាក់ទង​នឹង​បទពិសោធន៍​ព្រះវិហារ​បរិសុទ្ធ ពេលនៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ពិពណ៌នា​ពី​មូលហេតុ​ដែល​មាន​ភាពមិន​ប្រាកដ​ប្រជា​នេះ ។

« ព្រះវិហារ​បរិសុទ្ធ​គឺជា​កន្លែង​ពិសិដ្ឋ ហើយ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជា​​លក្ខណៈ​ពិសិដ្ឋ​មួយ ។ ដោយសារ​តែ​ភាព​ពិសិដ្ឋ​របស់​ព្រះវិហារ​បរិសុទ្ធ ជួនកាល​យើង​រុញរា​ចិត្ត​នឹង​និយាយ​អំពី​ព្រះវិហារ​បរិសុទ្ធ​ទៅកាន់​កូន​ចៅ​របស់​យើង ។

ជាលទ្ធផល មនុស្ស​ជាច្រើន​ពុំ​បាន​អភិវឌ្ឍ​បំណង​ប្រាថ្នា​ពិតប្រាកដ​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ ឬ​ពេល​ពួកគេ​ទៅ​​ទីនោះ ពួកគេ​​ធ្វើ​វា​ដោយ​គ្មាន​ប្រវត្តិ​ច្រើន ដើម្បី​រៀបចំ​ខ្លួន​ពួកគេ​សម្រាប់​កាតព្វកិច្ច និង​សេចក្តីសញ្ញា​ដែល​ពួកគេ​ចុះ​ទេ ។

ខ្ញុំ​ជឿ​ថា ការយល់​ដឹង ឬ​ប្រវត្តិ​ត្រឹមត្រូវ នឹង​ជួយ​ច្រើន​ដល់​យុវវ័យ​យើង​​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ… [ ហើយ ] និង​ចិញ្ចឹម​បីបាច់​ក្នុង​ខ្លួន​ពួកគេ​នូវ​បំណង​ប្រាថ្នា​មួយ ដើម្បី​ស្វែងរក​ពរជ័យ​បព្វជិតភាព ដូច​ដែល​អ័ប្រាហាំ​បាន​ស្វែងរក​ពរជ័យ​របស់​លោក » ។

សេចក្តីណែនាំ​គ្រឹះ​ចំនួន​ពីរ​អាច​ជួយ​យើងឲ្យ​​សម្រេច​បាន​ការយល់ដឹង​ត្រឹមត្រូវ​ដែល​ប្រធាន​ប៊ែនសឹន​បាន​គូស​បញ្ជាក់​នោះ ។

សេចក្តីណែនាំ​ទី #១ ។ ដោយសារ​យើង​ស្រឡាញ់​ព្រះអម្ចាស់ នោះ​យើង​គួរតែ​និយាយ​អំពី​ព្រះដំណាក់​របស់​ទ្រង់​ដោយ​ការគោរព​ជានិច្ច ។ យើង​ពុំ​គួរ​បង្ហាញ ឬ​ពិពណ៌នា​ពី​និមិត្ត​សញ្ញា​ពិសេសៗ​ដែល​ទាក់ទង​នឹង​សេចក្តីសញ្ញា ដែល​យើង​ទទួល​នៅក្នុង​ពិធី​​ពិសិដ្ឋ​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ទេ ។ យើង​ក៏​ពុំ​គួរ​ពិភាក្សា​ពីព័ត៌មាន​ពិសិដ្ឋ​ដែល​យើង​សន្យា​ជាពិសេស​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ថា មិន​បើក​បង្ហាញ​ដល់​គេ​ដែរ ។

សេចក្តីណែនាំ​ទី #២ ។ ព្រះវិហារ​បរិសុទ្ធ​គឺជា​ដំណាក់​របស់​ព្រះអម្ចាស់ ។ អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ចង្អុល​បង្ហាញ​យើង​ទៅកាន់ព្រះ​អង្គសង្គ្រោះ​​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​អាច​ពិភាក្សា​ពី​គោលបំណង​គ្រឹះ និង​គោលលទ្ធិ ព្រមទាំង​គោលការណ៍​នានា​ដែល​ទាក់ទង​នឹង​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​ទូន្មាន​ថា ៖ « ចូរ​យើង​ចែកចាយដល់​កូន​ចៅ​របស់​យើង​ពី​អារម្មណ៍​ខាង​វិញ្ញាណ ដែល​យើង​មាន​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ហើយ​ចូរ​យើង​បង្រៀន​ពួកគេ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​ងាយស្រួល​ជាង​ពី​រឿង​ទាំងឡាយ ដែល​យើង​អាច​និយាយ​បាន ដោយ​សមរម្យ​អំពី​គោលបំណង​ទាំងឡាយ​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ » ។

ចាប់តាំង​ពី​ជំនាន់​ព្យាការី យ៉ូសែប ស៊្មីធ រហូតដល់​ប្រធាន រ័សុល អិម ណិលសុន គោលបំណង​នៃ​គោលលទ្ធិ​ស្តីពី​ពិធី​បរិសុទ្ធ និង​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ ត្រូវ​បាន​បង្រៀន​យ៉ាង​លម្អិត​ដោយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។​ ធនធាន​បម្រុង​ដ៏​ច្រើន​​មាន​នៅក្នុង​ការបោះពុម្ព មាន​ជា​សំឡេង វីដេអូ និង​មាន​ជា​ទម្រង់​ផ្សេងៗ​ទៀត ដើម្បី​ជួយ​យើងឲ្យ​រៀន​ពី​ពិធី​បរិសុទ្ធ​នៃ​ការលាង​ជម្រះ អំណោយ​ទាន​ពិសិដ្ឋ អាពាហ៍ពិពាហ៍ និង​ពិធីផ្សារភ្ជាប់​ដទៃ​ផ្សេង​ទៀត ។ ក៏​មាន​ព័ត៌មាន​អំពី​ការធ្វើ​តាម​ព្រះអង្គសង្គ្រោះ តាមរយៈ​ការទទួល និង​ការគោរព​​សេចក្តីសញ្ញា​នានា ដើម្បី​រក្សា​ក្រឹត្យវិន័យ​នៃ​ការគោរពប្រតិបត្តិ ក្រឹត្យវិន័យ​នៃ​ការបូជា ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ ក្រឹត្យ​វិន័យ​នៃ​ព្រហ្មចារីភាព និង​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​ផងដែរ ។ សមាជិក​សាសនាចក្រ​ទាំងអស់​គួរតែ​ស្គាល់​​នូវ​សម្ភារ​ដ៏អស្ចារ្យ​នានា​ ដែល​មាន​នៅគេហទំព័រ temples.ChurchofJesusChrist.org ។

រូបភាព
temples.churchofjesuschrist.org

ប្រធាន រ័សុល អិម ណិលសុន បាន​គូស​បញ្ជាក់​ពី​តុល្យភាព​សំខាន់​រវាង​លក្ខណៈពិសិដ្ឋ​នៃ​ពិធី​នានា​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ព័ត៌មាន​ដ៏​មាន​តម្លៃ​អំពី​ព្រះវិហារ​បរិសុទ្ធ ដែល​បាន​បោះពុម្ព​ដោយ​សាសនាចក្រ​ដែល​ពិត ត្រឹមត្រូវ និង​មាន​ជា​សាធារណៈ ។ លោក​បាន​ពន្យល់​ថា ៖ « ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ឲ្យ​សមាជិក​…​អាន​ពាក្យ នៅក្នុង​សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ដែល​ទាក់ទង​នឹង​ព្រះវិហារ​បរិសុទ្ធ ដូចជា ‹ ពិធី​ចាក់​ប្រេង › ‹ សេចក្តីសញ្ញា › ‹ ពលិកម្ម › និង ‹ ព្រះវិហារបរិសុទ្ធ › ។ អ្នក​ក៏​គួរ​អាន និក្ខមនំ ជំពូក ២៦–២៩ និង លេវីវិន័យ ជំពូក ៨ ។ នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ក៏​ដូចជា​នៅក្នុង ម៉ូសេ និង អ័ប្រាហាំ នៅក្នុង​មុក្តា​ដ៏​មាន​តម្លៃ​មហិមា គូស​បញ្ជាក់​អំពី​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ពី​បុរាណ និង​ការកាន់​ខ្ជាប់​នូវ​សភាព​ដើម នៃ​ពិធីបរិសុទ្ធ​ទាំងឡាយ​​នោះ » ។

រូបភាព
វីដេអូ​អំពី​​សម្លៀកបំពាក់​​ព្រះវិហារបរិសុទ្ធ​ដ៏​ពិសិដ្ឋ

ដូច្នេះ ឧបមា​ថា កូនប្រុស​ស្រី​របស់​បងប្អូន​​សួរ​ថា « មាន​គេ​នៅ​សាលា​រៀន​បាន​ប្រាប់​កូន​ថា គេ​ស្លៀកសម្លៀក​បំពាក់​ចម្លែក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ តើ​វា​ត្រូវ​ទេ ? » មាន​វីដេអូ​ខ្លី​មួយ​នៅលើ​គេហទំព័រ​ temples.churchofjesuschrist.org ដែល​មាន​ចំណង​ជើង​ថា « ( សម្លៀកបំពាក់​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ) Sacred Temple Clothing » ។ ធនធាន​ដ៏អស្ចារ្យ​នេះ​ពន្យល់​ពី​របៀប​ដែល​បុរស និង​ស្ត្រី​ពី​ជំនាន់​បុរាណ​បាន​​ទទួល​យក​តន្ត្រី​ពិសិដ្ឋ ការអធិស្ឋាន​តាម​បែប​ផ្សេងៗ សម្លៀកបំពាក់​​ដែល​ជា​និមិត្ត​សញ្ញា​សាសនា កាយវិការ និង​ក្បួនរីត៍​នានា ដើម្បី​បង្ហាញ​ពី​អារម្មណ៍​នៃ​ភក្តីភាព​ដ៏​ខ្លាំង​បំផុត​របស់​ពួកគេ​ចំពោះ​ព្រះ ។ ហេតុដូច្នេះ​ហើយ ​សាសនាចក្រ​គាំទ្រ​ដល់​ការរៀបចំ​ខ្លួន​ដែល​ផ្តោតទៅលើ​គេហដ្ឋាន សម្រាប់​ពរជ័យ​ដ៏​រុងរឿង​នៃ​ព្រះវិហារ​បរិសុទ្ធ តាមរយៈ​សេចក្តីណែនាំ​គ្រឹះ និង​ធនធាន​ដ៏អស្ចារ្យ​ដូចជា​វីដេអូ​នេះ ។ មានព័ត៌មាន​​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​បងប្អូន ។

ពេល​យើង​ព្យាយាម​ដើរ​ក្នុង​ភាព​ស្លូតបូត​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់ នោះ​យើង​នឹង​បាន​ពរ ដើម្បី​យល់ ហើយ​សម្រេច​បាន​​ក្នុង​គេហដ្ឋាន​យើង​នូវ​តុល្យភាព​ចាំបាច់​រវាង​អ្វី​ដែល​ត្រឹមត្រូវ និង​មិន​ត្រឹមត្រូវ ដើម្បី​ពិភាក្សា​គ្នា​អំពី​ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ការសន្យា និង​ទីបន្ទាល់

ខ្ញុំ​សង្ស័យ​ថា បងប្អូន​មួយ​ចំនួន​អាច​ងឿង​ឆ្ងល់​ថា តើ​ការរៀនសូត្រ​របស់​បងប្អូន​ពិត​ជា​អាច​ផ្តោត​លើ​គេហដ្ឋាន និង​គាំទ្រពី​សាសនាចក្រ​ដែរ​ឬ​ទេ ។ ប្រហែល​បងប្អូន​អាច​ជា​សមាជិក​តែ​ម្នាក់ឯង​ក្នុង​សាសនាចក្រ ឬ​គ្មាន​ស្វាមី ឬ​ភរិយា​ដែល​គាំទ្រ ឬ​ជា​ឪពុកម្តាយ​ទោល ឬ​រស់នៅ​តែ​ឯង​ជា​អ្នក​នៅលីវ ឬ​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​លះលែង​គ្នា ហើយ​បងប្អូន​អាច​មាន​សំណួរ​អំពី​របៀប​ដែល​គោលការណ៍​ទាំង​នេះ​អនុវត្ត​ចំពោះ​បងប្អូន ។ បងប្អូន​អាច​ជា​ស្វាមី ឬ​ភរិយា​ដែល​កំពុង​សម្លឹង​មើលមុខ​គ្នា ហើយ​ឆ្ងល់​ថា « តើ​យើង​អាច​ធ្វើរឿង​នេះ​បាន​ដែរ​ឬ​ទេ ? »

ប្រាកដ​ណាស់ បងប្អូន​អាច​ធ្វើ​វា​នេះ​បាន ! ខ្ញុំ​សន្យា​ថា ពរជ័យ​ដ៏​រឹងមាំ​នេះ​នឹង​ហូរ​ចូល ហើយ​​ឃើញ​កើត​មាន​នៅក្នុង​ជីវិត​របស់​បងប្អូន ។ ទ្វារ​នឹង​បើក​ឡើង ។ ពន្លឺ​នឹង​ភ្លឺ​ចែងចាំង​ឡើង ។ សមត្ថភាព​របស់​បងប្អូន​នឹង​កើន​ឡើង ដើម្បី​បន្ត​​ដោយ​ឧស្សាហ៍ និង​អត់ធ្មត់ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដោយ​រីករាយ​ថា ពរជ័យ​​នឹង​កើត​មាន​ឡើង ពេល​យើង​ព្យាយាម​បំពេញ​ការទទួល​ខុសត្រូវ​របស់​យើង​ម្នាក់ៗ ដើម្បី​រៀន និង​ស្រឡាញ់​ដំណឹងល្អ​របស់ ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ ។ យើង​ពិតជា​អាច « រៀបចំ​ដើម្បី​បាន​អ្វីៗ​ដែល​ត្រូវ​ការ​គ្រប់​មុខ » ។ ខ្ញុំ​សូម​សន្យា និង​ថ្លែង​ទី​បន្ទាល់​នេះ នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។