ឆ្នាំ​២០១៦
ដោយ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ
December 2016


ដោយ​ការសិក្សា និង ដោយ​សេចក្តី​ជំនឿ

សូម​ឲ្យ​អ្នក​មាន​អំណរ និង​ភាព​សុខសាន្ដ​ដែល​កើត​មាន​មកពី​ការ​ដឹង​ថា តាម​រយៈ​ការ​បង្រៀន​របស់​អ្នក នោះ​អ្នក​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​បុគ្គល​ម្នាក់ ហើយ​បាន​ជួយ​លើក​ស្ទួយ​ដល់​កូន​ម្នាក់​របស់​ព្រះវរបិតា​សួគ៌ នៅ​លើ​ដំណើរ​របស់​ពួកគេ ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់​វិញ ។

teacher standing at a whiteboard

នៅក្នុង​ការ​ប្រជុំ​បំពាក់បំប៉ន​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​មួយ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បាន​មាន​ប្រសាសន៍​ទាក់ទង​នឹង​ការបង្រៀន​អំពី​គោលលទ្ធិ​សាសនាចក្រ​ដូចនេះ ៖ « យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជា​ខ្លាំង ។ យើង​ត្រូវតែ​មើល​ថា យើង​មិន​ចាក​ចេញ​ពី [ ផ្លូវ ] ឡើយ ។ នៅក្នុង​ការ​ខិតខំ​របស់​យើង​ដើម្បី​ស្ថិត​នៅក្នុង​ភាពដើម ស្រស់ស្រាយ និង ភាពខុស​ប្លែក​ពី​គេ នោះ​យើង​អាច​នឹង​មិន​បង្រៀន​រឿង​ដែល​ត្រូវគ្នា​ទាំង​ស្រុង​នឹង​គោលលទ្ធិ​គ្រឹះ​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ​នេះ ។ … យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ។ … យើង​ត្រូវ​តែ​ធ្វើ​ជា​អ្នក​យាម​នៅលើ​ប៉ម » ។

នៅពេល​ការអប់រំ​របស់​សាសនាចក្រ​ឆ្ពោះ​ទៅ​មុខ​នៅក្នុង​សតវត្សរ៍​ទី ២១ គ្រូបង្រៀន​របស់​យើង​ចាំបាច់​ត្រូវ​ពិចារណា​អំពី​ការផ្លាស់ប្ដូរ​នានា ដែល​ពួកគេ​គួរ​ធ្វើក្នុង​របៀប ដែល​ពួកគេ​រៀបចំ​​ដើម្បី​បង្រៀន របៀប​ដែល​ពួក​គេ​បង្រៀន និង​អ្វី​ដែល​ពួកគេបង្រៀន ប្រសិន​បើ​ពួកគេ​ចង់​ស្ថាបនា​សេចក្តី​ជំនឿ​ដ៏​ខ្ជាប់ខ្ជួន នៅក្នុង​ជីវិត​របស់​យុវវ័យ​ដ៏​មាន​តម្លៃ​របស់​យើង ។

ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ពេល​សិស្ស​ម្នាក់​បាន​សួរ​សំណួរ​ស្មោះត្រង់​មួយ ហើយ​គ្រូបង្រៀន​បាន​ឆ្លើយ​តបថា « កុំ​បារម្ភ​អំពី​វា ! » ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ពេល​សិស្ស​ម្នាក់​បាន​លើក​ចម្ងល់​ដោយ​ស្មោះ​ឡើង រួច​គ្រូបង្រៀន​ថ្លែង​ទីបន្ទាល់​របស់​គាត់ ជា​ចម្លើយ​មួយ​ដើម្បី​ចៀស​វាង​ពី​បញ្ហា ។ ពេលវេលា​កន្លង​ផុត​ទៅ​ហើយ ពេល​សិស្ស​ត្រូវ​បាន​ការពារ​ពី​មនុស្ស​ដែល​វាយ​ប្រហារ​លើ​សាសនាចក្រ ។

សំណាង​ល្អ ព្រះអម្ចាស់​បាន​ប្រទាន​ការទូន្មាន​នេះ​ដល់​គ្រូបង្រៀន​ទាក់ទង​នឹង​គ្រា​នេះ និង គ្រា​ផ្សេង​ទៀត ៖ « ហើយ​ដូច​ជា​មនុស្ស​ពុំមាន​សេចក្តី​ជំនឿ​ទាំងអស់​គ្នា នោះ​ចូរ​អ្នក​រាល់​គ្នា​ព្យាយាម​ស្វែងរក ហើយ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក នូវ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ មែន​ហើយ ចូរអ្នក​រាល់​គ្នា​ស្វែងរក​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​ចេញ​ពីសៀវភៅ​ដ៏​ល្អៗ​បំផុត ចូរស្វែងរក ការរៀនសូត្រ ដោយសារ​ការសិក្សា និង ដោយសារ​សេចក្តីជំនឿផង » ( គ. និង ស. ៨៨:១១៨ ) ។

ជាពិសេស រឿង​នេះ​អនុវត្ត​នា​សព្វ​ថ្ងៃ​នេះ ពីព្រោះ​មិនមែន​គ្រប់​សិស្ស​របស់​អ្នក មាន​សេចក្ដី​ជំនឿ​ចាំបាច់​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដែល​នៅ​ខាង​មុខ​នោះ​ទេ ដោយសារ​មាន​ពួកគេ​ជាច្រើន​បាន​ជួប​នឹង​កម្លាំង​បំផ្លាញ​កាន់តែ​ខ្លាំង​នៃ​លោកិយ​រួច​ទៅ​ហើយ តាម​អ៊ិនធើរណែត​ដែល​វា​ជា​សត្រូវ​នឹង​សេចក្ដីជំនឿ គ្រួសារ និង​បទដ្ឋាន​ដំណឹងល្អ ។ អ៊ិនធើរណែត​កំពុង​តែ​ពង្រីក​ឥទ្ធិពល​របស់​វា​នៅ​ទូទាំង​ពិភពលោក​ស្ទើរ​តែ​គ្រប់​ផ្ទះ និង គ្រប់​ដៃ គ្រប់​គំនិត​របស់​សិស្ស​យើង ។

អ្នក​អាច​ជួយ​សិស្ស​ដោយ​ការ​បង្រៀន​ពួកគេ​អំពី​អត្ថន័យ​នៃ​ការបញ្ចូល​រួម​គ្នា​នូវ​ការ​សិក្សា​ជាមួយ​នឹង​សេចក្ដីជំនឿ​ នៅពេល​ពួកគេ​រៀន ។ បង្រៀន​ពួកគេ​តាមរយៈ​ការបង្ហាញ​ជា​គំរូ​នូវ​ជំនាញ និង មធ្យោបាយ​នេះ​ក្នុង​ថ្នាក់​រៀន ។

ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ ១៨៩៩–១៩៧៣ ) បាន​សង្កេត​ឃើញ​ដូច​នេះ ៖

« យើង​នឹង​រំឭក​បងប្អូន​ថា តម្រូវការ​ឲ្យ​មាន​ចំណេះដឹង​ដោយ​សេចក្ដីជំនឿ គឺ​ពុំ​មែនជា​ផ្លូវ​ងាយស្រួល​ដើម្បី​រៀនសូត្រ​នោះ​ទេ ។ វា​ត្រូវការ​ការខិតខំ​យ៉ាង​ខ្លាំង ហើយ​ព្យាយាម​ជា​បន្ដ​បន្ទាប់​ដោយ​សេចក្ដី​ជំនឿ ។ …

« ការ​រៀន​សូត្រ​ដោយ​សេចក្ដីជំនឿ គឺ​ពុំ​មែន​ជា​កិច្ចការ​សម្រាប់​បុរស [ ឬ ស្ត្រី ] ខ្ជិល​ច្រអូស​នោះ​ទេ ។ មាន​មនុស្ស​ម្នាក់​បាន​និយាយ​ថា ដំណើរ​ការ​ដូច្នេះ​តម្រូវ​ឲ្យ​មាន​ការ​ចុះចូល​នៃ​ព្រលឹង​ទាំងមូល ដែល​តភ្ជាប់​គំនិត និង អារម្មណ៍​ក្នុង​ខ្លួន​មនុស្ស​ទៅនឹង​ព្រះ—ទំនាក់ទំនង​ត្រឹមត្រូវ​ត្រូវតែ​បង្កើត​ឡើង ។ បន្ទាប់ពី​នោះ​ទើប​កើត​មាន​នូវ ‹ ចំណេះដឹង​ដោយ​សេចក្ដីជំនឿ › » ។

ចំណេះដឹង​ដោយ​សេចក្ដីជំនឿ​នឹង​បង្កើត​ជា​ទីបន្ទាល់​បរិសុទ្ធ ហើយ​ទីបន្ទាល់​បរិសុទ្ធ​មាន​អំណាច​ផ្លាស់ប្ដូរ​ជីវិត​ដូច​បាន​បង្ហាញ​ក្នុង​រឿង​សង្ខេប​ដូច​តទៅ​នេះ ។

រឿង​បី

ហ្វីប៊ី ខាធើរ បាន​ចាកចេញ​ពី​ផ្ទះ​របស់​នាង​នៅ​ក្នុង​រដ្ឋ ម៉ែន ស.រ.អា. ដើម្បី​ទៅ​ជួបជុំ​នឹង​ពួកបរិសុទ្ធ​នៅ​រដ្ឋ អូហៃអូ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៨៣០ ។ គាត់​បាន​រំឭក​ថា « មិត្ត​របស់​ខ្ញុំ​ស្ងើច​ចំពោះ​ដំណើរ​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ងើច​ខ្លួន​ឯង​ដែរ ប៉ុន្តែ​មាន​អ្វី​មួយ​ក្នុង​ខ្លួន​ខ្ញុំ​ដែល​ជម្រុញ​ឲ្យ​ខ្ញុំ​ធ្វើ​វា ។ ភាព​សោកសៅ​របស់​ម្ដាយ​ខ្ញុំ នៅ​ពេល​យើង​ចាក​ចេញ​ពី​ផ្ទះ គឺ​ជា​ភាព​សោក​សៅ​មួយ​ដែល​ខ្ញុំ​ស្ទើរ​តែ​មិន​អាច​ទ្រាំទ្រ​បាន ប៉ុន្តែ​បើ​មិន​ដោយ​សារ​វិញ្ញាណ​នៅ​ខាង​ក្នុង​នោះ​ទេ ខ្ញុំ​នឹង​មាន​ភាព​រអាក់រអួល​ជា​ពុំ​ខាន​ឡើយ » ។

ហ្វីប៊ី បាន​ធ្វើ​តាម​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​ជួបជុំ​នឹង​ពួក​បរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ ហើយ​ទីបំផុត​នៅ​រដ្ឋ​យូថាហ៍ ជា​កន្លែង​ដែល​គាត់​ទទួល​មរណភាព​ក្នុង​នាម​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ស្មោះត្រង់ ហើយ​បាន​ទទួល​នឹម​ស្មើ​គ្នា​ក្នុង​នាមជា​ភរិយា របស់​ប្រធាន​សាសនាចក្រ វិលហ្វូឌ វូឌដ្រុព្វ ( ឆ្នាំ ១៨០៧–៩៨ ) ។

ក្នុង​នាម​ជា​និសិត្ស​នៅ​មហាវិទ្យាល័យ ម៉ារ៉ុន ជី រ៉មនី ( ឆ្នាំ ១៨៩៧–១៩៨៨ ) បាន​សម្រេច​ចិត្ត​ថា លោក​មិន​អាច​បម្រើ​បេសកកម្ម​បាន​ទេ ដោយសារ​តែ​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រួសារ​របស់​លោក ។ មាន​គ្រា​មួយ លោក​បាន​ស្ដាប់​ឮ​អែលឌើរ មែលវិន ជេ បាឡឺដ ( ឆ្នាំ ១៨៧៣–១៩៣៩ ) និយាយ ។ ជីវប្រវត្តិ​កត់​ចំណាំ​ថា « [ ម៉ារ៉ុន ] ពុំ​បាន​ដឹង​នៅពេល​នោះ​ថា ផ្លូវ​ជីវិត​របស់​លោក​ហៀប​នឹង​ផ្លាស់ប្ដូរ​ទាំងស្រុង​ក្នុង​ពេល​មួយ​រំពេច​ភ្នែក​នោះ​ទេ » ។

រឿង​នោះ​បាន​បន្ត​ថា ៖ « នោះជា​លើក​ដំបូង​ដែល ម៉ារ៉ុន … បាន​យល់​ទាំងស្រុង​ថា [ ដូចជា ] ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​ការ​បំផុសគំនិត ។ អារម្មណ៍​ចាក់​ដោត និង ឆេះឆួល​ក្នុង​ចិត្ត​បាន​បំពេញ​ក្នុង​ព្រលឹង​របស់​លោក ។ លោក… ពុំ​ដែល​រំជួល​ដួងចិត្ត​យ៉ាង​ខ្លាំង​ដូច​ពេល​នេះ​ទេ ពេល​ស្ដាប់​ឮ​ពាក្យ​សម្ដី​របស់​សាវក​ថ្មី​បំផុត​រូប​នេះ ។ …

ពន្លឺ​នៃ​ទឹក​មុខ​របស់​សាវក និង ភាព​ស្មោះត្រង់​នៃ​ទីបន្ទាល់​របស់​លោក បាន​ធ្វើ​ឲ្យ​ខ្លួន​លោក​មាន​ចិត្ត​ពោរពេញ​ដោយ​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​មួយ​ដើម្បី​ចេញ​ទៅ​បំពេញ​បេសកកម្ម ។ … លោក​បាន​ដឹង​ថា ផែនការ​របស់​លោក​ដើម្បី​បន្ដ​ការ​សិក្សា​ត្រូវ​តែ​ផ្អាក » ។

មិន​យូរ​ប៉ុន្មាន ម៉ារ៉ុន បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស អូស្ត្រាលី ជា​កន្លែង​ដែល​គាត់​បាន​បម្រើ​ដោយ​ស្មោះត្រង់ ។ ក្រោយមក លោក​បាន​ក្លាយ​ជា​សាវក​ដ៏​អស្ចារ្យ​ម្នាក់ និង​ជា​សមាជិក​នៃ​គណៈ​ប្រធាន​ទីមួយ ។

រឿង​ចុង​ក្រោយ​នេះ​បាន​មក​ពី​ប្រធាន ប៊យដ៏ ឃេ. ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ប្រធាន​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ អំពី​ឥទ្ធិពល​នៃ​គ្រូបង្រៀន​វ័យ​ចំណាស់​ទៅលើ វិល្លាម អ៊ី បារ៉ែត ។ គ្រូបង្រៀន ជា​អ្នក​ប្រែចិត្តជឿ​ម្នាក់​មក​ពី​ប្រទេស​ណរវ៉េ មាន​ជំនាញ​ភាសា​អង់គ្លេស​​ពុំ​សូវ​ល្អ​ទេ ។ តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ មិន​ថា​គ្រូបង្រៀន​មាន​កម្រិត​ត្រឹម​ណា​នោះ​ទេ ប្រធាន ផាកកឺ បាន​រំឭក​ថា បងប្រុស បារ៉ែត បាន​ថ្លែង​ទីបន្ទាល់​អំពី​គ្រូ​បង្រៀន​របស់​លោក​ថា « យើង​អាច​កម្ដៅ​ដៃ​របស់​យើង​ដោយ​ភ្លើង​នៃ​សេចក្ដីជំនឿ​របស់​គាត់​បាន » ។

ក្រោយមក វីល្លាម បាន​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​ថ្នាក់​សិក្ខាសាលា ថ្នាក់​វិទ្យាស្ថាន និង​សាលា​របស់​សាសនាចក្រ ។

ចំពោះ ហ្វីប៊ី, ម៉ារុន, និង វិល្លាម ដែល​បាន​ស្ដាប់​ឮ​ទីបន្ទាល់​ដ៏​បរិសុទ្ធ​មួយ បាន​ក្លាយ​ទៅជា​កាតាលីករ​ដែល​ផ្លាស់ប្ដូរ​ជីវិត​របស់ពួកគេ​ជា​រៀង​រហូត ។ វា​ក៏​មាន​ពិត​ដូច​គ្នា​នេះ​ចំពោះ​អស់​អ្នក ដែល​អ្នក​បង្រៀន​ផងដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយសារ​តែ​ភាពពិត​នៃ​ពិភពលោក​សព្វ​ថ្ងៃ​នេះ ទី​បន្ទាល់​បរិសុទ្ធ​អាច​នឹង​មិន​មាន​ល្មម​គ្រប់គ្រាន់​ជានិច្ច​នោះ​ទេ ។ ហ្វីប៊ី, ម៉ារុន, និង វិល្លាម មានភាព​ស្អាតស្អំ និង បរិសុទ្ធ ហើយ​គ្មាន​ជាប់​ជំពាក់​នឹង​រឿង​អាសគ្រាម និង ភាព​ស្មោគគ្រោក​នៃ​លោកិយ​នោះ​ទេ នៅពេល​ពួកគេ​អង្គុយ​នៅ​ជិត​អ្នក​ផ្សព្វ​ផ្សាយ​សាសនា គ្រូ​បង្រៀន និង​អ្នកដឹកនាំ​ដ៏​បំផុសគំនិត​នោះ ។ ព្រះវិញ្ញាណ​ងាយ​នឹង​ចាក់ចូល​ទៅក្នុង​ដួងចិត្ត​ដ៏​ទន់ភ្លន់ និង បរិសុទ្ធ​របស់​ពួកគេ ។

សព្វថ្ងៃ​នេះ​រឿង​នោះ​គឺ​ខុស​គ្នា​ឆ្ងាយ​ណាស់ ។ សិស្ស​របស់​អ្នក​មួយ​ចំនួន​អាច​នឹង​ត្រូវ​រង​ឥទ្ធិពល​ដោយ​រូបអាសគ្រាម និង​រឿង​ស្មោគគ្រោក​ខាង​លោកិយ​រួច​ទៅ​ហើយ ពីមុន​ពួកគេ​មក​ដល់​ថ្នាក់​រៀន​របស់​អ្នក ។

គ្រាន់តែ​មួយ​ជំនាន់​កន្លង​ទៅ ដែល​មនុស្ស​វ័យ​ក្មេង​របស់​យើង​អាច​ចូល​ទៅកាន់​ព័ត៌មាន​អំពី​ប្រវត្តិ គោលលទ្ធិ និង​ការ​អនុវត្ត​របស់​យើង ត្រូវ​បាន​កំណត់​ចំពោះ​តែ​ឯកសារ​បោះពុម្ព​ដោយ​សាសនាចក្រ​ប៉ុណ្ណោះ ។ សិស្ស​មួយ​ចំនួន​តូច​ជួប​នឹង​ឯកសារ​ដែល​ការបកស្រាយ​ផ្ទុយ​ពី​សាសនាចក្រ ។ ភាគច្រើន យុវវ័យ​របស់​យើង​បាន​រស់នៅ​ក្នុង​ជីវិត​ដែល​ត្រូវ​បាន​ការពារ ។

កម្មវិធី​សិក្សា​របស់​យើង​នៅពេល​នោះ ទោះ​ជា​បង្កើត​ឡើង​ក្នុង​បំណង​ល្អ​ក្ដី ក៏​ពុំ​បាន​រៀបចំ​សិស្ស​សម្រាប់​ជំនាន់​បច្ចុប្បន្ន​នេះ​ដែរ—នេះ​ជា​ជំនាន់​មួយ​ដែល​ពួកគេ​អាច​ចូល​ទៅ​កាន់​អ្វីៗ​ដែល​ប្រកប​ដោយ​គុណធម៌​អំពី​សាសនាចក្រ​មក​ពី​គ្រប់​ស្ថានភាព​បាន​យ៉ាង​ងាយ ។ សព្វ​ថ្ងៃ​នេះ អ្វី​ដែល​ពួកគេ​មើល​ឃើញ​នៅក្នុង​ឧបករណ៍​ចល័ត​របស់​ពួកគេ ទំនង​ជា​ឧបសគ្គ​ចំពោះ​សេចក្ដីជំនឿ​ច្រើន​ដូច​ជា​ការជំរុញ​ឲ្យ​មាន​សេចក្តី​ជំនឿ​ផង​ដែរ ។ យុវវ័យ​របស់​យើង​ជាច្រើន​ស្គាល់ Google ច្រើនជាង​ដំណឹងល្អ ទទួល​យក​អ៊ិនធើរណែត​ច្រើនជាង​ការ​បំផុសគំនិត ហើយ​កាន់តែ​ចូលរួម​ក្នុង Facebook ច្រើន​ជាង​សេចក្ដីជំនឿ ។

man typing on a computer

ចំណេះចំណាន​ខាង​គោលលទ្ធិ

នៅក្នុង​ពន្លឺ​នៃ​ឧបសគ្គ​ទាំងនេះ គណៈកម្មការ​អប់រំ​សាសនាចក្រ ថ្មីៗ​នេះ​បាន​អនុមតិ​ឲ្យ​មាន​កម្មវិធី​មួយ​នៅក្នុង​ថ្នាក់​សិក្ខាសាលា​ដែល​ហៅ​ថា ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ជា​ការស្ថាបនា​នៅលើ​អ្វី​ដែល​មាន​រួច​ទៅ​ហើយ​នៅក្នុង​ចំណេះចំណាន​បទគម្ពីរ នោះ​កម្មវិធី​ថ្មី​នេះ នឹង​ផ្ដោត​ទៅលើ​ការ​ស្ថាបនា និងការ​ពង្រឹង​សេចក្ដីជំនឿ​របស់​សិស្ស​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ការពារ​ពួកគេ​ដោយ​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​រស់នៅ និង អនុវត្ត​ដំណឹងល្អ​នៅក្នុង​ជីវិត​ពួកគេ ។ ពេល​ប្រើ​បទគម្ពីរ និង ពាក្យ​សម្ដី​របស់​ពួកព្យាការី ពួកគេ​នឹង​រៀន​អំពី​របៀប ដើម្បី​ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ដើម្បី​ទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​ការ​យល់ដឹង​អំពី​ដំណឹងល្អ​របស់​ទ្រង់ ។ ហើយ​ពួកគេ​នឹង​មាន​ឱកាស​ដើម្បី​រៀន​អំពី​របៀប​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង​គោលការណ៍​ដំណឹងល្អ​ចំពោះសំណួរ និង​ឧបសគ្គ​នានា​ដែល​ពួកគេ​ស្ដាប់​ឮ និង​មើល​ឃើញ​ជា​រៀង​រាល់ថ្ងៃ​នៅក្នុង​ចំណោម​មិត្តភក្ដិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

កម្មវិធី​នេះ​គឺ​បំផុស​គំនិត និង​ចំ​ពេលវេលា ។ វា​នឹង​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​លើ​យុវវ័យ​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភាពជោគជ័យ​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​កម្មវិធី​សិក្សា នៅក្នុង​ប្រព័ន្ធ​អប់រំ​ផ្សេងៗ​ទៀត​របស់​សាសនាចក្រ​ទាំងអស់ នឹង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​គ្រូបង្រៀន​របស់​យើង ។

នៅក្នុង​ការ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ទាំងនេះ តើ​ឱកាស និងការ​ទទួលខុស​ត្រូវ​អ្វី​ខ្លះ ដែល​គ្រូបង្រៀន​ដំណឹង​ល្អ​មាន​ក្នុង​សតវត្សរ៍​ទី ២១​នេះ ? ពិតប្រាកដណាស់់ អ្នក​ទាំងអស់​គ្នា​ដែល​ជា​គ្រូបង្រៀន ត្រូវ​តែ​ស្រឡាញ់​ព្រះអម្ចាស់ ស្រឡាញ់​សាសនាចក្រ​ទ្រង់ ហើយ​ស្រឡាញ់​សិស្ស​របស់​អ្នក ។ អ្នក​ត្រូវ​តែ​ថ្លែង​ទីបន្ទាល់​បរិសុទ្ធ​ដោយ​ស្មោះត្រង់ និង​ជាញឹកញាប់​ផងដែរ ។ លើស​ពី​នោះ​ទៀត ច្រើន​ជាង​ពេល​ណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង សិស្ស​របស់​អ្នក​ត្រូវការ​ពរជ័យ​ដោយ​ការ​រៀន​មាតិកា និង​បរិបទ​ខាង​គោលលទ្ធិ និង​ប្រវត្តិសាស្ត្រ​ដោយ​ការ​សិក្សា និង​ដោយ​សេចក្ដីជំនឿ អម​ជាមួយ​នឹង​ទីបន្ទាល់​បរិសុទ្ធ ដើម្បី​ពួកគេ​អាច​មាន​បទពិសោធន៍​ប្រែចិត្តជឿ​ដែល​មាន​ភាព​ចាស់ទុំ និង​យូរ​អង្វែង​ក្នុង​ដំណឹងល្អ និង មានការ​តាំងចិត្ត​ចំពោះ​ព្រះយេស៊ូវ​គ្រីស្ទ​ពេញ​មួយ​ជីវិត ។ ការប្រែចិត្តជឿ​ដែល​មាន​ភាព​ចាស់ទុំ និង​យូរ​អង្វែង មាន​ន័យ​ថា ពួកគេ​នឹង « ស្ថិត​នៅលើ​ទូក ហើយ​តោង​ជាប់​នឹង​ទូក » ពេញ​មួយ​ជីវិត របស់​ពួកគេ ។

woman in Sunday School class

ដើម្បី​ឲ្យ អ្នក យល់​អំពី​មាតិកា និង​បរិបទ​ខាង​គោលលទ្ធិ​នៃ​បទគម្ពីរ និង​ខាង​ប្រវត្តិសាស្ត្រ​នៃ​ប្រវត្តិ​របស់​យើង នោះ​អ្នក​នឹង​ចាំបាច់​ត្រូវ​សិក្សា​ចេញ​ពី « សៀវភៅ​ល្អៗ » ដូច​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ (គ. និង ស. ៨៨:១១៨) ។ « សៀវភៅ​ល្អៗ » រួម​មាន​បទគម្ពីរ ការ​បង្រៀន​របស់​ពួក​ព្យាការី និង ពួកសាវក​បច្ចុប្បន្ន និង ការសិក្សា​របស់​ពួក អិល.ឌី.អេស ល្អៗ​បំផុត​ដែល​មាន ។ តាមរយៈ​ការ​ខិតខំ​ដោយ​ឧស្សាហ៍​របស់​អ្នក ដើម្បី​រៀន​ដោយ​ការ​សិក្សា និង​ដោយ​សេចក្ដីជំនឿ នោះ​អ្នក​នឹង​អាច​ជួយ​សិស្ស​របស់​អ្នក​រៀន​ជំនាញ និង​អាកប្បកិរិយា​ដែល​ចាំបាច់​ដើម្បី​ញែក​ដឹង​រវាង​ព័ត៌មាន​ដែល​អាច​ពឹងផ្អែក​បាន ដែល​នឹង​ជួយលើក​ពួកគេ​ឡើង ពី​ព័ត៌មាន​ដែល​មាន​សេចក្ដីពិត​ពាក់​កណ្ដាល និងការបកស្រាយ​គោលលទ្ធិ ប្រវត្តិសាស្ត្រ និង ការ​អនុវត្ត​ដោយ​ពុំ​ត្រឹមត្រូវ ដែល​នឹង​នាំ​ពួកគេ​ឲ្យ​ធ្លាក់​ចុះ ។

សូម​បង្រៀន​ពួកគេ​អំពី​ឧបសគ្គ​នានា​ដែល​ពួកគេ​ប្រឈម​មុខ នៅពេល​ពួកគេ​ពឹង​ផ្អែក​ទៅលើ​អ៊ិនធើរណែត​ដើម្បី​ឆ្លើយ​នឹង​សំណួរ​អំពី​សារៈសំខាន់​ដ៏​អស់​កល្ប​ជានិច្ច ។ សូម​រំឭក​ពួកគេ​ថា យ៉ាកុប​ពុំ​បាន​និយាយ​ថា « បើ​អ្នក​រាល់គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់ Google នោះទេ ! » ( សូមមើល យ៉ាកុប ១:៥ ) ។

មនុស្ស​ឈ្លាសវៃ​ពុំ​ពឹងផ្អែក​ទៅលើ​អ៊ិនធើរណែត ដើម្បី​ធ្វើ​ការ​វិភាគ ហើយ​ព្យាបាល​បញ្ហា​សុខភាព​ខាង​សតិអារម្មណ៍ ខាង​ស្មារតី និង ខាង​រូបកាយ​នោះទេ ជា​ពិសេស​បញ្ហា​ដែល​គំរាម​គំហែង​ដល់​អាយុ​ជីវិត ។ ផ្ទុយ​ទៅ​វិញ ពួកគេ​ស្វែងរក​អ្នកជំនាញខាង​សុខភាព ជា​អ្នក​ទាំងឡាយ​ដែល​បាន​បំពាក់បំប៉ន និង​ទទួល​បាន​អាជ្ញាបណ្ណ​ដោយ​បាន​ទទួល​ស្គាល់​មកពី​គណៈកម្មការ​វេជ្ជសាស្ត្រ​រដ្ឋ ។ ទោះជា​យ៉ាង​នោះ​ក្ដី មនុស្ស​ដែល​ប្រុងប្រយ័ត្ន​ស្វែងរក​គំនិត​ទីពីរ ។

ប្រសិន​បើ​នោះ​ជា​ផ្លូវ​ត្រូវ​ដើម្បី​ស្វែងរក​ចម្លើយ​ចំពោះ​បញ្ហា​សុខភាព​ខាង​សតិ​អារម្មណ៍ ខាង​ស្មារតី និង ខាង​រូបកាយ ហើយ​វា​គួរ​តែ​បែប​ដូច្នោះ​នៅពេល​ជីវិត​អស់កល្ប​ជានិច្ច​ស្ថិត​ក្នុង​ភាពហានិភ័យ ។ នៅពេល​មាន​អ្វី​មួយ​ដែល​គំរាមគំហែង​ខ្លាំង​ដល់​ជីវិត​ខាង​វិញ្ញាណ​របស់​យើង ដល់​ទំនាក់ទំនង​ក្រុមគ្រួសារ​ដ៏​មាន​តម្លៃ​បំផុត​របស់​យើង និង​សមាជិក​ភាព​នៅក្នុង​នគរ​របស់​យើង នោះ​យើង​គួរ​តែ​ស្វែងរក​អ្នក​ដឹកនាំ​សាសនាចក្រ​ដែល​យល់ចិត្ត និង ស្មោះត្រង់​ដើម្បី​ជួយ​យើង ។ ហើយ​បើចាំបាច់ យើង​គួរ​តែ​សុំ​ជំនួយ​ពី​អ្នក​ទាំងឡាយ​ដែល​មាន​ការបំពាក់បំប៉ន​វិជ្ជាជីវៈ​ត្រឹមត្រូវ មាន​បទពិសោធន៍ និង​មាន​ជំនាញ ។

នេះ​ជា​អ្វី​ដែល​ខ្ញុំ​ធ្វើ នៅពេល​ខ្ញុំ​ត្រូវការ​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​ពុំ​អាច​ឆ្លើយ​ដោយ​ខ្លួន​ឯង​បាន ។ ខ្ញុំ​ស្វែងរក​ជំនួយ​មក​ពី​បងប្អូន​ប្រុស​ក្នុង​កូរ៉ុម​ដប់ពីរ​នាក់​របស់​ខ្ញុំ និង​មកពី​អ្នក​ទាំងឡាយ​ដែល​មាន​ជំនាញ​នៅក្នុង​ជំនាញ​ប្រវត្តិសាស្ត្រ និង គោលលទ្ធិ​សាសនាចក្រ ។

គ្រូបង្រៀន​ដំណឹង​ល្អ​គួរ​តែស្ថិត​ក្នុង​ចំណោម​មនុស្ស​ដំបូង​គេ—ក្រៅពី​ក្រុមគ្រួសារ​សិស្ស​របស់​អ្នក​ផ្ទាល់ ដែល​ត្រូវ​ណែនាំ​អំពី​ប្រភព​សិទ្ធិអំណាច​ចំពោះ​ប្រធាន​បទ​ដែល​មិន​សូវ​មាន​គេ​ស្គាល់ ឬ​ចម្រូងចម្រាស ដូច្នេះ​សិស្ស​របស់​អ្នកនឹង​ថ្លឹងថ្លែង​តាម​អ្វី​ដែល​ពួកគេ​ស្ដាប់​ឮ ឬ​អាន​នៅពេល​ក្រោយ​ទៅ​នឹង​អ្វី​ដែល​ពួកគេ​ត្រូវ​បាន​បង្រៀន​រួច​ទៅ​ហើយ​នោះ ។

ការចាក់ថ្នាំ​បង្ការ​ខាង​វិញ្ញាណ

យើង​ផ្ដល់​នូវ​ការ​ចាក់ថ្នាំ​បង្ការ​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏​មាន​តម្លៃ​របស់​យើង​ពីមុន​បញ្ជូន​ពួកគេ​ឲ្យទៅ​តំបន់​បេសកកម្ម ដូច្នេះ​ពួកគេ​នឹង​ត្រូវបាន​ការពារ​ទប់ទល់​នឹង​ជំងឺ​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​គ្រោះ​ថ្នាក់ ។ ស្រដៀង​គ្នា​នេះ​ដែរ ពីមុន​អ្នក​បញ្ជូន​សិស្ស​ទៅក្នុង​លោកិយ សូម​ចាក់​ថ្នាំ​បង្ការ​ពួកគេ​ដោយ​ការ​ផ្ដល់​នូវ​ការ​បកស្រាយ​គោលលទ្ធិ​ដំណឹងល្អ បទគម្ពីរ ប្រវត្តិ​របស់​យើង និង ប្រធានបទ​ទាំងឡាយ ដោយ​ស្មោះត្រង់ ចេះ​គិត​គូរ និង​ត្រឹមត្រូវ ដែល​ពេលខ្លះ​មាន​ការ​ភាន់ច្រឡំ ។

ដើម្បី​រៀបរាប់​អំពី​ប្រធាន​បទ​មួយ​ចំនួន​ដែល​ពុំ​សូវ​មាន​គេ​ស្គាល់ ឬ​ចម្រូង​ចម្រាស់ ខ្ញុំ​កំពុង​និយាយ​អំពី​ពហុពន្ធភាព ត្បូង​អ្នក​មើល​ឆុត ដំណើរ​រឿង​ខុសគ្នា​អំពី​ការ​និមិត្តដំបូង ដំណើរ​ការ​នៃ​ការ​បកប្រែ​ព្រះគម្ពីរមរមន ឬ គម្ពីរ​អ័ប្រាហាំ បញ្ហា​រឿង​ភេទ ពូជសាសន៍ និង​បព្វជិតភាព និង ព្រះមាតា​សួគ៌ ។

កិច្ចខិតខំ​ដើម្បី​ចាក់​ថ្នាំ​បង្ការ​ដល់​យុវវ័យ​របស់​យើង ជាញឹកញាប់​នឹង​ធ្លាក់​ទៅ​លើ​គ្រូបង្រៀន​នៃ​ប្រពន្ធ័​អប់រំ​សាសនាចក្រ ។ ដោយ​មាន​គំនិត​នោះ​ក្នុង​ចិត្ត សូម​រក​ពេល​គិត​អំពី​ឱកាស និង ការ​ទទួលខុស ត្រូវ​របស់​អ្នក ។

សព្វ​ថ្ងៃ​នេះ​ដោយ​បាន​ដឹង​យ៉ាង​ពេញលេញ​ អំពី​ការ​ចូលទៅ​កាន់​ព័ត៌មាន ដោយ​គ្មាន​ដែន​កំណត់​របស់​យើង នោះ​យើង​កំពុង​ធ្វើ​ការខិតខំ​យ៉ាង​ខ្លាំង​បំផុត ដើម្បី​ផ្ដល់​នូវ​បរិបទ និង ការ​យល់ដឹង​ត្រឹមត្រូវ​អំពី​ការ​បង្រៀន​អំពី​ការ​ស្ដារឡើងវិញ ។ ឧទាហរណ៍​ដ៏​សំខាន់​មួយ​អំពី​កិច្ចខិតខំ​នេះ​គឺ សំណេរ​ប្រធានបទ​ដំណឹង​ល្អ​ចំនួន ១១ នៅលើ​គេហទំព័រ LDS.org  ដែល​ផ្ដល់​នូវការ​បកស្រាយ​ដែល​មាន​តុល្យភាព និង​ដែល​អាច​ពឹងផ្អែក​បាន​អំពី​ភាព​ពិត​ចំពោះ​​ប្រធាន​បទ​ដែល​ទាក់ទង​នឹង​ភាព​ចម្រូង​ចម្រាស់ និង​ការ​មិន​ស្គាល់​សាសនាចក្រ ។

វា​សំខាន់​ដែល​អ្នក​ត្រូវ​ស្គាល់​មាតិកា​នៅក្នុង​សំណេរ​ទាំងនេះ ។ ប្រសិន​បើ​អ្នក​មាន​សំណួរ​អំពី​វា ចូរ​សួរ​ដល់​នរណា​ម្នាក់​ដែល​បាន​សិក្សា​វា ហើយ​យល់​អំពី​វា ។ ម្យ៉ាងទៀត « ចូរ​ស្វែងរក​ការរៀន​សូត្រ ដោយសារ​ការសិក្សា និង ដោយ​សារ​សេចក្តី​ជំនឿ​ផង » ( គ. និង ស. ៨៨:១១៨ ) នៅពេល​អ្នក​ចេះ​ស្ទាត់​អំពី​មាតិកា​នៃ​សំណេរ​ទាំងនេះ ។

អ្នក​គួរ​តែស្គាល់​គេហទំព័រ​អំពី​ឯកសារ​របស់​យ៉ូសែប ស្ម៊ីធ  ផ្នែក​ប្រវត្តិសាសនាចក្រ​នៅលើ LDS.org និង ធនធាន​ដទៃ​ទៀត​ដោយ​អ្នក​ប្រាជ្ញ អិល.ឌី.អេស ស្មោះត្រង់​ផងដែរ ។

កិច្ចខិតខំ​ដើម្បី​ធ្វើ​ឲ្យ​មាន​តម្លាភាព​លើ​ដំណឹងល្អ និង ការចាក់ថ្នាំ​បង្ការ​ខាង​វិញ្ញាណ តាមរយៈ​ការ​សិក្សា​ដោយ​គិតគូរ​អំពី​គោលលទ្ធិ និង​ប្រវត្តិសាស្ត្រ គួប​ផ្សំ​នឹង​ទីបន្ទាល់​ដែល​ឆេះ​សន្ធោរសន្ធៅ នោះ​គឺ​ជា​ថ្នាំ​បន្សាប​ដ៏​ល្អ​បំផុត​ដែល​យើង​មាន​ដើម្បី​ជួយ​ដល់​សិស្ស​ឲ្យ​ចៀសវាង និង ដោះស្រាយ​សំណួរ ការ​សង្ស័យ ឬ វិបត្តិ​នៃ​សេចក្ដីជំនឿ ដែល​ពួកគេ​អាច​ប្រឈម​មុខ​នៅក្នុង​ជំនាន់​ដែល​ពោរពេញ​ដោយ​ព័ត៌មាន​នេះ ។

នៅពេល​អ្នក​ជា​គ្រូបង្រៀន​បាន​លះបង់​ដើម្បី​ទទួលបាន​ការ​យល់​ដឹង​កាន់តែ​ល្អ​ប្រសើរ អំពី​ប្រវត្តិ គោលលទ្ធិ និង​ការ​អនុវត្ត​របស់​យើង—ច្រើនជាង​ដែល​អ្នក​ដឹង​នា​ពេលនេះ—នោះ​អ្នក​នឹង​ត្រៀម​ខ្លួន ដើម្បី​ផ្ដល់​នូវ​ចម្លើយ​ចំពោះ​សំណួរ​របស់​សិស្ស​អ្នក ដោយ​ចេះគិតគូរ ប្រុងប្រយ័ត្ន និង​ដ៏​បំផុស​គំនិត ។

youth Sunday School class

របៀប​មួយ​ដើម្បី​ដឹង​ថា​សិស្ស​របស់​អ្នក​មាន​សំណួរ​អ្វី​ខ្លះ​នោះ គឺ​ត្រូវ​ស្ដាប់​ពួកគេ​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ គ្រប់​គ្រូបង្រៀន​ល្អ​ត្រូវ​ធ្វើ​ជា​អ្នក​ពូកែ​ស្ដាប់ ។ បន្ថែម​ពី​លើ​ការ​ស្ដាប់​សិស្ស​របស់​អ្នក សូម​លើក​ទឹកចិត្ត​ពួកគេ​ម្នាក់ៗ​នៅក្នុង​ថ្នាក់ ឬ អញ្ជើញ​ដោយ​ផ្ទាល់​ខ្លួន ឲ្យ​សួរ​សំណួរ​អ្នក​អំពី​ប្រធាន​បទ អ្វី​ក៏​បាន ។ សំណួរ​សំខាន់​បំផុត​មួយ​ដែល​សិស្ស​របស់​អ្នក​អាច​សួរ​គឺ « ហេតុអ្វី ? » នៅពេល​សួរ​ដោយ​បំណង​ស្មោះ​ដើម្បី​យល់​ពី « ហេតុអ្វី ? » គឺ​ជា​សំណួរ​ដ៏​អស្ចារ្យ​មួយ ។ វា​គឺ​ជា​សំណួរ​ដែល​អ្នក​ផ្សព្វផ្សាយសាសនា​ចង់​ឲ្យ​អ្នក​រៀន​របស់​ពួកគេ​សួរ ។ ហេតុអ្វី​យើង​នៅ​ទីនេះ ? ហេតុអ្វី​ក៏​មាន​រឿង​អាក្រក់​កើត​ឡើង​ចំពោះ​មនុស្ស​ល្អ ? ហេតុអ្វី​យើង​គួរ​តែ​អធិស្ឋាន ? ហេតុអ្វី​យើងគួរ​តែ​ធ្វើតាម​ព្រះគ្រីស្ទ ? ជាញឹកញាប់​សំណួរ « ហេតុអ្វី » នាំ​ទៅរក​ការ​បំផុសគំនិត និង វិវរណៈ ។ ការ​ស្គាល់​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះវរបិតាសួគ៌​យើង នឹង​ជួយ​ឆ្លើយ​សំណួរ « ហេតុអ្វី » បាន​ច្រើន​បំផុត ។

នេះ​គឺ​ជា​កំណត់ចំណាំ​ចុង​ក្រោយ​មួយ​អំពី​ការ​ឆ្លើយ​សំណួរ ។ វា​សំខាន់​ដើម្បី​បង្រៀន​សិស្ស​របស់​អ្នក​ថា ទោះបីជា​ដំណឹងល្អ​ផ្ដល់​ចម្លើយ​ជា​ច្រើន ចំពោះ​សំណួរ​សំខាន់​បំផុត​នៃ​ជីវិត ទោះជា​មិន​ទាំងអស់​ក្ដី ក៏​សំណួរ​ខ្លះ​មិន​អាច​ត្រូវ​បាន​ឆ្លើយ​នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ដែរ ដោយសារ​យើង​ខ្វះ​ព័ត៌មាន​ដែល​ចាំបាច់​ដើម្បី​ឆ្លើយ​ឲ្យ​ត្រឹមត្រូវ ។ ហើយ​យើង​រៀន​នៅក្នុង​គម្ពីរ​យ៉ាកុប​ដូចនេះ ៖ « មើល​ចុះ កិច្ចការ​ទាំងឡាយ​នៃ​ព្រះអម្ចាស់​សុទ្ធ​តែ​ធំ ហើយ​អស្ចារ្យ​មែន ។ ឯ​ជម្រៅ​នៃ​សេចក្ដី​អាថ៌កំបាំង​ទាំងឡាយ​របស់​ទ្រង់ ក៏​ពុំ​អាច​រកឃើញ​ដែរ ហើយ​មនុស្ស​គ្មាន​លទ្ធភាព​នឹង​រក​ឃើញ​ផ្លូវ​របស់​ទ្រង់​បាន​អស់​ឡើយ ។ ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ស្គាល់​ផ្លូវ​ទាំងឡាយ​របស់​ទ្រង់​ទេ លើក​លែង​តែ​បាន​សម្ដែង​ដល់​អ្នក​នោះ​ប៉ុណ្ណោះ » ( យ៉ាកុប ៤:៨ សូមមើល​ផងដែរ គ. និង ស. ១០១:៣២–៣៤ ) ។

ពាក្យ​ដាស់​តឿន ៖

ឥឡូវ​នេះ​ខ្ញុំ​សូម​ផ្តល់​ការ​ដាស់តឿន​មួយ ៖ សូម​ទទួល​ស្គាល់​ថា អ្នក​អាច​នឹង​ជឿ ដូចជា​សិស្ស​ជាច្រើន​របស់​អ្នក​ដែរ​ថា អ្នក​គឺ​ជា​អ្នក​ជំនាញ​ខាង​បទគម្ពីរ ខាង​គោលលទ្ធិ និង​ខាង​ប្រវត្តិសាស្ត្រ ។ ការ​សិក្សា​ថ្មីៗ​មួយ​បាន​បង្ហាញ​ថា « កាល​ណា​មនុស្ស​កាន់តែ​គិត​ថា​គេ​ស្គាល់​ប្រធាន​បទ​មួយ នោះ​គេ​ទំនង​ជា​អះអាង​ថា​គេ​យល់​ច្រើន​ជាង​អ្វី​ដែល​គេ​ចេះ ទាំង​អះអាង​ថា​មាន​ចំណេះដឹង … និង ព័ត៌មាន​បំភ្លើស​ផង » ។

គ្រូបង្រៀន​ដំណឹង​ល្អ​របស់​យើង ត្រូវ​តែ​ចៀសវាង​ពី​ការល្បួង​នេះ ដែល​ត្រូវ​បាន​ហៅ​ថា ការ​អះអាង​ហួសហេតុ នោះ ។ វា​នឹង​មិន​អី​ទេ​ដើម្បី​និយាយ​ថា « ខ្ញុំ​មិន​ដឹង​ទេ » ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​ដែល​និយាយ​ដូច្នោះ អ្នក​មាន​ការ​ទទួលខុសត្រូវ​មួយ​ដើម្បី​ស្វែងរក​ចម្លើយ​ល្អ​បំផុត​ចំពោះ​សំណួរ​ដែល​សិស្ស​របស់​អ្នក​សួរ​នោះ ( សូមមើល គ. និង ស. ១០១:៣២–៣៤ ) ។

នៅពេល​អ្នក​បង្រៀន​សិស្ស​របស់​អ្នក ហើយ​ឆ្លើយ​សំណួរ​របស់​ពួកគេ ខ្ញុំ​សូម​ព្រមាន​ថា អ្នក​មិន​ត្រូវ​ចែកចាយ​រឿង ឬ កត្តា​ដែល​ចង់​បង្កើន​សេចក្ដីជំនឿ ប៉ុន្តែ​មិន​បញ្ជាក់​អំពី​សេចក្ដីពិត ឬ​ការ​យល់​ដឹង និង ការ​ពន្យល់​ដែល​មិន​ត្រូវ​អំពី​គោលលទ្ធិ និង ការអនុវត្ត​មក​ពី​អតីតកាល​របស់​យើង​ឡើយ ។ វា​តែងតែ​ឈ្លាសវៃ​ជានិច្ច​ដើម្បី​ធ្វើ​ឲ្យ​ការសិក្សា​ពាក្យ​សម្ដី​របស់​ពួកព្យាការី និង ពួកសាវក នៅរស់​ក្លាយ​ជា​ការអនុវត្ត​មួយ បន្ដ​មាន​បច្ចុប្បន្នភាព​ចំពោះ​បញ្ហា​នានា គោលនយោបាយ និង​សេចក្ដីថ្លែង​របស់​សាសនាចក្រ​ថ្មីៗ​តាមរយៈ​គេហទំព័រ mormonnewsroom.org និង LDS.org ហើយ​ពិគ្រោះ​អំពី​កិច្ចការ​របស់​ពួក​អ្នកប្រាជ្ញ អិល.ឌី.អេស ​ដែល​បាន​ទទួល​ស្គាល់ គិតគូរ និង ស្មោះត្រង់ ដើម្បី​ប្រាកដ​ថា​អ្នក​មិន​បង្រៀន​អ្វី​ដែល​មិន​ពិត ហួស​សម័យ ឬ​ចម្លែក និង ខុស​ពី​ធម្មតា ។

អ្នក​និពន្ធ​អំពី​ការសិក្សា​ទៅលើ​ការ​អះអាង​ហួសហេតុ​បាន​កត់​ចំណាំ​ថា « ទំនោរ​មួយ​ដើម្បី​អះអាង​ហួសហេតុ ជាពិសេស​អ្នក​ដែល​គិត​ថា​ខ្លួន​ជា​អ្នក​ជំនាញ … អាច​នឹង​បំបាក់​ទឹកចិត្ត​ដល់​បុគ្គល​នោះ​ពី​ការ​អប់រំ​ខ្លួន​គេ​នៅក្នុង​ផ្នែក​ជាក់លាក់​ទាំងឡាយ ដែល​ពួកគេ​គិត​ថា​ខ្លួន​គេ​ចេះដឹង​នោះ » ។១០

បន្ថែម​ពី​លើ​ការ​ធ្វើ​ជា​អ្នក​រៀន​ពេញ​មួយ​ជីវិត នោះ​អ្នក​ត្រូវ​តែ​ធ្វើ​នូវ​រឿង​ទាំងនោះ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នក​ផង​ដែរ ដែល​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើការ​នៅ​ក្នុង​ខ្លួន​អ្នក ។ រឿង​ដូច្នោះ​រួមមាន ការអធិស្ឋាន​ប្រចាំថ្ងៃ​ដោយ​ស្មោះត្រង់ ការ​តមអាហារ​ដោយ​ស្មោះត្រង់ ការសិក្សា និង ការ​ពិចារណា​បទគម្ពីរ និង​ពាក្យ​សម្ដី​របស់​ពួកព្យាការី​នៅ​រស់​ជា​ទៀងទាត់ ការ​ធ្វើ​ឲ្យ​ថ្ងៃ​ឈប់​សម្រាក​ជា​ទីរីករាយ​ចិត្ត ការ​ទទួលទាន​សាក្រាម៉ង់​ដោយ​រាបសា និង​ការចងចាំ​ព្រះអង្គសង្គ្រោះ​ជានិច្ច ការ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហា​របរិសុទ្ធ ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​ទី​បញ្ចប់ ការ​ឈោង​ទៅ​ជួយ​ដល់​អ្នក​ខ្វះខាត អ្នក​ក្រីក្រ និង ឯកោ—ទាំង​អ្នក​ដែល​ជិតស្និត និង​នៅ​ទូទាំង​ពិភពលោក ។

ដើម្បី​បំពេញ​នូវ​ឱកាស និង ការ​ទទួលខុសត្រូវ​របស់​អ្នក​ដោយ​ត្រឹមត្រូវ អ្នក​ត្រូវ​តែ​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​ផ្សាយ !

ចូរ​ក្លាហាន​ក្នុងការ​ស្វែងរក​ការប្រឹក្សា និងការ​កែតម្រូវ​មក​ពី​អ្នក​ទាំងឡាយ​ដែល​អ្នក​ទុកចិត្ត—ជា​ស្វាមី ឬ ភរិយា ជា​អ្នក​ដឹកនាំ​បព្វជិតភាព ឬ អ្នក​គ្រប់គ្រង ។ ចូរ​សួរ​ពួកគេ​ថា​អ្នក​អាច​កែលម្អ​នៅ​ត្រង់​ចំណុច​ណា​ក្នុងភាព​ជា​សិស្ស​ផ្ទាល់ខ្លួន​របស់​អ្នក ។ ចូរ​ចៀសវាង​ពី​អ្វីៗ​ដែល​បណ្ដេញ​ព្រះវិញ្ញាណ​ចេញ ។

បន្ថែម​ពីលើ​នោះ ខ្ញុំ​សូម​ផ្ដល់​យោបល់​ឲ្យ​អ្នក​សម្ភាស​ខ្លួន​ឯង​ម្ដងម្កាល ហើយ​រំឭក នីហ្វៃទី ២ ២៦:២៩–៣២, អាលម៉ា ៥:១៤–៣០ និង គោលលទ្ធិ និង​សេចក្ដីសញ្ញា ១២១:៣៣–៤៦។ ការធ្វើ​បែប​នោះ​នឹង​ជួយ​អ្នក​ឲ្យ​ស្គាល់​ប្រភេទ​នៃ​ការ​ល្បួង ​ដែល​យើង​ទាំង​អស់​គ្នា​អាច​នឹង​ជួប ។ ប្រសិន​បើ​មាន​អ្វី​មួយ​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​នៅក្នុង​ជីវិត​អ្នក សូម​ដោះស្រាយ​ដើម្បី​ជួសជុល​វា ។

ចៀសវាង​ពី​ការល្បួង​ឲ្យ​ឆ្ងល់​អំពី​អារម្មណ៍​របស់​អ្នក​រួម​ការងារ​អ្នក ។ ផ្ទុយ​ទៅ​វិញ ចូរ​មើល​ឲ្យ​ជ្រៅ​ទៅក្នុង​ដួងចិត្ត​របស់​អ្នក​ផ្ទាល់ ហើយ​ស្រាវជ្រាវ​រក​បំណង​ប្រាថ្នា និង អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​អ្នក ។ មាន​តែ​ពេល​នោះ​ហើយ ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ផ្លាស់ប្ដូរ​ដួងចិត្ត​អ្នក ហើយ​សម្រប​បំណង​ប្រាថ្នា និង​អារម្មណ៍​របស់​អ្នក​ទៅនឹង​ព្រះទ័យ​របស់​ទ្រង់ ។

ជំនាន់​កំពុង​ពេញ​វ័យ ចាំបាច់​ត្រូវ​ដឹង យល់ ឱប​ក្រសោប​យក និង​ចូលរួម​នៅក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​របស់​ព្រះ ។ ការ​យល់​អំពី​ផែនការ​នឹង​ផ្ដល់​ដល់​ពួកគេ​នូវ​យោបល់​ដ៏​ទេវភាព​មួយ ដែល​បង្ហាញ​ពី​ខ្លួនគេ​ក្នុង​នាមជា​បុត្រា និង បុត្រី​របស់​ព្រះ​ដែល​ផ្ដល់​ដល់​ពួកគេ​នូវ​កែវ​ភ្នែក ដើម្បី​យល់​ដឹង​ស្ទើរតែ​គ្រប់​គោលលទ្ធិ ការអនុវត្ត និង​គោលនយោបាយ​របស់​សាសនាចក្រ ។

ក្នុង​នាម​ជា​គ្រូបង្រៀន​ដំណឹង​ល្អ​សព្វថ្ងៃ​នេះ អ្នក​ចាំបាច់​ត្រូវ​ទទួល​យក​ឱកាស និង ការទទួល​ខុស​ត្រូវ ដើម្បី​បង្រៀន​យុវវ័យ​សតវត្សរ៍​ទី ២១ នេះ​នូវ​គោលការណ៍​ត្រឹមត្រូវ​អំពី​អាពាហ៍ពិពាហ៍ ដែល​អនុមតិ​ដោយ​ព្រះ និង តួនាទី​នៃ​គ្រួសារ​នៅក្នុង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។១១

គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច

គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​អស់​កល្បជានិច្ច និង​គ្រួសារ គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ ។ វា​រួម​មាន​ក្រុម​គ្រួសារ​ដែល​បាន​ផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ផ្ទាល់ខ្លួន​របស់​យើង ជា​ចំណែក​នៃ​គ្រួសារ​ដ៏​អស់កល្ប​ជានិច្ច​របស់​ព្រះវរបិតាសួគ៌​ នៅក្នុង​នគរ​សេឡេស្ទាល ។ ដោយសារ​គោលលទ្ធិ​នេះ​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​នឹង​គ្រួសារ និង​កូនចៅ​វិញ្ញាណ​របស់​ទ្រង់ នោះ​យើង​ត្រូវ​បាន​បង្រៀន​នៅក្នុង​លោកុប្បត្តិ​ថា « ក៏​បង្កើត​គេ​ឡើង​ជា​ប្រុស​ជា​ស្រី » ហើយ​ថា​ទ្រង់​បាន​បញ្ជា​ឲ្យ​លោក​ឪពុក​អ័ដាម និង​អ្នក​ម្ដាយ​អេវ៉ា​ឲ្យ « បង្កើត​កូន​ឲ្យ​ចម្រើន​ជា​ច្រើន​ឡើង » ( សូមមើល លោកុប្បត្តិ ១:២៧–២៨ ) ។

ដូច​បាន​និយាយ​ថា ផែនការ​នៃ​សុភមង្គល​ចាប់ផ្ដើម ហើយ​បញ្ចប់​ជាមួយ​នឹង​គ្រួសារ ។ ប្រាកដ​ណាស់ គ្រួសារ​បាន​ចាប់ផ្តើម​នៅក្នុង​ពិភព​មុន​ជីវិត​នេះ ដែល​យើង​បាន​រស់នៅ​ក្នុង​នាម​ជា​សមាជិក​នៃ​គ្រួសារ​របស់​ព្រះមាតាបិតា​សួគ៌​របស់​យើង ។ ហើយ​នៅ​ចុង​បញ្ចប់ ការ​តាំង​ចិត្ត និង ទំនាក់ទំនង​ក្ដី​ស្រឡាញ់​​ជាគ្រួសារ​នឹង​មិន​គ្រាន់តែ​បន្ដ​មាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ចម្រើន​ឡើង​នៅ​ក្នុង​ដំណើរការ​នៃ​ការបង្កើត​កូនចៅ​ផងដែរ ( សូមមើល គ. និង ស. ១៣១:១–៤, ១៣២:១៩ ) ។

ធាតុ​សំខាន់​ដែល​ភ្ជាប់​វា​ទាំងអស់​ជាមួយ​គ្នា—ទៅ​នឹង​ផែនការ​របស់​ព្រះ និង​ជោគវាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង គឺ​វា​អាស្រ័យ និង​ស្ថិត​នៅលើ​—ព្រះអង្គសង្គ្រោះ​របស់​យើង​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់​ធ្វើ​ឲ្យ​អ្វីៗ​គ្រប់​យ៉ាង​អាច​កើត​ឡើង​បាន ដោយ​គ្មាន​កំណត់​រួមមាន​ទាំង​សេចក្ដីស្រឡាញ់ ការ​យកចិត្តទុកដាក់ និង​អាពាហ៍ពិពាហ៍ និង គ្រួសារ​អស់កល្ប​ជានិច្ច ។

Portrait of Jesus Christ

ព្រះអម្ចាស់​បង្រៀន​យើង​ថា គ្មាន​មនុស្ស​នៅលីវ​ណា​ម្នាក់ អាច​ទទួល​បាន​នូវ​អ្វីៗ​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​របស់​យើង​ប្រទាន​ដល់​កូនចៅ​របស់​ទ្រង់​ឡើយ មិន​ថា​សេចក្ដីសុចរិត​របស់​គាត់​មាន​កម្រិត​យ៉ាង​ណា​ទេ ។ បុគ្គល​នៅលីវ​បំពេញ​តម្រូវការ​បាន​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ ពុំ​អាច​រស់នៅ​ក្នុង​កម្រិត​ដ៏​ខ្ពស់​បំផុត​នៃ​នគរ​សេឡេស្ទាល​ឡើយ ( សូមមើល កូរិនថូសទី ១ ១១:១១, គ. និង ស. ១៣១:១–៤ ) ។

សិស្ស​របស់​អ្នក​ចាំបាច់​ត្រូវ​យល់​ថា គោលបំណង​នៃ​ជីវិត​រមែង​ស្លាប់​គឺ​ដើម្បី​ប្រែក្លាយ​កាន់តែ​ដូចជា​ព្រះ តាមរយៈ​ការ​ទទួល​រូបកាយ​សាច់ឈាម ការអនុវត្ត​សិទ្ធិ​ជ្រើសរើស និង​ការបំពេញ​តួនាទី​ដែល​ពីមុន​គឺ​ជា​របស់​ផង​ព្រះបិតា​មាតា​សួគ៌​តែ​ប៉ុណ្ណោះ—គឺ​តួនាទី​ជា​ស្វាមី ភរិយា និង ជា​ឪពុក​ម្ដាយ ។

ព្យាការី​បាន​អះអាង​ថា អស់​អ្នក​ទាំងឡាយ​ណា​ដែល​សក្ដិសម ហើយ​ដែល​ពឹង​ផ្អែក​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ តែ​ពុំ​អាច​ផ្សារភ្ជាប់​នឹង​ដៃគូ ឬ​មាន​កូនចៅ​នៅ​ក្នុង​ជីវិត​នេះ​អាច​នឹង មាន​ឱកាស​ទាំង​នោះ​នៅក្នុង​ជីវិត​នា​បរលោនាយ ។

សូម​បង្រៀន​យុវវ័យ​ថា នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ គឺ​ស្វាគមន៍​ដល់​មនុស្ស​ទាំងអស់ មក​ថ្វាយបង្គំ បម្រើ និង រីក​ចម្រើន​ជាមួយ​គ្នា​ក្នុង​នាម​ជា​បងប្អូន​ប្រុស​ស្រី​នៅក្នុង​ដំណឹងល្អ ។ សូម​រំឭក​ពួកគេ​អំពី​អ្វី​ដែល​លីហៃ​បាន​បង្រៀន—ថា​គោលបំណង និង សេចក្តី​សង្ឃឹម​របស់​ព្រះ សម្រាប់​កូន​ចៅ​ទាំងអស់​របស់​ទ្រង់ អាច​ត្រូវបាន​សង្ខេប​ដូច​នេះ​ថា ៖ « លោក​អ័ដាម​បាន​ធ្លាក់​ខ្លួន ដើម្បី​ឲ្យ​មាន​មនុស្ស​លោក ហើយ​មាន​មនុស្ស​លោក ដើម្បី​ឲ្យ​គេ​អាច​មាន​សេចក្ដីអំណរ » ( នីហ្វៃទី ២ ២:២៥ ) ។

ព្រះ​វរបិតាសួគ៌​មាន​ព្រះទ័យ​ឲ្យ​យើង​ទទួល​យក​និយមន័យ​នៃ​អាពាហ៍ពិពាហ៍​របស់​ទ្រង់ ហើយ​គោរព​តាម​បទបញ្ញត្តិ​ទី​មួយ​របស់​ទ្រង់​ឲ្យ « បង្កើត​កូន​ជា​ច្រើន​ឡើង ហើយ​មាន​ពាសពេញ » ( លោកុប្បត្តិ ១:២៨ )—មិន​គ្រាន់តែ​ដើម្បី​បំពេញ​តាម​ផែនការ​របស់​ទ្រង់​ទេ ប៉ុន្តែ​ក៏​ដើម្បី​រក​អំណរ​ដែល​ផែនការ​ទ្រង់​បាន​រៀបចំ​ឡើង​ដើម្បី​ប្រទាន​ឲ្យ​បុត្រា និង បុត្រី​របស់​ទ្រង់​ផងដែរ ។

ក្នុង​នាម​ជា​គ្រូបង្រៀន​របស់​សាសនាចក្រ សូម​ជួយ​ដល់​យុវវ័យ​របស់​យើង​ឲ្យ​មាន​ការ​យល់ដឹង​ច្បាស់លាស់​អំពី​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​ថា​ពិតជា​មាន​អំណរ​កើត​មាន​ដល់​កូនចៅ​របស់​ទ្រង់ ។ សូម​ជួយ​ពួកគេ​ដឹង​រឿង​នេះ ឱប​ក្រសោប​យក​វា ចូលរួម​នឹង​វា ហើយ​ការពារ​វា ។ បទពិសោធន៍​រយៈពេល ៤០ ឆ្នាំ​របស់​ខ្ញុំ ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ខ្ញុំ​បារម្ភ​ថា សមាជិក​សាសនាចក្រ​របស់​យើង ទាំង​ក្មេង ទាំង​ចាស់​ដ៏​ច្រើន​ ពុំ​យល់​អំពី​ផែនការ​សម្រាប់​ជោគ​វាសនា​ដ៏​អស់កល្ប និង​ដ៏​ទេវភាព​របស់​ពួកគេ​ឡើយ ។

ដូច្នេះ​គ្រូបង្រៀន​របស់​ខ្ញុំ​អើយ យើង​គួរ​តែ​ស្វែងរក ហើយ​រីករាយ​នឹង​ឱកាស​ទាំង​នេះ ដើម្បី​ពន្យល់​អំពី​ខាង​គោលលទ្ធិ និង​ខាង​វិញ្ញាណថា ហេតុអ្វី​យើង​ជឿ​ថា​ចំណេះដឹង​អំពី​ផែនការ​សុភមង្គល​ដ៏​អស្ចារ្យ​របស់​ព្រះ នឹង​ឆ្លើយ​ចំពោះ​សំណួរ « ហេតុអ្វី » ភាគច្រើន​ដែល​យើង​ត្រូវ​បាន​គេសួរ ។ ការបង្ហាញ​ពី​ជំនឿ​របស់​យើង​ទៅលើ​ជីវិត​មុន​ជីវិត​នេះ ដែល​យើង​បាន​រស់នៅ​ជា​កូនចៅ​វិញ្ញាណ​របស់​ព្រះវរបិតាសួគ៌ និង ព្រះមាតា​សួគ៌ អនុញ្ញាត​ឲ្យ​យើង​ពន្យល់​ថា​ហេតុអ្វី​ផែនដី​នេះ​ត្រូវ​បាន​បង្កើត​ឡើង ។ គោលបំណង​សំខាន់​មួយ​នៃ​ជីវិត​រមែង​ស្លាប់ គឺ​ថា​យើង​អាច​ចម្លង​បទពិសោធន៍​គ្រួសារ​នោះ​មក​ខ្លួន​យើង ក្នុងគ្រា​នេះ​ក្នុងនាម​ជា​ឪពុក​ម្ដាយ ជាជាង​ក្នុងនាម​ជា​កូន ។ សូម​រក្សា​ទុក​នូវ​ការ​យល់​ដឹង​គ្រឹះ​របស់​អ្នក​អំពី​គោលលទ្ធិ និង​គោលបំណង​នៃ​ផែនការ​របស់​ព្រះវរបិតាសួគ៌​របស់​យើង​ដើម្បី​សុភមង្គល​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។ ហើយ​បន្ដ​បង្រៀន​អំពី​វា ។

សេចក្ដី​បញ្ចប់

ដូច្នោះ​ដើម្បី​បញ្ចប់ និង សង្ខេប​ចំណុច​ទាំងឡាយ​ដែល​ខ្ញុំបាន​ចែកចាយ​ជាមួយ​នឹង​អ្នក​គឺ ៖

  • បង្រៀនសិស្ស​ឲ្យ​ដាក់បញ្ចូល​ការរៀនសូត្រ​ដោយការ​សិក្សា និង​សេចក្ដីជំនឿ​ជាមួយ​នឹង​ទីបន្ទាល់​បរិសុទ្ធ ។

  • សូម​បង្រៀន​សិស្ស​ឲ្យ​បន្ដ​ជិះ​នៅលើ​ទូក ហើយ​តោង​ឲ្យជាប់ !

  • បង្រៀនសិស្ស​ឲ្យ​គ្រប់គ្រង​លើ​ឧបករណ៍​ចល័ត​របស់​ពួកគេ ហើយ​ផ្ដោត​ទៅលើ​ទំនាក់​ទំនង​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ច្រើន​ជាង​អ៊ិនធើរណិត ។

  • ចាក់​ថ្នាំ​បង្ការ​ដល់​សិស្ស​ជាមួយ​នឹង​សេចក្ដីពិត​នៃ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​ដែល​រកបាន​នៅក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

  • សូម​ចងចាំ​ថា « ហេតុអ្វី ? » អាច​ជា​សំណួរ​ដ៏​អស្ចារ្យ​មួយ ដែល​ដឹកនាំ​ទៅរក​ការ​យល់ដឹង​អំពីដំណឹងល្អ ។

  • រៀន​ឲ្យចេះស្ទាត់​អំពីមាតិកា​នៃ​សំណេរ​ប្រធានបទដំណឹងល្អ ។

  • ចូរ​កុំ​អះអាង​ហួសហេតុ ហើយ​កុំ​ខ្លាច​នឹង​និយាយ​ថា « ខ្ញុំ​មិន​ដឹង » ។

  • ចូរ​ធ្វើជាអ្នករៀន​សូត្រ​ពេញ​មួយ​ជីវិត ។

  • ស្វែងរក​ការ​ប្រឹក្សា និង​ការ​កែលម្អ​មកពី​អ្នក​ទាំងឡាយ​ដែល​អ្នក​ទុកចិត្ត ។

  • ពិចារណា​ធ្វើការ​សម្ភាស​ខ្លួនឯង​ម្ដងម្ដាល​ដើម្បី​ពិនិត្យ​មើល​ការ​រៀបចំ​ខ្លួន​ខាង​វិញ្ញាណ ភាព​ឧស្សាហ៍ព្យាយាម និង​ប្រសិទ្ធភាព​របស់​អ្នក ។

  • បង្រៀនថា ផែនការ​នៃ​សុភមង្គល​ចាប់ផ្ដើម ហើយ​បញ្ចប់​ជាមួយ​នឹង​គ្រួសារ ។ ចាំទុក​ក្នុងចិត្ត​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​គ្រប់​ពេល ។

  • បង្រៀន​ថា អាពាហ៍ពិពាហ៍ និង​គ្រួសារ​នាំមកនូវ​អំណរ​ដ៏យូរអង្វែង ។

សូម​ចងចាំ ការ​ដាក់​បញ្ចូល​ការ​រៀនសូត្រ​ដោយ​ការ​សិក្សា ដោយ​សេចក្ដីជំនឿ និង ដោយ​ទីបន្ទាល់​បរិសុទ្ធ នាំ​មក​នូវ​ការប្រែចិត្តជឿ​ពិត និង យូរ​អង្វែង ។ លើស​ពី​នោះ​ទៀត សេចក្ដីជំនឿ​រឹងមាំ​ទៅលើ​ដង្វាយធួន​នៃ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ គឺ​សំខាន់​ចំពោះ​កម្លាំង​ខាង​វិញ្ញាណ និង ការ​រីកចម្រើន​របស់​យើង ។

សូម​ឲ្យ​អ្នក​មាន​អំណរ និង​ភាព​សុខសាន្ដ​ដែល​កើត​មាន​មកពី​ការ​ដឹង​ថា តាម​រយៈ​ការ​បង្រៀន​របស់​អ្នក នោះ​អ្នក​បាន​ជះ​ឥទ្ធិពល​ដល់​ជីវិត​របស់​បុគ្គល​ម្នាក់ ហើយ​បាន​ជួយ​លើក​ស្ទួយ​ដល់​កូន​ម្នាក់ៗ​របស់​ព្រះវរបិតា​សួគ៌ នៅ​លើ​ដំណើរ​របស់​ពួកគេ ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់​វិញ ។

កំណត់ចំណាំ

  1. ការប្រជុំ​បំពាក់បំប៉ន​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ទីក្រុង សលត៍ លេក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ១៩៩២ ។

  2. ហារ៉ូល ប៊ី លី នៅក្នុង Clyde J. Williams The Teachings of Harold B. Lee ( ឆ្នាំ ១៩៩៦ ) ទំព័រ ៣៣១ ។

  3. សូមមើល Edward W. Tullidge The Women of Mormondom ( ឆ្នាំ ១៨៧៧ ) ទំព័រ ៤១១–១៤ ។

  4. សូមមើល F. Burton Howard Marion G. Romney: His Life and Faith ( ឆ្នាំ ១៩៨៨ ) ទំព័រ ៦២–៦៤ ។

  5. ប៊យដ៍ ឃេ ផាកកឺ « A Tribute to the Rank and File of the Church » Ensign ខែ ឧសភា ឆ្នាំ ១៩៨០ ទំព័រ ៦២ ។

  6. សូមមើល អិម រ័សុល បាឡឺដ « Stay in the Boat and Hold On ! » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ៨៩–៩២ ។

  7. សូមមើល​គេហទំព័រ lds.org/topics/essays ។

  8. សូមមើល josephsmithpapers.org ។

  9. Brent W. Webb « Quest for Perfection and Eternal Life » ( Brigham Young University annual university conference faculty session ថ្ងៃ​ទី ២៤ ខែ សីហា ឆ្នាំ ២០១៥ ) ទំព័រ ១០ speeches.byu.edu សូមមើល​ផងដែរ Stav Atir, Emily Rosenzweig និង David Dunning « When Knowledge Knows No Bounds: Self-Perceived Expertise Predicts Claims of Impossible Knowledge » Psychological Science ខែ សីហា ឆ្នាំ ២០១៥ ទំព័រ ១២៩៥–១៣០៣ ។

  10. នៅក្នុង Brent W. Webb « Quest for Perfection and Eternal Life » ទំព័រ ១០ ។

  11. សូម​មើល « The Family: A Proclamation to the World » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។