ការបម្រើរបស់អ្នកផ្សព្វផ្សាយសាសនាដែល ខ្ញុំត្រូវការ
អ្នកនិពន្ធរស់នៅសៅ ប៉ូឡូ ប្រេស៊ីល ។
ខ្ញុំជាសមាជិកសាសនាចក្រ ប៉ុន្តែខ្ញុំក៏ត្រូវការអ្នកផ្សព្វផ្សាយសាសនាដែរ ។
នៅពេលខ្ញុំឈានដល់អាយុ ១៧ ឆ្នាំ មិត្តភក្ដិរបស់ខ្ញុំទាំងអស់បានចេញពីខ្ញុំ ។ ពួកគេបានប្តូរទៅរស់នៅកន្លែងឆ្ងាយ ទៅបម្រើបេសកកម្ម ឬ ឈប់ធ្វើជាមិត្តភក្តិរបស់ខ្ញុំទៀត ។ ទោះបីជាខ្ញុំមានគ្រួសារក្តី ខ្ញុំនៅតែមានអារម្មណ៍ថាឯកោ ។ ខ្ញុំមានអារម្មណ៍ថា គ្មាននរណាគាំទ្រខ្ញុំឡើយក្រៅពីអ្នកផ្ទះរបស់ខ្ញុំ ហើយខ្ញុំមិនត្រូវនឹងមនុស្សដទៃឡើយ ទោះបីជាខ្ញុំបានព្យាយាមក៏ដោយ ។
ថ្ងៃមួយអ្នកផ្សព្វផ្សាយសាសនាថ្មីដែលបានចាត់ឲ្យមកវួដរបស់យើង បានមកផ្ទះយើងដើម្បីណែនាំខ្លួនពួកគេឲ្យយើងស្គាល់ ។ ពួកគេបានសួរថាតើពួកយើងមានអ្វីខ្លះឲ្យពួកគេជួយ ។ ខ្ញុំពុំបានខ្វល់នឹងអ្វីដែលពួកគេបាននិយាយឡើយ ដោយសារខ្ញុំកំពុងតែគិតពីទុក្ខព្រួយ និង ភាពឯកោដែលខ្ញុំមានតែប៉ុណ្ណោះ ។ ក្រោយមកអ្នកផ្សព្វផ្សាយសាសនាបាននិយាយថា ពួកគេចង់ឲ្យខ្ញុំជួយបង្រៀនមេរៀនមួយចំនួន ។ ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ។ ហេតុអ្វីពួកគេសុំជំនួយពីមនុស្សម្នាក់ដែលបង្ហាញយ៉ាងច្បាស់ពីស្ថានភាពដែលគ្មានអារម្មណ៍ល្អសោះនោះ ?
ខ្ញុំបានយល់ព្រម ហើយខ្ញុំបានទៅបង្រៀនជាមួយពួកគេ ។ អ្នកផ្សព្វផ្សាយសាសនាមិនគ្រាន់តែជួយមនុស្សដែលពួកគេបង្រៀនប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានឥទ្ធិពលយ៉ាងល្អលើខ្ញុំផងដែរ ។
នៅពេលអែលឌើរម្នាក់បានប្តូរតំបន់ ខ្ញុំបានដឹងថាជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរកាន់តែប្រសើរឡើង ចាប់តាំងពីខ្ញុំបានចំណាយពេលជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំមានចំណុចជាច្រើនដែលដូចទៅនឹងអែលឌើរថ្មីនេះ ដែលបានប្តូរមកតំបន់យើង ហើយខ្ញុំបានបន្តចំណាយពេលជាមួយអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេបានលើកទឹកចិត្ត បង្រៀន និង គាំទ្រដល់ខ្ញុំ ។ ពួកគេបានជួយខ្ញុំឲ្យមានអារម្មណ៍ប្រសើរឡើងនាថ្ងៃដែលខ្ញុំមានការលំបាក ។ ទោះបីមានភាសាជារនាំង ហើយមានកាលវិភាគដ៏មមាញឹកក្តី អ្នកផ្សព្វផ្សាយសាសនាបានខិតខំជួយខ្ញុំ ។ អ្នកផ្សព្វផ្សាយសាសនាបានជួយខ្ញុំឲ្យដឹងថា ខ្ញុំមិនឯកោឡើយ ។ ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់គឺព្រះយេស៊ូវគ្រីស្ទ កំពុងទតមើលយើង ហើយជួយយើងតាមរយៈមនុស្សដទៃ ។
នៅពេលអែលឌើរថ្មីនោះបានប្តូរតំបន់ ខ្ញុំបានអរគុណគាត់ចំពោះ ការធ្វើជាឧបករណ៍ក្នុងព្រះហស្តរបស់ព្រះអម្ចាស់ដើម្បីសង្គ្រោះខ្ញុំ ។ ខ្ញុំមានអំណរគុណដែលគាត់បានមកបេសកកម្មដ៏ពិសេសនេះ ដោយសារគាត់ជាពរជ័យមួយសម្រាប់ខ្ញុំ ។
កាលពីមុន ខ្ញុំគ្មានបំណងបម្រើបេសកកម្មទាល់តែសោះ ប៉ុន្តែនៅពេលខ្ញុំបានមើលអ្នកផ្សព្វផ្សាយសាសនាទាំងនេះ នោះបំណងប្រាថ្នារបស់ខ្ញុំដើម្បីបម្រើបានកើនឡើង ។ ខ្ញុំនឹងទៅបម្រើបេសកកម្មក្នុងពេលឆាប់ៗនេះ ហើយខ្ញុំរីករាយដើម្បីថ្វាយអ្វីៗ ដែលខ្ញុំមានចំពោះព្រះអម្ចាស់ដូចអ្នកផ្សព្វផ្សាយសាសនាទាំងនោះបានធ្វើ ។
នាយប់មួយ មុនពេលអ្នកផ្សព្វផ្សាយសាសនាមួយគូនោះមកផ្ទះរបស់ខ្ញុំ ខ្ញុំចាំពីអារម្មណ៍ឯកោ ហើយខ្ញុំបានអធិស្ឋាន ។ ខ្ញុំបានទូលសុំព្រះដោយអស់ពីចិត្តរបស់ខ្ញុំ សូមឲ្យទ្រង់គ្រាន់តែបញ្ជូនមិត្តភក្តិម្នាក់ជួយ ហើយគាំទ្រខ្ញុំ ។ ព្រះអម្ចាស់បានឆ្លើយតបចំពោះការអធិស្ឋានរបស់ខ្ញុំតាមរបៀបមួយដ៏អស្ចារ្យ—ដោយបញ្ជូនអ្នកផ្សព្វផ្សាយសាសនាមក ។ ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទមានព្រះជន្មរស់ ហើយថាពួកអ្នកផ្សព្វផ្សាយសាសនាគឺជាអ្នកបម្រើរបស់ទ្រង់ ។