សារលិខិតបង្រៀនសួរសុខទុក្ខ
អំណរនៃក្រុមគ្រួសារគឺមាននៅក្នុងសេចក្តីសុចរិត
សូមសិក្សាអត្ថបទនេះប្រកបដោយការអធិស្ឋាន និងស្វែងរកការបំផុសគំនិត ដើម្បីដឹងពីអ្វីដែលត្រូវចែកចាយ ។ តើការយល់ដឹងពី « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » បង្កើនជំនឿរបស់អ្នកទៅលើព្រះ ហើយផ្ដល់ពរដល់អ្នកទាំងឡាយដែលអ្នកថែទាំតាមរយៈការបង្រៀនសួរសុខទុក្ខយ៉ាងដូចម្តេច ? សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ reliefsociety.lds.org ។
ព្រះ« បានស្ថាបនាក្រុមគ្រួសារ ដើម្បីនាំយកសុភមង្គលមកឲ្យយើង ដើម្បីជួយយើងរៀនគោលការណ៍ដ៏ត្រឹមត្រូវ នៅក្នុងបរិយាកាសដ៏កក់ក្តៅមួយ និង ដើម្បីរៀបចំយើងសម្រាប់ជីវិតដ៏អស់កល្បជានិច្ច » ។១ ប្រធាន រ័សុល អិម ណិលសុន ប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ស្តីពី « ផែនការនៃសុភមង្គលដ៏មហិមា » របស់ព្រះ ( អាលម៉ា ៤២:៨ ) នោះដូចនេះ ៖ « ផែនការរបស់ទ្រង់បានប្រកាសថា មានបុរស និង ស្ត្រី ‹ ដើម្បីឲ្យគេអាចមានសេចក្ដីអំណរ › [ នីហ្វៃទី ២ ២:២៥ ] ។ អំណរនោះកើតឡើងនៅពេលយើងជ្រើសរើសរស់នៅស្របតាមផែនការអស់កល្បជានិច្ចរបស់ព្រះ » ។២
គេហដ្ឋានមួយដែលផ្តោតលើព្រះគ្រីស្ទផ្តល់ឱកាសដ៏អស្ចារ្យសម្រាប់ភាពជោគជ័យ ។ អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨–២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ពិពណ៌នាពីគេហដ្ឋានថាជាកន្លែងមួយ « ដែលដំណឹងល្អត្រូវបានបង្រៀន រក្សាសេចក្ដីសញ្ញា និង ពោរពេញដោយក្ដីស្រឡាញ់ » ជាកន្លែងដែលក្រុមគ្រួសារអាចរស់នៅ « ក្នុងជីវិតដែលគោរពប្រតិបត្តិ » ហើយប្រែជា « ចាក់ឫសយ៉ាងមាំនៅក្នុងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។៣
ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សាទីមួយនៅក្នុងគណៈប្រធានទីមួយ បានមានប្រសាសន៍ដូចនេះ ៖ « យើងអាចសម្រេចចិត្តថា យើងនឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីនាំយកព្រះចេស្តានៃស្ថានសួគ៌ចូលមកក្នុងគ្រួសារ [ របស់យើង ] » ។ ហើយយើងទំនងជាជំរុញឲ្យមានសេចក្តីស្រឡាញ់ ការបម្រើ ការគោរពប្រតិបត្តិ និង សុភមង្គលនៅក្នុងគេហដ្ឋានរបស់យើងដោយសារ « [ កូនៗរបស់យើង ] ស្តាប់ឮព្រះបន្ទូលរបស់ព្រះ ហើយពួកគេសាកល្បងវាដោយសេចក្តីជំនឿ ។ ប្រសិនបើពួកគេធ្វើបែបនោះ លក្ខណៈសម្បត្តិរបស់ពួកគេនឹងផ្លាស់ប្តូរក្នុងរបៀបមួយដែលបង្កើតនូវសុភមង្គលដែលពួកគេស្វែងរក » ។៤
គេហដ្ឋានដែលផ្ដោតទៅលើព្រះគ្រីស្ទ
យើងមានគំរូនៃគេហដ្ឋានដែលផ្តោតលើព្រះគ្រីស្ទនៅក្នុងព្រះគម្ពីរ ។ បន្ទាប់ពីឪពុករបស់លោកគឺ លីហៃបានស្លាប់ទៅ នោះនីហ្វៃបាននាំគ្រួសាររបស់លោក និង អ្នកដទៃទៀតដែលបានជឿលើការព្រមាន និង វិវរណៈរបស់ព្រះ និង អស់អ្នកណាដែលស្តាប់តាមពាក្យរបស់នីហ្វៃ ចេញពីដែនដីនៃពួកលេមិន ។ នៅក្នុងកន្លែងថ្មីនេះ ប្រជាជននីហ្វៃអាចរក្សាសេចក្ដីយុត្តិធម៌ទាំងឡាយ និងក្រឹត្យក្រមទាំងឡាយ និងព្រះបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ចំពោះការណ៍ទាំងអស់ ស្របតាមក្រឹត្យវិន័យលោកម៉ូសេ ( សូមមើល នីហ្វៃទី ២ ៥:៦–១០ ) ។ ប៉ុន្តែនៅក្នុងចំណោមពួកសាសន៍នីហ្វៃ មានអ្នកខ្លះបានប្រែជាមិនគោរពប្រតិបត្តិតាមទៅវិញ ។
ហើយជួនកាលខណៈដែលសមាជិកគ្រួសារយើងអាចឈប់រស់នៅក្នុងភាពសុចរិតដូចជាពួកនីហ្វៃ នោះអែលឌើរ ស្កត បានមានប្រសាសន៍ថា គេហដ្ឋានដែលផ្តោតលើព្រះគ្រីស្ទនៅតែ « ផ្ដល់ជាការអះអាងដ៏មហិមាបំផុតសម្រាប់ភាពសុខសាន្ដ និង ជម្រកក្នុងគេហដ្ឋានរបស់យើង » ។ លោកបានទទួលស្គាល់ថា « វាក៏នឹងនៅមានឧបសគ្គ ឬ ការខូចចិត្តជាច្រើនផងដែរ តែទោះជាស្ថិតនៅក្នុងការលំបាកក្ដី ក៏យើងអាចរីករាយនឹងភាពសុខសាន្ដ និង សុភមង្គលក្នុងខ្លួនរបស់យើងដែរ » ។៥