ចូរធ្វើជាវីរបុរសដ៏ ពិត
ការឈានទៅមុខគឺ មិនមែនដូចជាការអង្គុយមើលកីឡាឡើយ ។ ត្រូវក្រោកឡើង ហើយធ្វើសកម្មភាព ។
សូមគិតអំពីទង្វើរបស់វីរបុរសដែលអ្នកចូលចិត្ត ។ ឥឡូវនេះ ! តើអ្នកបានគិតអំពីការផ្សងព្រេងរបស់វីរបុរសមួយចំនួនដែលព្យាយាមយកឈ្នះលើការជំទាស់ដ៏ខ្លាំងលើសលុបដែរឬទេ ? ឬ ប្រហែលជាគិតពីអ្នកផ្សងព្រេងដ៏មានមន្តស្នេហ៍ដែលមានម៉ូដសក់ដ៏ស្រស់ស្អាតដែរឬទេ ? តើអ្នកបានគិតអំពីនរណាម្នាក់មកពីបទគម្ពីរឬទេ ?
នីហ្វៃ, ណូអេ, អ័ប៊ីស ឬ ពេត្រុស ? ពួកលោកមិនគ្រាន់តែវាយប្រឆាំងនឹងសត្រូវរបស់ខ្លួនដោយកណ្តាប់ដៃ និង ដោយពាក្យសម្តីដ៏ឈ្លាសវៃនោះទេ ប៉ុន្តែពួកគាត់គឺមនុស្សដែលអ្នកអាចហៅបានថាជាវីរបុរសដ៏ ពិត ។ ពួកលោកអនុវត្តសេចក្តីជំនឿ ទុកចិត្តលើព្រះ និង ឈានទៅមុខ ។ ពួកលោកមានការប្រព្រឹត្ត ។
តើអ្នកធ្លាប់ពុំបានចាប់ផ្តើមធ្វើកិច្ចការ ដោយសារអ្នកពុំបានទទួលការណែនាំច្បាស់លាស់ ពីមួយជំហានទៅមួយជំហានដែរឬទេ ? ប្រហែលជាមានអ្នកខ្លះនៅក្នុងថ្នាក់រៀន ឬ កូរ៉ុមរបស់អ្នក ដែលពុំមកព្រះវិហារ ។ តើអ្នកមានចិត្តស្ទាក់ស្ទើរទៅរកពួកគេ ដោយសារអ្នកពុំដឹងប្រាកដពីរបៀបធ្វើវាឬ ? ការបំផុសគំនិតគឺមានសារៈសំខាន់ ហើយយើងគប្បីស្វែងរកការបំផុសគំនិតជានិច្ច ។ ប៉ុន្តែនោះពុំមែនមានន័យថា អង្គុយ ហើយរង់ចាំសារលិខិតមកពីទេវតាមួយអង្គ ពីមុនយើងទៅចុះឡើងធ្វើការល្អឡើយ ។ ព្រះវរបិតាសួគ៌មានព្រះទ័យឲ្យអ្នកធ្វើជាមិត្តជាមួយនឹងបុគ្គលម្នាក់នោះ ។ ទ្រង់មានព្រះទ័យឲ្យយើងមានចិត្តក្លាហាន ហើយប្រពឹត្តវា !
ចុះប្រសិនបើនីហ្វៃ, ណូអេ, អ័ប៊ីស ឬ ពេត្រុស បានរង់ចាំដោយមិនធ្វើអ្វីសោះនោះ ? ពួកលោកទាំងអស់គ្នា មានកិច្ចការលំបាកៗដែលត្រូវធ្វើ ។ ឧបមាថាពួកលោកបានជ្រើសយកការអង្គុយស្ងៀមផឹកភេសជ្ជៈ និង បរិភោគនំឃុកឃី លុះត្រាពួកគេទទួលបានការណែនាំបន្តទៀតដើម្បីធ្វើកិច្ចការផ្សេងៗ ។ នោះអ្វីៗគ្រប់យ៉ាងនឹងមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង …
រង់ចាំ ហើយមើលឬ ?
« ខ្ញុំនឹង រង់ចាំ ហើយធ្វើនូវអ្វីៗដែលព្រះអម្ចាស់ទ្រង់បានបញ្ជា ដ្បិតខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់មិនចេញបញ្ជាដល់កូនចៅមនុស្សណាឡើយ លើកលែងតែទ្រង់នឹងរៀបចំផ្លូវ ដូច្នោះខ្ញុំនឹងមិនធ្វើអ្វីឡើយ រហូតដល់ខ្ញុំដឹងប្រាកដច្បាស់ពីផ្លូវនោះសិន» ( គ្មានខគម្ពីរ នីហ្វៃទី ១ ៣:៧បែបនេះឡើយ ) ។
មិនយូរប៉ុន្មានក្រោយពីគ្រួសារលីហៃបានចាកចេញពីផ្ទះសម្បែងរបស់ពួកលោកដែលនៅក្រុងយេរូសាឡិម នោះព្រះអម្ចាស់បានបញ្ជាឲ្យកូនប្រុសរបស់លីហៃត្រឡប់ទៅយកផ្ទាំងមកពីឡាបាន់ ។ ប៉ុន្តែយើងដឹងថា លោកពុំបានផ្តល់យោបល់ដល់ពួកគេអំពីរបៀបដើម្បីទៅយកផ្ទាំងនោះឡើយ ។ អ្វីដែល នីហ្វៃ និងពួកបងប្រុសរបស់លោកបានដឹងគឺថា ព្រះបានបញ្ជាឲ្យពួកគេត្រឡប់ផ្ទាំងនោះ ។ តើអ្នកធ្លាប់មានអារម្មណ៍ថា អ្នកគ្មានគំនិតដើម្បីធ្វើអ្វីមួយដែលអ្នកគួរតែធ្វើដែរឬទេ ? ( ប្រហែលនោះហើយជាហេតុផលមួយដែល លេមិន និង លេមយួលបានរអ៊ូរទាំ ! ) វាអាស្រ័យលើគំនិតរបស់នីហ្វៃ ហើយអនុវត្តសេចក្តីជំនឿដើម្បីទៅ ហើយធ្វើវា ។ ប៉ុន្តែតើមានអ្វីកើតឡើង ប្រសិនបើលោកនៅស្ងៀម ហើយចំណាយពេលវេលាខ្ជះខ្ជាយនោះ ? ចុះប្រសិនបើ នីហ្វៃបានបដិសេធធ្វើកិច្ចការនោះ ដោយរង់ចាំឲ្យព្រះប្រទានផែនការដល់លោកនោះ ? ការទៅយកផ្ទាំងគឺជារឿងលំបាកណាស់ ! លោក និងបងប្អូនរបស់លោកបានព្យាយាមពីរដង ហើយបរាជ័យ ! ចុះមានអ្វីកើតឡើងប្រសិនបើនីហ្វៃគ្រាន់តែអង្គុយផ្អែកនឹងជញ្ជាំងក្រុងយេរូសាឡិម ហើយរង់ចាំឲ្យព្រះប្រាប់លោកពីអ្វីដែលលោកត្រូវធ្វើនោះ ?
ផ្ទាំងទាំងនោះគឺបន្តនៅតែក្នុងឃ្លាំងរបស់ឡាបាន់ដដែល ។ សំណាងណាស់ នីហ្វៃពុំបានអង្គុយរង់ចាំនោះទេ ។
ផ្ទុយទៅវិញ លោកបានធ្វើតាមព្រះវិញ្ញាណ « ដោយមិនបានដឹងជាមុនសោះឡើយថា តើខ្ញុំនឹងត្រូវធ្វើអ្វីខ្លះ ។ ទោះយ៉ាងណាក៏ដោយ គង់តែខ្ញុំដើរតម្រង់ទៅមុខ » ( នីហ្វៃទី ១ ៤:៦–៧ ការគូសបញ្ជាក់បានបន្ថែម ) ។ លោកពុំបានអង្គុយរង់ចាំនោះទេ លោកពុំបានបណ្តោយឲ្យរឿងដែលលោកមិនដឹងបញ្ឈប់លោកឡើយ ។ លោកបានដឹងថា ព្រះនឹងប្រទានមធ្យោបាយមួយហើយលោកពិតជាគិតត្រឹមត្រូវមែន ។ នៅពេលនីហ្វៃបន្តទៅមុខ ធ្វើកិច្ចការនោះ ហើយឈានទៅមុខ នោះព្រះអម្ចាស់បានណែនាំ និង ជួយដល់លោក ។
ប៉ុន្តែតើដោយសារមូលហេតុអ្វី ?
« នោះណូអេ បានសួរ គ្រប់ទាំងសេចក្តីដែលព្រះយេហូវ៉ាបានបញ្ជាដល់លោក » ( គ្មានខគម្ពីរ លោកុប្បត្តិ ៧:៥បែបនេះឡើយ ) ។
ជួនកាលព្រះប្រទាននូវការណែនាំជាក់លាក់ ។ ចូរមើលណូអេជាគំរូអំពីរឿងនេះ ។ នៅពេលព្រះបានបញ្ជាណូអេឲ្យសង់ទូក ព្រះបានប្រទាននូវទំហំខ្នាត ដោយពន្យល់ពីវត្ថុធាតុនានាដើម្បីប្រើ ហើយថែមទាំងបានផ្តល់បញ្ជីនៃអ្នកដែលត្រូវធ្វើដំណើរដល់ណូអេផងដែរ ។ អ្នកប្រហែលជាបានទទួលការបំផុសជាក់លាក់បែបនោះ ហើយយើងទាំងអស់គ្នាបានទទួលបទបញ្ញត្តិជាក់លាក់ ដូចជាគោលការណ៍នានានៅក្នុងកូនសៀវភៅ ដើម្បីកម្លាំងនៃយុវជន ។ ប៉ុន្តែទោះបីជាអ្នកដឹងច្បាស់លាស់ពីអ្វីដែលអ្នកគប្បីធ្វើក្តី តើអ្នកធ្លាប់ នៅតែ មានចិត្តស្ទាក់ស្ទើរដើម្បីធ្វើវាដែរឬទេ ? តើអ្នកធ្លាប់មានការល្បួងឲ្យសួរព្រះអម្ចាស់ ជាជាងធ្វើតាមទ្រង់ដែរឬទេ ?
ចុះមានអ្វីកើតឡើង ប្រសិនបើណូអេបានស្តាប់ឮព្រះអម្ចាស់ ហើយនិយាយថា « ប៉ុន្តែតើដោយសារមូលហេតុអ្វី ? ខ្ញុំមិនយល់វាឡើយ » ។ ចុះមានអ្វីកើតឡើងប្រសិនបើ លោកដេកទម្រេតលើគ្រែ ហើយបដិសេធមិនធ្វើអ្វីសោះ រហូតដល់លោកបានយល់ច្បាស់ពី មូលហេតុ ដែលព្រះអម្ចាស់បានធ្វើឲ្យមានទឹកជំនន់ ដោយឆ្ងល់គ្រប់ពេលវេលាទាំងអស់ថា តើការណែនាំនោះពិតជាមកព្រះមែនឬ ?
នឹងមានទឹកជំនន់ ប៉ុន្តែតើនឹងមានទូកដែរឬទេ ? ចុះពូជមនុស្សវិញ ? វា ពិតជា សំណាងណាស់ ដែលណូអេមិនអង្គុយ ហើយសួរគ្រប់សំណួរនោះ ។
ផ្ទុយទៅវិញលោកបាន « ធ្វើសម្រេចតាមគ្រប់ទាំងសេចក្តី ដែលព្រះយេហូវ៉ាបានបង្គាប់មក » ( លោកុប្បត្តិ ៧:៥ ) ។ លោកគ្មានសំណួរឡើយ លោកបានប្រព្រឹត្តតាមដោយជំនឿ ។ ប្រសិនបើសួរក្នុងស្មារតីមួយត្រឹមត្រូវ ការមានសំណួរគឺជារឿងល្អ ។ សំណួរនោះអាចជួយយើងឲ្យរីកចម្រើន ហើយនាំយើងទទួលសេចក្តីពិតកាន់តែច្រើនឡើង ។ ប៉ុន្តែនៅពេលយើងបដិសេធមិនធ្វើអ្វីសោះ លុះត្រាយើងទទួលបានចម្លើយដែលចង់បានសិននោះ ការសួរសំណួរនោះអាចរារាំងយើងមិនឲ្យរីកចម្រើនឡើយ ។ ណូអេអាចមានសំណួរ ប៉ុន្តែលោកពុំបានបណ្តោយឲ្យសំណួរទាំងនោះបញ្ឈប់លោកឡើយ ។ វារៀងចម្លែកបន្តិច ដែលលោកបានសង់ទូកនៅលើដីគោក ហើយប្រមូលហ្វូងសត្វទាំងអស់ ព្រមទាំងបាននាំគ្រួសារលោកចូលក្នុងទូកនោះដោយបិទជិតឈឹង ។ ហើយនៅពេលវាចាប់ផ្តើមភ្លៀង នោះលោកប្រហែលជាសប្បាយចិត្តណាស់ ដែលលោកបានធ្វើការនោះ ។ ណូអេបានប្រព្រឹត្តដោយជំនឿ ហើយព្រះបានប្រទានពរដល់លោក និង គ្រួសារលោកទាំងមូល ។
តើដកខ្លួនថយក្រោយ ហើយចាំមើលឬ ?
« កាលដែលនាងឃើញថា ពួកអ្នកបម្រើទាំងអស់របស់ឡាម៉ូណៃ បានដួលទៅលើដី … នោះនាងដឹងថា នេះហើយជាព្រះចេស្ដានៃព្រះ ហើយនាងបានគិតថា…ដោយឃើញឥទ្ធិពលនេះ …នឹងបណ្ដាលឲ្យ [ មនុស្សដទៃ ] ជឿដល់ព្រះចេស្ដានៃព្រះ ហេតុដូច្នេះហើយនាងបាន ដកខ្លួនថយក្រោយ ហើយរំពឹងថាមាននរណាម្នាក់នឹងប្រមូលមនុស្សទាំងនោះមក » ( គ្មានខគម្ពីរ អាលម៉ា ១៩:១៧បែបនេះឡើយ ) ។
អ័ប៊ីសជាស្ត្រីសាសន៍លេមិន ។ គាត់បានប្រែចិត្តជឿទៅលើព្រះអម្ចាស់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែដោយសារគាត់បានរស់នៅក្នុងចំណោមសាសន៍លេមិនដែលគ្មានជំនឿ នោះគាត់បានរក្សាសេចក្តីជំនឿរបស់ខ្លួនជាសម្ងាត់ ។ នៅពេលអាំម៉ូនបានបង្រៀនដំណឹងល្អដល់ស្តេចឡាម៉ូណៃ ព្រះរាជានឹងសាច់សានុវង្សរបស់ទ្រង់ត្រូវបានគ្របសន្ធប់ដោយព្រះចេស្ដានៃព្រះអម្ចាស់ ។ អ័ប៊ីសបានទទួលស្គាល់ថា នេះជាឱកាសមួយសម្រាប់ឲ្យមិត្តភក្តិ និង អ្នកជិតខាងរបស់គាត់ មើលឃើញ ហើយជឿលើព្រះចេស្តារបស់ព្រះ ។ វាអាស្រ័យលើគាត់ ដើម្បីទៅប្រមូលប្រជាជនឲ្យមកមើលអព្ភូតហេតុនោះ ។
ចុះមានអ្វីកើតឡើងប្រសិនបើគាត់មិនបានធ្វើរឿងនេះនោះ ? បន្ទាប់ពីអស់រយៈពេលជាច្រើនឆ្នាំដែលគាត់បានលាក់បាំងសេចក្តីជំនឿរបស់ខ្លួន ដោយរត់ពីផ្ទះមួយទៅផ្ទះមួយដើម្បីប្រាប់មនុស្សគ្រប់គ្នា វាប្រហែលជារឿងមួយដែលភិតភ័យបន្តិច ! តើអ្នកធ្លាប់ត្រូវបានបំផុសគំនិត ឲ្យហ៊ាននិយាយ ប៉ុន្តែក្រោយមកមានអារម្មណ៍ភិតភ័យអំពីរឿងនោះដែរឬទេ ? ការចែកចាយជំនឿរបស់អ្នកអាចជារឿងលំបាក ! តើមានអ្វីកើតឡើង ប្រសិនបើអ័ប៊ីសគ្រាន់តែដកខ្លួនថយក្រោយ ហើយសង្ឃឹមថាប្រជាជននឹងឃើញអព្ភូតហេតុនោះដោយខ្លួនពួកគេផ្ទាល់នោះ ? ឬ ថាមាននរណាម្នាក់ដែលនឹងនិយាយរឿងនោះ ?
ប្រាកដណាស់ គ្មាននរណាម្នាក់នឹងជួបជុំគ្នា ដើម្បីមើលស្តេចឡាម៉ូណៃ និង សាច់សានុវង្សរបស់ទ្រង់ផ្ទុំស្ដូកស្ដឹងដូចជាសុគត ឬ ឃើញពីការភ្ញាក់ដឹងខ្លួនឡើងវិញដោយអព្ភូតហេតុនោះឡើយ ។ ពួកគេនឹងពុំមានវត្តមាននៅទីនោះ ដើម្បីស្តាប់ស្តេចឡាម៉ូណៃ ម្ចាស់ក្សត្រី និង អាំម៉ូនបង្រៀនដំណឹងល្អឡើយ ។
សំណាងណាស់ គាត់ពុំបានដកខ្លួនថយក្រោយឡើយ ។ ផ្ទុយទៅវិញគាត់ « បានរត់ ពីផ្ទះមួយទៅផ្ទះមួយ ទៅប្រាប់ឲ្យប្រជាជនបានដឹង » ( អាលម៉ា ១៩:១៧ ការគូសបញ្ជាក់បានបន្ថែម ) ។ គាត់មានទីបន្ទាល់អំពីព្រះអម្ចាស់ ហើយគាត់ពុំបណ្តាលឲ្យភាពភ័យខ្លាចបញ្ឈប់គាត់ឡើយ ។ គាត់ពុំបានរង់ចាំឲ្យនរណាម្នាក់ទៀតនិយាយអ្វីឡើយ ។ នៅពេលគាត់មានឱកាសនោះហើយ គាត់គ្មានចិត្តស្ទាក់ស្ទើរឡើយ—គាត់បានរត់ ! អ័ប៊ីសបានប្រព្រឹត្តតាម ហើយព្រះអម្ចាស់បានប្រទានពរដល់គាត់ ឲ្យឃើញពីប្រជាជនរបស់គាត់បានប្រែចិត្តជឿលើដំណឹងល្អ ( សូមមើល អាលម៉ា ១៩ ) ។
តើស្ដាប់ពិភពលោកនេះឬ ?
« ហើយ [ ព្រះយេស៊ូវ ] មានព្រះបន្ទូលថា ចូលមកចុះ ។ ពេត្រុសក៏ អង្គុយនៅក្នុង ទូក លោក ពុំដើរ លើទឹកទៅដើម្បីទៅឯព្រះយេស៊ូវឡើយ » ( គ្មានខគម្ពីរ ម៉ាថាយ ១៤:២៩បែបនេះឡើយ ) ។
ក្នុងនាមជាអ្នកនេសាទត្រី ពេត្រុសដឹងច្រើនអំពីទូក ។ ឧទាហរណ៍ ពេត្រុសបានដឹងថា នៅពេលមានព្យុះបោកបក់នៅលើសមុទ្រ នោះអ្នកត្រូវនៅក្នុងទូក ។ លោកបានដឹងថា អ្នកដែលឈានជើងដើរលើទឹកនឹងលិចចូលទៅក្នុងទឹកភ្លាម ។ តើអ្នកអាចស្រមៃថា តើលោកបានគិតអ្វីខ្លះ កាលលោកបានឃើញព្រះគ្រីស្ទយាងលើទឹកនោះ ?
ប៉ុន្តែមានអ្វីកើតឡើងប្រសិនបើលោកបន្តនៅលើទូកនោះ ? មនុស្សគ្រប់គ្នាដឹង ថាមនុស្សទូទៅពុំអាចដើរលើទឹកបានឡើយ ។ តើមានអ្វីកើតឡើងប្រសិនបើពេត្រុសគ្រាន់តែផ្តោតលើអ្វីដែលពិភពលោកនេះ « បានដឹង » នោះ ? ជួនកាលការបង្រៀនរបស់ព្រះគ្រីស្ទ និង ព្យាការីរបស់ទ្រង់ទំនងជាជំទាស់ប្រឆាំងនឹងអ្វីដែលពិភពលោកកំពុងបង្រៀន ។ ហើយមនុស្សលោកគឺងាយបញ្ចុះបញ្ចូល និង ងាយស្តាប់តាម ។ តើមានអ្វីកើតឡើងប្រសិនបើ ពេត្រុសបានប្រាប់ព្រះគ្រីស្ទថា ការដើរលើទឹកគឺជារឿងខុសនឹងគោលការណ៍វិទ្យាសាស្ត្រ ឬ មិនសមហេតុផលនោះ ? តើមានអ្វីកើតឡើងប្រសិនបើពេត្រុសមានការភ័យខ្លាចខ្លាំង ដើម្បីឈានជើងចេញពីទូក ហើយដើរទៅរកព្រះគ្រីស្ទនោះ ?
លោកនឹងខកខានមាននូវបទពិសោធន៍ដ៏អស្ចារ្យរួមគ្នាជាមួយនឹងលោកចៅហ្វាយ ។ លោកនឹងខកខានមានឱកាសពង្រឹងសេចក្តីជំនឿរបស់លោក ហើយលោកអាចមានមន្ទិលសង្ស័យពីសេចក្តីជំនឿរបស់លោកនាពេលអនាគត កាលលោកត្រូវការដំណោះស្រាយ ។ សំណាងណាស់ ដែលពេត្រុសពុំបន្តនៅក្នុងទូកឡើយ ។ ទោះជាមានរលក ព្យុះ ហើយលោកមានបទពិសោធន៍នៅសមុទ្រក្តី ពេត្រុសចង់ចេញពីទូក ហើយដើរទៅរកព្រះគ្រីស្ទ ។ ទោះជាអ្វីៗគ្រប់យ៉ាងដែលពិភពលោកនេះ « បានដឹង » ក្តី ពេត្រុសបានដើរលើទឹក ។ ទោះបីជាលោកបានចាប់ផ្តើមលិចចុះទៅក្នុងទឹកក្តី ព្រះគ្រីស្ទបានគង់នៅទីនោះចាប់លោកឡើង ( សូមមើល ម៉ាថាយ ១៤:២៨–៣១ ) ។
តើខ្ញុំឬ ? ជាវីរបុរសដ៏ពិតនោះ ?
អ្នកត្រូវបានបញ្ជូនមកកាន់តែផែនដីនេះ ដើម្បីធ្វើជាវីរបុរសនៃជីវិតដ៏រំភើបរបស់អ្នកផ្ទាល់ ! នោះពុំមែនមានន័យថា ជាការលោតផ្លោះចេញពីអគារដែលឆេះផ្ទុះ ឬ បើករថយន្តគេចពីការតាមចាប់ខ្លួនជារៀងរាល់ថ្ងៃឡើយ ។ វាគឺមានន័យថាជាការជ្រើសរើស ប្រព្រឹត្តតាម ហើយឈានទៅមុខ ។
ព្រះអម្ចាស់បង្រៀនថាយើង « ត្រូវឧស្សាហ៍ចូលរួមក្នុងប្រយោជន៍ល្អ » ។ ទ្រង់ពុំមានព្រះបន្ទូលជាក់ច្បាស់ថា អ្វីខ្លះជាប្រយោជន៍ល្អ ដែលគួរធ្វើនោះឡើយ ផ្ទុយទៅវិញទ្រង់មាន ព្រះទ័យឲ្យយើង « ប្រព្រឹត្តអ្វីៗជាច្រើនតាមបំណងចិត្ត [ របស់យើង ] ហើយនាំមកនូវសេចក្ដីសុចរិតដ៏ច្រើន » ( គ. និង ស. ៥៨:២៧ ) ។ នេះមានន័យថា ទ្រង់ទុកព្រះទ័យលើអ្នក ឲ្យធ្វើការសម្រេចចិត្តផ្ទាល់ខ្លួន ហើយសម្រេចចិត្តពីរបៀបដែលអ្នកនឹងនាំមកនូវសេចក្តីសុចរិតដ៏ច្រើន ។ ជាញឹកញាប់ ជំនួយកើតឡើងបន្ទាប់ពីយើងអនុវត្តសេចក្តីជំនឿ ហើយឈានដើរចាប់ពីជំហានដំបូងៗទាំងនោះ ។
ព្រះអម្ចាស់គង់នៅទីនោះជានិច្ចដើម្បីនាំផ្លូវយើង នៅពេលយើងត្រូវការ ប៉ុន្តែប្រសិនបើយើងបដិសេធដើម្បីប្រព្រឹត្តតាម ហើយឈានទៅមុនដោយខ្លួនឯង ហើយរំពឹងថាព្រះប្រាប់អ្នកឲ្យធ្វើនូវគ្រប់អ្វីៗទាំងអស់ដែលតូចតាច នោះអ្នកនឹងក្លាយជា « បាវខ្ជិលច្រអូស ហើយមិនមានប្រាជ្ញាទៅវិញ » ( សូមមើល គ. និង ស. ៥៨:២៦ ) ។ ហើយតើនរណាដែលចង់ក្លាយជាបាវខ្ជិលច្រអូស កាលអ្នកអាចក្លាយជាវីវរបុរសនោះ ?