ឆ្នាំ​២០១៦
ការបង្កើត​ឲ្យ​មាន​ជីវិត​ដ៏​រីករាយ​ដែល​គ្មាន​ទីបញ្ចប់
December 2016


ការបង្កើត​ឲ្យ​មាន​ជីវិត​ដ៏​រីករាយ​ដែល​គ្មាន​ទីបញ្ចប់

អ្នក​និពន្ធ​រស់​នៅ វ៉ូរ៉ុនណែស្ស ប្រទេស​រុស្ស៊ី ។

ខ្ញុំ​បាន​អធិស្ឋាន​ដើម្បី​ជួប​នឹង​ដៃគូ​អស់កល្ប​ជានិច្ច​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​ពុំ​រំពឹង​ថា​ជួប​នាង​អង្គុយ​ក្បែរ​ខ្ញុំ នៅលើ​រថភ្លើង​ដើម្បី​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ !

man and woman on a train

រចនា​រូបភាព​ដោយ យ៉ូស្វេ ដែននីស

ខ្ញុំ​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ អស់​រយៈពេល ១០ ឆ្នាំ​ហើយ​កាល​ខ្ញុំ​បាន​ទទួល​ការបញ្ជាក់​ថា ខ្ញុំ​ត្រូវតែ​ចាប់ផ្តើម​រកមើល​ដៃគូ ។ ខ្ញុំ​បាន​យល់​ពី​គោលលទ្ធិ​នៃ​អាពាហ៍ពិពាហ៍​សេឡេស្ទាល ហើយ​ខ្ញុំ​បាន​អធិស្ឋាន​ដោយ​ស្មោះត្រង់ ដើម្បី​មាន​អាពាហ៍ពិពាហ៍​បែប​នោះ និង អាច​មាន​គ្រួសារ​មួយ ។ ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​អាច​ស្វែងរក​ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ទីក្រុង សាម៉ារ៉ា ប្រទេស​រុស្ស៊ី ជា​កន្លែង​ដែល​ខ្ញុំ​រស់​នៅ​ដោយ​របៀប​ណា​ឡើយ ប៉ុន្តែ​ខ្ញុំ​បាន​ទុកចិត្ត​ថា​ព្រះអម្ចាស់​នឹង​ជួយ​ខ្ញុំ ( សូមមើល នីហ្វៃទី ១ ៣:៧ ) ។

កាល​ពី​ឆ្នាំ ២០០៩ ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​សន្នីសីទ​យុវមជ្ឈិមវ័យ​ជា​បន្ត​បន្ទាប់ ដែល​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅក្នុង​ទីក្រុង ១០ ទូទាំង​បេសកកម្ម​សាម៉ារ៉ា​រុស្ស៊ី ។ ខ្ញុំ​រំពឹង​ទុក​ថា សកម្មភាព​ទាំង​នេះ​អាច​ជា​មធ្យោបាយ​ដែល​ខ្ញុំ​អាច​ជួប​ដៃគូ​អស់​កល្ប​ជានិច្ច​របស់​ខ្ញុំ ។

ខ្ញុំ​មាន​ចិត្ត​រីករាយ​ចូលរួម​សន្និសីទ​ទាំង​នោះ ការអធិស្ឋាន​បាន​ឆ្លើយតប​តាម​របៀប​ជា​ច្រើន ប៉ុន្តែ​អស់​ពេល​ជា​ច្រើន​ខែ​ហើយ ខ្ញុំ​នៅតែ​គ្មាន​ការរីកចម្រើន​អ្វី​សោះ​ក្នុង​ទំនាក់ទំនង​ការដើរលេង​ជាគូ ។

ខ្ញុំ​បាន​ចាប់ផ្តើម​បារម្ភ ហើយ​បាន​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​ជួយ​ខ្ញុំ ។ ជា​ចម្លើយ គំនិត​នានា​បាន​ផុស​ឡើង​ក្នុង​គំនិត​ខ្ញុំ ដោយ​ព្រមាន​ខ្ញុំ​ថា ខ្ញុំ​អាច​ត្រូវបាន​ល្បួង​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ។

ខ្ញុំ​បាន​ដឹង​ថា​ព្យាការី បាន​បង្រៀន​ថា យើង​គប្បី​ព្យាយាម​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ខ្ញុំ​បាន​ដឹង​ថា វា​មិន​អាច​មាន​សេចក្តីរីករាយ​ដ៏​ពេញលេញ​ឡើយ ប្រសិនបើ​ភរិយា​របស់​ខ្ញុំ និង ខ្ញុំ​ពុំ​បាន​រួម​សាមគ្គី​គ្នា​នៅក្នុង​ការព្យាយាម​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​បន្ត​អធិស្ឋាន​ឲ្យ​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ ដើម្បី​ទប់ទល់​នឹង​ការល្បួង​បែប​នោះ ហើយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់​ក្នុង​ការធ្វើ​តាម​ផែនការ​ដែល​ទ្រង់​មាន​សម្រាប់​ខ្ញុំ ។

នៅ​ក្នុង​អំឡុង​ពេល​នោះ ខ្ញុំ​បាន​ចាប់ផ្តើម​រៀបចំ​ខ្លួន​របស់​ខ្ញុំ សម្រាប់​ការធ្វើ​ដំណើរ​ជា​ទៀង​ទាត់​ទៅ​ព្រះវិហារ​បរិសុទ្ធ ហេលស៊ីនគី ហ្វាំងឡង់ ជា​កន្លែង​ដែល​ខ្ញុំ​នឹង​សម្រាក​នៅ​ទីនោះ​មួយ​សប្តាហ៍ ។

នៅ​ពេល​ធ្វើ​ដំណើរ​តាម​រថ​ភ្លើង ខ្ញុំ​បាន​ជួប​នឹង​អ្នក​ដំណើរ​បី​នាក់​ផ្សេង​ទៀត រួម​ទាំង​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ារីយ៉ា ដែល​ខ្ញុំ​បាន​ដឹង​ថា​នាង​នៅ​លីវ ។ នាង​មាន​ភាព​ទាក់ទាញ​ចំពោះ​ខ្ញុំ​ទាំង​ខាង​រូប​សម្ផស្ស និង ខាង​វិញ្ញាណ ហើយ​ខ្ញុំ​ឆ្ងល់​ពី​មូលហេតុ​ដែល​ខ្ញុំ​ពុំ​ធ្លាប់​បាន​ជួប​មនុស្ស​ស្រី​ណា​ម្នាក់​ដូច​នាង​កាល​ពីមុន​ឡើយ ។ ខ្ញុំ​បាន​គិត​ពី​ការព្រមាន​ពីមុន​ដែល​មាន​ចំពោះ​ខ្ញុំ អំពី​ការល្បួង​ដែល​ខ្ញុំ​នឹង​អាច​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ។

ខ្ញុំ​បាន​គិត​ថា « ចូរ​រឹងប៉ឹង​ឡើង » ។ « ចូរ​ស្មោះត្រង់​ចំពោះ​គោលការណ៍​របស់​អ្នក ។ អ្នក​នឹង​ជួប​បងប្អូន​ស្រី​ដែល​សក្ដិសម និង អស្ចារ្យ​នៅក្នុង​សាសនាចក្រ ។

ដោយ​គិត​ថា យ៉ាង​ហោច​ណាស់​ខ្ញុំ​អាច​ធ្វើ​ជា​សមាជិក​ល្អ​ម្នាក់​ដែល​ធ្វើ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា ហើយ​អាច​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​នាង និង ត្រូវការ​ការបំផុស​គំនិត នោះ​ខ្ញុំ​បាន​លូក​យក​ព្រះគម្ពីរ​មរមន​មក​អាន ដោយ​ចាំ​មើល​ថា តើ​នាង​នឹង​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ ។ ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល ពេល​ម៉ារីយ៉ា​បាន​និយាយ​ថា « ខ្ញុំ​ដឹង​ថា​អ្នក​កំពុង​ទៅ​ណា​ហើយ ! »

ខ្ញុំ​បាន​ងើយ​មើល​ទៅ ឃើញ​នាង​កំពុង​កាន់​ព្រះគម្ពីរ​មរមន​របស់​នាង ។ នាង​ជា​សមាជិក​នៃ​សាសនាចក្រ ហើយ​នាង​ក៏​កំពុង​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។

នា​ព្រឹក​ស្អែក​ឡើង យើង​បាន​បន្ត​ដំណើរ​របស់​យើង​ទៅ​ទីក្រុង​ហែលស៊ិនគី ដោយ​ជិះ​ឡាន​ក្រុង ។ ខ្ញុំ​បាន​ដឹង​ថា ម៉ារីយ៉ា​មក​ពី​ទីក្រុង វ៉ូរ៉ុន​ណេស្ស ជា​ទីក្រុង​មួយ​នៅក្នុង​បេសកកម្ម​មូស្គូ​ភាគ​ខាង​លិច​រុស្ស៊ី ។ ខ្ញុំ​ចូលចិត្ត​នាង​ភ្លាម ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះសរ​សម្រាប់​ការណែនាំ ។ ជា​ចម្លើយ ខ្ញុំ​បាន​មាន​អារម្មណ៍​ល្អ​នៅក្នុង​ដួងចិត្ត​ខ្ញុំ ។

ខ្ញុំ​បាន​អធិស្ឋាន​ថា « ព្រះអម្ចាស់​អើយ ពួកយើង​មាន​ពេល​តែ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​នៅ​ព្រះវិហារ​បរិសុទ្ធ ។ សូម​ជួយ​ពួក​ទូលបង្គំ​ឲ្យ​ស្គាល់​គ្នា​បាន​កាន់តែ​ច្បាស់​ឡើង​នៅក្នុង​អំឡុង​ពេល​នេះ » ។

ហើយ​យើង​ពិត​ជា​ស្គាល់​គ្នា​បាន​ច្បាស់​មែន ។ នៅពេល​សម្រាក​ពី​ការធ្វើ​ពិធី​នានា​នៅ​ព្រះវិហារ​បរិសុទ្ធ យើង​បាន​ដើរ​កម្សាន្ត ចែក​អាហារ​គ្នា​បរិភោគ បាន​ទៅ​ហាង​ទំនិញ និង បាន​និយាយ​គ្នា​លេង ។ នៅ​ចុង​សប្តាហ៍​នោះ យើង​ទាំង​ពីរ​នាក់​បាន​ទៅ​ផ្ទះ​វិញ—ម៉ារីយ៉ា​ទៅ​ទីក្រុង​វ៉ូរ៉ុនណេស្ស ហើយ​ខ្ញុំ​ទៅ​ទីក្រុង​សាម៉ារ៉ា ។ ប៉ុន្តែ​យើង​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​របស់​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ស្គាល់​គ្នា​បាន​កាន់តែ​ច្បាស់ ហើយ​នៅ​ថ្ងៃ​ទី ១៤ ខែ កញ្ញា ឆ្នាំ ២០១០ នោះ​យើង​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឃីវ អ៊ុយក្រែន ដែល​ទើប​តែ​បាន​ឧទ្ទិស​ឆ្លង ។

ឥឡូវនេះ​ម៉ារីយ៉ា និង ខ្ញុំ​រស់នៅ​ក្នុង​ទីក្រុង វ៉ូរ៉ុនណេស្ស ហើយ​មាន​ភាព​រីករាយ ។ យើង​យល់​ថា វា​ជា​រឿង​និទាន​របស់​កូន​ក្មេង​មួយ​ដែល​បញ្ចប់​ដោយ​ឃ្លា​ថា « ហើយ​ពួកគេ​បាន​រស់នៅ​យ៉ាង​រីករាយ​ជា​រៀង​ត​ទៅ » ។ នៅក្នុង​ជីវិត​ពិត យើង​បង្កើត​ជីវិត​ដ៏​រីករាយ​ដែល​គ្មាន​ទីបញ្ចប់​របស់​យើង​ផ្ទាល់ តាម​រយៈ​ការបន្ត​ផ្តល់​នូវ​ភាពស្មោះត្រង់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ ដោយ​ការ​គោរព​សេចក្តីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​យើង ដោយ​បន្ត​ធ្វើ​ការ​ពង្រឹង​អាពាហ៍ពិពាហ៍​របស់​យើង ហើយ​ព្យាយាម​ដើម្បី​ក្លាយ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ។

យើង​មាន​អំណរគុណ​ចំពោះ​ការជួបជុំ​គ្នា​របស់​យើង និង សេចក្តីសង្ឃឹម​ដ៏​មាន​អព្ភូតហេតុ ថា​រឿង​របស់​យើង​នឹង​នាំ​សេចក្តីសង្ឃឹម និង ផ្តល់​កម្លាំង​ដល់​មនុស្ស​ដទៃ ដែល​កំពុង​ស្វែងរក​ដៃគូ​អស់​កល្ប​ជានិច្ច​របស់​ពួកគេ ។ រឿង​របស់​អ្នក​ដទៃ​ផ្សេងៗ​ទៀត​អាច​ពុំ​កើតឡើង​ដូច​ជា​រឿង​របស់​យើង​នោះ​ទេ ប៉ុន្តែ​ម៉ារីយ៉ា និង រូប​ខ្ញុំ​ដឹង​ថា ទោះបី​ជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក្តី ព្រះអម្ចាស់​ស្តាប់​ការអធិស្ឋាន​ដ៏​ស្មោះសរ​របស់​យើង ។ ទ្រង់​ស្រឡាញ់​យើង​គ្រប់​គ្នា ហើយ​មាន​ព្រះទ័យ​ខ្វល់ខ្វាយ​ចំពោះ​យើង​ម្នាក់ៗ ។ ប្រសិនបើ​យើង​អនុញ្ញាត​ដល់​ទ្រង់ នោះ​ទ្រង់​នឹង​ដឹកនាំ​ផ្លូវ​របស់​យើង ហើយ​ចូរ​ឲ្យ​គ្រប់​ការណ៍​ទាំងអស់​ផ្សំ​គ្នា សម្រាប់​សេចក្ដីល្អ​ដល់​អ្នក ( សូមមើល គ. និង ស. ៩០:២៤ ) ។