ការរៀបចំកន្លែងមួយសម្រាប់ ព្រះអម្ចាស់
គ្រប់ពេលដែលខ្ញុំបានស្តាប់ឮអំពីរឿងនៃការប្រសូត និង ការបម្រើនៅលើផែនដីរបស់ព្រះអង្គសង្គ្រោះ ខ្ញុំគិតអំពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង ដើម្បីរៀបចំកន្លែងដ៏ស្វាគមន៍សម្រាប់ទ្រង់នាថ្ងៃដែលទ្រង់យាងត្រឡប់មកវិញ ។
ឆ្នាំមុនពីមុនបុណ្យគ្រីស្ទម៉ាស់ ខ្ញុំបានចូលរួមទទួលទានអាហារពេលល្ងាច ដែលផ្តល់ឲ្យដោយកិត្តិយសពីមន្ត្រីបារាំងដ៏មានបុណ្យសក្តិខ្ពស់ម្នាក់ ដែលពុំមែនជាសមាជិកសាសនាចក្រឡើយ ។ ការទទួលទានអាហារពេលល្ងាចនេះត្រូវបានធ្វើឡើងនៅអគាររំឭកចាំ យ៉ូសែប ស៊្មីធ នៅក្នុងទីក្រុង សតល៍ លេក រដ្ឋ យូថាហ៍ ។
ពីមុនអង្គុយបរិភោគអាហាររបស់យើង យើងបាននាំភ្ញៀវរបស់យើងទៅមើលតាមបង្អួចនៅជាន់ទី ១០ ដែលភ្ញៀវរបស់យើងអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលរបស់វិសាលដ្ឋាននៃព្រះវិហារបរិសុទ្ធ ។ ទេសភាពនោះគឺអស្ចារ្យបំផុត ដោយមានព្រះវិហារបរិសុទ្ធ សលត៍ លេក ឈរយ៉ាងខ្ពស់សន្លឹមនៅកណ្តាលពន្លឺភ្លើងពណ៌ព្រិចៗជាច្រើន ។ ពួកយើងបានឈរនៅទីនោះអស់ពេលបួនប្រាំនាទី ដោយរកអ្វីមកថ្លែងពុំបានឡើយ ។
នៅពេលត្រឡប់មកបន្ទប់ទទួលទានអាហាររបស់យើងវិញ មន្ត្រីរូបនោះបានសួរសំណួរដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់ពួកយើង ៖ « តើលោកជឿលើការបញ្ចប់នៃពិភពលោកដែរឬទេ ? » សំណួរនេះនាំឲ្យមានការបំផុសឲ្យមានការពិភាក្សាមួយ អំពីការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ និង សារៈសំខាន់សម្រាប់ពួកយើងគ្រប់គ្នាដើម្បីត្រៀមខ្លួនទទួលទ្រង់នៅថ្ងៃដែលទ្រង់យាងត្រឡប់មកវិញ ។
នៅពេលខ្ញុំកំពុងគិតអំពីព្រះវិហារបរិសុទ្ធដែលយើងទើបតែបានសរសើរនោះ គំនិតដ៏អស្ចារ្យមួយបានផុសឡើងក្នុងចិត្តខ្ញុំ ៖ « នៅពេលទ្រង់យាងមកវិញ យ៉ាងហោចណាស់ ព្រះយេស៊ូវនឹងមានកន្លែងដ៏ស្រស់ស្អាតមួយដើម្បីគង់នៅ ! »
សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ចែងថាព្រះវិហារបរិសុទ្ធគឺ « ពិតជា ដំណាក់នៃព្រះអម្ចាស់ » ។១ និយាយម្យ៉ាងទៀតថា ព្រះវិហារបរិសុទ្ធមិនមែនគ្រាន់តែជានិមិត្តរូបនៃទីកន្លែងមួយឡើយ ។ ព្រះវិហារបរិសុទ្ធនាគ្រាកាន់កាប់ត្រួតត្រារបស់យើងនេះ គឺជាដំណាក់ដែលត្រូវបានរៀបចំ និងឧទ្ទិសឡើង ជាទីដែលទ្រង់អាចយាងមកគង់នៅ ។ ព្រះអម្ចាស់មានព្រះបន្ទូលថា សាសនាចក្ររបស់ទ្រង់គួរតែត្រូវបានស្ថាបនាឡើង « ប្រយោជន៍ឲ្យរាស្ត្ររបស់យើង ដែលនៅក្នុងសេចក្ដីសញ្ញា អាចបានប្រមូលគ្នាតែមួយ នៅក្នុងថ្ងៃនោះ កាលដែលយើងនឹងយាងមកព្រះវិហាររបស់យើង » ( គ. និង ស. ៤២:៣៦ ការគូសបញ្ជាក់បានបន្ថែម ) ។
វាជាភាពផ្ទុយគ្នាមួយដ៏គួរឲ្យចាប់អារម្មណ៍ជាមួយនឹងការចាប់ផ្តើមក្នុងជីវិតរមែងស្លាប់ដ៏រាបទាបរបស់ព្រះអង្គសង្គ្រោះ ។ ទ្រង់គឺជាស្តេចនៃអស់ទាំងស្តេច ហើយជាព្រះអម្ចាស់នៃអស់ទាំងព្រះអម្ចាស់ បានប្រសូតមកនៅក្នុងក្រោលសត្វដ៏សាមញ្ញ ហើយផ្ទុំនៅក្នុងស្នូក « ពីព្រោះក្នុងផ្ទះសំណាក់ … គ្មានកន្លែងណានៅទេ » ( លូកា ២:៧ ) ។ អំឡុងពេលកុមារភាពរបស់ទ្រង់ ព្រះយេស៊ូវគ្មានពេលរីករាយនឹងការគង់នៅជាប់ជានិច្ចនៅក្នុងផ្ទះដ៏ស្រណុកសុខស្រួលឡើយ ដូចជាគ្រាដែលគ្រួសាររបស់ទ្រង់បានរត់ភៀសខ្លួនទៅប្រទេសអេស៊ីព្ទ ដើម្បីគេចខ្លួនពីភាពសាហាវឃោរឃៅរបស់ក្សត្រដែលកាន់អំណាចផ្តាច់ការ ( សូមមើល ម៉ាថាយ ២:១៣–១៤ ) ។
យើងពុំបានដឹងច្បាស់អំពីរយៈពេលដែលគ្រួសារទ្រង់ទៅប្រទេសអេស៊ីព្ទឡើយ ប៉ុន្តែទំនងជាទ្រង់ និង ឪពុកម្ដាយទ្រង់បានរស់នៅក្នុងស្ថានភាពយ៉ាងយាប់យឺនជាជនភៀសខ្លួន—ជាស្ថានភាពរស់នៅដែលអាចប្រៀបទៅនឹងជនចំណាកស្រុកជាច្រើននាជំនាន់យើងនេះ ដែលបានរត់គេចខ្លួនពីការគំរាមកំហែងនៃសង្គ្រាម និង ជម្លោះផ្ទៃក្នុងនៅក្នុងប្រទេសអាហ្វ្រិក និង ពួកមជ្ឈិមប្រទេស ។
ទោះបីអំឡុងពេលពេញវ័យក្តី ព្រះយេស៊ូវបានបង្ហាញថា ទ្រង់គ្មានផ្ទះជាប់លាប់ឡើយ ។ នាថ្ងៃមួយបុរសម្នាក់បានមកជួបទ្រង់ ហើយនិយាយថា « ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ » ។ ព្រះអង្គសង្គ្រោះបានតបវិញថា « កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ » ( លូកា ៩:៥៧, ៥៨ ) ។
បងប្អូនប្រុសស្រី គ្រប់ពេលដែលខ្ញុំបានស្តាប់ឮអំពីរឿងនៃការប្រសូត និង ការបម្រើនៅលើផែនដីរបស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំគិតអំពីការទទួលខុសត្រូវផ្ទាល់ខ្លួនរបស់យើង ដើម្បីរៀបចំកន្លែងដ៏ស្វាគមន៍សម្រាប់ទ្រង់នាថ្ងៃដែលទ្រង់យាងត្រឡប់មកវិញ ។ តើយើងអាចធ្វើអ្វីខ្លះ ?
ទៅព្រះវិហារបរិសុទ្ធ
ទីមួយ ចូរយើងត្រៀមខ្លួនដើម្បីទទួលទ្រង់នៅក្នុងដំណាក់របស់ទ្រង់ផ្ទាល់—គឺព្រះវិហារបរិសុទ្ធ ។ តើមាននរណាខ្លះដែលនៅក្នុងចំណោមពួកយើងមិនធ្លាប់ស្រមៃថា ទៅទស្សនាកន្លែងនានាដែលព្រះអង្គសង្គ្រោះបានប្រសូត គង់នៅ និង បានសម្រេចការងារបម្រើរបស់ទ្រង់នៅលើផែនដីនេះនោះ ? មានមនុស្សជាច្រើន ដោយមានការលះបង់ខ្ពស់ បានធ្វើដំណើរទៅទឹកដីដ៏បរិសុទ្ធទាំងនោះ ។ ប៉ុន្តែវាសំខាន់ខ្លាំងណាស់ ដែលយើងទស្សនាទីកន្លែងនានាដែលទ្រង់អាចនឹងយាងត្រឡប់មកវិញនាពេលខាងមុខ ។ វិធីមួយដ៏ប្រសើរបំផុត ក្នុងនាមយើងជាពួកសិស្សរបស់ទ្រង់អាចធ្វើ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ទ្រង់នោះ គឺការទៅព្រះដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់ឲ្យបានទៀងទាត់ ហើយចុះកិច្ចសន្យារវាងពួកយើងនឹងទ្រង់តាមរយៈសេចក្តីសញ្ញាដ៏ពិសិដ្ឋ ។
រៀបចំគេហដ្ឋានរបស់អ្នក
ទីពីរ យើងអាចធ្វើឲ្យគេហដ្ឋានរបស់យើងក្លាយជាកន្លែងមួយ ដែលព្រះអម្ចាស់មានព្រះទ័យគង់នៅ ។ នៅក្នុងព្រះគម្ពីរ យើងបានអានដំណើររឿងជាច្រើននៃមនុស្សមានចិត្តសប្បុរសដែលស្វាគមន៍ និង ទទួលព្រះអង្គសង្គ្រោះឲ្យទៅផ្ទះរបស់ពួកគេ ។ ដូច្នេះចូរពួកយើងសួរសំណួរនេះដល់ខ្លួនយើង ៖ តើព្រះអម្ចាស់ទទួលយកផ្ទះរបស់ខ្ញុំដែរឬទេ ? តើផ្ទះរបស់ខ្ញុំជាកន្លែងដែលមានសុវត្ថិភាព សុខសាន្ត និង ជាកន្លែងដែលពោរពេញដោយព្រះវិញ្ញាណ ជាកន្លែងដែលទ្រង់នឹងមានអារម្មណ៍នៃផាសុកភាពដែរទេ ? គេហដ្ឋានរបស់យើងពុំបាច់ថាត្រូវតែធំ ឬ ល្អប្រណិតនោះឡើយ ។ គេដ្ឋានដែលមានការរស់នៅដ៏រាបទាប ផ្តោតលើដំណឹងល្អ និង ពោរពេញដោយគ្រួសារ និង មិត្តភក្ដិដែលចេះមើលថែទាំគ្នា នោះធ្វើឲ្យទ្រង់សប្បាយព្រះទ័យហើយ ។
ប្រមូលពួកអ្នករើសតាំង
ទីបី យើងអាចជួយប្រមូលពួកអ្នករើសតាំងរបស់ទ្រង់ មកពីគ្រប់ទិសទីលើពិភពលោកនេះ—ទោះបី ការធ្វើការណ៍នេះតម្រូវឲ្យយើងចាកចោលផ្ទះសម្បែងរបស់យើងមួយរយៈ ដើម្បីជួយស្ថាបនានគររបស់ទ្រង់នៅលើផែនដីនេះក្តី ។ ប្រវត្តិរបស់រាស្ត្រនៃព្រះគឺជាប្រវត្តិនៃពួកបរិសុទ្ធ ដែលត្រៀមខ្លួនរួចជាស្រេច និង មានឆន្ទៈដើម្បីចេញទៅទីកន្លែងដែលព្រះអម្ចាស់មានព្រះទ័យឲ្យពួកគេទៅ ។ ខ្ញុំគិតអំពីព្យាការីពីបុរាណដូចជា អ័ប្រាហាំ អ៊ីសាក យ៉ាកុប យ៉ូសែប ម៉ូសេ លីហៃ និង ព្យាការីជាច្រើនទៀត ។ ខ្ញុំគិតពីពួកសាវករបស់ព្រះអម្ចាស់នៅក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រកាសដំណឹងដោយឥតឈប់ឈរនៅទូទាំងប្រទេសតំបន់មេឌីទែរ៉ាណេ ។
ពួកព្យាការី និង ពួកសាវកថ្ងៃចុងក្រោយ រួមទាំងពួកអ្នកផ្សព្វផ្សាយសាសនារាប់ពាន់នាក់ បានយក និង កំពុងបន្តនាំយកសារលិខិតរបស់ព្រះគ្រីស្ទទៅកាន់ទិសទាំងបួននៃផែនដីនេះ ។ ពួកគេមានឆន្ទៈចាកចេញពីផ្ទះដ៏ស្រណុកសុខស្រួលរបស់ខ្លួន ដើម្បីផ្តល់ការបម្រើរបស់ពួកគេនៅក្នុងចម្ការទំពាំងបាយជូររបស់ព្រះអម្ចាស់ ។
ជួយដល់អស់អ្នកដែលខ្វះខាត
ជាទីបញ្ចប់ របៀបមួយដ៏អស្ចារ្យដើម្បីរៀបចំកន្លែងមួយសម្រាប់ព្រះអម្ចាស់ គឺជួយអ្នកជិតខាងរបស់យើងដែលគ្មានផ្ទះនៅ ។ នាគ្រាដំបូងៗនៃការស្តារឡើងវិញ រួមទាំងពេលដែលពួកបរិសុទ្ធគ្មានទីជម្រកជ្រកកោនផងដែរ ។ ជាញយៗ ការគ្មានសេរីភាពខាងសាសនា និង អំពើទុច្ចរិតមកពីសត្រូវរបស់ខ្លួន នោះពួកបរិសុទ្ធបានបង្ខំចិត្តចាកចោលពីផ្ទះសម្បែងរបស់ខ្លួន នៅក្នុងការស្វែងរកក្រុងស៊ីយ៉ូនរបស់ពួកគេ ។
ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–៧៧ ) បានប្រើពាក្យដ៏រំជួលចិត្តទាំងនេះ ដើម្បីពិពណ៌នាអំពីស្ថានភាពដ៏លំបាករបស់ពួកគេដូចនេះ ៖ « យើងត្រូវបានបណ្តេញចេញម្តងហើយម្តងទៀត ពីផ្ទះដ៏សុខសាន្តរបស់យើង ហើយភរិយា និង កូនៗរបស់យើងត្រូវបានបង្ខំឲ្យរស់នៅលើទីវាលដ៏ធំ នៅក្នុងព្រៃ នៅតាមដងផ្លូវ និង នៅក្នុងរោង នៅក្នុងរដូវរងារ ដោយរងការឈឺចាប់នៃក្តីលំបាកគ្រប់បែបយ៉ាង រហូតឈានទៅដល់ការបាត់បង់ជីវិត » ។២
ព្រឹត្តិការណ៍ដ៏បំផុសគំនិតមួយចេញពីយុគសម័យនោះ ផ្តោតសំខាន់លើភូមិ ឃ្វីនស៊ី ដ៏តូចមួយនៃរដ្ឋ អិលលីណោយ អំឡុងរដូវរងារនាឆ្នាំ ១៨៣៩ ។ នាគ្រានោះ សហគមន៍នៃអ្នកតាំងទីលំនៅ និង កសិករបានតាំងទីលំនៅលើដងទន្លេមិស៊ីស៊ិបពី ដោយមានមនុស្សប្រហែល ១៥០០ នាក់រស់នៅក្នុងស្ថានភាពមួយដ៏ត្រដាបត្រដួស ។ នៅពាក់កណ្តាលនៃរដូវរងារដ៏ត្រជាក់ខ្លាំងនោះ ពួកគេបានជួបនឹងការមកដល់នៃសមាជិកសាសនាចក្រប្រហែលជា ៥០០០ នាក់ ដែលបានរត់ភៀសខ្លួនពីការបញ្ជាសម្លាប់ផ្ដាច់ពូជ ដែលបានចេញដោយអភិបាលនៃរដ្ឋមិសសួរី ។ ពួកបរិសុទ្ធបានស្ថិតក្នុងសភាពក្រតោកយ៉ាក និង មានទុក្ខព្រួយបំផុត ដោយត្រូវដើរឆ្លងកាត់ទឹកដែលកកនៃទន្លេមិស៊ីស៊ិបពី ។ ដោយសេចក្តីសប្បុរសដ៏អស្ចារ្យ ពួកប្រជាពលរដ្ឋនៃភូមិ ឃ្វីនស៊ី បានស្វាគមន៍ពួកគេដោយភាពកក់ក្តៅ ដោយបើកផ្ទះពួកគេឲ្យពួកបរិសុទ្ធស្នាក់នៅ និង ចែកស្បៀងបន្តិចបន្តួចដែលពួកគេមានដល់ពួកបរិសុទ្ធ ។
ប្រជាពលរដ្ឋម្នាក់នៃភូមិ ឃ្វីនស៊ី បានពិពណ៌នាអំពី ការមកដល់នៃពួកជនភៀសខ្លួនទាំងនេះ ៖ « ពួកបរិសុទ្ធជាច្រើនបានសប្បាយចិត្តនឹងបានជម្រកជ្រកកោននៅក្នុងផ្ទះរបស់ខ្ញុំ ពីព្យុះភ្លៀង រហូតដល់ពួកគេអាចរកបានកន្លែងមួយរស់នៅ ។ រៀងរាល់យប់ ទាំងនៅលើកម្រាលឥដ្ឋ ជាន់លើ និង ជាន់ក្រោម មានសុទ្ធតែគ្រែដេកកៀកៗគ្នា ដែលមិនអាចជាន់ទីណាបានក្រៅពីជាន់លើគ្រែដេកឡើយ » ។៣
ចំពោះពួកយើងដែលមានពរដោយបានរស់នៅ ក្នុងស្ថានភាពដ៏ស្ងប់សុខ និង រុងរឿងជាងនោះ ដំណើររឿងនេះមានឥទ្ធិពលដ៏អស្ចារ្យណាស់ ។ ពួកគេបង្រៀនយើងឲ្យធ្វើជាមនុស្សដែល ត្រៀមខ្លួនជានិច្ចដើម្បីជួយដល់អ្នកដែលគ្មានផ្ទះ និង ក្រតោកយ៉ាក ។ មិនថាយើងរស់នៅក្នុងតំបន់ដែលមានការហូរចូលយ៉ាងច្រើន ឬ តិចតួច ឬ សហគមន៍ដែលដាច់ស្រយាលតែឯងនៃជនភៀសខ្លួនយ៉ាងណានោះទេ មានរបៀបជាច្រើនដែលយើងបម្រើដល់អស់អ្នកដែល ជួបការលំបាកដើម្បីមានវត្ថុចាំបាច់បន្តិចបន្តួចសម្រាប់ជីវិតរស់នៅ ។ យើងអាចបរិច្ចាគទៅឲ្យមូលនិធិជំនួយសប្បុរសធម៌របស់សាសនាចក្រ ។ យើងអាចធ្វើការជាមួយអ្នកដទៃនៅក្នុងសហគមន៍របស់យើង ដែលផ្ដល់ការបម្រើដោយក្តីស្រឡាញ់ដូចជាព្រះគ្រីស្ទទៅដល់ជនទុគ៌តទាំងនោះ ។ ពួកយើងអាចបង្កើនមិត្តភាពរបស់យើងដល់អស់អ្នកដែលត្រូវបានបណ្តេញចេញ នៅពេលពួកគេបានមកដល់សហគមន៍របស់យើង ។ យើងអាចស្វាគមន៍យ៉ាងកក់ក្តៅដល់ជនប្លែកមុខដែលមកលេងវួដ និង សាខារបស់យើង ។
ទំនុកតម្កើងដ៏ពិរោះបំផុតមួយរបស់យើង រំឭកអំពីដំណើររបស់ជនប្លែកមុខម្នាក់ ដែលបានទីជ្រកកោនពីបុរសម្នាក់ដែលមានចិត្តសប្បុរសដ៏ខ្លាំង ។
កាលយប់យន់ទឹកជោរជន់ហូរមក
ព្យុះភ្លៀងផាត់បក់បោកពីចម្ងាយ ។
ខ្ញុំឮសំឡេងគាត់នៅឯនាយ
ដង្ហោយអង្វរសុំផ្ទះជ្រកកោន
ខ្ញុំបំពាក់អាវឲ្យភ្ញៀវកក់ក្ដៅ
ដាក់ឲ្យគាត់នៅសម្រាកលើគ្រែ
ឯខ្ញុំយកធរណីស្រមៃធ្វើ
ហាក់ដូចជាបាននៅសួនអេដែន ។ …
រំពេចនោះខ្ញុំបានឃើញយ៉ាងច្បាស់
ស្គាល់ស្នាមដែកគោលដែលនៅព្រះហស្ដ
ខ្ញុំចាំយ៉ាងជាក់ព្រះអង្គសង្គ្រោះ
ប្រត្យក្សទ្រង់ឈរចំពោះមុខខ្ញុំ
ដោយរាបទាបទ្រង់ហៅឈ្មោះខ្ញុំទាំងថា
« អ្នកឥតអាម៉ាសដល់ខ្ញុំឡើយ ។
កិច្ចការអ្នកធ្វើនឹងត្រូវចងចាំ
កុំភ័យ ដ្បិតអ្នកបានធ្វើដល់ខ្ញុំ » ។៤
ខ្ញុំមានមោទនភាពក្នុងការធ្វើជាសមាជិកក្នុងសាសនាចក្រមួយដែល ជួយដល់ជនក្រីក្រ និង អ្នកខ្វះខាតនៅលើផែនដីនេះ ។ ខ្ញុំមានក្តីរាបទាបដោយសារទង្វើនៃក្តីស្រឡាញ់ និង សប្បុរសដែលរាប់មិនអស់ ទាំងតូច ទាំងធំ ដែលបានធ្វើឡើងរៀងរាល់ថ្ងៃដោយសាសនាចក្រ និង សមាជិកសាសនាចក្រ ។ ទង្វើទាំងនេះនឹងក្លាយជាផ្នែកមួយដ៏ចាំបាច់នៃបេសកកម្មរបស់សាសនាចក្រ ដោយសារនេះជាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ ហើយយើងព្យាយាមធ្វើតាមគំរូរបស់ទ្រង់ ។
ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះ និង ជាព្រះប្រោសលោះរបស់យើង ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ទ្រង់បានប្រសូតមកក្នុងកាលដ៏ខ្ពង់ខ្ពស់បំផុត ថាទ្រង់មានព្រះជន្មរស់ ហើយថាថ្ងៃខាងមុខ ទ្រង់នឹងយាងត្រឡប់មកវិញ ដោយនៅក្នុងសិរីល្អ ដើម្បីគ្រប់គ្រង និង គ្រងរាជលើនគរទ្រង់នៅលើផែនដីនេះ ។
តាមរបៀបនៃការរៀបចំ នោះខ្ញុំសូមអញ្ជើញបងប្អូនឲ្យទៅដំណាក់ដ៏បរិសុទ្ធរបស់ទ្រង់កាន់តែញឹកញាប់ បង្កើតបរិយាកាសមួយដែលមានសុខសុវត្ថិភាព ក្តីស្រឡាញ់ និង សុខសាន្តនៅក្នុងគេហដ្ឋានរបស់បងប្អូន ហើយចូលរួមក្នុងការប្រមូលពួកអ្នករើសតាំងរបស់ទ្រង់ពីទិសទាំងបួននៃផែនដីនេះ ។ ខ្ញុំក៏សូមអធិស្ឋានថា បងប្អូននឹងមានក្តីប្រាថ្នាយ៉ាងពិសេស ដើម្បីជួយដោយក្តីស្រឡាញ់ដល់អស់អ្នកដែលនៅក្នុងចំណោមពួកយើង ដែលគ្មានផ្ទះសម្បែង និង ក្រលំបាកតោកយ៉ាក ។ តាមរយៈការធ្វើបែបនេះ នោះបងប្អូននឹងរៀបចំកន្លែងមួយនៅក្នុងចិត្ត និង គេហដ្ឋានរបស់បងប្អូន ដើម្បីស្វាគមន៍ព្រះអង្គសង្គ្រោះ និង ការយាងត្រឡប់មកវិញរបស់ទ្រង់ ដែលពិតជានឹងក្លាយជាថ្ងៃមួយដ៏មហិមា និង អស្ចារ្យ ។