ឆ្នាំ​២០១៦
ស្វាគមន៍​ដល់​ព្រះយេស៊ូវ
December 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ស្វាគមន៍​ដល់​ព្រះយេស៊ូវ

little girl waving

រចនា​រូបភាព​ដោយ ដាន ប៊ឺ

បន្ទាប់​ពី​ប៉ុន្មាន​សប្តាហ៍​នៃ​ការ​ត្រៀម​ទុក​ជាមុន នោះ​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទ​បាន​មក​ដល់ ។ គ្រួសារ​យើង​ទាំង​អស់​គ្នា​បាន​នៅ​ជាមួយ​ពួក​យើង—ជីដូន និង ជីតា ហ្វ្លែតឈើ កូនស្រី​ទាំងបី​របស់​ពួកយើង និង ស្វាមី ព្រម​ទាំង​កូនៗ​របស់​ពួកគេ ។ វា​ជិត​យប់​ទៅហើយ ហើយ​នៅ​តាម​ផ្លូវ​មាន​ភ្លើង​ត្រូវបាន​បើក​បំភ្លឺ​ឡើង ។ ផ្ទះ​នានា​មាន​ពន្លឺ​ភ្លើង​ព្រាកៗ​ដោយ​ការតុបតែង​យ៉ាង​ស្រស់​ស្អាត មាន​ដើម​គ្រីស្ទម៉ាស់​ជះ​ពន្លឺ​ភ្លឹបភ្លែតៗ​នៅ​តាម​បង្អួច ។

យើង​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច ដើម្បី​ទៅ​កម្មវិធី​សម្តែង​ល្ខោន​អំពី​ព្រះប្រសូតកម្ម ដែល​សាសនាចក្រ​បាន​ធ្វើ​ការសម្តែង​អស់រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅក្នុង​ទីក្រុង កាលហ្គារី អាល់ប៊ើរតា ប្រទេស​កាណាដា ។ រៀងរាល់​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ យើង​អន្ទះសារ​ចង់​ទៅ​កម្មវិធី​សម្តែង​ល្ខោន​នោះ ដែល​មាន​សុទ្ធតែ សត្វ​លា ចៀម ពួកហោរា អ្នកគង្វាល​ចៀម ទាហាន​រ៉ូម ពួក​ទេវតា និង ប្រព័ន្ធ​សំឡេង​ដ៏​ជា​ទី​ជាប់​ចិត្ត ។ កម្មវិធី​នេះ​បាន​នាំ​វិញ្ញាណ​នៃ​ភាព​សុខសាន្ត សេចក្តីស្រឡាញ់ និង អត្ថន័យ​ពិត​នៃ​បុណ្យ​គ្រីស្ទម៉ាស់​មក​កាន់​ការប្រារព្ធ​ពិធី​ដ៏​រំភើប​របស់​យើង ។

យើង​បាន​មក​ដល់​សួន​ឧស្យាន ហើរីថេក ជា​កន្លែង​ដែល​មាន​ការសម្តែង​ល្ខោន ហើយ​បាន​រីករាយ​នឹង​តន្ត្រី​ដ៏​ពិរោះ​នៃ​ក្រុម​ចម្រៀង​រោង​ឧបោសថ​មរមន និង ការសម្តែង​រឿង​អំពី​ការប្រសូត​របស់​ព្រះអង្គសង្គ្រោះ ។ ឡរ៉ែន​ចៅច្បង​របស់​យើង​មាន​អាយុ​បី​ឆ្នាំ​កាល​គ្រា​នោះ ។ នាង​ជក់​ចិត្ត​នឹង​ការសម្តែង សំឡេង និង រឿង​ដែល​បាន​សម្តែង​នៅ​ចំពោះ​មុខ​យើង ។ ដង្ហើម​យើង​ដក​ចេញ​មក​ដូច​ជា​ផ្សែង ដោយ​អាកាសធាតុ​ត្រជាក់ នៅក្រោម​មេឃ​ស្រឡះ​ដែល​មាន​ផ្កាយ​រះ​ព្រោងព្រាត ។ យើង​មើល​នៅពេល​គេ​សម្តែង​តួ​យ៉ូសែប និង ម៉ារា​បាន​ធ្វើ​តាម​ព្រះរាជ​ក្រឹត្យ​របស់​ស្តេច សេសារ-អូគូស្ទ​ឲ្យ​ទៅ បេថ្លេហិម​ដើម្បី​បង់​ពន្ធ ។ ស្ត្រី​ដើរ​តួ​ជា​ម៉ារា​ជា​ស្ត្រី « មាន​គភ៌ » ( សូមមើល លូកា ២:៥ ) ហើយ​មាន​កន្លែង​តែ​មួយ​គត់​ដែល​ពួកគេ​អាច​រក​បាន​ដើម្បី​ស្នាក់​នៅ​នោះ​គឺ​នៅ​ក្រោល​សត្វ​ដ៏​រាបទាប ។ នៅ​ទីនោះ « នាង​ប្រសូត​បាន​បុត្រា​ជា​ចម្បង​មក រួច​រុំ​នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក » ( សូមមើល លូកា ២:៧ ) ។ ពន្លឺ​បាន​បាញ់​ចាំង​ទៅ​លើ​កូនភ្នំ​ជា​កន្លែង​ដែល​យើង​អាច​ឃើញ​មនុស្ស​ដែល​ដើរ​តួ​ជា​អ្នក​គង្វាល​ចៀម​កំពុង « ចាំ​យាម​រក្សា​ហ្វូង​ចៀម​របស់​ខ្លួន​ក្នុង​វេលា​យប់ » ( សូមមើល លូកា ២:៨ ) ។ ស្រាប់តែ មាន​តួ​មួយ​ដែល​ស្លៀកពាក់​ជា​ទេវតា​បាន​បង្ហាញ​ខ្លួន​ភ្លាម នៅ​លើ​អាកាស ដោយ​មាន​ពន្លឺ​ភ្លើង​បាន​បាញ់​បញ្ចាំង​ចំ​គាត់ ។ ឡរ៉ែន​បាន​ស្រែក​ឡើង​ភ្លាម​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ថា « ព្រះយេស៊ូវ​គឺ​ខ្ញុំ​ម្ចាស់​ឈ្មោះ​ឡរ៉ែន ! »

មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​យើង​បាន​ឮ​ពាក្យ​ស្វាគមន៍​របស់​នាង ហើយ​សើច​តិចៗ ដោយ​រីករាយ​នឹង​ការភ្ញាក់​ផ្អើល​នោះ ។ នាង​ពុំ​បាន​ដឹង​ថា​ទេវតា​នោះ​ជា​នរណា​ទេ ប៉ុន្តែ​សម្រាប់​ពួកយើង​វា​បាន​បង្កើន​នូវ​ការចងចាំ​អំពី​ការសម្តែង​ល្ខោន​នា​ឆ្នាំ​នោះ ។ ឡរ៉ែន​បាន​ដឹង​ថា​ព្រះយេស៊ូវ​បា​នស្គាល់​នាង ហើយ​យើង​ត្រូវ​បាន​រំឭក​អំពី​ការចេះ​ដឹង​របស់​យើង​ថា ទ្រង់​ស្គាល់​ពួកយើង​ម្នាក់ៗ ។ យើង​ឆ្ងល់ ប្រសិន​បើ​ឡរ៉ែន​មាន​ការចងចាំ​ខ្លះៗ អំពី​ព្រះអង្គ​សង្គ្រោះ​របស់​នាង ដែល​នាង​ទើបតែ​បាន​ចាកចេញ​ពី​ទ្រង់​បី​ឆ្នាំ​យ៉ាង​ខ្លី​មុន​នេះ​ប៉ុណ្ណោះ ។ ការស្វាគមន៍​ដោយ​ឯកឯង​របស់​ឡរ៉ែន​បាន​ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកយើង​ថា យើង​ក៏​នឹង​ទទួល​ស្គាល់​ទ្រង់​ដែរ នៅពេល​យើង​ជួប​ទ្រង់ ។ សេចក្តី​ស្រឡាញ់​របស់​នាង​ចំពោះ​ព្រះអង្គសង្គ្រោះ និង សេចក្តីស្រឡាញ់​របស់​ទ្រង់​ចំពោះ​ឡរ៉ែន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​កក់ក្តៅ នៅ​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទ​ដែល​ធ្លាក់​ព្រិល​នោះ ។