ឆ្នាំ​២០១៦
ការប្រជុំ​សាក្រាម៉ង់​នៃ​ពួក​ទេវតា
December 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការប្រជុំ​សាក្រាម៉ង់​នៃ​ពួក​ទេវតា

ពីរបី​ថ្ងៃ​បន្ទាប់​ពី​បុណ្យ​ថ្លែង​អំណរគុណ កូនប្រុស​អាយុ​បី​ឆ្នាំ​របស់​ខ្ញុំ ឌ្រូ ចាប់​ផ្តើម​ឈឺ ។ គាត់​ភ្ញាក់​ដឹង​ខ្លួន​ឡើង​រៀងរាល់​ព្រឹក ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ស្លៀកសម្លៀក​បំពាក់ ហើយ​ទំនង​ដូច​ជា​គ្មាន​អ្វី​កើត​ឡើង​ឡើយ ប៉ុន្តែ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គាត់​ប្រែ​កាន់តែ​ខ្សោយ​ទៅៗ ហើយ​មិន​បរិភោគ​អាហារ ។

ការណ៍​នេះ​បន្ត​អស់រយៈពេល​បួន​ប្រាំ​សប្តាហ៍ ។ ទីបំផុត នៅ​ថ្ងៃ​សុក្រ ទី ១៨ ខែ ធ្នូ ខ្ញុំ​បាន​យក​ឌ្រូ​ទៅ​ការិយាល័យ​វេជ្ជបណ្ឌិត​នៅ​អំឡុង​ម៉ោង ៣​រសៀល ។ ឌ្រូ ពុំ​អាច​ឈរ ឬ ដើរ​បាន​ឡើយ ហើយ​ស្បែក​របស់​គាត់​មាន​សភាព​ស្លេកស្លាំង ។

ខ្ញុំ​បាន​មើល​ទៅ​វេជ្ជបណ្ឌិត ហើយ​និយាយ​ថា « គាត់​មាន​សភាព​បែប​នេះ​រៀងរាល់​ពេល​រសៀល និង ល្ងាច​អស់​រយៈពេល​បី​សប្តាហ៍​មក​ហើយ » ។ វេជ្ជបណ្ឌិត​បាន​ក្រឡេក​មើល​ទៅ​ឌ្រូ ហើយ​បាន​ដាក់​ឲ្យ​គាត់​សម្រាក​ពេទ្យ​ភ្លាម ។ ពួកគាត់​បាន​ធ្វើ​តេស្ត​ជាច្រើន ប៉ុន្តែ​ពុំ​អាច​រកឃើញ​ថា​គាត់​ឈឺ​អ្វី​ឡើយ ។

ថ្ងៃ​ស្អែក​ឡើង​ឌ្រូ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផ្សេង​មួយ​ទៀត ។ នា​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ ខ្ញុំ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត​ជា​ខ្លាំង ។ បន្ទាប់​ពី​ធ្វើ​តេស្ត​ជា​ច្រើន​អស់​រយៈពេល​ពីរ​ថ្ងៃ​ក្រោយ​មក​ពី​មន្ទីរពេទ្យ​ទាំង​ពីរ​នោះ គ្មាន​មន្ទីរពេទ្យ​ណា​ដឹង​ថា​កូន​ប្រុស​របស់​ខ្ញុំ​ឈឺ​អ្វី​ឡើយ ។ លើស​ពី​នេះ​ទៀត វា​គឺ​ជា​ថ្ងៃ​អាទិត្យ​មុន​បុណ្យ​គ្រីស្ទម៉ាស់ ។ ការប្រជុំសាក្រាម៉ង់​ដែល​ខ្ញុំ​ពេញ​ចិត្ត​ពេញ​មួយ​ឆ្នាំ​នោះ គឺ​ជា​កម្មវិធី​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​ខ្ញុំ​នឹង​នឹក​បទ​ចម្រៀង​ពិរោះៗ​ទាំងអស់ និង ការឡើង​និយាយ​នៅក្នុង​វួដ​របស់​យើង ។

នៅពេល​ស្វាមី​របស់​ខ្ញុំ និង ខ្ញុំ​កំពុង​ដើរ​ជាមួយ​ឌ្រូ​ទៅ​កាន់បន្ទប់​នៅក្នុង​មន្ទីរពេទ្យ ជា​កន្លែង​ដែល​ការប្រជុំសាក្រាម៉ង់​បាន​ធ្វើ​ឡើង ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ។ ខ្ញុំ​បាន​ទៅ​ដល់​តុ​ដែល​មាន​ក្រដាស​កម្មវិធី​ប្រជុំ បាន​យក​ក្រដាស​នោះ​មួយ​សន្លឹក​ឡើង ហើយ​បន្ត​ដើរ​ទៅមុខ ហើយ​ឱន​មុខ​ចុះ នៅពេល​ខ្ញុំ​ជួប​នឹង​មនុស្ស​ម្នាក់ ។

ខ្ញុំ​បាន​ងើយ​មុខ​ឡើង ហើយ​និយាយ​ថា « ខ្ញុំ​សុំ​ទោស » ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​នៅ​ទីនោះ​ឡើយ ។ នៅពេល​ខ្ញុំ​បាន​មើល​ទៅក្នុង​បន្ទប់ ជា​កន្លែង​ដែល​ពិធី​សាក្រាម៉ង់​ត្រូវ​ប្រារព្ធ​ឡើង វា​ហាក់​បី​ដូច​ជា​រោង​ភាពយន្ត ។ នៅ​លើ​វេទិកា​មាន​កៅអី​សម្រាប់​អ្នក​និយាយ ព្យាណូ និង តុ​ដែល​បាន​រៀបចំ​សម្រាប់​សាក្រាម៉ង់ ដោយ​មាន​កៅអី​ពីរ​បី​នៅ​ពី​ក្រោយ​តុ​នោះ ។ បន្ទប់​នោះ​មាន​ក្មេងៗ​ដែល​ឈឺ និង ឪពុក​ម្ដាយ​របស់​ពួកគេ មាន​ក្មេងៗ​ជា​ច្រើន​ព្យូរ​សារ៉ូម​ដែល​អាច​ចល័ត​បាន ។

នៅពេល​ខ្ញុំ​សម្លឹង​មើល​ក្នុង​បន្ទប់​នោះ ខ្ញុំ​ទទួល​អារម្មណ៍​នៃ​វត្តមាន​របស់​ពួកទេវតា ។ យើង​បាន​អង្គុយ ហើយ​បាន​យំ នៅពេល​ខ្ញុំ​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះ ចំពោះ​កូនចៅ​របស់​ទ្រង់ ដែល​មាន​ជំងឺ និង រងទុក្ខ ស្នាក់​នៅ​មន្ទីរពេទ្យ​ដោយ​មាន​ជំងឺ​គ្រប់​បែប​យ៉ាង នៅ​ក្នុង​គ្រា​ដ៏​អស្ចារ្យ​បំផុត​នៃ​ឆ្នាំ​នោះ ។

វា​បាន​ក្លាយជា​ការប្រជុំ​សាក្រាម៉ង់​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។

វេជ្ជបណ្ឌិត​ពុំ​បាន​រកឃើញ​ថា ឌ្រូ​ឈឺ​អ្វី​ឡើយ ។ គាត់​ទទួល​ថ្នាំ​ដើម្បី​ព្យាបាល​រោគ​សញ្ញា​របស់​គាត់ ហើយ​គាត់​បាន​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ថ្ងៃ​បន្ទាប់ ។ គាត់​គ្មាន​ផល​ប៉ះពាល់​អវិជ្ជមាន​អ្វី​ឡើយ​ចាប់​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​ការប្រជុំ​សាក្រាម៉ង់​នា​បុណ្យ​គ្រីស្ទម៉ាស់​នោះ​នឹង​នៅ​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជា​រៀង​រហូត ។