ឆ្នាំ​២០១៦
ចែកចាយ​ក្តីអំណរ
December 2016


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ចែក​ចាយ​ក្តីអំណរ

giving away a Book of Mormon

រចនា​រូបភាព​ដោយ ស្ទេន ហ្វែឡូ

ស្វាមី​ខ្ញុំ និង​ខ្ញុំ គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បម្រើ​នៅ ថាបែស ប្រទេស​បារាំង នៅ​ភ្នំ​ផៃរ៉ែនណេស ។ វា​គឺ​ជា​យប់​មុន​ថ្ងៃ​បុណ្យ​គ្រីស្ទម៉ាស់ ហើយ​យើង​បាន​សម្រេច​ចិត្ត​ទៅ​ទីក្រុង​នៅ វើរដុន ផ្លាស្សា ដើម្បី​ចែក​ព្រះគម្ពីរ​មរមន ។ នៅ​តាម​ផ្លូវ​គ្មាន​មនុស្ស​ឡើយ ហើយ​យើង​បាន​ចាប់ផ្តើម​សួរ​ខ្លួន​ឯង ពី​អ្វី​ដែល​យើង​នឹង​ធ្វើ​ជាមួយ​នឹង​ព្រះ​គម្ពីរ​ដ៏​ច្រើន​នេះ ។ ភ្លាម​នោះ យើង​បាន​ឃើញ​យុវជន​ម្នាក់​ដែល​ទំនង​ជា​មិន​ដឹង​ថា​ត្រូវ​ទៅ​ណា ។

យើង​បាន​ដើរ​ទៅ​រក​គាត់ ហើយ​ឲ្យ​ព្រះគម្ពីរ​មរមន​មួយ​ក្បាល​ដល់​គាត់ ។ គាត់​បាន​ប្រែ​ជា​មាន​អំណរ នៅពេល​គាត់​បាន​ស្តាប់​ពួកយើង​និយាយ​អំពី​ដំណឹង​ល្អ ។ គាត់​បាន​ប្រាប់​ថា គាត់​នៅ​ឯកោ​តែ​ឯង​នា​យប់​បុណ្យ​គ្រីស្ទ​ម៉ាស់​នោះ ហើយ​ថា​គាត់​នឹង​អាន​ព្រះគម្ពីរ​មរមន ហើយ​គ្មាន​អារម្មណ៍​ឯកោ​ទៀត​ឡើយ ។

បន្ទាប់​ពី​គាត់​បាន​ចាក​ចេញ​ទៅ យើង​បាន​មើល​ទៅ​តាម​ដង​ផ្លូវ​ម្តង​ទៀត ហើយ​បាន​ឃើញ​ស្ត្រី​ម្នាក់​ដើរ​យឺតៗ សំដៅ​មក​យើង​ក្នុង​រាត្រី​ដ៏​ត្រជាក់​នោះ ។ យើង​អាច​ឃើញ​ភាពរីករាយ​នៅលើ​ផ្ទៃ​មុខ​របស់​គាត់ នៅពេល​យើង​បាន​បង្ហាញព្រះគម្ពីរ​មរមន ដល់​គាត់ ។ គាត់​បាន​ប្រាប់​យើង​ថា គាត់​ទើប​តែ​ក្លាយ​ជា​ស្ត្រី​មេម៉ាយ ហើយ​គាត់​សប្បាយ​ចិត្ត​ដែល​យើង​ខ្វាយខ្វល់​ពី​គាត់ ។ គាត់​បាន​និយាយ​ថា គាត់​មាន​អំណរគុណ​ចំពោះ​ពួក​យើង​ខ្លាំង​ណាស់ ។ នៅពេល​គាត់​ដើរ​ចេញ​ទៅ​វិញ យើង​បាន​ឃើញ​គាត់​យក​គម្ពីរ​ឱប​នឹង​ដើម​ទ្រូង​គាត់ ។

នា​រាត្រី​នោះ យើង​បាន​ចែក​ព្រះគម្ពីរ​មរមន​ទាំងអស់​ដែល​យើង​បាន​យក​ទៅ​ជាមួយ​យើង ។ ភាគ​ច្រើន​មនុស្ស​ដែល​យើង​បាន​ចែក​ព្រះគម្ពីរ​ឲ្យ​គឺ​ជា​អ្នក​ដែល​នៅ​ឯកោ បាក់​ទឹកចិត្ត និង ត្រូវការ​ក្តីស្រឡាញ់​ជា​ខ្លាំង ។ យើង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នា​រាត្រី​នោះ ដោយ​សេចក្តី​រំភើប​ថា យើង​បាន​ទទួល​អំណាយ​បុណ្យ​គ្រីស្ទម៉ាស់​ដ៏​អស្ចារ្យ​បំផុត ដោយសារ​អំណរ​ដែល​យើង​បាន​ចែក​ឲ្យ​មនុស្ស​ដទៃ ។